ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ
ព្រះពុទ្ធបានអនុញ្ញាតសម្ភារ ភេសជ្ជៈនិងថ្នាំច្រើនប្រភេទសម្រាប់ព្យាបាលជម្ងឺ ដែលអាចរក្សាទុកបានរហូត។
mv 06.02 បាលី cs-km: vin.mv.06.02 អដ្ឋកថា: vin.mv.06.02_att PTS: ?
មូលាទិភេសជ្ជកថា (ទី១៦១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១៦១)
[៧៦] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយឫស ឬមើមជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវឫស ឬមើមជាភេសជ្ជៈ គឺមើមរមៀត មើមខ្ញី មើមលំពាន់ មើមប្រស់ មើមអាច់ឆ្ពឹស មើមរំដេង មើមស្បូវភ្លាំង មើមស្មៅក្រវាញជ្រូក ម្យ៉ាងទៀត មើមដទៃណា ជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលមើមទាំងឡាយនោះ ហើយរក្សាទុក ដរាបទាល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការ ដោយម្សៅជាភេសជ្ជៈ ដែលកើតអំពីឫស ឬមើម។ ពួកភិក្ខុ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថ្មកិន និងកូនថ្មកិន។
[៧៧] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយទឹកចត់ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកចត់ ជាភេសជ្ជៈ គឺទឹកចត់ កើតអំពីដើមស្តៅ ទឹកចត់កើតអំពីដើមខ្លែងគង់ ទឹកចត់កើតអំពីដើមអម្បែងថ្ងៃ ទឹកចត់កើតអំពីវល្លិ៍បណ្តូលពេជ្រ ទឹកចត់កើតអំពីដើមទន្លា ឬថ្ងាន់ ម្យ៉ាងទៀត ទឹកចត់ដទៃណាជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលទឹកចត់ទាំងនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៧៨] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយស្លឹកឈើ ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្លឹកឈើ ជាភេសជ្ជៈ គឺស្លឹកស្តៅ ស្លឹកខ្លែងគង់ ស្លឹកអម្បែងថ្ងៃ ស្លឹកម្រះព្រៅ ឬជីរលីងលាក់ ស្លឹកកប្បាស ម្យ៉ាងទៀត ស្លឹកដទៃណាជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលស្លឹកទាំងនោះ ហើយទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៧៩] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយផ្លែឈើ ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លែឈើជាភេសជ្ជៈ គឺផ្លែពិលង្គ ផ្លែដីប្លី ផ្លែម្រេច ផ្លែសម៉ ផ្លែសម៉ពីភេក ផ្លែកន្ទួតព្រៃ ផ្លែក្រវ៉ាញ ម្យ៉ាងទៀត ផ្លែឈើដទៃណាជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលផ្លែឈើទាំងឡាយនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៨០] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយជ័រឈើជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើជាភេសជ្ជៈ គឺជ័រដែលហូរចេញអំពីដើមហិង្គុ១ ជ័រដែលគេយកស្លឹក និងមែកហិង្គុមករំងាស់១ ជ័រដែលគេយកតែស្លឹកហិង្គុតែម្យ៉ាងមករំងាស់១ (ជ័រទាំង៣យ៉ាងនេះ ជាជាតិហិង្គុទាំងអស់) ជ័រដែលហូរចេញអំពីត្រួយឈើ១ ជ័រដែលហូរចេញអំពីស្លឹកឈើ១ ជ័រដែលគេបេះស្លឹកឈើយកមកធ្វើ១ កំញាន១ ម្យ៉ាងទៀត ជ័រឈើដទៃណាដែលជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលជ័រឈើទាំងនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៨១] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយអំបិល ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអំបិលជាភេសជ្ជៈ គឺអំបិលកើតក្បែរឆ្នេរសមុទ្ទ មានបែបដូចដីខ្សាច់ អំបិលមានពណ៌ខ្មៅ (អំបិលប្រក្រតី) អំបិលមានពណ៌ស កើតលើភ្នំ អំបិលដែលមានពន្លកដុះអំពីផែនដី (អំបិលដែលកើតអំពីអាចម៍ដីមានរសប្រៃ) អំបិលមានពណ៌ក្រហមដែលគេចំអិនជាមួយនឹងគ្រឿងសម្ភារៈទាំងពួង ម្យ៉ាងទៀត អំបិលដទៃណាដែលជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលអំបិលទាំងនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៨២] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទដ៏មានអាយុ កើតបូសធំ។ ចីវរដែលប្រឡាក់ដោយទឹករំអិល ក៏ជាប់ស្អិតនៅនឹងកាយរបស់ព្រះវេលដ្ឋសីសៈនោះ។ ពួកភិក្ខុក៏យកទឹកទៅលាបចីវរនោះឲ្យសើមៗ ហើយបកចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់សេនាសនចារិក បានទតឃើញភិក្ខុទាំងនោះកំពុងយកទឹកទៅលាបចីវរទាំងនោះឲ្យសើមៗ ហើយបកចេញ លុះទតហើយ ទ្រង់ចូលទៅកាន់សំណាក់ភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មានពុទ្ធដម្រាស់នេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះមានអាពាធដូចម្តេច។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះវេលដ្ឋសីសៈដ៏មានអាយុនេះ កើតបូសធំ ចីវរប្រឡាក់ដោយទឹករំអិល ជាប់ស្អិតនៅនឹងកាយ ខ្ញុំព្រះអង្គទាំងឡាយ យកទឹកមកលាបចីវរទាំងនោះឲ្យសើមៗ ហើយបកចេញ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី អាពាធទឹករងៃក្តី បូសធំក្តី និងកាយមានក្លិនអាក្រក់ តថាគតអនុញ្ញាតគ្រឿងលំអិត ជាភេសជ្ជៈដល់ភិក្ខុនោះ តថាគតអនុញ្ញាតអាចម៍គោ ដីស្អិត និងកាកនៃគ្រឿងជ្រលក់ ដល់ភិក្ខុដែលមានជម្ងឺ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្បាល់ និងអង្រែ។
[៨៣] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយគ្រឿងលំអិត ជាភេសជ្ជៈ ដែលគេរែងរួចស្រេចហើយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកញ្ច្រែង សម្រាប់រែងគ្រឿងលំអិត។ (ពួកភិក្ខុមានជម្ងឺ) មានសេចក្តីត្រូវការដោយគ្រឿងលំអិតដ៏ល្អិតក្រៃលែង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកញ្ច្រែងសំពត់1)
[៨៤] សម័យនោះឯង មានភិក្ខុ១រូប មានអាពាធកើតអំពីអមនុស្ស ។2) អាចារ្យនិងឧបជ្ឈាយ៍ជាអ្នកបម្រើភិក្ខុនោះ ក៏មិនអាចនឹងធ្វើភិក្ខុនោះឲ្យស្បើយរោគបាន។ ភិក្ខុនោះទៅកាន់កន្លែងគេសម្លាប់ជ្រូក ហើយក៏ស៊ីសាច់ឆៅ 3) ផឹកឈាមស្រស់។4) អាពាធរបស់ភិក្ខុនោះ ដែលកើតអំពីអមនុស្សនោះ ក៏រម្ងាប់ទៅ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាច់ឆៅ ឈាមស្រស់ ដល់ភិក្ខុដែលមានអាពាធកើតអំពីអមនុស្ស។
[៨៥] សម័យនោះឯង ភិក្ខុ១រូប មានអាពាធ ឈឺភ្នែក។ ភិក្ខុទាំងឡាយ នាំគ្នាគ្រាហ៍ភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់សេនាសនចារិក បានទតឃើញភិក្ខុទាំងនោះកំពុងនាំគ្នាគ្រាហ៍ភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង លុះទតឃើញហើយ ក៏ទ្រង់ចូលទៅកាន់លំនៅភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មានពុទ្ធតម្រាស់នេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះមានអាពាធដូចម្តេច។ ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ មានអាពាធឈឺភ្នែក ខ្ញុំព្រះអង្គទាំងឡាយ នាំគ្នាគ្រាហ៍ភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថ្នាំបន្តក់ភ្នែក គឺថ្នាំបន្តក់ភ្នែកមានពណ៌ខ្មៅ (ដែលគេស្លដោយគ្រឿងសម្ភារៈទាំងពួង) ថ្នាំបន្តក់ភ្នែកធ្វើពីបារទ (ដែលគេធ្វើដោយគ្រឿងសម្ភារៈផ្សេងៗ) ថ្នាំបន្តក់ភ្នែកដែលកើតក្នុងខ្សែទឹកជ័ររង់ និងធ្យូង (ដែលគេយកអំពីអណ្តាតបទីប)។ ពួកភិក្ខុមានសេចក្តីត្រូវការដោយដោយវត្ថុដែលយកមកកិនលាយជាមួយគ្នានឹងថ្នាំបន្តក់ភ្នែក។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ខ្លឹមក្លាំពាក់ កំញាន និងមើមស្មៅក្រវាញជ្រូក។ សម័យនោះឯង ពួកភិក្ខុទុកថ្នាំបន្តក់ភ្នែកទាំងឡាយ ដែលជាម្សៅក្នុងសៀនទាំងឡាយខ្លះ ក្នុងផ្តិលទាំងឡាយខ្លះ (ថ្នាំបន្តក់ទាំងឡាយនោះ) ច្រឡូកច្រឡំទៅដោយកំទេចស្មៅទាំងឡាយខ្លះ ដោយអាចម៍ដីទាំងឡាយខ្លះ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្លាក់ សម្រាប់ដាក់ថ្នាំបន្តក់ភ្នែក។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ក្លាក់សម្រាប់ដាក់ថ្នាំបន្តក់ភ្នែកខ្ពស់ និងទាប (គឺមានល្អ មានអាក្រក់) គឺក្លាក់ធ្វើដោយមាស និងក្លាក់ធ្វើដោយប្រាក់។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ក្លាក់ សម្រាប់ដាក់ថ្នាំបន្តក់ភ្នែកខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្លាក់ធ្វើដោយឆ្អឹង 5) ធ្វើដោយភ្លុក ធ្វើដោយស្នែង ធ្វើដោយដើមបបុស ធ្វើដោយដើមឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រឈើ ធ្វើដោយផ្លែឈើ ធ្វើដោយលោហធាតុ6) ធ្វើដោយគូថសង្ខ។ សម័យនោះឯង ពួកភិក្ខុមិនបានបិទក្លាក់សម្រាប់ដាក់ថ្នាំបន្តក់ភ្នែក ថ្នាំទាំងនោះ ក៏ច្រឡូកច្រឡំដោយកំទេចស្មៅទាំងឡាយខ្លះ ដោយអាចម៍ដីទាំងឡាយខ្លះ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតគម្រប ឬឆ្នុក។ គម្របចេះតែធ្លាក់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុរុំ ឬចងក្លាក់ដោយខ្សែ។ ក្លាក់ក៏ចេះតែបែក។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុស្រេះដោយខ្សែ។ សម័យនោះ ពួកភិក្ខុបន្តក់ភ្នែក ដោយម្រាមដៃ ភ្នែកទាំងឡាយ ក៏មិនស្រួល។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចង្កឹះក្លាក់។ សម័យនោះ ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ចង្កឹះក្លាក់ដ៏ខ្ពស់ និងទាប គឺចង្កឹះធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ចង្កឹះក្លាក់ដ៏ខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ចង្កឹះដែលធ្វើដោយឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង។បេ។ ធ្វើដោយគូថសង្ខ។ សម័យនោះ ចង្កឹះក្លាក់ ក៏ធ្លាក់ទៅលើផែនដី ចង្កឹះក្លាក់នោះក៏អាក្រក់ មិនស្អាត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត បំពង់សម្រាប់ដាក់ចង្កឹះ។ សម័យនោះឯង ពួកភិក្ខុរក្សាក្លាក់សម្រាប់ដាក់ថ្នាំបន្តក់ភ្នែកខ្លះ ចង្កឹះក្លាក់ខ្លះនៅតែនឹងដៃ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ថង់សម្រាប់ដាក់ក្លាក់។ ខ្សែយោគរបស់ថង់នោះ ក៏មិនទាន់មាន។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតនូវខ្សែយោគ និងខ្សែសម្រាប់ចង។
[៨៦] សម័យនោះឯង ព្រះបិលិន្ទវច្ឆត្ថេរដ៏មានអាយុ កើតជម្ងឺក្តៅក្បាល។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ប្រេងសម្រាប់លាបក្បាល។ ព្រះបិលិន្ទវច្ឆត្ថេរ ក៏នៅតែអត់ទ្រាំរោគនោះមិនបាន។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនត្ថុកម្ម (គឺការហិត ឬបញ្ច្រក ទៅតាមច្រមុះ)។ ឯថ្នាំសម្រាប់ហិត ឬបញ្ច្រក ទៅតាមច្រមុះ ក៏កំពប់ខ្ចាយទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបំពង់សម្រាប់បញ្ច្រកទៅតាមច្រមុះ (គឺបំពង់នត្ថុ)។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់បំពង់នត្ថុដ៏ខ្ពស់និងទាប គឺបំពង់នត្ថុធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បំពង់នត្ថុដ៏ខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបំពង់នត្ថុ ដែលធ្វើដោយឆ្អឹង។បេ។ ធ្វើដោយគូថសង្ខ។ ភិក្ខុទាំងឡាយបន្តក់ថ្នាំសម្រាប់នត្ថុទៅមិនស្មើគ្នា ។7) ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបំពង់សម្រាប់នត្ថុជាគូ 8) ភិក្ខុទាំងនោះ ក៏នៅតែអត់ទ្រាំមិនបាន។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យជក់យកផ្សែង។ ពួកភិក្ខុក៏យកថ្នាំនោះមកមូរ ធ្វើជាបារី ហើយជក់ទៅ (ក៏ត្រឡប់ទៅជា) ក្តៅក។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវខ្សៀរ។ សម័យនោះឯង ឆព្វគ្គិយភិក្ខុប្រើប្រាស់ខ្សៀរដ៏ខ្ពស់និងទាប គឺខ្សៀរធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ខ្សៀរទាំងឡាយដ៏ខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សៀរ ដែលធ្វើដោយឆ្អឹង។បេ។ ដែលធ្វើដោយគូថសង្ខ។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានបិទគ្របខ្សៀរទុក សត្វតូចៗ ក៏ចូលទៅក្នុងខ្សៀរនោះ។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវគម្រប។ សម័យនោះឯង ពួកភិក្ខុរក្សាខ្សៀរនៅតែនឹងដៃ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវថង់សម្រាប់ដាក់ខ្សៀរ។ ឯខ្សៀរ និងគម្របក៏ទង្គិចគ្នា។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវថង់ជាគូ។ ខ្សែយោគរបស់ថង់ ក៏មិនទាន់មាននៅឡើយ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវខ្សែយោគ និងខ្សែសម្រាប់ចង។
[៨៧] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ មានអាពាធ កើតអំពីខ្សល់។ ពេទ្យទាំងឡាយនិយាយយ៉ាងនេះថា ភិក្ខុត្រូវស្លប្រេង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុស្លប្រេងបាន។ ភិក្ខុទាំងឡាយក៏លាយទឹកស្រវឹងក្នុងប្រេងដែលស្លនោះ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលាយទឹកស្រវឹងក្នុងប្រេងដែលស្លបាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លប្រេង លាយទឹកស្រវឹងច្រើនពេក ដល់នាំគ្នាផឹកប្រេងនោះទៅ ក៏ស្រវឹង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផឹកប្រេងដែលគេលាយទឹកស្រវឹងច្រើនពេកទេ ភិក្ខុណាផឹក ត្រូវវិនយធរឲ្យភិក្ខុនោះធ្វើតាមធម៌ 9) ម្នាលភិក្ខុទាំងឡាយ ប្រេងស្លណាដែលគ្មានពណ៌ គ្មានក្លិន និងគ្មានរសរបស់ទឹកស្រវឹងប្រាកដឡើងទេ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកប្រេង ដែលគេលាយទឹកស្រវឹងមានសភាពយ៉ាងនោះបាន។ សម័យនោះឯង ពួកភិក្ខុស្លប្រេង លាយទឹកស្រវឹងច្រើនពេក។ ក្នុងពេលនោះ ភិក្ខុទាំងឡាយក៏មានសេចក្តីត្រិះរិះដូច្នេះថា ប្រេងដែលគេលាយនឹងទឹកស្រវឹងច្រើនពេក តើយើងត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទុកដាក់ប្រេង ដែលគេលាយទឹកស្រវឹងច្រើនពេកនោះ ជាថ្នាំរឹត ឬលាបទៅវិញ។ សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ មានប្រេងដែលស្លហើយជាច្រើន។ តែគ្មានភាជន៍សម្រាប់ដាក់ប្រេង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវតុម្ព (គឺកុណ្ឌីទឹក) ទាំង៣យ៉ាង គឺតុម្ពធ្វើដោយទង់ដែង១ តុម្ពធ្វើដោយឈើ១ តុម្ពធ្វើដោយផ្លែឈើ១។ សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុកើតរោគខ្យល់ក្នុងអវយវៈ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសេទកម្ម (ការធ្វើឲ្យចេញញើស)។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆ្ពង់ដោយស្លឹកឈើ និងមែកឈើផ្សេងៗ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឆ្ពុងធំ 10) ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកដែលគេស្ងោរលាយនឹងស្លឹកឈើ មែកឈើផ្សេងៗ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទប់ទឹក11)
[៨៨] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ កើតរោគខ្សល់ ចុកសៀតក្នុងសន្លាក់ដៃជើងជាដើម។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើឈាមឲ្យហូរចេញបាន។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជប់យកឈាម ដោយ(បំពង់)ស្នែងបាន។
[៨៩] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ មានបាទាបែក។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថ្នាំសម្រាប់លាបជើង។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុតាក់តែងទឹកស្រវឹង (សម្រាប់លាបជើងឲ្យស្រួល)។
[៩០] សម័យនោះឯង ភិក្ខុមួយរូប មានអាពាធកើតពក។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសត្ថកម្ម (វះដោយកាំបិត)។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយទឹកចត់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកចត់។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយម្សៅល្ង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតម្សៅល្ង។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយដុំសត្តូវ (សម្រាប់បិទមុខដំបៅ)។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដុំសត្តូវ។ ភិក្ខុទាំងឡាយ មានសេចក្តីត្រូវការដោយសំពត់សម្រាប់រុំដម្បៅ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកំណាត់សំពត់សម្រាប់រុំដម្បៅ។ ដម្បៅក៏រមាស់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលាងដោយម្សៅគ្រាប់ស្ពៃ។ ដម្បៅក៏រីកឡើង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចំហុយដម្បៅនោះ។ (លុះចំហុយទៅហើយ) សាច់ក៏ដុះលានចេញមក។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុយកទឹកលាយនឹងអម្បិលក្រួសមកបង្កាត់ (ដម្បៅនោះចេញ)។ (លុះបង្កាត់ទៅហើយ) ដម្បៅក៏មិនបានដុះសាច់ឡើង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រេងសម្រាប់លាបដម្បៅ។ ប្រេងក៏ហៀរហូរចេញ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់សម្រាប់បិទប្រេង និងថ្នាំរក្សាដម្បៅទាំងអស់។
[៩១] សម័យនោះឯង មានភិក្ខុ១រូបពស់ចឹក។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យថ្នាំមហាវិក័ដ៤យ៉ាង គឺគូថ (អាចម៍)១ ទឹមូត្រ(ទឹកនោម)១ ផេះ១ ដី១។ ក្នុងពេលនោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា យើងមិនបាច់ទទួលប្រគេនថ្នាំទាំងនេះទេឬ ឬត្រូវតែទទួលប្រគេនទើបបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានកប្បិយ12) ការកៈ តថាគតអនុញ្ញាតឲ្យភិក្ខុប្រើកប្បិយការកៈនោះទទួលជំនួសបាន កាលបើគ្មានកប្បិយការកៈទេ តថាគតអនុញ្ញាតឲ្យភិក្ខុកាន់យកខ្លួនឯង ហើយឆាន់ចុះ។ សម័យនោះឯង ភិក្ខុ១រូបផឹកថ្នាំពិស។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកគូថ (អាចម៍ដែលលាយដោយទឹក)។ ក្នុងពេលនោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា យើងមិនបាច់ទទួលប្រគេន (នូវគូថនោះ) ទេឬ ឬថាគួរតែទទួលប្រគេនទើបបាន ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដូច្នេះ កាលបើភិក្ខុបន្ទោបង់គូថណាហើយ បានទទួលទុក (អំពីថ្ងៃមុន) លុះដល់ទៅថ្ងៃស្អែក គូថនោះ ឈ្មោះថាភិក្ខុបានទទួលរួចហើយ មិនបាច់ទទួលប្រគេនទៀតទេ។
[៩២] សម័យនោះឯង ភិក្ខុ១រូបមានអាពាធ ព្រោះត្រូវថ្នាំស្នេហ៍។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកទឹកលាយដោយអាច់បំណាស់ ។13) សម័យនោះឯង ភិក្ខុ១រូបមានអាពាធ ខូចធាតុភ្លើង (កើតរោគមួល)។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកទឹកក្បុង14) សម័យនោះឯង ភិក្ខុ១រូប កើតរោគស្គមលឿង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់សម៉ ដែលត្រាំដោយទឹកនោម។15) សម័យនោះឯង ភិក្ខុ១រូបមានអាពាធ គឺខូចសម្បុរ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើការលាបដោយគ្រឿងក្រអូបបាន។ សម័យនោះឯង ភិក្ខុ១រូប មានកាយប្រកបដោយរោគទល់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកថ្នាំបញ្ចុះ។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយទឹកអង្ករថ្លា។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវទឹកអង្ករថ្លា។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយទឹកសណ្តែកបាយស្ងោរ ដែលគេមិនបានធ្វើស្និទ្ធ (គឺគេមិនបានត្រងឲ្យស្អាតបាត)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកសណ្តែកបាយស្ងោរ ដែលគេមិនបានធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយទឹកសណ្តែកបាយស្ងោរ ដែលគេធ្វើឲ្យស្និទ្ធ (គេបានត្រងឲ្យស្អាតបាត)។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកសណ្តែកបាយស្ងោរ ដែលគេធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយសាច់ដែលមានឱជារស។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាច់ដែលមានឱជារស។