km:tipitaka:vin:cv:vin.cv.12

សត្តសតិកក្ខន្ធកៈ (ទី១២)

សង្ខេប

(?)

vin cv 12 បាលី cs-km: vin.cv.12 អដ្ឋកថា: vin.cv.12_att PTS: ?

សត្តសតិកក្ខន្ធកៈ (ទី១២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(១២. សត្តសតិកក្ខន្ធកំ)

(បឋមភាណវារៈ ទី១)

(១. បឋមភាណវារោ)

[២៩៤] សម័យនោះឯង កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វានទៅបាន១០០ឆ្នាំ ពួកវជ្ជីបុត្តកភិក្ខុ1) នៅក្នុងក្រុងវេសាលី សំដែងវត្ថុ១០ប្រការ ក្នុងក្រុងវេសាលីថា ការកំណត់ដោយអម្បិលក្នុងក្លាក់ គួរ (ដល់សមណៈ)១ ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេទៅ ប្រមាណពីរធ្នាប់ គួរ១ ការកំណត់ដោយចន្លោះស្រុក គួរ១ ការកំណត់ដោយអាវាស គួរ១ ការកំណត់ដោយអនុមតិ2) គួរ១ ការកំណត់ដោយអាចិណ្ណកប្ប (ប្រពៃណី) គួរ១ ការកំណត់ដោយទឹកដោះ ដែលមិនទាន់ជូរ គួរ១ ការផឹកនូវសុរាឆៅ គួរ១ និសីទនៈ ដែលមិនមានជាយ គួរ១ មាស និងប្រាក់គួរ១។

[២៩៥] សម័យនោះឯង ព្រះយសកាកណ្ឌកបុត្ត3) មានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងដែនវជ្ជី ហើយក៏បានទៅដល់ក្រុងវេសាលី។ បានឮថា ព្រះយសកាកណ្ឌកបុត្តមានអាយុ នៅក្នុងកូដាគារសាលា ព្រៃមហាវ័ន ជិតក្រុងវេសាលីនោះ។

[២៩៦] សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី បានដងទឹកដាក់ពេញភាជន៍សំរឹទ្ធ ហើយយកទៅតំកល់ទុក ក្នុងកណ្តាលភិក្ខុសង្ឃ ក្នុងថ្ងៃឧបោសថនោះ ហើយពោលពាក្យយ៉ាងនេះ ចំពោះពួកឧបាសកនៅក្នុងក្រុងវេសាលី ដែលមកទាំងអស់ថា ហៃអ្នកមានអាយុទាំងឡាយ ចូរអ្នកទាំងឡាយប្រគេនគហាបណៈមួយក្តី កន្លះកហាបណៈក្តី មួយបាទក្តី មាសករូបមួយក្តី ដល់សង្ឃចុះ សង្ឃមុខជានឹងមានកិច្ចដោយបរិក្ខារមិនខាន។ កាលដែលពួកវជ្ជីបុត្តកភិក្ខុពោលយ៉ាងនេះហើយ ទើបព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ពោលដូច្នេះ នឹងពួកឧបាសកអ្នកនៅក្នុងក្រុងវេសាលីថា នែអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ កុំប្រគេនកហាបណៈមួយក្តី កន្លះកហាបណៈក្តី បាទមួយក្តី មាសករូបមួយក្តី ដល់សង្ឃឡើយ ព្រោះមាស និងប្រាក់ មិនគួរដល់សមណៈ ជាសក្យបុត្តិយ៍ទេ ពួកសមណៈ ជាសក្យបុត្តិយ៍ មិនត្រេកអរ មិនកាន់មាស និងប្រាក់ទេ ពួកសមណៈ ជាសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញ ហើយប្រាសចាក គឺថាលែងរវល់ ដោយមាសនិងប្រាក់ហើយ។ ឯពួកឧបាសកដែលនៅក្នុងក្រុងវេសាលី ទុកជាព្រះយសកាកណ្ឌកបុត្តពោលយ៉ាងនេះហើយ ក៏នៅតែប្រគេនកហាបណៈមួយខ្លះ កន្លះកហាបណៈខ្លះ បាទមួយខ្លះ មាសករូបមួយខ្លះ ដល់សង្ឃ។ លំដាប់នោះឯង ពួកវជ្ជីបុត្តកភិក្ខុ អ្នកនៅក្នុងក្រុងវេសាលី លុះកន្លងរាត្រីនោះហើយ (ព្រឹកឡើង) ក៏ចែកប្រាក់នោះ ដាក់ចំណែកមួយៗ ដោយរាប់ចំនួនភិក្ខុ។ ទើបពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ពោលនឹងព្រះយសកាកណ្ឌកបុត្តមានអាយុថា នែអាវុសោ យស នេះជាចំណែកប្រាក់របស់លោក។ ព្រះយសកាកណ្ឌបុត្តពោលថា ម្នាលអាវុសោទាំងឡាយ ខ្ញុំគ្មានចំណែកនៃប្រាក់ទេ ព្រោះខ្ញុំមិនត្រេកអរនឹងប្រាក់ទេ។

[២៩៧] គ្រានោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ពោលថា នែអាវុសោទាំងឡាយ ព្រះយសកាកណ្ឌកបុត្តនេះ ជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកដែលមានសទ្ធាជ្រះថ្លា បើដូច្នោះ យើងរាល់គ្នាធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ ពួកវជ្ជីបុត្តកភិក្ខុនោះ បានធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ បានពោលពាក្យនេះ នឹងពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា សង្ឃត្រូវឲ្យអនុទូតដល់ភិក្ខុដែលសង្ឃធ្វើបដិសារណីយកម្មហើយ ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយឲ្យភិក្ខុជាអនុទូតដល់ខ្ញុំ។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីបានសន្មតភិក្ខុមួយរូប ឲ្យជាអនុទូត ដល់ព្រះយសកាកណ្ឌកបុត្តដ៏មានអាយុ។ ឯព្រះយសកាកណ្ឌកបុត្តមានអាយុ ចូលទៅក្នុងក្រុងវេសាលី ជាមួយនឹងភិក្ខុជាអនុទូត ហើយក៏ពោលពាក្យដូច្នេះនឹងឧបាសក ដែលនៅក្នុងក្រុងវេសាលីថា អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ ពោលនូវវិន័យ ថាជាវិន័យ ក៏ត្រឡប់ទៅជាឮពាក្យខ្ចរខ្ចាយថា អាត្មាជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកដ៏មានអាយុ ដែលមានសទ្ធាជ្រះថ្លាវិញ។

[២៩៨] ម្នាលអ្នកមានអាយុទាំងឡាយ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ម្នាលអ្នកមានអាយុទាំងឡាយ កាលដែលព្រះមានព្រះភាគ គង់នៅៗទីនោះ ព្រះអង្គ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសទាំងឡាយណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ មាន៤យ៉ាង។ ឧបក្កិលេសទាំង៤យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះ គឺពពក១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះគឺ ទឹកសន្សើមចុះអ័ព្ទ១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះគឺ ផ្សែង និងធូលី១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះគឺ រាហុអសុរិន្ទ្រ១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះ មាន៤យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍ទាំងនេះ ក៏មាន៤យ៉ាងដូច្នោះដែរ។ ឧបក្កិលេសទាំង៤យ៉ាងនោះដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មានសមណៈ និងព្រាហ្មណ៍ពួក១ ផឹកសុរា និងមេរ័យ មិនវៀរចាកកិរិយាផឹកសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាដម្បូង ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សេពមេថុនធម្ម មិនវៀរចាកមេថុនធម្ម ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាគំរប់ពីរ ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ កាន់មាសនិងប្រាក់ មិនវៀរចាកកិរិយាទទួលមាសនិងប្រាក់ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាគំរប់បី ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ មិនវៀរចាកមិច្ឆាជីវៈ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះ ជាគំរប់បួន ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍ មាន៤យ៉ាងនេះឯង។ ម្នាលអ្នកមានអាយុទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ លុះព្រះសុគត ទ្រង់ត្រាស់នូវពាក្យនេះចប់ហើយ លំដាប់នោះ ព្រះសាស្តា ទ្រង់សំដែងដូច្នេះតទៅទៀតថា

[២៩៩]

សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងហើយ ដោយរាគៈ និងទោសៈជាបុរសដែលអវិជ្ជាបិទបាំងហើយ មានសេចក្តីត្រេកអរ ក្នុងរូបជាទីស្រឡាញ់ ផឹកសុរា និងមេរ័យ សេពមេថុនធម្ម មិនដឹងច្បាស់ (នូវទោស) ត្រេកអរចំពោះប្រាក់ និងមាស សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសទាំងឡាយណា ក៏មិនបរិសុទ្ធ ប្រកបដោយធូលី គឺកិលេស រមែងមិនរុងរឿង មិនភ្លឺ ប្រៀបដូចសត្វម្រឹគ ឧបក្កិលេសទាំងឡាយនុ៎ះ ព្រះពុទ្ធមានផៅពង្សដ៏ខ្ពស់ខ្ពស់ ដូចជាព្រះអាទិត្យ ទ្រង់ត្រាស់សំដែងហើយ (សមណៈ និងព្រាហ្មណ៍ទាំងនោះ) ត្រូវងងឹត គឺអវិជ្ជារួបរឹតហើយ ជាទាសៈនៃតណ្ហា ប្រកបដោយតណ្ហា ដែលដឹកនាំសត្វទៅក្នុងភព តែងញុំាងរាងកាយ ជារបស់គ្រោតគ្រាត ឲ្យចំរើនឡើង ហើយកាន់យកនូវភពថ្មីទៀត។

[៣០០] អាត្មាគ្រាន់តែពោលនូវសភាវៈមិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនជាវិន័យ ពោលនូវវិន័យ ថាជាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។

[៣០១] ម្នាលអ្នកមានអាយុទាំងឡាយ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង អន្តរាកថានេះ4) កើតឡើងដល់ជន ដែលអង្គុយប្រជុំគ្នាក្នុងកណ្តាលរាជបរិសទ្យ ក្នុងព្រះបរមរាជវាំងថា មាសនិងប្រាក់គួរដល់ពួកសមណសក្យបុត្តិយ៍ដែរ ពួកសមណសក្យបុត្តិយ៍ត្រេកអរនឹងមាសប្រាក់ដែរ ពួកសមណសក្យបុត្តិយ៍ទទួលមាសប្រាក់ដែរ។ ម្នាលអ្នកមានអាយុទាំងឡាយ សម័យនោះឯង មានបុរសជាធំ គឺនាយចៅហ្វាយម្នាក់ ឈ្មោះមណិចូឡកៈ អង្គុយនៅក្នុងកណ្តាលបរិសទ្យនោះ។ ម្នាលអ្នកមានអាយុទាំងឡាយ លំដាប់នោះ បុរសជាធំ ឈ្មោះមណិចូឡកៈ ពោលពាក្យដូច្នេះ នឹងបរិសទ្យនោះថា បពិត្រអស់លោកទាំងឡាយ អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ មាសនិងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរដោយមាសនិងប្រាក់ទេ មិនទទួលមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញ ហើយប្រាសចាក គឺថា លែងរវល់ដោយមាសនិងប្រាក់ហើយ។ ម្នាលអ្នកមានអាយុទាំងឡាយ បុរសជាធំឈ្មោះមណិចូឡកៈ ក៏មិនអាចនឹងពន្យល់បរិសទ្យនោះបាន។ ម្នាលអ្នកមានអាយុទាំងឡាយ លំដាប់នោះឯង លុះបុរសជាធំឈ្មោះមណិចូឡកៈ ពន្យល់បរិសទ្យនោះរួចហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ម្នាលអាវុសោទាំងឡាយ លុះបុរសជាធំឈ្មោះមណិចូឡកៈ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះ កើតឡើងដល់ពួកជន ដែលអង្គុយប្រជុំគ្នា ក្នុងរាជបរិសទ្យ ក្នុងព្រះបរមរាជវាំងនេះថា មាសនិងប្រាក់គួរដល់ពួកសមណសក្យបុត្តិយ៍ដែរ ពួកសមណសក្យបុត្តិយ៍ ត្រេកអរនឹងមាសប្រាក់ដែរ ពួកសមណសក្យបុត្តិយ៍ ទទួលមាសនិងប្រាក់ដែរ បពិត្រព្រះអង្គដ៏ចំរើន កាលដែលពួកបរិសទ្យនោះពោលយ៉ាងនេះ ខ្ញុំព្រះអង្គ ក៏ពោលពាក្យដូច្នេះ នឹងបរិសទ្យនោះវិញថា បពិត្រអស់លោកទាំងឡាយ អ្នកទាំងឡាយ កុំពោលពាក្យយ៉ាងនេះឡើយ មាសនិងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរនឹងមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញហើយ ប្រាសចាក គឺថា លែងរវល់ដោយមាសនិងប្រាក់ហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនអាចនឹងពន្យល់បរិសទ្យនោះបានទេ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គព្យាករ (ដោះស្រាយ) យ៉ាងនេះ ឈ្មោះថា ជាអ្នកពោលត្រូវតាមបន្ទូល នៃព្រះមានព្រះភាគផង មិនពោលបង្កាច់នូវព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ពាក្យពោលតូចធំណាមួយ ដែលប្រកបដោយធម៌ មិនមកកាន់ស្ថានដែលបណ្ឌិតគប្បីតិះដៀលផង បានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា អើ ម្នាលអ្នកជាធំ អ្នកព្យាករយ៉ាងនេះ ឈ្មោះថា ជាអ្នកពោលត្រូវតាមពាក្យតថាគតផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ពាក្យពោលតូចធំណាមួយ ដែលប្រកបដោយធម៌ មិនបានមកកាន់ស្ថាន ដែលបណ្ឌិតគប្បីតិះដៀលផង នែអ្នកជាធំ មាសនិងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរនឹងមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញហើយ ប្រាសចាក គឺថា លែងរវល់ ដោយមាសនិងប្រាក់ហើយ នែអ្នកជាធំ មាសនិងប្រាក់ គួរដល់បុគ្គលណា កាមគុណទាំង៥ ក៏គួរដល់បុគ្គលនោះដែរ កាមគុណទាំង៥ គួរដល់បុគ្គលណា មាសនិងប្រាក់ ក៏គួរដល់បុគ្គលនោះដែរ នែអ្នកជាធំ អ្នកគប្បីចាំទុកនូវការសំរេចនៃកាមគុណទាំង៥នេះ ដោយពិតថា មិនមែនជាធម៌របស់សមណៈ មិនមែនជាធម៌របស់សក្យបុត្តិយ៍ទេ ម្នាលអ្នកជាធំ ម្យ៉ាងវិញទៀត តថាគតពោលយ៉ាងនេះថា បុគ្គលអ្នកត្រូវការដោយស្មៅ គប្បីស្វែងរកស្មៅ បុគ្គលអ្នកត្រូវការដោយឈើ គប្បីស្វែងរកឈើ បុគ្គលអ្នកត្រូវការដោយរទេះ គប្បីស្វែងរករទេះ បុរសត្រូវការដោយបុរស គប្បីស្វែងរកបុរស ម្នាលអ្នកជាធំ តថាគតមិនធ្លាប់បានពោលថា សមណៈ គប្បីត្រេកអរនឹងមាសប្រាក់ គប្បីស្វែងរកមាសប្រាក់ដូច្នេះ ដោយបរិយាយណាមួយឡើយ អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនជាវិន័យ ពោលនូវវិន័យ ថាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។

[៣០២] ម្នាលអាវុសោទាំងឡាយ សម័យមួយ ព្រះមានព្រះភាគទ្រង់ប្រារព្ធនឹងព្រះឧបនន្ទសក្យបុត្តដ៏មានអាយុ ទ្រង់ហាមមាសនិងប្រាក់ ហើយបញ្ញត្តិសិក្ខាបទ ក្នុងនគររាជគ្រឹះ។ អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនវិន័យ ពោលនូវវិន័យ ថាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។ កាលដែលព្រះយសកាកណ្ឌកបុត្តពោលយ៉ាងនេះហើយ ពួកឧបាសកដែលនៅក្នុងក្រុងវេសាលី ក៏នាំគ្នាពោលពាក្យដូច្នេះ នឹងព្រះយសកាកណ្ឌកបុត្តដ៏មានអាយុថា បពិត្រព្រះករុណាដ៏ចំរើន មានតែលោកម្ចាស់យសកាកណ្ឌកបុត្តមួយទេ ជាសមណសក្យបុត្តិយ៍ ឯភិក្ខុទាំងអស់នេះ សុទ្ធតែមិនមែនជាសមណៈ មិនមែនជាសក្យបុត្តិយ៍ឡើយ បពិត្រព្រះករុណាដ៏ចំរើន សូមព្រះយសកាកណ្ឌកបុត្តជាម្ចាស់ គង់នៅក្រុងវេសាលីចុះ យើងទាំងឡាយនឹងធ្វើសេចក្តីខ្វល់ខ្វាយដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានបច្ច័យភេសជ្ជបរិក្ខារ ដល់ព្រះយសកាកណ្ឌកបុត្តជាម្ចាស់។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ លុះពន្យល់ពួកឧបាសក ដែលនៅក្នុងក្រុងវេសាលីហើយ ក៏ទៅកាន់អារាមជាមួយនឹងភិក្ខុអនុទូតវិញ។

[៣០៣] លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី សួរភិក្ខុជាអនុទូតថា ម្នាលអាវុសោ ព្រះយសកាកណ្ឌកបុត្ត បានសូមខមាទោសនឹងពួកឧបាសក ដែលនៅក្នុងក្រុងវេសាលីហើយឬ។ ភិក្ខុជាអនុទូតនោះពោលថា ម្នាលអាវុសោទាំងឡាយ អំពើអាក្រក់ ពួកយើងបានធ្វើហើយ ពួកឧបាសកធ្វើ គឺថា គេជឿព្រះយសកាកណ្ឌកបុត្តតែមួយ ថាជាសមណសក្យបុត្តិយ៍ ឯពួកយើងទាំងអស់ ឧបាសកធ្វើ គឺគេទុកដាក់ថា មិនមែនជាសមណៈ មិនមែនជាសក្យបុត្តិយ៍ទៅវិញ។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី និយាយគ្នាថា ម្នាលអាវុសោទាំងឡាយ ព្រះយសកាកណ្ឌកបុត្តនេះ យើងទាំងឡាយមិនបានសន្មតឲ្យ ក៏ទៅប្រកាសប្រាប់ដល់ពួកគ្រហស្ថ បើដូច្នោះ គួរតែយើងធ្វើឧក្ខេបនីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ ពួកវជ្ជីបុត្តកភិក្ខុទាំងនោះ ប៉ងនឹងធ្វើឧក្ខេបនីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ ក៏ប្រជុំគ្នា។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ ហោះឡើងទៅឰដ៏អាកាស ហើយទៅចុះត្រង់ក្រុងកោសម្ពី។ លំដាប់នោះ ព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏បញ្ជូនទូតឲ្យទៅកាន់សំណាក់ពួកបាឋេយ្យកភិក្ខុ (ភិក្ខុនៅក្នុងដែនបាឋេយ្យ)ផង និងពួកអវន្តិទក្ខិណាបថកភិក្ខុផងថា ចូរលោកមានអាយុទាំងឡាយនាំគ្នាមក យើងទាំងឡាយនឹងកាន់យក គឺថា នឹងជម្រះនូវអធិករណ៍នេះចេញ តំណទៅមុខ ធម៌ជាអកុសលនឹងរុងរឿងឡើង ធម៌ជាកុសល នឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យនឹងរុងរឿងឡើង វិន័យ នឹងសាបសូន្យទៅ តំណទៅមុខ ពួកបុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។

[៣០៤] សម័យនោះឯង ព្រះសម្ភូតសាណវាសីមានអាយុ នៅអាស្រ័យលើភ្នំឈ្មោះអហោគង្គ។ គ្រានោះ ព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ចូលទៅរកព្រះសម្ភូតសាណវាសីមានអាយុ ឯភ្នំឈ្មោះអហោគង្គ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសម្ភូតសាណវាសីមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះយសកាកណ្ឌកបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ពោលពាក្យដូច្នេះ នឹងព្រះសម្ភូតសាណវាសីដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីនេះ សំដែងនូវវត្ថុ១០ប្រការ ក្នុងក្រុងវេសាលីថា ការកំណត់ដោយអម្បិលក្នុងក្លាក់ គួរ (ដល់សមណៈ) ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរ ការកំណត់ដោយចន្លោះស្រុក គួរ ការកំណត់ដោយអាវាស គួរ ការកំណត់ដោយអនុមតិ គួរ ការកំណត់ដោយអាចិណ្ណៈ (ប្រពៃណី) គួរ ការកំណត់ដោយទឹកដោះ ដែលមិនទាន់ជូរ គួរ ការផឹកនូវសុរាឆៅ គួរ និសីទនៈ ដែលមិនមានជាយ គួរ មាស និងប្រាក់គួរ បពិត្រលោកម្ចាស់ដ៏ចំរើន បើដូច្នោះ គួរយើងទាំងឡាយ ជម្រះអធិករណ៍នេះចេញ តំណទៅមុខ ធម៌ជាអកុសល នឹងរុងរឿងឡើង ធម៌ជាកុសល នឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យ នឹងរុងរឿងឡើង វិន័យ នឹងសាបសូន្យទៅ តំណទៅមុខ ពួកបុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។ ព្រះសម្ភូតសាណវាសីមានអាយុ ក៏ទទួលពាក្យនៃព្រះយសកាកណ្ឌកបុត្តមានអាយុថា យ៉ាងហ្នឹងហើយអាវុសោ។ គ្រានោះឯង ពួកបាឋេយ្យកភិក្ខុប្រមាណ៦០រូប សុទ្ធតែជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ សុទ្ធតែជាព្រះអហរន្ត ប្រជុំគ្នានៅលើភ្នំ ឈ្មោះអហោគង្គ។ ឯពួកអវន្តិទក្ខិណាបថកភិក្ខុ ប្រមាណ៨០រូប ពួកខ្លះ ជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ ពួកខ្លះជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ពួកខ្លះជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ ពួកខ្លះជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ សុទ្ធតែជាព្រះអហរន្ត ប្រជុំគ្នានៅលើភ្នំឈ្មោះអហោគង្គដែរ។

[៣០៥] គ្រាកាលដែលភិក្ខុជាថេរៈទាំងឡាយ កំពុងប្រឹក្សា មានសេចក្តីត្រិះរិះដូច្នេះថា អធិករណ៍នេះឯង រឹងរូសណាស់ សាហាវណាស់ យើងទាំងឡាយ គប្បីជាបុគ្គលមានកំឡាំងក្លៀវក្លាក្នុងអធិករណ៍នេះ ដោយបក្ខពួកណា ធ្វើដូចម្តេច យើងទាំងឡាយ គប្បីបានបក្ខពួកនោះឡើង។ សម័យនោះឯង ព្រះរេវតមានអាយុ នៅអាស្រ័យក្នុងនគរសោរេយ្យ លោកជាពហុសូត្រ ចេះចាំក្នុងគម្ពីរនិកាយ ហើយទ្រទ្រង់នូវធម៌ ទ្រទ្រង់នូវវិន័យ ទ្រទ្រង់នូវមាតិកា ជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នានូវសិក្ខា។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះរេវតមានអាយុនេះឯង នៅអាស្រ័យក្នុងនគរសោរេយ្យ លោកជាពហុសូត្រ ចេះចាំក្នុងគម្ពីរនិកាយ ហើយទ្រទ្រង់នូវធម៌ ទ្រទ្រង់នូវវិន័យ ទ្រទ្រង់នូវមាតិកា ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នានូវសិក្ខា បើយើងទាំងឡាយបានព្រះរេវតមានអាយុ មកជាបក្ខពួក មុខជាយើងទាំងឡាយ មានកំឡាំងក្លៀវក្លា ក្នុងអធិករណ៍នេះ ដោយប្រការដូច្នេះ។ កាលដែលភិក្ខុជាថេរៈទាំងឡាយកំពុងប្រឹក្សាគ្នា ឯព្រះរេវតមានអាយុ ក៏បានឮច្បាស់ដោយសោតធាតុ ដូចជាទិព្វ ស្អាតបរិសុទ្ធ កន្លងបង់នូវសោតធាតុជារបស់នៃមនុស្សធម្មតា លុះឮហើយ លោកមានសេចក្តីរិះគិតដូច្នេះថា អធិករណ៍នេះ រឹងរូសណាស់ សាហាវណាស់ បើអាត្មាអញ ក្រាញនៅក្នុងអធិករណ៍ដូច្នេះ ហេតុនោះ មិនសមគួរដល់អាត្មាអញឡើយ មួយទៀត ភិក្ខុទាំងឡាយនោះ នឹងនាំគ្នាមកឥឡូវនេះមិនខាន អាត្មាអញសោត បើនៅច្រឡូកច្រឡំដោយភិក្ខុទាំងឡាយនោះ មុខជានៅមិនបានសេចក្តីសប្បាយឡើយ បើដូច្នោះ គួរអាត្មាអញទៅជាមុនឲ្យហើយ។ លំដាប់នោះ ព្រះរេវតមានអាយុ ក៏ចេញអំពីនគរសោរេយ្យ ទៅកាន់នគរសង្ក័ស្ស។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយ ក៏នាំគ្នាទៅកាន់នគរសោរេយ្យ ហើយសួររកថា ព្រះរេវតមានអាយុនៅក្នុងទីណា។ មនុស្សទាំងនោះពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ លោកទៅកាន់នគរសង្ក័ស្សហើយ។ គ្រានោះ ព្រះរេវតមានអាយុ ក៏ចេញអំពីនគរសង្ក័ស្ស ហើយទៅកាន់នគរកណ្ណកុជ្ជទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ ក៏នាំគ្នាទៅកាន់នគរសង្ក័ស្ស ហើយសួររកថា ព្រះរេវតមានអាយុ លោកនៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ លោកទៅកាន់នគរកណ្ណកុជ្ជហើយ។ គ្រានោះឯង ព្រះរេវតមានអាយុ ចេញអំពីនគរកណ្ណកុជ្ជ ហើយទៅកាន់នគរឧទុម្ពរទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ នាំគ្នាទៅកាន់នគរកណ្ណកុជ្ជ ហើយសួររកថា ព្រះរេវតមានអាយុ លោកនៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ លោកនិមន្តទៅកាន់នគរឧទុម្ពរហើយ។ គ្រានោះឯង ព្រះរេវតមានអាយុ ចេញអំពីនគរឧទុម្ពរ ហើយទៅកាន់នគរអគ្គឡបុរៈទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ នាំគ្នាទៅកាន់នគរឧទុម្ពរ ហើយសួររកថា ព្រះរេវតមានអាយុ នៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ ទៅកាន់នគរអគ្គឡបុរៈហើយ។ គ្រានោះ ព្រះរេវតមានអាយុ ចេញអំពីនគរអគ្គឡបុរៈ ហើយទៅកាន់នគរសហជាតិទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ នាំគ្នាទៅកាន់នគរអគ្គឡបុរៈ ហើយសួររកថា ព្រះរេវតដ៏មានអាយុ នៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ ទៅកាន់នគរសហជាតិហើយ។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ ក៏បានទៅជួបនឹងព្រះរេវតមានអាយុ ក្នុងនគរសហជាតិ។

[៣០៦] គ្រានោះឯង ព្រះសម្ភូតសាណវាសីមានអាយុ បានពោលពាក្យដូច្នេះ ទៅនឹងព្រះយសកាកណ្ឌកបុត្តមានអាយុថា ម្នាលអាវុសោ ព្រះរេវតមានអាយុនេះហើយ ដែលជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់នូវធម៌ ទ្រទ្រង់នូវវិន័យ ទ្រទ្រង់នូវមាតិកា ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នាក្នុងសិក្ខា បើយើងទាំងឡាយ សួរប្រស្នានឹងព្រះរេវតមានអាយុ ព្រះរេវតមានអាយុអាចធ្វើឲ្យរាត្រីទាំងអស់កន្លងទៅដោយប្រស្នាតែ១ប៉ុណ្ណោះបាន ប៉ុន្តែឥឡូវនេះ ព្រះរេវតមានអាយុ នឹងបង្គាប់ភិក្ខុជាកូនសិស្ស ឲ្យជាអ្នកពោលនូវសរភ័ញ្ញ (ពោលដោយសំឡេង) កាលបើចប់សរភ័ញ្ញ របស់ភិក្ខុនោះហើយ លោកគប្បីចូលទៅជិតព្រះរេវតមានអាយុ ហើយសួរនូវវត្ថុទាំង១០ប្រការនេះចុះ។ ឯព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ទទួលពាក្យនៃព្រះសម្ភូតសាណវាសីមានអាយុថា អើលោកម្ចាស់។ គ្រានោះ ព្រះរេវតមានអាយុ ក៏បង្គាប់ភិក្ខុជាកូនសិស្ស ឲ្យជាអ្នកពោលនូវសរភ័ញ្ញ។ លំដាប់នោះ ព្រះយសកាកណ្ឌកបុត្តមានអាយុ កាលបើចប់សរភ័ញ្ញរបស់ភិក្ខុនោះហើយ ក៏ចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះរេវតមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះយសកាកណ្ឌកបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួររួចហើយ ក៏និយាយពាក្យនេះ នឹងព្រះរេវតមានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអំបិលក្នុងក្លាក់ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអំបិលក្នុងក្លាក់នោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុរក្សានូវអំបិលដោយក្លាក់ ដោយគិតថា វត្ថុសាបនឹងមានកាលណា យើងនឹងឆាន់ក្នុងកាលនោះដូច្នេះ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយស្រមោលនៃព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់នោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ស្រមោលព្រះអាទិត្យ កន្លងទៅប្រមាណពីរធ្នាប់ ភិក្ខុឆាន់ភោជនក្នុងវេលាវិកាល គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយចន្លោះស្រុក គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយចន្លោះស្រុកនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុដែលឆាន់រួចហើយ ហាមភោជនហើយ គិតថា អញនឹងទៅកាន់ចន្លោះស្រុកឥឡូវនេះ ហើយឆាន់អនតិរិត្តភោជន គឺភោជនដែលមិនបានធ្វើវិនយកម្ម ឬភោជនមិនមែនសល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាវាស គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាវាសនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន អាវាសច្រើននៅក្នុងសីមាជាមួយគ្នា ភិក្ខុធ្វើឧបោសថកម្មផ្សេងៗគ្នា គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអនុមតិ5) គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអនុមតិនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សង្ឃជាពួកធ្វើសង្ឃកម្ម ដោយគិតថា យើងទាំងឡាយ នឹងឲ្យពួកភិក្ខុដែលមកដល់ យល់ព្រម ឬត្រេកអរជាខាងក្រោយ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាចិណ្ណៈ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុប្រព្រឹត្ត ដោយគិតថា អំពើនេះ ព្រះឧបជ្ឈាយ៍របស់យើង ធ្លាប់ប្រព្រឹត្តមកហើយ អំពើនេះ អាចារ្យរបស់យើងធ្លាប់ប្រព្រឹត្តមកហើយ ដូច្នេះ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ គួរខ្លះ មិនគួរខ្លះ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ទឹកដោះស្រស់ណា ដែលលះបង់ភាពជាទឹកដោះស្រស់ទៅហើយ តែនៅមិនទាន់ដល់នូវភាពជាទឹកដោះជូរនៅឡើយ ភិក្ខុឆាន់ហើយ ហាមភោជនហើយ ផឹកទឹកដោះដែលជាអនតិរិត្តនោះ គឺភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនជារបស់សល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុផឹកសុរា គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ សុរាឆៅនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សុរាណាដែលខ្សោយ6) មិនទាន់ដល់នូវភាពជាទឹកស្រវឹងនៅឡើយ ភិក្ខុផឹកសុរានោះ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន និសីទនៈ ដែលមិនមានជាយ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន មាសនិងប្រាក់ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ទើបព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីទាំងនេះ សំដែងវត្ថុទាំង១០ប្រការនេះ ក្នុងក្រុងវេសាលី បពិត្រលោកម្ចាស់ដ៏ចំរើន បើដូច្នោះ គួរតែយើងរាល់គ្នា ជម្រះនូវអធិករណ៍នេះចេញ តំណទៅមុខ ធម៌ជាអកុសលនឹងរុងរឿងឡើង ធម៌ជាកុសល នឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យ នឹងរុងរឿងឡើង វិន័យ នឹងសាបសូន្យទៅ តំណទៅមុខ បុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង បុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ បុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង បុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។ ឯព្រះរេវតមានអាយុ ទទួលពាក្យព្រះយសកាកណ្ឌកបុត្តមានអាយុថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។

ចប់ ភាណវារៈ ទី១។

(ទុតិយភាណវារៈ ទី២)

(២. ទុតិយភាណវារោ)

[៣០៧] ឯពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី បានឮដំណឹងថា ព្រះយសកាកណ្ឌកបុត្ត ប្រាថ្នានឹងជម្រះនូវអធិករណ៍នេះ ខំស្វែងរកបក្ខពួក ក៏ឮថា ឥឡូវនេះ បានបក្ខពួកហើយ។ គ្រានោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី មានសេចក្តីរិះគិតដូច្នេះថា អធិករណ៍នេះរឹងរូសណាស់ សាហាវណាស់ យើងទាំងឡាយគប្បីជាបុគ្គលមានកំឡាំងក្លៀវក្លាក្នុងអធិករណ៍នេះ ដោយបក្ខពួកណា ធ្វើដូចម្តេច យើងទាំងឡាយគប្បីបាននូវបក្ខពួកនោះឡើង។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី មានសេចក្តីរិះគិតឃើញដូច្នេះថា ព្រះរេវតមានអាយុនេះឯង លោកជាពហុសូត្រ ចេះចាំក្នុងគម្ពីរនិកាយ ជាអ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នានូវសិក្ខា បើយើងទាំងឡាយបាននូវព្រះរេវតមានអាយុជាបក្ខពួកហើយ យើងទាំងឡាយនឹងមានកំឡាំងក្លៀវក្លា ក្នុងអធិករណ៍នេះ ដោយអាការយ៉ាងនេះមិនខាន។ ទើបពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី នាំគ្នាចាត់ចែងគ្រឿងបរិក្ខាររបស់សមណៈជាច្រើនគឺ បាត្រផង ចីវរផង សំពត់និសីទនៈផង បំពង់ម្ជុលផង វត្ថពន្ធចង្កេះផង សំពត់តម្រងទឹកផង ធម្មក្រកផង។ គ្រានោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី នាំគ្នាយកគ្រឿងបរិក្ខារជារបស់សមណៈនោះ ហើយជិះទូកឆ្លងឡើងទៅកាន់នគរសហជាតិ លុះចុះអំពីទុកហើយ ក៏ឈប់ ធ្វើភត្តកិច្ចក្រោមម្លប់ដើមឈើ១។

[៣០៨] គ្រានោះ ព្រះសាឡ្ហៈមានអាយុ ទៅកាន់ទីស្ងាត់សម្ងំ នៅក្នុងព្រះកម្មដ្ឋាន មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា ពួកភិក្ខុណាហ្ន៎ ដែលជាធម្មវាទី ពួកភិក្ខុអ្នកនៅខាងបាចីនទិស (ទិសខាងកើត) ឬថា ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ។ គ្រាកាលដែលព្រះសាឡ្ហៈមានអាយុ ពិចារណានូវធម៌ និងវិន័យ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ពួកភិក្ខុដែលនៅខាងបាចីនទិស ជាអធម្មវាទី ឯពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាធម្មវាទី។ លំដាប់នោះ ទេវតាមួយអង្គ នៅក្នុងពួកសុទ្ធាវាសព្រហ្ម បានដឹងនូវសេចក្តីត្រិះរិះក្នុងចិត្តរបស់ព្រះសាឡ្ហៈមានអាយុ ដោយចិត្តរបស់ខ្លួនហើយ ក៏ចុះអំពីឋានទេវលោកជាន់សុទ្ធាវាស មកប្រាកដក្នុងទីចំពោះមុខ នៃព្រះសាឡ្ហៈមានអាយុ ដោយរហ័សភ្លាម ប្រៀបដូចជាបុរស ដែលមានកំឡាំង លាចេញនូវដើមដៃ ដែលខ្លួនបត់ចូល ឬថា បត់ចូលនូវដើមដៃ ដែលខ្លួនលាចេញ។ ទើបទេវតានោះ ពោលពាក្យនេះ នឹងព្រះសាឡ្ហៈមានអាយុថា បពិត្រលោកម្ចាស់សាឡ្ហៈដ៏ចំរើន សេចក្តីត្រិះរិះរបស់លោកម្ចាស់ ប្រពៃណាស់ហើយ ពួកភិក្ខុដែលនៅខាងបាចីនទិស ជាអធម្មវាទី ឯពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាធម្មវាទី បពិត្រលោកម្ចាស់សាឡ្ហៈដ៏ចំរើន បើដូច្នោះ ធម៌យ៉ាងណា សូមលោកម្ចាស់ឋិតនៅយ៉ាងនោះចុះ។ ព្រះសាឡ្ហៈពោលថា ម្នាលទេវតា កាលពីដើមក្តី ឥឡូវនេះក្តី ធម៌យ៉ាងណា អាត្មាឋិតនៅយ៉ាងនោះ ប៉ុន្តែអាត្មាមិនទាន់ធ្វើឲ្យជាក់ច្បាស់នូវទិដ្ឋិ គឺសេចក្តីយល់ សេចក្តីចូលចិត្តនៅឡើយ ធ្វើដូចម្តេច គប្បីឲ្យសង្ឃសន្មតអាត្មាក្នុងអធិករណ៍នេះឯង។

[៣០៩] គ្រានោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី នាំគ្នាកាន់យកនូវគ្រឿងបរិក្ខារ ជារបស់សមណៈនោះ ហើយចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យដូច្នេះ នឹងព្រះរេវតមានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះថេរៈជាម្ចាស់ ទទួលយកនូវបរិក្ខារជារបស់សមណៈ គឺបាត្រផង ចីវរផង សំពត់និសីទនៈផង បំពង់ម្ជុលផង វត្ថពន្ធចង្កេះផង សំពត់តម្រងទឹកផង ធម្មក្រកផង។ ព្រះរេវតមិនប្រាថ្នានឹងទទួលដោយពាក្យថា ម្នាលអាវុសោទាំងឡាយ កុំឡើយ ខ្ញុំមានត្រៃចីវរគ្រប់គ្រាន់ហើយ។ សម័យនោះឯង មានភិក្ខុ១រូប ឈ្មោះឧត្តរៈ បួសបាន២០វស្សា ជាឧបដ្ឋាករបស់ព្រះរេវតមានអាយុ។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ក៏ចូលទៅរកព្រះឧត្តរៈមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យដូច្នេះនឹងព្រះឧត្តរៈមានអាយុ ព្រះឧត្តរៈមានអាយុ ចូរទទួលយកគ្រឿងបរិក្ខារជារបស់សមណៈ គឺបាត្រផង ចីវរផង សំពត់និសីទនៈផង បំពង់ម្ជុលផង វត្ថពន្ធចង្កេះផង សំពត់តម្រងទឹកផង ធម្មក្រកផង។ ព្រះឧត្តរៈមិនប្រាថ្នានឹងទទួលដោយពាក្យថា ម្នាលអាវុសោទាំងឡាយ កុំឡើយ ខ្ញុំមានត្រៃចីវរគ្រប់គ្រាន់ហើយ។ ពួកវជ្ជីបុត្តកភិក្ខុ ពោលអង្វរថា ម្នាលព្រះឧត្តរៈមានអាយុ មនុស្សទាំងឡាយតែងបង្អោនគ្រឿងបរិក្ខារ ជារបស់សមណៈ ថ្វាយចំពោះព្រះមានព្រះភាគ បើព្រះមានព្រះភាគ ទ្រង់ទទួលយក មនុស្សទាំងនោះ រមែងមានចិត្តត្រេកអរ ដោយការទទួលរបស់ព្រះមានព្រះភាគនោះឯង បើព្រះមានព្រះភាគ មិនទ្រង់ទទួលទេ មនុស្សទាំងនោះ តែងបង្អោនទៅ ដើម្បីព្រះអានន្ទមានអាយុ ដោយពាក្យថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះថេរៈជាម្ចាស់ ទទួលយកគ្រឿងបរិក្ខាជារបស់សមណៈចុះ បរិក្ខារនោះ ក៏ដូចជាព្រះមានព្រះភាគទទួលយកដែរ សូមព្រះឧត្តរៈមានអាយុ ទទួលយកគ្រឿងបរិក្ខារជារបស់សមណៈចុះ បរិក្ខារនោះ ដូចជាព្រះថេរៈបានទទួលយកដែរ។ គ្រានោះ ព្រះឧត្តរៈមានអាយុ កាលបើពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី បង្ខិតបង្ខំ ហើយក៏ទទួលយកតែចីវរ១ ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយត្រូវការដោយពាក្យណា ក៏គប្បីពោលពាក្យនោះចុះ។ ឯពួកវជ្ជីបុត្តកភិក្ខុ ពោលតបវិញថា សូមព្រះឧត្តរៈមានអាយុ ទៅនិយាយពាក្យប៉ុណ្ណេះនឹងព្រះថេរៈថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះថេរៈទៅនិយាយពាក្យប៉ុណ្ណេះ ក្នុងកណ្តាលសង្ឃថា ព្រះពុទ្ធទ្រង់ព្រះភាគ កើតឡើងក្នុងជនបទទាំងឡាយ ដែលតាំងនៅក្នុងទិសខាងកើត ពួកភិក្ខុដែលនៅក្នុងទិសខាងកើត ជាធម្មវាទី ឯពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាអធម្មវាទី។ ព្រះឧត្តរៈមានអាយុ ទទួលពាក្យពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី អើអាវុសោ ហើយក៏ចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យដូច្នេះ នឹងព្រះរេវតមានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះថេរៈជាម្ចាស់ ទៅពោលពាក្យប៉ុណ្ណេះក្នុងកណ្តាលសង្ឃថា ព្រះពុទ្ធទ្រង់ព្រះភាគ កើតឡើងក្នុងជនបទទាំងឡាយ ដែលតាំងនៅក្នុងទិសខាងកើត ពួកភិក្ខុដែលនៅក្នុងទិសខាងកើត ជាធម្មវាទី ឯពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាអធម្មវាទី។ ព្រះថេរៈពោលតបវិញថា នែភិក្ខុ អ្នកឯងបញ្ចូលយើងទៅក្នុងធម៌ជាអកុសល ថាហើយក៏បណ្តេញព្រះឧត្តរៈមានអាយុចេញទៅ។ គ្រានោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ពោលសួរដូច្នេះ នឹងព្រះឧត្តរៈមានអាយុថា ម្នាលឧត្តរៈមានអាយុ ព្រះថេរៈនិយាយថា ដូចម្តេចខ្លះ។ ព្រះឧត្តរៈប្រាប់ថា ម្នាលអាវុសោទាំងឡាយ យើងទាំងឡាយ ធ្វើអំពើអាក្រក់ហើយ ព្រះថេរៈពោលថា ម្នាលភិក្ខុ អ្នកឯងបញ្ចូលយើងទៅក្នុងធម៌ជាអកុសល ថាហើយក៏បណ្តេញខ្ញុំចេញមក។ ពួកវជ្ជីបុត្តកភិក្ខុ ពោលថា ម្នាលឧត្តរៈមានអាយុ ក្រែងលោកជាភិក្ខុចាស់ មានវស្សា២០ហើយឬ។ ព្រះឧត្តរៈឆ្លើយថា អើអាវុសោទាំងឡាយ មែនហើយ ប៉ុន្តែយើងទាំងឡាយ កាន់យកនិស្ស័យនឹងលោកជាគ្រូនៅឡើយ។

[៣១០] គ្រានោះ សង្ឃប្រាថ្នានឹងវិនិច្ឆ័យកាត់សេចក្តីអធិករណ៍ ក៏ប្រជុំគ្នា។ លំដាប់នោះ ព្រះរេវតមានអាយុ បានប្រកាសសង្ឃឲ្យដឹងថា ម្នាលអាវុសោ សូមសង្ឃស្តាប់ខ្ញុំ បើយើងទាំងឡាយនឹងរម្ងាប់អធិករណ៍នេះក្នុងទីនេះ មុខជានឹងមានពួកភិក្ខុ ដែលជាអ្នកកាន់យកវត្ថុទាំង១០ពីមុន ភិក្ខុទាំងនោះគប្បីសើរើ ដើម្បីកម្មថ្មីទៀតមិនខានឡើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ អធិករណ៍នេះ កើតឡើងក្នុងទីណា សង្ឃត្រូវរម្ងាប់អធិករណ៍នេះ ក្នុងទីនោះវិញ។ គ្រានោះ ភិក្ខុជាថេរៈទាំងឡាយ ប្រាថ្នានឹងវិនិច្ឆ័យនូវអធិករណ៍នោះ ក៏នាំគ្នាទៅកាន់ក្រុងវេសាលី។ សម័យនោះឯង មានភិក្ខុ១រូបឈ្មោះសព្វកាមី7) មានវស្សា១២០តាំងអំពីឧបសម្បទាមក ជាសទ្ធិវិហារិករបស់ព្រះអានន្ទមានអាយុ លោកជាសង្ឃត្ថេរ (ធំ) លើផែនដី នៅអាស្រ័យក្នុងក្រុងវេសាលី។ លំដាប់នោះ ព្រះរេវតមានអាយុ ពោលពាក្យដូច្នេះ នឹងព្រះសម្ភូតសាណវាសីមានអាយុ ម្នាលអាវុសោ ព្រះសព្វកាមិត្ថេរនៅក្នុងវិហារណា ខ្ញុំនឹងទៅកាន់វិហារនោះដែរ លោកគប្បីចូលទៅរកព្រះសព្វកាមីមានអាយុអំពីព្រឹក ហើយសួរវត្ថុ១០ប្រការនេះ។ ព្រះសម្ភូតសាណវាសីមានអាយុ ទទួលពាក្យព្រះរេវតមានអាយុថា អើលោកម្ចាស់។ លំដាប់នោះ ព្រះសព្វកាមិត្ថេរ គង់នៅក្នុងវិហារណា ព្រះរេវតមានអាយុ ក៏ចូលទៅកាន់វិហារនោះដែរ។ សេនាសនៈគេក្រាលទុកសម្រាប់ព្រះសព្វកាមីមានអាយុ នៅក្នុងល្វែង។ សេនាសនៈដែលគេក្រាលទុក សម្រាប់ព្រះរេវតៈមានអាយុ ក្នុងល្បៀងនៃល្វែង។ លំដាប់នោះ ព្រះរេវតមានអាយុ លោកមិនបានសិង ដោយគិតថា ព្រះថេរៈនេះមានចំណាស់ហើយ លោកមិនទាន់សិងនៅឡើយ។ ឯព្រះសព្វកាមីមានអាយុ លោកក៏មិនសិង ដោយគិតថា ភិក្ខុនេះជាអាគន្តុកៈ មានសេចក្តីនឿយព្រួយ លោកក៏មិនសិងដែរ។

[៣១១] គ្រានោះ ព្រះសព្វកាមីមានអាយុ ក្រោកឡើងក្នុងសម័យភ្លឺស្វាងនៃរាត្រី ហើយក៏ពោលដូច្នេះ នឹងព្រះរេវតមានអាយុថា ម្នាលលោកដ៏ចំរើន ឥឡូវនេះ លោកច្រើននៅដោយធម៌ ជាគ្រឿងនៅដូចម្តេច។ ព្រះរេវតឆ្លើយថា បពិត្រព្រះករុណាដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះករុណាច្រើននៅដោយធម៌ ជាគ្រឿងនៅ គឺមេត្តា។ ព្រះសព្វកាមីពោលថា ម្នាលលោកដ៏ចំរើន ឮថា ឥឡូវនេះ លោកច្រើននៅដោយធម៌ជាគ្រឿងនៅបន្តិចបន្តួច8) ម្នាលលោកដ៏ចំរើន ក៏ឯធម៌ជាគ្រឿងនៅបន្តិចបន្តួចនេះ គឺមេត្តានេះឯង។ ព្រះរេវតពោលថា បពិត្រព្រះករុណាដ៏ចំរើន កាលពីដើមដែលខ្ញុំនៅជាគ្រហស្ថនៅឡើយ តែងសន្សំមេត្តាធម៌ ព្រោះហេតុនោះ បានជាក្នុងកាលឥឡូវនេះ ខ្ញុំច្រើននៅដោយធម៌ជាគ្រឿងនៅ គឺមេត្តា ម្យ៉ាងទៀត ខ្ញុំបានសម្រេចនូវព្រះអរហត្តជាយូរដែរហើយ បពិត្រព្រះថេរៈដ៏ចំរើន ចុះចំណែកខាងព្រះថេរៈជាម្ចាស់ ឥឡូវនេះ ច្រើននៅដោយធម៌ ជាគ្រឿងនៅដូចម្តេច។ ព្រះសព្វកាមីឆ្លើយថា ម្នាលលោកដ៏ចំរើន ឥឡូវនេះ ខ្ញុំច្រើននៅដោយធម៌ ជាគ្រឿងនៅដ៏ស្ងប់ស្ងាត់ ឬសូន្យ (ផលសមាបត្តិ)។ ព្រះរេវតពោលថា បពិត្រព្រះថេរៈដ៏ចំរើន ឮថាឥឡូវនេះ ព្រះថេរៈជាម្ចាស់ ច្រើននៅដោយធម៌ ជាគ្រឿងនៅ ជារបស់មហាបុរស បពិត្រព្រះថេរៈដ៏ចំរើន ក៏ឯធម៌ជាគ្រឿងនៅជារបស់មហាបុរសនេះ គឺសេចក្តីស្ងប់ស្ងាត់ ឬសូន្យនេះឯង។ ព្រះសព្វកាមីពោលថា ម្នាលលោកដ៏ចំរើន កាលពីដើមដែលខ្ញុំនៅជាគ្រហស្ថនៅឡើយ តែងសន្សំនូវសេចក្តីស្ងប់ស្ងាត់ ឬសូន្យ ព្រោះហេតុនោះ បានជាក្នុងកាលឥឡូវនេះ ខ្ញុំច្រើននៅដោយធម៌ជាគ្រឿងនៅស្ងប់ស្ងាត់ ឬសូន្យ ម្យ៉ាងទៀត ខ្ញុំបានសម្រេចនូវព្រះអរហត្តជាយូរដែរហើយ។

[៣១២] ពាក្យជាចន្លោះ របស់ភិក្ខុជាថេរៈនេះ នៅមិនទាន់ស្រេចនៅឡើយ។ ក៏ស្រាប់តែព្រះសម្ភូតសាណវាសីមានអាយុមកដល់។ ទើបព្រះសម្ភូតសាណវាសីមានអាយុ ចូលទៅរកព្រះសព្វកាមីមានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសព្វកាមីមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសម្ភូតសាណវាសីមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពោលពាក្យនេះនឹងព្រះសព្វកាមីមានអាយុថា បពិត្រព្រះករុណាដ៏ចំរើន ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីទាំងនេះ សំដែងវត្ថុទាំង១០ប្រការ ក្នុងក្រុងវេសាលីថា ការកំណត់ដោយអំបិលក្នុងក្លាក់ គួរ ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរ ការកំណត់ដោយចន្លោះស្រុក គួរ ការកំណត់ដោយអាវាស គួរ ការកំណត់ដោយអនុមតិ គួរ ការកំណត់ដោយអាចិណ្ណៈ គួរ ការកំណត់ដោយទឹកដោះ ដែលមិនទាន់ជូរ គួរ ការផឹកនូវសុរាឆៅ គួរ និសីទនៈមិនមានជាយ គួរ មាសនិងប្រាក់ គួរ បពិត្រព្រះថេរៈដ៏ចំរើន ធម៌ក្តី វិន័យក្តី ដែលព្រះថេរៈជាម្ចាស់ បានរៀនសូត្រមកច្រើនហើយ ក្នុងសំណាក់នៃព្រះឧបជ្ឈាយ៍ បពិត្រព្រះថេរៈដ៏ចំរើន កាលដែលព្រះថេរៈពិចារណានូវធម៌ និងវិន័យ មានសេចក្តីចូលចិត្តដូចម្តេច ពួកភិក្ខុណាដែលជាធម្មវាទី គឺពួកភិក្ខុដែលនៅក្នុងទិសខាងកើតឬ ៗពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ។ ព្រះសព្វកាមីពោលតបវិញថា ម្នាលអាវុសោ ធម៌ក្តី វិន័យក្តី ជាច្រើន ដែលលោកបានរៀនសូត្រមកហើយ ក្នុងសំនាក់នៃព្រះឧបជ្ឈាយ៍ ម្នាលអាវុសោ ចុះកាលលោកពិចារណានូវធម៌ និងវិន័យ មានសេចក្តីចូលចិត្តដូចម្តេច ពួកភិក្ខុណាដែលជាធម្មវាទី គឺពួកភិក្ខុដែលនៅក្នុងទិសខាងកើតឬ ៗពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ។ ព្រះសម្ភូតសាណវាសី ពោលថា បពិត្រព្រះថេរៈដ៏ចំរើន កាលដែលខ្ញុំពិចារណានូវធម៌និងវិន័យ មានសេចក្តីចូលចិត្តយ៉ាងនេះថា ពួកភិក្ខុដែលនៅក្នុងទិសខាងកើតជាអធម្មវាទី ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យជាធម្មវាទី ប៉ុន្តែខ្ញុំព្រះករុណានៅមិនទាន់ធ្វើឲ្យជាក់ច្បាស់នូវទិដ្ឋិ (សេចក្តីយល់) នៅឡើយ ធ្វើដូចម្តេច សង្ឃគប្បីសន្មតខ្ញុំព្រះករុណា ក្នុងអធិករណ៍នេះ។ ព្រះសព្វកាមីពោលថា ម្នាលអាវុសោ កាលដែលខ្ញុំពិចារណានូវធម៌ និងវិន័យ ក៏មានសេចក្តីចូលចិត្តយ៉ាងនេះដែរថា ពួកភិក្ខុដែលនៅក្នុងទិសខាងកើត ជាអធម្មវាទី ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាធម្មវាទី ប៉ុន្តែខ្ញុំក៏នៅមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវទិដ្ឋិនៅឡើយ ធ្វើដូចម្តេច សង្ឃគប្បីសន្មតខ្ញុំ ក្នុងអធិករណ៍នេះផង។

[៣១៣] គ្រានោះ សង្ឃមានប្រាថ្នានឹងវិនិច្ឆ័យ កាត់សេចក្តីអធិករណ៍នោះ ក៏ប្រជុំគ្នា។ ក៏កាលដែលសង្ឃកំពុងវិនិច្ឆ័យអធិករណ៍នោះ កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ លំដាប់នោះ ព្រះរេវតមានអាយុ បានសូត្រប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយកំពុងវិនិច្ឆ័យអធិករណ៍នេះ កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម។9) ជំនុំសង្ឃ ជ្រើសរើសយកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប យកពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ចំណែកខាងពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត គឺព្រះសព្វកាមីមានអាយុ១ ព្រះសាឡ្ហៈមានអាយុ១ ព្រះឧជ្ជសោភិតៈមានអាយុ១ ព្រះវាសភគាមិកៈមានអាយុ១ ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ គឺព្រះរេវតមានអាយុ១ ព្រះសម្ភូតសាណវាសីមានអាយុ១ ព្រះយសកាកណ្ឌកបុត្តមានអាយុ១ ព្រះសុមនៈមានអាយុ១។ លំដាប់នោះ ព្រះរេវតមានអាយុ បានសូត្រប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលបើយើងទាំងឡាយវិនិច្ឆ័យអធិករណ៍នេះទៅ កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីនឹងរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលបើយើងទាំងឡាយ កំពុងវិនិច្ឆ័យអធិករណ៍នេះ កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ សង្ឃបានសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម។ ការសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម គាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប និងពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម។ ការសន្មតិនេះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[៣១៤] សម័យនោះឯង មានភិក្ខុ១រូប ឈ្មោះអជិត បួសបាន១០វស្សា ជាអ្នកសំដែងបាតិមោក្ខដល់សង្ឃ។ លំដាប់នោះ សង្ឃក៏សន្មតអជិតមានអាយុ ឲ្យជាអ្នកក្រាលអាសនៈ ដល់ពួកភិក្ខុជាថេរៈ។ គ្រានោះ ពួកភិក្ខុជាថេរៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងទាំងឡាយ គប្បីរម្ងាប់អធិករណ៍នេះ ក្នុងទីណាហ្ន៎។ ទើបភិក្ខុជាថេរៈទាំងឡាយ មានសេចក្តីរិះគិតដូច្នេះតទៅទៀតថា វាលិការាមនេះឯង ជាទីគួរត្រេកអរ មានសំឡេងតិច មានសូរគឹកកងក៏តិច បើដូច្នោះ គួរយើងទាំងឡាយ ទៅរម្ងាប់អធិករណ៍នេះ ក្នុងវាលិការាមចុះ។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ មានសេចក្តីប្រាថ្នានឹងរម្ងាប់អធិករណ៍នោះ ក៏នាំគ្នាទៅកាន់វាលិការាម។

[៣១៥] គ្រានោះឯង ព្រះរេវតមានអាយុ បានសូត្រប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើសង្គីតិកម្ម មានកាលគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសួរវិន័យនឹងព្រះសព្វកាមីមានអាយុ។ ព្រះសព្វកាមីមានអាយុ ក៏សូត្រប្រកាសសង្ឃឲ្យដឹងថា ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ បើសង្គីតិកម្ម មានកាលគួរដល់សង្ឃហើយ ព្រះរេវត ត្រូវសួរវិន័យចំពោះខ្ញុំ ៗត្រូវដោះស្រាយក្នុងកាលឥឡូវនេះ។

[៣១៦] ទើបព្រះរេវតមានអាយុ ពោលដូច្នេះនឹងព្រះសព្វកាមីមានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអំបិលក្នុងក្លាក់ គួរដែរឬ។ ព្រះសព្វកាមីសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអំបិលក្នុងក្លាក់នោះ តើដូចម្តេច។ ព្រះវេរតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុរក្សាអំបិលដោយក្លាក់ ដោយគិតថា ភោជនដែលសាប មានក្នុងកាលណា អាត្មាអញ នឹងឆាន់ក្នុងកាលនោះ ដូច្នេះ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ចុះព្រះមានព្រះភាគ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ព្រះមានព្រះភាគ ទ្រង់ឃាត់ក្នុងសុត្តវិភង្គ10) ក្នុងក្រុងសាវត្ថី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីប្រាប់ថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះឆាន់វត្ថុដែលសន្សំទុក។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុជាបឋមនេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកនេះជាបឋម។

[៣១៧] ព្រះរេវតសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់នោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន កាលបើស្រមោលព្រះអាទិត្យ កន្លងទៅប្រមាណពីរធ្នាប់ ភិក្ខុឆាន់ភោជនក្នុវេលាវិកាល គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ចុះព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងរាជគ្រឹះ។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះបរិភោគក្នុងកាលខុស។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី២នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី២នេះ។

[៣១៨] ព្រះរេវតសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយចន្លោះស្រុក គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយចន្លោះស្រុកនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុគិតថា អញនឹងទៅកាន់ចន្លោះស្រុកឥឡូវនេះ ហើយឆាន់ភោជន ហាមភោជនរួចហើយ ក៏ឆាន់ភោជនដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនជាវត្ថុសល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ព្រះអង្គ ទ្រង់ហាមឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងសាវត្ថី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីប្រាប់ថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះឆាន់ភោជន ដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនជាវត្ថុសល់ដែលអំពីភិក្ខុឈឺ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៣នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៣នេះ។

[៣១៩] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាវាស គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយអាវាសនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន អាវាសច្រើន មានសីមាស្មើគ្នា ភិក្ខុធ្វើឧបោសថកម្មផ្សេងៗគ្នា គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះមានព្រះភាគ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងឧបោសថសំយុត្ត (ឧបោសថក្ខន្ធកៈ) ក្នុងក្រុងរាជគ្រឹះ។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិទុក្កដ ព្រោះប្រព្រឹត្តល្មើសព្រះវិន័យ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៤នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៤នេះ។

[៣២០] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអនុមតិ គួរដែរឬ។ គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយអនុមតិនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សង្ឃជាពួក ធ្វើសង្ឃកម្មដោយគិតថា យើងទាំងឡាយ នឹងឲ្យពួកភិក្ខុដែលមកដល់ យល់ព្រម ឬត្រេកអរជាខាងក្រោយ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងវិនយវត្ថុ ក្នុងចម្បេយ្យក្ខន្ធកៈ។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិទុក្កដ ព្រោះប្រព្រឹត្តល្មើសព្រះវិន័យ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៥នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៥នេះ។

[៣២១] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាចិណ្ណៈ គួរដែរឬ។ ព្រះសព្វការមីសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុប្រព្រឹត្ត ដោយគិតថា អំពើនេះ ព្រះឧបជ្ឈាយ៍របស់យើង ធ្លាប់សន្សំមកហើយ អំពើនេះ អាចារ្យរបស់យើងធ្លាប់សន្សំមកហើយ ដូច្នេះ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ គួរខ្លះ មិនគួរខ្លះ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៦នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៦នេះ។

[៣២២] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរ គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ទឹកដោះស្រស់ណា ដែលលះបង់ភាវៈជាទឹកដោះស្រស់ហើយ តែនៅមិនទាន់ដល់នូវភាវៈជាទឹកដោះជូរនៅឡើយ ភិក្ខុឆាន់ភោជនរួចហើយ ហាមភោជនរួចហើយ ផឹកទឹកដោះជាអនតិរិត្តនោះ គឺភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនជារបស់សល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងសាវត្ថី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះឆាន់អនតិរិត្តភោជន។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៧នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៧នេះ។

[៣២៣] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុផឹកសុរាឆៅ គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ សុរាឆៅនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សុរាណាដែលខ្សោយ ឆៅ មិនទាន់ដល់ភាវៈជាទឹកស្រវឹងនៅឡើយ ភិក្ខុផឹកសុរានោះ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងកោសម្ពី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះផឹកសុរា និងមេរ័យ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៨នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៨នេះ។

[៣២៤] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន និសីទនៈ ដែលគ្មានជាយ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងសាវត្ថី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះវត្ថុមានកិរិយាកាត់ ជាវិនយកម្ម។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៩នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៩នេះ។

[៣២៥] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន មាសនិងប្រាក់ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងរាជគ្រឹះ។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះទទួលមាស និងប្រាក់។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី១០នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី១០នេះ។

[៣២៦] ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទាំង១០ប្រការនេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុទាំង១០ប្រការនេះ ខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។

[៣២៧] ព្រះសព្វកាមីពោលថា ម្នាលអាវុសោ អធិករណ៍នេះ សង្ឃបានជម្រះហើយ បានរម្ងាប់ស្ងប់ស្ងាត់ល្អហើយ ម្នាលអាវុសោ ម្យ៉ាងទៀត លោកគប្បីសួរវត្ថុទាំង១០ប្រការនេះ នឹងខ្ញុំ ក្នុងកណ្តាលសង្ឃម្តងទៀត ដើម្បីបញ្ជាក់ដល់ភិក្ខុទាំងនោះ។ លំដាប់នោះ ព្រះរេវតមានអាយុ ក៏សួរនូវវត្ថុទាំង១០ប្រការនេះ នឹងព្រះសព្វកាមីមានអាយុ ក្នុងកណ្តាលសង្ឃម្តងទៀត។ លុះព្រះរេវត បានសួរសព្វគ្រប់ហើយ ព្រះសព្វកាមីមានអាយុ ក៏ឆ្លើយដោះស្រាយ។ ក៏ក្នុងការសង្គាយនាព្រះវិន័យនេះ មានភិក្ខុ៧០០អង្គ មិនខ្វះ មិនលើស។ ព្រោះហេតុនោះ ការសង្គាយនាព្រះវិន័យនេះ បានឈ្មោះថា សត្តសតិកាសង្គាយនា។

ចប់ សត្តសតិកក្ខន្ធកៈ ទី១២តែប៉ុណ្ណេះ។

ក្នុងខន្ធកៈនេះ មានរឿង២៥។

ឧទ្ទាននៃ សត្តសតិកក្ខន្ធកៈ នោះ ដូច្នេះ

[៣២៨]

រឿងវជ្ជីបុត្តកភិក្ខុនៅក្នុងក្រុងវេសាលី សំដែងនូវវត្ថុ១០ប្រការ១ រឿងវជ្ជីបុត្តកភិក្ខុដងទឹកដាក់ពេញភាជន៍សំរិទ្ធ ក្នុងថ្ងៃឧបោសថនោះ១ រឿងពួកវជ្ជីបុត្តកភិក្ខុធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្ត១ រឿងព្រះយសកាកណ្ឌកបុត្តចូលទៅកាន់ក្រុងវេសាលី ជាមួយនឹងភិក្ខុជាអនុទូត១ រឿងឧបក្កិលេសរបស់ព្រះចន្ទ និងព្រះអាទិត្យមាន៤យ៉ាង និង ឧបក្កិលេសរបស់មសណៈមាន៤យ៉ាង១ រឿងពាក្យជជែកគ្នាថា មាសនិងប្រាក់គួរដល់ពួកសមណៈឬទេ១ រឿងព្រះយសកាកណ្ឌកបុត្ត ហោះតាមអាកាស ទៅចុះក្នុងក្រុងកោសម្ពី១ រឿងព្រះយសកាកណ្ឌកបុត្ត បញ្ជូនទូតឲ្យទៅកាន់សំណាក់នៃភិក្ខុដែលនៅក្នុងដែនបាថេយ្យ និងភិក្ខុដែលនៅក្នុងដែន អវន្តិទក្ខិណាបថ11) ១ រឿងព្រះរេវតគង់នៅក្នុងនគរសោរេយ្យ១ រឿងព្រះរេវតចេញពីនរគសោរេយ្យ ទៅកាន់នគរសង្ក័ស្ស១ រឿងព្រះរេវត ចេញពីនរគសង្ក័ស្ស ទៅកាន់នគរកណ្ណកុជ្ជ១ រឿងព្រះរេវត ចេញពីនរគកណ្ណកុជ្ជ ទៅកាន់នគរឧទុម្ពរ១ រឿងព្រះរេវត ចេញពីនរគអគ្គឡបុរៈ ទៅកាន់នគរសហជាតិ១ រឿងព្រះរេវត បង្គាប់ភិក្ខុជាកូនសិស្សឲ្យជាអ្នកពោលសរភ័ញ្ញ១ រឿងពួកវជ្ជីបុត្តកភិក្ខុឮដំណឹងថា ព្រះយសកាកណ្ឌកបុត្តប្រាថ្នានឹងជំរះអធិករណ៍១ រឿងវជ្ជីបុត្តកភិក្ខុ រិះគិតថា យើងបានភិក្ខុណាជាបក្ខពួក១ រឿងវជ្ជីបុត្តកភិក្ខុ ចាត់ចែងសមណបរិក្ខារ មានបាត្រជាដើម ហើយនាំគ្នាជិះទូកឆ្លងឡើងទៅកាន់សហជាតិនគរ១ រឿងព្រះសាឡ្ហៈមានអាយុ សម្ងំនៅក្នុងទីស្ងាត់១ រឿងព្រះឧត្តរៈមានអាយុដំណាលប្រាប់ពួកវជ្ជីបុត្តកភិក្ខុថា ពួកមនុស្សតែងបង្អោនសមណបរិក្ខារ ទៅថ្វាយព្រះមានព្រះភាគ១ រឿងព្រះឧត្តរៈមានអាយុ ដំណាលប្រាប់ពួកវជ្ជីបុត្តកភិក្ខុថា យើងទៅកាន់យកនិស្ស័យនឹងព្រះរេវតជាគ្រូ១ រឿងជំនុំសង្ឃប្រជុំគ្នា និងវិនិច្ឆ័យអធិករណ៍១ រឿងពួកភិក្ខុជាថេរៈ ប្រាថ្នានឹងវិនិច្ឆ័យអធិករណ៍ ហើយនាំគ្នាទៅកាន់ក្រុងវេសាលី១ រឿងព្រះសព្វកាមីសួរព្រះរេវតថា ឥឡូវនេះ លោកនៅដោយធម៌ជាគ្រឿងនៅដូចម្តេច ព្រះរេវតឆ្លើយថា ខ្ញុំនៅដោយអំណាចនៃមេត្តាធម៌១ រឿងជំនុំសង្ឃ ប្រជុំគ្នាវិនិច្ឆ័យអធិករណ៍នោះ១ រឿងព្រះរេវត សូត្រប្រកាសសង្ឃឲ្យដឹងថា ត្រូវឲ្យសង្ឃរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម១។

ចប់ ចុល្លវគ្គ។

 

លេខយោង

1)
ពួកភិក្ខុជាបុត្តនៃជនដែលនៅក្នុងដែនវជ្ជី បានជាហៅដោយរួបរួមថា វជ្ជីបុត្តកភិក្ខុ។
2)
ប្រែថា យល់ព្រម ថា ត្រេកអរ
3)
ព្រះយសត្ថេរ ជាបុត្តនៃព្រាហ្មណ៍ ឈ្មោះកាកណ្ឌកៈ ហៅដោយរួបរួមថា យសកាកណ្ឌកបុត្ត។
4)
អដ្ឋកថាព្រះសូត្រថា ពាក្យជាចន្លោះនៃគុណធម៌ មានកម្មដ្ឋានមនសិការ និងបាឡី និងអដ្ឋកថា ជាដើម ហៅថា អន្តរាកថា។
5)
ក្នុងសារត្ថទីបនីថា សង្ឃគិតថា ពួកភិក្ខុដែលមិនទាន់មកដល់ លុះមកដល់ហើយ សឹមយើងកាន់យកសេចក្តីយល់ព្រម លុះគិតដូច្នេះហើយ ពួកភិក្ខុទាំងនោះ មិនទាន់មកដល់នៅឡើយ សង្ឃក៏នាំគ្នាធ្វើសង្ឃកម្មជាពួក ហើយកាន់យកនូវការយល់ព្រមជាខាងក្រោយ គួរដែរ។ កម្មជាពួកមិនមានឡើយ។
6)
ក្នុងវិមតិវិនោទនីថា សុរាដែលគេផ្សំដោយគ្រឿងប្រុងរួចហើយ។
7)
ក្នុងវិមតិវិនោទនីថា ព្រះថេរៈនោះ ចាស់ជាងភិក្ខុទាំងអស់ក្នុងលោក ក្នុងគ្រានោះ។
8)
ក្នុងសារត្ថទីបនីថា ធម៌ជាគ្រឿងនៅដ៏តូច មិនជ្រៅ ឬរាក់។
9)
ក្នុងអដ្ឋកថាព្រះសូត្រថា ការជ្រើសរើសយកភិក្ខុអំពីគណៈសង្ឃ ដើម្បីរម្ងាប់អធិករណ៍ ដែលកើតមានឡើង ហៅថា ឧព្វាហិកា។
10)
ក្នុងយោជនាថា ពាក្យដែលព្រះមានព្រះភាគចែកបទមាតិកា ហៅថា សុត្តវិភង្គ ក្នុងសារត្ថទីបនីដីកាថា បទភាជនីយ ហៅថា សុត្តវិភង្គ។
11)
មានតែក្នុងបាលីខាងដើម ក្នុងឧទ្ទានគ្មាន មានតែ មគ្គោវិញ ប្រហែលជាមគ្គសព្ទនេះ លោកផ្លាស់ប្តូរជំនួសសព្ទ គឺអវន្តិទក្ខិណាបថ ទេដឹង។
km/tipitaka/vin/cv/vin.cv.12.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann