ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ
?
mv 01.21 បាលី cs-km: vin.mv.01.21 អដ្ឋកថា: vin.mv.01.21_att PTS: ?
ពាលអព្យត្តវត្ថុ (ទី២១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២១.)
[៩៦] សម័យនោះឯង ភិក្ខុទាំងឡាយជាបុគ្គលពាល មិនឆ្លាសឲ្យនិស្ស័យ (ដល់អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ។ ពួកអាចារ្យជាមនុស្សពាល ពួកអន្តេវាសិកជាបណ្ឌិតក៏ប្រាកដ ពួកអាចារ្យជាមនុស្សមិនឆ្លាស ពួកអន្តេវាសិកជាមនុស្សឆ្លាសក៏ប្រាកដ ពួកអាចារ្យជាមនុស្សចេះដឹងតិច ពួកអន្តេវាសិកជាមនុស្សចេះដឹងច្រើនក៏ប្រាកដ ពួកអាចារ្យជាមនុស្សអាប់ឥតបញ្ញា ពួកអន្តេវាសិកជាមនុស្សមានបញ្ញាក៏ប្រាកដ។ ភិក្ខុទាំងឡាយណាមានសេចក្តី ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយជាមនុស្សពាល មិនឆ្លាស មិនសមបើនឹងហ៊ានឲ្យនិស្ស័យ (ដល់អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល ពួកអន្តេវាសិកជាបណ្ឌិតក៏ប្រាកដ ពួកអាចារ្យមិនឆ្លាស ពួកអន្តេវាសិកឆ្លាសក៏ប្រាកដ ពួកអាចារ្យចេះដឹងតិច ពួកអន្តេវាសិកចេះដឹងច្រើនក៏ប្រាកដ ពួកអាចារ្យអាប់ឥតបញ្ញា ពួកអន្តេវាសិកមានបញ្ញាក៏ប្រាកដ។ វេលានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុជាមនុស្សពាល មិនឆ្លាស ឲ្យនិស្ស័យ (ដល់អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល… ពួកអន្តេវាសិកមានបញ្ញាក៏ប្រាកដ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ …ក៏ទ្រង់បន្ទោស លុះទ្រង់បន្ទោសរួចហើយ ទើបធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាមនុស្សពាល មិនឆ្លាស មិនត្រូវឲ្យនិស្ស័យទេ ភិក្ខុណាឲ្យ នឹងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆ្លាសប្រតិពល មានវស្សា១០ ឬមានវស្សាច្រើនជាង១០ ឡើងទៅ ឲ្យនិស្ស័យបាន។