User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.02.18

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

៨៥. បុព្វករណានុជាននា

សង្ខេប

កិច្ច​ការ​ចំពោះ​រោង​ឧបោសថ៖ ការ​បោស​សំអាត រៀប​ចំ​ក្រាល​ទី​​កន្លែង​អង្គុយ និង​អុជ​ប្រទីប។

mv 02.18 បាលី cs-km: vin.mv.02.18 អដ្ឋកថា: vin.mv.02.18_att PTS: ?

បុព្វករណានុជាននា (ទី៨៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៨៥.)

[១៧៩] ក៏សម័យ​នោះឯង រោងឧបោសថ​ក្នុងអាវាស​មួយស្មោកគ្រោក។ ភិក្ខុជាអាគន្តុកៈ​ទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ​មិនសមបើនឹងមិនបោស​រោងឧបោសថ​សោះ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុបោសរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ត្រូវអ្នកណាបោសរោងឧបោសថហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុជាថេរៈ​បង្គាប់​ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈ​បង្គាប់ហើយ ក៏នៅតែមិនបោស។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានជម្ងឺ (បើ) ព្រះថេរៈ​បង្គាប់ហើយ មិនត្រូវមិនបោសទេ (ថាត្រូវតែបោស) ភិក្ខុណាមិនបោស ត្រូវអាបត្តិទុក្កដ។ ក៏សម័យ​នោះឯង ភិក្ខុ​មិនបានក្រាល​អាសនៈ ក្នុងរោងឧបោសថ។ ភិក្ខុទាំងឡាយ​អង្គុយផ្ទាល់ដី កាយភិក្ខុក្តី ចីវរ​ទាំងឡាយក្តី ប្រឡាក់ដោយដី។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុក្រាលអាសនៈ ក្នុងរោង​ឧបោសថ។ ទើបភិក្ខុទាំងឡាយមាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ត្រូវអ្នកណា​ក្រាលអាសនៈ​ក្នុង​រោង​ឧបោសថ​​ហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុជាថេរៈ​បង្គាប់​ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈ​បង្គាប់​ហើយ ក៏នៅតែមិនក្រាលអាសនៈ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ភិក្ខុជាថេរៈ​បង្គាប់ហើយ មិនត្រូវ​មិនក្រាល​អាសនៈទេ ភិក្ខុណាមិនក្រាល ត្រូវអាបត្តិទុក្កដ។ ក៏សម័យ​នោះឯង ក្នុងរោងឧបោសថគ្មានប្រទីប។ ភិក្ខុទាំងឡាយ ជាន់កាយគ្នាខ្លះ ជាន់ចីវរគ្នាខ្លះ ក្នុងទីងងឹត។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុអុជប្រទីប​ក្នុងរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមាន​សេចក្តី​ត្រិះរិះដូច្នេះថា ត្រូវអ្នកណា​អុជប្រទីប​ក្នុងរោងឧបោសថហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុជាថេរៈ​បង្គាប់​ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈ​បង្គាប់ហើយ ក៏នៅតែមិនអុជប្រទីប។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ព្រះថេរៈ​បង្គាប់ហើយ មិនត្រូវមិនអុជប្រទីបទេ ភិក្ខុណាមិនអុជប្រទីប ត្រូវអាបត្តិទុក្កដ​1)

 

1)
រឿង​ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ ប្រាកដក្នុងច្បាប់ឱរុប​ទាំងឡាយតពីបាលី​នេះយ៉ាងនេះថា ក៏សម័យ​នោះឯង ពួកភិក្ខុ​អ្នកនៅចាំអាវាស ក្នុងអាវាស​កន្លែងមួយ មិនចូល​ទៅដំកល់ទឹក​ឆាន់ មិនចូល​ទៅដំកល់​ទឹកប្រើប្រាស់។ ភិក្ខុជាអាគន្តុកៈ​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ​អ្នកនៅចាំអាវាស​ មិន​សមបើនឹងមិនដំកល់ទឹកឆាន់ មិនដំកល់ទឹកប្រើប្រាស់សោះ។ ភិក្ខុទាំងឡាយក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុដំកល់ទឹកឆាន់ ទឹកប្រើប្រាស់។ ទើបភិក្ខុទាំងឡាយមាន​សេចក្តី​ត្រិះរិះដូច្នេះថា ត្រូវអ្នកណា​ដំកល់​ទឹកឆាន់ ទឹកប្រើប្រាស់ហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​​ទ្រង់​មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុជាថេរៈ​បង្គាប់​ភិក្ខុថ្មី។ ពួកភិក្ខុថ្មី ដែលព្រះថេរៈ​បង្គាប់ហើយ ក៏នៅតែមិនដំកល់ទុក។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ព្រះថេរៈ​បង្គាប់ហើយ មិនត្រូវមិនដំកល់ទុក (ត្រូវតែចូលទៅដំកល់ទុក) ភិក្ខុណាមិនដំកល់ទុក ត្រូវអាបត្តិទុក្កដ។
km/tipitaka/vin/mv/vin.mv.02.18.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann