km:tipitaka:vin:cv:vin.cv.06.03.09

(សាដិយគ្គាហាបកាទិសម្មុតិ)

សង្ខេប

(?)

vin cv 06 03 09 បាលី cs-km: vin.cv.06.03.09 អដ្ឋកថា: vin.cv.06.03.09_att PTS: ?

(សាដិយគ្គាហាបកាទិសម្មុតិ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(សាដិយគ្គាហាបកាទិសម្មុតិ)

[៤៤៤] សម័យនោះឯង មិនទាន់មានភិក្ខុជាសាដិយគ្គាហាបកៈ (អ្នកប្រគល់សំពត់ដល់សង្ឃ)។ បេ។ មិនទាន់មានភិក្ខុជាបត្តគ្គាហាបកៈ (អ្នកប្រគល់បាត្រ)។ បេ។ មិនទាន់មានភិក្ខុជាអារាមិកបេសកៈ (អ្នកប្រើញោមវត្ត)។ បេ។ មិនទាន់មានសាមណេរបេសកៈ (អ្នកប្រើសាមណេរ)។ បេ។ សាមណេរទាំងឡាយ កាលបើភិក្ខុមិនប្រើ ក៏មិនធ្វើការងារ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាសាមណេរបេសកៈ (អ្នកប្រើសាមណេរ) (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់សាមណេរ ដែលខ្លួនបានប្រើ និងមិនទាន់បានប្រើ១។

[៤៤៥] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃគប្បីសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ ភាណវារៈ ទី៣ ចប់ សេនាសនក្ខន្ធកៈ ទី៦។ ឧទ្ទាននៃសេនាសនក្ខន្ធកៈនោះ (ដូចតទៅនេះ)

[៤៤៦]

រឿងព្រះសម្មាសម្ពុទ្ធប្រសើរ មិនទាន់បានបញ្ញត្តវិហារក្នុងគ្រានោះ១ រឿងសាវ័កព្រះជិនស្រី ដើរចេញទៅ នៅក្នុងទីនោះៗ១ រឿងសេដ្ឋីគហបតិ បានឃើញព្រះសាវ័កទាំងនោះ ហើយដំណាលរឿងនេះ ប្រាប់ភិក្ខុទាំងឡាយថា ខ្ញុំព្រះករុណា បម្រុងនឹងឲ្យជាងធ្វើវិហារ សូមលោកម្ចាស់ទាំងឡាយ គង់នៅក្នុងវិហាររបស់យើង១ រឿងពួកភិក្ខុក្រាបបង្គំទូល (ដំណើរនុ៎ះ) ចំពោះព្រះសម្មាសម្ពុទ្ធ ជានាយក១។ រឿងទ្រង់អនុញ្ញាតទីជ្រកកោន៥យ៉ាង គឺវិហារ១ អឌ្ឍយោគ១ បា្រសាទ១ ប្រាសាទដំបូលត្រងិល១ គុហា១ រឿងសេដ្ឋីឲ្យជាងធ្វើវិហារ១។ រឿងមហាជនឲ្យជាងធ្វើវិហារ ឥតមានសន្ទះទ្វារ១ រឿងទ្រង់អនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្រណាប់ក្រោម និងត្រណាប់លើជាដើម១។ រឿងទ្រង់អនុញ្ញាតប្រហោងដាក់ខ្សែសម្រាប់ទាញ និងខ្សែសម្រាប់ទាញគន្លឹះ មេទ្វារ ត្រដោកទ្វារ រនុក គន្លឹះ និងសោ៣យ៉ាង គឺ សោធ្វើពីលោហៈ សោធ្វើពីឈើ សោធ្វើពីស្នែង១។ រឿងទ្រង់អនុញ្ញាតសោយន្ត និងគន្លឹះ រឿងទ្រង់អនុញ្ញាតដម្បូល និងឲ្យបូកលាបខាងក្នុង ខាងក្រៅ១ រឿងទ្រង់អនុញ្ញាតបង្អួច៣យ៉ាង គឺបង្អួចមានវេទី បង្អួចមានក្រឡាសំណាញ់ បង្អួចមានសសរចម្រឹង១ រឿងទ្រង់អនុញ្ញាតឲ្យយកវត្ថុសម្រាប់ជូតជើង ដែលគេវេញ មានសណ្ឋានដូចជាកង់ចងបង្អួច១ រឿងទ្រង់អនុញ្ញាតកម្រាលស្មៅ១ រឿងទ្រង់អនុញ្ញាតបន្ទះក្តារ សម្រាប់អង្គុយ ឬដេក១ រឿងទ្រង់អនុញ្ញាតគ្រែផ្តៅ១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេដាប់ជើង ហើយបញ្ចូលមេទៅក្នុងដំណាប់ ដែលគេចោលក្នុងព្រៃស្មសាន១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេបង្ខាំងជើងគ្រែដោយមេគ្រែ១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេធ្វើជើងប្រហែលនឹងជើងសេះ ឬជើងពពែជាដើម១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេបញ្ចុះពន្លួញទៅក្នុងមេ១ រឿងទ្រង់អនុញ្ញាតគ្រែបួនជ្រុង មានជើងខ្ពស់១ រឿងទ្រង់អនុញ្ញាតគ្រែ មានអង្គប្រាំពីរ១ រឿងទ្រង់អនុញ្ញាតតាំងផ្តៅ១ រឿងទ្រង់អនុញ្ញាតគ្រែ និងតាំងមានជើងដូចជើងពពែ១ រឿងទ្រង់អនុញ្ញាតតាំង មានជើងច្រើន ដែលគេប្រកបដោយអាការដូចជាផ្លែកន្ទួតព្រៃ១ រឿងទ្រង់អនុញ្ញាតផែនក្តារ១ រឿងទ្រង់អនុញ្ញាតកៅអីមានទ្រនាប់១ រឿងទ្រង់អនុញ្ញាតតាំងញាត់ចម្បើង១ រឿងទ្រង់ហាមគ្រែខ្ពស់ហួសប្រមាណ១ រឿងពស់ចឹកភិក្ខុ ទើបទ្រង់អនុញ្ញាតទ្រនាប់គ្រែ១ រឿងទ្រង់អនុញ្ញាតទ្រនាប់ជើងគ្រែ មានកំពស់៨ធ្នាប់១ រឿងទ្រង់អនុញ្ញាតអំបោះសម្រាប់រុំគ្រែ១ រឿងទ្រង់អនុញ្ញាតឲ្យចាក់ស្រែះគ្រែ ជាក្រឡាចត្រង្គ១ រឿងទ្រង់អនុញ្ញាតសំពត់សម្រាប់ទ្រាប់គ្រែ១ រឿងទ្រង់អនុញ្ញាតឲ្យកកាយវត្ថុដែលញាត់ដោយសំឡី យកមកធ្វើជាខ្នើយបាន១ រឿងទ្រង់អនុញ្ញាតខ្នើយកន្លះកាយ១ រឿងមហោស្រពលើកំពូលភ្នំ១ រឿងទ្រង់អនុញ្ញាតពូក១ រឿងសំពត់សម្រាប់ប្រើប្រាស់ ក្នុងសេនាសនៈ១ រឿងទ្រង់អនុញ្ញាតគ្រែតាំង ដែលញាត់ភ្ជាប់គ្រឿងញាត់ ក៏លៀនចេញធ្លាក់មកខាងក្រោម១ រឿងពួកចោរបកយកស្រោមពូកទៅ១ រឿងទ្រង់អនុញ្ញាតឲ្យគូស ដោយគំនូសផ្សេងៗ១ រឿងទ្រង់អនុញ្ញាតឲ្យផ្តិតនឹងម្រាមដៃ១ រឿងដំណេកពួកតិរ្ថិយ១ រឿងទ្រង់អនុញ្ញាតឲ្យលាបវិហារ ដោយជ័រមានពណ៌ស ឬខ្មៅ១ រឿងទ្រង់អនុញ្ញាតឲ្យលាយអង្កាម និងដីដែលមដ្ឋ១ រឿងទ្រង់អនុញ្ញាតជ័រឈើ១ រឿងទ្រង់អនុញ្ញាតដីលាយនឹងកុណ្ឌក ហើយកៀសដោយខ្នៀស១ រឿងទ្រង់អនុញ្ញាតម្សៅគ្រាប់ស្ពៃ ឬប្រេងលាយនឹងក្រមួន១ រឿងទ្រង់អនុញ្ញាត ឲ្យយកកំណាត់សំពត់ជូតប្រេង ដែលជោរឡើង១ រឿងផ្ទៃជញ្ជាំងអាក្រក់១ រឿងទ្រង់អនុញ្ញាតឲ្យលាយដីអាចម៍ជន្លេន១ រឿងទ្រង់អនុញ្ញាតជ័រឈើ និងទឹកចត់១ រឿងទ្រង់បញ្ញត្តមិនឲ្យភិក្ខុគូររូបស្រីប្រុស១ រឿងទីវិហារទាប ទ្រង់អនុញ្ញាតឲ្យធ្វើខឿន (៣យ៉ាង)១ រឿងទ្រង់អនុញ្ញាតជណ្តើរ (៣យ៉ាង)១ រឿងភិក្ខុធ្លាក់ពីលើជណ្តើរ១ រឿងវិហារមានមនុស្សកុះករច្រើន ភិក្ខុមានខ្មាស មិនហ៊ានដេក ទើបទ្រង់អនុញ្ញាតឲ្យធ្វើជញ្ជាំងតឿ១ រឿងទ្រង់អនុញ្ញាតបន្ទប់៣យ៉ាងទៀត១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើបន្ទប់ក្នុងវិហារតូច១ រឿងជើងជញ្ជាំងវិហារពុកផុយ១ រឿងភ្លៀងសាចមកត្រូវជញ្ជាំង១ រឿងភិក្ខុស្រែកខ្លាំង (ព្រោះខ្លាចពស់)១ រឿងទ្រង់អនុញ្ញាតចម្រឹងជញ្ជាំង និងដៃកែវ១ រឿងទ្រង់អនុញ្ញាតស្នួរចីវរ និងខ្សែស្បៀង១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើរបៀងវិហារ១ រឿងទ្រង់អនុញ្ញាតសំពត់រនាំងព្រួល សម្រាប់រូតចុះរូតឡើងបាន១ រឿងទ្រង់អនុញ្ញាតបង្កាន់ដៃ១ រឿងកំទេចស្មៅ (ជ្រុះក្នុងឧបដ្ឋានសាលា)១ រឿងទ្រង់អនុញ្ញាតឲ្យពូនដីក្នុងទីទាប១ រឿងភិក្ខុដាក់ទឹកឆាន់ក្នុងទីវាល (ទឹកក៏ក្តៅ ឆាន់មិនកើត) ទើបទ្រង់អនុញ្ញាតឲ្យធ្វើរោងដាក់ទឹក១ រឿងភាជន៍សម្រាប់ដាក់ទឹកមិនទាន់មាន១ រឿងវិហារមិនទាន់មានគ្រឿងបិទបាំង១ រឿងទ្រង់អនុញ្ញាតបន្ទប់១ រឿងទ្រង់អនុញ្ញាតបរិវេណ១ រឿងទ្រង់អនុញ្ញាតរោងភ្លើង១ រឿងទ្រង់អនុញ្ញាតឲ្យពូនដី ត្រង់ទីទាបក្នុងអារាម១ រឿងទ្រង់អនុញ្ញាតក្លោងទ្វារជាដើម១ (រឿងតទៅ) បណ្ឌិតគប្បីធ្វើន័យដូចពោលរួចហើយខាងក្រោយ រឿងអនាថបិណ្ឌិកសេដ្ឋី មានសទ្ធាយល់ធម៌ច្បាស់លាស់ (ថ្ងៃមួយ) បានដើរទៅកាន់ព្រៃជាំ (ព្រៃត្រជាក់) ហើយនិមន្តព្រះសម្មាសម្ពុទ្ធជានាយក ព្រមទាំងភិក្ខុសង្ឃ (ដើម្បីឆាន់ក្នុងថ្ងៃស្អែក) បានបង្គាប់ទាសកម្មករ ឲ្យចាត់ចែងភត្តក្នុងពាក់កណ្តាលផ្លូវ (លុះខាងក្រោយមក) បានឲ្យពួកជាងសាងវត្ត (បម្រុងព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន)១ រឿង (មនុស្សទាំងឡាយធ្វើ) នវកម្ម ក្នុងនគរវេសាលី១ រឿង (កូនសិស្សឆព្វគ្គិយភិក្ខុ) ដើរជែងទៅមុនភិក្ខុសង្ឃ ហើយហួងហែងសេនាសនៈ១ រឿង (ព្រះអង្គត្រាស់សួរថា) នរណាគួរទទួលភត្តដ៏ប្រសើរជាដើម១ រឿង (ស្វា និងដំរី) និយាយនឹងសត្វទទា១ រឿង (អវន្ទិយបុគ្គល)១ រឿង (ពួកសិស្សឆព្វគ្គិយភិក្ខុ) ហួងហែងសេនាសនៈរបស់សង្ឃ១ រឿង (មនុស្សទាំងឡាយតាក់តែង) គ្រែតាំង ដែលញាត់ដោយសំឡី ហើយទុកនៅក្នុងចន្លោះផ្ទះ១ រឿងព្រះមានព្រះភាគ ស្តេចយាងសំដៅទៅក្រុងសាវត្ថី១ រឿងអនាថបិណ្ឌិកគហបតិវេរអារាម (ចំពោះព្រះសង្ឃ ដែលមកអំពីទិសទាំងបួន)១ រឿងកើតកោលាហលក្នុងរោងភត្ត១ រឿង (ឆព្វគ្គិយភិក្ខុ) បណ្តេញភិក្ខុឈឺ១ រឿង (ឆព្វគ្គិយភិក្ខុ) ដេកជាប់នឹងដំណេកដ៏ប្រសើរ១ រឿងទ្រង់បញ្ញត្តមិនឲ្យហាមឃាត់សេនាសនៈ ដោយអាងលេស១ រឿងសត្តរសវគ្គិយភិក្ខុ (ជួសជុលវិហារ) ក្នុងទីនោះៗ១ រឿងភិក្ខុគិតគ្នាថា ភិក្ខុណាហ្ន៎ គួរប្រគល់សេនាសនៈ១ រឿងសេនាសនគ្គាហាបកៈភិក្ខុ គិតគ្នាថា យើងគួរប្រគល់សេនាសនៈដូចម្តេចហ្ន៎១ រឿងភិក្ខុប្រគល់សេនាសនៈ តាមកំណត់វិហារ១ រឿងទ្រង់អនុញ្ញាតឲ្យឲ្យបរិវេណ តាមចំណែកជាលំដាប់ បើមានភិក្ខុឯទៀតមកដល់ (បើលោក) មិនត្រូវការ ក៏មិនត្រូវឲ្យចំណែក១ រឿងទ្រង់បញ្ញត្តមិនឲ្យភិក្ខុប្រគល់សេនាសនៈ ដល់ភិក្ខុឋិតនៅក្នុងទីឥតសីមា១ រឿង (ទ្រង់បញ្ញត្ត មិនឲ្យភិក្ខុហាមឃាត់) សេនាសនៈ អស់កាលទាំងពួង១ រឿងភិក្ខុអ្នកប្រគល់សេនាសនៈ៣ពួក១ រឿងឧបនន្ទភិក្ខុ (ហួងហែងសេនាសនៈច្រើនកន្លែង)១ រឿងព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងគុណនៃវិន័យ១ រឿងព្រះថេរៈឈររៀនវិន័យ ទើបទ្រង់អនុញ្ញាតឲ្យអង្គុយលើអាសនៈស្មើគ្នា១ រឿងភិក្ខុមានអាសនៈស្មើគ្នា អង្គុយលើគ្រែជាមួយគ្នា ទាល់តែបាក់ ទើបទ្រង់អនុញ្ញាតឲ្យភិក្ខុ៣រូបខ្លះ ២រូបខ្លះ អង្គុយលើសេនាសនៈ ជាមួយគ្នាបាន១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុមានអាសនៈមិនស្មើគ្នា អង្គុយលើអាសនៈវែងជាមួយគ្នាបាន១ រឿងទ្រង់អនុញ្ញាតឲ្យប្រើប្រាស់ប្រាសាទមានរបៀង១ រឿងព្រះអយ្យិកា (នៃព្រះបាទបសេនទិកោសលសុគត)១ (រឿងអាវាសិកភិក្ខុ នៅក្នុងអាវាសជិតស្រុកតូចមួយ) ក្នុងទីមិនឆ្ងាយ (ពីក្រុងសាវត្ថី)១ រឿងភិក្ខុចែកសេនាសនៈរបស់សង្ឃ១ រឿងព្រះមានព្រះភាគ ស្តេចយាងទៅកាន់កិដាគិរិជនបទ១ រឿងព្រះមានព្រះភាគ ស្តេចយាងទៅកាន់ដែនអាឡវី១ រឿងភិក្ខុឲ្យនវកម្ម ដោយគ្រាន់តែទុកដាក់ដុំដី ឬបាយអលាបជញ្ជាំង ដំកល់សន្ទះទ្វារ សសរមេទ្វារ ធ្វើបង្អួច ធ្វើឲ្យមានពណ៌ស ឲ្យមានពណ៌ខ្មៅ ធ្វើឲ្យជិតស្និទ្ធ ដោយបិទជ័ររង្គ ដោយបិទបាំង ដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្រប ជួសជុលត្រង់កន្លែងដែលដាច់ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ៣០ឆ្នាំខ្លះ ឲ្យនវកម្មចំពោះវិហារ ដែលខ្លួនអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ១ រឿងទ្រង់អនុញ្ញាតឲ្យឲ្យនវកម្ម ចំពោះវិហារ ដែលមិនទាន់ធ្វើ ឬធ្វើមិនទាន់ហើយ បើវិហារតូច ទ្រង់អនុញ្ញាតឲ្យត្រួតមើលការងារ ហើយសឹមឲ្យនវកម្មត្រឹម៦ឆ្នាំ ឬ៥ឆ្នាំបាន បើអឌ្ឍយោគ ទ្រង់អនុញ្ញាតឲ្យឲ្យនវកម្មត្រឹម៧ឆ្នាំ ឬ៨ឆ្នាំបាន បើវិហារធំ ទ្រង់អនុញ្ញាតឲ្យឲ្យនវកម្ម ត្រឹម១០ឆ្នាំ ឬ១២ឆ្នាំបាន១ រឿងភិក្ខុឲ្យនវកម្ម ចំពោះវិហារទាំងអស់១ រឿងភិក្ខុឲ្យនវកម្ម ពីរកន្លែង ដល់ភិក្ខុមួយរូប១ រឿងភិក្ខុទទួលនវកម្ម ក្នុងវិហាររបស់សង្ឃ ហើយប្រើឲ្យភិក្ខុឯទៀតនៅ១ រឿងភិក្ខុហាមឃាត់សេនាសនៈរបស់សង្ឃ១ រឿងទ្រង់បញ្ញត្តមិនឲ្យឲ្យនវកម្មដល់ភិក្ខុ ដែលនៅក្នុងទីឥតសីមា១ រឿងទ្រង់បញ្ញត្តមិនឲ្យហាមឃាត់ (សេនាសនៈ) អស់កាលទាំងពួង១ រឿងភិក្ខុទទួលយកនវកម្ម ហើយចៀសចេញទៅខ្លះ សឹកខ្លះ ស្លាប់ខ្លះ ប្តេជ្ញាជាសាមណេរខ្លះ ជាអ្នកលាសិក្ខាខ្លះ ជាអ្នកត្រូវអន្តិមវត្ថុខ្លះ ជាមនុស្សឆ្កួតខ្លះ ជាអ្នកមានចិត្តរាយមាយខ្លះ ជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ខ្លះ ជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ព្រោះមិនសំដែងអាបត្តិខ្លះ ព្រោះមិនលះបង់ទិដ្ឋិខ្លះ ជាមនុស្សខ្ទើយខ្លះ ជាមនុស្សលួចសំវាសខ្លះ ជាមនុស្សចូលលទ្ធិតិរ្ថិយខ្លះ ជាតិរច្ឆានខ្លះ ជាមនុស្សសម្លាប់មាតាខ្លះ ជាមនុស្សសម្លាប់បិតាខ្លះ ជាមនុស្សសម្លាប់ព្រះអរហន្តខ្លះ ជាមនុស្សទ្រូស្តភិក្ខុនីខ្លះ ជាមនុស្សបំបែកសង្ឃខ្លះ ជាមនុស្សធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ជាមនុស្សមានភេទពីរខ្លះ១ រឿងភិក្ខុឲ្យនវកម្ម ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាស១ រឿងភិក្ខុធ្វើនវកម្មមិនទាន់ហើយ ៗប្រគល់ឲ្យដល់ភិក្ខុដទៃ១ រឿងភិក្ខុនោះធ្វើនវកម្មហើយ ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ស្លាប់ទៅខ្លះ ប្តេជ្ញាជាសាមណេរខ្លះ ជាអ្នកលាសិក្ខាខ្លះ ជាអ្នកត្រូវអន្តិមវត្ថុខ្លះ សង្ឃត្រូវជាម្ចាស់ (នវកម្មនោះ)១ ភិក្ខុធ្វើនវកម្មរួចស្រេចហើយ ប្តេជ្ញាជាមនុស្សឆ្កួតខ្លះ ជាមនុស្សមានចិត្តរាយមាយខ្លះ ជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ខ្លះ ថាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ព្រោះមិនសំដែងអាបត្តិខ្លះ ព្រោះមិនលះបង់ទិដ្ឋិខ្លះ នវកម្មនោះ ជារបស់ភិក្ខុនោះឯង១ ភិក្ខុធ្វើនវកម្មរួចស្រេចហើយ ថាបើភិក្ខុនោះប្តេជ្ញាខ្លួនជាមនុស្សខ្ទើយខ្លះ ជាអ្នកលួចសំវាសខ្លះ ជាមនុស្សចូលកាន់លទ្ធិតិរ្ថិយខ្លះ ប្តេជ្ញាជាសត្វតិរច្ឆានខ្លះ ជាអ្នកសម្លាប់មាតាខ្លះ ជាអ្នកសម្លាប់បិតាខ្លះ ជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ជាអ្នកប្រទុស្តភិក្ខុនីខ្លះ ជាអ្នកបំបែកសង្ឃខ្លះ ជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ជាអ្នកមានភេទពីរខ្លះ សង្ឃត្រូវជាម្ចាស់ (នវកម្មនោះ)១ រឿងភិក្ខុនាំយកសេនាសនៈ (របស់គ្រហស្ថ ដែលគេឧទ្ទិស ជាគ្រឿងសម្រាប់ប្រើប្រាស់ក្នុងវិហារ) ទៅប្រើប្រាស់ក្នុងទីដទៃ១ រឿងភិក្ខុមានសេចក្តីសង្ស័យ១ រឿងវិហារទ្រុឌទ្រោម១ រឿងសំពត់កម្ពលកើតឡើងដល់សង្ឃ១ រឿងសំពត់មានថ្លៃច្រើន កើតឡើងដល់សង្ឃ១ រឿងស្បែកខ្លាឃ្មុំកើតឡើងដល់សង្ឃ១ រឿងខ្សែដែលគេវេញ ឲ្យមានសណ្ឋានដូចជាកង់ កើតឡើងដល់សង្ឃ១ រឿងកំណាត់សំពត់កើតឡើងដល់សង្ឃ១ រឿងភិក្ខុមិនលាងជើង ដើរជាន់ (សេនាសនៈ)១ រឿងភិក្ខុជើងទទឹក ដើរជាន់សេនាសនៈ១ រឿងភិក្ខុពាក់ស្បែកជើង (ដើរជាន់សេនាសនៈ)១ រឿងភិក្ខុស្តោះទឹកមាត់ដាក់ (លើទីវិចិត្រល្អ)១ រឿងជើងគ្រែកោសដាច់ទីផ្ទៃ១ រឿងភិក្ខុផ្អែក (នឹងជញ្ជាំង)១ រឿងទ្រង់អនុញ្ញាតផែនក្តារសម្រាប់ផ្អែក១ រឿងផែនក្តារសម្រាប់ផ្អែក កោសដាច់ទីផ្ទៃ១ រឿងភិក្ខុមានជើងលាងរួចហើយ (តែមិនហ៊ានដេក) ទ្រង់អនុញ្ញាតឲ្យក្រាលកម្រាលសិន (សឹមដេក)១ រឿងក្រុងរាជគ្រឹះ (កើតទុរ្ភិក្ស) មនុស្សទាំងឡាយ (ចង់ធ្វើសង្ឃភត្ត) តែមិនអាចនឹងធ្វើបាន១ រឿងឆព្វគ្គិយភិក្ខុទទួលភត្តថ្លៃថ្លា បម្រុងខ្លួនឯង ហើយឲ្យភត្តមិនថ្លៃថ្លា ដល់ភិក្ខុដទៃ១ រឿងទ្រង់អនុញ្ញាតឲ្យសន្មតភត្តុទ្ទេសកភិក្ខុ១ រឿងភត្តុទ្ទេសកភិក្ខុ មានសេចក្តីសង្ស័យថា ធ្វើដូចម្តេចហ្ន៎១ រឿងមិនទាន់មានភិក្ខុអ្នកចាត់ចែងសេនាសនៈបម្រុងសង្ឃ១ រឿងសន្មតភិក្ខុឲ្យជាអ្នករក្សាឃ្លាំង១ រឿងសន្មតភិក្ខុឲ្យជាអ្នកទទួល (ចីវរ)ទុក១ រឿងទ្រង់អនុញ្ញាតឲ្យជាអ្នកចែកបបរ១ ឲ្យជាអ្នកចែកផ្លែឈើ១ ឲ្យជាអ្នកចែកបង្អែម១ ឲ្យជាអ្នកចាត់ចែងបរិក្ខារតិចតួច១ ឲ្យជាអ្នកប្រគល់សំពត់១ ឲ្យជាអ្នកប្រគល់បាត្រ១ រឿងសន្មតភិក្ខុឲ្យជាអ្នកប្រើញោមវត្ត និងសាមណេរ១ រឿងព្រះសម្មាសម្ពុទ្ធ ជាវិនាយក ព្រះអង្គមានព្រះហឫទ័យប្រាថ្នានូវប្រយោជន៍ (ដល់សត្វ) ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គ្របសង្កត់ជនទាំងពួង (ទ្រង់អនុញ្ញាតសេនាសនៈដូចបានថ្លែងមកនេះ) ដើម្បីជ្រកកោនផង ដើម្បីនៅជាសុខសប្បាយផង ដើម្បីដុតបង់1) (នូវអកុសលធម៌)ផង ដើម្បីពិចារណា នូវសង្ខារ2) ផង។

ចប់ ភាគ១០

 

លេខយោង

1)
ចំរើនសមថកម្មដ្ឋាន៤០ប្រភេទ
2)
ចំរើនវិបស្សនា១០យ៉ាង
km/tipitaka/vin/cv/vin.cv.06.03.09.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann