User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.07.01

(បឋមភាណវារៈ ទី១)

សង្ខេប

(?)

vin cv 07 01 បាលី cs-km: vin.cv.07.01 អដ្ឋកថា: vin.cv.07.01_att PTS: ?

(បឋមភាណវារៈ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(១. បឋមភាណវារោ)

(ឆសក្យបព្ពជ្ជាកថា)

(ឆសក្យបព្ពជ្ជាកថា)

[១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅក្នុងនិគម ឈ្មោះអនុបិយា ជានិគមរបស់មល្លក្សត្រ ទៀបព្រៃអនុបិយា។ ក៏សម័យនោះឯង ពួកសក្យកុមារ សុទ្ធតែជាអ្នកមាននាមល្បីល្បាញ ចេញបួសតាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ។

[២] សម័យនោះ មានសក្យៈជាបងប្អូន២អង្គ ឈ្មោះមហានាមសក្កៈ១ ឈ្មោះអនុរុទ្ធសក្កៈ១។ ឯអនុរុទ្ធសក្កៈ ជាស្តេចសុខុមាលជាតិ។1) អនុរុទ្ធសក្កៈនោះ មានប្រាសាទ៣ខ្នង ប្រាសាទមួយ សម្រាប់រដូវរងា ប្រាសាទមួយសម្រាប់រដូវក្តៅ ប្រាសាទមួយសម្រាប់រដូវភ្លៀង។ អនុរុទ្ធសក្កៈនោះ (គង់នៅ) លើប្រាសាទសម្រាប់រដូវភ្លៀងអស់បួនខែ មានតន្ត្រី នៅចាំគាល់បម្រើ មិនមានមនុស្សបុ្រស (នៅលាយ) មិនដែលយាងចុះអំពីប្រាសាទ មកខាងក្រោមឡើយ។ គ្រានោះឯង មហានាមសក្កៈ មានសេចក្តីត្រិះរិះដូច្នេះថា ឥឡូវនេះ ពួកសក្យកុមារ សុទ្ធតែជាអ្នកមាននាមល្បីល្បាញ បានចេញបួសតាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ ចំណែកខាងត្រកូលរបស់យើង គ្មាននរណាមួយ ចេញចាកផ្ទះ ទៅបួសក្នុងសាសនាសោះ បើដូច្នោះ គួរតែអាត្មាអញ ឬអនុរុទ្ធ បួសកុំខានចុះ។ ទើបមហានាមសក្កៈ ចូលទៅរកអនុរុទ្ធសក្កៈ លុះចូលទៅដល់ហើយ បាននិយាយរឿងនុ៎ះ ចំពោះអនុរុទ្ធសក្កៈថា ម្នាលអនុរុទ្ធ ជាអនុជ ឥឡូវនេះ ពួកសក្យកុមារ សុទ្ធតែជាអ្នកមាននាមល្បីល្បាញ បានចេញបួស តាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ ចំណែកខាងត្រកូលរបស់យើង គ្មាននរណាមួយ ចេញចាកផ្ទះ ទៅបួសក្នុងសាសនាសោះ បើដូច្នោះ ចូរឯងបួស ឬអញនឹងបួសក៏បាន។ អនុរុទ្ធឆ្លើយថា ខ្ញុំជាមនុស្សសុខុមាលជាតិ ខ្ញុំមិនអាចនឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនាបានទេ សូមទ្រង់ស្តេចបួសចុះ។ មហានាមសក្កៈ និយាយថា ម្នាលអនុរុទ្ធ ជាអនុជ ចូរប្អូនមកអាយ បងនឹងពន្យល់ប្រយោជន៍របស់ឃរាវាសដល់ប្អូនថា ការធ្វើស្រែនោះ មុនដំបូងត្រូវភ្ជួរ ភ្ជួររួចហើយ ត្រូវព្រោះ ព្រោះរួចហើយ ត្រូវបញ្ចូលទឹក បញ្ចូលទឹករួចហើយ ត្រូវបញ្ចេញទឹក បញ្ចេញទឹករួចហើយ ត្រូវជំរះស្មៅ ជំរះស្មៅរួចហើយ ត្រូវច្រូតស្រូវ ច្រូតស្រូវហើយ ត្រូវចងកណ្តាប់ ចងជាកណ្តាប់ហើយ ត្រូវធ្វើឲ្យជាគំនរ ធ្វើឲ្យជាគំនរហើយ ត្រូវបោក ឬបញ្ជាន់ បញ្ជាន់ហើយ ត្រូវជជុះយកចំបើង ជជុះយកចំបើងហើយ ត្រូវជជុះយកកំទេចចេញ ជជុះយកកំទេចចេញហើយ ត្រូវរោយ រោយហើយ ត្រូវជញ្ជូនយកមកទុក ជញ្ជូនយកមកទុកហើយ ត្រូវចាប់ធ្វើតែយ៉ាងនេះតទៅទៀត រាល់ៗឆ្នាំ ត្រូវចាប់ធ្វើ (សាពីដើម) តាមទំនងនេះទៀត តែរាល់ៗឆ្នាំ។ អនុរុទ្ធសក្កៈ និយាយថា ការងារមិនចេះអស់ទេ ទីបំផុតនៃការងារមិនប្រាកដទេ កាលណានឹងអស់ការងារ កាលណានឹងប្រាកដថា ផុតការងារបាន កាលណាយើងនឹងថយខ្វល់ខ្វាយឆ្អែតឆ្អន់ នឹងស្កប់ស្កល់បម្រើដោយកាមគុណ៥។ ម្នាលអនុរុទ្ធ ជាអនុជ ការងារមិនចេះអស់ទេ ទីបំផុតការងារក៏មិនប្រាកដ មាតាបិតាក្តី ជីតាក្តី ធ្វើមរណភាព (ទៅអស់) ឯការងារ មិនចេះអស់ទេ។ បើដូច្នោះ អនុជឯង ចូរជ្រាបអំពីប្រយោជន៍ របស់ឃរាវាសចុះ បងមុខជានឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា (មិនខាន)។

[៣] ក្នុងគ្រានោះ អនុរុទ្ធសក្កៈ ចូលទៅរកព្រះមាតា លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះមាតាយ៉ាងនេះថា បពិត្រព្រះមាតា ខ្ញុំចង់ចេញចាកផ្ទះ ទៅបួសក្នុងសាសនា បពិត្រព្រះមាតា សូមព្រះមាតាអនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ កាលបើអនុរុទ្ធសក្កៈ និយាយយ៉ាងនេះហើយ ព្រះមាតានៃអនុរុទ្ធសក្កៈ និយាយយ៉ាងនេះថា ម្នាលអនុរុទ្ធកូន អ្នកជាបុត្រប្រុសទាំងពីររបស់យើង រមែងជាទីស្រឡាញ់ពេញចិត្ត ឥតមានស្អប់ខ្ពើមទេ សូម្បីដល់មរណភាព យើងក៏ពុំចង់ព្រាត់ប្រាស និរាសចាកអ្នកឡើយ កាលបើអ្នករស់នៅៗឡើយ យើងធ្វើម្តេចនឹងយល់ព្រមឲ្យអ្នកចេញចាកផ្ទះ ទៅបួសក្នុងសាសនាបាន។ អនុរុទ្ធសក្កៈនិយាយនឹងព្រះមាតា យ៉ាងនេះ អស់វារៈពីរដងផង។បេ។ អស់វារៈបីដងផងថា បពិត្រព្រះមាតា ខ្ញុំចង់ចេញចាកផ្ទះ ទៅបួសក្នុងសាសនា បពិត្រព្រះមាតា សូមព្រះមាតា អនុញ្ញាត ឲ្យខ្ញុំចេញចាកផ្ទះ ទៅបួសក្នុងសាសនា។

[៤] សម័យនោះឯង ភទ្ទិយសក្យរាជ សោយរាជ្យជាស្តេចរបស់សក្យៈទាំងឡាយ។ ឯភទ្ទិយសក្យរាជនោះ ត្រូវជាសំឡាញ់នឹងអនុរុទ្ធសក្កៈ។ គ្រានោះឯង ព្រះមាតារបស់អនុរុទ្ធសក្កៈ ទ្រង់ព្រះចិន្តាថា ព្រះភទ្ទិយសក្យរាជនេះ ទ្រង់សោយរាជ្យ ជាស្តេចរបស់ពួកសក្យៈ ស្តេចនោះ ជាសំឡាញ់នឹងអនុរុទ្ធសក្កៈ គង់មិនអាចចេញចាកអគារដ្ឋាន ទៅបួសក្នុងសាសនាទេ (លុះទ្រង់ព្រះចិន្តាដូច្នេះហើយ) ទើបមានព្រះសវនីយទៅនឹងអនុរុទ្ធសក្កៈទៀតថា ម្នាលអនុរុទ្ធកូន ប្រសិនបើ ភទ្ទិយសក្យរាជ ចេញចាកផ្ទះ ទៅបួសក្នុងសាសនា កាលបើដូច្នេះ សឹមកូនឯងទៅបួសចុះ។ លំដាប់នោះ អនុរុទ្ធសក្កៈ ចូលទៅរកព្រះភទ្ទិយសក្យរាជ លុះចូលទៅដល់ហើយ ទើបថ្លែងសេចក្តីនុ៎ះ ទៅនឹងភទ្ទិយសក្យរាជថា ម្នាលសំឡាញ់ ការបួសរបស់ខ្ញុំជាប់ទាក់ទងគ្នានឹងអ្នក។ ភទ្ទិយសក្យរាជ ក៏ឆ្លើយតបថា ម្នាលសំឡាញ់ បើបព្វជ្ជារបស់អ្នក ជាប់ទាក់ទងគ្នានឹងខ្ញុំក្តី មិនជាប់ក្តី បព្វជ្ជានោះ ចូលលើកទុកចុះ យើងគង់តែនឹងបួសជាមួយអ្នកតាមសប្បាយដែរ។ អនុរុទ្ធសក្កៈ បបួលទៀតថា ម្នាលសំឡាញ់ អ្នកចូរមក យើងទាំងពីរនាក់នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ ព្រះភទ្ទិយសក្យរាជតបថា ម្នាលសំឡាញ់ ខ្ញុំមិនអាចចេញចាកផ្ទះ ទៅបួសក្នុងសាសនាបានទេ កិច្ចឯទៀត ដែលខ្ញុំល្មមធ្វើជំនួសអ្នកបាន ខ្ញុំនឹងធ្វើជំនួសអ្នក អ្នកចូរបួសចុះ។ អនុរុទ្ធសក្កៈ និយាយថា ម្នាលសំឡាញ់ ព្រះមាតានិយាយនឹងខ្ញុំយ៉ាងនេះថា ម្នាលអនុរុទ្ធ បើភទ្ទិយសក្យរាជ ចេញចាកផ្ទះ ទៅបួសក្នុងសាសនា កាលបើដូច្នោះ អ្នកឯងចូរបួសចុះ។ ភទ្ទិយសក្យរាជឆ្លើយថា ម្នាលសំឡាញ់ ខ្ញុំបាននិយាយវាចានុ៎ះ ចំពោះអ្នកមែនថា ម្នាលសំឡាញ់ បើបព្វជ្ជារបស់អ្នកជាប់ទាក់ទងនឹងខ្ញុំក្តី មិនជាប់ក្តី បព្វជ្ជានោះ លើកទុកទៅចុះ ខ្ញុំគង់តែនឹងបួសជាមួយនឹងអ្នកតាមសប្បាយដែរ។ អនុរុទ្ធបបួលថា ម្នាលសំឡាញ់ អ្នកចូរមក យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ ក្នុងសម័យនោះ ពួកមនុស្ស ច្រើននិយាយពាក្យសច្ចៈ ប្តេជ្ញាគ្នាដោយពាក្យសច្ចៈ។ លំដាប់នោះ ព្រះភទ្ទិយសក្យរាជ តបនឹងអនុរុទ្ធសក្កៈយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកចូរបង្អង់៧ឆ្នាំសិន លុះអំណឹះ៧ឆ្នាំទៅ យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈឆ្លើយតបថា ម្នាលសំឡាញ់ ៧ឆ្នាំនោះយូរណាស់ ខ្ញុំមិនអាចនឹងបង្អង់ចាំដល់៧ឆ្នាំទេ។ ព្រះភទ្ទិយសក្យរាជ ឆ្លើយថា ម្នាលសំឡាញ់ អ្នកចូររង់ចាំ៦ឆ្នាំចុះ។បេ។ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំចុះ លុះអំណឹះ១ឆ្នាំទៅ យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈបបួលទៀតថា ម្នាលសំឡាញ់ ១ឆ្នាំនោះយូរពេកណាស់ ខ្ញុំមិនអាចនឹងរង់ចាំទៅដល់១ឆ្នាំបានទេ។ ព្រះភទ្ទិយសក្យរាជ អង្វរទៀតថា ម្នាលសំឡាញ់ អ្នកចូរបង្អង់៧ខែចុះ លុះអំណឹះ៧ខែទៅ យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈតបថា ម្នាលសំឡាញ់ ៧ខែនោះយូរណាស់ ខ្ញុំមិនអាចនឹងរង់ចាំដល់ទៅ៧ខែបានទេ។ ព្រះភទ្ទិយសក្យរាជ អង្វរថា ម្នាលសំឡាញ់ អ្នកចូរបង្អង់ដល់៦ខែ។បេ។ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែចុះ លុះអំណឹះកន្លះខែទៅ សឹមយើងទាំងពីរនាក់ ចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈតបថា ម្នាលសំឡាញ់ កន្លះខែយូរពេកណាស់ ខ្ញុំមិនអាចនឹងរង់ចាំដល់កន្លះខែបានទេ។ ព្រះភទ្ទិយសក្យរាជ អង្វរចុះមកទៀតថា ម្នាលសំឡាញ់ អ្នកចូរបង្អង់៧ថ្ងៃសិន ទម្រាំតែខ្ញុំនឹងប្រគល់រាជ្យសម្បត្តិឲ្យកូន ឬបងប្អូន។ អនុរុទ្ធសក្កៈទទួលព្រមថា ម្នាលសំឡាញ់ ៧ថ្ងៃនោះ មិនជាយូរប៉ុន្មានទេ ខ្ញុំនឹងរង់ចាំបាន។

[៥] គ្រានោះឯង (ពួកសក្យៈទាំង៦អង្គ) គឺភទ្ទិយសក្យរាជ១ អនុរុទ្ធ១ អានន្ទ១ ភគ្គុ១ កិមិល១ ទេវទត្ត១ ជាគំរប់៧នាក់នឹងខ្មាន់ព្រះកេស ឈ្មោះឧបាលិ ចេញទៅកាន់ឱទ្យាន មួយអន្លើដោយសេនាមានអង្គ៤ ក្នុងកាលពីដើមយ៉ាងណា សក្យរាជទាំងនោះ យាងចេញទៅ (ដើម្បីបព្វជ្ជាមួយអន្លើ) ដោយសេនាមានអង្គ៤ ក៏យ៉ាងនោះដែរ។ សក្យៈទាំងនោះ លុះយាងទៅដល់ទីឆ្ងាយ ទើបឲ្យសេនាវិលមកវិញ លុះចូលទៅដល់ដែនដទៃហើយ ទើបដោះគ្រឿងប្រដាប់ វេចជាបង្វេចដោយព្រះពស្ត្រសម្រាប់ពានា រួចហើយទើបមានព្រះបន្ទូលទៅនឹងខ្មាន់ព្រះកេស ឈ្មោះឧបាលិថា នែនាយឧបាលិ ណ្ហើយនាយឧបាលិ ចូរអ្នកឯងវិលទៅវិញចុះ ទ្រព្យប៉ុណ្ណេះ ក៏ល្មមនឹងចិញ្ចឹមជីវិតរបស់អ្នកបានហើយ។

[៦] គ្រានោះឯង កាលឧបាលិកប្បកៈ កំពុងតែដើរវិលមកវិញ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួសក្យៈសុទ្ធតែជាអ្នកាចៗ នឹងសម្លាប់អញក៏បាន ព្រោះគិតថា ឧបាលិកប្បកៈនេះហើយ សម្លាប់ព្រះរាជកុមារ អម្បាលសក្យកុមារទាំងឡាយ ម្តេចគង់ចេញចាកអគារដ្ឋាន ទៅបួសក្នុងសាសនាបាន ចំណង់បើអញ នឹងបាច់និយាយទៅថ្វី។ ឧបាលិកប្បកៈនោះ ក៏ស្រាយបង្វេចចេញ ហើយព្យួររបស់នោះ លើដើមឈើ ទើបនិយាយថា បើអ្នកណាឃើញ ចូររើសយករបស់ដែលអញឲ្យហើយចុះ ហើយដើរចូលទៅរកពួកសក្យកុមារវិញ។ ពួកសក្យកុមារទាំងនោះ បានឃើញឧបាលិកប្បកៈ កំពុងដើរមកអំពីចម្ងាយហើយ ទើបនិយាយទៅនឹងឧបាលិកប្បកៈយ៉ាងនេះថា នែនាយឧបាលិ ហេតុដូចម្តេច បានជាអ្នកវិលមកវិញ។ ឧបាលិកប្បកៈ ក៏ក្រាបទូលថា បពិត្រព្រះអយ្យបុត្ត កាលដែលខ្ញុំព្រះអង្គវិលអំពីទីនេះទៅ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ពួសក្យរាជ សុទ្ធតែកាចៗ នឹងសម្លាប់ខ្ញុំព្រះអង្គចោលក៏បាន ព្រោះគិតថា ខ្ញុំព្រះអង្គនេះហើយ ដែលសម្លាប់ព្រះរាជកុមារ អម្បាលពួកសក្យកុមារនេះ (ម្តេចក៏) ចេញចាកអគារដ្ឋាន ទៅបួសក្នុងសាសនា ចុះនឹងចាំស្តីទៅថ្វី ដល់ខ្លួនខ្ញុំព្រះអង្គ បពិត្រព្រះអយ្យបុត្ត ខ្ញុំព្រះអង្គ ស្រាយបង្វេចចេញ ហើយព្យួររបស់នោះ លើដើមឈើ ហើយនិយាយថា បើអ្នកណាឃើញ ចូររើសយករបស់ដែលអញឲ្យហើយចុះ ខ្ញុំព្រះអង្គ ក៏វិលអំពីទីនោះមកវិញ។ ពួកសក្យកុមារនិយាយថា នែនាយឧបាលិ ដែលអ្នកត្រឡប់មកវិញនោះ ឈ្មោះថាបានធ្វើប្រពៃហើយ ដ្បិតពួកសក្យៈកាចៗណាស់ នឹងសម្លាប់អ្នកចោល ក៏បាន ព្រោះគិតថា អ្នកនេះហើយ ជាអ្នកសម្លាប់ព្រះរាជកុមារទាំងឡាយ។

[៧] គ្រានោះ ពួកសក្យកុមារទាំងនោះ នាំឧបាលិកប្បកៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ពួកសក្យកុមារទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំជាសក្យរាជ តែងមានមានះ បពិត្រព្រះអង្គដ៏ចំរើន ឧបាលិកប្បកៈនេះ ជាអ្នកធ្លាប់បម្រើយើងខ្ញុំ អស់កាលជាអង្វែងមកហើយ សូមព្រះមានព្រះភាគ បំបួសឧបាលិកប្បកៈនេះមុន យើងខ្ញុំនឹងធ្វើនូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលីកម្ម និងសាមីចិកម្ម ចំពោះឧបាលិកប្បកៈនេះ កាលបើយើងខ្ញុំបានធ្វើយ៉ាងនេះហើយ សេចក្តីប្រកាន់ថា ខ្លួនយើងខ្ញុំ ជាសក្យៈនោះ នឹងថយចុះទៅ។ លំដាប់នោះឯង ព្រះមានព្រះភាគ បានបំបួសឧបាលិកប្បកៈមុន ហើយទើបបំបួសពួកសក្យកុមារទាំងនោះក្រោយ។

[៨] គ្រានោះ ព្រះភទ្ទិយៈដ៏មានអាយុ បានសម្រេចនូវវិជ្ជា៣យ៉ាង ខាងក្នុងនៃវស្សានោះឯង។ ព្រះអនុរុទ្ធដ៏មានអាយុ បានសម្រេចទិព្វចក្ខុ។ ព្រះអានន្ទដ៏មានអាយុ បានសម្រេចសោតាបត្តិផល។ ឯទេវទត្ត បានសម្រេចនូវឫទ្ធិ ជារបស់បុថុជ្ជន។

[៩] សម័យនោះឯង ព្រះភទ្ទិយដ៏មានអាយុ ទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី បន្លឺនូវឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ពួកភិក្ខុទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះភទ្ទិយៈដ៏មានអាយុ ទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺនូវឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ បពិត្រព្រះអង្គដ៏ចំរើន ព្រះភទ្ទិយៈដ៏មានអាយុ ប្រាកដជាអផ្សុកនឹងប្រព្រឹត្តព្រហ្មចរិយធម៌ដោយពិត ពុំនោះសោត លោករលឹកនូវសេចក្តីសុខ ក្នុងរាជសម្បត្តិពីមុននោះឯង បានជាទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺនូវឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ១រូបមក ហើយបង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក ចូរអ្នកទៅហៅភទ្ទិយភិក្ខុ តាមពាក្យតថាគតថា ម្នាលអាវុសោភទ្ទិយៈ ព្រះសាស្តាទ្រង់ឲ្យហៅអ្នក។ ភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះហើយ ក៏ចូលទៅរកភទ្ទិយភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះ នឹងភទ្ទិយភិក្ខុដ៏មានអាយុថា ម្នាលអាវុសោភទ្ទិយៈ ព្រះសាស្តាត្រាស់ហៅអ្នក។

[១០] ព្រះភទ្ទិយៈដ៏មានអាយុ ទទួលស្តាប់ពាក្យរបស់ភិក្ខុនោះថា ម្នាលអាវុសោ ដូច្នេះហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះ នឹងព្រះភទ្ទិយៈដ៏មានអាយុ ដែលអង្គុយក្នុងទីដ៏សមគួរថា ម្នាលភទ្ទិយៈ បានឮថា អ្នកទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ពិតមែនឬ។ ភទ្ទិយភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភទ្ទិយៈ ចុះអ្នកពិចារណាឃើញអំណាចប្រយោជន៍យ៉ាងណា បានជាអ្នកទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ដូច្នេះ។ ភទ្ទិយភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលពីដើម ខ្ញុំព្រះអង្គនៅជាស្តេច ការរក្សាខាងក្នុងព្រះរាជវាំង គេបានចាត់ចែងល្អ ការរក្សាខាងក្រៅព្រះរាជវាំង គេបានចាត់ចែងល្អ ការរក្សាខាងក្នុងនគរ គេបានចាត់ចែងល្អ ការរក្សាខាងក្រៅនគរ គេបានចាត់ចែងល្អ ការរក្សាខាងក្នុងជនបទ គេបានចាត់ចែងល្អ ការរក្សាខាងក្រៅជនបទ គេក៏បានចាត់ចែងល្អ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះឯង ជាមនុស្សដែលគេរក្សាមកយ៉ាងនេះផង គ្រប់គ្រងយ៉ាងនេះផង គង់នៅមានខ្លាច ញាប់ញ័រ រន្ធត់ តក់ស្លុត បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គតែម្នាក់ឯង ទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ក៏ឥតខ្លាច ឥតញាប់ញ័រ ឥតរន្ធត់តក់ស្លុតឡើយ ជាអ្នកមានសេចក្តីខ្វល់ខ្វាយតិច ជាមនុស្សសម្លបរោម ចិញ្ចឹមជីវិតដោយចតុប្បច្ច័យ ដែលបុគ្គលដទៃឲ្យ មានចិត្តដូចជាពួកសត្វម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាឃើញនូវអំណាចប្រយោជន៍យ៉ាងនេះហើយ ទើបបានទៅក្នុងព្រៃក្តី។បេ។ តែងបន្លឺឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

[១១]

សេចក្តីក្រោធ មិនមានក្នុងចិត្តរបស់អ្នកណា អ្នកនោះឈ្មោះថា កន្លងផុតនូវសេចក្តីចំរើន និងសេចក្តីវិនាសច្រើនប្រការ ទេវតាទាំងឡាយ ក៏កម្រនឹងបានឃើញនូវអ្នក ដែលមានភ័យកន្លងផុតហើយ បានប្រកបដោយសេចក្តីសុខ ឥតមានសេចក្តីសោកនោះឡើយ។

(ទេវទត្តវត្ថុ)

(ទេវទត្តវត្ថុ)

[១២] គ្រានោះឯង ព្រះមានព្រះភាគ ព្រះអង្គគង់នៅក្នុងព្រៃអនុបិយា គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់យាងសំដៅ ទៅកាន់ចារិកនគរកោសម្ពី ត្រាច់ទៅកាន់ចារិកតាមលំដាប់ ឆ្ពោះទៅនគរកោសម្ពី។ បានឮថា ព្រះមានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងឃោសិតារាម ទៀបនគរកោសម្ពីនោះ។

[១៣] គ្រានោះ ទេវទត្តទៅក្នុងទីស្ងាត់ សម្ងំនៅក្នុងទីស្ងាត់ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា អញនឹងឲ្យអ្នកណាជ្រះថ្លាហ្ន៎ កាលបើអ្នកណាកើតចិត្តជ្រះថ្លាចំពោះអញ លាភសក្ការៈច្រើន មុខជានឹងកើតដល់អញពុំខាន។ គ្រានោះ ទេវទត្តមានសេចក្តីត្រិះរិះដូច្នេះថា អជាតសត្តុកុមារនេះ នៅក្មេងផង មានសេចក្តីចម្រើនតទៅទៀតផង បើដូច្នោះ គួរអញឲ្យអជាតសត្តុកុមារជ្រះថ្លា កាលបើអជាតសត្តុកុមារនោះ មានចិត្តជ្រះថ្លាចំពោះអញហើយ លាភសក្ការៈច្រើន មុខជានឹងកើតឡើងដល់អញ។ លំដាប់នោះ ទេវទត្ត រៀបចំអាសនៈ ប្រដាប់បាត្រ និងចីវរ សំដៅទៅនគររាជគ្រឹះតាមលំដាប់លំដោយ ឆ្ពោះទៅនគររាជគ្រឹះនោះ។ គ្រានោះ ទេវទត្តដំណែងភេទខ្លួន និម្មិតធ្វើជាក្មេងតូច ពាក់សង្វារពស់ ស្រាប់តែទៅអង្គុយលើភ្លៅអជាតសត្តុកុមារភ្លាម។ គ្រានោះ អជាតសត្តុកុមារ ក៏ខ្លាច ញាប់ញ័រ រន្ធត់តក់ស្លុត។ លំដាប់នោះ ទេវទត្ត បាននិយាយពាក្យនេះ នឹងអជាតសត្តុកុមារថា បពិត្រកុមារ ព្រះអង្គខ្លាចអាត្មាឬ។ អជាតសត្តុកុមារឆ្លើយថា អើខ្ញុំខ្លាច ចុះអ្នកជាអ្វី។ ទេវទត្តថា អាត្មានេះ ជាភិក្ខុ ឈ្មោះទេវទត្ត។ អជាតសត្តុកុមារថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ឈ្មោះទេវទត្តមែន សូមផ្លាស់មកជាភេទរបស់ខ្លួនវិញមើល។ គ្រានោះ ទេវទត្ត ផ្លាស់ភេទក្មេងតូចចេញហើយ ត្រឡប់មកជាភិក្ខុ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ ឈរពីខាងមុខអជាតសត្តុកុមារ។ លំដាប់នោះ អជាតសត្តុកុមារ មានចិត្តជ្រះថ្លាពេក ដោយឥទ្ធិប្បាដិហារ្យនេះ របស់ទេវទត្ត ហើយតែងទៅដោយរថប្រាំរយ បម្រើទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់ប្រាំរយថាសទៅផង។ គ្រានោះ ទេវទត្ត ដែលលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ហើយ ក៏មានចិត្តប្រែប្រួល កើតមានសេចក្តីប្រាថ្នា មានសភាពយ៉ាងនេះថា អញនឹងគ្រប់គ្រងនូវភិក្ខុសង្ឃ ដូច្នេះ ទេវទត្ត ក៏សាបសូន្យចាកឫទ្ធិនោះ ក្នុងពេលជាមួយនឹងអកុសលចិត្តកើតឡើង។

[១៤] សម័យនោះឯង មានកូនអ្នកស្រុក កោឡិយៈ ម្នាក់ ឈ្មោះកក្កុធៈ ជាឧបដ្ឋាករបស់ព្រះមហាមោគ្គល្លានដ៏មានអាយុ ទើបនឹងស្លាប់ភ្លាម ហើយបានទៅកើតជាទេវកាយ ដែលសម្រេចដោយចិត្តមួយអង្គ។ ទេវបុត្តនោះ បាននូវអត្តភាព មានសភាពយ៉ាងនេះ ដូចជាបានគាមក្ខេត្តរបស់អ្នកស្រុកមគធៈពីរឬបី។ លោកមិនដែលបៀតបៀនខ្លួនឯង និងអ្នកដទៃ ដោយអាងបានអត្តភាពនោះទេ។ គ្រានោះ កក្កុធទេវបុត្ត ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយទើបឈរក្នុងទីសមគួរ។ លុះកក្កុធទេវបុត្ត ឈរក្នុងទីសមគួរហើយ បានថ្លែងពាក្យនេះ នឹងព្រះមហាមោគ្គល្លានដ៏មានអាយុថា បពិត្រលោកម្ចាស់ (ឥឡូវ) ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ហើយ មានចិត្តប្រែប្រួល កើតមានសេចក្តីប្រាថ្នា មានសភាពយ៉ាងនេះថា អញនឹងរក្សានូវភិក្ខុសង្ឃ បពិត្រលោកម្ចាស់ ទេវទត្តសាបសូន្យចាកឫទ្ធិនោះ ក្នុងវេលាជាមួយនឹងអកុសលចិត្តកើតឡើង។ កក្កុធទេវបុត្ត បានថ្លែងពាក្យនេះ លុះថ្លែងពាក្យនេះហើយ ក៏ក្រាបថ្វាយបង្គំលាព្រះមហាមោគ្គល្លានដ៏មានអាយុ ធ្វើប្រទក្សិណ ហើយស្រាប់តែបាត់ពីទីនោះទៅ។

[១៥] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កូនអ្នកស្រុកកោឡិយៈម្នាក់ ឈ្មោះកក្កុធៈ ជាឧបដ្ឋាករបស់ខ្ញុំព្រះអង្គ ទើបនឹងស្លាប់អំបាញ់មិញ បានទៅកើតជាទេវកាយ ដែលសម្រេចដោយចិត្តមួយអង្គ ទេវបុត្តនោះ បានអត្តភាពយ៉ាងនេះ ដូចជាបានគាមក្ខេត្តរបស់អ្នកស្រុកមគធៈពីរឬបី ទេវបុត្តនោះ មិនដែលបៀតបៀនខ្លួនឯង និងអ្នកដទៃ ដោយអាងបានអត្តភាពនោះទេ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ កក្កុធទេវបុត្ត ចូលមករកខ្ញុំព្រះអង្គ លុះមកដល់ហើយ ថ្វាយបង្គំចំពោះខ្ញុំព្រះអង្គរួចស្រេច ក៏ឈរក្នុងទីដ៏សមគួរ បពិត្រព្រះអង្គដ៏ចំរើន កក្កុធទេវបុត្ត លុះឈរក្នុងទីដ៏សមគួរហើយ បានថ្លែងពាក្យនេះ នឹងខ្ញុំព្រះអង្គថា បពិត្រលោកម្ចាស់ (ឥឡូវនេះ) ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ហើយ មានចិត្តប្រែប្រួល កើតមានសេចក្តីប្រាថ្នា មានសភាពយ៉ាងនេះថា អញនឹងគ្រប់គ្រងនូវភិក្ខុសង្ឃ បពិត្រលោកម្ចាស់ ទេវទត្តសាបសូន្យចាកឫទ្ធិនោះ ក្នុងវេលាជាមួយនឹងអកុសលចិត្តកើតឡើង បពិត្រព្រះអង្គដ៏ចំរើន កក្កុធទេវបុត្ត បានថ្លែងពាក្យនេះ លុះថ្លែងពាក្យនេះហើយ ទើបក្រាបថ្វាយបង្គំលាខ្ញុំព្រះអង្គ ធ្វើប្រទក្សិណ ហើយក៏បាត់ពីទីនោះទៅ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលមោគ្គល្លាន កក្កុធទេវបុត្ត អ្នកបានកំណត់ដឹងចិត្ត ដោយចិត្តច្បាស់ហើយឬ កក្កុធទេវបុត្ត និយាយពាក្យណាមួយ ពាក្យនោះជាពាក្យពិត ឬជាពាក្យក្លែងទេ។ ព្រះមហាមោគ្គល្លាន ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កំណត់ដឹងចិត្ត ដោយចិត្តច្បាស់ថា កក្កុធទេវបុត្ត និយាយពាក្យណាមួយ ពាក្យទាំងនោះ ជាពាក្យពិតហើយ មិនមែនជាពាក្យក្លែងទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន ចូរអ្នករក្សាទុកនូវសំដីនេះចុះ ម្នាលមោគ្គល្លាន ចូរអ្នករក្សាទុកនូវសំដីនេះចុះ ដ្បិតឥឡូវនេះ មោឃបុរសនោះ ធ្វើខ្លួនឲ្យល្បីដោយខ្លួនឯង។

(បញ្ចសត្ថុកថា)

(បញ្ចសត្ថុកថា)

[១៦] ម្នាលមោគ្គល្លាន គ្រូក្នុងលោកនេះ មាន៥ពួក។ គ្រូទាំង៥ពួកនោះ គឺគ្រូណាខ្លះ។ ម្នាលមោគ្គល្លាន គ្រូពួកមួយក្នុងលោកនេះ មានសីលមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានសីលបរិសុទ្ធខ្លះ ថាសីលរបស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ សាវ័កទាំងឡាយ តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានសីលមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានសីលបរិសុទ្ធខ្លះ ថាសីលរបស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ តែថា បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា លោកគង់នឹងប្រាកដ ដោយកម្មនោះមិនខាន។ ម្នាលមោគ្គល្លានសាវ័កទាំងឡាយ តែងរក្សាគ្រូបែបនេះដោយសីល។ ឯគ្រូមានសភាពយ៉ាងនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយសីល។

[១៧] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានអាជីវៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានអាជីវៈបរិសុទ្ធខ្លះ ថាអាជីវៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ពួកសាវ័ក ដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានអាជីវៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានអាជីវៈបរិសុទ្ធខ្លះ ថាអាជីវៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ តែថា បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដ ដោយកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន សាវ័កទាំងឡាយ តែងរក្សាគ្រូបែបនេះដោយអាជីវៈ។ ឯគ្រូមានសភាពយ៉ាងនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយអាជីវៈ។

[១៨] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានធម្មទេសនាមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានធម្មទេសនាបរិសុទ្ធខ្លះ ថាធម្មទេសនារបស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ពួកសាវ័ក តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានធម្មទេសនាមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានធម្មទេសនាបរិសុទ្ធខ្លះ ថាធម្មទេសនារបស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ តែថា បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្ត ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដ ដោយកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន ពួកសាវ័ក តែងរក្សាគ្រូបែបនេះ ដោយធម្មទេសនា។ ឯគ្រូបែបនេះសោត តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយធម្មទេសនា។

[១៩] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានវេយ្យាករណ៍មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានវេយ្យាករណ៍បរិសុទ្ធខ្លះ ថាវេយ្យាករណ៍ របស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ពួកសាវ័ក តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានវេយ្យាករណ៍មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានវេយ្យាករណ៍បរិសុទ្ធខ្លះ ថាវេយ្យាករណ៍របស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន ពួកសាវ័ក តែងរក្សាគ្រូបែបនេះ ដោយវេយ្យាករណ៍។ ចំណែកខាងគ្រូនោះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយវេយ្យាករណ៍។

[២០] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ សាវ័ក តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន ពួកសាវ័ក តែងរក្សាគ្រូបែបនេះ ដោយញាណទស្សនៈ។ ក៏ឯគ្រូមានសភាពយ៉ាងនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយញាណទស្សនៈ។ ម្នាលមោគ្គល្លាន គ្រូ៥ពួកនេះឯង តែងមានក្នុងលោក។

[២១] ម្នាលមោគ្គល្លាន ចំណែកខាងតថាគត ជាបុគ្គលមានសីលបរិសុទ្ធ ប្តេជ្ញាថា តថាគតមានសីលបរិសុទ្ធខ្លះ ថាសីលរបស់តថាគត បរិសុទ្ធផូរផង់ ឥតមាសៅហ្មងខ្លះ ពួកសាវ័ក មិនបានរក្សាតថាគតដោយសីលឡើយ តថាគតសោត ក៏មិននឹកសង្ឃឹមនូវការរក្សាអំពីពួកសាវ័ក ដោយសីលទេ។ (តថាគត) មានអាជីវៈបរិសុទ្ធ។បេ។ មានធម្មទេសនាបរិសុទ្ធ។បេ។ មានវេយ្យាករណ៍បរិសុទ្ធ។បេ។ មានញាណទស្សនៈបរិសុទ្ធ ប្តេជ្ញាថា តថាគតមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់តថាគត បរិសុទ្ធផូរផង់ ឥតមាសៅហ្មងខ្លះ សាវ័ក មិនបានរក្សាតថាគត ដោយញាណទស្សនៈទេ តថាគតសោត មិននឹកសង្ឃឹមនូវការរក្សាអំពីពួកសាវ័ក ដោយញាណទស្សនៈឡើយ។

[២២] គ្រានោះ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងនគរកោសម្ពី គួរតាមពុទ្ធអធ្យាស្រ័យហើយ ស្តេចទៅកាន់ចារិកនគររាជគ្រឹះ ត្រាច់ទៅកាន់ចារិកតាមលំដាប់ ឆ្ពោះទៅនគររាជគ្រឹះ។ បានឮថា ព្រះមានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបនគររាជគ្រឹះ។

[២៣] លំដាប់នោះ ភិក្ខុច្រើនរូបនាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អជាតសត្តុកុមារ តែងទៅដោយរថ៥រយ បម្រើទេវទត្ត ទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់៥រយថាស ទៅប្រគេន (ទេវទត្តផង)។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលភិក្ខុទាំងឡាយ អ្នកកុំស្ងើចលាភសក្ការៈ និងសេចក្តីសរសើររបស់ទេវទត្តឡើយ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ ដែលទៅដោយរថ៥រយ ទៅបម្រើទេវទត្ត ទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់៥រយថាស ទៅប្រគេន (ទេវទត្ត) ដរាបណា ម្នាលភិក្ខុទាំងឡាយ សេចក្តីសាបសូន្យ មុខជានឹងកើតមានដល់ទេវទត្ត (ដរាបនោះ) មិនខាន ឯការចំរើនក្នុងកុសលធម៌ មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចគេច្របាច់ទឹកប្រម៉ាត់ (ត្រី ឬខ្លាឃ្មុំ) ដាក់ក្នុងច្រមុះឆ្កែកាច ឆ្កែនោះ រឹតតែកាចឡើងជាងដើម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក៏ដូចជាអជាតសត្តុកុមារ ទៅដោយរថ៥រយ បម្រើទេវទត្ត ទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់៥រយថាស ទៅប្រគេន (ទេវទត្ត) ដរាបណា សេចក្តីសាបសូន្យ មុខជានឹងកើតមានដល់ទេវទត្ត (ដរាបនោះ) ពុំខាន ការចំរើនក្នុងកុសលធម៌ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ម្នាលភិក្ខុទាំងឡាយ ដើមចេកចេញផ្លែ ដើម្បីសម្លាប់ដើម ចេញផ្លែ ដើម្បីវិនាស យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ ឫស្សីចេញផ្លែ ដើម្បីសម្លាប់ដើម ចេញផ្លែ ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីបំផ្លាញខ្លួន ក៏ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ ដូចដើមបបុស ចេញផ្លែ ដើម្បីសម្លាប់ដើម ចេញផ្លែ ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីបំផ្លាញខ្លួន ក៏ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ ដូចមេសេះអស្សតរ មានផ្ទៃដើម្បីសម្លាប់ខ្លួន មានផ្ទៃ ដើម្បីវិនាសខ្លួន យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីបំផ្លាញខ្លួន ក៏ដូច្នោះដែរ។

[២៤] ផ្លែចេក តែងសម្លាប់ដើមចេក ផ្លែឫស្សី តែងសម្លាប់ដើមឫស្សី ផ្លែបបុស តែងសម្លាប់ដើមបបុស សក្ការៈ តែងសម្លាប់បុរសអាក្រក់ ដូចជាគភ៌ តែងសម្លាប់មេសេះអស្សតរ។

ចប់ ភាណវារៈ ទី១។

 

លេខយោង

1)
ជាក្សត្រធ្លាប់បានសេចក្តីសុខ មិនដែលបានសេចក្តីលំបាក ដោយខ្យល់ និងកំដៅថ្ងៃជាដើម
km/tipitaka/vin/cv/vin.cv.07.01.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann