User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.12.01

(បឋមភាណវារៈ ទី១)

សង្ខេប

(?)

vin cv 12 01 បាលី cs-km: vin.cv.12.01 អដ្ឋកថា: vin.cv.12.01_att PTS: ?

(បឋមភាណវារៈ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(១. បឋមភាណវារោ)

[២៩៤] សម័យនោះឯង កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វានទៅបាន១០០ឆ្នាំ ពួកវជ្ជីបុត្តកភិក្ខុ1) នៅក្នុងក្រុងវេសាលី សំដែងវត្ថុ១០ប្រការ ក្នុងក្រុងវេសាលីថា ការកំណត់ដោយអម្បិលក្នុងក្លាក់ គួរ (ដល់សមណៈ)១ ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេទៅ ប្រមាណពីរធ្នាប់ គួរ១ ការកំណត់ដោយចន្លោះស្រុក គួរ១ ការកំណត់ដោយអាវាស គួរ១ ការកំណត់ដោយអនុមតិ2) គួរ១ ការកំណត់ដោយអាចិណ្ណកប្ប (ប្រពៃណី) គួរ១ ការកំណត់ដោយទឹកដោះ ដែលមិនទាន់ជូរ គួរ១ ការផឹកនូវសុរាឆៅ គួរ១ និសីទនៈ ដែលមិនមានជាយ គួរ១ មាស និងប្រាក់គួរ១។

[២៩៥] សម័យនោះឯង ព្រះយសកាកណ្ឌកបុត្ត3) មានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងដែនវជ្ជី ហើយក៏បានទៅដល់ក្រុងវេសាលី។ បានឮថា ព្រះយសកាកណ្ឌកបុត្តមានអាយុ នៅក្នុងកូដាគារសាលា ព្រៃមហាវ័ន ជិតក្រុងវេសាលីនោះ។

[២៩៦] សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី បានដងទឹកដាក់ពេញភាជន៍សំរឹទ្ធ ហើយយកទៅតំកល់ទុក ក្នុងកណ្តាលភិក្ខុសង្ឃ ក្នុងថ្ងៃឧបោសថនោះ ហើយពោលពាក្យយ៉ាងនេះ ចំពោះពួកឧបាសកនៅក្នុងក្រុងវេសាលី ដែលមកទាំងអស់ថា ហៃអ្នកមានអាយុទាំងឡាយ ចូរអ្នកទាំងឡាយប្រគេនគហាបណៈមួយក្តី កន្លះកហាបណៈក្តី មួយបាទក្តី មាសករូបមួយក្តី ដល់សង្ឃចុះ សង្ឃមុខជានឹងមានកិច្ចដោយបរិក្ខារមិនខាន។ កាលដែលពួកវជ្ជីបុត្តកភិក្ខុពោលយ៉ាងនេះហើយ ទើបព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ពោលដូច្នេះ នឹងពួកឧបាសកអ្នកនៅក្នុងក្រុងវេសាលីថា នែអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ កុំប្រគេនកហាបណៈមួយក្តី កន្លះកហាបណៈក្តី បាទមួយក្តី មាសករូបមួយក្តី ដល់សង្ឃឡើយ ព្រោះមាស និងប្រាក់ មិនគួរដល់សមណៈ ជាសក្យបុត្តិយ៍ទេ ពួកសមណៈ ជាសក្យបុត្តិយ៍ មិនត្រេកអរ មិនកាន់មាស និងប្រាក់ទេ ពួកសមណៈ ជាសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញ ហើយប្រាសចាក គឺថាលែងរវល់ ដោយមាសនិងប្រាក់ហើយ។ ឯពួកឧបាសកដែលនៅក្នុងក្រុងវេសាលី ទុកជាព្រះយសកាកណ្ឌកបុត្តពោលយ៉ាងនេះហើយ ក៏នៅតែប្រគេនកហាបណៈមួយខ្លះ កន្លះកហាបណៈខ្លះ បាទមួយខ្លះ មាសករូបមួយខ្លះ ដល់សង្ឃ។ លំដាប់នោះឯង ពួកវជ្ជីបុត្តកភិក្ខុ អ្នកនៅក្នុងក្រុងវេសាលី លុះកន្លងរាត្រីនោះហើយ (ព្រឹកឡើង) ក៏ចែកប្រាក់នោះ ដាក់ចំណែកមួយៗ ដោយរាប់ចំនួនភិក្ខុ។ ទើបពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ពោលនឹងព្រះយសកាកណ្ឌកបុត្តមានអាយុថា នែអាវុសោ យស នេះជាចំណែកប្រាក់របស់លោក។ ព្រះយសកាកណ្ឌបុត្តពោលថា ម្នាលអាវុសោទាំងឡាយ ខ្ញុំគ្មានចំណែកនៃប្រាក់ទេ ព្រោះខ្ញុំមិនត្រេកអរនឹងប្រាក់ទេ។

[២៩៧] គ្រានោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ពោលថា នែអាវុសោទាំងឡាយ ព្រះយសកាកណ្ឌកបុត្តនេះ ជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកដែលមានសទ្ធាជ្រះថ្លា បើដូច្នោះ យើងរាល់គ្នាធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ ពួកវជ្ជីបុត្តកភិក្ខុនោះ បានធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ បានពោលពាក្យនេះ នឹងពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា សង្ឃត្រូវឲ្យអនុទូតដល់ភិក្ខុដែលសង្ឃធ្វើបដិសារណីយកម្មហើយ ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយឲ្យភិក្ខុជាអនុទូតដល់ខ្ញុំ។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីបានសន្មតភិក្ខុមួយរូប ឲ្យជាអនុទូត ដល់ព្រះយសកាកណ្ឌកបុត្តដ៏មានអាយុ។ ឯព្រះយសកាកណ្ឌកបុត្តមានអាយុ ចូលទៅក្នុងក្រុងវេសាលី ជាមួយនឹងភិក្ខុជាអនុទូត ហើយក៏ពោលពាក្យដូច្នេះនឹងឧបាសក ដែលនៅក្នុងក្រុងវេសាលីថា អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ ពោលនូវវិន័យ ថាជាវិន័យ ក៏ត្រឡប់ទៅជាឮពាក្យខ្ចរខ្ចាយថា អាត្មាជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកដ៏មានអាយុ ដែលមានសទ្ធាជ្រះថ្លាវិញ។

[២៩៨] ម្នាលអ្នកមានអាយុទាំងឡាយ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ម្នាលអ្នកមានអាយុទាំងឡាយ កាលដែលព្រះមានព្រះភាគ គង់នៅៗទីនោះ ព្រះអង្គ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសទាំងឡាយណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ មាន៤យ៉ាង។ ឧបក្កិលេសទាំង៤យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះ គឺពពក១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះគឺ ទឹកសន្សើមចុះអ័ព្ទ១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះគឺ ផ្សែង និងធូលី១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះគឺ រាហុអសុរិន្ទ្រ១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះ មាន៤យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍ទាំងនេះ ក៏មាន៤យ៉ាងដូច្នោះដែរ។ ឧបក្កិលេសទាំង៤យ៉ាងនោះដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មានសមណៈ និងព្រាហ្មណ៍ពួក១ ផឹកសុរា និងមេរ័យ មិនវៀរចាកកិរិយាផឹកសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាដម្បូង ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សេពមេថុនធម្ម មិនវៀរចាកមេថុនធម្ម ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាគំរប់ពីរ ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ កាន់មាសនិងប្រាក់ មិនវៀរចាកកិរិយាទទួលមាសនិងប្រាក់ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាគំរប់បី ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ មិនវៀរចាកមិច្ឆាជីវៈ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះ ជាគំរប់បួន ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍ មាន៤យ៉ាងនេះឯង។ ម្នាលអ្នកមានអាយុទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ លុះព្រះសុគត ទ្រង់ត្រាស់នូវពាក្យនេះចប់ហើយ លំដាប់នោះ ព្រះសាស្តា ទ្រង់សំដែងដូច្នេះតទៅទៀតថា

[២៩៩]

សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងហើយ ដោយរាគៈ និងទោសៈជាបុរសដែលអវិជ្ជាបិទបាំងហើយ មានសេចក្តីត្រេកអរ ក្នុងរូបជាទីស្រឡាញ់ ផឹកសុរា និងមេរ័យ សេពមេថុនធម្ម មិនដឹងច្បាស់ (នូវទោស) ត្រេកអរចំពោះប្រាក់ និងមាស សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសទាំងឡាយណា ក៏មិនបរិសុទ្ធ ប្រកបដោយធូលី គឺកិលេស រមែងមិនរុងរឿង មិនភ្លឺ ប្រៀបដូចសត្វម្រឹគ ឧបក្កិលេសទាំងឡាយនុ៎ះ ព្រះពុទ្ធមានផៅពង្សដ៏ខ្ពស់ខ្ពស់ ដូចជាព្រះអាទិត្យ ទ្រង់ត្រាស់សំដែងហើយ (សមណៈ និងព្រាហ្មណ៍ទាំងនោះ) ត្រូវងងឹត គឺអវិជ្ជារួបរឹតហើយ ជាទាសៈនៃតណ្ហា ប្រកបដោយតណ្ហា ដែលដឹកនាំសត្វទៅក្នុងភព តែងញុំាងរាងកាយ ជារបស់គ្រោតគ្រាត ឲ្យចំរើនឡើង ហើយកាន់យកនូវភពថ្មីទៀត។

[៣០០] អាត្មាគ្រាន់តែពោលនូវសភាវៈមិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនជាវិន័យ ពោលនូវវិន័យ ថាជាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។

[៣០១] ម្នាលអ្នកមានអាយុទាំងឡាយ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង អន្តរាកថានេះ4) កើតឡើងដល់ជន ដែលអង្គុយប្រជុំគ្នាក្នុងកណ្តាលរាជបរិសទ្យ ក្នុងព្រះបរមរាជវាំងថា មាសនិងប្រាក់គួរដល់ពួកសមណសក្យបុត្តិយ៍ដែរ ពួកសមណសក្យបុត្តិយ៍ត្រេកអរនឹងមាសប្រាក់ដែរ ពួកសមណសក្យបុត្តិយ៍ទទួលមាសប្រាក់ដែរ។ ម្នាលអ្នកមានអាយុទាំងឡាយ សម័យនោះឯង មានបុរសជាធំ គឺនាយចៅហ្វាយម្នាក់ ឈ្មោះមណិចូឡកៈ អង្គុយនៅក្នុងកណ្តាលបរិសទ្យនោះ។ ម្នាលអ្នកមានអាយុទាំងឡាយ លំដាប់នោះ បុរសជាធំ ឈ្មោះមណិចូឡកៈ ពោលពាក្យដូច្នេះ នឹងបរិសទ្យនោះថា បពិត្រអស់លោកទាំងឡាយ អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ មាសនិងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរដោយមាសនិងប្រាក់ទេ មិនទទួលមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញ ហើយប្រាសចាក គឺថា លែងរវល់ដោយមាសនិងប្រាក់ហើយ។ ម្នាលអ្នកមានអាយុទាំងឡាយ បុរសជាធំឈ្មោះមណិចូឡកៈ ក៏មិនអាចនឹងពន្យល់បរិសទ្យនោះបាន។ ម្នាលអ្នកមានអាយុទាំងឡាយ លំដាប់នោះឯង លុះបុរសជាធំឈ្មោះមណិចូឡកៈ ពន្យល់បរិសទ្យនោះរួចហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ម្នាលអាវុសោទាំងឡាយ លុះបុរសជាធំឈ្មោះមណិចូឡកៈ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះ កើតឡើងដល់ពួកជន ដែលអង្គុយប្រជុំគ្នា ក្នុងរាជបរិសទ្យ ក្នុងព្រះបរមរាជវាំងនេះថា មាសនិងប្រាក់គួរដល់ពួកសមណសក្យបុត្តិយ៍ដែរ ពួកសមណសក្យបុត្តិយ៍ ត្រេកអរនឹងមាសប្រាក់ដែរ ពួកសមណសក្យបុត្តិយ៍ ទទួលមាសនិងប្រាក់ដែរ បពិត្រព្រះអង្គដ៏ចំរើន កាលដែលពួកបរិសទ្យនោះពោលយ៉ាងនេះ ខ្ញុំព្រះអង្គ ក៏ពោលពាក្យដូច្នេះ នឹងបរិសទ្យនោះវិញថា បពិត្រអស់លោកទាំងឡាយ អ្នកទាំងឡាយ កុំពោលពាក្យយ៉ាងនេះឡើយ មាសនិងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរនឹងមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញហើយ ប្រាសចាក គឺថា លែងរវល់ដោយមាសនិងប្រាក់ហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនអាចនឹងពន្យល់បរិសទ្យនោះបានទេ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គព្យាករ (ដោះស្រាយ) យ៉ាងនេះ ឈ្មោះថា ជាអ្នកពោលត្រូវតាមបន្ទូល នៃព្រះមានព្រះភាគផង មិនពោលបង្កាច់នូវព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ពាក្យពោលតូចធំណាមួយ ដែលប្រកបដោយធម៌ មិនមកកាន់ស្ថានដែលបណ្ឌិតគប្បីតិះដៀលផង បានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា អើ ម្នាលអ្នកជាធំ អ្នកព្យាករយ៉ាងនេះ ឈ្មោះថា ជាអ្នកពោលត្រូវតាមពាក្យតថាគតផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ពាក្យពោលតូចធំណាមួយ ដែលប្រកបដោយធម៌ មិនបានមកកាន់ស្ថាន ដែលបណ្ឌិតគប្បីតិះដៀលផង នែអ្នកជាធំ មាសនិងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរនឹងមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញហើយ ប្រាសចាក គឺថា លែងរវល់ ដោយមាសនិងប្រាក់ហើយ នែអ្នកជាធំ មាសនិងប្រាក់ គួរដល់បុគ្គលណា កាមគុណទាំង៥ ក៏គួរដល់បុគ្គលនោះដែរ កាមគុណទាំង៥ គួរដល់បុគ្គលណា មាសនិងប្រាក់ ក៏គួរដល់បុគ្គលនោះដែរ នែអ្នកជាធំ អ្នកគប្បីចាំទុកនូវការសំរេចនៃកាមគុណទាំង៥នេះ ដោយពិតថា មិនមែនជាធម៌របស់សមណៈ មិនមែនជាធម៌របស់សក្យបុត្តិយ៍ទេ ម្នាលអ្នកជាធំ ម្យ៉ាងវិញទៀត តថាគតពោលយ៉ាងនេះថា បុគ្គលអ្នកត្រូវការដោយស្មៅ គប្បីស្វែងរកស្មៅ បុគ្គលអ្នកត្រូវការដោយឈើ គប្បីស្វែងរកឈើ បុគ្គលអ្នកត្រូវការដោយរទេះ គប្បីស្វែងរករទេះ បុរសត្រូវការដោយបុរស គប្បីស្វែងរកបុរស ម្នាលអ្នកជាធំ តថាគតមិនធ្លាប់បានពោលថា សមណៈ គប្បីត្រេកអរនឹងមាសប្រាក់ គប្បីស្វែងរកមាសប្រាក់ដូច្នេះ ដោយបរិយាយណាមួយឡើយ អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនជាវិន័យ ពោលនូវវិន័យ ថាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។

[៣០២] ម្នាលអាវុសោទាំងឡាយ សម័យមួយ ព្រះមានព្រះភាគទ្រង់ប្រារព្ធនឹងព្រះឧបនន្ទសក្យបុត្តដ៏មានអាយុ ទ្រង់ហាមមាសនិងប្រាក់ ហើយបញ្ញត្តិសិក្ខាបទ ក្នុងនគររាជគ្រឹះ។ អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនវិន័យ ពោលនូវវិន័យ ថាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។ កាលដែលព្រះយសកាកណ្ឌកបុត្តពោលយ៉ាងនេះហើយ ពួកឧបាសកដែលនៅក្នុងក្រុងវេសាលី ក៏នាំគ្នាពោលពាក្យដូច្នេះ នឹងព្រះយសកាកណ្ឌកបុត្តដ៏មានអាយុថា បពិត្រព្រះករុណាដ៏ចំរើន មានតែលោកម្ចាស់យសកាកណ្ឌកបុត្តមួយទេ ជាសមណសក្យបុត្តិយ៍ ឯភិក្ខុទាំងអស់នេះ សុទ្ធតែមិនមែនជាសមណៈ មិនមែនជាសក្យបុត្តិយ៍ឡើយ បពិត្រព្រះករុណាដ៏ចំរើន សូមព្រះយសកាកណ្ឌកបុត្តជាម្ចាស់ គង់នៅក្រុងវេសាលីចុះ យើងទាំងឡាយនឹងធ្វើសេចក្តីខ្វល់ខ្វាយដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានបច្ច័យភេសជ្ជបរិក្ខារ ដល់ព្រះយសកាកណ្ឌកបុត្តជាម្ចាស់។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ លុះពន្យល់ពួកឧបាសក ដែលនៅក្នុងក្រុងវេសាលីហើយ ក៏ទៅកាន់អារាមជាមួយនឹងភិក្ខុអនុទូតវិញ។

[៣០៣] លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី សួរភិក្ខុជាអនុទូតថា ម្នាលអាវុសោ ព្រះយសកាកណ្ឌកបុត្ត បានសូមខមាទោសនឹងពួកឧបាសក ដែលនៅក្នុងក្រុងវេសាលីហើយឬ។ ភិក្ខុជាអនុទូតនោះពោលថា ម្នាលអាវុសោទាំងឡាយ អំពើអាក្រក់ ពួកយើងបានធ្វើហើយ ពួកឧបាសកធ្វើ គឺថា គេជឿព្រះយសកាកណ្ឌកបុត្តតែមួយ ថាជាសមណសក្យបុត្តិយ៍ ឯពួកយើងទាំងអស់ ឧបាសកធ្វើ គឺគេទុកដាក់ថា មិនមែនជាសមណៈ មិនមែនជាសក្យបុត្តិយ៍ទៅវិញ។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី និយាយគ្នាថា ម្នាលអាវុសោទាំងឡាយ ព្រះយសកាកណ្ឌកបុត្តនេះ យើងទាំងឡាយមិនបានសន្មតឲ្យ ក៏ទៅប្រកាសប្រាប់ដល់ពួកគ្រហស្ថ បើដូច្នោះ គួរតែយើងធ្វើឧក្ខេបនីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ ពួកវជ្ជីបុត្តកភិក្ខុទាំងនោះ ប៉ងនឹងធ្វើឧក្ខេបនីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ ក៏ប្រជុំគ្នា។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ ហោះឡើងទៅឰដ៏អាកាស ហើយទៅចុះត្រង់ក្រុងកោសម្ពី។ លំដាប់នោះ ព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏បញ្ជូនទូតឲ្យទៅកាន់សំណាក់ពួកបាឋេយ្យកភិក្ខុ (ភិក្ខុនៅក្នុងដែនបាឋេយ្យ)ផង និងពួកអវន្តិទក្ខិណាបថកភិក្ខុផងថា ចូរលោកមានអាយុទាំងឡាយនាំគ្នាមក យើងទាំងឡាយនឹងកាន់យក គឺថា នឹងជម្រះនូវអធិករណ៍នេះចេញ តំណទៅមុខ ធម៌ជាអកុសលនឹងរុងរឿងឡើង ធម៌ជាកុសល នឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យនឹងរុងរឿងឡើង វិន័យ នឹងសាបសូន្យទៅ តំណទៅមុខ ពួកបុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។

[៣០៤] សម័យនោះឯង ព្រះសម្ភូតសាណវាសីមានអាយុ នៅអាស្រ័យលើភ្នំឈ្មោះអហោគង្គ។ គ្រានោះ ព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ចូលទៅរកព្រះសម្ភូតសាណវាសីមានអាយុ ឯភ្នំឈ្មោះអហោគង្គ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសម្ភូតសាណវាសីមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះយសកាកណ្ឌកបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ពោលពាក្យដូច្នេះ នឹងព្រះសម្ភូតសាណវាសីដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីនេះ សំដែងនូវវត្ថុ១០ប្រការ ក្នុងក្រុងវេសាលីថា ការកំណត់ដោយអម្បិលក្នុងក្លាក់ គួរ (ដល់សមណៈ) ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរ ការកំណត់ដោយចន្លោះស្រុក គួរ ការកំណត់ដោយអាវាស គួរ ការកំណត់ដោយអនុមតិ គួរ ការកំណត់ដោយអាចិណ្ណៈ (ប្រពៃណី) គួរ ការកំណត់ដោយទឹកដោះ ដែលមិនទាន់ជូរ គួរ ការផឹកនូវសុរាឆៅ គួរ និសីទនៈ ដែលមិនមានជាយ គួរ មាស និងប្រាក់គួរ បពិត្រលោកម្ចាស់ដ៏ចំរើន បើដូច្នោះ គួរយើងទាំងឡាយ ជម្រះអធិករណ៍នេះចេញ តំណទៅមុខ ធម៌ជាអកុសល នឹងរុងរឿងឡើង ធម៌ជាកុសល នឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យ នឹងរុងរឿងឡើង វិន័យ នឹងសាបសូន្យទៅ តំណទៅមុខ ពួកបុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។ ព្រះសម្ភូតសាណវាសីមានអាយុ ក៏ទទួលពាក្យនៃព្រះយសកាកណ្ឌកបុត្តមានអាយុថា យ៉ាងហ្នឹងហើយអាវុសោ។ គ្រានោះឯង ពួកបាឋេយ្យកភិក្ខុប្រមាណ៦០រូប សុទ្ធតែជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ សុទ្ធតែជាព្រះអហរន្ត ប្រជុំគ្នានៅលើភ្នំ ឈ្មោះអហោគង្គ។ ឯពួកអវន្តិទក្ខិណាបថកភិក្ខុ ប្រមាណ៨០រូប ពួកខ្លះ ជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ ពួកខ្លះជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ពួកខ្លះជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ ពួកខ្លះជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ សុទ្ធតែជាព្រះអហរន្ត ប្រជុំគ្នានៅលើភ្នំឈ្មោះអហោគង្គដែរ។

[៣០៥] គ្រាកាលដែលភិក្ខុជាថេរៈទាំងឡាយ កំពុងប្រឹក្សា មានសេចក្តីត្រិះរិះដូច្នេះថា អធិករណ៍នេះឯង រឹងរូសណាស់ សាហាវណាស់ យើងទាំងឡាយ គប្បីជាបុគ្គលមានកំឡាំងក្លៀវក្លាក្នុងអធិករណ៍នេះ ដោយបក្ខពួកណា ធ្វើដូចម្តេច យើងទាំងឡាយ គប្បីបានបក្ខពួកនោះឡើង។ សម័យនោះឯង ព្រះរេវតមានអាយុ នៅអាស្រ័យក្នុងនគរសោរេយ្យ លោកជាពហុសូត្រ ចេះចាំក្នុងគម្ពីរនិកាយ ហើយទ្រទ្រង់នូវធម៌ ទ្រទ្រង់នូវវិន័យ ទ្រទ្រង់នូវមាតិកា ជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នានូវសិក្ខា។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះរេវតមានអាយុនេះឯង នៅអាស្រ័យក្នុងនគរសោរេយ្យ លោកជាពហុសូត្រ ចេះចាំក្នុងគម្ពីរនិកាយ ហើយទ្រទ្រង់នូវធម៌ ទ្រទ្រង់នូវវិន័យ ទ្រទ្រង់នូវមាតិកា ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នានូវសិក្ខា បើយើងទាំងឡាយបានព្រះរេវតមានអាយុ មកជាបក្ខពួក មុខជាយើងទាំងឡាយ មានកំឡាំងក្លៀវក្លា ក្នុងអធិករណ៍នេះ ដោយប្រការដូច្នេះ។ កាលដែលភិក្ខុជាថេរៈទាំងឡាយកំពុងប្រឹក្សាគ្នា ឯព្រះរេវតមានអាយុ ក៏បានឮច្បាស់ដោយសោតធាតុ ដូចជាទិព្វ ស្អាតបរិសុទ្ធ កន្លងបង់នូវសោតធាតុជារបស់នៃមនុស្សធម្មតា លុះឮហើយ លោកមានសេចក្តីរិះគិតដូច្នេះថា អធិករណ៍នេះ រឹងរូសណាស់ សាហាវណាស់ បើអាត្មាអញ ក្រាញនៅក្នុងអធិករណ៍ដូច្នេះ ហេតុនោះ មិនសមគួរដល់អាត្មាអញឡើយ មួយទៀត ភិក្ខុទាំងឡាយនោះ នឹងនាំគ្នាមកឥឡូវនេះមិនខាន អាត្មាអញសោត បើនៅច្រឡូកច្រឡំដោយភិក្ខុទាំងឡាយនោះ មុខជានៅមិនបានសេចក្តីសប្បាយឡើយ បើដូច្នោះ គួរអាត្មាអញទៅជាមុនឲ្យហើយ។ លំដាប់នោះ ព្រះរេវតមានអាយុ ក៏ចេញអំពីនគរសោរេយ្យ ទៅកាន់នគរសង្ក័ស្ស។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយ ក៏នាំគ្នាទៅកាន់នគរសោរេយ្យ ហើយសួររកថា ព្រះរេវតមានអាយុនៅក្នុងទីណា។ មនុស្សទាំងនោះពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ លោកទៅកាន់នគរសង្ក័ស្សហើយ។ គ្រានោះ ព្រះរេវតមានអាយុ ក៏ចេញអំពីនគរសង្ក័ស្ស ហើយទៅកាន់នគរកណ្ណកុជ្ជទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ ក៏នាំគ្នាទៅកាន់នគរសង្ក័ស្ស ហើយសួររកថា ព្រះរេវតមានអាយុ លោកនៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ លោកទៅកាន់នគរកណ្ណកុជ្ជហើយ។ គ្រានោះឯង ព្រះរេវតមានអាយុ ចេញអំពីនគរកណ្ណកុជ្ជ ហើយទៅកាន់នគរឧទុម្ពរទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ នាំគ្នាទៅកាន់នគរកណ្ណកុជ្ជ ហើយសួររកថា ព្រះរេវតមានអាយុ លោកនៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ លោកនិមន្តទៅកាន់នគរឧទុម្ពរហើយ។ គ្រានោះឯង ព្រះរេវតមានអាយុ ចេញអំពីនគរឧទុម្ពរ ហើយទៅកាន់នគរអគ្គឡបុរៈទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ នាំគ្នាទៅកាន់នគរឧទុម្ពរ ហើយសួររកថា ព្រះរេវតមានអាយុ នៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ ទៅកាន់នគរអគ្គឡបុរៈហើយ។ គ្រានោះ ព្រះរេវតមានអាយុ ចេញអំពីនគរអគ្គឡបុរៈ ហើយទៅកាន់នគរសហជាតិទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ នាំគ្នាទៅកាន់នគរអគ្គឡបុរៈ ហើយសួររកថា ព្រះរេវតដ៏មានអាយុ នៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ ទៅកាន់នគរសហជាតិហើយ។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ ក៏បានទៅជួបនឹងព្រះរេវតមានអាយុ ក្នុងនគរសហជាតិ។

[៣០៦] គ្រានោះឯង ព្រះសម្ភូតសាណវាសីមានអាយុ បានពោលពាក្យដូច្នេះ ទៅនឹងព្រះយសកាកណ្ឌកបុត្តមានអាយុថា ម្នាលអាវុសោ ព្រះរេវតមានអាយុនេះហើយ ដែលជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់នូវធម៌ ទ្រទ្រង់នូវវិន័យ ទ្រទ្រង់នូវមាតិកា ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នាក្នុងសិក្ខា បើយើងទាំងឡាយ សួរប្រស្នានឹងព្រះរេវតមានអាយុ ព្រះរេវតមានអាយុអាចធ្វើឲ្យរាត្រីទាំងអស់កន្លងទៅដោយប្រស្នាតែ១ប៉ុណ្ណោះបាន ប៉ុន្តែឥឡូវនេះ ព្រះរេវតមានអាយុ នឹងបង្គាប់ភិក្ខុជាកូនសិស្ស ឲ្យជាអ្នកពោលនូវសរភ័ញ្ញ (ពោលដោយសំឡេង) កាលបើចប់សរភ័ញ្ញ របស់ភិក្ខុនោះហើយ លោកគប្បីចូលទៅជិតព្រះរេវតមានអាយុ ហើយសួរនូវវត្ថុទាំង១០ប្រការនេះចុះ។ ឯព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ទទួលពាក្យនៃព្រះសម្ភូតសាណវាសីមានអាយុថា អើលោកម្ចាស់។ គ្រានោះ ព្រះរេវតមានអាយុ ក៏បង្គាប់ភិក្ខុជាកូនសិស្ស ឲ្យជាអ្នកពោលនូវសរភ័ញ្ញ។ លំដាប់នោះ ព្រះយសកាកណ្ឌកបុត្តមានអាយុ កាលបើចប់សរភ័ញ្ញរបស់ភិក្ខុនោះហើយ ក៏ចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះរេវតមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះយសកាកណ្ឌកបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួររួចហើយ ក៏និយាយពាក្យនេះ នឹងព្រះរេវតមានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអំបិលក្នុងក្លាក់ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអំបិលក្នុងក្លាក់នោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុរក្សានូវអំបិលដោយក្លាក់ ដោយគិតថា វត្ថុសាបនឹងមានកាលណា យើងនឹងឆាន់ក្នុងកាលនោះដូច្នេះ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយស្រមោលនៃព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់នោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ស្រមោលព្រះអាទិត្យ កន្លងទៅប្រមាណពីរធ្នាប់ ភិក្ខុឆាន់ភោជនក្នុងវេលាវិកាល គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយចន្លោះស្រុក គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយចន្លោះស្រុកនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុដែលឆាន់រួចហើយ ហាមភោជនហើយ គិតថា អញនឹងទៅកាន់ចន្លោះស្រុកឥឡូវនេះ ហើយឆាន់អនតិរិត្តភោជន គឺភោជនដែលមិនបានធ្វើវិនយកម្ម ឬភោជនមិនមែនសល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាវាស គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាវាសនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន អាវាសច្រើននៅក្នុងសីមាជាមួយគ្នា ភិក្ខុធ្វើឧបោសថកម្មផ្សេងៗគ្នា គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអនុមតិ5) គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអនុមតិនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សង្ឃជាពួកធ្វើសង្ឃកម្ម ដោយគិតថា យើងទាំងឡាយ នឹងឲ្យពួកភិក្ខុដែលមកដល់ យល់ព្រម ឬត្រេកអរជាខាងក្រោយ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាចិណ្ណៈ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុប្រព្រឹត្ត ដោយគិតថា អំពើនេះ ព្រះឧបជ្ឈាយ៍របស់យើង ធ្លាប់ប្រព្រឹត្តមកហើយ អំពើនេះ អាចារ្យរបស់យើងធ្លាប់ប្រព្រឹត្តមកហើយ ដូច្នេះ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ គួរខ្លះ មិនគួរខ្លះ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ទឹកដោះស្រស់ណា ដែលលះបង់ភាពជាទឹកដោះស្រស់ទៅហើយ តែនៅមិនទាន់ដល់នូវភាពជាទឹកដោះជូរនៅឡើយ ភិក្ខុឆាន់ហើយ ហាមភោជនហើយ ផឹកទឹកដោះដែលជាអនតិរិត្តនោះ គឺភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនជារបស់សល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុផឹកសុរា គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ សុរាឆៅនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សុរាណាដែលខ្សោយ6) មិនទាន់ដល់នូវភាពជាទឹកស្រវឹងនៅឡើយ ភិក្ខុផឹកសុរានោះ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន និសីទនៈ ដែលមិនមានជាយ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន មាសនិងប្រាក់ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ទើបព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីទាំងនេះ សំដែងវត្ថុទាំង១០ប្រការនេះ ក្នុងក្រុងវេសាលី បពិត្រលោកម្ចាស់ដ៏ចំរើន បើដូច្នោះ គួរតែយើងរាល់គ្នា ជម្រះនូវអធិករណ៍នេះចេញ តំណទៅមុខ ធម៌ជាអកុសលនឹងរុងរឿងឡើង ធម៌ជាកុសល នឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យ នឹងរុងរឿងឡើង វិន័យ នឹងសាបសូន្យទៅ តំណទៅមុខ បុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង បុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ បុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង បុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។ ឯព្រះរេវតមានអាយុ ទទួលពាក្យព្រះយសកាកណ្ឌកបុត្តមានអាយុថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។

ចប់ ភាណវារៈ ទី១។

 

លេខយោង

1)
ពួកភិក្ខុជាបុត្តនៃជនដែលនៅក្នុងដែនវជ្ជី បានជាហៅដោយរួបរួមថា វជ្ជីបុត្តកភិក្ខុ។
2)
ប្រែថា យល់ព្រម ថា ត្រេកអរ
3)
ព្រះយសត្ថេរ ជាបុត្តនៃព្រាហ្មណ៍ ឈ្មោះកាកណ្ឌកៈ ហៅដោយរួបរួមថា យសកាកណ្ឌកបុត្ត។
4)
អដ្ឋកថាព្រះសូត្រថា ពាក្យជាចន្លោះនៃគុណធម៌ មានកម្មដ្ឋានមនសិការ និងបាឡី និងអដ្ឋកថា ជាដើម ហៅថា អន្តរាកថា។
5)
ក្នុងសារត្ថទីបនីថា សង្ឃគិតថា ពួកភិក្ខុដែលមិនទាន់មកដល់ លុះមកដល់ហើយ សឹមយើងកាន់យកសេចក្តីយល់ព្រម លុះគិតដូច្នេះហើយ ពួកភិក្ខុទាំងនោះ មិនទាន់មកដល់នៅឡើយ សង្ឃក៏នាំគ្នាធ្វើសង្ឃកម្មជាពួក ហើយកាន់យកនូវការយល់ព្រមជាខាងក្រោយ គួរដែរ។ កម្មជាពួកមិនមានឡើយ។
6)
ក្នុងវិមតិវិនោទនីថា សុរាដែលគេផ្សំដោយគ្រឿងប្រុងរួចហើយ។
km/tipitaka/vin/cv/vin.cv.12.01.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann