ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ
ព្រះពុទ្ធអនុញ្ញាតទម្លាប់ នៃការដោះស្រាយវិន័យ។
mv 02.13 បាលី cs-km: vin.mv.02.13 អដ្ឋកថា: vin.mv.02.13_att PTS: ?
វិនយវិស្សជ្ជនកថា (ទី៨០)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨០.)
ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ គ្មានការសន្មតិក៏ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគ្មានការសន្មតិ មិនត្រូវដោះស្រាយវិន័យក្នុងកណ្តាលសង្ឃទេ ភិក្ខុណាដោះស្រាយ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានការសន្មតិហើយ ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ ត្រូវខ្លួនឯងសន្មតខ្លួនក៏បាន ភិក្ខុដទៃសន្មតភិក្ខុដទៃក៏បាន។ ក៏ឯខ្លួនឯងសន្មតខ្លួនឯង តើដូចម្តេច។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុឈ្មោះនេះ សួរវិន័យនឹងខ្ញុំហើយ ខ្ញុំត្រូវតែដោះស្រាយ។ ត្រូវខ្លួនឯងសន្មតខ្លួនឯងយ៉ាងនេះ។ ក៏ឯភិក្ខុដទៃ សន្មតភិក្ខុដទៃ តើដូចម្តេច។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុឈ្មោះនេះ ត្រូវដោះស្រាយវិន័យដែលភិក្ខុឈ្មោះនេះសួរ។ ត្រូវភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ បានការសន្មតិហើយ ក៏ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃ។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយបានសេចក្តីគំនុំ បានសេចក្តីមិនគាប់ចិត្ត ក៏គម្រាមប្រុងនឹងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ដែលទុកជាមានការសន្មតិហើយមែន ត្រូវតែរមិលមើលបរិសទ្យ ពិនិត្យបុគ្គលហើយសិន សិមដោះស្រាយវិន័យក្នុងកណ្តាលសង្ឃ។