ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ
«តើខ្ញុំគួរតែ ទៅកាន់ឧបោសថ ដើម្បីធ្វើសង្ឃកម្ម ឬមិនគួរទៅទេ ព្រោះខ្ញុំបរិសុទ្ធ ដោយសេចក្ដីបរិសុទ្ធ យ៉ាងបំផុតហើយ?» ព្រះពុទ្ធ បានជ្រៀបការត្រិះរិះក្នុងចិត្តរបស់ព្រះមហាកប្បិន ហើយប្រាប់ឲ្យទៅកាន់ ឧបោសថកុំខានឡើយ ពីព្រោះ «នរណានឹងធ្វើសក្ការៈ គោរពបូជាឧបោសថ ប្រសិនបើសមណៈ ខ្លួនឯងមិនគោរពបូជាឧបោសថ?»
mv 02.03 បាលី cs-km: vin.mv.02.03 អដ្ឋកថា: vin.mv.02.03_att PTS: ?
មហាកប្បិនវត្ថុ (ទី៧០)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧០.)
[១៥៣] ក៏សម័យនោះឯង ព្រះមហាកប្បិនដ៏មានអាយុ នៅក្នុងមទ្ទកុច្ឆិមិគទាយវន ក្បែរក្រុងរាជគ្រឹះ។ លំដាប់នោះឯង ព្រះមហាកប្បិនដ៏មានអាយុសម្ងំនៅក្នុងទីស្ងាត់ ក៏កើតសេចក្តីត្រិះរិះឡើងក្នុងចិត្តយ៉ាងនេះថា អាត្មាអញគួរទៅកាន់ឧបោសថឬ ៗមិនគួរទៅទេ អាត្មាអញគួរទៅធ្វើសង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថា អាត្មាអញបរិសុទ្ធដោយសេចក្តីបរិសុទ្ធយ៉ាងបំផុតហើយ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបការត្រិះរិះក្នុងចិត្តរបស់ព្រះមហាកប្បិនដ៏មានអាយុ ដោយព្រះហឫទ័យ ហើយទ្រង់បាត់អំពីភ្នំគិជ្ឈកូដ មកប្រាកដក្នុងទីចំពោះមុខព្រះមហាកប្បិនដ៏មានអាយុ ក្នុងមទ្ទកុច្ឆិមិគទាយវន (រហ័ស) ឧបមាដូចជាបុរសមានកំឡាំងលាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញយ៉ាងនោះឯង។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈដែលគេតែងតាំងហើយ។ ព្រះមហាកប្បិនដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីគួរមួយ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះនឹងព្រះមហាកប្បិនដ៏មានអាយុ ដែលគង់នៅក្នុងទីគួរមួយថា នែកប្បិន អ្នកឯងសម្ងំនៅក្នុងទីស្ងាត់ ហើយកើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា អាត្មាអញគួរទៅកាន់ឧបោសថឬ ៗមិនគួរទៅទេ គួរទៅធ្វើសង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថាអាត្មាអញបរិសុទ្ធដោយសេចក្តីបរិសុទ្ធយ៉ាងបំផុតហើយ ដូច្នេះ មែនឬ។ ព្រះមហាកប្បិនក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។ ព្រះដ៏មានព្រះភាគត្រាស់ថា អ្នកជាពួកព្រាហ្មណ៍ បើនឹងមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាឧបោសថទេ តើបាននរណានឹងធ្វើសក្ការៈ នឹងគោរព នឹងរាប់អាន នឹងបូជាឧបោសថវិញ នែព្រាហ្មណ៍ ចូរអ្នកទៅកាន់ឧបោសថ កុំខានទៅឡើយ ចូរអ្នកទៅ (ធ្វើ)សង្ឃកម្ម កុំខានទៅឡើយ។ ព្រះមហាកប្បិនដ៏មានអាយុទទួលព្រះពុទ្ធដីកាថា សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគឲ្យព្រះមហាកប្បិនដ៏មានអាយុឃើញត្រូវ កាន់យកត្រូវ អាចហ៊ាន រីករាយដោយធម្មីកថាហើយ ទ្រង់បាត់ទៅអំពីមុខព្រះមហាកប្បិនដ៏មានអាយុក្នុងមទ្ទកុច្ឆិមិគទាយវន ទៅប្រាកដលើភ្នំគិជ្ឈកូដ (រហ័ស) ឧបមាដូចជាបុរសមានកំឡាំង លាដើមដៃដែលបត់ចូល ឬបត់ចូលដើមដៃដែលលាចេញយ៉ាងនោះឯង។