ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ
ព្រះពុទ្ធអនុញ្ញាតនូវទម្លាប់ នៃការដោះស្រាយបញ្ហាកម្មតាមធម៌ និងអនុញ្ញាតនូវទម្លាប់ ការសម្ដែងបាតិមោក្ខ(សម្លេង អ្នកចូលរួម បេ។)។
mv 02.15 បាលី cs-km: vin.mv.02.15 អដ្ឋកថា: vin.mv.02.15_att PTS: ?
អធម្មកម្មបដិក្កោសនាទិ (ទី៨២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨២.)
[១៧១] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ធ្វើកម្មមិនមែនជាធម៌ ក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើកម្មមិនមែនជាធម៌ ក្នុងកណ្តាលសង្ឃ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះ នៅតែធ្វើកម្មមិនមែនជាធម៌ដដែល។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុណាមួយធ្វើកម្មមិនប្រកបដោយធម៌ តថាគតអនុញ្ញាតឲ្យភិក្ខុហាមឃាត់បាន។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ កាលបើពួកឆព្វគ្គិយភិក្ខុធ្វើកម្មមិនមែនជាធម៌ ក៏ហាមឃាត់។ ពួកឆព្វគ្គិយភិក្ខុ បានសេចក្តីគំនុំ បានសេចក្តីមិនសប្បាយចិត្ត ក៏គម្រាមដោយប្រុងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រកាសសេចក្តីយល់ឃើញក៏បាន។ ភិក្ខុទាំងឡាយប្រកាសសេចក្តីយល់ឃើញក្នុងសំណាក់ឆព្វគ្គិយភិក្ខុទាំងឡាយនោះឯង។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយ បានសេចក្តីគំនុំ បានសេចក្តីមិនសប្បាយចិត្ត ក៏គម្រាមដោយប្រុងនឹងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ៤ ឬ៥រូប ហាមឃាត់ ឲ្យភិក្ខុ២ ឬ៣រូប ប្រកាសសេចក្តីយល់ឃើញ ឲ្យភិក្ខុ១រូប អធិដ្ឋាន (តាំងចិត្ត)ថា កម្មនោះមិនគាប់ចិត្តដល់អញទេ។
[១៧២] ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ កាលសំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃ ក៏ក្លែង ធ្វើមិនឲ្យឮច្បាស់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកសំដែងនូវបាតិមោក្ខ មិនត្រូវក្លែង មិនឲ្យឮច្បាស់ទេ ភិក្ខុណាមិនឲ្យឮច្បាស់ ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ឧទាយិដ៏មានអាយុ ជាអ្នកសំដែងបាតិមោក្ខដល់សង្ឃ មានសំឡេងដូចក្អែក។ ទើបឧទាយិដ៏មានអាយុមានសេចក្តីគិតដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុអ្នកសំដែងនូវបាតិមោក្ខ ធ្វើសំឡេងឲ្យឮច្បាស់ ឯអាត្មាអញមានសំឡេងដូចក្អែក គួរអញប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកសំដែងនូវបាតិមោក្ខ ខំប្រឹងគិតថា អញត្រូវធ្វើសំឡេងឲ្យឮច្បាស់ ដោយបការដូចម្តេច កាលបើភិក្ខុខំប្រឹង (ដូច្នេះ) ទើបមិនត្រូវអាបត្តិ។
[១៧៣] ក៏សម័យនោះឯង ទេវទត្ត សំដែងនូវបាតិមោក្ខ ក្នុងបរិសទ្យ ព្រមជាមួយនឹងគ្រហស្ថ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុសំដែងនូវបាតិមោក្ខ ក្នុងបរិសទ្យ ជាមួយនឹងគ្រហស្ថទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។
[១៧៤] ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ មិនមានភិក្ខុអារាធនា ក៏សំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនមានគេអារាធនា មិនត្រូវសំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបាតិមោក្ខមានព្រះថេរៈជាធំ។
ចប់ អញ្ញតិត្ថិយភាណវារៈទី១១។