ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្មក្ខន្ធកៈ
ព្រះពុទ្ធមិនបានអនុញ្ញាតអោយប្រើប្រាស់យានក្រៅពីពេលមានជម្ងឺ។
mv 05.07 បាលី cs-km: vin.mv.05.07 អដ្ឋកថា: vin.mv.05.07_att PTS: ?
យានាទិបដិក្ខេបោ (ទី១៥៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
អានដោយ ឧបាសិកា ស៊ុនហ៊ាង
(១៥៣)
[៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទៅដោយយានដែលគេទឹមដោយគោញី មានបុរសជាអ្នកបរក៏មាន ទឹមដោយគោឈ្មោល មានស្រីជាអ្នកបរក៏មាន។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកជនដែលទៅលេងទឹកស្ទឹងគង្គា និងស្ទឹងមហី។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទៅដោយយានឡើយ ភិក្ខុណាទៅ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ក្រុងសាវត្ថី ក្នុងកោសលជនបទ ដើម្បីគាល់ព្រះដ៏មានព្រះភាគ ដល់ពាក់កណ្តាលផ្លូវ ក៏មានជម្ងឺ។ វេលានោះឯង ភិក្ខុនោះក៏គេចចុះចេញអំពីផ្លូវ ទៅអង្គុយនៅក្រោមដើមឈើ១។ មនុស្សទាំងឡាយក្រឡេកឃើញភិក្ខុនោះហើយ ក៏បាននិយាយពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់នឹងនិមន្តទៅទីណា។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមក យើងនឹងទៅជាមួយគ្នា។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ អាត្មាទៅមិនរួចទេ ព្រោះអាត្មាមានជម្ងឺ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមកឡើងជិះយានទៅ។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ មិនគួរទេ ព្រោះយាន ព្រះដ៏មានព្រះភាគទ្រង់ហាមឃាត់រួចទៅហើយ។ ភិក្ខុនោះរង្កៀសខ្លាចក្រែង ក៏មិនឡើងជិះយានឡើយ។ វេលានោះឯង ភិក្ខុនោះក៏ដើរទៅដល់ក្រុងសាវត្ថី បានដំណាលរឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយានដល់ភិក្ខុដែលមានជម្ងឺ។ វេលានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា (ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត) យានដែលទឹមដោយសត្វញី ឬទឹមដោយសត្វឈ្មោលហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយានដែលគេទឹមដោយសត្វឈ្មោល និងយានដែលសម្រាប់អូស ឬរុញដោយដៃ។1) សម័យនោះឯង មានភិក្ខុ១រូប កើតសេចក្តីមិនសប្បាយខ្លាំង ព្រោះទង្គិច ទង្គុកដោយយាន(យានរលាក់)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវគ្រែស្នែង និងអង្រឹងស្នែង។