km:tipitaka:vin:mv:vin.mv.02.17

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

៨៤. បក្ខគណនាទិឧគ្គហណានុជាននា

សង្ខេប

ថ្ងៃ​នេះ​ជាថ្ងៃអ្វី? មាន​លោកប៉ុន្មាន​អង្គ? ថ្ងៃ​នេះ​ជា​ថ្ងៃ​សីល? ព្រះ​ពុទ្ធ​អនុញ្ញាត​ឲ្យ រាប់បក្ខ រាប់​ចំនួន​ភិក្ខុ ប្រាប់​ថ្ងៃ​ឧបោសថ។

mv 02.17 បាលី cs-km: vin.mv.02.17 អដ្ឋកថា: vin.mv.02.17_att PTS: ?

បក្ខគណនាទិឧគ្គហណានុជាននា (ទី៨៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៨៤.)

[១៧៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងចោទនាវត្ថុនគរ តាមសមគួរ​ដល់ពុទ្ធ​អធ្យាស្រ័យ ហើយត្រឡប់មកកាន់​ក្រុងរាជគ្រឹះវិញទៀត។ ក៏សម័យនោះឯង មនុស្សទាំងឡាយ​សួរពួក​ ភិក្ខុ​ដែលកំពុងត្រាច់​ទៅបិណ្ឌបាតថា បពិត្រលោកដ៏ចំរើន តិថីនៃបក្ខ​បានប៉ុន្មានហើយ (គឺប៉ុន្មានកើត ប៉ុន្មានរោចហើយ)។ ភិក្ខុទាំងឡាយបាននិយាយ​យ៉ាងនេះថា នែអាវុសោ យើងមិនដឹងទេ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ ជាកូនចៅ​ព្រះពុទ្ធ​ជាសក្យៈ​ទាំងនេះ ត្រឹមតែវិជ្ជារាប់បក្ខ (ប៉ុណ្ណេះ) មិនដឹងទៅហើយ។ ចំណង់បើការល្អណាមួយ​ដទៃទៀត ធ្វើម្តេច​ពួកសមណៈ​ទាំងនេះ​នឹងដឹងបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុរៀនរាប់បក្ខ។1) ទើបភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ត្រូវអ្នកណារៀនរាប់​បក្ខហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​ទាំងអស់គ្នា​រៀនរាប់បក្ខ។ សម័យនោះឯង ពួកមនុស្ស​សួរភិក្ខុ​ទាំងឡាយ​ដែលកំពុងត្រាច់​ទៅបិណ្ឌបាតថា បពិត្រលោកដ៏ចំរើន ភិក្ខុទាំងឡាយមានប៉ុន្មានអង្គ។ ភិក្ខុទាំងឡាយ​បាននិយាយ​យ៉ាងនេះថា នែអាវុសោ យើងមិនដឹងទេ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ ជាកូនចៅ​ព្រះពុទ្ធ​ជាសក្យៈ​ទាំងនេះ ត្រឹមតែគ្នីគ្នា​មានប៉ុន្មាន​ ក៏មិន​ដឹង​(ទៅហើយ) ធ្វើម្តេចឡើយ ​ពួកសមណៈ​ទាំងនេះ​នឹងដឹងការល្អ តិចតួចដទៃបាន។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​រាប់ពួកភិក្ខុ។ ទើបភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា យើងគួរ​រាប់ភិក្ខុទាំងឡាយ​ក្នុងកាលណាហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរាប់ត្រឹមតែ​ឈ្មោះ ឬឲ្យកាន់​យកស្លាក​ក្នុងឧបោសថថ្ងៃនោះ។

[១៧៨] ក៏សម័យនោះឯង ភិក្ខុទាំងឡាយមិនដឹង​ថាថ្ងៃនេះ ជាថ្ងៃឧបោសថ ក៏នាំគ្នា​ដើរទៅកាន់​ស្រុកឆ្ងាយ ដើម្បីបិណ្ឌបាត។ ភិក្ខុទាំងឡាយនោះមកដល់​ក្នុងពេល​ដែលភិក្ខុកំពុង​សំដែង​នូវ​បាតិមោក្ខ ក៏មាន មកដល់ក្នុងពេលដែល​ភិក្ខុសំដែងនូវ​បាតិមោក្ខ​ចប់ហើយក៏មាន។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុប្រាប់ថា ថ្ងៃនេះជាថ្ងៃឧបោសថ។ ទើបភិក្ខុទាំងឡាយមាន​សេចក្តីត្រិះរិះយ៉ាងនេះថា ត្រូវ​ភិក្ខុណា​ប្រាប់​ថ្ងៃឧបោសថហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុជាថេរៈ ប្រាប់អំពីព្រឹក។ ក៏សម័យនោះឯង ព្រះថេរៈ​មួយអង្គភ្លេច (មិនបានប្រាប់) អំពីព្រឹក។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុប្រាប់ក្នុងពេល​ឆាន់​ក៏បាន។ ភិក្ខុក៏ភ្លេច​ក្នុងពេលឆាន់ទៀត។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុរលឹក​ឃើញកាលណា ប្រាប់កាល​នោះចុះ។

 

1)
កន្លះខែមួយៗ ហៅថា​បក្ខមួយៗ។
km/tipitaka/vin/mv/vin.mv.02.17.txt · ពេលកែចុងក្រោយ: 2023/02/01 05:16 និពន្ឋដោយ Johann