ការបញ្ញត្តសម្រាប់បែងចែកបរិក្ខាតិចតួច និងភេសជ្ជៈ។
vin cv 06 03 08 បាលី cs-km: vin.cv.06.03.08 អដ្ឋកថា: vin.cv.06.03.08_att PTS: ?
(អប្បមត្តកវិស្សជ្ជកសម្មុតិ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(អប្បមត្តកវិស្សជ្ជកសម្មុតិ)
[៤៤១] សម័យនោះឯង បរិក្ខារតិចតួច មានក្រាស់ក្រែលឡើង ក្នុងឃ្លាំងរបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ (អ្នកចែកចាយនូវបរិក្ខារតិចតួច) (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់បរិក្ខារ ដែលខ្លួនបានចែកចាយហើយ និងមិនទាន់បានចែកចាយហើយ១។
[៤៤២] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ (អ្នកចែកចាយបរិក្ខារតិចតួច)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៤៣] ភិក្ខុជាអប្បមត្តកវិស្សជ្ជកៈនោះ (បើមានភិក្ខុមកសូមម្ជុល) ត្រូវឲ្យម្ជុលមួយ (ម្តង)។ ត្រូវឲ្យកាំបិត។ ត្រូវឲ្យស្បែកជើង។ ត្រូវឲ្យវត្ថពន្ធចង្កេះ។ ត្រូវឲ្យយោគបាត្រ។ ត្រូវឲ្យសំពត់តម្រង់ទឹក។ ត្រូវឲ្យធម្មក្រក។ ត្រូវឲ្យសំពត់កុសិ (ខ្ទង់វែង)។ ត្រូវឲ្យសំពត់អឌ្ឍកុសិ (ខ្ទង់ខ្លី)។ ត្រូវឲ្យសំពត់មណ្ឌល (ផ្ទាំងធំ)។ ត្រូវឲ្យសំពត់អឌ្ឍមណ្ឌល (ផ្ទាំងតូច)។ ត្រូវឲ្យសំពត់អនុវាត។ ត្រូវឲ្យសំពត់សម្រាប់ថែម ឬសំពត់សម្រាប់ប៉ះ។ បើមានសប្បិក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅក្តី (ភិក្ខុអ្នកចែកចាយបរិក្ខារនោះ) ត្រូវឲ្យដល់សង្ឃឆាន់ ក្នុងគ្រាម្តងៗ។ បើសង្ឃត្រូវការទៀត ត្រូវឲ្យទៀត។ បើសង្ឃត្រូវការម្តងទៀត ត្រូវឲ្យម្តងទៀត។