User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04

មាតិកា

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ

បវារណក្ខន្ធកៈ (ទី៤)

សង្ខេប

?

mv 04 បាលី cs-km: vin.mv.04 អដ្ឋកថា: vin.mv.04_att PTS: ?

បវារណក្ខន្ធកៈ (ទី៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤. បវារណាក្ខន្ធកោ)

១២០. អផាសុកវិហារោ

(១២០)

[២០] ​សម័យ​នោះឯង ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់​នៅវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុច្រើនរូប ជាមិត្រ ទើបនឹងបាន​ជួបប្រទះ​គ្នា​ថ្មី ជា​មិត្រស្និទ្ធិស្នាលមាំមួន បានចូលវស្សានៅក្នុងអាវាស១ ក្នុងកោសលជនបទ។ គ្រានោះ ភិក្ខុ​ទាំង​នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ដោយឧបាយដូចម្តេចហ្ន៎ យើងនឹងបាន​ព្រមព្រៀង​គ្នា ស្មោះ​សរ មិនវិវាទគ្នា នៅចាំវស្សាឲ្យបានស្រួលផង មិនលំបាកដោយអាហារ​បិណ្ឌបាតផង។ លំដាប់​នោះ​ឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនោះថា បើយើងមិននិយាយគ្នា មិនចរចារ​គ្នា​ទៅ​វិញ​ទៅមក ភិក្ខុណាត្រឡប់មក​ពីបិណ្ឌបាត​អំពីស្រុក​មុនគេ ភិក្ខុនោះ គប្បីក្រាលអាសនៈ ដំកល់​ទឹក​សម្រាប់​លាងជើង តាំងសម្រាប់​រងជើង​ដែលលាង​រួចហើយ និងគ្រឿងសម្រាប់​ជូតជើង​ដែល​មិន​ទាន់​លាង​ គប្បីលាងភាជន៍​សម្រាប់ផ្ទេរបាយ ហើយ​យកទៅដំកល់ទុក គប្បី​ដំកល់ទឹក​ឆាន់ និងទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកពីបិណ្ឌបាត​អំពីស្រុកក្រោយគេ បើមានបិណ្ឌបាត​សល់​អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា គប្បីឆាន់ចុះ បើមិនប្រាថ្នាទេ គួរចាក់ចោលទៅលើទី​ដែល​គ្មាន​​ស្មៅស្រស់ ឬជះចោល​ទៅក្នុងទឹកដែល​គ្មានសត្វ(ក៏បាន) ភិក្ខុនោះគប្បីរើអាសនៈ ទុក​ដាក់ទឹក​សម្រាប់លាងជើង តាំងសម្រាប់រងជើង និងគ្រឿងសម្រាប់ជូតជើង គប្បីលាងភាជន៍​សម្រាប់​ផ្ទេរ​បាយ ហើយរៀបចំទុកដាក់ គប្បីទុកដាក់ទឹកឆាន់ ទឹកប្រើប្រាស់ គប្បី​បោសច្រាស​រោងភត្ត ភិក្ខុ​ណាឃើញក្អម​ដាក់ទឹកឆាន់ក្តី ក្អមដាក់ទឹក​ប្រើប្រាស់ក្តី ក្អមលាងវច្ចៈក្តី ដែលរលីង​ទទេ ភិក្ខុនោះ​គួរ​ដំកល់ទុក បើភិក្ខុនោះមិនអាច ព្រោះវិការ​ដៃ (ឈឺដៃ) គួរហៅគ្នីគ្នា ដោយអាការ​បោយដៃ មក​ឲ្យ​ដំ​កល់ទុក តែកុំឲ្យបញ្ចេញវាចា​ព្រោះបច្ច័យ​នោះឡើយ យ៉ាងនេះឯង ទើបយើង​ទាំងអស់​គ្នា​ព្រម​ព្រៀង ស្មោះសរ មិនវិវាទគ្នា នៅចាំវស្សា​ក៏ស្រួលផង មិនបានលំបាក​ដោយ​អាហារ​បិណ្ឌបាត​ផង។ គ្រានោះឯង ភិក្ខុទាំងនោះក៏លែងស្តីហៅរកឆ្លើយ​ឆ្លងគ្នានឹងគ្នា​ទៅវិញ​ទៅមក ភិក្ខុណា​ត្រឡប់​មកពីបិណ្ឌបាត​អំពីស្រុក​មុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់​ទឹក​សម្រាប់​​លាងជើង តាំងសម្រាប់​រងជើង​ និងគ្រឿងសម្រាប់​ជូតជើង​​ លាងភាជន៍​សម្រាប់ផ្ទេរបាយ រួចដំកល់ទុក ​ដំកល់​ទឹក​ឆាន់ និងទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាត​អំពីស្រុកក្រោយគេ បើមាន​អាហារ​​សេសសល់​អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា ក៏ឆាន់ទៅ បើមិនប្រាថ្នាទេ ចាក់​ចោល​ទៅលើទី​គ្មាន​ស្មៅស្រស់ ឬជះចោល​​ទៅក្នុងទឹកដែល​គ្មានសត្វក្តី ភិក្ខុនោះរើអាសនៈចេញ ទុក​ដាក់ទឹក​សម្រាប់លាងជើង តាំងសម្រាប់រងជើង គ្រឿងសម្រាប់ជូតជើង លាងភាជន៍​សម្រាប់​ផ្ទេរបាយ ហើយរៀបទុកដាក់ ទុកដាក់ទឹកឆាន់ និងទឹកប្រើប្រាស់ ​បោសច្រាស​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​សម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹក​ប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់វច្ចៈក្តី ដែល​​រលីង​ទទេ ភិក្ខុនោះក៏ដំកល់ទុក បើភិក្ខុ​នោះ​មិន​អាច ព្រោះវិការ​ដៃ ក៏ហៅគ្នីគ្នា ដោយអាការ​បោយដៃ មកឲ្យដំកល់ទុក តែមិនបានបញ្ចេញវាចា​ព្រោះបច្ច័យ​នោះឡើយ។

[២១] ការដែលចូលទៅគាល់ព្រះមានព្រះភាគនុ៎ះ ជាទំនៀម​របស់​ភិក្ខុទាំងឡាយ ដែល​ចាំ​វស្សា​រួចហើយ។ វេលានោះឯង ភិក្ខុទាំងនោះ លុះនៅចាំវស្សាកន្លង៣ខែ​ទៅហើយ ក៏រៀបចំ​ទុក​ដាក់​សេនាសនៈ រួចកាន់យកបាត្រ និងចីវរ ចេញដើរសំដៅទៅក្រុងសាវត្ថី លុះដើរទៅដោយ​លំដាប់​ហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​សាវត្ថី លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​នៅក្នុងទី​ដ៏​សម​គួរ។ ការរីករាយ​ជាមួយ​នឹងពួកភិក្ខុជាអាគន្តុកនុ៎ះឯង ជាទំនៀម​របស់ព្រះពុទ្ធ​មានព្រះភាគ​ទាំង​ឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះឯង ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់នូវ​ព្រះពុទ្ធ​ដីកា​នេះ​នឹងពួក​ភិក្ខុ​​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ល្មម​អត់ធន់​សេចក្តី​ទុក្ខបានឬទេ ល្មម​ឲ្យ​ឥរិយាបថ​​ប្រព្រឹត្តទៅស្រួល​បានឬទេ​ អ្នកទាំងឡាយជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិន​ទាស់​​ទែងគ្នា នៅចាំវស្សាដោយសប្បាយហើយឬ មួយទៀត អ្នកទាំងឡាយ​ មិនលំបាក​ដោយ​បិណ្ឌបាតទេឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ​ល្មមអត់​ទ្រាំ​សេចក្តី​ទុក្ខបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំល្មមឲ្យឥរិយាបថ​ប្រព្រឹត្ត​ទៅស្រួលបាន បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សា​តាម​សប្បាយ មួយទៀត យើងខ្ញុំមិនលំបាក​ដោយបិណ្ឌបាតទេ។ ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាប​ហើយត្រាស់​សួរក៏មាន ទ្រង់ជ្រាបហើយ មិនត្រាស់សួរ (ក៏មាន) ទ្រង់ជ្រាបកាល​គួរ​ហើយ ត្រាស់សួរ(ក៏មាន) ទ្រង់ជ្រាបកាលគួរហើយមិនត្រាស់​សួរ (ក៏មាន) ព្រះតថាគត​ទាំងឡាយ ត្រាស់​សួរ​ចំពោះតែហេតុដែល​ប្រកបដោយ​ប្រយោជន៍ មិនទ្រង់ត្រាស់សួរ​ហេតុដែល​ឥត​ប្រយោជន៍​ឡើយ (ព្រោះ) ហេតុដែលឥតប្រយោជន៍ ព្រះតថាគត​ទាំងឡាយ​ទ្រង់ផ្តាច់ផ្តិល​ដោយ​អរិយមគ្គ​ហើយ។ ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគត្រាស់សួរ​ចំពោះ​ភិក្ខុទាំងឡាយ ដោយ​អាការ​ពីរយ៉ាង គឺទ្រង់ត្រាស់សួរ​ ដោយទ្រង់គិតថា តថាគត​នឹងសំដែង​ធម៌ម្យ៉ាង និងបញ្ញត្ត​សិក្ខាបទ​ដល់សាវក​ទាំងឡាយ​ម្យ៉ាង។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នេះ​នឹងពួក​ភិក្ខុ​ទាំង​នោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅ​ចាំ​វស្សា​​ដោយសប្បាយ​យ៉ាងណាទៅ មួយទៀត អ្នកទាំងឡាយមិនលំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេឬ។ ភិក្ខុទាំងឡាយក្រាបទូល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំ​ព្រះភិក្ខុ​ច្រើនរូបជាមិត្រ បាន​ជួប​ប្រទះ​​គ្នាជាមិត្រ សេពគប់គ្នាមាំមួន ចូលទៅចាំវស្សា​ក្នុងអាវាស​មួយនា​កោសលជនបទនេះ បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តី​ត្រិះរិះដូច្នេះថា យើងគប្បី​ជាបុគ្គល​ព្រម​ព្រៀង​គ្នា ស្រុសស្រួលគ្នា កុំទាស់ទែងគ្នា នៅចាំវស្សា​ដោយសប្បាយ មួយទៀត យើងមិនគប្បី​លំបាក​ដោយ​បិណ្ឌបាត ដោយឧបាយដូចម្តេចហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តី​ត្រិះរិះ​ដូច្នេះ​ទៀតថា ប្រសិនបើយើងកុំ​គប្បី​ហៅរកគ្នា កុំគប្បីចរចារក​គ្នាទៅវិញទៅមក ភិក្ខុ​ណា​ត្រឡប់មក​ពីបិណ្ឌបាតក្នុងស្រុក​មុនគេ ភិក្ខុនោះ ត្រូវរៀបចំអាសនៈ ដំកល់ទឹក​លាងជើង តាំង​រងជើង ទ្រនាប់សម្រាប់​ជូតជើង​ លាងភាជន៍​សម្រាប់ផ្ទេរភត្ត រួចហើយ​ដំកល់ទុក ហើយ​ដំកល់​ទឹក​ផឹក ទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាត​ក្នុង​ស្រុក​ក្រោយ​គេ បើមានអាហារសេស​សល់​​អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ចុះ បើមិនចង់ឆាន់ទេ ក៏គប្បីចាក់ចោលលើទី​ដែល​គ្មាន​​ស្មៅស្រស់ ឬបាចចោលក្នុងទឹកដែល​គ្មានសត្វ ភិក្ខុ​នោះ​ត្រូវសា​អាសនៈ ត្រូវទុក​ដាក់ទឹក​សម្រាប់​លាងជើង តាំងសម្រាប់រងជើង និងទ្រនាប់សម្រាប់ជូតជើង ត្រូវលាងភាជន៍​សម្រាប់​ផ្ទេរ​ភត្ត ហើយយកទៅទុកដាក់ រួចត្រូវទុកដាក់ទឹកផឹក ទឹកប្រើប្រាស់ ត្រូវ​បោស​​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​​ទឹកផឹក​ក្តី ក្អមទឹក​ប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់លាងវច្ចៈក្តី ដែលរលីង​ទទេ ត្រូវ​ភិក្ខុ​នោះ​ដំកល់ទុក បើភិក្ខុនោះមិនអាច (នឹងធ្វើការនោះបាន) ព្រោះវិការ​នៃដៃ (គឺឈឺដៃជាដើម) ត្រូវបោយដៃហៅភិក្ខុទីពីរ ឲ្យដំកល់ទុក មិនត្រូវបញ្ចេញវាចា​ព្រោះហេតុ​នោះ​ឡើយ កាល​បើ​ធ្វើ​យ៉ាង​នេះហើយ ទើបបានយើង​ទាំងឡាយ ជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិន​ទាស់​ទែង​គ្នា នៅចាំវស្សា​ដោយសប្បាយ មួយវិញទៀត យើងទាំងឡាយ​មិនលំបាក​ដោយ​​បិណ្ឌបាតទេ បពិត្រ​ព្រះអង្គដ៏ចំរើន លំដាប់នោះឯង យើងខ្ញុំ​មិនហៅរកគ្នា មិនចរចារកគ្នា​ទៅវិញ​ទៅមកទេ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុក​មុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់​ទុកនូវទឹក​​លាង​ជើង តាំង​រងជើង​ និងទ្រនាប់សម្រាប់​ជូតជើង​​ លាងភាជន៍​សម្រាប់ផ្ទេរភត្ត ហើយដំកល់ទុក រួច​​ដំកល់ទឹកផឹក ទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពី​បិណ្ឌបាត​ក្នុងស្រុកក្រោយគេ បើ​មាន​អាហារ​​សេសសល់​អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ភិក្ខុនោះក៏ចាក់​ចោលលើទី​ដែលគ្មាន​ស្មៅស្រស់ក៏បាន បាចចោល​​ក្នុងទឹកដែល​គ្មានសត្វក៏បាន ភិក្ខុនោះ​សា​អាសនៈ​ចេញ ហើយទុក​ដាក់ទឹក​លាងជើង តាំង​រងជើង និងទ្រនាប់សម្រាប់ជូតជើង លាងភាជន៍​សម្រាប់​ផ្ទេរភត្ត ហើយយកទៅទុក រួចដាក់ទឹកផឹក ទឹកប្រើប្រាស់ ​បោស​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​ដាក់ទឹកផឹកក្តី ក្អមដាក់ទឹក​ប្រើប្រាស់ក្តី ក្អមទឹកសម្រាប់លាងវច្ចៈក្តី ដែល​រលីង​ទទេ ភិក្ខុ​នោះ​ក៏ដងយកមក​ដំកល់ទុក បើភិក្ខុ​នោះ​មិន​អាច (នឹងធ្វើការនោះបាន) ព្រោះវិការនៃដៃ (ឈឺ​ដៃ​ជា​ដើម) ភិក្ខុនោះបក់ដៃហៅភិក្ខុទីពីរ ឲ្យដង​យកមកដំកល់ទុក មិនបាច់បញ្ចេញវាចា​ព្រោះហេតុ​នោះឡើយ។ បពិត្រ​ព្រះអង្គដ៏ចំរើន កាលបើធ្វើយ៉ាងនេះហើយ យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុស​ស្រួល​គ្នា មិនទាស់ទែងគ្នា នៅចាំ​វស្សាជាសប្បាយ មួយវិញទៀត យើងខ្ញុំមិនលំបាក ដោយបិណ្ឌបាតឡើយ។

[២២] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាមោឃបុរស​ទាំងឡាយនេះ នៅ(ចាំវស្សា) មិនសប្បាយទេ (តែ) ប្តេជ្ញា​ថាខ្លួន​ជាអ្នក​នៅដោយសប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយ​នេះនៅ​ដូចជាការ​នៅរួម​របស់បសុសត្វ (សត្វចិញ្ចឹម) ហើយប្តេជ្ញាថា ខ្លួន​ជាអ្នក​នៅសប្បាយ ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា​មោឃបុរស​ទាំងឡាយ​នេះ នៅ​ដូចជាការ​នៅរួម​របស់​​សត្វពពែ (តែ) ប្តេជ្ញាថាខ្លួន​ជាអ្នក​នៅ​សប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរស​ទាំងឡាយ​នេះនៅ​ដូចជាការនៅរបស់បុគ្គល​ប្រមាទ (តែ) ប្តេជ្ញាថាខ្លួន​ជាអ្នក​នៅដោយ​សប្បាយ​ ម្នាល​ភិក្ខុទាំងឡាយ មោឃបុរសទាំងឡាយ​នេះ មិនសមបើ​នឹងសមាទានមូគវត្ត (វត្តរបស់មនុស្សគ) ដែលជា​តិត្ថិយសមាទាន (សមាទាន​របស់​តិរ្ថិយ) ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជនដែល​មិនទាន់ជ្រះថ្លា​ទេ។បេ។ លុះទ្រង់​បន្ទោស​ហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំង​ឡាយ មិនត្រូវភិក្ខុ​សមាទាន​មូគវត្ត ​ដែល​ជា​តិត្ថិយ​សមាទានទេ ភិក្ខុណាសមាទានត្រូវអាបត្តិ​ទុក្កដ។ ​ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ ដែលនៅចាំវស្សា​រួចហើយ បវារណា​​ដោយស្ថាន​៣យ៉ាង គឺដោយឃើញក្តី ដោយ​ឮក្តី ដោយរង្កៀសក្តី។ បវារណានោះជាការ​អនុលោម​ដើម្បីពោល​ប្រដៅ​នូវគ្នានឹងគ្នា ជាការ​ចេញ​ចាក​អាបត្តិ ជាការធ្វើវិន័យ​ឲ្យជាប្រធាន នឹង​ប្រាកដ​ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយ​បវារណា​យ៉ាងនេះ។ ត្រូវភិក្ខុ​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃ​ដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ថ្ងៃនេះ​ជា​ថ្ងៃ​បវារណា។ បើបវារណាកម្មមាន​កាល​គួរដល់​សង្ឃហើយ គួរសង្ឃបវារណា។ ត្រូវភិក្ខុ​ជាថេរៈ​ធ្វើ​ឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយ​ច្រហោង ផ្គង​អញ្ជលីឡើង ហើយនិយាយយ៉ាងនេះ​នឹងសង្ឃថា នែ​អាវុសោ ខ្ញុំសូម​បវារណា​នឹងសង្ឃ ដោយឃើញ​ក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំង​ឡាយ​​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែ​អាវុសោ ខ្ញុំសូមបវារណា​នឹងសង្ឃ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោក​ដ៏​មាន​អាយុ​​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ហើយ​ពោល​ចំពោះខ្ញុំ កាលបើខ្ញុំ​ឃើញ នឹង​ធ្វើ​តាម នែអាវុសោ ខ្ញុំសូម​បវារណា​នឹងសង្ឃ​ជាគំរប់​បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម ត្រូវភិក្ខុ​ខ្ចីវស្សាធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយ​និយាយ​យ៉ាង​នេះនឹងសង្ឃថា បពិត្រព្រះសង្ឃ​ដ៏ចំរើន ខ្ញុំសូម​បវារណា​នឹងសង្ឃ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ ហើយ​ពោល​ចំពោះ​ខ្ញុំ កាល​បើខ្ញុំ​ឃើញ នឹងធ្វើ​តាម បពិត្រ​ព្រះសង្ឃដ៏ចំរើន ខ្ញុំសូមបវារណា​នឹងសង្ឃ​ជាគំរប់​ពីរដង​ផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ហើយពោល​ចំពោះ​ខ្ញុំ កាលបើខ្ញុំ​ឃើញ នឹងធ្វើតាម បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំសូមបវារណា​នឹង​សង្ឃ​ជាគំរប់បីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ ហើយពោលចំពោះ​ខ្ញុំ កាលបើខ្ញុំ​ឃើញ នឹងធ្វើតាម។

[២៣] សម័យនោះឯង កាលដែលភិក្ខុទាំងឡាយជាថេរៈ​កំពុងតែអង្គុយច្រហោង បវារណា ពួកឆព្វគ្គិយភិក្ខុក៏​នៅលើអាសនៈ​ទាំងឡាយ​។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច​។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល​បន្តុះបង្អាប់​ថា កាលដែលភិក្ខុទាំងឡាយ​ជាថេរៈកំពុង​អង្គុយ​ច្រហោង បវារណា មិនសមបើពួក​ឆព្វគ្គិយ​ភិក្ខុ​ហ៊ាននៅ​លើអាសនៈ​ទាំងឡាយ​សោះ។ ទើបភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាកាលដែលភិក្ខុ​ទាំងឡាយ​ជាថេរៈ កំពុង​អង្គុយ​ច្រហោង​បវារណា ពួកឆព្វគ្គិយភិក្ខុនៅលើអាសនៈ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធ​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាល​ភិក្ខុទាំងឡាយ កាលដែលភិក្ខុទាំងឡាយជាថេរៈកំពុង​អង្គុយ​ច្រហោង បវារណា មោឃបុរស​ទាំងឡាយ​នោះមិនសម​បើនឹងហ៊ាននៅលើ​អាសនៈ​ទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ​មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា​ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែល​ភិក្ខុ​ជាថេរៈ​ទាំងឡាយ​កំពុង​អង្គុយ​ច្រហោង បវារណា ភិក្ខុ​មិនត្រូវ​នៅលើអាសនៈ​ទាំងឡាយទេ ភិក្ខុណានៅ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុទាំងអស់​នោះ អង្គុយច្រហោង ហើយបវារណា។ ក៏សម័យ​នោះឯង ព្រះថេរៈ​មួយអង្គ ថយកំឡាំង​ដោយជរា កាលបើ​អង្គុយ​ច្រហោង រង់ចាំទំរាំ​ភិក្ខុទាំងឡាយ​បវារណាគ្រប់គ្នា ក៏ជ្រុលជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយ ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុអង្គុយច្រហោង ក្នុងពេលដែល​ខ្លួនកំពុង​បវារណា លុះបវារណា​រួចហើយ ទើបអង្គុយ​លើអាសនៈបាន។

១២១. បវារណាភេទា

(១២១)

[២៤] លំដាប់នោះ ភិក្ខុទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា បវារណា​មានប៉ុន្មាន​យ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បវារណា​មានពីរយ៉ាង គឺចាតុទ្ទសិកាបវារណា1) ១ បណ្ណរសិកាបវារណា​2) ​១ ម្នាលភិក្ខុទាំងឡាយ បវារណា​មានតែពីរ​យ៉ាង​ប៉ុណ្ណេះឯង។ លំដាប់នោះ ភិក្ខុទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា បវារណាកម្ម​មានប៉ុន្មាន​យ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បវារណា​កម្មទាំងនេះមាន៤ គឺបវារណាកម្មជាពួក មិនត្រូវតាមធម៌១ បវារណា​កម្ម​ព្រមព្រៀង​គ្នា តែមិនត្រូវតាមធម៌១ បវារណា​កម្មជាពួក តែត្រូវតាមធម៌១ បវារណាកម្ម​ព្រមព្រៀងគ្នា​ត្រូវតាមធម៌១។ ម្នាល​ភិក្ខុទាំងឡាយ បវារណាកម្ម​ទាំង៤នោះ បវារណាកម្មណាជាពួក​ តែមិនត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវធ្វើ​បវារណា​កម្មបែបនេះទេ ម្យ៉ាងទៀត តថាគត​មិនអនុញ្ញាត​បវារណាកម្ម​បែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តា​បវារណាកម្ម​ទាំង៤នោះ បវារណាកម្មណា​ព្រមព្រៀងគ្នា​ តែមិនត្រូវ​តាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវ​ធ្វើ​បវារណា​កម្ម​បែបនេះទេ ម្យ៉ាងទៀត តថាគត​មិនអនុញ្ញាត​បវារណា​កម្ម​បែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបវារណា​កម្មទាំង៤នោះ បវារណាកម្មណាជាពួក​តែត្រូវតាមធម៌ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវ​ធ្វើបវារណាកម្ម​បែបនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាត​បវារណាកម្ម​បែបនេះទេ។ ម្នាល​ភិក្ខុទាំងឡាយ បណ្តាបវារណាកម្មទាំង៤នោះ បវារណាកម្មណា ព្រមព្រៀងគ្នា ត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវធ្វើ​បវារណាកម្មបែបនេះចុះ តថាគត​អនុញ្ញាត​បវារណាកម្មបែបនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ ភិក្ខុ​ក្នុងសាសនានេះ ត្រូវសិក្សា​ដូច្នេះថា បវារណា​កម្មណា​ព្រមព្រៀង​គ្នាត្រូវតាមធម៌ យើងទាំងឡាយ​នឹងធ្វើបវារណា​កម្ម​បែបនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវតែសិក្សាយ៉ាងនេះឯង។

១២២. បវារណាទានានុជាននា

(១២២)

[២៥] គ្រានោះឯង ព្រះមានព្រះភាគត្រាស់ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នក​ទាំងឡាយប្រជុំគ្នាចុះ (ព្រោះ) សង្ឃនឹងបវារណា។ កាលបើ​ព្រះមានព្រះភាគ​ទ្រង់​មានបន្ទូល​យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបទូល​ព្រះមានព្រះភាគ​ដោយពាក្យថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នៅមានភិក្ខុឈឺ ភិក្ខុនោះ​មិនបានមក។ ព្រះមានព្រះភាគ​ទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុឈឺឲ្យនូវ​បវារណាបាន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯបវារណា​នោះត្រូវ​ឲ្យយ៉ាងនេះ។ ត្រូវភិក្ខុឈឺនោះចូលទៅរក​ភិក្ខុមួយ​រូបធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មាម្ខាង អង្គុយ​ច្រហោង​ផ្គង​អញ្ជលី​ឡើង ហើយនិយាយ​យ៉ាងនេះនឹង​ភិក្ខុនោះថា ខ្ញុំសូម​ឲ្យ​បវារណា ចូរលោកនាំបវារណារបស់ខ្ញុំទៅ ចូរលោកបវារណា​ដើម្បី​ប្រយោជន៍​ដល់ខ្ញុំ​ផង។ ភិក្ខុនោះ​បញ្ជាក់​ (សេចក្តី) ដោយ​កាយ (ក្តី) បញ្ជាក់​ដោយវាចា(ក្តី) បញ្ជាក់ដោយ​កាយ ​និង​វាចា(ក្តី) ក៏ឈ្មោះ​ថា ភិក្ខុ​នោះឲ្យ​បវារណាហើយ។ (បើ) ភិក្ខុឈឺ​មិនបញ្ជាក់​ដោយកាយ មិនបញ្ជាក់​​ដោយ​វាចា មិនបញ្ជាក់​ដោយកាយ និងវាចាទេ មិនឈ្មោះថា ភិក្ខុ​ឈឺនោះ ​ឲ្យ​បវារណាឡើយ។ បើសង្ឃ​បាននូវ​ការឲ្យ​បវារណានុ៎ះយ៉ាងនេះហើយ ការបាននុ៎ះ ជាការល្អ បើសង្ឃ​មិនបាន​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ សង្ឃត្រូវនាំភិក្ខុឈឺនោះដោយ​គ្រែ ឬតាំង​មកក្នុង​ទីជាកណ្តាលសង្ឃ ហើយ​សឹមបវារណា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ​ពួកភិក្ខុអ្នកបម្រើ​ភិក្ខុឈឺ​មានសេចក្តី​ត្រិះរិះ​យ៉ាង​នេះថា បើយើងទាំងឡាយ​ ឲ្យភិក្ខុឈឺឃ្លាតចាកទី អាពាធនឹង​រឹតតែចំរើន ឬនឹង​ធ្វើកាលកិរិយា (មិនខាន)។ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវ​ឲ្យភិក្ខុឈឺឃ្លាតចាកទីទេ ត្រូវ​សង្ឃ​ទៅបវារណា​ក្នុងទីនោះ មិនត្រូវ​សង្ឃបវារណា​ជាពួកឡើយ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុទាំងឡាយ កាលបើភិក្ខុឈឺឲ្យ​បវារណាហើយ បើភិក្ខុអ្នកនាំបវារណាចៀសចេញ​ចាក​ទី​នោះទៅ ត្រូវភិក្ខុ​នោះ ឲ្យ​បវារណា​ដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ​ឈឺ​ឲ្យ​បវារណាហើយ បើភិក្ខុអ្នកនាំ​បវារណា​សឹកក្នុងថ្ងៃនោះឯង​។បេ។ ស្លាប់ (ឬ) ប្តេជ្ញា​ខ្លួន​ជាសាមណេរ ប្តេជ្ញាខ្លួន​ជាអ្នកលាសិក្ខា ប្តេជ្ញាខ្លួនជា​អ្នកត្រូវ​អន្តិមវត្ថុ ប្តេជ្ញា​ខ្លួន​ជាមនុស្សឆ្កួត ប្តេជ្ញាខ្លួន​ជាអ្នក​មានចិត្តរវើរវាយ ប្តេជ្ញាខ្លួន​ជាអ្នកមានវេទនា​គ្របសង្កត់ ប្តេជ្ញាខ្លួន​ជាអ្នកត្រូវសង្ឃ​លើកវត្ត ព្រោះ​មិនឃើញ​អាបត្តិ ប្តេជ្ញាខ្លួន​ជាអ្នកត្រូវសង្ឃ​លើកវត្ត​ព្រោះ​មិន​ធ្វើ​តបអាបត្តិ (មិនសំដែងអាបត្តិ) ប្តេជ្ញាខ្លួន​ជាអ្នកត្រូវសង្ឃ​លើកវត្ត ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់ ប្តេជ្ញាខ្លួន​ជាបណ្ឌក ប្តេជ្ញាខ្លួន​ជាថេយ្យសំវាសក ប្តេជ្ញាខ្លួន​ជាអ្នក​ចូលទៅ​កាន់ពួកតិរ្ថិយ ប្តេជ្ញាខ្លួន​ជាតិរច្ឆាន ប្តេជ្ញាខ្លួន​ជាអ្នកសំឡាប់មាតា ប្តេជ្ញាខ្លួន​ជាអ្នកសម្លាប់បិតា ប្តេជ្ញាខ្លួន​ជាអ្នកសំឡាប់​ព្រះអរហន្ត ប្តេជ្ញាខ្លួន​ជាអ្នកទ្រុស្តភិក្ខុនី ប្តេជ្ញាខ្លួន​ជាអ្នកបំបែកសង្ឃ ប្តេជ្ញាខ្លួន​ជាអ្នកធ្វើ​ព្រះលោហិត​ឲ្យពុរពងឡើង ប្តេជ្ញាខ្លួន​ជាមនុស្ស​មានភេទពីរ ត្រូវភិក្ខុនោះ​ឲ្យបវារណា​ដល់​ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុឈឺ ឲ្យបវារណាហើយ បើភិក្ខុអ្នក​នាំបវារណា​ចៀសចេញ​ទៅ​ ក្នុងពាក់កណ្តាល​ផ្លូវ មិនហៅ​ថា បាន​នាំបវារណា​មក​ដល់​ឡើយ។ ម្នាល​ភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណា ​សឹក​ត្រង់​ពាក់​​កណ្តាល​ផ្លូវទៅ (ក្តី) ស្លាប់ទៅ(ក្តី)។បេ។ ប្តេជ្ញាខ្លួន​ជាមនុស្សមានភេទពីរ (ក្តី) មិនហៅថា បាន​នាំ​បវារណា​មកដល់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំ​បវារណា​ ទៅដល់​សង្ឃហើយ ទើបបានចៀសចេញទៅ បវារណា​ឈ្មោះថា បាននាំមក​ដល់​ហើយ។ ម្នាល​ភិក្ខុទាំងឡាយ កាល​ភិក្ខុឈឺ​ឲ្យបវារណា​ហើយ បើភិក្ខុអ្នក​នាំបវារណា​ទៅដល់​សង្ឃ​ហើយ ទើបបានសឹក (ក្តី) ស្លាប់(ក្តី)។បេ។ ប្តេជ្ញាខ្លួន​ជាមនុស្ស​មានភេទពីរ (ក្តី) បវារណាឈ្មោះថា បាន​នាំមកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ ឲ្យ​បវារណាហើយ បើភិក្ខុអ្នក​នាំ​បវារណា​ទៅដល់​សង្ឃហើយ ដេកលក់មិនបានប្រាប់ បវារណាឈ្មោះថា បាននាំមក​ដល់​ហើយ ភិក្ខុអ្នក​នាំបវារណា​មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យ​បវារណាហើយ បើ​ភិក្ខុ​អ្នក​​នាំបវារណា​ ទៅដល់សង្ឃ​ហើយ ក៏ចូល​សមាបត្តិទៅ មិនបានប្រាប់ បវារណា​ឈ្មោះថា បាននាំ​​មកដល់ហើយ ភិក្ខុអ្នកនាំ​បវារណា មិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបវារណា​ហើយ បើភិក្ខុអ្នកនាំ​បវារណា​ទៅដល់សង្ឃ​ហើយ ភ្លេច​មិនបានប្រាប់​ បវារណា​ឈ្មោះថា បាននាំមកដល់ហើយ ភិក្ខុអ្នក​នាំបវារណា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាល​ភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាទៅដល់សង្ឃហើយ ក្លែងមិនប្រាប់ បវារណា​​ឈ្មោះថា បាននាំ​មកដល់ហើយ (តែ) ភិក្ខុអ្នកនាំបវារណា​ត្រូវអាបត្តិ​ទុក្កដ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងថ្ងៃបវារណានោះ (បើ) សង្ឃមានកិច្ច​ត្រូវធ្វើ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​កាលដែល​ឲ្យ​បវារណា​ហើយ ត្រូវឲ្យឆន្ទៈផង។

១២៣. ញាតកាទិគ្គហណកថា

(១២៣)

[២៦] ក៏សម័យនោះឯង ពួកញាតិ​ចាប់ភិក្ខុមួយអង្គក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនោះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ពួកជន​ជាញាតិ​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណានោះ។ ត្រូវ​ភិក្ខុទាំងឡាយ​និយាយ​នឹង​ពួកជន​ជាញាតិនោះយ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូម​អ្នកទាំងឡាយ​លែង​ភិក្ខុនេះមួយរំពេចសិន ទំរាំ​ភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការដែលបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជា​ញាតិនោះ​យ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនៅ​ក្នុង​ទីដ៏សមគួរ​មួយរំពេចសិន ទំរាំ​ភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះ​ហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកជនជាញាតិនោះ​យ៉ាង​នេះ​ថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនាំភិក្ខុនេះ ទៅកាន់​ទីក្រៅសីមា​​មួយ​រំពេច​សិន ទំរាំ​សង្ឃបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើស្តេចទាំងឡាយ​ចាប់ភិក្ខុ(ក្តី) ពួកចោរចាប់ភិក្ខុ​(ក្តី) ពួក​អ្នកលេង​ចាប់​​ភិក្ខុ​(ក្តី) ពួក​ភិក្ខុជាសត្រូវ​ចាប់ភិក្ខុ (ក្តី) ​ក្នុងថ្ងៃបវារណានោះ។ ត្រូវ​ភិក្ខុទាំងឡាយ​និយាយនឹង​ពួកភិក្ខុ​ជាសត្រូវទាំងនោះយ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូម​អស់​លោក​ទាំងឡាយ​​លែង​ភិក្ខុនេះមួយរំពេចសិន ទំរាំ​ភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹង​ភិក្ខុ​ជាសត្រូវ​ទាំងនោះ​យ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយនៅ​ក្នុង​ទីដ៏សមគួរ​មួយរំពេចសិន ទំរាំ​ភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះ​ហើយ ការ​បាន​នុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកភិក្ខុជាសត្រូវទាំងនោះ​យ៉ាង​នេះ​ថា នែលោកដ៏មានអាយុទាំងឡាយ សូមអស់លោកនាំភិក្ខុនេះទៅកាន់ទី​ក្រៅសីមា​​មួយ​រំពេច​សិន ទំរាំ​សង្ឃបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។

១២៤. សង្ឃបវារណាទិប្បភេទា

(១២៤)

[២៧] ក្នុងសម័យនោះឯង ភិក្ខុ៥រូបនៅក្នុង​អាវាសមួយ​ក្នុងថ្ងៃ​បវារណានោះ។ គ្រានោះ ភិក្ខុ​ទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា ព្រះមានព្រះភាគ​ទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុ​បវារណា​ដោយសង្ឃបវារណា ក៏ឥឡូវនេះ យើងទាំងឡាយជាជន៥រូប តើត្រូវយើងទាំងឡាយ​បវារណា​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ៥រូប​បវារណា ដោយសង្ឃបវារណា។ សម័យ​នោះ​ឯង ភិក្ខុ៤រូប នៅក្នុង​អាវាសមួយ​ ក្នុងថ្ងៃ​បវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ​មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះថា ព្រះមានព្រះភាគ​ ទ្រង់អនុញ្ញាតឲ្យភិក្ខុ៥រូប​បវារណា ​ដោយសង្ឃបវារណា ក៏​ឥឡូវ​នេះ យើងទាំងឡាយជាជន៤រូប តើត្រូវយើងទាំងឡាយ​បវារណា​ដូចម្តេច ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​ អនុញ្ញាត​ឲ្យភិក្ខុ៤រូប ​បវារណា ដល់គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​បវារណា​យ៉ាងនេះ។ ត្រូវភិក្ខុ​ដែលឆ្លាស ​ប្រតិពល ​ឲ្យភិក្ខុទាំងឡាយ​នោះ យល់ថា សូមលោក​ដ៏មានអាយុ​ទាំងឡាយ​ស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើបវារណាកម្ម មានកាលគួរ ដល់លោក​ដ៏មានអាយុ​ទាំងឡាយ​​ហើយ ត្រូវយើងទាំងឡាយ​បវារណា​ដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គ ឆៀងស្មា​ម្ខាង អង្គុយ​ច្រហោង ហើយផ្គងអញ្ជលីឡើង រួចនិយាយនឹងភិក្ខុទាំងឡាយ​នោះ​យ៉ាង​នេះ​ថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោក​ដ៏មានអាយុ​ទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​(រំលឹក) ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ជាគំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​ (ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា​នឹងលោក​​ដ៏មានអាយុ​ទាំងឡាយ​ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ ​(រំលឹក)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើ​ឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយ​យ៉ាងនេះ​ ​នឹង​ភិក្ខុ​ទាំងឡាយ​​នោះថា បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណានឹងលោក​ដ៏មានអាយុ​ទាំងឡាយ ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​ (ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូម​បវារណា​ នឹងលោក​ដ៏​មាន​អាយុ​​ទាំងឡាយ ជាគំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំង​ឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​ (ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រ​លោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ​ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុ៣រូប នៅក្នុង​អាវាសមួយ​ ក្នុងថ្ងៃ​បវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ ​មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះថា ព្រះដ៏មានព្រះភាគ​ ទ្រង់អនុញ្ញាត ឲ្យភិក្ខុ៥រូប​បវារណា ​ដោយសង្ឃបវារណា ឲ្យភិក្ខុ​៤រូប បវារណា​ដល់គ្នានឹងគ្នា ​ឥឡូវ​​នេះ យើងទាំងឡាយជាជន៣រូប តើយើងទាំងឡាយត្រូវ​បវារណា​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​មាន​បន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ៣រូប ​បវារណាដល់គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ភិក្ខុ​ទាំងឡាយ បវារណាយ៉ាងនេះ។ ត្រូវភិក្ខុ​ដែលឆ្លាស​ប្រតិពល​ឲ្យ​ភិក្ខុ​ទាំងឡាយ​នោះដឹងថា សូម​លោក​​ដ៏មានអាយុ​ទាំងឡាយ​ស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើ​បវារណាកម្ម​មាន​កាល​គួរ​ដល់​លោក​ដ៏មានអាយុទាំងឡាយ​ហើយ ត្រូវយើងទាំងឡាយ​បវារណា​ដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គ ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលី​ឡើង រួចនិយាយនឹងភិក្ខុទាំងឡាយ​នោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោក​ដ៏មាន​អាយុ​​ទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយអាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ ​និយាយ​(ដាស់តឿន) ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូម​បវារណា​នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ​ជា​គំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មាន​អាយុ​ទាំងឡាយ អាស្រ័យ​នូវ​សេចក្តី​​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូម​បវារណា​ នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ​ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏​មាន​អាយុ​​ទាំងឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹង​ធ្វើ​តាម។ ត្រូវភិក្ខុខ្ចី ធ្វើ​ឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួច​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​ទាំងឡាយ​​នោះថា បពិត្រ​លោក​ដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំ​សូម​បវារណា​នឹងលោក​ដ៏​មាន​អាយុ​​ទាំងឡាយ ជា​គំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោក​​ដ៏មានអាយុ​ទាំង​ឡាយ​អាស្រ័យ​នូវ​សេចក្តី​​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំ​ឃើញ នឹងធ្វើតាម បពិត្រ​លោកដ៏ចំរើន ខ្ញុំ​សូម​បវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ​ជា​គំរប់​បី​ដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោក​​ដ៏មានអាយុ​ទាំងឡាយ​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំ​ឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុពីររូប នៅក្នុង​អាវាសមួយ​ ក្នុងថ្ងៃ​បវារណានោះ។ គ្រា​នោះ ភិក្ខុទាំងឡាយនោះ​ មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះ​ថា ព្រះដ៏មានព្រះភាគ ​ទ្រង់អនុញ្ញាត​ឲ្យភិក្ខុ៥រូប ​បវារណា ​ដោយសង្ឃបវារណា ឲ្យ​ភិក្ខុ​៤រូប បវារណា​ដល់គ្នានឹងគ្នា ឲ្យភិក្ខុ​៣រូប បវារណា​ដល់គ្នានឹងគ្នា ​ឥឡូវ​នេះ យើង​ទាំងឡាយ​ជា​ជន​ពីររូប តើយើងត្រូវ​បវារណា​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះ​ព្រះ​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ អនុញ្ញាត​ឲ្យភិក្ខុពីររូប ​បវារណា​ដល់​គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុបវារណាយ៉ាងនេះ។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយយ៉ាងនេះ​ នឹង​ភិក្ខុខ្ចីថា​ នែ​អាវុសោ ខ្ញុំសូមបវារណានឹងលោក​ដ៏មាន​អាយុ​ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏​មាន​អាយុ​​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំ​សូមបវារណានឹងលោក​ដ៏មានអាយុ​ ជា​គំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែ​អាវុសោ ខ្ញុំសូម​បវារណា នឹងលោក​​ដ៏មានអាយុ​ ​ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ ​អាស្រ័យ​​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹង​ធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើ​ឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួច​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​ជា​ថេរៈថា បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ ដោយ​​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹង​ធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏​មាន​អាយុ ​​ជាគំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រ​លោកដ៏ចំរើន ខ្ញុំសូម​បវារណា​នឹងលោក​ដ៏មានអាយុ​ ​ជាគំរប់​បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុមួយរូប​នៅក្នុង​អាវាសមួយ ក្នុង​ថ្ងៃបវារណានោះ។ ឯភិក្ខុនោះ ក៏មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា ព្រះដ៏មាន​ព្រះភាគ​ ទ្រង់អនុញ្ញាត ​ឲ្យភិក្ខុ៥រូប​បវារណា ដោយសង្ឃបវារណា​ឲ្យ​ភិក្ខុ៤រូប​បវារណា ដល់​គ្នា​នឹងគ្នា ឲ្យភិក្ខុ៣រូប​ បវារណា​ដល់គ្នានឹងគ្នា ឲ្យភិក្ខុពីររូប ​បវារណា​ដល់គ្នា​នឹងគ្នា ឥឡូវនេះ អាត្មា​អញ​​តែម្នាក់ឯង គួរអាត្មាអញ​បវារណាដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាប​ទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏​ក្នុង​សាសនានេះ ភិក្ខុ​មួយ​រូប​ នៅក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ​ចៀសចេញទៅ អំពី​ប្រទេស​​ណា គឺឧបដ្ឋានសាលា3) ​ក្តី មណ្ឌបក្តី គល់ឈើក្តី ត្រូវភិក្ខុ​នោះ បោស​ប្រទេសនោះ ហើយដំកល់ទុក​នូវទឹកឆាន់ ទឹកប្រើប្រាស់ ត្រូវក្រាលអាសនៈរួច អុជ​ប្រទីប ហើយត្រូវអង្គុយចាំ។ បើមានភិក្ខុទាំងឡាយ​ដទៃមក ត្រូវភិក្ខុនោះ បវារណាជាមួយនឹង​ភិក្ខុ​ទាំងឡាយនោះចុះ បើគ្មាន​ភិក្ខុទាំងឡាយមកទេ ត្រូវភិក្ខុនោះ​អធិដ្ឋាន​ថា ថ្ងៃនេះ​ជាថ្ងៃ​បវារណា​របស់អញ បើមិនអធិដ្ឋានទេ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែល​មាន​ភិក្ខុ​នៅ៥រូប ភិក្ខុ៤រូប មិនត្រូវនាំ​បវារណា​របស់ភិក្ខុ១រូប ហើយ​បវារណា​ដោយសង្ឃ​បវារណា​ក្នុង​អាវាស​នោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែល​មាន​ភិក្ខុនៅ៤រូប ភិក្ខុ៣រូប មិនត្រូវ​នាំបវារណា​របស់ភិក្ខុ១រូបមក ហើយបវារណាដល់គ្នានឹងគ្នា ក្នុង​អាវាសនោះទេ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែលមាន​ភិក្ខុ​នៅ៣រូប ភិក្ខុ២រូប មិនត្រូវ​នាំបវារណា​របស់ភិក្ខុ១រូបមក ហើយបវារណាដល់គ្នានឹងគ្នា ក្នុង​អាវាសនោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែល​មាន​ភិក្ខុ​នៅ២រូប ភិក្ខុ១រូប មិនត្រូវ​នាំបវារណា​របស់ភិក្ខុ១រូបមក ហើយ​អធិដ្ឋានក្នុង​អាវាស​នោះទេ។ បើអធិដ្ឋាន ត្រូវអាបត្តិទុក្កដ។

១២៥. អាបត្តិបដិកម្មវិធិ

(១២៥)

[២៨] ក៏សម័យនោះឯង ភិក្ខុ១រូបត្រូវ​អាបត្តិ​ក្នុងថ្ងៃបវារណា​នោះ។ ក៏ភិក្ខុនោះ​មាន​សេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់​បញ្ញត្តហើយថា ភិក្ខុដែល​មានអាបត្តិ​ មិនត្រូវ​បវារណា​ណាទេ ឥឡូវអាត្មាអញ ត្រូវអាបត្តិហើយ តើអាត្មាអញត្រូវ​ប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា​ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិ ​ក្នុងថ្ងៃបវារណា​នោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ​ចូលទៅ​រកភិក្ខុ១រូប ហើយ​ធ្វើឧត្តរាសង្គ ឆៀង​ស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលី​ រួចនិយាយ​យ៉ាងនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ​ឈ្មោះនេះហើយ ខ្ញុំសូមសំដែង​អាបត្តិ​នោះចេញ។ ត្រូវភិក្ខុអ្នកទទួលអាបត្តិនោះនិយាយថា លោក​ឃើញឬទេ។ ភិក្ខុអ្នកសំដែង​នោះ​ឆ្លើយថា អើខ្ញុំឃើញ។ ភិក្ខុអ្នកទទួលអាបត្តិត្រូវប្រាប់ថា ត្រូវលោកសង្រួមតទៅ។ ម្នាលភិក្ខុទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុសង្ស័យ​ នឹងអាបត្តិ ​ក្នុងថ្ងៃបវារណានោះ។ ម្នាល​ភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូល​ទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀង​ស្មាម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលី រួចនិយាយ​យ៉ាងនេះ នឹងភិក្ខុនោះថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យ​នឹងអាបត្តិឈ្មោះនេះ កាល​ណាខ្ញុំ​អស់សេចក្តីសង្ស័យ ខ្ញុំនឹងធ្វើតប (សំដែង) នូវអាបត្តិ​នោះ ក្នុងកាលនោះ លុះពោលដូច្នេះ​ហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុ ធ្វើនូវសេចក្តី​អន្តរាយដល់​បវារណា​ ព្រោះហេតុប៉ុណ្ណោះទេ។

១២៦. អាបត្តិអាវិករណវិធិ

(១២៦)

ក៏សម័យនោះឯង ភិក្ខុ១រូប កំពុងតែបវារណា​ ក៏រលឹក​ឃើញ​អាបត្តិ។ ទើបភិក្ខុ​នោះ មានសេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្ត​ហើយថា ភិក្ខុដែល​មានអាបត្តិ​ មិនត្រូវបវារណា​ទេ ឥឡូវ ​អាត្មាអញ ត្រូវអាបត្តិហើយ តើអាត្មាអញ ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូល​​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើមានភិក្ខុកំពុងតែបវារណា ក៏រលឹកឃើញអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយ​យ៉ាង​នេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ​ឈ្មោះនេះហើយ ខ្ញុំចេញ​ពីទីនេះ​ហើយ នឹងសំដែងអាបត្តិនោះចេញ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុធ្វើ​នូវសេចក្តី​អន្តរាយ​ដល់បវារណា​ព្រោះហេតុ​ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើភិក្ខុកំពុងតែបវារណា ហើយមានសេចក្តី​សង្ស័យនឹងអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយ​យ៉ាង​នេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យ​ នឹងអាបត្តិ​ឈ្មោះ​នេះ​ កាល​ណា ខ្ញុំអស់​សេចក្តីសង្ស័យ ខ្ញុំនឹងសំដែងអាបត្តិនោះចេញ ​ក្នុងកាលនោះ លុះពោលដូច្នេះហើយ ត្រូវ​បវារណាចុះ។ មិនត្រូវភិក្ខុធ្វើ​សេចក្តី​អន្តរាយ​ដល់បវារណា​ព្រោះហេតុ​ប៉ុណ្ណោះទេ។

១២៧. សភាគាបត្តិបដិកម្មវិធិ

(១២៧)

ក៏សម័យ​នោះ​ឯង សង្ឃទាំងអស់ក្នុង​អាវាស១ ត្រូវសភាគាបត្តិ (អាបត្តិដូចគ្នា) ក្នុងថ្ងៃបវារណានោះ។ ក៏ភិក្ខុ​ទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុមិនត្រូវ​សំដែង​សភាគបត្តិ មិនត្រូវទទួល​សភាគាបត្តិ (នឹងគ្នាទេ) ឥឡូវ​សង្ឃនេះ សុទ្ធតែត្រូវ​សភាគាបត្តិ​ហើយ តើយើងទាំងឡាយត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើសង្ឃ​ទាំង​អស់​​ក្នុងអាវាសមួយ ត្រូវសភាគាបត្តិ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំង​ឡាយនោះ​ បញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង​ ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោក​ទៅ​សំដែង​​អាបត្តិ​នោះ ហើយ​មកវិញ យើងទាំងឡាយនឹងសំដែង​អាបត្តិនោះ ក្នុង​សំណាក់លោក។ បើសង្ឃ​បានការសំដែង​អាបត្តិនុ៎ះដូច្នេះហើយ ការបាននុ៎ះ​ជាការល្អ បើមិនបានទេ ត្រូវភិក្ខុដែល​ឆ្លាស​ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) សង្ឃទាំងអស់នេះ​ត្រូវ​សភាគាបត្តិហើយ កាលបើសង្ឃឃើញភិក្ខុដទៃ​បរិសុទ្ធ មិនមានអាបត្តិ សង្ឃនឹងសំដែង​អាបត្តិនោះ ក្នុងសំណាក់​ភិក្ខុនោះកាលនោះ លុះពោលដូច្នេះហើយ ត្រូវ​បវារណា​ចុះ។ មិនត្រូវ​សង្ឃធ្វើ​សេចក្តីអន្តរាយ​ដល់បវារណាព្រោះហេតុ​ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើសង្ឃ​ទាំងអស់​ក្នុងអាវាសមួយ មានសេចក្តីសង្ស័យនឹងសភាគាបត្តិ ​ក្នុងថ្ងៃបវារណានោះ ត្រូវ​ភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សង្ឃទាំង​អស់នេះ មានសេចក្តីសង្ស័យ ​ក្នុងសភាគាបត្តិ កាលណាសង្ឃ​អស់សេចក្តីសង្ស័យ សង្ឃនឹង​សំដែង​​អាបត្តិ​នោះចេញ កាលនោះ លុះពោល​ដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវសង្ឃ​ធ្វើ​សេចក្តីអន្តរាយ​ដល់បវារណា ព្រោះហេតុប៉ុណ្ណោះទេ។

ចប់ បឋមភាណវារៈ។

១២៨. អនាបត្តិបន្នរសកំ

(១២៨)

[២៩] ក៏សម័យនោះឯង ពួកអាវាសិកភិក្ខុ (អ្នកនៅក្នុងអាវាស) ជាច្រើន​ប្រមាណ​៥រូប ឬជាង​៥រូបឡើងទៅ ប្រជុំគ្នាក្នុងអាវាសមួយ ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ មិនដឹង​ថាមានពួក​អាវាសិកភិក្ខុរូបឯទៀត​មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់​ថាជា​វិន័យ ជាពួកទេ តែសំគាល់ថា​ ព្រមព្រៀងគ្នា ហើយបវារណា។ កាលដែលភិក្ខុ​ទាំងឡាយ​នោះ កំពុង​បវារណា ស្រាប់តែ​មានពួក​អាវាសិកភិក្ខុឯទៀត ច្រើន​ជាងមកដល់។ ភិក្ខុ​ទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើនគឺ ៥រូប ឬជាង​៥រូប​ឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុដទៃ ​មិនទាន់​មកដល់។ ភិក្ខុទាំងឡាយ​នោះ សំគាល់​ថាជាធម៌ សំគាល់​ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ​ព្រម​ព្រៀងហើយ ក៏នាំគ្នា​បវារណា។ កាលដែលភិក្ខុទាំងនោះ កំពុងបវារណា ស្រាប់តែមានពួក​អាវាសិកភិក្ខុឯទៀត ​ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណា​ម្តងទៀត។ ភិក្ខុទាំងឡាយ ដែលបវារណាហើយ មិនត្រូវអាបត្តិ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនានេះ បើក្នុងអាវាសណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើនគឺ ៥រូប ឬជាង​៥រូប​ឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុឯទៀត​ មិនទាន់​មកដល់។ ភិក្ខុ​ទាំង​នោះ សំគាល់​ថាជាធម៌ ថាជាវិន័យ ជាពួកទេ តែសំគាល់ថា​ ព្រម​ព្រៀង ក៏នាំគ្នា​បវារណាទៅ។ កាលដែលភិក្ខុទាំងនោះ កំពុង​បវារណា ស្រាប់តែមានពួក​អាវាសិកភិក្ខុឯទៀត ​ស្មើៗគ្នាមកដល់។ ភិក្ខុទាំងឡាយ ដែលបវារណា​ហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែភិក្ខុទាំងឡាយ ​ដែលនៅសល់អំពីនោះ បវារណា ពួកភិក្ខុ ដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើនគឺ ៥រូប ឬជាង​៥រូប​ឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណា​នោះ។ ភិក្ខុ​ទាំងនោះ ​មិនដឹង​ថាមាន​ពួក​អាវាសិកភិក្ខុ​ដឯទៀត​មិនទាន់​មកដល់។ ភិក្ខុទាំង​នោះ សំគាល់​ថាជាធម៌ សំគាល់​ថាជាវិន័យ ជាពួកទេ តែសំគាល់ថា​ព្រម​ព្រៀងហើយ ក៏​បវារណាទៅ។ កាលដែល​ភិក្ខុទាំងនោះ ​កំពុង​បវារណា ស្រាប់តែមានពួក​អាវាសិកភិក្ខុឯទៀត តិចជាងមកដល់។ ភិក្ខុដែលបាន​បវារណា​ហើយ ក៏ឈ្មោះថា បវារណាល្អហើយ ត្រូវពួកភិក្ខុ ដែលនៅសល់អំពីនោះ បវារណា ភិក្ខុ​ទាំងឡាយ​ដែល​បានបវារណា​ហើយ មិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថាមានពួក​អាវាសិកភិក្ខុឯទៀត ​មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ​ ក៏សំគាល់ថា​ជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយបវារណា​ទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹង​បវារណារួច ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ បវារណាម្តងទៀត ភិក្ខុដែល​បាន​បវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុចំនួន​ស្មើៗគ្នាមកដល់។ ភិក្ខុទាំងឡាយ ​ដែលបាន​បវារណា​ហើយ ក៏ឈ្មោះថា​ បវារណាដោយល្អ ត្រូវពួកអាវាសិកភិក្ខុឯទៀត ​បវារណា​ក្នុង​សំណាក់​ភិក្ខុទាំងឡាយនោះចុះ ភិក្ខុដែលបានបវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួក​អាវាសិកភិក្ខុ​ឯទៀត​តិចជាងមកដល់។ ពួកភិក្ខុដែល​បវារណាហើយ ក៏ឈ្មោះថា ​បានបវារណា​ល្អហើយ ត្រូវ ​(ពួក​ភិក្ខុដែល​មកក្រោយ) បវារណា​ក្នុងសំណាក់​ភិក្ខុទាំងឡាយ (ដែល​បវារណាហើយ) នោះចុះ ភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួក​អាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង​៥រូប​ឡើង​ទៅ ប្រជុំគ្នាក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួក​អាវាសិកភិក្ខុឯទៀត ​មិន​ទាន់​មក​ដល់។ ភិក្ខុទាំងនោះ ​ក៏សំគាល់ថា​ជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែ​សំគាល់​ថា ​ព្រម​ព្រៀង ហើយបវារណា​ទៅ។ កាលដែលភិក្ខុ​ទាំងឡាយនោះ ទើបតែនឹង​បវារណារួច ភិក្ខុ​បរិសទ្យ​មិនទាន់​ក្រោយចេញ​នៅឡើយ ក៏ពួក​អាវាសិកភិក្ខុ​ឯទៀត​ ច្រើនជាង​មកដល់។ ម្នាលភិក្ខុ​ទាំង​ឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណា​ម្តងទៀត។ ពួកភិក្ខុ ដែលបាន​បវារណា​ហើយ មិន​ត្រូវ​អាបត្តិ​ទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត ចំនួន​ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុ​ទាំងឡាយ ​​ដែលបាន​បវារណា​ហើយ ឈ្មោះថា​ បវារណាល្អហើយ ​(ពួក​ភិក្ខុដែល​មិនទាន់បវារណា) ត្រូវបវារណា ​ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ​ ដែលបាន​បវារណា​ហើយ មិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មាន​ពួក​អាវាសិក​ភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំង​នោះ​ មិន​ដឹង​ជាមានពួក​អាវាសិកភិក្ខុឯទៀត​មិនទាន់មកដល់។ ភិក្ខុទាំងនោះ ​សំគាល់ថា​ជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏បវារណា​ទៅ។ កាលដែល​ភិក្ខុ​ទាំង​ឡាយនោះ ទើបតែនឹង​បវារណារួច ភិក្ខុបរិសទ្យពួក​ខ្លះ ក្រោកចេញទៅហើយ ក៏មាន​ពួក​អាវាសិកភិក្ខុ​​ឯទៀត ​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយ​នោះ​ បវារណា​ម្តង​ទៀត ពួកភិក្ខុដែលបាន​បវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ​ស្មើៗគ្នា​មក​ដល់។បេ។ តិចជាង។ ភិក្ខុ​ដែល​បវារណា​ហើយ ក៏ឈ្មោះថា​ បានបវារណាល្អហើយ ភិក្ខុ(ដែល​មិនទាន់បវារណា) ត្រូវបវារណា​ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ភិក្ខុ​ទាំងឡាយ​ ដែល​បាន​បវារណា​ហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុ​ទាំង​នោះ​ មិនដឹងថា មានពួក​អាវាសិកភិក្ខុឯទៀត ​មិនទាន់មកដល់។ ភិក្ខុទាំងនោះ ​សំគាល់ថា​ជាធម៌ សំគាល់​ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏បវារណា​ទៅ។ កាល​​ដែលភិក្ខុ​ទាំង​នោះ ទើបតែនឹង​បវារណារួច ភិក្ខុបរិសទ្យ​ទាំងអស់​ ក្រោកចេញហើយ ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត ​​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀតចុះ ភិក្ខុ​ទាំងឡាយដែល​បវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ​ស្មើៗ​គ្នា​មក​ដល់។បេ។ តិចជាង។ ភិក្ខុ​ដែល​បវារណា​ហើយ ក៏ឈ្មោះថា​ បានបវារណាល្អហើយ ភិក្ខុ(ដែល​មិនទាន់​បវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ភិក្ខុ​ដែល​បវារណាហើយ មិនត្រូវអាបត្តិទេ។

ចប់ រឿង​ភិក្ខុបវារណា​មិនត្រូវអាបត្តិ មាន១៥យ៉ាង។

១២៩. វគ្គាវគ្គសញ្ញីបន្នរសកំ

(១២៩)

[៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ ​មានពួក​អាវាសិកភិក្ខុ ជា​ច្រើន គឺ​៥រូប ឬជាង​៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងឡាយនោះ ដឹង​ថា​មានពួក​​អាវាសិកភិក្ខុឯទៀត ​មកមិនទាន់ដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់​ថា​ជា​វិន័យ ជាពួកទេ តែសំគាល់ថា​ព្រមព្រៀងគ្នា ហើយក៏បវារណាទៅ។ កាលភិក្ខុ​ទាំងឡាយ​នោះ​កំពុង​​បវារណា ក៏​មានពួក​អាវាសិកភិក្ខុឯទៀត ច្រើន​ជាងមកដល់។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ បវារណា​ម្តងទៀត។ ភិក្ខុដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។បេ។ ក៏មានពួក​អាវាសិកភិក្ខុឯទៀត ​ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុទាំងឡាយដែល​បវារណា​ហើយ ក៏ឈ្មោះថា បានបវារណា ដោយល្អហើយ ត្រូវភិក្ខុដែលនៅសល់អំពីនោះ បវារណាចុះ ពួកភិក្ខុ​ដែល​បវារណា​ហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំងឡាយនោះដឹងថា មានពួក​អាវាសិកភិក្ខុឯទៀត ​មិនទាន់មកដល់។ ភិក្ខុ​ទាំងឡាយ​នោះ​​សំគាល់ថា​ ជាធម៌ សំគាល់ថា ជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយក៏បវារណា​​ទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹង​បវារណារួច។បេ។ ភិក្ខុ​បរិសទ្យ​មិនទាន់​ក្រោក ភិក្ខុបរិសទ្យពួក​ខ្លះក្រោកហើយ ភិក្ខុបរិសទ្យ​ទាំងអស់ ​ក្រោកចេញហើយ ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​​ឯទៀត​​ ច្រើនជាង ​មកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ​ដែល​បវារណា​ហើយ ក៏ឈ្មោះថា​ បានបវារណាល្អហើយ ពួកភិក្ខុ(ដែល​មិនទាន់បវារណា) ត្រូវបវារណា​ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ​ ដែល​បវារណាហើយ ត្រូវអាបត្តិទុក្កដ។

ចប់ រឿងពួក​ភិក្ខុជាពួក តែសំគាល់ថា ព្រមព្រៀងគ្នា មាន១៥យ៉ាង។

១៣០. វេមតិកបន្នរសកំ

(១៣០)

[៣១] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះ​ដឹងថា មានពួកអាវាសិកភិក្ខុ​ឯទៀតមិនទាន់មកដល់។ ពួកភិក្ខុទាំងឡាយនោះ​មានសេចក្តី​សង្ស័យ​ដូច្នេះថា គួរយើងទាំងឡាយបវារណា ឬមិនគួរទេ (ហើយក៏នាំគ្នា) បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ ​កំពុងតែបវារណា ក៏មានពួកអាវាសិកភិក្ខុឯទៀត ​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត ពួកភិក្ខុ ដែលបវារណា​ហើយ ត្រូវអាបត្តិ​ទុក្កដ។បេ។ ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវពួកភិក្ខុ ដែលនៅ​សល់អំពីនោះ​ បវារណាចុះ ពួកភិក្ខុដែលបវារណាហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើក្នុង​អាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត ​មិនទាន់​មកដល់។ តែពួកភិក្ខុទាំងនោះ មានសេចក្តី​សង្ស័យថា គួរ​យើងទាំងឡាយ​បវារណា ឬមិនគួរទេ (ហើយ​ក៏នាំគ្នា) បវារណាទៅ។ កាល​ដែលពួក​ភិក្ខុទាំងនោះ ទើបតែ​នឹងបវារណាហើយ។បេ។ ភិក្ខុ​បរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ​ក្រោកចេញហើយ ភិក្ខុបរិសទ្យ​ទាំងអស់​ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើនជាង​មកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ឈ្មោះថា បានបវារណាល្អហើយ ពួកភិក្ខុ (ដែល​មិនទាន់​បវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​នោះចុះ ពួកភិក្ខុ ​ដែលបវារណាហើយ ត្រូវអាបត្តិ​ទុក្កដ។

ចប់ រឿងពួកភិក្ខុ​មានសេចក្តីសង្ស័យ មាន១៥យ៉ាង។

១៣១. កុក្កុច្ចបកតបន្នរសកំ

(១៣១)

[៣២] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ ​ដឹងថា មានពួកអាវាសិកភិក្ខុ​ឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ​ មានសេចក្តី​រង្កៀសថា យើង​ទាំង​ឡាយ​ គួរតែបវារណា មិនមែនថា យើងមិនគួរបវារណាទេ ដូច្នេះហើយ ក៏បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ​កំពុងតែបវារណា ទើបមានអាវាសិកភិក្ខុឯទៀត​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុទាំងនោះបវារណាម្តងទៀត ឯពួកភិក្ខុដែលបវារណា​ហើយ ត្រូវអាបត្តិ​ទុក្កដ។បេ។ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួក​ភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែពួកភិក្ខុ ដែលនៅ​សល់​អំពី​នោះ​ បវារណាចុះ ពួកភិក្ខុ ដែលបវារណាហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើ​អាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត ​មិនទាន់​មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា ​យើងទាំងឡាយ​ គួរតែបវារណា មិនមែនថា​យើងទាំងឡាយ​ មិន​គួរបវារណាទេដូច្នេះ ហើយ​ក៏បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ ទើបតែ​នឹង​បវារណា​ហើយ។បេ។ ភិក្ខុ​បរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ​ក្រោក​ចេញ​ទៅហើយ ភិក្ខុបរិសទ្យ​ទាំងអស់ ​ក្រោកចេញទៅហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើន​ជាង​​មក​ដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ ឈ្មោះថា​បាន​បវារណា​ល្អ​ហើយ ពួកភិក្ខុ (ដែល​មិនទាន់​បានបវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​​នោះចុះ ភិក្ខុ​ដែលបវារណាហើយ ត្រូវអាបត្តិ​ទុក្កដ។

ចប់ រឿងពួកភិក្ខុ​មានសេចក្តីរង្កៀស មាន១៥យ៉ាង។

១៣២. ភេទបុរេក្ខារបន្នរសកំ

(១៣២)

[៣៣] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​អាវាសិកភិក្ខុ​​ទាំងឡាយជា​ច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះ​ ដឹងថាមាន​ពួក​អាវាសិកភិក្ខុ​ឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ​មានបំណងនឹង​បំបែកសង្ឃថា ភិក្ខុទាំងឡាយនុ៎ះ ចូរបាត់ទៅចុះ ភិក្ខុទាំងឡាយនុ៎ះ​ ចូរវិនាស​ទៅចុះ ប្រយោជន៍អ្វី​ ដោយភិក្ខុ​ទាំងឡាយនោះ ដូច្នេះហើយ ក៏បវារណាទៅ។ កាល​បើ​ភិក្ខុទាំងនោះ​ កំពុងបវារណា ទើប​មាន​ពួក​អាវាសិកភិក្ខុឯទៀត ​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយ​នោះ ​បវារណា​ម្តង​ទៀត ពួកភិក្ខុ ដែលបានបវារណា​ហើយ ត្រូវអាបត្តិ​ថុល្លច្ច័យ។បេ។ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត ​ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួក​ភិក្ខុ ដែលបវារណាហើយ ក៏ឈ្មោះថា បាន​បវារណា​ល្អ​ហើយ ត្រូវតែពួកភិក្ខុ ដែលនៅ​សល់​អំពី​នោះ​ បវារណាចុះ ពួកភិក្ខុ ដែលបានបវារណាហើយ ត្រូវ​អាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើ​ក្នុងអាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុ​ទាំងឡាយ​នោះ ​ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត​មិនទាន់មកដល់។ (តែ) ពួកភិក្ខុទាំងនោះ​មានបំណង​នឹង​បំបែក​សង្ឃថា ភិក្ខុទាំងឡាយនុ៎ះ ចូរបាត់ទៅចុះ ភិក្ខុទាំងឡាយនុ៎ះ ចូរវិនាស​ទៅចុះ ត្រូវ​ការអ្វី​ដោយ​ភិក្ខុទាំងឡាយនោះ ដូច្នេះហើយ ក៏បវារណាទៅ។ កាលបើ​ភិក្ខុទាំងឡាយនោះ ទើបតែ​នឹង​បវារណា​ហើយ។បេ។ ភិក្ខុ​បរិសទ្យ មិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ ​ក្រោកចេញហើយ ភិក្ខុ​បរិសទ្យ​​ទាំងអស់ ​ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត ​ច្រើនជាង​មក​ដល់។ ម្នាល​ភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ ​បវារណា​ម្តងទៀត ពួក​ភិក្ខុ ដែល​បាន​បវារណា​ហើយ ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ទើបមានពួក​អាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួក​ភិក្ខុ​ដែលបវារណាហើយ ក៏ឈ្មោះថា​ បាន​បវារណា​ល្អ​ហើយ ត្រូវភិក្ខុ​ទាំងឡាយ​នោះ បវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​នោះចុះ ពួកភិក្ខុ​ដែលបានបវារណាហើយ ត្រូវអាបត្តិ​ថុល្លច្ច័យ។

ចប់ រឿងពួកភិក្ខុ​មានបំណងនឹងបំបែកសង្ឃ មាន១៥យ៉ាង។

១៣៣. សីមោត្តន្តិកបេយ្យាលំ

(១៣៣)

[៣៤] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះមិន​ដឹងជា មានពួកអាវាសិកភិក្ខុ​ឯទៀត កំពុងដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ​មិនដឹងថា មានពួក​អាវាសិកភិក្ខុ​ឯទៀត ​ដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ មិនឃើញ​ពួកអាវាសិកភិក្ខុឯទៀត ​កំពុងដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ មិនឃើញ​ពួកអាវាសិកភិក្ខុឯទៀត បានដើរចូលមកដល់ ខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ មិនឮថា ពួកអាវាសិកភិក្ខុ​ឯទៀត ​កំពុង​ដើរចូលមកខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ ​មិនឮថា ពួកអាវាសិកភិក្ខុ​ឯទៀត ​បានដើរចូល​មកខាងក្នុងសីមា។ ពួកអាវាសិកភិក្ខុ​ និងអាវាសិកភិក្ខុ​មានន័យ១៧៥តិក ពួកអាគន្តុកភិក្ខុ​ និងអាវាសិកភិក្ខុ​មានន័យ​១៧៥តិក ពួក​អាវាសិកភិក្ខុ និង​អាគន្តុកភិក្ខុ​មានន័យ​១៧៥តិក ពួក​អាគន្តុកភិក្ខុ និង​អាគន្តុកភិក្ខុ​មានន័យ​១៧៥តិក ត្រូវជា​៧០០តិក តាមរបៀប​បេយ្យាលមុខ។

១៣៤. ទិវសនានត្តំ

(១៣៤)

[៣៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ​ ប្រកាន់​ថា ថ្ងៃ​១៤ ពួកអាគន្តុកភិក្ខុ ប្រកាន់ថា ថ្ងៃ​១៥។ បើពួកអាវាសិកភិក្ខុ​ច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ​ ប្រព្រឹត្ត​តាមអាវាសិកភិក្ខុ។ បើមានចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាមពួក​អាវាសិកភិក្ខុ​វិញ។ បើពួក​អាគន្តុក​ភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ​ប្រព្រឹត្តតាម​ពួកអាគន្តុកភិក្ខុ​ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ យល់​ថាថ្ងៃ​១៥ ពួក​អាគន្តុក​ភិក្ខុ​យល់ថា ថ្ងៃ​១៤។ បើពួកអាវាសិកភិក្ខុ ​មានចំនួនច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ។ បើចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាមពួក​អាវាសិកភិក្ខុ​វិញ។ បើពួក​អាគន្តុក​ភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ ​ប្រព្រឹត្តតាមពួកអាគន្តុកភិក្ខុចុះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ​ យល់​ថាថ្ងៃ​១កើត ឬ១រោច ពួក​អាគន្តុក​ភិក្ខុ​យល់​ថា ​ថ្ងៃ​១៥។ បើពួកអាវាសិកភិក្ខុ មានចំនួន​ច្រើនជាង មិនត្រូវពួកអាវាសិកភិក្ខុ​ ឲ្យសាមគ្គី​ដល់ពួកអាគន្តុកភិក្ខុទេ ត្រូវពួកអាគន្តុកភិក្ខុ​ ទៅកាន់ទី​ក្រៅសីមា ហើយបវារណាចុះ។ បើ​ស្មើៗគ្នា​ទេ មិនត្រូវពួកអាវាសិកភិក្ខុ ​ឲ្យសាមគ្គី​ ដល់ពួក​អាគន្តុកភិក្ខុឡើយ ត្រូវពួក​អាគន្តុកភិក្ខុ ​ទៅកាន់ទី​ក្រៅសីមា ហើយបវារណាចុះ។ បើពួកអាគន្តុកភិក្ខុច្រើនជាង ត្រូវពួក​អាវាសិកភិក្ខុ ​ឲ្យសាមគ្គី​ដល់ពួក​​អាគន្តុកភិក្ខុ​ ឬត្រូវ​ទៅកាន់ទីក្រៅសីមា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ​ យល់​ថាថ្ងៃ​១៥ ពួក​អាគន្តុក​ភិក្ខុ ​យល់​ថា​ថ្ងៃ​១កើត ឬ១រោច។ បើ​ពួក​អាវាសិកភិក្ខុ​​ច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ​ ឲ្យសាមគ្គី ​ដល់អាវាសិកភិក្ខុ ឬត្រូវ​ទៅកាន់ទី​ក្រៅ​សីមា។ បើពួកភិក្ខុទាំងនោះ ​ស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ​ ឲ្យសាមគ្គី​ដល់ពួក​អាវាសិកភិក្ខុ ឬត្រូវ​​ទៅ​កាន់ទី​ក្រៅសីមា។ បើពួកអាគន្តុកភិក្ខុច្រើនជាង មិនត្រូវពួក​អាគន្តុកភិក្ខុ ​ឲ្យសាមគ្គី​ដល់ពួក​អាវាសិកភិក្ខុឡើយ​ ត្រូវពួកអាវាសិកភិក្ខុ ​ទៅកាន់ទីក្រៅសីមា ហើយបវារណាចុះ។

១៣៥. លិង្គាទិទស្សនំ

(១៣៥)

[៣៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួក​អាគន្តុកភិក្ខុ ឃើញ​អាការរបស់​អាវាសិកភិក្ខុ ភេទរបស់​អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេស ​របស់អាវាសិកភិក្ខុ គ្រែ និងតាំង ពូក និងខ្នើយ ដែលពួក​អាវាសិកភិក្ខុ ​លាតក្រាលដោយល្អហើយ ទឹកឆាន់ ទឹកប្រើ​ដែល​ពួកអាវាសិកភិក្ខុ ដម្កល់​ល្អហើយ បរិវេណ ដែលពួក​អាវាសិកភិក្ខុ បោសស្អាតហើយ។ លុះ​ឃើញហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាវាសិកភិក្ខុ ឬគ្មានទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​មានសេចក្តីសង្ស័យ មិនពិនិត្យ គយគន់មើល លុះមិនពិនិត្យហើយ ក៏បវារណា ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​សង្ស័យ ហើយក៏ពិនិត្យ លុះពិនិត្យហើយ មិនឃើញ លុះមិនឃើញហើយ ក៏បវារណា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​សង្ស័យ ហើយ​ពិនិត្យមើល លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាគន្តុក​ភិក្ខុ​ទាំងនោះ​សង្ស័យ ហើយក៏ពិនិត្យ លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏​បវារណាផ្សេងៗគ្នា ត្រូវអាបត្តិ​ទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ​មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​មើល ក៏ឃើញ លុះឃើញ​ហើយ ក៏មានបំណងនឹងបំបែក​សង្ឃ​ដោយគិតថា ពួកភិក្ខុទាំងនុ៎ះ ​ចូរបាត់ទៅ ពួកភិក្ខុទាំងនុ៎ះ ​ចូរវិនាសទៅ ត្រូវការអ្វី ​ដោយពួក​ភិក្ខុ​ទាំងនោះ ហើយក៏បវារណា ត្រូវអាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួក​អាគន្តុកភិក្ខុ​ ឮ​អាការរបស់​អាវាសិកភិក្ខុ ភេទរបស់​អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេស​​របស់អាវាសិកភិក្ខុ សូរជើងរបស់ពួក​អាវាសិកភិក្ខុ កំពុងចង្ក្រម សំឡេងស្វាធ្យាយ (សូត្រធម៌) សំឡេងក្អក សំឡេងកណ្តាស់ របស់ពួកអាវាសិកភិក្ខុ​។ លុះឮហើយ មាន​សេចក្តី​សង្ស័យ​ថា មាន​ពួក​អាវាសិកភិក្ខុ ឬគ្មានទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ ​មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យហើយ ក៏បវារណាទៅ ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​ហើយ​មិន​ឃើញ លុះមិនឃើញហើយ ក៏បវារណាទៅ មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ មាន​សេចក្តី​សង្ស័យ ហើយ​ពិនិត្យមើល លុះពិនិត្យមើលហើយ ក៏ឃើញ លុះឃើញហើយ ក៏​បវារណា​ជា​មួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាគន្តុក​ភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយ ក៏ឃើញ លុះឃើញហើយ ក៏​បវារណាផ្សេងៗគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាគន្តុកភិក្ខុទាំងនោះ​មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​មើល ហើយឃើញ លុះ​ឃើញ​ហើយ មានបំណងនឹងបំបែក​សង្ឃ​ ដោយគិតថា ពួកលោកទាំងនុ៎ះ​ បាត់ទៅចុះ ចូរលោកទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វី​ ដោយ​ភិក្ខុ​ទាំងនោះ ដូច្នេះហើយ ក៏បវារណា ត្រូវអាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ​ឃើញ​អាការ របស់​អាគន្តុកភិក្ខុ ភេទរបស់​អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេស​របស់អាគន្តុកភិក្ខុ បាត្រ​ដែលខ្លួន​មិនស្គាល់ ចីវរដែលខ្លួន​មិនស្គាល់ សំពត់និសីទនៈ​ដែលខ្លួនមិនស្គាល់ ស្នាមដែល​ស្រោចទឹក​លាងជើង​របស់ពួក​អាគន្តុកភិក្ខុ។ លុះ​ឃើញហើយ ក៏មានសេចក្តីសង្ស័យថា មាន​ពួក​អាគន្តុកភិក្ខុ ឬគ្មាន​ទេ។ ពួកអាវាសិក​ទាំងនោះ ​មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យមើល​ហើយ ក៏បវារណា ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​ មានសេចក្តី​សង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយមិនឃើញ លុះមិនឃើញហើយ ក៏បវារណា មិនត្រូវអាបត្តិទេ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ ​មានសេចក្តីសង្ស័យ ហើយក៏​ពិនិត្យ​មើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ បវារណាជាមួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាវាសិក​ភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ទើបពិនិត្យមើល លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏​បវារណាញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះ ​មានសេចក្តី​សង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យ​មើលហើយឃើញ លុះឃើញ​ហើយ មាន​បំណង​នឹង​បំបែក​​​សង្ឃ​ដោយគិតថា ចូរភិក្ខុទាំងនុ៎ះ បាត់ទៅចុះ ចូរភិក្ខុទាំងនុ៎ះ ​វិនាសទៅចុះ ត្រូវការអ្វី ​ដោយ​ពួក​​ភិក្ខុ​ទាំងនោះ ដូច្នេះហើយ ក៏បវារណាទៅ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើពួកអាវាសិកភិក្ខុ បានឮ​អាការ របស់​អាគន្តុកភិក្ខុ ភេទរបស់​អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេស​របស់អាគន្តុកភិក្ខុ សូរជើងរបស់ពួកអាគន្តុកភិក្ខុ កំពុងដើរមក សូរគោះស្បែកជើង សូរក្អក សូរកណ្តាស់ របស់ពួក​អាគន្តុកភិក្ខុ។ លុះ​ឮហើយ ក៏​មាន​សេចក្តី​សង្ស័យ​ថា មានពួកអាគន្តុកភិក្ខុ ឬគ្មានទេ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​ មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យមើលហើយ ក៏បវារណា ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាវាសិក​ភិក្ខុ​​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យហើយមិនឃើញ លុះ​មិន​ឃើញ​ហើយ ក៏បវារណាទៅ មិនត្រូវអាបត្តិទេ។ ពួកអាអាវាសិក​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយ​ពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាវាសិក​ភិក្ខុ​ទាំងនោះ​ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើល​ហើយ​ឃើញ លុះឃើញហើយ ក៏​បវារណាញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះ ​មាន​សេចក្តី​​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​មើលហើយឃើញ លុះឃើញ​ហើយ ក៏​មាន​បំណង​នឹង​បំបែក​សង្ឃ​ដោយគិតថា ចូរភិក្ខុទាំងនុ៎ះ ​បាត់ទៅចុះ ពួកភិក្ខុទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វី​ដោយ​ភិក្ខុ​ទាំងនោះ ដូច្នេះហើយ ក៏បវារណាទៅ ត្រូវអាបត្តិ​ថុល្លច្ច័យ។

១៣៦. នានាសំវាសកាទីហិ បវារណា

(១៣៦)

[៣៧] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិនជាពួក​អាគន្តុក​ភិក្ខុ បាន​ឃើញ​ពួកអាវាសិកភិក្ខុ​ មានសំវាស​ផ្សេងគ្នា។ ពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់​បានសេចក្តីយល់ថា មានសំវាសស្មើគ្នាទៅវិញ លុះត្រឡប់​បានសេចក្តីយល់​ថា មានសំវាស​ស្មើគ្នា​ហើយ មិនសួរ (លទ្ធិ) លុះ​មិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិ​ទេ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះ ​សួរ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន គឺមិនអាច​ឲ្យ​ភិក្ខុទាំងអស់នោះ លះបង់​ទិដ្ឋិ​ខុសបាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណា​ជាមួយគ្នាទៅ ត្រូវអាបត្តិ​ទុក្កដ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន លុះគ្របសង្កត់មិនបានហើយ ក៏​បវារណាញែកគ្នា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិនជាពួក​អាគន្តុក​ភិក្ខុ​ ឃើញ​ពួកអាវាសិកភិក្ខុ​ មានសំវាសស្មើគ្នា។ ពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់​បាន​សេចក្តី​យល់ថា ពួកអាវាសិកភិក្ខុមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់​បានសេចក្តីយល់​ថា មានសំវាសផ្សេងគ្នា​ហើយ មិនសួរ (លទ្ធិ) លុះ​មិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះ​សួរ លុះសួរហើយ ក៏គ្របសង្កត់បាន គឺ​ឲ្យពួក​អាវាសិក​​ភិក្ខុ លះបង់​ទិដ្ឋិ​ខុសបាន លុះគ្របសង្កត់បានហើយ ក៏បវារណា​ញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួក​អាគន្តុកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ ក៏គ្របសង្កត់បាន លុះគ្រប​សង្កត់​បានហើយ ក៏​បវារណា​ជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះសួរ លុះសួរហើយ គ្របសង្កត់​មិនបាន លុះគ្របសង្កត់​មិនបានហើយ ក៏បវារណា​ញែកគ្នាទៅ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើពួក​អាវាសិក​ភិក្ខុ បាន​ឃើញ​ពួកអាគន្តុកភិក្ខុ ​មានសំវាស​ផ្សេងគ្នា។ (តែ) ពួកអាវាសិកភិក្ខុទាំងនោះ ត្រឡប់​បានសេចក្តីយល់ថា ពួកអាគន្តុកភិក្ខុ ​មាន​សំវាស​ស្មើគ្នា​ទៅ​វិញ លុះត្រឡប់​បានសេចក្តីយល់​ថា ពួកអាគន្តុកភិក្ខុមានសំវាស​ស្មើគ្នា​ហើយ មិនសួរ លុះ​មិន​សួរ​ហើយ ក៏បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិ​ទេ។បេ។ ពួកអាវាសិកភិក្ខុទាំងនោះ​សួរ លុះ​សួរ​ហើយ គ្របសង្កត់មិនបាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណា​ជាមួយគ្នាទៅ ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ គ្របសង្កត់មិនបាន លុះ​គ្របសង្កត់​មិន​បាន​ហើយ ក៏​បវារណាញែកគ្នា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើ​ពួក​អាវាសិក​ភិក្ខុបាន​ឃើញ​ពួកអាគន្តុកភិក្ខុ​មានសំវាសស្មើគ្នា។ (តែ) ពួកអាវាសិកភិក្ខុទាំងនោះ ត្រឡប់​​បាន​សេចក្តី​យល់ថា ពួកអាគន្តុកភិក្ខុមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់​បាន​សេចក្តី​យល់​​ថា ​មានសំវាសផ្សេងគ្នា​ហើយ មិនសួរ លុះ​មិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ពួកអាវាសិកភិក្ខុទាំងនោះ​សួរ លុះសួរហើយ គ្របសង្កត់បាន លុះ​គ្រប​សង្កត់​បាន​ហើយ ក៏បវារណា​ញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ គ្រប​សង្កត់​បាន លុះគ្រប​សង្កត់​បានហើយ ក៏​បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិទេ។

១៣៧. ន គន្តព្វវារោ

(១៣៧)

[៣៨] ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុទាំងឡាយចេញពី​អាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ដែលគ្មានភិក្ខុទេ វៀរលែងតែ​សង្ឃ វៀរលែងតែ​ភិក្ខុមានការ​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុទាំងឡាយ​ចេញពី​អាវាស​ដែល​មានភិក្ខុ ទៅកាន់អនាវាស (ទី​មិនមែន​អាវាស) ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អាវាស​ដែល​មានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មាន​ការ​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អនាវាស​ដែល​មានភិក្ខុ ទៅកាន់អាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អនាវាស​ដែល​មានភិក្ខុ ទៅ​កាន់​អនាវាស​ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អនាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស ឬអនាវាស​ដែល​គ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ឬ​ពីអនាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ដែល​គ្មាន​ភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ឬ​ពីអនាវាស​ដែល​មានភិក្ខុ ទៅកាន់​អនាវាស​ដែល​គ្មាន​ភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ឬអនាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស ឬអនាវាស​ដែល​គ្មាន​ភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ដែល​មាន​ភិក្ខុនោះទេ គឺអាវាសណា​ ដែលមានពួក​ភិក្ខុ មានសំវាស​ផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ​ដែល​មាន​ភិក្ខុ ទៅកាន់​អនាវាស​ ដែល​មាន​ភិក្ខុនោះទេ គឺអនាវាសណា ​ដែលមានពួក​ភិក្ខុ មានសំវាស​ផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ឬអនាវាស ​ដែល​មាន​ភិក្ខុទេ គឺអាវាស ឬអនាវាសណា ​ដែលមានពួក​ភិក្ខុ មានសំវាស​ផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញ​ពី​អនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុទេ។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាសទេ គឺអាវាស ឬអនាវាសណា ​ដែលមានពួក​ភិក្ខុមានសំវាស​ផ្សេងគ្នា វៀរ​លែង​តែ​សង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញ​​ពី​អាវាស ឬអនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ ដែល​មាន​ភិក្ខុទេ។បេ។ ទៅកាន់​អនាវាសទេ។បេ។ ទៅកាន់​អាវាស ឬអនាវាសទេ គឺអាវាស ឬអនាវាសណា ​ដែលមានពួក​ភិក្ខុ​មាន​សំវាស​​ផ្សេងគ្នា វៀរ​លែង​តែ​សង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។

១៣៨. គន្តព្វវារោ

(១៣៨)

ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ដែលមានពួក​ភិក្ខុ មានសំវាសស្មើគ្នាបាន ហើយភិក្ខុ​ក៏ដឹងថា អាវាសណា អាត្មាអញ​ អាចទៅ​ទាន់​ក្នុងថ្ងៃ​នេះជាប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស ឬទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ ដែលមានពួក​ភិក្ខុមានសំវាសស្មើគ្នា ហើយភិក្ខុ​ក៏ដឹងថា អាវាស​ណាអាត្មាអញ ​អាចទៅ​ទាន់ ​ក្នុងថ្ងៃ​នេះជាប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អាវាស ឬអនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ ដែលមានពួក​ភិក្ខុ​មាន​សំវាស​ស្មើគ្នាបាន ហើយភិក្ខុ​ក៏ដឹងថា អាវាសណា អាត្មាអញ ​អាចទៅ​ទាន់ ​ក្នុងថ្ងៃ​នេះជាប្រាកដ។

១៣៩. វជ្ជនីយបុគ្គលសន្ទស្សនា

(១៣៩)

[៣៩] ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យ​ដែលមានភិក្ខុនីអង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិន​ត្រូវភិក្ខុបវារណា​ក្នុងបរិសទ្យ​ ដែលមាននាង​សិក្ខមានា សាមណេរ សាមណេរី បុគ្គលអ្នកលាសិក្ខា បុគ្គល​អ្នកត្រូវ​អន្តិមវត្ថុ​ អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុ​បវារណា​ក្នុងបរិសទ្យ ​ដែលមានភិក្ខុត្រូវ​សង្ឃលើកវត្ត ព្រោះ​មិនឃើញអាបត្តិ អង្គុយជាមួយ​ផងទេ ភិក្ខុ​ណាបវារណា ត្រូវវិនយធរ​ឲ្យភិក្ខុនោះ ធ្វើ​តាម​ធម៌ (គឺឲ្យសំដែងអាបត្តិចេញ)។ មិនត្រូវភិក្ខុ​បវារណា​ ក្នុងបរិសទ្យ ​ដែលមានភិក្ខុ​ត្រូវសង្ឃ​លើកវត្ត​ ព្រោះមិនសំដែង​អាបត្តិ ភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះ​មិនលះទិដ្ឋិអាក្រក់ ​អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវវិនយធរ​ឲ្យភិក្ខុនោះ ធ្វើតាមធម៌។ មិនត្រូវភិក្ខុ​បវារណា​ក្នុងបរិសទ្យ ​ដែលមានបណ្ឌក (ខ្ទើយ) ​អង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ មិនត្រូវភិក្ខុ​បវារណា ​ក្នុងបរិសទ្យ​ដែលមានបុគ្គល ជាថេយ្យសំវាសក4) បុគ្គល​គេចទៅចូល​សាសន៍​តិរ្ថិយ តិរច្ឆាន បុគ្គល​អ្នកសម្លាប់មាតា អ្នកសម្លាប់បិតា អ្នកសម្លាប់​ព្រះអរហន្ត អ្នកទ្រុស្តភិក្ខុនី អ្នកបំបែកសង្ឃ អ្នកធ្វើ​លោហិតុប្បាទ (ធ្វើ​ព្រះលោហិត​ព្រះពុទ្ធ​ឲ្យពងឡើង) បុគ្គលជា​ឧភតោព្យញ្ជនកៈ (មនុស្សមាន​ភេទ​ពីរ) ​អង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុបវារណា ដោយឲ្យ​បវារណា ឈ្មោះថាបរិវាសិក (មានបរិសទ្យក្រោក​ចេញទៅ​ហើយ) វៀរលែង​តែបរិសទ្យ​មិនទាន់ក្រោក​ចេញ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណា ​ក្នុងថ្ងៃ​មិនមែន​ថ្ងៃ​បវារណាទេ វៀរលែងតែ​សង្ឃសាមគ្គី ​បវារណាចេញ។

ចប់ ទុតិយភាណវារៈ។

១៤០. ទ្វេវាចិកាទិបវារណា

(១៤០)

[៤០] ក៏សម័យនោះឯង មានអាវាសមួយ​ក្នុងកោសលជនបទ​ កើតសញ្ចរភ័យ5) ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយ មិនអាច​នឹងបវារណា​ជាតេវាចិកាបវារណា (បវារណា ជាគំរប់៣ដង) ​បាន។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុបវារណា ​ជាទ្វេវាចិកាបវារណា (បវារណា​ ជាគំរប់ពីរដង) ​បាន។ (កាលនោះ) សញ្ចរភ័យ​ដ៏ក្លាខ្លាំងជាងមុន​កើតឡើងទៀត។ ពួកភិក្ខុ មិនអាច​នឹងបវារណា ​ជាទ្វេវាចិកាបវារណា​បាន។ ភិក្ខុ​ទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​ភិក្ខុបវារណា ​ជាឯកវាចិកាបវារណា (បវារណា​តែម្ដងៗ) ​បាន។ សញ្ចរភ័យ​ដ៏ក្លាខ្លាំងជាងមុន​កើតឡើងទៀត។ (កាលនោះ) ពួកភិក្ខុមិនអាច​បវារណា​ជាឯកវាចិកាបវារណា​​បាន។ ពួកភិក្ខុ ក្រាបទូលដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​ភិក្ខុបវារណា​ជាសមានវស្សិកា​បវារណា (ឲ្យភិក្ខុ​ដែលមានវស្សាស្មើៗ​គ្នា បវារណា​ព្រមគ្នា)​បាន។ ក៏សម័យនោះ​ឯង ក្នុងអាវាសមួយ មានពួកមនុស្ស(មក) ឲ្យទានក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន (ជិតភ្លឺ)។ ទើប​ភិក្ខុទាំងឡាយនោះ​ មានសេចក្តីត្រិះរិះ​ដូច្នេះថា ពួកមនុស្សទាំងនេះ​ ឲ្យទានអស់​រាត្រី​ជាច្រើន បើសង្ឃ​នឹងបវារណា​ ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រីនេះ​ ជិតភ្លឺ​ហើយ តើយើង​ទាំងឡាយ ត្រូវប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ​ មានពួក​មនុស្ស ឲ្យទានក្នុងថ្ងៃ​បវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុ​ក្នុងទីនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ពួកមនុស្សដែល​ឲ្យទាន អស់​រាត្រី​ជាច្រើន បើសង្ឃ​នឹងបវារណា​ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រី​ជិតភ្លឺ​ហើយ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិតមាន) ពួកមនុស្សអ្នក​ឲ្យ​ទាន អស់រាត្រីជាច្រើន។ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណា​មិនទាន់ទេ ដ្បិតរាត្រីជិតភ្លឺហើយ។ បើកម្មមានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួក​ភិក្ខុនិយាយធម៌ ពួកភិក្ខុរៀនព្រះសូត្រ​សង្គាយនា (ផ្ទៀងផ្ទាត់) ព្រះសូត្រ ពួកភិក្ខុជាវិនយធរ​ វិនិច្ឆ័យ​វិន័យ ពួកភិក្ខុធម្មកថិក​សាកច្ឆាធម៌ ពួក​ភិក្ខុធ្វើសេចក្តីឈ្លោះគ្នា ក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុក្នុងអាវាស​នោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ពួកភិក្ខុធ្វើសេចក្តីឈ្លោះគ្នា អស់រាត្រីជាច្រើន បើសង្ឃ​នឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹង​បវារណា​មិនទាន់ ព្រោះរាត្រីទៀបភ្លឺហើយ។ ត្រូវ​ភិក្ខុ​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពួកភិក្ខុធ្វើ​សេចក្តី​ឈ្លោះគ្នា អស់រាត្រីជាច្រើន។ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណា​មិន​ទាន់ ព្រោះរាត្រីទៀបភ្លឺហើយ បើកម្មមានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ក្នុងអាវាសមួយ ក្នុងកោសល​ជនបទ មានភិក្ខុសង្ឃច្រើន​ ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ ទីដែលគត់​ភ្លៀងក៏តិច មហាមេឃ​ក៏តាំងឡើង (គឺនឹងធ្លាក់ភ្លៀង)។ ទើបភិក្ខុទាំងនោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនម្ល៉េះ ទីដែលគត់ភ្លៀង​ក៏តិច មហាមេឃ ​ក៏តាំងឡើងហើយ បើសង្ឃ​នឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹង​បវារណា​មិនហើយ ជាប្រាកដ ភ្លៀងនេះនឹងធ្លាក់​ចុះ​មិនខាន គួរពួកយើង​ប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណា​មួយ មានភិក្ខុសង្ឃច្រើន ​ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ។ ទីគត់​ភ្លៀងក៏តិច ភ្លៀងធំ​ក៏តាំងឡើង​ហើយ។ បើពួកភិក្ខុក្នុងអាវាសនោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើន​ដល់​ម្ល៉េះ ទីដែលគត់ភ្លៀង​ក៏តិច ភ្លៀងធំ ​ក៏តាំងឡើងហើយ បើសង្ឃ​នឹងបវារណា ជា​តេវាចិកា​បវារណា សង្ឃនឹង​បវារណា​មិនហើយ ជាប្រាកដ ភ្លៀងនឹងធ្លាក់​ចុះ​មិនខាន។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនណាស់។ ទីគត់ភ្លៀងក៏តិច ភ្លៀងធំ ក៏​តាំងឡើយហើយ។ បើសង្ឃ​នឹងបវារណា​ជា​តេវាចិកា​បវារណា សង្ឃនឹងបវារណា​មិនហើយជាប្រាកដ ភ្លៀងនេះធ្លាក់​ចុះមិនខាន។ បើកម្ម​មានកាល​គួរ​ដល់សង្ឃហើយ សង្ឃគប្បីបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណា​មួយ មានការអន្តរាយអំពីស្តេច ក្នុងថ្ងៃបវារណានោះ។បេ។ មានការអន្តរាយ​អំពីចោរ។ មានការអន្តរាយ​អំពី​ភ្លើង។ មានការអន្តរាយអំពីទឹក។ មានការអន្តរាយអំពីមនុស្ស។ មានការអន្តរាយអំពី​អមនុស្ស (មានខ្មោចបិសាច​ជាដើម)។ មានការអន្តរាយអំពី​សត្វសាហាវ។ មានការអន្តរាយ​អំពី​សត្វលូនវារ (ពស់តូចពស់ធំ)។ មានការអន្តរាយដល់​ជីវិត។ មានការអន្តរាយដល់​ព្រហ្មចារ្យ។ បើពួកភិក្ខុ​ក្នុង​អាវាស​នោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះឯង​ជា​សេចក្តីអន្តរាយ​ដល់ព្រហ្មចារ្យ បើសង្ឃ​នឹងបវារណា ជា​តេវាចិកា​បវារណា សង្ឃនឹង​បវារណា​មិនហើយជាប្រាកដ នឹងមាន​ការអន្តរាយ​ដល់ព្រហ្មចារ្យ​នេះមិនខាន។ ត្រូវភិក្ខុឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ នេះជាការអន្តរាយ​ដល់ព្រហ្មចារ្យ បើសង្ឃ​នឹងបវារណា​ ជា​តេវាចិកា​បវារណា សង្ឃនឹងបវារណា​មិនហើយ ជាប្រាកដ ការអន្តរាយ ដល់​ព្រហ្មចារ្យ​នេះ មុខជានឹងកើត​ឡើងមិន​ខាន។ បើកម្ម​មានកាល​គួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។

១៤១. បវារណាឋបនំ

(១៤១)

[៤១] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​មានអាបត្តិ (ថាត្រូវអាបត្តិ) ហើយបវារណា។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុដែលមានអាបត្តិ មិនត្រូវបវារណាទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុណាមានអាបត្តិហើយ បវារណា តថាគត​អនុញ្ញាត​ ឲ្យភិក្ខុសុំ​ធ្វើឱកាស​ ហើយចោទ​អាបត្តិ ដល់ភិក្ខុនោះ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលដែលភិក្ខុ​ឯទៀត​សូមឱកាស មិនប្រាថ្នា​នឹងបើកឱកាស​ឲ្យ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យឃាត់​នូវបវារណា ដល់ភិក្ខុដែលមិនធ្វើឱកាស (មិនបើកឲ្យ) ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវឃាត់បវារណាយ៉ាង​នេះ ត្រូវ​ភិក្ខុសូត្រ ក្នុងកណ្តាល​សង្ឃ ចំពោះ​បុគ្គលនោះ ដែលមានក្នុងទីចំពោះមុខ​ ក្នុងថ្ងៃ​បវារណា​នោះ គឺ​ថ្ងៃទី​១៤ ឬថ្ងៃទី១៥ ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ប្រកបដោយ​អាបត្តិហើយ បវារណា ខ្ញុំសូមឃាត់​ នូវបវារណា របស់បុគ្គលនោះ មិនគួរសង្ឃ​បវារណានឹង​បុគ្គល​នោះ ដែល​មានក្នុងទីចំពោះមុខទេ។ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ ​គិតគ្នាថា ពួកភិក្ខុមានសីលជាទីស្រឡាញ់ មុខជានឹងឃាត់​បវារណា​ របស់ពួក​យើង​ជាមុនហើយ ក៏តាំងរូតរះ​ឃាត់បវារណា ​ដល់ពួកភិក្ខុដែលបរិសុទ្ធ​មិនត្រូវអាបត្តិ ដោយឥត​មានរឿង ឥតមានហេតុអ្វី ថែមទាំងឃាត់បវារណា ដល់​ពួកភិក្ខុ​ដែលបានបវារណា​ហើយផង។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុឃាត់បវារណា ដល់​ពួកភិក្ខុដែល​បរិសុទ្ធ ដែល​មិនត្រូវអាបត្តិ ​ដោយឥត​មានរឿង ឥតមានហេតុអ្វីទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវឃាត់បវារណា ​ដល់ពួក​ភិក្ខុ ដែលបានបវារណាហើយទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិ​ទុក្កដ។

[៤២] ម្នាលភិក្ខុទាំងឡាយ បវារណាដែល​ភិក្ខុបានឃាត់ហើយ ដោយប្រការដូច្នេះឯង។ បវារណា ដែលភិក្ខុឃាត់​មិនបាន ដូចមានសេចក្តី​តទៅនេះ។ ម្នាលភិក្ខុទាំងឡាយ បវារណា ​ដែល​ភិក្ខុឃាត់មិនបាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះតេវាចិកា​បវារណា​ ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបាន ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះទ្វេវាចិកា​បវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​ឯកវាចិកាបវារណា​ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​សមានវស្សិកាបវារណា ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បវារណា ដែល​ភិក្ខុមិនត្រូវឃាត់ ​ដូចបានសំដែង​មកនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បវារណា ដែលឈ្មោះថា ភិក្ខុឃាត់បាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ឃាត់​​បវារណា ចំពោះតេវាចិកា​បវារណា​ ដែលសង្ឃបានសូត្រហើយ បានពោលហើយ តែមិនទាន់ចប់ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះទ្វេវាចិកា​បវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​ឯកវាចិកាបវារណា​ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​សមានវស្សិកា​បវារណា​ដែល​សង្ឃបានសូត្រហើយ បានពោលហើយ តែមិនទាន់ចប់ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ម្នាលភិក្ខុទាំងឡាយ បវារណាឈ្មោះថា ​ភិក្ខុបានឃាត់ហើយ ​ដូច​ពោល​មក​នេះ​ឯង។

[៤៣] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិន​ជាមានភិក្ខុ​ ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុឯទៀត​ បានស្គាល់ភិក្ខុនោះថា លោកដ៏មានអាយុ​នេះឯង មានកាយសមាចារមិន​បរិសុទ្ធ6) មានវចីសមាចារ​មិនបរិសុទ្ធ7) មានអាជីវៈ​មិនបរិសុទ្ធ8) ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា នែភិក្ខុ កុំឡើយ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំធ្វើការ​វិវាទ​គ្នាឡើយ ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់​បវារណា ​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុដទៃ​បានស្គាល់ភិក្ខុនោះថា លោក​ដ៏មាន​អាយុ​នេះឯង មានកាយសមាចារ​បរិសុទ្ធ តែមានវចីសមាចារ​មិនបរិសុទ្ធ មានអាជីវៈ​មិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួប​សង្រួមថា នែភិក្ខុ កុំឡើយ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា​ឡើយ ដូច្នេះហើយ សឹមបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុឯទៀត​បានស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ តែមានអាជីវៈ​មិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា នែ​ភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ បើពួកភិក្ខុដទៃ​ស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈ​បរិសុទ្ធ តែល្ងង់ មិនឆ្លាស កាលគេចោទសួរ ក៏មិន​អាច​ឲ្យ​គេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា កុំឡើយ​ភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុដទៃ ​​ស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈ​​បរិសុទ្ធ ជាបណ្ឌិត ឆ្លាស មានប្រាជ្ញា កាលមានគេចោទសួរ អាចឲ្យគេចោទសួរបាន។ ត្រូវភិក្ខុ​ទាំងឡាយ និយាយនឹង​ភិក្ខុនោះថា នែអាវុសោ លោកនេះឯង ឃាត់បវារណា ​ចំពោះ​ភិក្ខុនេះ លោកឃាត់​បវារណា​នោះ ព្រោះហេតុអ្វី លោកឃាត់ព្រោះសីលវិបត្តិ ឬឃាត់​ព្រោះ​អាចារវិបត្តិ ឬ​ឃាត់​ព្រោះ​ទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកឃាត់នោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ព្រោះសីលវិបតិ្ត ខ្ញុំឃាត់​ព្រោះ​អាចារវិបតិ្ត ខ្ញុំឃាត់ព្រោះទិដ្ឋិវិបតិ្ត។ ត្រូវភិក្ខុទាំងឡាយ និយាយនឹង​ភិក្ខុនោះ ​យ៉ាងនេះថា លោក​ដ៏​មានអាយុ ស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់​ទិដ្ឋិវិបត្តិ​ដែរឬ។ បើភិក្ខុនោះ​និយាយ​យ៉ាងនេះ​ថា នែអាវុសោ ខ្ញុំស្គាល់សីលវិបតិ្ត អាចារវិបត្តិ ទិដ្ឋិវិបត្តិ ជាប្រាកដ។ ត្រូវភិក្ខុទាំងឡាយ និយាយ​ នឹង​ភិក្ខុ​នោះ​ យ៉ាងនេះថា នែអាវុសោ ចុះដូចម្តេចហៅថា សីលវិបត្តិ ដូចម្តេចហៅថា អាចារវិបត្តិ ដូចម្តេចហៅថា ទិដ្ឋិវិបត្តិ។ បើភិក្ខុនោះ ​និយាយ​យ៉ាងនេះ​ថា បារាជិក៤ សង្ឃាទិសេស១៣ នេះហៅថាសីលវិបតិ្ត ថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ ត្រូវភិក្ខុទាំងឡាយ និយាយ​ នឹង​ភិក្ខុ​នោះ ​យ៉ាង​នេះ​ថា នែអាវុសោ លោកឃាត់បវារណា ចំពោះ​ភិក្ខុនេះ អ្នកឃាត់ដោយឃើញ ឬឃាត់ដោយឮ ឬឃាត់ដោយរង្កៀស។ បើភិក្ខុនោះ​ និយាយ​យ៉ាងនេះ​ថា ខ្ញុំឃាត់ដោយឃើញក្តី ខ្ញុំឃាត់ដោយ​ឮក្តី ខ្ញុំឃាត់ដោយ​រង្កៀសក្តី។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែអាវុសោ លោកឃាត់​បវារណា ចំពោះ​ភិក្ខុនេះ ​ដោយឃើញ តើលោកឃើញហេតុ​ដូចម្តេច លោកឃើញអ្វី​ ក្នុង​បវារណានោះ លោកឃើញក្នុងកាលណា លោកឃើញ​ក្នុងទីណា កាលភិក្ខុនោះ​ ត្រូវ​អាបត្តិ​បារាជិក លោកឃើញដែរឬ កាលភិក្ខុនេះ​ត្រូវអាបត្តិ​សង្ឃាទិសេស លោកឃើញដែរឬ កាលភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត លោកឃើញ​ដែរឬ ចំណែក​លោកនៅក្នុងទីណា ឯភិក្ខុនេះ​នៅក្នុងទីណា លោកកំពុងធ្វើអ្វីខ្លះ ភិក្ខុនេះ​កំពុងធ្វើអ្វីខ្លះ។ បើ​ភិក្ខុនោះ ​និយាយ​យ៉ាងនេះ​ថា នែអាវុសោ ខ្ញុំមិនមែនឃាត់បវារណា ​ចំពោះ​ភិក្ខុនេះ ​ដោយ​ឃើញ​ទេ ខ្ញុំឃាត់បវារណា ដោយ​ឮទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែ​អាវុសោ លោកឃាត់​បវារណាណា ចំពោះ​ភិក្ខុនេះ​ដោយឮ លោកឮហេតុ​ដូចម្តេច ក្នុងបវារណា​នោះ លោកឮអ្វី លោកឮក្នុងកាលណា លោកឮ​ក្នុងទីណា លោកឮថា ភិក្ខុនេះ ​ត្រូវ​អាបត្តិ​បារាជិក​ហើយឬ លោកឮថា ភិក្ខុនេះ​ ត្រូវអាបត្តិ​សង្ឃាទិសេសហើយឬ លោកឮថា ភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ អាបត្តិបាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត​ហើយឬ លោកឮពីភិក្ខុឬ លោកឮ​ពីភិក្ខុនីឬ ឮពីនាងសិក្ខមានាឬ ឮពីសាមណេរឬ ឮពីសាមណេរីឬ ឮពី​ឧបាសកឬ ឮពីឧបាសិកាឬ ឮពីស្តេចទាំងឡាយឬ ឮពី​ពួកមហាមាត្យ​ស្តេចឬ ឮពីពួកតិរ្ថិយឬ ឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ ​និយាយថា នែអាវុសោ ខ្ញុំមិនបានឃាត់​បវារណា​ ចំពោះភិក្ខុនេះដោយឮទេ ខ្ញុំឃាត់​បវារណា​ ដោយរង្កៀសទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែ​អាវុសោ លោកឃាត់​បវារណាណា ចំពោះ​ភិក្ខុនេះ​ដោយរង្កៀស លោករង្កៀស​ដូចម្តេច ក្នុងបវារណា​នោះ ហេតុអ្វីក៏លោករង្កៀស លោករង្កៀសក្នុងកាលណា លោករង្កៀស​ក្នុងទីណា លោករង្កៀសថា ភិក្ខុនេះ ​​ត្រូវ​អាបត្តិ​បារាជិក​ហើយឬ លោករង្កៀសថា ភិក្ខុនេះ ​ត្រូវអាបត្តិ​សង្ឃាទិសេសហើយឬ លោករង្កៀសថា ភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត​ហើយឬ លោករង្កៀសព្រោះឮពីភិក្ខុឬ លោករង្កៀសព្រោះឮ​ពីភិក្ខុនីឬ លោករង្កៀសព្រោះ​ឮពី​​សិក្ខមានាឬ លោករង្កៀសព្រោះឮពីសាមណេរឬ លោករង្កៀសព្រោះឮពីសាមណេរីឬ លោករង្កៀសព្រោះ​ឮពី​​ឧបាសកឬ លោករង្កៀសព្រោះឮពីឧបាសិកាឬ លោករង្កៀសព្រោះឮពីពួកស្តេចឬ លោក​រង្កៀសព្រោះឮពី​ពួកមហាមាត្យ​ស្តេចឬ លោករង្កៀសព្រោះឮពីពួកតិរ្ថិយឬ លោក​រង្កៀស​ព្រោះឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ​ និយាយថា នែអាវុសោ ខ្ញុំមិនមែនឃាត់​បវារណា​ចំពោះភិក្ខុនេះ ដោយរង្កៀសទេ មួយវិញទៀត ខ្ញុំក៏មិនដឹងថា ខ្ញុំឃាត់​បវារណា​ចំពោះភិក្ខុនោះ ដោយ​ហេតុអ្វីទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ មិនធ្វើចិត្ត​ របស់ពួក​សព្រហ្មចារី ជាវិញ្ញូ ឲ្យ​ត្រេកអរ ​តាមការសាក​សួរទេ គួរនឹងពោលថា ភិក្ខុដែល​ត្រូវគេចោទ មិនគួរ​ភិក្ខុ​ដទៃ​តិះដៀលទេ គឺឥតទោសទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ធ្វើចិត្ត​របស់​សព្រហ្មចារី ជាវិញ្ញូឲ្យ​ត្រេកអរ​តាមសេចក្តីសាក​សួរ គួរពោលថា ភិក្ខុដែល​ត្រូវចោទ គួរ​ភិក្ខុ​ដទៃ​តិះដៀលបាន (មានទោស)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញា​ចំពោះភិក្ខុ ដែលខ្លួន​តាម​កំចាត់(ចោទ) ដោយអាបត្តិបារាជិក រកមូលគ្មាន ត្រូវសង្ឃលើកអាបត្តិ​សង្ឃាទិសេស (ចំពោះ​ភិក្ខុអ្នកចោទនោះ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញា​ចំពោះភិក្ខុ ដែលខ្លួន​តាម​កំចាត់ (ចោទ) ដោយអាបត្តិសង្ឃាទិសេស មិនមានមូល ត្រូវសង្ឃ​ឲ្យភិក្ខុ​នោះ ធ្វើតាមធម៌ (ត្រូវសំដែងអាបត្តិចេញ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​អ្នកចោទនោះ ប្តេជ្ញាចំពោះ​ភិក្ខុ ដែល​ខ្លួនតាមកំចាត់ ដោយអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត រកមូលគ្មាន ត្រូវសង្ឃ​ឲ្យ​ភិក្ខុនោះធ្វើតាមធម៌ (សំដែងអាបត្តិចេញ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែលត្រូវចោទ ប្តេជ្ញាខ្លួនថា ត្រូវអាបត្តិបារាជិក ត្រូវសង្ឃ​ធ្វើ​នាសនកម្ម (ចំពោះភិក្ខុនោះ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញា​ខ្លួនថា ​ត្រូវអាបត្តិសង្ឃាទិសេស ត្រូវសង្ឃលើកអាបត្តិ​សង្ឃាទិសេសហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញា​ខ្លួនថា​ ត្រូវអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត ត្រូវសង្ឃឲ្យភិក្ខុនោះ ធ្វើ​តាមធម៌ (សំដែងអាបត្តិ​ ហើយ​សឹម​បវារណា​ចុះ)។

១៤២. ថុល្លច្ចយវត្ថុកាទិ

(១៤២)

[៤៤] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ​ ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ​ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុ​ពួកខ្លះ យល់ថា សង្ឃាទិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែល​យល់ថា អាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុនោះ នាំភិក្ខុ (ត្រូវអាបត្តិ) នោះ ចេញទៅកាន់​ទីគួរមួយ ​ហើយឲ្យភិក្ខុ​នោះ ធ្វើតាមធម៌ រួចត្រូវ​ចូលទៅរកសង្ឃ ហើយនិយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុ​នោះ​ត្រូវអាបត្តិណាហើយ ភិក្ខុនោះ បានសំដែង​អាបត្តិ​នោះ តាមធម៌ហើយ បើកម្ម​មានកាលគួរ​ដល់​សង្ឃហើយ គួរសង្ឃ​បវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវ​អាបត្តិ​ថុល្លច្ច័យ ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ​ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់​ថា អាបត្តិបាចិត្តិយ មានភិក្ខុពួកខ្លះ ​យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​បាដិទេសនីយ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ទុក្កដ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ទុព្ភាសិត។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា អាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ភិក្ខុពួក​នោះ នាំ​ភិក្ខុនោះចេញ ​ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ (សំដែងអាបត្តិ) ហើយសឹមចូលមករក​សង្ឃ រួចត្រូវនិយាយ យ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណា ភិក្ខុនោះ ក៏បានសំដែង​អាបត្តិនោះ តាមធម៌ហើយ បើកម្ម​មានកាលគួរដល់សង្ឃហើយ សង្ឃគប្បី​បវារណា។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវ​អាបត្តិ​បាចិត្តិយ ត្រូវអាបត្តិ​បាដិទេសនីយ ត្រូវអាបត្តិទុក្កដ ត្រូវអាបត្តិទុព្ភាសិត ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ ​យល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់​ថា ត្រូវអាបត្តិសង្ឃាទិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែល​យល់ថា ត្រូវអាបត្តិទុព្ភាសិត ម្នាលភិក្ខុទាំងឡាយ ត្រូវពួក​ភិក្ខុ​នោះ នាំភិក្ខុនោះចេញ ​ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ ហើយសឹមចូលទៅរក​សង្ឃ រួចនិយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណា ភិក្ខុនោះក៏បានសំដែង​អាបត្តិនោះ តាមធម៌ហើយ បើកម្ម​មានកាល​គួរ ​ដល់​សង្ឃ​ហើយ សង្ឃគប្បី​បវារណាចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវ​អាបត្តិ​ទុព្ភាសិត ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ​យល់ថា ត្រូវអាបត្តិទុព្ភាសិត ​ភិក្ខុពួកខ្លះ យល់​ថា ត្រូវអាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ​យល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិ​បាចិត្តិយ ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិបាដិទេសនីយ មានភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិ​ទុព្ភាសិត ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកភិក្ខុណា ដែលយល់ថា ត្រូវអាបត្តិទុព្ភាសិត ម្នាលភិក្ខុទាំងឡាយ ត្រូវ​ពួកភិក្ខុ​នោះ នាំ​ភិក្ខុនោះចេញ​ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ ហើយត្រូវចូលទៅរក​សង្ឃ រួច​និយាយ ​យ៉ាង​នេះ​ថា នែអាវុសោ ភិក្ខុនោះ ត្រូវអាបត្តិណា ភិក្ខុនោះ បានសំដែង​អាបត្តិនោះ តាមធម៌ហើយ បើកម្ម​មាន​កាលគួរ ដល់សង្ឃហើយ សង្ឃគប្បី​បវារណាចុះ។

១៤៣. វត្ថុឋបនាទិ

(១៤៣)

[៤៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​សូត្រឡើង​ក្នុងកណ្តាលសង្ឃ ក្នុងថ្ងៃ​បវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុនេះប្រាកដ តែបុគ្គលមិនប្រាកដ បើកម្ម​មានកាលគួរ​ដល់សង្ឃហើយ សង្ឃគប្បីឃាត់វត្ថុទុក ហើយសឹមបវារណា។ ត្រូវភិក្ខុ​ទាំងឡាយនិយាយ​នឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ព្រះដ៏មានព្រះភាគ​​ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យវត្ថុ​ទាំងឡាយ​ស្អាតវិសេស បើវត្ថុប្រាកដ តែបុគ្គល​មិនប្រាកដទេ ចូរអ្នក​ប្រាប់វត្ថុ​នោះ​ឥឡូវ​នេះកុំខាន។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ​សូត្រឡើងកណ្តាលសង្ឃ ក្នុងថ្ងៃ​បវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលនេះប្រាកដ តែ​វត្ថុមិនប្រាកដទេ បើកម្ម​មានកាលគួរ​ដល់សង្ឃហើយ សូមសង្ឃឃាត់នូវបុគ្គល ហើយ​សឹម​បវារណា។ ត្រូវភិក្ខុ​ទាំងឡាយនិយាយ​នឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ព្រះដ៏មានព្រះភាគ​​ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យពួកភិក្ខុព្រមព្រៀងគ្នា បើបុគ្គលប្រាកដ តែវត្ថុ​មិនប្រាកដទេ ចូរអ្នក​ប្រាប់បុគ្គល​នោះ​ឥឡូវ​នេះកុំខាន។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ​សូត្រ​ឡើង​​កណ្តាលសង្ឃ ក្នុងថ្ងៃ​បវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) វត្ថុនេះក្តី បុគ្គលក្តី ក៏ប្រាកដ បើកម្ម​មានកាលគួរ​ដល់សង្ឃហើយ ត្រូវសង្ឃឃាត់ទាំងវត្ថុ ទាំងបុគ្គល ហើយសឹមបវារណា។ ត្រូវភិក្ខុ​ទាំងឡាយនិយាយយ៉ាងនេះនឹងភិក្ខុ​នោះថា នែអាវុសោ ព្រះដ៏មានព្រះភាគ​​ ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យវត្ថុ​ទាំងឡាយបរិសុទ្ធផង ដើម្បីឲ្យភិក្ខុ​ទាំងឡាយ​ព្រមព្រៀតគ្នាផង បើវត្ថុ និងបុគ្គលប្រាកដ ចូរលោក​ប្រាប់វត្ថុ​ និងបុគ្គល​នោះក្នុងកាល​​ឥឡូវ​នេះ​មក។ ម្នាលភិក្ខុ​ទាំងឡាយ បើវត្ថុ​ប្រាកដ​មុនបវារណា បុគ្គល​ប្រាកដក្រោយ​បវារណា គួរនឹងចោទ​បាន។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលប្រាកដមុនបវារណា វត្ថុប្រាកដ​ក្រោយបវារណា គួរនឹង​ចោទបាន។ ម្នាលភិក្ខុទាំងឡាយ បើវត្ថុ និងបុគ្គល​ប្រាកដមុន​បវារណា កាលបើសង្ឃ​បានធ្វើ​បវារណាហើយ បើភិក្ខុ​សើរើកម្មនោះឡើង ត្រូវឱក្កោដនកបាចិត្តិយ (ត្រូវបាចិត្តិយ​ព្រោះការ​សើរើ)។

១៤៤. ភណ្ឌនការកវត្ថុ

(១៤៤)

[៤៦] ក៏សម័យនោះឯង ពួកភិក្ខុច្រើនរូប​ដែលជាមិត្រគ្រាន់តែ​ឃើញគ្នា​ និងជាមិត្រ​បានគប់គ្នា (មិត្រស្និទ្ធស្នាលមាំមួន) ចូលទៅចាំវស្សាក្នុងអាវាសមួយក្នុងកោសលជនបទ។ ពួក​ភិក្ខុដទៃដែលនៅជិតខាងភិក្ខុទាំងឡាយនោះ ធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃចូលទៅចាំវស្សា​ដោយប៉ងថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា​ក្នុងថ្ងៃដែលបវារណា។ ពួកភិក្ខុទាំងនោះបានឮដំណឹងថា ពួក​ភិក្ខុដទៃដែលនៅជិតខាងយើង ជាអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​គ្នា ធ្វើសេចក្តីឈ្លោះប្រកែក ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃចូលទៅចាំវស្សា​ ដោយគិតថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា​ក្នុងថ្ងៃដែលបវារណា គួរយើងទាំងឡាយប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុច្រើនរូប ជាមិត្រដែលធ្លាប់​ឃើញគ្នា​ ជាមិត្រស្និទ្ធស្នាលមាំមួន ចូល​ទៅចាំវស្សាក្នុងអាវាសមួយ។ ពួក​ភិក្ខុដទៃដែលនៅជិតខាងពួកភិក្ខុទាំងនោះ ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃ ចូលទៅចាំវស្សា​ដោយប៉ងថា កាលបើភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា ​ក្នុងថ្ងៃដែលបវារណា។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យពួក​ភិក្ខុទាំងនោះ ធ្វើ​ចាតុទ្ទសីឧបោសថ​ពីរបីឧបោសថ9) ដោយគិតថា ធ្វើដូចម្តេច​ពួក​យើង​នឹងគប្បី​បវារណា​ឲ្យបាន​មុនពួកភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ​ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះប្រកែកគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើ​អធិករណ៍​​ក្នុងសង្ឃទាំងនោះ មកកាន់អាវាស ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាស​ទាំងនោះ ប្រជុំគ្នាបវារណាភ្លាមៗចុះ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើង​ទាំងឡាយ​បានបវារណា​រួចហើយ លោកដ៏មានអាយុ​ទាំងឡាយ​សំគាល់​យ៉ាងណា ក៏ចូរ​ធ្វើ​យ៉ាងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែល​ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តី​ឈ្លោះ​គ្នា វិវាទគ្នា ធ្វើតិរច្ឆានកថា ធ្វើ​អធិករណ៍​​ក្នុងសង្ឃទាំងនោះ មិនបានដឹងរឿងអ្វី ហើយមកកាន់អាវាសនោះ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាស​ទាំងនោះ ក្រាល​អាសនៈ ដំកល់ទឹក​លាងជើង តាំងរងជើង ទ្រនាប់​សម្រាប់ជូតជើង ត្រូវក្រោកឡើង ទទួលយកបាត្រ និងចីវរ ត្រូវសួរភិក្ខុទាំងនោះ​ដោយទឹកឆាន់។ ត្រូវបំភាន់​ភិក្ខុទាំងនោះ​ ហើយទៅកាន់ទីក្រៅសីមា ហើយសឹមបវារណាចុះ។ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើង​ទាំងឡាយ​បានបវារណា​រួចហើយ លោកដ៏មានអាយុ​ទាំងឡាយ​សំគាល់​យ៉ាង​ណា ចូរ​ធ្វើ​យ៉ាងនោះចុះ។ បើភិក្ខុបានកិច្ចនោះ ដោយអាការដូច្នោះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុអ្នកនៅក្នុង​អាវាស​ដែលឆ្លាស ប្រតិពល ឲ្យពួកភិក្ខុ​អ្នកនៅ​ក្នុងអាវាស​ផងគ្នា​ដឹងថា សូមលោកដ៏មានអាយុទាំងឡាយ​ដែលនៅ​ក្នុង​អាវាស​ស្តាប់ខ្ញុំ បើកម្មមាន​កាលគួរ​ដល់លោក​ដ៏មានអាយុ​ទាំងឡាយ​ណាហើយ យើងត្រូវធ្វើឧបោសថ ត្រូវសំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងកាឡបក្ខ គឺក្នុងរនោច ដែលមកដល់​ឥឡូវនេះឯង។ ម្នាលភិក្ខុទាំងឡាយ បើពួក​ភិក្ខុជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តី​ឈ្លោះប្រកែក ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុងសង្ឃទាំងនោះ​ និយាយយ៉ាងនេះនឹងអាវាសិកភិក្ខុទាំងនោះ​ថា នែអាវុសោ ខ្ញុំសូមអង្វរ ចូរលោកទាំងឡាយ​បវារណា​ចំពោះយើង​ក្នុងកាលឥឡូវនេះចុះ។ ត្រូវអាវាសិកភិក្ខុ​និយាយនឹង​ភិក្ខុទាំងនោះយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយ​មិនមែន​ជាធំ​ក្នុងការ​បវារណា​របស់យើងទេ យើងមិនទាន់​បវារណានៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើពួក​ភិក្ខុជាអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ ធ្វើសេចក្តី​ឈ្លោះប្រកែក ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុង​សង្ឃ​ទាំងនោះនៅ​ទាល់តែអស់​កាឡបក្ខនោះ ត្រូវ​អាវាសិកភិក្ខុ​ដែលឆ្លាស​​ ប្រតិពល ឲ្យពួកអាវាសិកភិក្ខុ​​ផង​គ្នា​ដឹងដោយពាក្យ​ដូច្នេះថា សូមលោកដ៏មានអាយុទាំងឡាយ​ដែលនៅ​ក្នុង​អាវាស​ស្តាប់ខ្ញុំ បើកម្ម​មាន​កាលគួរ​ដល់លោក​ដ៏មានអាយុ​ទាំងឡាយហើយ យើងទាំងឡាយ​ត្រូវធ្វើឧបោសថ ត្រូវ​សំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងជុណ្ហបក្ខ ដែលមកដល់​ក្នុងកាលឥឡូវនេះ គឺក្នុងខ្នើត។ ម្នាល​ភិក្ខុ​ទាំងឡាយ បើពួក​ភិក្ខុអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តី​ឈ្លោះ ធ្វើសេចក្តីវិវាទ ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុងសង្ឃទាំងនោះ​ និយាយយ៉ាងនេះនឹងភិក្ខុទាំងនោះ​ថា នែអាវុសោ ខ្ញុំសូម​អង្វរ ចូរលោកទាំងឡាយ​បវារណា​ចំពោះយើងទាំងឡាយ ​ក្នុងកាលឥឡូវនេះចុះ។ ត្រូវ​អាវាសិកភិក្ខុ​ទាំងឡាយ ​និយាយយ៉ាងនេះនឹងភិក្ខុទាំងឡាយ​នោះថា នែអាវុសោ លោក​ទាំងឡាយ​មិនមែន​ជាធំ​ក្នុងការ​បវារណា​របស់យើងទេ យើងមិនទាន់​បវារណានៅឡើយ។ ម្នាល​ភិក្ខុទាំងឡាយ បើពួក​ភិក្ខុអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ ធ្វើសេចក្តី​ឈ្លោះ ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុង​សង្ឃ​ទាំងនោះនៅ​ទាល់តែអស់​ជុណ្ហបក្ខនោះទៀត ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះនាំគ្នា​បវារណា​ ដោយខានមិនបាន​ក្នុងតិថីជាគំរប់​៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុងជុណ្ហបក្ខ ដែលមក​ដល់ឥឡូវ​នេះ (ថ្ងៃពេញបូណ៌មី ខែកត្តិក)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ​កំពុង​តែបវារណា ហើយមានភិក្ខុឈឺ​ឃាត់​បវារណា​ដល់ភិក្ខុមិនឈឺ ត្រូវភិក្ខុដទៃ​និយាយ​នឹងភិក្ខុឈឺ​នោះយ៉ាងនេះថា លោកដ៏​មានអាយុ​ជាអ្នក​មានជម្ងឺ ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គល​មិនគាប់ចិត្ត​នឹងការ​សាកសួរទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំ​លោកជារោគសិន ដល់លោកជារោគហើយ កាលបើ​ត្រូវការនឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុនិយាយ​យ៉ាងនេះហើយ ភិក្ខុដែលឈឺនោះ នៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ​កំពុង​តែបវារណា ហើយមានភិក្ខុមិនឈឺ​ឃាត់​បវារណា​ដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃ​និយាយ​នឹងភិក្ខុមិនឈឺ​នោះ​យ៉ាងនេះថា នែអាវុសោ ភិក្ខុនេះឯងឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គល​មិនគួរដល់ការ​សួរដេញដោលទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំភិក្ខុនេះជារោគសិន ដល់​លោកនេះជារោគហើយ កាលបើ​លោកប្រាថ្នា​នឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុដទៃ​និយាយ​​យ៉ាងនេះហើយ ភិក្ខុមិនឈឺនោះនៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ​ កំពុង​តែបវារណា ហើយមាន​ភិក្ខុឈឺ​​ឃាត់​បវារណា​ដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃ​និយាយយ៉ាងនេះ​នឹងភិក្ខុ​នោះថា លោកដ៏​មាន​អាយុ​ទាំងឡាយ ​ជាអ្នកឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ​មិនគួរ​ដល់​ការ​សួរដេញដោលទេ នែអាវុសោ ចូរលោកបង្អង់សិន ទំរាំ​លោកទាំងឡាយជារោគ ដល់​លោក​ដែល​មានហេតុ (នោះ) ជាសះស្បើយ​ហើយ កាលបើលោក​ត្រូវការនឹងចោទ ក៏ចោទភិក្ខុដែល​ឥតរោគ (នោះចុះ)។ កាលបើភិក្ខុដទៃនិយាយ​យ៉ាងនោះហើយ ភិក្ខុឈឺនោះនៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុទាំងឡាយនោះ កំពុង​តែបវារណា ហើយមានភិក្ខុ​មិនឈឺឃាត់​បវារណា​ដល់ភិក្ខុមិនឈឺ។ ត្រូវសង្ឃដេញដោល​ភិក្ខុ​ទាំងពីរ​រូបដោយ​ត្រឹមត្រូវ សាកសួរ​ដោយត្រឹមត្រូវ ហើយឲ្យភិក្ខុទាំងនោះ​ធ្វើតាម​ធម៌ (គឺសំដែង​អាបត្តិ) ហើយ​សឹមបវារណាចុះ។

១៤៥. បវារណាសង្គហោ

(១៤៥)

[៤៧] ក៏សម័យនោះឯង ពួកភិក្ខុ​ច្រើនរូប​ ជាមិត្រ​ធ្លាប់ឃើញគ្នា ជាមិត្រស្និទ្ធស្នាល​មាំមួន ចូលទៅចាំវស្សាក្នុង​អាវាសមួយ ក្នុងកោសល​ជនបទ។ កាលភិក្ខុទាំងនោះព្រមព្រៀង ស្មោះសរ​រកគ្នា មិនវិវាទគ្នា ហើយក៏បានដល់នូវធម៌ម្យ៉ាង​ ដែលជាគ្រឿង​នៅសប្បាយ។10) គ្រានោះឯង ភិក្ខុទាំងនោះ​ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលយើងទាំងឡាយព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា ក៏បាន​ដល់នូវ​ធម៌ម្យ៉ាង ដែលជាគ្រឿង​នៅសប្បាយហើយ ក្នុងពេលនេះ បើយើងទាំងឡាយ​នឹង​បវារណា គង់នឹង​មានពួក​ភិក្ខុដែលបវារណារួច​ហើយ ចៀសចេញទៅកាន់ចារិក យើងទាំងឡាយ​មុខជានឹងឃ្លាត​ចាកធម៌ ជាគ្រឿង​នៅសប្បាយនេះ​ដោយអាការ​ដូច្នេះមិនខាន យើងទាំងឡាយ​ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុជាច្រើន ជាមិត្រ​​ឃើញគ្នា​ ជាមិត្រស្និទ្ធស្នាលមាំមួន ចូល​ទៅចាំវស្សាក្នុងអាវាសមួយ។ ​ភិក្ខុទាំងឡាយនោះ ជាអ្នកព្រមព្រៀង ស្មោះសរ​រកគ្នា មិនទាស់ទែងគ្នា ហើយបានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនៅក្នុងអាវាស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា យើងទាំងឡាយ ជាអ្នកព្រមព្រៀង ​រីករាយរកគ្នា មិនវិវាទគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយ ហើយក្នុងពេលនេះ បើប្រសិនជាយើងនឹង​បវារណា គង់មានពួក​ភិក្ខុដែលបវារណា​រួចហើយ ចៀសចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះមិនខាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុទាំងឡាយនោះ ធ្វើ​បវារណាសង្គហៈ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯបវារណាសង្គហៈនោះ ត្រូវភិក្ខុធ្វើ​យ៉ាងនេះ។ ត្រូវភិក្ខុ​ទាំងអស់​ប្រជុំ​ក្នុងទីជាមួយគ្នា។ លុះប្រជុំគ្នាហើយ ត្រូវភិក្ខុ​ដែលឆ្លាស ប្រតិពល ឲ្យសង្ឃ​ដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា ស្មោះសររកគ្នា មិនវិវាទគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយហើយ។ ក្នុងពេលនេះ បើប្រសិន​ជា​យើង​ទាំងឡាយនឹង​បវារណា គង់មានពួក​ភិក្ខុដែលបានបវារណា​រួចហើយ ចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះ​មិន​ខាន។ បើកម្មមាន​កាលគួរ​ដល់សង្ឃហើយ គួរសង្ឃធ្វើបវារណាសង្គហៈ គួរធ្វើឧបោសថ គួរសំដែង​បាតិមោក្ខ គួរបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង(ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ យើងទាំង​ឡាយ ជាអ្នកព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយហើយ។ ក្នុងពេលនេះ បើ​យើង​ទាំងឡាយនឹង​បវារណាទៅ គង់មានពួក​ភិក្ខុ​ដែល​បាន​បវារណាហើយ ចៀសចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះ​មិន​ខាន។ ឥឡូវសង្ឃ​ធ្វើបវារណាសង្គហៈ ធ្វើឧបោសថ សំដែង​បាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ។ ការធ្វើបវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែង​បាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ គាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា គួរលោកម្ចាស់​អង្គ​នោះស្ងៀម មិនគាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា គួរលោកម្ចាស់​អង្គនោះ​និយាយឡើង។ បវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែង​បាតិមោក្ខនេះ និងបវារណា ក្នុងថ្ងៃ​ជាគំរប់​៤​ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ សង្ឃបាន​ធ្វើរួចហើយ។ បវារណាសង្គហៈ​នោះ គាប់ចិត្ត​ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ ធ្វើបវារណាសង្គហៈហើយ មានភិក្ខុណាមួយនិយាយ​យ៉ាងនេះថា នែ​អាវុសោ ខ្ញុំប្រាថ្នានឹង​ចេញទៅ​កាន់​ចារិក​ក្នុងជនបទ ព្រោះខ្ញុំ​មានកិច្ចត្រូវ​ធ្វើក្នុង​ជនបទ។ ត្រូវភិក្ខុ​ដទៃ​​និយាយ​នឹងភិក្ខុ​នោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមអង្វរលោកសិន ចូរលោក​បវារណា​ហើយសឹមទៅចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះកំពុង​តែបវារណា ឃាត់បវារណា​ភិក្ខុ​រូបណាមួយ គួរភិក្ខុ​ដែលត្រូវគេឃាត់​នោះនិយាយ​យ៉ាងនេះនឹងភិក្ខុ​អ្នកឃាត់​នោះថា នែអាវុសោ លោកមិនមែន​ជាធំ ក្នុងការបវារណា​របស់ខ្ញុំទេ ខ្ញុំ​នឹងមិនទាន់​បវារណា។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ​ កំពុង​តែបវារណា បើមានភិក្ខុណាមួយ ឃាត់បវារណាភិក្ខុនោះ ត្រូវសង្ឃ​ដេញដោល​សួរភិក្ខុទាំងពីររូប លុះសាកសួរហើយ សឹមឲ្យ​ភិក្ខុទាំងពីរ​ធ្វើតាមធម៌ (គឺ​សំដែង​អាបត្តិ)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ បានសម្រេចកិច្ច​នោះក្នុងជនបទហើយ ត្រឡប់​មកកាន់​អាវាស​នោះវិញ ខាងក្នុង​ថ្ងៃគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ កំពុង​តែបវារណា ហើយមានភិក្ខុ​ណាមួយឃាត់​បវារណា​ដល់ភិក្ខុនោះ គួរ​ភិក្ខុដែលត្រូវគេឃាត់នោះ និយាយ​នឹងភិក្ខុអ្នក​ឃាត់នោះយ៉ាងនេះថា នែអាវុសោ លោកមិនមែន​ជាឥស្សរៈ ក្នុងការបវារណា​របស់ខ្ញុំទេ ខ្ញុំ​បានបវារណាហើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទាំងឡាយនោះ កំពុងតែបវារណា ក៏ភិក្ខុ​នោះឃាត់​បវារណា​របស់ភិក្ខុណាមួយ។ ត្រូវ​សង្ឃ​ដេញ​ដោល សាកសួរភិក្ខុទាំងពីររូប លុះដេញដោល សាកសួរហើយ ឲ្យភិក្ខុទាំងពីររូប​ធ្វើតាម​ធម៌ ហើយ​សឹមបវារណា ដោយសង្ឃបវារណាចុះ។

ចប់ បវារណក្ខន្ធកៈ ទី៤។

រឿងក្នុង​ខន្ធកៈនេះ​មាន​៤៦រឿង។

ឧទ្ទាននៃ​បវារណក្ខន្ធកៈនោះគឺ

១៤៦. តស្សុទ្ទានំ

(១៤៦)

[៤៨] រឿងពួកភិក្ខុនៅចាំវស្សា​ក្នុងកោសល​ជនបទ មកគាល់ព្រះសាស្តា១ រឿង​ភិក្ខុនៅ​រួមគ្នា​ដូច​បសុសត្វ (គឺសត្វដែលគេចិញ្ចឹម) មិនជាទីសប្បាយ១ រឿង​បវារណាជាការអនុលោម​ដល់គ្នា​នឹងគ្នា១ រឿងពួកឆព្វគ្គិយភិក្ខុអង្គុយលើ​អាសនៈ​ ក្នុងពេលដែលភិក្ខុជាថេរៈ​ កំពុង​បវារណា១ រឿង​បវារណាមានពីរយ៉ាង១ រឿងបវារណា​កម្មបួនយ៉ាង១ រឿងព្រះអង្គទ្រង់​អនុញ្ញាត​ឲ្យភិក្ខុឈឺ​ឲ្យបវារណា១ រឿងញាតិ​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងស្តេច​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងពួកចោរ​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងពួកអ្នកលេង​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងភិក្ខុជា​សត្រូវ​​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​ប្រាំរូប​ធ្វើបវារណា​ដោយសង្ឃ​បវារណា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​បួនរូបបវារណា​ដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​បីរូប​បវារណា​ដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​ពីររូប​បវារណា​ដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​មួយរូប​អធិដ្ឋាន​បវារណា១ រឿង​ភិក្ខុត្រូវអាបត្តិ​ក្នុងថ្ងៃបវារណា១ រឿង​ភិក្ខុសង្ស័យ​អាបត្តិ​ក្នុងថ្ងៃបវារណា១ រឿងភិក្ខុកំពុងតែបវារណា ហើយរលឹកឃើញ​អាបត្តិ១ រឿង​សង្ឃទាំងអស់ត្រូវ​សភាគាបត្តិ​ក្នុងថ្ងៃបវារណា១ រឿងសង្ឃទាំងអស់​សង្ស័យ​សភាគាបត្តិ១ រឿង​ភិក្ខុនៅក្នុងអាវាស​ច្រើនជាង​ និងស្មើគ្នា និង​តិចជាង១ រឿង​ពួកអាវាសិកភិក្ខុប្រកាន់​ថាថ្ងៃដប់បួន តែពួក​អាគន្តុកភិក្ខុប្រកាន់​ថាថ្ងៃ​ដប់ប្រាំ១ រឿងភេទ និងសំវាសទាំងពីរ​របស់​អាវាសិកភិក្ខុ​និង​អាគន្តុកភិក្ខុ១ រឿង​ភិក្ខុគួរទៅកាន់អាវាស​ដែលមាន​ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿង​ភិក្ខុមិនត្រូវ​បវារណា​ក្នុងបរិសទ្យ​ដែលភិក្ខុនីអង្គុយ​ជាមួយ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុបវារណា​ក្នុងការ​ឲ្យឆន្ទៈ១ រឿង​សញ្ចរភ័យ១ រឿង​មនុស្ស​ឲ្យទាន​ក្នុងថ្ងៃបវារណា​ដរាប​ដល់ទៀបភ្លឺ១ រឿង​មាន​ភ្លៀង​ក្នុងថ្ងៃបវារណា​១ រឿង​ការអន្តរាយ​ដល់បវារណា១ រឿង​ព្រះអង្គទ្រង់ហាមមិនឲ្យ​ភិក្ខុមាន​អាបត្តិធ្វើ​បវារណា១ រឿងពួកឆព្វគ្គិយភិក្ខុ​គិតថា ពួកបេសលភិក្ខុ​ឃាត់បវារណា​ដល់ពួកយើង ហើយប្រញាប់​ឃាត់​បវារណា​ជាមុន១ រឿងភិក្ខុឃាត់​បវារណា​មិនបាន១ រឿងភិក្ខុ​ឃាត់​បវារណា​ដល់ភិក្ខុផងគ្នា​ក្នុងថ្ងៃបវារណា​១ (សេចក្តីសួរថា លោកឃាត់​បវារណា) ព្រោះហេតុអ្វី១ រឿង​សួរ​ថាវិបត្តិ​ដូចម្តេចខ្លះ១ រឿង​ឃាត់បវារណា​ដោយឃើញ ដោយឮ ដោយរង្កៀស១ រឿង​ភិក្ខុអ្នកចោទ១ រឿងភិក្ខុដែលត្រូវចោទ១ រឿងភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ១ រឿង​វត្ថុ​និងបុគ្គល១ រឿង​ភិក្ខុអ្នកធ្វើការបង្កហេតុ១ រឿង​បវារណាសង្គហៈ១ រឿង​ភិក្ខុមិនជាធំ​ក្នុងការបវារណា១ រឿង​សង្ឃ​គួរ​សាកសួរភិក្ខុទាំងពីររូប ហើយឲ្យ​ភិក្ខុទាំងពីររូប​ធ្វើតាមធម៌ ហើយសឹម​បវារណា១។

 

ខន្ធកៈ ទី១ | ទី២ | ទី៣ | ទី៤ | ទី៥ | ទី៦ | ទី៧ | ទី៨ | ទី៩ | ទី១០

លេខយោង

1)
បវារណាក្នុង​ថ្ងៃទី១៤
2)
បវារណា​ក្នុងថ្ងៃ​ទី១៥
3)
សាលាឆាន់
4)
លួចសំវាស
5)
ភ័យ​ដែល​កើតអំពី​មនុស្ស​នៅក្នុងព្រៃ។
6)
សេចក្តីប្រព្រឹត្តិ​ដោយកាយ​មិនបរិសុទ្ធ។
7)
សេចក្តីប្រព្រឹត្តិ​ដោយវាចា​មិនបរិសុទ្ធ។
8)
សេចក្តីចិញ្ចឹមជីវិត​មិនបរិសុទ្ធ។
9)
ក្នុងវស្សា៣ខែ បើមានហេតុទាស់ ទ្រង់អនុញ្ញាត​ឲ្យធ្វើ​ចាតុទ្ទសីឧបោសថ​ពីរបី​ឧបោសថបាន គឺឧបោសថ​ទី៣-៤-៥។ ឯទី៣ គឺរនោច​ខែស្រាពណ៍ ទី៤-៥ ខែភទ្ទបទ។ ឯធ្វើ​បែបនេះខុស​ពីធម្មតា​តែខែភទ្ទបទមួយទេ។
10)
អដ្ឋកថា សំដៅ​យកសមថៈ ឬវិបស្សនា ដែលទើប​នឹងបាន នៅទន់ ឬខ្ចីនៅឡើយ។
km/tipitaka/vin/mv/vin.mv.04.txt · ពេលកែចុងក្រោយ: 2023/01/30 02:46 និពន្ឋដោយ Johann