ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ
?
mv 05 បាលី cs-km: vin.mv.05 អដ្ឋកថា: vin.mv.05_att PTS: ?
ចម្មក្ខន្ធកៈ (ទី៥)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១៤៧)
[៤៩] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ សោយរាជ្យជាឥស្សរាធិបតិលើអ្នកស្រុកទាំង៨ម៉ឺន។ សម័យនោះឯង ក្នុងក្រុងចម្បា មានកូនសេដ្ឋីម្នាក់ឈ្មោះសោណៈ ជាកោឡិវិសគោត្ត ហើយជាសុខុមាលជាតិ។ សេដ្ឋិបុត្តនោះ មានរោមជាច្រើនដុះត្រង់បាតជើងទាំងពីរ។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ប្រជុំពួកអ្នកស្រុកទាំង៨ម៉ឺន ហើយទ្រង់បញ្ជូនរាជបម្រើទៅក្នុងសំណាក់សោណកោឡិវិសដោយមានកិច្ចអ្វីនីមួយថា សោណៈចូរមក ដ្បិតយើងចង់ឲ្យសោណៈមក។ វេលានោះឯង ឯមាតាបិតានៃសោណកោឡិវិសបាននិយាយពាក្យនេះនឹងសោណកោឡិវិសថា នែសោណៈកូន ឥឡូវស្តេចចង់ទតមើលជើងរបស់អ្នក នែសោណៈកូន អ្នកឯងកុំចាំបាច់លាជើងបង្ហាញស្តេចឡើយ អ្នកឯងចូរអង្គុយពែនភ្នែនចំពោះព្រះភក្ត្រស្តេចចុះ កាលបើអ្នកអង្គុយនៅហើយ ស្តេចគង់នឹងទតឃើញជើងអ្នកហើយ។ គ្រានោះឯង ពួកជនក៏បាននាំសោណកោឡិវិសមកដោយគ្រែស្នែង (មកថ្វាយស្តេច)។ ខណៈនោះ សោណកោឡិវិស ក៏បានចូលទៅគាល់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះបាទមាគធសេនិយពិម្ពិសារ រួចហើយអង្គុយពែនភ្នែនចំពោះព្រះភក្ត្រស្តេច។ ឯព្រះបាទមាគធសេនិយពិម្ពិសារ ក៏បានទតទៅឃើញរោមទាំងឡាយដែលដុះពេញបាតជើងរបស់សោណកោឡិវិស។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បានប្រដៅនូវប្រយោជន៍1) ទាំងឡាយជាបច្ចុប្បន្ន ចំពោះពួកអ្នកស្រុកទាំង៨ម៉ឺននោះស្រេចហើយ ក៏ទ្រង់បញ្ជូនទៅវិញថា នែនាយទាំងឡាយ យើងបានប្រដៅអ្នករាល់គ្នា ក្នុងប្រយោជន៍ជាបច្ចុប្បន្នហើយ អ្នកទាំងឡាយចូរនាំគ្នាទៅវិញចុះ តែអ្នកទាំងឡាយត្រូវនាំគ្នាទៅគាល់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគនោះ មុខជានឹងប្រៀនប្រដៅនូវប្រយោជន៍ទាំងឡាយក្នុងបរលោកដល់យើងទាំងឡាយ។ វេលានោះឯង ពួកអ្នកស្រុកទាំង៨ម៉ឺននោះ បានទៅឯភ្នំគិជ្ឈកូដ។ សម័យនោះឯង ព្រះសាគតដ៏មានអាយុ ជាអ្នកបម្រើព្រះដ៏មានព្រះភាគ។ វេលានោះ ពួកអ្នកស្រុកទាំង៨ម៉ឺននោះ បានចូលទៅរកព្រះសាគតដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹងព្រះសាគតដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ឥឡូវពួកអ្នកស្រុកទាំង៨ម៉ឺននេះ បានចូលមកក្នុងទីនេះ ដើម្បីឃើញព្រះដ៏មានព្រះភាគ បពិត្រលោកដ៏ចំរើន យើងខ្ញុំគួរបានឃើញព្រះដ៏មានព្រះភាគ ទើបជាការប្រពៃ។ ព្រះសាគតភិក្ខុតបវិញថា នែអ្នកដ៏មានអាយុទាំងឡាយ បើដូច្នោះ អ្នករាល់គ្នាឈប់បង្អង់ចាំអាត្មានៅទីនេះ១ស្របក់ចុះ ចាំអាត្មាក្រាបទូលព្រះដ៏មានព្រះភាគសិន។ គ្រានោះឯង កាលពួកអ្នកស្រុកទាំង៨ម៉ឺននោះកំពុងតែសំឡឹងមើលក្នុងទីចំពោះមុខ ព្រះសាគតដ៏មានអាយុ ក៏ជ្រែកចុះចំផែនថ្ម2) ហើយទៅផុសក្នុងទីចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ រួចក៏បានពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវមានពួកអ្នកស្រុកទាំង៨ម៉ឺននេះ បានចូលមកក្នុងទីនេះដើម្បីឃើញព្រះដ៏មានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគរមែងជ្រាបនូវកាលគួរ ជាប្រយោជន៍ក្នុងកាលឥឡូវនេះ។ ព្រះដ៏មានព្រះភាគតបថា នែសាគត បើដូច្នោះ អ្នកចូរទៅរៀបចំក្រាលអាសនៈ ត្រង់ម្លប់នៃវិហារចុះ។ ព្រះសាគតដ៏មានអាយុបានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏នាំយកតាំង ជ្រែកចុះក្នុងទីចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ កាលអ្នកស្រុកទាំង៨ម៉ឺននោះ កំពុងសំឡឹងមើលក្នុងទីចំពោះមុខ ក៏ស្រាប់តែទៅផុសចំផែនថ្ម ហើយក្រាលអាសនៈត្រង់ម្លប់នៃវិហារ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់យាងចេញពីវិហារ ទៅគង់នៅលើអាសនៈដែលព្រះសាគតត្ថេរៈបានក្រាលត្រង់ម្លប់នៃវិហារ។ លំដាប់នោះឯង ពួកអ្នកស្រុកទាំង៨ម៉ឺននោះ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ គ្រានោះ ពួកអ្នកស្រុកទាំង៨ម៉ឺននោះ ក៏អបអរ រាក់ទាក់នឹងព្រះសាគតដ៏មានអាយុទៅវិញ មិនបានអបអររាក់ទាក់នឹងព្រះដ៏មានព្រះភាគ ដូច្នោះឡើយ។ វេលានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីបរិវិតក្ក ក្នុងចិត្តរបស់ពួកអ្នកស្រុកទាំង៨ម៉ឺន ដោយព្រះទ័យនោះហើយ ទើបទ្រង់ត្រាស់ហៅព្រះសាគតដ៏មានអាយុមកថា នែសាគត បើដូច្នោះ អ្នកចូរសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ឲ្យក្រៃលែងឡើងទៅទៀត។ ព្រះសាគតដ៏មានអាយុបានទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ហោះទៅលើវេហាស៍ ចង្រ្កម គឺដើរខ្លះ ឈរខ្លះ គង់ខ្លះ សិងខ្លះ បណ្តាលឲ្យកើតផ្សែងខ្លះ បណ្តាលឲ្យកើតភ្លើងខ្លះ បាត់ខ្លួនទៅខ្លះ ក្នុងប្រទេសទំនេរ គឺអាកាស។ វេលានោះ ព្រះសាគតដ៏មានអាយុ លុះបានសំដែងឥទ្ធិប្បាដិហារ្យ ជាធម៌របស់មនុស្សជាន់ខ្ពស់ មានប្រការច្រើនយ៉ាង នៅលើប្រទេសទំនេរ គឺអាកាសរួចហើយ ក៏មកក្រាបសិរសា ទៀបព្រះបាទា នៃព្រះដ៏មានព្រះភាគ ហើយក៏បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក។ ខណៈនោះ អ្នកស្រុកទាំង៨ម៉ឺននោះ ក៏ពោលថា នែគ្នាយើងដ៏ចំរើន គួរអស្ចារ្យពេកណាស់ នែគ្នាយើងដ៏ចំរើន ហេតុដែលមិនធ្លាប់កើត កើតឡើងហើយតើ អម្បាលសាវកមានឫទ្ធិខ្លាំង មានអានុភាពច្រើនម្ល៉ោះទៅហើយ ចំណង់បើគ្រូ គង់មានឫទ្ធានុភាពក្រៃលែង ជាងនេះពិតប្រាកដ ហើយបែរមកអបអរ រាក់ទាក់ នឹងព្រះដ៏មានព្រះភាគវិញ លែងអបអររាក់ទាក់ នឹងព្រះសាគតដ៏មានអាយុដូច្នោះទៀតឡើយ។ វេលានោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ជ្រាបសេចក្តីបរិវិតក្ក ក្នុងចិត្តរបស់ពួកអ្នកស្រុក ទាំង៨ម៉ឺននោះ ដោយព្រះទ័យហើយ ទើបទ្រង់សំដែងនូវអនុបុព្វីកថា ឯអនុបុព្វីកថានោះ តើដូចម្តេចខ្លះ គឺព្រះអង្គទ្រង់សំដែងទានកថា សីលកថា សគ្គកថា សំដែងពីទោស របស់កាមគុណ ដែលជារបស់លាមកសៅហ្មង និងអានិសង្សក្នុងកិរិយាចេញបួស។ ព្រះដ៏មានព្រះភាគ ជាម្ចាស់ ទ្រង់បានជ្រាបថា ពួកជនទាំងនោះមានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លាក្នុងវេលាណាហើយ ក៏ទ្រង់សំដែងនូវធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ តែងលើកឡើងសំដែងដោយព្រះអង្គឯង គឺសំដែងពីកងទុក្ខ ហេតុដែលនាំឲ្យកើតកងទុក្ខ សេចក្តីរំលត់នូវកងទុក្ខ និងផ្លូវដែលដល់នូវសេចក្តីរំលត់កងទុក្ខ ក្នុងវេលានោះ។ សំពត់សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួលយកគ្រឿងជ្រលក់ដោយល្អ យ៉ាងណាមិញ ធម្មចក្ខុ (គឺសោតាបត្តិមគ្គ) ឥតមានធូលី ឥតមានមន្ទិល ក៏កើតឡើងដល់ពួកអ្នកស្រុកទាំង៨ម៉ឺននោះ លើអាសនៈនោះថា ធម្មជាតឯណានីមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងមានសេចក្តីរលត់ទៅវិញជាធម្មតា យ៉ាងនោះឯង។ ពួកជនទាំងនោះ ក៏បានយល់នូវអរិយសច្ចធម៌ហើយ បានដល់នូវអរិយសច្ចធម៌ហើយ បានដឹងច្បាស់ នូវអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ ប្រាសចេញពីសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនបានជឿបុគ្គលដទៃ ក្នុងសាសនា នៃព្រះសាស្តា ក៏បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលផ្ងារឡើង នូវភាជន៍ដែលគេផ្កាប់ចុះ ឬបើកឡើង នូវវត្ថុដែលកំបាំង ឬប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ឬទ្រោលបំភ្លឺប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា ពួកជនដែលមានចក្ខុ នឹងបានឃើញនូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ បានសំដែងដោយអនេកបរិយាយ ក៏ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់នូវព្រះដ៏មានព្រះភាគ ជាម្ចាស់ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផងថា ជាទីរលឹក សូមព្រះដ៏មានព្រះភាគជាម្ចាស់ ចាំទុកនូវយើងខ្ញុំថា ជាឧបាសក បានដល់នូវព្រះរតនត្រ័យ ថាជាទីរលឹកស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះទៅ។
(សោណស្ស បព្វជ្ជា)
[៥០] គ្រានោះ សោណកោឡិវិស មានសេចក្តីត្រិះរិះដូច្នេះថា ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ យ៉ាងណាៗ អាត្មាអញក៏បានដឹងជាក់ បុគ្គលដែលនៅគ្រប់គ្រងរក្សាផ្ទះនេះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យពេញលេញ ឲ្យបរិសុទ្ធដោយចំណែក១ ដូចជាសង្ខ ដែលបុគ្គលដុសខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញនឹងកោរសក់ ពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយ ចេញចាកផ្ទះ ហើយបួសក្នុងភាព នៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ។ ខណៈនោះ ពួកអ្នកស្រុកទាំង៨ម៉ឺននោះ ក៏បានត្រេកអររីករាយនឹងធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ក៏ក្រោកចេញចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចធ្វើប្រទក្សិណ ហើយក៏ចៀសចេញទៅ។ វេលានោះឯង សោណកោឡិវិស កាលបើពួកអ្នកស្រុកទាំង៨ម៉ឺន ចៀសចេញទៅមិនយូរប៉ុន្មាន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ សោណកោឡិវិស លុះអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គ ទ្រង់សំដែងហើយ យ៉ាងណាៗ ខ្ញុំព្រះអង្គក៏ដឹងបានទាំងអស់ បុគ្គលដែលនៅគ្រប់គ្រងរក្សាផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបានពេញលេញ ឲ្យបានបរិសុទ្ធដោយចំណែក១ ដូចជាសង្ខ ដែលបុគ្គលដុសខាត់ហើយទេ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវ ខ្ញុំព្រះអង្គចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយ ចេញចាកផ្ទះ ហើយបួសក្នុងភាពនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ព្រះមេត្តាបំបួសខ្ញុំព្រះអង្គ។ សោណកោឡិវិស បានបព្វជ្ជាឧបសម្បទាក្នុងសំណាក់ព្រះមានព្រះភាគ។ លុះព្រះសោណដ៏មានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ក៏បានទៅគង់នៅព្រៃសីតវន (ព្រៃត្រជាក់)។ កាលសោណភិក្ខុនោះ ខំព្យាយាមខ្លាំង ដើរចង្ក្រមទៅ បាទារបស់លោកក៏បែក (ចេញឈាម)។ ទីចង្ក្រមក៏ប្រឡាក់ដោយឈាម ដូចជាទីដែលសម្រាប់សម្លាប់គោ។ ខណៈនោះ កាលព្រះសោណៈដ៏មានអាយុ សម្ងំក្នុងទីស្ងាត់ ក៏កើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា ពួកសាវកឯណាមួយ នៃព្រះដ៏មានព្រះភាគ ដែលមានព្យាយាមប្រឹងប្រែង បណ្តាសាវកទាំងនោះ អាត្មាអញ ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្តរបស់អាត្មាអញ នៅមិនទាន់ផុតចាកអាសវៈ ដោយមិនមានឧបាទានឡើយ ឯត្រកូលរបស់អាត្មាអញ ក៏មានទ្រព្យសម្បត្តិបរិបូណ៌ដែរ អាត្មាអញ អាចនឹងបរិភោគទ្រព្យសម្បត្តិផង អាចនឹងធ្វើបុណ្យផង បើដូច្នោះ គួរអាត្មាអញ វិលត្រឡប់ទៅ ដើម្បីហីនភេទវិញ (គឺសឹក) ហើយនឹងបរិភោគទ្រព្យសម្បត្តិផង ធ្វើបុណ្យផង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បានជ្រាបសេចក្តីត្រិះរិះ ក្នុងចិត្តរបស់ព្រះសោណៈដ៏មានអាយុ ដោយព្រះទ័យហើយ ក៏ស្រាប់តែបាត់ព្រះអង្គពីលើភ្នំគិជ្ឈកូដ ទៅប្រាកដព្រះអង្គនៅឯព្រៃសីតវន ប្រៀបដូចបុរសមានកំឡាំង លាចេញនូវដើមដៃ ដែលខ្លួនបត់ចូល ឬបត់ចូលនូវដើមដៃ ដែលខ្លួនលាចេញ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់សេនាសនចារិក ជាមួយនឹងពួកភិក្ខុជាច្រើនរូប បានយាងសំដៅទៅកាន់ទីចង្ក្រមរបស់ព្រះសោណៈដ៏មានអាយុនោះ។ ព្រះមានព្រះភាគ ក៏បានទតទៅឃើញទីចង្ក្រមរបស់ព្រះសោណៈដ៏មានអាយុប្រឡាក់ដោយឈាម លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយមកសួរថា ម្នាលភិក្ខុទាំងឡាយ ទីចង្ក្រមនេះ ជាទីចង្ក្រមរបស់អ្នកណា បានជាប្រឡាក់ដោយឈាម ដូចជាទីសម្រាប់សម្លាប់គោ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះសោណៈដ៏មានអាយុខំព្យាយាមដើរចង្ក្រមទៅ បាទារបស់លោកក៏បែក នេះជាទីចង្ក្រមរបស់លោកនោះ ដែលប្រឡាក់ដោយឈាម ដូចជាទីដែលសម្រាប់សម្លាប់គោ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់យាងចូលទៅកាន់វិហាររបស់ព្រះសោណៈដ៏មានអាយុ លុះយាងចូលទៅដល់ហើយ ក៏ទ្រង់គង់នៅលើអាសនៈ ដែលគេបានក្រាលទុក។ ចំណែកឯព្រះសោណៈដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលយ៉ាងនេះថា នែសោណៈ កាលអ្នកសម្ងំនៅក្នុងទីស្ងាត់ ក៏កើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា ពួកសាវកណាមួយ របស់ព្រះមានព្រះភាគ ដែលមានព្យាយាមប្រឹងប្រែង បណ្តាសាវកទាំងនោះ អាត្មាអញ ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្តរបស់អាត្មាអញនៅមិនទាន់ផុតចាកអាសវៈទាំងឡាយ ដោយមិនមានឧបាទានឡើយ ម្យ៉ាងទៀត ទ្រព្យសម្បត្តិក្នុងត្រកូលរបស់អាត្មាអញ ក៏មានបរិបូណ៌ អាត្មាអញអាចនឹងបរិភោគទ្រព្យសម្បត្តិផង ធ្វើបុណ្យផង បើដូច្នោះ គួរអាត្មាអញ វិលត្រឡប់ទៅ ដើម្បីហីនភេទ ហើយបរិភោគ នូវទ្រព្យសម្បត្តិផង ធ្វើបុណ្យផង។ សោណៈភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ ព្រះមានព្រះភាគ ទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះដូចម្តេច កាលពីដើមអ្នកឯងនៅជាគ្រហស្ថនោះ ជាអ្នកឆ្លាសក្នុងសូរសំឡេងខ្សែពិណឬ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ ព្រះមានព្រះភាគ ទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះដូចម្តេច កាលណាខ្សែពិណ របស់អ្នកតឹងពេកទៅ តើពិណរបស់អ្នកឯង មានសំឡេងពីរោះឬ គួរដល់ការងារ ក្នុងកាលនោះដែរឬ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ការនុ៎ះមិនដូច្នោះទេ។ ព្រះមានព្រះភាគទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះដូចម្តេច កាលណាបើខ្សែពិណ របស់អ្នកធូរពេក តើពិណរបស់អ្នកឯង មានសំឡេងពីរោះឬ គួរដល់ការងារ ក្នុងកាលនោះដែរឬ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ការនុ៎ះមិនដូច្នោះទេ។ ព្រះមានព្រះភាគទ្រង់សួរថា នែសោណៈ អ្នកសំគាល់ហេតុនោះដូចម្តេច កាលណាបើខ្សែពិណ របស់អ្នក មិនតឹងពេក មិនធូរពេក តាំងនៅក្នុងគុណដ៏ល្មម តើពិណរបស់អ្នកឯង មានសំឡេងពីរោះឬ គួរដល់ការងារក្នុងកាលនោះដែរឬ។ ព្រះសោណៈនោះក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែសោណៈ សេចក្តីព្យាយាមដែលតឹងពេក នាំឲ្យកើតសេចក្តីរាយមាយ សេចក្តីព្យាយាមដែលធូរពេក នាំឲ្យកើតសេចក្តីខ្ជិលច្រអូស ដូចខ្សែពិណយ៉ាងនោះឯង ព្រោះហេតុនោះ នែសោណៈ ក្នុងវេលានេះ អ្នកចូរតាំងសេចក្តីព្យាយាមឲ្យស្មើ ក្នុងធម្មវិន័យនេះ ត្រូវប្រើឥន្ទ្រិយទាំងឡាយឲ្យស្មើគ្នាផង ត្រូវកាន់យកនូវនិមិត្តក្នុងសមថៈនោះផង។ ព្រះសោណៈដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ វេលានោះឯង ព្រះមានព្រះភាគទ្រង់ទូន្មានព្រះសោណៈដ៏មានអាយុ ដោយឱវាទនេះរួចហើយ ទើបទ្រង់បាត់ព្រះអង្គ អំពីទីចំពោះមុខ នៃព្រះសោណៈដ៏មានអាយុ នៅនាព្រៃសីតវន ហើយទ្រង់ប្រាកដនៅលើភ្នំគិជ្ឈកូដវិញ ប្រៀបដូចជាបុរសដែលមានកំឡាំង លាដើមដៃ ដែលខ្លួនបត់ចូល ឬបត់ចូល នូវដើមដៃ ដែលខ្លួនលាចេញ។ លំដាប់នោះ លុះសម័យតមក ព្រះសោណៈដ៏មានអាយុ ក៏បានតាំងសេចក្តីព្យាយាមស្មើ បានប្រើឥន្ទ្រិយទាំង៥ក៏ស្មើគ្នាផង បានកាន់យកនូវនិមិត្តក្នុងសមថៈនោះឯង។ វេលានោះ ព្រះសោណៈដ៏មានអាយុ បានចៀសចេញ ទៅតែម្នាក់ឯង ឥតមានសេចក្តីប្រមាទឡើយ ខំព្យាយាម ដុតបង់នូវកិលេស បញ្ជូនចិត្តឲ្យបែរទៅ (កាន់ព្រះនិព្វាន) ពួកកុលបុត្រ ដែលចេញចាកផ្ទះហើយ ទៅបួសក្នុងភាពជាបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ ដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា (ព្រះសោណៈ) ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុត នៃមគ្គព្រហ្មចារ្យ ដោយបញ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ មិនយូរប៉ុន្មាន ក៏បានដឹងច្បាស់ថា ជាតិកំណើតរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌អញ ក៏បាននៅចប់ហើយ កិច្ចដែលត្រូវធ្វើ អញក៏បានធ្វើហើយ នឹងមានកិច្ចដទៃអំពីកិច្ចនេះតទៅទៀត គ្មានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះសោណៈដ៏មានអាយុ ក៏ជាព្រះអរហន្តអង្គមួយដែរ។
[៥១] លំដាប់នោះ កាលព្រះសោណៈដ៏មានអាយុ បានសម្រេចព្រះអរហត្តហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ នឹងសំដែងគុណ គឺអរហត្តផល ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ វេលានោះ ព្រះសោណៈដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ ព្រះសោណៈដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា ជាព្រះអរហន្តខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ចសម្រេចហើយ មានភារៈដាក់ចុះហើយ3) បានសម្រេចប្រយោជន៍របស់ខ្លួនហើយ មានកិលេស ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ (ចាកកិលេស) ព្រោះដឹងដោយប្រពៃ ភិក្ខុនោះមានអធ្យាស្រ័យបង្អោនទៅកាន់ហេតុទាំង៦យ៉ាង គឺមានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្ម4) (គឺអរហត្ត)១ មានអធ្យាស្រ័យបង្អោនទៅក្នុងទីស្ងាត់១ មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ១ មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន១ មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃតណ្ហា១ មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង១ បពិត្រព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុពួកខ្លះ មានសេចក្តីរិះគិតដូច្នេះថា លោកដ៏មានអាយុនេះ ឈ្មោះថាមានអធ្យាស្រ័យ បង្អោនទៅកាន់នេក្ខម្មៈ ព្រោះអាស្រ័យនូវគុណ គ្រាន់តែសេចក្តីជឿប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកុំគប្បីយល់ហេតុនេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏ចំរើន ឯភិក្ខុ ដែលជាព្រះខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ចសម្រេចហើយ កាលមិនបានពិចារណាខ្លួន ដែលមានកិច្ចត្រូវធ្វើ ឬមិនបានពិចារណា នូវសេចក្តីចំរើននៃកិច្ច ដែលខ្លួនបានធ្វើហើយ បានឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ បពិត្រព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុពួកខ្លះ មានសេចក្តីរិះគិតយ៉ាងនេះថា លោកដ៏មានអាយុនេះ ជាអ្នកប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកុំគប្បីយល់ហេតុនេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏ចំរើន ឯភិក្ខុជាព្រះខីណាស្រព សិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ចសម្រេចហើយ មិនបានពិចារណានូវខ្លួន ដែលមានកិច្ចត្រូវធ្វើ ឬមិនបានពិចារណានូវសេចក្តីចំរើននៃកិច្ច ដែលខ្លួនបានធ្វើហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ បពិត្រព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុពួកខ្លះ មានសេចក្តីរិះគិតយ៉ាងនេះថា លោកដ៏មានអាយុនេះ កាលត្រឡប់មកកាន់សេចក្តីប្រកាន់សីល ប្រកាន់វត្តដោយសភាវៈថ្លៃថ្លា ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកុំគប្បីយល់ហេតុនេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាព្រះខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ចសម្រេចហើយ មិនបានពិចារណានូវខ្លួន ដែលមានកិច្ចត្រូវធ្វើ ឬមិនបានពិចារណា នូវសេចក្តីចំរើន នៃកិច្ចដែលខ្លួនធ្វើហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ ឈ្មោះថាមានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅ នៃតណ្ហា ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យ បង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅ នៃតណ្ហា ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅ នៃតណ្ហា ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុកាលបើមានចិត្តផុតស្រឡះប្រពៃយ៉ាងនេះហើយ បើទុកជារូបទាំងឡាយដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយភ្នែក មកកាន់គន្លងភ្នែក ក៏មិនបានគ្របសង្កត់ចិត្តរបស់ភិក្ខុនោះបានឡើយ ចិត្តរបស់ភិក្ខុនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំ ដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើក ដោយតណ្ហាហើយ ពិចារណាឃើញនូវសេចក្តីកើតឡើង និងសេចក្តីរលត់ទៅនៃចិត្តនោះ បើសំឡេងទាំងឡាយដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយត្រចៀកបាន… ក្លិនទាំងឡាយដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយច្រមុះបាន… រសទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយអណ្តាតបាន… ផោដ្ឋព្វៈ (គឺអារម្មណ៍ដែលមកប៉ះត្រូវកាយ) ទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយកាយបាន… ធម្មារម្មណ៍ (គឺអារម្មណ៍ដែលកើតក្នុងចិត្ត) ទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយចិត្តបាន មកកាន់ផ្លូវនៃចិត្ត ក៏គ្របសង្កត់ចិត្តរបស់លោកនោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើកដោយតណ្ហាហើយ លោកបានពិចារណាឃើញ នូវសេចក្តីកើតឡើង និងសេចក្តីរលត់ទៅ នៃចិត្តនោះ បពិត្រព្រះអង្គដ៏ចំរើន ឧបមាដូចជាភ្នំថ្ម ឥតធ្លុះ ឥតប្រហោង ជាភ្នំតាន់សុទ្ធ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងកើតក្តី ក៏ញុំាងភ្នំនោះ ឲ្យកម្រើកមិនបាន ឲ្យរំជួយមិនបាន ឲ្យញាប់ញ័រមិនបានឡើយ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងលិចក្តី។បេ។ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងជើងក្តី។បេ។ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងត្បូងក្តី ក៏ញុំាងភ្នំនោះ ឲ្យកម្រើកមិនបាន ឲ្យរំជួយមិនបាន ឲ្យញាប់ញ័រមិនបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុកាលមានចិត្តផុតស្រឡះ ដោយប្រពៃយ៉ាងនេះហើយ បើរូបទាំងឡាយ ដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយភ្នែក មកកាន់គន្លងភ្នែកក្តី ក៏គ្របសង្កត់ចិត្ត របស់លោកនោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើក ដោយតណ្ហា លោកពិចារណានូវសេចក្តីកើតឡើង និងសេចក្តីរលត់ទៅនៃចិត្តនោះ បើសំឡេងទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយត្រចៀកក្តី… ក្លិនទាំងឡាយ ដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយច្រមុះក្តី… រសទាំងឡាយដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយអណ្តាតក្តី… ផោដ្ឋព្វៈទាំងឡាយដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយកាយក្តី… ធម្មារម្មណ៍ទាំងឡាយ ដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយចិត្ត មកកាន់ផ្លូវចិត្តក្តី ក៏គ្របសង្កត់នូវចិត្ត របស់លោកនោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើកដោយតណ្ហា លោករមែងពិចារណា នូវសេចក្តីកើតឡើង និងសេចក្តីរលត់នៃចិត្តនោះ ក៏មានឧបមេយ្យដូច្នោះឯង។
[៥២] ភិក្ខុកាលបើមានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ (គឺអរហត្ត)ផង មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីស្ងប់ស្ងាត់នៃចិត្តផង មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទផង មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ជាគ្រឿងអស់ទៅនៃឧបាទានផង មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ជាគ្រឿងអស់ទៅនៃតណ្ហាផង មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេងនៃចិត្តផង ចិត្តក៏ផុតស្រឡះដោយប្រពៃ ព្រោះបានឃើញនូវសេចក្តីកើត និងសេចក្តីវិនាសនៃអាយតនៈ កាលភិក្ខុនោះមានចិត្តផុតស្រឡះហើយដោយប្រពៃ មានចិត្តរម្ងាប់ហើយ សេចក្តីចំរើននៃកិច្ច ដែលភិក្ខុនោះបានធ្វើហើយក៏គ្មាន កិច្ចដែលគួរនឹងធ្វើក៏គ្មាន។ ថ្មដែលតាន់សុទ្ធ មិនបានរំជួយដោយខ្យល់ យ៉ាងណាមិញ រូប សំឡេង ក្លិន រស ផស្សៈ និងធម្មារម្មណ៍ទាំងអស់ ដែលជាទីគាប់ចិត្តក្តី មិនជាទីគាប់ចិត្តក្តី ក៏ញុំាងចិត្តរបស់ភិក្ខុជាតាទិបុគ្គល5) ឲ្យញាប់ញ័រមិនបាន យ៉ាងនោះដែរ ចិត្តរបស់ភិក្ខុនោះ ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ជាចិត្តផុតស្រឡះចាកកិលេសហើយ លោកពិចារណានូវសេចក្តីកើត និងសេចក្តីរលត់នៃចិត្តនោះ។
(១៤៨)
[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា នែភិក្ខុទាំងឡាយ ពួកកុលបុត្ត តែងប្រកាសគុណ គឺអរហត្តផលយ៉ាងនេះឯង ពួកកុលបុត្តទាំងនោះ បានប្រកាសសេចក្តីនៃបុគ្គលជាអរហន្តផង មិនបានបង្អោនខ្លួនទៅដោយអំនួតថា ខ្លួនជាព្រះអរហន្តផង ម្យ៉ាងទៀត ក្នុងលោកនេះ មានពួកមោឃបុរសខ្លះ ប្រកាសព្រះអរហត្តផល ទំនងធ្វើដូចជាសើចលេង មោឃបុរសទាំងនោះ តែងដល់នូវសេចក្តីចង្អៀតចង្អល់ ក្នុងកាលជាខាងក្រោយ (មិនខានឡើយ)។ វេលានោះ ព្រះមានព្រះភាគទ្រង់ត្រាស់ហៅព្រះសោណៈដ៏មានអាយុថា នែសោណៈ អ្នកឯងធ្លាប់ចំរើនដោយសេចក្តីសុខ នែសោណៈ ឥឡូវនេះ តថាគតអនុញ្ញាតស្បែកជើង១ជាន់ឲ្យអ្នក។ ព្រះសោណៈនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានលះបង់ប្រាក់ចំនួន៨០រទេះធំ (គឺ១រទេះធំកំណត់ពីររទេះតូច) ផង បានលះបង់នូវពួកសេនាប្រកបដោយដំរី៧ផង ហើយបានចេញពីផ្ទះមកបួសក្នុងភាព នៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ ជនទាំងឡាយមុខជានឹងពោល (តិះដៀល) ដល់ខ្ញុំព្រះអង្គថា សោណកោឡិវិស បានលះបង់ប្រាក់ចំនួន៨០រទេះយ៉ាងធំផង បានលះបង់ នូវពួកសេនា ប្រកបដោយដំរី៧ផង ហើយបានចេញចាកផ្ទះ មកបួសក្នុងភាព នៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ ឥឡូវនេះ សោណកោឡិវិសនេះ នៅជាប់ចំពាក់នឹងស្បែកជើង១ជាន់ បើព្រះដ៏មានព្រះភាគ នឹងទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃ ទើបខ្ញុំព្រះអង្គហ៊ានប្រើប្រាស់ បើព្រះដ៏មានព្រះភាគ មិនទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃទេ ខ្ញុំព្រះអង្គមិនហ៊ានប្រើប្រាស់ទេ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវស្បែកជើង១ជាន់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើង២ជាន់ មិនត្រូវពាក់ស្បែកជើង៣ជាន់ មិនត្រូវពាក់ស្បែកជើង៤ជាន់ឡើងទៅទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
(១៤៩)
[៥៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងពណ៌ខៀវសុទ្ធ (ដូចពណ៌ផ្កាត្រកៀត)។បេ។ ពាក់ស្បែកជើងពណ៌លឿងសុទ្ធ (ដូចពណ៌ផ្កាកណ្ណិការ)។ ពាក់ស្បែកជើងពណ៌ក្រហមសុទ្ធ (ដូចពណ៌ផ្កាច្បារ)។ ពាក់ស្បែកជើងពណ៌ហង្សបាទសុទ្ធ (ដូចពណ៌ស្បែង)។ ពាក់ស្បែកជើងពណ៌ខ្មៅសុទ្ធ (ដូចពណ៌ផ្លែផ្គាំ)។ ពាក់ស្បែកជើងពណ៌ក្រហមក្រមៅសុទ្ធ (ដូចពណ៌ខ្នងក្អែប)។ ពាក់ស្បែកជើងពណ៌លឿងទុំសុទ្ធ (ដូចពណ៌ស្លឹកឈើទុំ ឬដូចផ្កាឈូក)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថដែលបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុះ ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងពណ៌ខៀវសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌លឿងសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ក្រហមសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ហង្សបាទសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ខ្មៅសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ក្រហមក្រមៅសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌លឿងទុំសុទ្ធឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងមានខ្សែខៀវ។ ពាក់ស្បែកជើងមានខ្សែលឿង។ ពាក់ស្បែកជើងមានខ្សែក្រហម។ ពាក់ស្បែកជើងមានខ្សែហង្សបាទ។ ពាក់ស្បែកជើងមានខ្សែខ្មៅ។ ពាក់ស្បែកជើងមានខ្សែក្រហមក្រមៅ។ ពាក់ស្បែកជើងមានខ្សែលឿងទុំ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថដែលបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងមានខ្សែខៀវទេ មិនត្រូវពាក់ស្បែកជើងមានខ្សែលឿង មិនត្រូវពាក់ស្បែកជើងមានខ្សែក្រហម មិនត្រូវពាក់ស្បែកជើងមានខ្សែហង្សបាទ មិនត្រូវពាក់ស្បែកជើងមានខ្សែខ្មៅ មិនត្រូវពាក់ស្បែកជើងមានខ្សែក្រហមក្រមៅ មិនត្រូវពាក់ស្បែកជើងមានខ្សែលឿងទុំទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងបិទកែង។ ពាក់ស្បែកជើងស្រោបជើងទាំងអស់រហូតដល់ស្មងជើង (ដូចជាស្បែកជើងអ្នកស្រុកយោនកៈ)។ ពាក់ស្បែកជើងដែលគេក្រង ជារបៀបបិទខ្នងជើង។ ពាក់ស្បែកជើងដែលញាត់ដោយគរ។ ពាក់ស្បែកជើង មានខ្សែវិចិត្រដូចស្លាបទទា។ ពាក់ស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងកែះ។ ពាក់ស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងពពែ។ ពាក់ស្បែកជើងមានខ្សែ មានសណ្ឋានដូចកន្ទុយសត្វខ្ទួយ។ ពាក់ស្បែកជើងដែលចាក់ស្រែះដោយព្រុយកន្ទុយក្ងោក។ ពាក់ស្បែកជើងដែលវិចិត្រ (ផ្សេងៗ)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងបិទកែង មិនត្រូវពាក់ស្បែកជើងដែលស្រោបជើងទាំងអស់រហូតស្មងជើង មិនត្រូវពាក់ស្បែកជើងដែលគេក្រងជារបៀបបិទខ្នងជើង មិនត្រូវពាក់ស្បែកជើងដែលញាត់ដោយគរ មិនត្រូវពាក់ស្បែកជើងដែលមានខ្សែវិចិត្រដូចស្លាបទទា មិនត្រូវពាក់ស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងកែះ មិនត្រូវពាក់ស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងពពែមិនត្រូវពាក់ស្បែកជើងមានខ្សែមានសណ្ឋានដូចកន្ទុយសត្វខ្ទួយ មិនត្រូវពាក់ស្បែកជើងដែលគេស្រេះដោយព្រុយកន្ទុយក្ងោក មិនត្រូវពាក់ស្បែកជើងដែលវិចិត្រ(ផ្សេងៗ)ឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើង ដែលចំជាយដោយស្បែកសត្វសីហៈ។ ពាក់ស្បែកជើងដែលចំជាយដោយស្បែកខ្លាធំ។ ពាក់ស្បែកជើងដែលចំជាយដោយស្បែកខ្លាដំបង។ ពាក់ស្បែកជើង ដែលចំជាយដោយស្បែកខ្លារខិន។ ពាក់ស្បែកជើង ដែលចំជាយដោយស្បែកភេ។ ពាក់ស្បែកជើង ដែលចំជាយដោយស្បែកឆ្មា។ ពាក់ស្បែកជើង ដែលចំជាយដោយស្បែកសត្វកង្ហែន។ ពាក់ស្បែកជើង ដែលចំជាយដោយស្បែកមៀម។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវពាក់ស្បែកជើង ដែលចំជាយដោយស្បែកសត្វសីហៈ មិនត្រូវពាក់ស្បែកជើង ដែលចំជាយដោយស្បែកខ្លាធំ មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកខ្លាដំបង មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកខ្លារខិន មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកភេ មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកឆ្មា មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកសត្វកង្ហែន មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកមៀម ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
(១៥០)
[៥៥] គ្រានោះឯង ព្រះមានព្រះភាគទ្រង់ស្លៀកស្បង់ក្នុងវេលាព្រឹកព្រហាម ហើយប្រដាប់បាត្រនិងចីវរ យាងចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត មានភិក្ខុ១រូបជាបច្ឆាសមណៈ (គឺសមណៈតាមក្រោយ)។ ភិក្ខុនោះខ្ចកជើង ដើរតាមក្រោយៗ ព្រះដ៏មានព្រះភាគ ក្នុងវេលានោះ។ មានឧបាសកម្នាក់ ពាក់ស្បែកជើង៤ជាន់ឡើងទៅ បានឃើញព្រះដ៏មានព្រះភាគ ទ្រង់យាងមកពីចម្ងាយ លុះឃើញហើយ ក៏ដោះស្បែកជើងចេញ ហើយចូលសំដៅទៅព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំភិក្ខុនោះហើយ ក៏បាននិយាយពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ហេតុអ្វីបានជាខ្ចក។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ បាទារបស់អាត្មាបែក។ ឧបាសកនោះនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ ទទួលយកស្បែកជើងចុះ។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ ណ្ហើយកុំ ព្រោះស្បែកជើង៤ជាន់ឡើងទៅ ព្រះដ៏មានព្រះភាគបានទ្រង់ហាមរួចជាស្រេចហើយ។ ព្រះអង្គមានបន្ទូលថា នែភិក្ខុ ចូរអ្នកទទួលយកស្បែកជើងនេះចុះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគបានធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវស្បែកជើង៤ជាន់ឡើងទៅ ដែលគេពាក់ហើយដោះមកប្រគេន (គឺជាស្បែកជើងចាស់) ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើង៤ជាន់ឡើងទៅ ដែលជាស្បែកជើងថ្មីទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
(១៥១)
[៥៦] សម័យនោះឯង ព្រះដ៏មានព្រះភាគមិនបានទ្រង់ឆ្លងព្រះបាទ (ហើយ) ទ្រង់ចង្ក្រមនៅក្នុងទីវាល។ ឯពួកភិក្ខុចាស់ក៏មិនហ៊ានពាក់ស្បែកជើងដើរចង្ក្រម ដោយគិតឃើញថា ព្រះជាគ្រូមិនទ្រង់ឆ្លងព្រះបាទ ហើយទ្រង់ចង្ក្រម។ កាលបើព្រះបរមសាស្តាមិនទ្រង់ឆ្លងព្រះបាទ ហើយទ្រង់ចង្ក្រម ពួកភិក្ខុចាស់ ក៏មិនពាក់ស្បែកជើង ហើយចង្ក្រម (គឺដើរតាមធម្មតា) ឯពួកឆព្វគ្គិយភិក្ខុ ក៏ពាក់ស្បែកជើង ហើយចង្ក្រម។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលបើព្រះបរមសាស្តា មិនបានទ្រង់ឆ្លងព្រះបាទ កំពុងចង្ក្រមក្តី ពួកភិក្ខុចាស់ មិនបានពាក់ស្បែកជើង កំពុងចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ មិនសមបើ នឹងហ៊ានពាក់ស្បែកជើងដើរចង្ក្រមសោះ។ វេលានោះឯង ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា កាលព្រះបរមសាស្តា មិនបានទ្រង់ឆ្លងព្រះបាទ កំពុងចង្ក្រមក្តី ពួកភិក្ខុចាស់ មិនបានពាក់ស្បែកជើង កំពុងចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ ក៏ពាក់ស្បែកជើង ហើយដើរចង្ក្រម ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ កាលព្រះសាស្តា មិនបានទ្រង់ឆ្លងព្រះបាទ កំពុងចង្ក្រមក្តី ពួកភិក្ខុចាស់មិនបានពាក់ស្បែកជើង កំពុងចង្ក្រមក្តី មោឃបុរសទាំងនោះ មិនសមបើនឹងហ៊ានពាក់ស្បែកជើង ហើយដើរចង្ក្រមទេ ម្នាលភិក្ខុទាំងឡាយ ពួកគ្រហស្ថដែលស្លៀកស ម្តេចគង់មានសេចក្តីគោរព កោតក្រែងក្នុងអាចារ្យ មានការចិញ្ចឹមជីវិតស្មើគ្នា ព្រោះហេតុនៃសិល្បសាស្ត្រសម្រាប់ចិញ្ចឹមជីវិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ គួរតែប្រព្រឹត្តឲ្យល្អ ព្រោះថា អ្នកទាំងឡាយបានបួសមកក្នុងធម្មវិន័យ ដែលតថាគតបានសំដែង ដោយល្អយ៉ាងនេះហើយ គួរតែគោរពកោតក្រែង មានសេចក្តីចិញ្ចឹមជីវិតស្មើគ្នា ក្នុងអាចារ្យក្តី ក្នុងភិក្ខុល្មមធ្វើជាអាចារ្យក្តី ក្នុងឧបជ្ឈាយ៍ក្តី ក្នុងភិក្ខុល្មមធ្វើជាឧបជ្ឈាយ៍ក្តី ម្នាលភិក្ខុទាំងឡាយ អំពើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់បានជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើអាចារ្យ(ក្តី) ភិក្ខុល្មមធ្វើជាអាចារ្យ(ក្តី) ឧបជ្ឈាយ៍(ក្តី) ភិក្ខុល្មមធ្វើជាឧបជ្ឈាយ៍(ក្តី) មិនបានពាក់ស្បែកជើងដើរចង្ក្រមទេ ភិក្ខុមិនត្រូវពាក់ស្បែកជើង ហើយដើរចង្ក្រមទេ ភិក្ខុណាដើរចង្ក្រម ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងខាងក្នុងវត្តទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
[៥៧] សម័យនោះឯង មានភិក្ខុ១រូប កើតរោគដំបៅលេចនៅបាតជើង។ ភិក្ខុទាំងឡាយក៏បានគ្រាហ៍យកភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់សេនាសនចារិក ក៏បានទតទៅឃើញភិក្ខុទាំងនោះ កំពុងគ្រាហ៍យកភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង លុះឃើញហើយ ក៏ទ្រង់យាងចូលទៅរកភិក្ខុនោះ លុះយាងចូលទៅដល់ហើយ ទើបទ្រង់មានបន្ទូលនេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះកើតរោគអ្វី។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ កើតរោគដំបៅលេចនៅបាតជើង ពួកខ្ញុំព្រះអង្គក៏គ្រាហ៍យកលោកដ៏មានអាយុនេះមកឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។
[៥៨] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ (បើ) ភិក្ខុណា មានជើងឈើក្តី មានជើងបែកក្តី មានរោគដំបៅលេចនៅបាតជើងក្តី តថាគតអនុញ្ញាតឲ្យភិក្ខុនោះពាក់ស្បែកជើងបាន។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានលាងជើង ហើយស្រាប់តែឡើងទៅកាន់គ្រែខ្លះ តាំងខ្លះ នាំឲ្យប្រឡាក់ចីវរ និងសេនាសនៈ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុពាក់ស្បែកជើងបាន ដោយគិតថា ក្នុងវេលានេះ អាត្មាអញ នឹងឡើងគ្រែ ឬតាំង។ សម័យនោះឯង ក្នុងវេលាយប់ មានពួកភិក្ខុដើរទៅកាន់រោងឧបោសថខ្លះ ទីប្រជុំអង្គុយខ្លះ ក៏ជាន់ទៅលើដង្គត់ឈើខ្លះ លើបន្លាខ្លះ ក្នុងទីងងឹត ជើងរបស់ភិក្ខុទាំងនោះក៏មានទុក្ខវេទនា។ ភិក្ខុទាំងឡាយ ក៏បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុពាក់ស្បែកជើង កាន់គប់ភ្លើង ប្រទីប និងឈើច្រត់ខាងក្នុងអារាមបាន។
(១៥២)
សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី (ជិតភ្លឺ) ក៏ពាក់ទ្រនាប់ជើងឈើ ហើយចង្ក្រមក្នុងទីវាល មានសំឡេងហ៊ោ មានសំឡេងខ្លាំង មានសំឡេងថា ខដខដៈ ហើយនិយាយតិរច្ឆានកថាផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ និយាយពីមហាមាត្យ និយាយពីសេនា និយាយពីភ័យ និយាយពីចម្បាំង និយាយពីគ្រឿងស៊ី និយាយពីគ្រឿងផឹក និយាយពីសំពត់ និយាយពីការដេក និយាយពីកម្រងផ្កា និយាយពីគ្រឿងក្រអូប និយាយពីញាតិ និយាយពីយាន និយាយពីស្រុក និយាយពីនិគម និយាយពីនគរ និយាយពីជនបទ និយាយពីស្រី និយាយពីប្រុស និយាយពីបុគ្គលដែលក្លៀវក្លា និយាយពីច្រកផ្លូវ និយាយពីកន្លែងក្អមទឹក (គឺកំពង់ទឹក) និយាយពីបុព្វប្រេត (គឺញាតិដែលស្លាប់ទៅហើយ) និយាយពីពាក្យឥតប្រយោជន៍ មានប្រការផ្សេងៗ និយាយពីរឿងកុហកក្នុងលោក (មានរឿងក្អែកស កុកក្រហមជាដើម) និយាយពីរឿងជីកសមុទ្រ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយឃ្លាតចាកសមាធិខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ហើយពាក់ទ្រនាប់ជើងឈើ ដើរក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយពីតិរច្ឆានកថាផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យដូច្នេះៗ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ ឃ្លាតចាកសមាធិខ្លះសោះ។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយភិក្ខុ ក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រីហើយ ក៏ពាក់ទ្រនាប់ជើងឈើ ដើរទៅក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយតិរច្ឆានកថាផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យដូច្នេះៗ ហើយដើរជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយឃ្លាតចាកសមាធិខ្លះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះព្រះមានព្រះភាគ ទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងឈើឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
[៥៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្រុងរាជគ្រឹះ ដោយសមគួរដល់ពុទ្ធអធ្យាស្រ័យ រួចហើយទ្រង់យាងសំដៅទៅក្រុងពារាណសី ទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់ទៅក្រុងពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវន ទៀបក្រុងពារាណសី។ វេលានោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើងឈើ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ក៏ប្រើគេឲ្យកាត់ត្នោតខ្ចីទាំងឡាយ (យកមកធ្វើ) ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់ ឯត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិនសមបើនឹងហ៊ានប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់សោះ ឯដើមត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន ពួកសមណៈ ជាសក្យបុត្ត ហ៊ានបៀតបៀនវត្ថុដែលមានជីវិត មានឥន្ទ្រិយតែ១។ កាលមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកឆព្វគ្គិយភិក្ខុ ប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់ ត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់ទេ ត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់ ម្នាលភិក្ខុទាំងឡាយ ដ្បិតពួកមនុស្សតែងសំគាល់ថា ដើមឈើមានជីវិត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងស្លឹកត្នោតឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើងស្លឹកត្នោត ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ទើបប្រើគេឲ្យកាត់នូវឫស្សីខ្ចីទាំងឡាយវិញ (យកមកធ្វើ) ជាទ្រនាប់ជើងស្លឹកឫស្សី ហើយពាក់ ឯឫស្សីខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនគួរបើនឹងហ៊ានប្រើគេឲ្យកាត់ឫស្សីខ្ចីទាំងឡាយ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកឫស្សី ហើយពាក់សោះ ឯឫស្សីខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនទៅ ពួកសមណៈ ជាសក្យបុត្រ ហ៊ានបៀតបៀនរបស់ដែលមានជីវិត មានឥន្ទ្រិយតែ១។ កាលមនុស្សទាំងនោះ កំពុងតែពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងស្លឹកឫស្សីឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
[៦០] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងពារាណសី គួរតាមពុទ្ធអធ្យាស្រ័យ រួចទ្រង់យាងទៅកាន់ចារិក នៃក្រុងភទ្ទិយៈ កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងភទ្ទិយៈនោះ។ បានឮមកថា ព្រះអង្គគង់នៅក្នុងព្រៃជាតិយាវន ទៀបក្រុងភទ្ទិយៈនោះ។ សម័យនោះឯង ពួកភទ្ទិយៈភិក្ខុ (ភិក្ខុដែលនៅក្នុងក្រុងភទ្ទិយៈ) មានសេចក្តីខ្វល់ខ្វាយក្នុងការប្រដាប់ទ្រនាប់ជើង មានប្រការផ្សេងៗ គឺធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ក៏លះបង់ចោលនូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា។6) ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភទ្ទិយភិក្ខុ មិនសមបើនឹងខ្វល់ខ្វាយក្នុងការតាក់តែងទ្រនាប់ជើងមានបការផ្សេងៗ គឺ ធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញាសោះ។ វេលានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភទ្ទិយភិក្ខុខ្វល់ខ្វាយក្នុងការតាក់តែងទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់បាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសទាំងនោះ មិនសមបើនឹងខ្វល់ខ្វាយក្នុងការតាក់តែងទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ លះបង់នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងស្មៅ មិនត្រូវពាក់ទ្រនាប់ជើងស្មៅយាប្ល៉ង មិនត្រូវពាក់ទ្រនាប់ជើងស្មៅដំណេកទន្សាយ មិនត្រូវពាក់ទ្រនាប់ជើងស្លឹកទន្សែ មិនត្រូវពាក់ទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូក មិនត្រូវពាក់ទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វ មិនត្រូវពាក់ទ្រនាប់ជើងមាស មិនត្រូវពាក់ទ្រនាប់ជើងប្រាក់ មិនត្រូវពាក់ទ្រនាប់ជើងកែវមណី មិនត្រូវពាក់ទ្រនាប់ជើងកែវពិទូរ្យ មិនត្រូវពាក់ទ្រនាប់ជើងកែវផ្លេក មិនត្រូវពាក់ទ្រនាប់ជើងសម្រិត មិនត្រូវពាក់ទ្រនាប់ជើងកែវកញ្ចក់ មិនត្រូវពាក់ទ្រនាប់ជើងសំណប៉ាហាំង (សំណស) មិនត្រូវពាក់ទ្រនាប់ជើងសំណភក់ (សំណខ្មៅ) មិនត្រូវពាក់ទ្រនាប់ជើងទង់ដែងទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់ទ្រនាប់ជើង (គឺជ្រុញជើង) ណាមួយដែលគួរនឹងឲ្យកម្រើកទៅបាន ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ជើង៣យ៉ាង ដែលគេដំកល់នៅជានិច្ច ដែលគេឲ្យកម្រើកទៅមិនបាន គឺទ្រនាប់ជើងសម្រាប់បន្ទោបង់នូវវច្ចៈ១ ទ្រនាប់ជើងសម្រាប់បន្ទោបង់នូវបស្សាវៈ១ ទ្រនាប់ជើងសម្រាប់លាងជម្រះ(លាមក)១។
[៦១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនគរភទ្ទិយៈ គួរដល់ពុទ្ធអធ្យាស្រ័យ រួចទ្រង់យាងទៅកាន់ចារិកក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលមេគោទាំងឡាយ កំពុងតែហែលឆ្លងទឹកស្ទឹងអចិរវតី ក៏ចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើខ្នងខ្លះ មានចិត្តតម្រេក ក៏ស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោទៅក្នុងទឹកឲ្យស្លាប់ខ្លះ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត កាលមេគោទាំងឡាយ កំពុងឆ្លងទឹក មិនសមបើនឹងចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើខ្នងខ្លះ មានចិត្តតម្រេក ហើយស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោទៅក្នុងទឹកឲ្យស្លាប់ខ្លះ ដូចជាពួកគ្រហស្ថអ្នកបរិភោគនូវកាមគុណសោះ។ កាលមនុស្សទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយបានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចាប់ស្នែងមេគោទាំងឡាយ មិនត្រូវចាប់ស្លឹកត្រចៀក មិនត្រូវចាប់ក មិនត្រូវចាប់កន្ទុយ មិនត្រូវឡើងជិះលើខ្នង ភិក្ខុណាឡើងជិះ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវមានចិត្តត្រេកអរ ពាល់អង្គជាត (មេគោ) ឡើយ ភិក្ខុណាពាល់ ត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុមិនត្រូវធ្វើកូនគោឲ្យស្លាប់ឡើយ ភិក្ខុណាធ្វើឲ្យស្លាប់ ភិក្ខុនោះ វិនយធរត្រូវឲ្យធ្វើតាមធម៌។7)
(១៥៣)
[៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទៅដោយយានដែលគេទឹមដោយគោញី មានបុរសជាអ្នកបរក៏មាន ទឹមដោយគោឈ្មោល មានស្រីជាអ្នកបរក៏មាន។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកជនដែលទៅលេងទឹកស្ទឹងគង្គា និងស្ទឹងមហី។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទៅដោយយានឡើយ ភិក្ខុណាទៅ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ក្រុងសាវត្ថី ក្នុងកោសលជនបទ ដើម្បីគាល់ព្រះដ៏មានព្រះភាគ ដល់ពាក់កណ្តាលផ្លូវ ក៏មានជម្ងឺ។ វេលានោះឯង ភិក្ខុនោះក៏គេចចុះចេញអំពីផ្លូវ ទៅអង្គុយនៅក្រោមដើមឈើ១។ មនុស្សទាំងឡាយក្រឡេកឃើញភិក្ខុនោះហើយ ក៏បាននិយាយពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់នឹងនិមន្តទៅទីណា។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមក យើងនឹងទៅជាមួយគ្នា។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ អាត្មាទៅមិនរួចទេ ព្រោះអាត្មាមានជម្ងឺ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមកឡើងជិះយានទៅ។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ មិនគួរទេ ព្រោះយាន ព្រះដ៏មានព្រះភាគទ្រង់ហាមឃាត់រួចទៅហើយ។ ភិក្ខុនោះរង្កៀសខ្លាចក្រែង ក៏មិនឡើងជិះយានឡើយ។ វេលានោះឯង ភិក្ខុនោះក៏ដើរទៅដល់ក្រុងសាវត្ថី បានដំណាលរឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយានដល់ភិក្ខុដែលមានជម្ងឺ។ វេលានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា (ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត) យានដែលទឹមដោយសត្វញី ឬទឹមដោយសត្វឈ្មោលហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយានដែលគេទឹមដោយសត្វឈ្មោល និងយានដែលសម្រាប់អូស ឬរុញដោយដៃ។8) សម័យនោះឯង មានភិក្ខុ១រូប កើតសេចក្តីមិនសប្បាយខ្លាំង ព្រោះទង្គិច ទង្គុកដោយយាន(យានរលាក់)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវគ្រែស្នែង និងអង្រឹងស្នែង។
(១៥៤)
[៦៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ឧច្ចាសយនៈ (គ្រែកន្លងហួសប្រមាណ) និងមហាសយនៈ (គ្រឿងកម្រាលមិនគួរ) អាសន្ទិ (អាសនៈដែលខ្ពស់ហួសប្រមាណ)១ បល្លង្ក (គ្រែដែលមានជើងវិចិត្រដោយរូបសត្វសាហាវ)១ គោណកៈ (ព្រំដែលមានរោមវែងជាង៤ធ្នាប់)១ ចិត្តកៈ (កម្រាលដែលគេធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ)១ បដិកៈ (កម្រាលពណ៌ស ដែលគេធ្វើដោយរោមសត្វ)១ បដលិកៈ (កម្រាលដែលធ្វើដោយរោមសត្វជាផ្កាចង្កោម)១ តូលិកៈ (កម្រាលដែលញាត់ដោយគរ ជាប្រក្រតី)១ វិកតិកៈ (កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម)១ ឧទ្ធលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងទាំងសងខាង)១ កដិស្សៈ (កម្រាលដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រេះដោយរតនៈ9) )១ កោសេយ្យៈ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រេះដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ)១ រថត្ថរៈ (កម្រាលសម្រាប់ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល ដែលគេធ្វើដោយស្បែកខ្លា)១ កម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកសត្វឈ្មុស១ ខ្នើយមានពណ៌ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម១។ មនុស្សទាំងឡាយ កាលដើរទៅកាន់វិហារចារិក បានឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឧច្ចាសយនៈ និងមហាសយនៈឡើយ គឺអាសន្ទិ (អាសនៈដែលខ្ពស់ហួសប្រមាណ)១ បល្លង្ក (គ្រែដែលមានជើងវិចិត្រ ដោយរូបសត្វសាហាវ)១ គោណកៈ (ព្រំដែលមានរោមវែងជាង៤ធ្នាប់)១ ចិត្តកៈ (កម្រាល ដែលគេធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ)១ បដិកៈ (កម្រាល ដែលមានពណ៌ស ធ្វើដោយរោមសត្វ)១ បដលិកៈ (កម្រាល ដែលធ្វើដោយរោមសត្វជាផ្កាចង្កោម)១ តូលិកៈ (កម្រាល ដែលញាត់ដោយគរ ជាប្រក្រតី)១ វិកតិកៈ (កម្រាល ដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម)១ ឧទ្ធលោមិ (កម្រាល ដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាល ដែលធ្វើដោយ រោមសត្វ មានរោមច្រាងឡើងទាំងសងខាង)១ កដិស្ស (កម្រាល ដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រេះ ដោយរតនៈ)១ កោសេយ្យ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រេះ ដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមពួកស្រីរបាំ១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាល សម្រាប់ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ)១ រថត្ថរៈ (កម្រាលសម្រាប់ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាលដែលគេធ្វើដោយស្បែកខ្លា)១ កម្រាលដ៏ឧត្តមដែលគេធ្វើដោយស្បែកសត្វឈ្មុស១ ខ្នើយមានពណ៌ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម១ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
(១៥៥)
[៦៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ឧច្ចាសយនៈ និងមហាសយនៈ ព្រះមានព្រះភាគ បានទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែកសត្វដ៏ធំ គឺស្បែកសត្វសីហៈ ស្បែកខ្លាធំ ស្បែកខ្លាដំបង។ ស្បែកទាំងនោះ ពួកឆព្វគ្គិយភិក្ខុ បានកាត់ឲ្យល្មមនឹងគ្រែខ្លះ កាត់ឲ្យល្មមនឹងតាំងខ្លះ ក្រាលលើគ្រែខាងក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលខាងលើតាំងខាងក្នុងខ្លះ ក្រាលលើតាំងខាងក្រៅខ្លះ។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកគ្រហស្ថ អ្នកបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនត្រូវប្រើប្រាស់ នូវស្បែកសត្វដ៏ធំ គឺស្បែកសត្វសីហៈ ស្បែកខ្លាធំ ស្បែកខ្លាដំបងឡើយ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៦៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ស្បែកសត្វដ៏ធំទាំងឡាយ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែកគោទាំងឡាយវិញ។ ស្បែកគោទាំងនោះ ពួកឆព្វគ្គិយភិក្ខុ បានកាត់ឲ្យល្មមនឹងគ្រែខ្លះ កាត់ឲ្យល្មមនឹងតាំងខ្លះ ក្រាលលើគ្រែខាងក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលលើតាំងខាងក្នុងខ្លះ ក្រាលលើតាំងខាងក្រៅខ្លះ។ មិនតែប៉ុណ្ណោះ មានភិក្ខុបាបមួយរូប ជាជីតុន របស់ឧបាសកបាបម្នាក់។ វេលានោះ ភិក្ខុបាបនោះ លុះវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ហើយកាន់យកបាត្រនិងចីវរ ហើយចូលទៅកាន់ផ្ទះ របស់ឧបាសកបាបនោះ លុះចូលទៅដល់ហើយ ក៏អង្គុយនៅលើអាសនៈ ដែលគេក្រាលទុក។ លំដាប់នោះ ឧបាសកបាបនោះ បានចូលទៅរកភិក្ខុបាប លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុបាបនោះ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ គ្រានោះឯង ឧបាសកបាបនោះ មានកូនគោ១ មានរូបល្អ គួរនឹងរមឹលមើល នាំឲ្យកើតសេចក្តីជ្រះថ្លាដ៏វិចិត្រ ប្រហែលនឹងកូនខ្លាដំបង។ វេលានោះ ភិក្ខុបាបនោះ ក៏សំឡឹងមើលទៅកូនគោនោះមិនដាក់ភ្នែកសោះ។ លំដាប់នោះ ឧបាសកបាបនោះ បាននិយាយពាក្យនេះនឹងភិក្ខុបាបនោះថា បពិត្រលោកដ៏ចំរើន ហេតុអ្វី បានជាលោកម្ចាស់ សំឡឹងមើលកូនគោនេះមិនដាក់ភ្នែកសោះ។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ ដ្បិតអាត្មាត្រូវការស្បែកកូនគោនេះ។ ខណៈនោះ ឧបាសកបាបនោះ ក៏សម្លាប់កូនគោនោះ ហើយពន្លះយកស្បែក ប្រគេនទៅភិក្ខុបាបនោះ។ គ្រានោះ ភិក្ខុបាបនោះ ក៏លាក់ស្បែកនោះ ក្នុងសង្ឃាដិ ហើយក៏ដើរទៅ។ វេលានោះ មេគោនោះអាល័យកូន ក៏ទៅតាមពីខាងក្រោយៗភិក្ខុបាបនោះ។ ភិក្ខុទាំងឡាយ ក៏បាននិយាយយ៉ាងនេះថា អាវុសោ ហេតុអ្វីបានជាមេគោនេះ មកតាមពីខាងក្រោយៗលោក។ ភិក្ខុនោះប្រាប់ថា អាវុសោ ខ្ញុំមិនដឹងជាមេគោនេះ មកតាមខ្ញុំពីខាងក្រោយៗ ដោយហេតុអ្វីទេ។ វេលានោះឯង សង្ឃាដិ របស់ភិក្ខុបាបនោះ ក៏ប្រឡាក់ទៅដោយឈាម។ ភិក្ខុទាំងឡាយ បាននិយាយយ៉ាងនេះថា អាវុសោ សង្ឃាដិនេះ តើអ្នកធ្វើដូចម្តេច (បានជាប្រឡាក់)។ ខណៈនោះ ភិក្ខុបាបនោះ បានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ ក៏បានសួរថា អាវុសោ លោកបានបបួលគេធ្វើបាណាតិបាតទេដឹង។ ភិក្ខុនោះឆ្លើយថា អើអាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបើនឹងបបួលគេឲ្យធ្វើបាណាតិបាតសោះ ក្រែងបាណាតិបាត ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលដោយអនេកបរិយាយ ព្រះអង្គ ទ្រង់សរសើរតែការវៀរចាកអំពើបាណាតិបាតដូច្នោះឬ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។
[៦៦] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃក្នុងវេលានោះហើយ ទ្រង់សួរចំពោះភិក្ខុបាបនោះថា ម្នាលភិក្ខុ ឮថាអ្នកឯងបានបបួលគេឲ្យធ្វើបាណាតិបាត ពិតមែនឬ។ ភិក្ខុបាបក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនសមនឹងបបួលគេឲ្យធ្វើបាណាតិបាតទេ នែមោឃបុរស ក្រែងអំពើបាណាតិបាត តថាគត បានតិះដៀលហើយ ដោយអនេកបរិយាយ តថាគតសរសើរតែការវៀរចាក អំពើបាណាតិបាត ដូច្នោះទេឬ នែមោឃបុរស អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបបួលគេក្នុងបាណាតិបាតទេ ភិក្ខុណាបបួល ត្រូវឲ្យវិនយធរធ្វើតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់ស្បែកគោទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ស្បែកសត្វណាមួយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានគ្រែ និងតាំង ដែលពួកមនុស្សបានដាសដោយស្បែក បានរួតរឹតដោយស្បែក។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ានអង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអង្គុយលើទីសេនាសនៈ ដែលជាគិហិវិក័ត (របស់ដែលគ្រហស្ថធ្វើផ្សេងៗ) បាន កុំឲ្យតែដេក។
(១៥៦)
វេលានោះឯង មានវិហារ10) ដែលពួកជនបានរុំចងដោយខ្សែស្បែកទាំងឡាយ។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ានអង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអង្គុយលើវិហារ ដែលគេគ្រាន់តែចងបាន។
[៦៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើង ហើយចូលទៅកាន់ស្រុក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើង ចូលទៅកាន់ស្រុកទេ ភិក្ខុណា(ពាក់)ចូលទៅ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺ តែវៀរចាកស្បែកជើង ក៏មិនអាចនឹងដើរចូលទៅកាន់ស្រុកបានឡើយ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានជម្ងឺ ពាក់ស្បែកជើង ចូលទៅកាន់ស្រុកបាន។
(១៥៧)
[៦៨] សម័យនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅលើភ្នំឈ្មោះបបាត ទៀបក្រុងឈ្មោះកុររឃរៈ ក្នុងអវន្តីជនបទ។ សម័យនោះឯង ឧបាសកឈ្មោះសោណកុដិកណ្ណ 11) ជាឧបដ្ឋាករបស់ព្រះមហាកច្ចានៈដ៏មានអាយុ។ វេលានោះ ឧបាសកឈ្មោះសោណកុដិកណ្ណ បានចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះឧបាសកឈ្មោះសោណកុដិកណ្ណអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានិយាយពាក្យនេះនឹងព្រះមហាកច្ចានៈដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ធម៌ដែលលោកម្ចាស់មហាកច្ចានៈបានសំដែងហើយយ៉ាងណាៗ ខ្ញុំករុណាក៏ដឹងច្បាស់ តែបុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះឲ្យបរិបូណ៌ ពេញលេញ ឲ្យស្អាតរលីង ដូចជាសង្ខដែលបុគ្គលដុសខាត់ហើយ បពិត្រលោកដ៏ចំរើន ឥឡូវខ្ញុំករុណាចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយទាំងឡាយ ហើយចេញចាកផ្ទះ ទៅបួសក្នុងភេទរបស់បុគ្គលគ្មានផ្ទះ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់មហាកច្ចានៈបំបួសខ្ញុំផង។ កាលបើឧបាសកនោះនិយាយយ៉ាងនេះហើយ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏បាននិយាយពាក្យនេះនឹងសោណកុដិកណ្ណឧបាសកថា នែសោណៈ ការប្រព្រឹត្តនូវការដេកតែម្នាក់ឯង បរិភោគនូវភត្តតែមួយពេល និងប្រព្រឹត្តព្រហ្មចរិយធម៌ ដរាបអស់មួយជីវិត មិនងាយនឹងធ្វើបានឡើយ នែសោណៈ ណ្ហើយចុះ អ្នកឯងគួរតែនៅជាគ្រហស្ថ ប្រកបតាមពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គឺការដេកតែម្នាក់ឯង ការបរិភោគភត្តតែម្តង និងការប្រព្រឹត្តព្រហ្មចរិយធម៌ សមគួរតាមកាល ក្នុងភេទជាគ្រហស្ថនោះចុះ។ ការប្រុងប្រៀបនឹងបួសរបស់សោណកុដិកណ្ណឧបាសកនោះ ក៏បានរម្ងាប់ស្ងប់ស្ងាត់ទៅក្នុងពេលនោះឯង។ សោណកុដិកណ្ណឧបាសក បានចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុជាគំរប់ពីរដងផង។បេ។ សោណកុដិកណ្ណឧបាសក បានចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុជាគំរប់បីដងផង លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះសោណកុដិកណ្ណឧបាសក អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានិយាយពាក្យនេះ នឹងព្រះមហាកច្ចានៈដ៏មានអាយុថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលលោកម្ចាស់មហាកច្ចានៈ បានសំដែងហើយយ៉ាងណាៗ ខ្ញុំករុណាក៏ដឹងច្បាស់ (តែថា) បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្ត នូវព្រហ្មចរិយធម៌នេះ ឲ្យបានពេញអស់ជើង ឲ្យបានស្អាតអស់ជើង ដូចជាសង្ខ ដែលគេដុសខាត់ហើយទេ បពិត្រលោកដ៏ចំរើន ឥឡូវខ្ញុំករុណាចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយ ចេញចាកផ្ទះ ទៅបួសក្នុងភេទរបស់បុគ្គលគ្មានផ្ទះ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់មហាកច្ចានៈ បំបួសខ្ញុំផង។ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏បានបំបួសសោណកុដិកណ្ណឧបាសក ក្នុងវេលានោះឯង។ សម័យនោះឯង អវន្តិទក្ខិណាបថជនបទ មានភិក្ខុតិចណាស់។ វេលានោះ ព្រះមហាកច្ចានៈដ៏មានអាយុ ឲ្យប្រជុំភិក្ខុសង្ឃមានពួក១០ ដែលមកពីទិសនោះៗ ហើយឲ្យឧបសម្បទាសោណៈដ៏មានអាយុ ដោយក្រ លំបាកពេកណាស់ លុះតែកន្លង៣ឆ្នាំទៅ (ទើបរកគណៈសង្ឃបានគ្រប់ដប់)។ លំដាប់នោះ កាលសោណៈដ៏មានអាយុ នៅចាំវស្សារួចហើយ នៅក្នុងទីស្ងាត់ លាក់ខ្លួនសម្ងំ ក៏កើតការត្រិះរិះ ក្នុងចិត្តយ៉ាងនេះថា អាត្មាអញគ្រាន់តែបានឮថា ព្រះមានព្រះភាគនោះ បែបយ៉ាងនេះៗ តែអាត្មាអញ មិនដែលឃើញព្រះមានព្រះភាគ ចំពោះមុខសោះ។ បើឧបជ្ឈាយ៍អនុញ្ញាតឲ្យអាត្មាអញទៅ អាត្មាអញគួរតែទៅ ឲ្យបានឃើញព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ។ គ្រានោះ ព្រះសោណៈដ៏មានអាយុ លុះវេលាថ្ងៃរសៀល ក៏ចេញអំពីទីលាក់ខ្លួនពួនសម្ងំហើយ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ រួចក៏អង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ អង្គុយនៅក្នុងទៅដ៏សមគួរហើយ បាននិយាយពាក្យនេះនឹងព្រះមហាកច្ចានៈដ៏មានអាយុថា បពិត្រលោកដ៏ចំរើន កាលខ្ញុំករុណានៅក្នុងទីស្ងាត់ លាក់ខ្លួន ពួនសម្ងំក្នុងទីនេះ ក៏កើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា អាត្មាអញគ្រាន់តែបានឮថា ព្រះមានព្រះភាគនោះ បែបយ៉ាងនេះៗ តែអាត្មាអញ មិនដែលឃើញព្រះមានព្រះភាគ ក្នុងទីចំពោះមុខបានម្តងសោះ បើឧបជ្ឈាយ៍អនុញ្ញាត ឲ្យអាត្មាអញទៅ គួរតែអាត្មាអញទៅ ឲ្យបានឃើញព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ បពិត្រលោកដ៏ចំរើន បើឧបជ្ឈាយ៍អនុញ្ញាតឲ្យខ្ញុំករុណាទៅ ខ្ញុំករុណាគួរនឹងទៅ ឲ្យបានឃើញព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ។ ព្រះមហាកច្ចានៈក៏និយាយតបវិញថា នែសោណៈ ប្រពៃពេកណាស់ហើយ នែសោណៈ លោកចូរទៅគាល់ព្រះមានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធនោះចុះ នែសោណៈ លោកមុខជានឹងបានឃើញព្រះមានព្រះភាគនោះ ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា គួរឲ្យជ្រះថ្លា មានឥន្ទ្រិយរម្ងាប់ហើយ មានព្រះទ័យរម្ងាប់ហើយ បានដល់នូវបញ្ញាសម្រាប់ទូន្មាន និងសមាធិសម្រាប់រម្ងាប់ដ៏ឧត្តម បានទូន្មានព្រះអង្គហើយ បានរក្សាព្រះអង្គហើយ បានឈ្នះឥន្ទ្រិយហើយ បានប្រាសចាកកិលេសហើយ នែសោណៈ បើដូច្នោះ លោកចូរថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរសា តាមពាក្យខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន ឧបជ្ឈាយ៍ របស់ខ្ញុំព្រះអង្គ ឈ្មោះមហាកច្ចានៈដ៏មានអាយុ សូមក្រាបថ្វាយបង្គំ ចំពោះព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគដោយសិរសា រួចហើយចូរលោកក្រាបទូលយ៉ាងនេះ (ទៀត)ថា បពិត្រព្រះអង្គដ៏ចំរើន ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិចណាស់ ខ្ញុំព្រះអង្គប្រជុំភិក្ខុសង្ឃមានពួក១០ អំពីប្រទេសនោះៗ ហើយបានឧបសម្បទា ដោយលំបាកពេកណាស់ លុះតែកន្លង៣ឆ្នាំទៅហើយ (ទើបស្រេច) ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់អនុញ្ញាត នូវឧបសម្បទា ក្នុងដែនអវន្តិទក្ខិណាបថ ដោយគណៈសង្ឃ ឲ្យតិចល្មមទៅ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានផែនដីខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ដោយស្នាមជើងគោ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់អនុញ្ញាត ស្បែកជើង៤ជាន់ឡើងទៅ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ ពួកមនុស្សរាប់អានការងូតទឹកណាស់ ប្រកបដោយសេចក្តីស្អាតព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់អនុញ្ញាត ការងូតទឹកឲ្យបានជានិច្ច ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ដែនអវន្តិទក្ខិណាបថ មានកម្រាលស្បែកច្រើន គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅ ឈ្មោះឯរគុ12) ស្មៅឈ្មោះមោរគុ13) ស្មៅឈ្មោះមជ្ជារុ14) ស្មៅឈ្មោះជន្តុ15) យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ ក៏មានកម្រាលស្បែក គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់អនុញ្ញាតកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយ ប្រគេនចីវរ ដើម្បីភិក្ខុដែលនៅក្រៅសីមាថា យើងប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ ភិក្ខុទាំងនោះ មកប្រាប់ថា នែអាវុសោ ពួកមនុស្សឈ្មោះនេះ បានប្រគេនចីវរ ដើម្បីលោកហើយ ភិក្ខុទាំងនោះ ក៏រង្កៀស មិនត្រេកអរ ព្រោះយល់ឃើញថា កុំឲ្យត្រូវនិស្សគ្គិយ ដល់យើងឡើយ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់ប្រាប់របៀបប្រតិបត្តិក្នុងចីវរ។ ឯព្រះសោណៈដ៏មានអាយុទទួលស្តាប់ពាក្យព្រះមហាកច្ចានៈដ៏មានអាយុដោយពាក្យថា ករុណាលោកម្ចាស់ រួចហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ ធ្វើប្រទក្សិណ ហើយទុកដាក់គ្រឿងសេនាសនៈ រួចកាន់យកបាត្រនិងចីវរ ចេញដើរដោយលំដាប់ទៅក្រុងសាវត្ថី ក៏ចូលទៅរកព្រះមានព្រះភាគ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា នែអានន្ទ អ្នកចូរទៅក្រាលសេនាសនៈឲ្យអាគន្តុកភិក្ខុនេះ (បន្តិច)។ គ្រានោះ ព្រះអានន្ទដ៏មានអាយុគិតថា ព្រះមានព្រះភាគទ្រង់បង្គាប់អញថា នែអានន្ទ អ្នកឯងចូរក្រាលសេនាសនៈ ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច) ចំពោះភិក្ខុណា ព្រះមានព្រះភាគ ទ្រង់ប្រាថ្នា ដើម្បីគង់នៅក្នុងវិហារ១ ជាមួយនឹងភិក្ខុនោះ គឺថាព្រះមានព្រះភាគ ប្រាថ្នាដើម្បីគង់នៅក្នុងវិហារ១ ជាមួយនឹងព្រះសោណៈដ៏មានអាយុ លុះគិតដូច្នោះហើយ ក៏ក្រាលសេនាសនៈ ចំពោះព្រះសោណៈដ៏មានអាយុ ក្នុងវិហារ ដែលព្រះមានព្រះភាគគង់នៅ។
[៦៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីកណ្តាលវាល អស់រាត្រីជាច្រើន ទើបយាងចូលទៅកាន់វិហារ។ ចំណែកខាងព្រះសោណៈដ៏មានអាយុ ក៏នៅក្នុងទីកណ្តាលវាល អស់រាត្រីជាច្រើន ទើបចូលទៅកាន់វិហារដែរ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី បានត្រាស់បង្គាប់ព្រះសោណៈដ៏មានអាយុថា នែភិក្ខុ អ្នកគួរនឹងសំដែងធម៌បន្តិចទៅ។ ព្រះសោណៈដ៏មានអាយុ បានទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏សំដែងនូវសូត្រទាំងឡាយ មាននៅក្នុងអដ្ឋកវគ្គទាំងអស់ ដោយសរភញ្ញ។ លុះចប់សរភញ្ញ របស់ព្រះសោណៈដ៏មានអាយុហើយ ព្រះមានព្រះភាគ ក៏បានអនុមោទនា ក្នុងខណៈនោះថា នែភិក្ខុ ពីរោះហើយៗ នែភិក្ខុ សូត្រទាំងឡាយ ដែលមានក្នុងអដ្ឋកវគ្គ អ្នកបានរៀនមកត្រឹមត្រូវហើយ អ្នកបានធ្វើទុកក្នុងចិត្តល្អហើយ បានពិចារណាល្អហើយ អ្នកប្រកបដោយសំដីដ៏ពីរោះ ក្បោះក្បាយ ប្រាសចាកទោស គួរនឹងញុំាងជនឲ្យបានដឹងច្បាស់នូវសេចក្តី នែភិក្ខុ អ្នកមានវស្សាប៉ុន្មានហើយ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទើបបានតែ១វស្សាទេ។ ព្រះមានព្រះភាគ ទ្រង់សួរថា នែភិក្ខុ ហេតុអ្វីបានជាអ្នកធ្វើការឲ្យយឺតយូរយ៉ាងនេះ (ក្របួសម្ល៉េះ)។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ឯទោសក្នុងកាមទាំងឡាយ ខ្ញុំព្រះអង្គបានឃើញមកជាយូរហើយ តែថាធម្មតា ឃរាវាស មានសេចក្តីចង្អៀតចង្អល់ច្រើន មានកិច្ចច្រើន មានការងារច្រើន។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឡើងនូវឧទាននេះ ក្នុងវេលានោះថា
បុគ្គលបានឃើញទោសក្នុងលោកហើយ
ដឹងនូវធម៌ដែលប្រាសចាកឧបធិក្កិលេស
ជាព្រះអរិយៈ រមែងមិនត្រេកអរក្នុងបាប
ជាបុគ្គលស្អាត រមែងមិនត្រេកអរក្នុងបាប។
(១៥៨)
[៧០] គ្រានោះ ព្រះសោណៈដ៏មានអាយុគិតថា ព្រះមានព្រះភាគ ទ្រង់ស្មោះសរនឹងអាត្មាអញដោយពិត ព្រះឧបជ្ឈាយ៍របស់អាត្មាអញ បានផ្ញើពាក្យបណ្តាំណា កាលនេះ ជាកាលគួរនឹងក្រាបទូល តាមពាក្យបណ្តាំនោះ ទើបក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គ លើស្មាម្ខាង ហើយក្រាបទៀបព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរសា ហើយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះឧបជ្ឈាយ៍ របស់ខ្ញុំព្រះអង្គ ឈ្មោះមហាកច្ចានៈដ៏មានអាយុ សូមឱនសិរសា ក្រាបថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគជាម្ចាស់ ម្យ៉ាងទៀត លោកឲ្យខ្ញុំព្រះអង្គក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិច (ចាប់ដើមតាំងពីខ្ញុំព្រះអង្គបានបួសជាសាមណេរ) កន្លងទៅ៣ឆ្នាំហើយ ទំរាំប្រជុំភិក្ខុសង្ឃបាន១០រូប ដែលមកពីទិសនោះៗ ហើយទើបបានឧបសម្បទា ដោយលំបាកពន់ពេកណាស់ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់អនុញ្ញាត នូវឧបសម្បទា ក្នុងដែនអវន្តិទក្ខិណាបថ ដោយគណៈសង្ឃ តិចជាងមុន បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានផែនដីខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ដោយស្នាមជើងគោ ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់អនុញ្ញាត ស្បែកជើង៤ជាន់ឡើងទៅ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ ពួកមនុស្ស រាប់អានការងូតទឹកណាស់ ប្រកបដោយសេចក្តីស្អាតព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់អនុញ្ញាត ការងូតទឹក ឲ្យបានជានិច្ច ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅឈ្មោះឯរគុ ស្មៅឈ្មោះមោរគុ ស្មៅឈ្មោះមជ្ជារុ ស្មៅឈ្មោះជន្តុ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលគេធ្វើដោយស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក៏ដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់អនុញ្ញាតកម្រាលទាំងឡាយ ដែលគេធ្វើដោយស្បែក គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលឥឡូវនេះ មនុស្សទាំងឡាយ គេប្រគេនចីវរ ដើម្បីពួកភិក្ខុ ដែលនៅក្រៅសីមាថា យើងនឹងប្រគេនចីវរនេះ ដើម្បីភិក្ខុឈ្មោះនេះ ភិក្ខុទាំងនោះមកហើយ ប្រាប់ថា នែអាវុសោ ពួកមនុស្សឈ្មោះនេះ បានប្រគេនចីវរចំពោះលោក ភិក្ខុទាំងនោះក៏រង្កៀស មិនត្រេកអរ ដោយគិតថា កុំឲ្យមាននិស្សគ្គិយ ដល់យើងឡើយ ធ្វើដូចម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់ប្រាប់របៀបប្រតិបត្តិក្នុងចីវរ។
[៧១] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិច ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទ 16) ទាំងអស់ តថាគតអនុញ្ញាតនូវឧបសម្បទាដោយគណៈសង្ឃ មានវិនយធរ17) ជាគំរប់ប្រាំបាន។ បណ្តាជនបទទាំងនោះ ជនបទទាំងឡាយនេះ ដែលជាបច្ចន្តិមជនបទ គឺក្នុងទិសខាងកើត មាននិគមឈ្មោះកជង្គល ខាងនាយកជង្គលនិគមនោះ មាននិគមឈ្មោះមហាសាលា ខាងនាយនិគមឈ្មោះមហាសាលានោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសអាគ្នេយ៍ មានស្ទឹងឈ្មោះសល្លវតី ខាងនាយស្ទឹងសល្លវតីនោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងត្បូង មាននិគមឈ្មោះសេតកណ្ណិក ខាងនាយសេតកណ្ណិកនិគមនោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងលិច មានស្រុកព្រាហ្មណ៍ ឈ្មោះថូនគ្រាម ខាងនាយស្រុកថូនគ្រាមនោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងជើង មានភ្នំឈ្មោះឧសីរធជ ខាងនាយភ្នំនោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងឡាយបែបនេះ តថាគតអនុញ្ញាតនូវឧបសម្បទាដោយគណៈសង្ឃ មានវិនយធរជាគំរប់៥បាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែនអវន្តិទក្ខិណាបថ មានផែនដីខ្មៅស្អិត រឹងគ្រោតគ្រាត រដិបរដុបដោយស្នាមជើងគោ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគតអនុញ្ញាតស្បែកជើង៤ជាន់ឡើងទៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែនអវន្តិទក្ខិណាបថ ពួកមនុស្សច្រើនរាប់អានការងូតទឹក ប្រកបដោយសេចក្តីស្អាតព្រោះទឹក ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគតអនុញ្ញាតនូវការងូតទឹកបានជានិច្ច។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ម្នាលភិក្ខុទាំងឡាយ ក្នុងមជ្ឈិមជនបទទាំងឡាយ មានស្មៅឈ្មោះឯរគុ ស្មៅឈ្មោះមោរគុ ស្មៅឈ្មោះមជ្ជារុ ស្មៅឈ្មោះជន្តុ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគតអនុញ្ញាតកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកមនុស្សប្រគេនចីវរដើម្បីភិក្ខុទាំងឡាយ ដែលនៅក្រៅសីមាថា យើងប្រគេនចីវរនេះ ចំពោះភិក្ខុឈ្មោះនេះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរបាន ចីវរមិនទាន់មកដល់ដៃដរាបណា ចីវរនោះ ភិក្ខុមិនត្រូវរាប់តាមកំណត់ថ្ងៃ 18) ដរាបនោះ។
ចប់ ចម្មក្ខន្ធកៈ ទី៥។
ក្នុងខន្ធកៈនេះ មាននិទាន៦៣។
ឧទ្ទាននៃចម្មក្ខន្ធកៈនោះ គឺ
(១៥៩)
[៧២] រឿងព្រះបាទមាគធៈ ជាធំលើអ្នកស្រុក៨ម៉ឺន១ រឿងសោណសេដ្ឋីបុត្រ១ រឿងសាគតភិក្ខុសំដែងឥទ្ធិបាដិហារ្យ ជាឧត្តរិមនុស្សធម៌ច្រើន លើភ្នំគិជ្ឈកូដ១។ រឿងសោណភិក្ខុបួសហើយ ប្រារព្ធព្យាយាមក្រៃពេក បាទាក៏បែក១ រឿងព្រះដ៏មានព្រះភាគ ទ្រង់ទូន្មានឲ្យសោណភិក្ខុតាំងព្យាយាមតាមខ្សែពិណ១ រឿងព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតស្បែកជើងមួយជាន់១ រឿងព្រះដ៏មានព្រះភាគ ទ្រង់ហាមស្បែកជើងពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ហង្សបាទ ពណ៌ខ្មៅ។ ស្បែកជើងពណ៌ក្រហមក្រមៅ (ដូចខ្នងក្អែប) និងពណ៌លឿងទុំ (ដូចផ្កាឈូក)១ រឿងទ្រង់ហាមខ្សែស្បែកជើង មានពណ៌ខៀវជាដើម១ រឿងទ្រង់ហាមស្បែកជើងបិទកែងជើង១ រឿងទ្រង់ហាមស្បែកជើង ស្រោបជើងទាំងអស់ រហូតស្មងជើង១ រឿងទ្រង់ហាមស្បែកជើង ដែលគេក្រង ជារបៀបបិទខ្នងជើង១ រឿងទ្រង់ហាមស្បែកជើងញាត់ដោយគរ១ រឿងទ្រង់ហាមស្បែកជើងមានពណ៌វិចិត្រ ដូចស្លាបសត្វទទា១ រឿងទ្រង់ហាមស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងកែះ១ រឿងទ្រង់ហាមស្បែកជើង មានខ្សែមានសណ្ឋាន ដូចស្នែងពពែ១។ រឿងទ្រង់ហាមស្បែកជើង មានខ្សែងរ មានសណ្ឋាន ដូចកន្ទុយសត្វខ្ទួយ១ រឿងទ្រង់ហាមស្បែកជើង ដែលចាក់ស្រេះ ដោយព្រុយកន្ទុយសត្វក្ងោក១ រឿងទ្រង់ហាមស្បែកជើងដ៏វិចិត្រផ្សេងៗ១ រឿងទ្រង់ហាមស្បែកជើង ដែលចំជាយដោយស្បែកសត្វសីហៈ សត្វខ្លាធំ សត្វខ្លាដំបង សត្វខ្លារខិន១ ស្បែកភេ ស្បែកឆ្មា ស្បែកកង្ហែន ស្បែកមៀម១។ រឿងទ្រង់អនុញ្ញាតស្បែកជើង៤ជាន់ឡើងទៅ ដល់ភិក្ខុមានបាតជើងបែក១ រឿងភិក្ខុមានដំបៅលេចនៅបាតជើង១ រឿងភិក្ខុមិនលាងជើង ហើយជាន់លើគ្រែតាំង១ រឿងភិក្ខុជាន់លើដង្គត់ឈើ១ រឿងឆព្វគ្គិយភិក្ខុ ពាក់ទ្រនាប់ជើងឈើ ឮសំឡេងខដខដ១ រឿងឆព្វគ្គិយភិក្ខុប្រើប្រាស់ទ្រនាប់ជើងស្លឹកត្នោត១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ទ្រនាប់ជើងស្លឹកឫស្សី១ រឿងឆព្វគ្គិយភិក្ខុ ធ្វើទ្រនាប់ជើងស្មៅ១… ស្មៅយាប្ល៉ង១… ស្មៅដំណេកទន្សាយ១… ទន្សែ១។ …ស្មៅមានពណ៌ដូចផ្កាឈូក១ …សំពត់រោមសត្វ១ មាស១ ប្រាក់១ កែវមណី១ កែវពិទូរ្យ១ កែវផ្លេក១ សំរឹទ្ធ១ កែវកញ្ចក់១ សំណប៉ាហំាង១ សំណភក់១ ទង់ដែងមួយ។ រឿងឆព្វគ្គិយភិក្ខុចាប់អាវយវៈមេគោ មានស្នែងជាដើម១ រឿងឆព្វគ្គិយភិក្ខុជិះយាន១ រឿងភិក្ខុឈឺ១ រឿងព្រះសម្ពុទ្ធទ្រង់អនុញ្ញាតយានទឹមដោយបុរស ឬសត្វឈ្មោល១ រឿងព្រះសម្ពុទ្ធ ទ្រង់អនុញ្ញាតគ្រែស្នែង១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ឧច្ចាសយនៈ និងមហាសយនៈ១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ស្បែកសត្វធំ១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ស្បែកគោ១ រឿងភិក្ខុលាមក ជាជីតុន របស់ឧបាសកលាមក១។ រឿងព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ឲ្យភិក្ខុអង្គុយលើស្បែក ដែលគ្រហស្ថធ្វើប្លែក១ រឿងវិហារដែលគេរុំចង ដោយខ្សែស្បែក១ រឿងឆព្វគ្គិយភិក្ខុ ពាក់ស្បែកជើងចូលទៅកាន់ស្រុក១ រឿងព្រះសម្ពុទ្ធទ្រង់អនុញ្ញាត ឲ្យភិក្ខុឈឺពាក់ស្បែកជើង ចូលទៅកាន់ស្រុកបាន១ រឿងព្រះមហាកច្ចានៈ១ រឿងព្រះសោណត្ថេរ សំដែងសូត្រប្រកបដោយវគ្គ៨ ដោយសរគឺសម្លេង១។ រឿងព្រះសម្ពុទ្ធ ទ្រង់អនុញ្ញាត នូវឧបសម្បទាកម្ម ដោយភិក្ខុ៥រូប១ ស្បែកជើង៤ជាន់ឡើងទៅ១ ការងូតទឹកជានិច្ច១ កម្រាលស្បែក១ ទ្រង់អនុញ្ញាត ឲ្យភិក្ខុត្រេកអរនឹងចីវរ បើមិនទាន់ដល់ដៃទេ មិនត្រូវឲ្យរាប់រាត្រីឡើយ១ ព្រះមានព្រះភាគ ជានាយក ទ្រង់ប្រទានពរទាំង៥នេះដល់ព្រះសោណត្ថេរហើយ។