ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ
ព្រះពុទ្ធមិនអនុញ្ញាតអោយទុកនិងចំអិនចង្ហាន់ក្រៅពីឳកាសខ្លះៗ។
mv 06.05 បាលី cs-km: vin.mv.06.05 អដ្ឋកថា: vin.mv.06.05_att PTS: ?
អន្តោវុដ្ឋាទិបដិក្ខេបកថា (ទី១៦៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៦៤)
[៩៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ចារិកដោយលំដាប់ បានដល់ទៅក្រុងរាជគ្រឹះ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះនោះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់អាពាធកើតអំពីខ្យល់ក្នុងព្រះឧទរ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុគិតថា កាលអំពីមុន ព្រះដ៏មានព្រះភាគ ទ្រង់អាពាធកើតអំពីខ្យល់ក្នុងព្រះឧទរ ទ្រង់បានសះស្បើយទៅវិញ ព្រោះ(សោយ) បបរឈ្មោះតេកដុលា1) (លុះគិតដូច្នោះហើយ) ក៏សូមល្ងខ្លះ អង្ករខ្លះ សណ្តែកបាយខ្លះ (បានហើយ) ទុកខាងក្នុងអកប្បិយកុដិដោយខ្លួនឯង ចំអិនខាងក្នុងអកប្បិយកុដិដោយខ្លួនឯង ទើបបង្អោនទៅថ្វាយព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំទូលថា សូមព្រះដ៏មានព្រះភាគ ទ្រង់សោយនូវបបរឈ្មោះតេកដុលា។ ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបនូវហេតុហើយសួរក៏មាន ទ្រង់ជ្រាបហើយ មិនសួរក៏មាន ទ្រង់ជ្រាបច្បាស់នូវកាលគួរហើយសួរក៏មាន ទ្រង់ជ្រាបច្បាស់នូវកាលគួរហើយ មិនសួរក៏មាន ឯព្រះតថាគតទាំងឡាយ ព្រះអង្គតែងសួរតែការណាដែលប្រកបដោយប្រយោជន៍ ការដែលមិនប្រកបដោយប្រយោជន៍ ព្រះអង្គមិនសួរឡើយ ព្រោះព្រះតថាគតទាំងឡាយ ទ្រង់បានផ្តាច់បង់នូវកម្មមិនប្រកបដោយប្រយោជន៍ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទាំងឡាយ រមែងទ្រង់សួរពួកភិក្ខុដោយអាការពីរយ៉ាង គឺសួរដើម្បីសំដែងធម៌ម្យ៉ាង ដើម្បីនឹងបញ្ញត្តសិក្ខាបទដល់សាវកទាំងឡាយម្យ៉ាង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ហៅព្រះអានន្ទដ៏មានអាយុមកហើយ ទ្រង់ត្រាស់សួរថា ម្នាលអានន្ទ បបរនេះបានមកពីណា។ ទើបព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលអានន្ទ កម្មដែលអ្នកធ្វើនេះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ ម្នាលអានន្ទ អ្នកឯងមិនសមបើនឹងត្រិះរិះដើម្បីសេចក្តីប្រាថ្នាច្រើនមានសភាពយ៉ាងនេះទេ ម្នាលអានន្ទ អាមិសៈណា ដែលភិក្ខុទុកខាងក្នុង(អកប្បិយកុដិ) អាមិសៈនោះ ក៏ទៅជាអកប្បិយៈ (មិនគួរ) ដែរ អាមិសៈណាដែលភិក្ខុចំអិនខាងក្នុងអកប្បិយកុដិ អាមិសៈនោះ ក៏ទៅជាអកប្បិយៈដែរ អាមិសៈណា ដែលភិក្ខុចំអិនដោយខ្លួនឯង អាមិសៈនោះ ក៏ទៅជាអកប្បិយៈដែរ ម្នាលអានន្ទ អំពើដែលអ្នកធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឆាន់អាមិសៈ ដែលជាអន្តោវុត្ថ (ភោជនដែលភិក្ខុទុកខាងក្នុងអកប្បិយកុដិ) អាមិសៈ ដែលជាអន្តោបក្ក (ភោជន ដែលភិក្ខុចំអិនក្នុងអកប្បិយកុដិ) អាមិសៈ ដែលជាសាមបក្ក (ភោជន ដែលភិក្ខុចំអិនដោយខ្លួនឯង)ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជន ខាងក្នុងអកប្បិយកុដិផង ចំអិនខាងក្នុងអកប្បិយកុដិផង ចំអិនដោយខ្លួនឯងផង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដបី។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជន ខាងក្នុងអកប្បិយកុដិផង ចំអិនខាងក្នុងអកប្បិយកុដិផង តែប្រើពួកអ្នកដទៃចំអិនឲ្យ បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្នុងអកប្បិយកុដិ ចំអិនខាងក្រៅអកប្បិយកុដិ តែភិក្ខុចំអិនខ្លួនឯង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្រៅអកប្បិយកុដិ ចំអិនខាងក្នុងអកប្បិយកុដិ តែភិក្ខុចំអិនខ្លួនឯង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជន ខាងក្នុងអកប្បិយកុដិ ចំអិនខាងក្រៅអកប្បិយកុដិ តែប្រើពួកអ្នកដទៃចំអិនឲ្យ បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដមួយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្រៅអកប្បិយកុដិ ចំអិនខាងក្នុងអកប្បិយកុដិ តែប្រើពួកអ្នកដទៃចំអិនឲ្យ បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដមួយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្រៅអកប្បិយកុដិ ចំអិនខាងក្រៅអកប្បិយកុដិ តែភិក្ខុចំអិនខ្លួនឯង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដមួយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជន ខាងក្រៅអកប្បិយកុដិ ចំអិនខាងក្រៅអកប្បិយកុដិ តែប្រើពួកអ្នកដទៃចំអិនឲ្យ បើភិក្ខុឆាន់ភោជននោះ មិនត្រូវអាបត្តិទេ។
[៩៨] សម័យនោះឯង ពួកភិក្ខុដឹងថា ការចំអិនខ្លួនឯង ព្រះដ៏មានព្រះភាគ ទ្រង់ហាមហើយ ក៏រង្កៀសក្នុងការចំអិនថែមទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុចំអិនថែមទៀតបាន។
[៩៩] សម័យនោះឯង ក្រុងរាជគ្រឹះកើតទុរភិក្ស (អត់បាយ)។ មនុស្សទាំងឡាយ បាននាំយកអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ទៅកាន់អារាម។ ភិក្ខុទាំងឡាយ ទុកវត្ថុទាំងនោះខាងក្រៅ(កុដិ) ពួកសត្វតូចៗ2) នាំគ្នាស៊ីខ្លះ ពួកចោរលួចយកទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទុក (វត្ថុទាំងនោះ) ខាងក្នុងអកប្បិយកុដិបាន ភិក្ខុទាំងឡាយ ក៏ទុកវត្ថុទាំងនោះខាងក្នុងអកប្បិយកុដិ ហើយឲ្យគេចំអិនខាងក្រៅ ពួកជនអ្នកស៊ីដែល នាំគ្នាចោមរោមស៊ី។ ភិក្ខុទាំងឡាយ មិនស្និទ្ធចិត្ត (ប្រកបដោយសេចក្តីរង្កៀស) ក៏ចេះតែឆាន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុចំអិនខាងក្នុងអកប្បិយកុដិបាន។ កាលដែលស្រុកអំណត់អត់បាយ ពួកកប្បិយការកជន ក៏នាំយកអាមិសៈអស់ទៅជាច្រើន ប្រគេនតែបន្តិចបន្តួច ដល់ពួកភិក្ខុ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុចំអិនខ្លួនឯងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុទុកអាមិសៈក្នុងអកប្បិយកុដិបាន ឲ្យចំអិនអាមិសៈ ក្នុងអកប្បិយកុដិបាន ឲ្យចំអិនអាមិសៈខ្លួនឯងបាន។