User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.08

មាតិកា

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ

ចីវរក្ខន្ធកៈ (ទី៨)

សង្ខេប

?

mv 08 បាលី cs-km: vin.mv.08 អដ្ឋកថា: vin.mv.08_att PTS: ?

ចីវរក្ខន្ធកៈ (ទី៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

៨. ចីវរក្ខន្ធកោ

២០២. ជីវកវត្ថុ

(២០២)

[៣៤] សម័យនោះ ព្រះពុទ្ធមានជោគ គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុង​រាជគ្រឹះ។ សម័យនោះឯង ក្រុងវេសាលី ក៏ស្តុកស្តម្ភទូលាយមានជនច្រើន មានមនុស្សមីរដេរដាស មានអាហារ ផ្ទះកំពូល ចំណីក៏សម្បូរណ៌ មានប្រាសាទ៧ពាន់៧រយ៧ប្រាសាទ មានផ្ទះកំពូល​៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំងមានស្រីផ្កាមាស(ម្នាក់) ឈ្មោះនាងអម្ពបាលី រូបល្អគួរជាទីពិតពិលរមិលមើល ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្តរបស់ជនពន់ពេក ហើយជាស្រីប្រសប់ ក្នុងការល្បែងរាំច្រៀង និងការដេញដំប្រគំ ជាស្រីដែលពួកមនុស្ស​ត្រូវការ​ទាំងប៉ុន្មាន តែងចូលទៅរកច្រើន ឯនាង (នោះ) ទៅក្នុងមួយយប់ៗ (តែងយកថ្លៃ) ៥០កហាបណៈ។ ឯក្រុងវេសាលីសោត សឹងថ្កុំថ្កើងលើសលុបប្រមាណ ព្រោះនាងអម្ពបាលីនោះ។ គ្រានោះ មានពួក​កុដុម្ពីរនៅក្រុងរាជគ្រឹះ បានទៅក្រុងវេសាលីដោយមានកិច្ចណាមួយ។ ពួកកុដុម្ពីរ​នៅក្រុង​រាជគ្រឹះក៏បានឃើញ​ក្រុងវេសាលីស្តុកស្តម្ភទូលាយ មានជនច្រើន មានមនុស្សមីរដេរដាស មាន​​អាហារចីណី ក៏សម្បូរណ៌ មានប្រាសាទ៧ពាន់៧រយ៧ប្រាសាទ មានផ្ទះកំពូល​៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំងមាន​​ស្រីផ្កាមាស(ម្នាក់) ឈ្មោះអម្ពបាលី រូបល្អ គួរជាទីពិតពិល រមិលមើល នាំឲ្យ​កើត​សេចក្តី​ជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្ត របស់ជនពន់ពេក ហើយប្រសប់ ក្នុងការ​ល្បែង​ រាំច្រៀង ដេញដំប្រគំ ជាស្រីដែលពួកមនុស្ស​ទាំងប៉ុន្មាន តែងទៅរកច្រើន ឯនាង (នោះ) ទៅក្នុងមួយយប់ៗ (យកថ្លៃ) ៥០កហាបណៈ ឯក្រុងវេសាលី ក៏ថ្កុំថ្កើងលើសប្រមាណ ​ព្រោះនាង​អម្ពបាលី។ វេលានោះ ពួកកុដុម្ពីរ នៅក្រុងរាជគ្រឹះ បានពិចារណា នូវកិច្ចដែល​គួរធ្វើនោះ ក្នុង​ក្រុងវេសាលីរួចហើយ ក៏ត្រឡប់មក ក្រុងរាជគ្រឹះវិញ បានចូលទៅគាល់ ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូល ព្រះបាទ​មាគធសេនិយពិម្ពិសារ ដូច្នេះថា បពិត្រ​ព្រះសម្មតិទេព ក្រុងវេសាលី ក៏ស្តុកស្តម្ភទូលាយ មានជនច្រើន មានពួកមនុស្ស​មីរដេរដាស មានអាហារចំណី ក៏សម្បូរណ៌ មានប្រាសាទ៧ពាន់ ៧រយ ៧ប្រាសាទ មានផ្ទះកំពូល​៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំង​មាន​ស្រីផ្កាមាស (ម្នាក់) ឈ្មោះនាងអម្ពបាលី រូបល្អ គួរជាទីពិតពិល រមិលមើល នាំឲ្យកើត​សេចក្តី​ជ្រះថ្លា ហើយប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្ត របស់ជនពន់ពេក ហើយជាស្រីប្រសប់ ក្នុង​ការ​ល្បែងរាំច្រៀង និងដេញដំប្រគំ ជាស្រីដែលពួកមនុស្ស​ត្រូវការ​ទាំងប៉ុន្មាន តែងចូលទៅរកច្រើន ឯនាង (នោះ) ទៅក្នុងមួយយប់ៗ យកថ្លៃ៥០កហាបណៈ ឯក្រុងវេសាលី ល្អដោយក្រៃលែងជាង​ប្រមាណ ព្រោះនាងអម្ពបាលីនោះ បពិត្រ​ព្រះសម្មតិទេព គួរតែយើងខ្ញុំ​ តាំងស្រីផ្កាមាសឡើងខ្លះ ទើបជាការល្អ។ ស្តេចនោះ ទ្រង់ត្រាស់តបថា នែនាយ បើដូច្នោះ អ្នកទាំងឡាយ ចូរជ្រើសរើស​នាងកុមារីណា ដែល​មានរូបល្អ ប្រហែលនាងនោះ តាំងឲ្យជាស្រីផ្កាមាសឡើង។ សម័យ​នោះឯង ក្នុងក្រុងរាជគ្រឹះ មាននាងកុមារីម្នាក់ ឈ្មោះសាលវតី រូបល្អ គួរជាទីពិតពិលរមិលមើល នាំឲ្យកើត​សេចក្តីជ្រះថ្លា ហើយប្រកបដោយ​សម្បុរល្អ និងជាទីគាប់ចិត្ត ​របស់ជនពន់ពេក។ វេលានោះ ពួក​កុដុម្ពីរ​នៅក្រុងរាជគ្រឹះ ក៏បានតាំងនាង សាលវតី​កុមារី ឲ្យធ្វើជាស្រីផ្កាមាស។ គ្រានោះ មិនយូរ​ប៉ុន្មាន នាងសាលវតីស្រីផ្កាមាស ក៏ជាស្រីប្រសប់ ក្នុងការល្បែងរាំច្រៀង និងដេញដំប្រគំ ជាស្រី​ដែលពួកមនុស្ស ត្រូវការ​ទាំងប៉ុន្មាន តែងចូលទៅរកច្រើន ឯនាងនោះ ទៅក្នុង១យប់ (យកថ្លៃ) ១០០កហាបណៈ។ លំដាប់នោះ នាងសាលវតី ស្រីផ្កាមាស មិនយូរប៉ុន្មាន ក៏មានគភ៌​ឡើង។ វេលានោះ នាងសាលវតី ស្រីផ្កាមាស មានសេចក្តីត្រិះរិះ ដូច្នេះថា (ធម្មតា) ស្រី តែមានគភ៌ហើយ រមែងមិនជាទីគាប់ចិត្ត ​របស់ពួកបុរសឡើយ ប្រសិនបើបុរសណាមួយ នឹងដឹងអាត្មាអញថា នាង​សាលវតី ស្រីផ្កាមាស មានគភ៌ហើយ គ្រឿងសក្ការៈ​ទាំងអស់ របស់អញ មុខជានឹងសាបសូន្យ (មិនខាន) បើដូច្នោះ គួរតែអញប្រាប់គេថា មានជម្ងឺ។ គ្រានោះ នាងសាលវតី ស្រីផ្កាមាស ក៏​បានបង្គាប់​នាយទ្វារថា នែនាយទ្វារ កុំឲ្យបុរសណាមួយ ​ចូលមកឡើយ ទុកជានរណាមក សួរ​រកខ្ញុំ អ្នកឯងត្រូវប្រាប់ថា នាងសាលវតី​ មានជម្ងឺ។ នាយទ្វារ​នោះ ក៏បាន​ទទួលពាក្យ​ នាងសាលវតី ស្រីផ្កាមាស ដោយពាក្យថា អឺនាង។ លំដាប់នោះ នាងសាលវតីស្រីផ្កាមាស លុះដល់គភ៌នោះ​ចាស់ហើយ ក៏សម្រាល​កូនប្រុស១មក។ វេលានោះ នាងសាលវតីស្រីផ្កាមាស បានបង្គាប់​ខ្ញុំស្រីថា នែនាង ហ៏ នាងឯងចូរដាក់ទារកនេះ ក្នុងចង្អេរចាស់ ហើយនាំយកទៅចោល ​លើគំនរ​សម្រាម​ចុះ។ ឯខ្ញុំស្រីនោះ បានទទួលស្តាប់ពាក្យ នាងសាលវតីស្រីផ្កាមាស ដោយពាក្យថា ចាសអ្នកម្ចាស់ ហើយ​ក៏ដាក់ទារកនោះ ក្នុងចង្អេរចាស់ ហើយ​នាំយកទៅចោល ​លើគំនរសម្រាម។ សម័យនោះ​ឯង ព្រះរាជកុមារ ឈ្មោះ​អភយៈ ចេញទៅគាល់បម្រើស្តេច ​ក្នុងវេលាព្រឹក ក៏បានឃើញ​ទារក​នោះ មានពួកសត្វក្អែកចោមរោម លុះឃើញហើយ ក៏សួរទៅមនុស្ស​ទាំងឡាយថា នែនាយ អ្វីនេះ ដែលពួកក្អែកចោមរោម។ មនុស្សទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស ទារក។ រាជកុមារ​ត្រាស់សួរថា នែនាយ ទារកនេះ វានៅរស់ទេឬ។ មនុស្សទាំងនោះក្រាបទូលថា សូម​ទ្រង់​មេត្តាប្រោស នៅរស់ទេ។ រាជកុមារក៏ត្រាស់ថា នែនាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំយក​ទារក​នោះ ទៅក្នុងព្រះរាជវាំងយើង ហើយប្រគល់ឲ្យពួកស្រីដោះចិញ្ចឹម។ មនុស្ស​ទាំងនោះ បានទទួល​ពាក្យអភយរាជកុមារ​ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ករុណាវិសេស ក៏នាំយក​ទារក​នោះ ទៅ​ក្នុងព្រះរាជវាំង របស់អភយរាជកុមារ ហើយប្រគល់ឲ្យទៅពួក​មេដោះថា នាង​ទាំងឡាយ​ចូរចិញ្ចឹមចុះ។ ជនទាំងឡាយ បានឲ្យឈ្មោះទារកនោះថា ជីវកៈ ដោយហេតុថា ទារកនោះនៅរស់ ឲ្យឈ្មោះ​ទារកនោះ (ខាងក្រោយទៀត) ថា កោមារភត្យ ព្រោះថាទារកនោះ អភយរាជកុមារ បាន​ឲ្យគេរើស​យកមកចិញ្ចឹម។ គ្រានោះ ជីវកកោមារភត្យ មិនយូរប៉ុន្មាន ក៏បានជាអ្នកដឹងក្តីឡើង។ វេលានោះ ជីវកកោមារភត្យ បានចូលទៅគាល់ ​អភយរាជកុមារ លុះចូលទៅដល់ហើយ បាន​ក្រាបបង្គំ​ទូល អភយរាជកុមារ ដូច្នេះថា បពិត្រព្រះសម្មតិទេព អ្នកណាជាមាតារបស់ខ្ញុំ អ្នកណា​ជាបិតារបស់ខ្ញុំ។ អភយរាជកុមារតបថា ហៃបាជីវកៈ ទុកជាអញ ក៏មិនបានស្គាល់​មាតារបស់​អ្នកដែរ ប៉ុន្តែខ្លួនអញ ទុកដូចជាបិតារបស់អ្នក (ព្រោះ) អ្នកឯង យើងបានឲ្យគេ​យកមកចិញ្ចឹម។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួករាជត្រកូលនេះ តែបុគ្គល​គ្មាន​សិល្បសាស្ត្រហើយ មិនងាយ​នឹងចិញ្ចឹមជីវិតបានទេ បើដូច្នោះ មានតែអាត្មាអញ​ រក​រៀន​សិល្បសាស្ត្រ។

[៣៥] សម័យនោះឯង មានពេទ្យម្នាក់ ជាទិសាបាមោក្ខ នៅអាស្រ័យ​ក្នុងក្រុងតក្កសិលា។ វេលានោះ ជីវកកោមារភត្យ មិនបានលាអភយរាជកុមារឡើយ ហើយចេញដើរសំដៅទៅ​ក្រុង​តក្កសិលា ក៏បាន​ចូលទៅរកពេទ្យ​នោះ ឯក្រុង​តក្កសិលាដោយលំដាប់ លុះចូលទៅដល់ហើយ ក៏និយាយ​ពាក្យនេះ នឹងពេទ្យនោះថា បពិត្រលោកអាចារ្យ ខ្ញុំប្រាថ្នានឹងសិក្សាសិល្បសាស្ត្រ។ ឯអាចារ្យទិសាបាមោក្ខនោះ ក៏តបវិញថា នែនាយជីវកៈ បើដូច្នោះ អ្នកឯងចូររៀនចុះ។ វេលានោះ ជីវកកោមារភត្យ ក៏រៀនសិល្បសាស្ត្របានច្រើនផង រៀបបានឆាប់ផង ចាំទុកបានល្អផង សិល្បសាស្ត្រ ដែលជីវកកោមារភត្យនោះ បានរៀនហើយ ក៏មិនភ្លេចទៅផង។ លុះកន្លង​៧ឆ្នាំ​ទៅហើយ ទើបជីវកកោមារភត្យ មានសេចក្តីរិះគិត ដូច្នេះថា អាត្មាអញ រៀនសិល្បសាស្ត្រ​បានច្រើនផង រៀនបានឆាប់ផង ចាំទុកបានល្អផង សិល្បសាស្ត្រ​ ដែលអញ​បានរៀន​ហើយ ក៏​មិនភ្លេច​ទៅផង ម្យ៉ាងទៀត កាលអាត្មាអញ រៀនអស់​៧ឆ្នាំហើយ ក៏រកទីបំផុតសិល្បសាស្ត្រនេះ​មិនប្រាកដឡើយ ទីបំផុតសិល្បសាស្ត្រនេះ តើនឹង​បានប្រាកដ ​ក្នុងវេលាណា។ លំដាប់នោះ ជីវកកោមារភត្យ ក៏បានចូលទៅរកពេទ្យនោះ លុះចូលទៅដល់ហើយ ក៏និយាយ​ពាក្យនេះ​នឹង​ពេទ្យនោះថា បពិត្រលោកអាចារ្យ ខ្ញុំរៀនសិល្បសាស្ត្របានច្រើនផង រៀនបានឆាប់ផង ចាំទុក​បានល្អផង សិល្បសាស្ត្រ​ ដែលខ្ញុំបានរៀនហើយ មិនភ្លេចទៅវិញផង ម្យ៉ាងទៀត ខ្ញុំរៀនអស់​៧ឆ្នាំហើយ ក៏រកទីបំផុតសិល្បសាស្ត្រ​នេះ មិនប្រាកដសោះ ទីបំផុតសិល្បសាស្ត្រនេះ តើនឹង​បាន​ប្រាកដក្នុងវេលាណា។ ឯអាចារ្យនោះ ក៏ប្រាប់ថា នែនាយជីវកៈ បើដូច្នោះ អ្នកឯងត្រូវកាន់យក​ចបជីក ដើរទៅចំនួន១យោជន៍ជុំវិញក្រុងតក្កសិលា ហើយគន់មើលវត្ថុឯណានីមួយ ដែល​មិនមែន​ជាថ្នាំ ចូរអ្នកនាំវត្ថុនោះមក។ ឯជីវកកោមារភត្យ ទទួលស្តាប់ពាក្យពេទ្យនោះ ដោយពាក្យ​ថា បាទលោកអាចារ្យ ហើយក៏កាន់ចបជីក ដើរទៅចំនួន​១យោជន៍​ជុំវិញក្រុងតក្កសិលា ក៏មិន​ឃើញ​មានវត្ថុអ្វីមួយ ដែល​មិនមែនជាថ្នាំឡើយ។ គ្រានោះ ជីវកកោមារភត្យ ក៏បានចូលទៅរក​ពេទ្យនោះវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយ​ពាក្យនេះនឹង​ពេទ្យនោះថា បពិត្រលោក​អាចារ្យ ខ្ញុំបានដើរទៅ​ចំនួន​១យោជន៍​ជុំវិញក្រុងតក្កសិលា ក៏មិនឃើញ​មានវត្ថុអ្វីមួយ ដែល​មិនមែន​ជាថ្នាំសោះ។ ឯអាចារ្យនោះក៏និយាយថា នែនាយជីវកៈ អ្នកឯង យើងបានបង្រៀន​រួចហើយ សិល្បសាស្ត្រប៉ុណ្ណេះ ល្មមចិញ្ចឹម​ជីវិត​របស់អ្នកឯង​បានហើយ ៗក៏ប្រគល់​ស្បៀង​បន្តិច​បន្តួច​ឲ្យជីវកកោមារភត្យ។ លំដាប់នោះ ជីវកកោមារភត្យ ក៏បាននាំយកស្បៀងបន្តិចបន្តួច​នោះចេញ​ដើរ សំដៅទៅក្រុងរាជគ្រឹះវិញ។ វេលានោះ ស្បៀងបន្តិចបន្តួច ​របស់​ជីវកកោមារភត្យ​នោះ ក៏អស់រលីងទៅ ទៀបក្រុងសាកេត នៅពាក់កណ្តាលផ្លូវ។ គ្រានោះ ជីវកកោមារភត្យ ក៏​មាន​សេចក្តីរិះគិត ដូច្នេះថា ផ្លូវអស់ទាំងនេះ ជាផ្លូវដាច់ស្រយាល មានទឹកតិច មានចីណីអាហារតិច នរណា ដែលមិនមានស្បៀងអាហារហើយ មិនងាយនឹងទៅបានឡើយ បើដូច្នោះ គួរអាត្មាអញ ដើរស្វែងរកស្បៀងសិន (រួចសឹមទៅ)។

២០៣. សេដ្ឋិភរិយាវត្ថុ

(២០៣)

[៣៦] សម័យនោះឯង ក្នុងក្រុងសាកេត មានភរិយាសេដ្ឋីម្នាក់ កើតជម្ងឺឈឺក្បាល​៧ឆ្នាំ​ហើយ។ ពួកពេទ្យដែល​ជាទិសាបាមោក្ខយ៉ាងធំៗច្រើននាក់ នាំគ្នាមកព្យាបាល ក៏មិនអាច​ធ្វើ​ឲ្យ​ជារោគបាន ហើយនាំយកតែប្រាក់ទៅជាច្រើន។ គ្រានោះ ជីវកកោមារភត្យ បានចូលទៅក្រុង​សាកេត ហើយសួរមនុស្សទាំងឡាយថា នែនាយ នរណាមានជម្ងឺ (ខ្លះ) នរណាឲ្យខ្ញុំព្យាបាល (ខ្លះ)។ មនុស្សទាំងនោះប្រាប់ថា បពិត្រលោកអាចារ្យ មានតែភរិយា​សេដ្ឋីនេះ មានជម្ងឺ​ឈឺក្នុងក្បាល​​៧ឆ្នាំហើយ បពិត្រ​លោកអាចារ្យ អ្នកអញ្ជើញទៅព្យាបាល​ភរិយាសេដ្ឋីចុះ។ វេលានោះ ជីវកកោមារភត្យ ក៏បានចូលទៅកាន់លំនៅ របស់សេដ្ឋីគហបតី លុះចូលទៅដល់ ហើយ ក៏បង្គាប់នាយ​ទ្វារថា នែនាយទ្វារ ចូរអ្នកឯង ទៅជំរាបភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ ឥឡូវ​មានគ្រូពេទ្យអញ្ជើញមក គាត់ចង់ឃើញអ្នកម្ចាស់។ នាយទ្វារនោះ បានទទួលស្តាប់ពាក្យ​ជីវកកោមារភត្យ ដោយពាក្យថា បាទលោកអាចារ្យ ហើយក៏ចូលទៅរកភរិយាសេដ្ឋី។ លុះ​ចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ ឥឡូវ​មានគ្រូពេទ្យអញ្ជើញមក គាត់ចង់ឃើញអ្នកម្ចាស់។ ឯភរិយាសេដ្ឋីក៏សួរថា នែនាយទ្វារ គ្រូពេទ្យនោះ តើបែបយ៉ាងណា។ នាយទ្វារជំរាបថា បពិត្រអ្នកម្ចាស់ គ្រូពេទ្យនោះនៅ​ក្មេងទេ។ ឯភរិយាសេដ្ឋីក៏តបថា កុំឡើយនាយទ្វារ គ្រូពេទ្យនៅក្មេងម្ល៉េះ នឹងធ្វើរោគអញ​ឲ្យជាម្តេចបាន គ្រូពេទ្យដែលជាទិសាបាមោក្ខយ៉ាងធំៗ ច្រើននាក់ ក៏បានមកព្យាបាលហើយ ក៏គង់មិនអាច​នឹង​ធ្វើរោគឲ្យសះជាបាន នាំយកប្រាក់ជាច្រើនទៅហើយ។ ខណៈនោះ នាយទ្វារក៏បានចូលទៅរក​ជីវកកោមារភត្យវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹង​ជីវកកោមារភត្យថា បពិត្រលោកអាចារ្យ ភរិយាសេដ្ឋីបាននិយាយយ៉ាងនេះថា កុំឡើយនាយទ្វារ គ្រូពេទ្យនៅក្មេងម្ល៉េះ នឹងព្យាបាលរោគអញ​ឲ្យសះជាម្តេចបាន គ្រូពេទ្យដែលជាទិសាបាមោក្ខធំៗ ច្រើននាក់ បាន​មក​ព្យាបាល ក៏គង់មិនអាច​នឹង​ធ្វើរោគឲ្យសះជាបាន នាំយកប្រាក់ជាច្រើនទៅហើយ។ ឯជីវកកោមារភត្យ ក៏និយាយវិញថា នែនាយទ្វារ ចូរអ្នកឯងទៅជំរាបភរិយាសេដ្ឋីថា បពិត្រ​អ្នកម្ចាស់ គ្រូពេទ្យបាននិយាយពាក្យ យ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកម្ចាស់កុំអាលឲ្យវុត្ថុអ្វីៗ​មុនឡើយ ចាំអ្នកម្ចាស់ជារោគពេលណា អ្នកម្ចាស់ចង់ឲ្យវត្ថុណា ក៏គប្បីឲ្យវត្ថុនោះ ក្នុងពេលនោះចុះ។ នាយទ្វារនោះ​ ទទួលស្តាប់ពាក្យជីវកកោមារភត្យ ដោយពាក្យថា បាទលោក​អាចារ្យ ហើយក៏ចូលទៅរក​ភរិយាសេដ្ឋីវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ គ្រូពេទ្យបាននិយាយពាក្យយ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកម្ចាស់កុំអាលឲ្យវត្ថុអ្វីៗមុនឡើយ ចាំអ្នកម្ចាស់ជារោគវេលាណា អ្នកម្ចាស់ចង់ឲ្យវត្ថុណា ក៏គប្បីឲ្យវត្ថុនោះ ក្នុងវេលានោះចុះ។ ឯភរិយាសេដ្ឋីក៏ប្រាប់ថា នែនាយទ្វារ បើដូច្នោះ សូមឲ្យ​គ្រូពេទ្យ​អញ្ជើញចូលមកចុះ។ នាយទ្វារនោះ បានទទួលស្តាប់ពាក្យភរិយាសេដ្ឋី ដោយពាក្យថា បាទ​អ្នកម្ចាស់ ហើយក៏ចូលទៅរកជីវកកោមារភត្យវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយ​ពាក្យ​នេះ នឹង​ជីវកកោមារភត្យថា បពិត្រលោកអាចារ្យ ភរិយាសេដ្ឋីឲ្យអញ្ជើញលោក។ វេលានោះ ជីវកកោមារភត្យ ក៏បានចូលទៅរកភរិយាសេដ្ឋី លុះចូលទៅដល់ហើយ ក៏សង្កេតស្គាល់​កាយវិការ​របស់ភរិយាសេដ្ឋី ហើយបាននិយាយ​ពាក្យនេះនឹង​ភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ ខ្ញុំបាទ​ត្រូវការ​សប្បិ១ទូកដៃ។ លំដាប់នោះ ភរិយាសេដ្ឋី ក៏បានបង្គាប់​ឲ្យគេឲ្យសប្បិ១ទូកដៃទៅ​​ជីវកកោមារភត្យ។ វេលានោះ ជីវកកោមារភត្យ ក៏បានស្លសប្បិនោះជាមួយនឹង​ថ្នាំទាំងឡាយ​ផ្សេងៗ រួចហើយឲ្យភរិយាសេដ្ឋីដេកផ្ងារលើគ្រែ ហើយបញ្ច្រកថ្នាំនោះ។ ខណៈនោះ សប្បិដែល​​ជីវកកោមារភត្យ បានច្រកទៅហើយនោះ ក៏ខ្ពុរចេញពីមាត់។ គ្រានោះ ភរិយាសេដ្ឋី ក៏ខ្ជាក់​សប្បិ​នោះទៅ​ក្នុងកន្ថោរ ហើយបង្គាប់ទាសីថា ចូរនាង​យកសំឡី​មកផ្តិត​សប្បិនេះចេញ។ វេលានោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អើអស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះនេះ ជាស្រីអន់​ណាស់​តើ ព្រោះនាង​ឲ្យទាសី​យកសំឡី​មកផ្តិតសប្បិនេះ ដែលជារបស់គួរ​តែចោល ម្យ៉ាងទៀត ថ្នាំដែល​មានដំឡៃ​ច្រើនៗ អញបាន​ប្រើប្រាស់​អស់ច្រើនទៅហើយ ស្រីជាម្ចាស់ផ្ទះនេះ នឹង​ឲ្យទេយ្យ​ធម៌ (រង្វាន់) តិចតួចដល់អញ​ដូចម្តេចបាន។ លំដាប់នោះ ភរិយាសេដ្ឋីសង្កេតស្គាល់​វិការ​ជីវកកោមារភត្យ ហើយក៏បាននិយាយ​ពាក្យនេះ នឹង​ជីវកកោមារភត្យថា នែលោកអាចារ្យ ហេតុអ្វី​បានជាអ្នកមានចិត្តប្លែកម្ល៉េះ។ ឯជីវកកោមារភត្យ តបវិញថា ខ្ញុំបាទមាន​​សេចក្តី​រិះគិត ​ក្នុងទីនេះ​យ៉ាងនេះថា អស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះនេះ ជាស្រីអន់​ណាស់​តើ ព្រោះនាង​ឲ្យទាសី​យកសំឡី​មកផ្តិតសប្បិនេះ ដែលជារបស់គួរ​តែចោល ម្យ៉ាងទៀត ថ្នាំដែល​មានដំឡៃ​ច្រើនៗ អញបាន​ប្រើប្រាស់​អស់ច្រើនទៅហើយ ស្រីជាម្ចាស់ផ្ទះនេះ នឹង​ឲ្យទេយ្យ​ធម៌តិចតួច ដល់អាត្មាអញ​ដូច​ម្តេច​បាន។ ឯភរិយាសេដ្ឋី តបវិញថា នែលោកអាចារ្យ យើងជាស្រីគ្រប់គ្រងផ្ទះ គួរ​ចេះ​សំចៃ​សប្បិនេះ សប្បិនេះ នឹងធ្វើជាថ្នាំលាបជើងពួកទាសៈ​ ពួកកម្មករ ឬនឹង​ស្រោច​ទៅក្នុងកិច្ច ​ដែល​ធ្វើ​ប្រទីប ក៏គង់តែប្រសើរ នែលោកអាចារ្យ លោកកុំតូចចិត្តឡើយ ទេយ្យធម៌​របស់លោក មុខជា​មិន​សាបសូន្យទេ។ ខណៈនោះ ជីវកកោមារភត្យ ក៏បានផ្សះជម្ងឺឈឺក្បាល​៧ឆ្នាំ ​របស់​ភរិយាសេដ្ឋី​ ដោយការ​ច្រក តែម្តងប៉ុណ្ណោះ។ វេលានោះ ភរិយាសេដ្ឋី ក៏បានសះ ជារោគនោះទៅ ហើយបាន​ឲ្យ​ (រង្វាន់) ចំនួន៤ពាន់កហាបណៈ ទៅជីវកកោមារភត្យ។ ឯកូនប្រុសគិតថា មាតា​របស់អាត្មា​អញ​ បានសះ ជាជម្ងឺហើយ ក៏បាន​ឲ្យ​ (រង្វាន់) ចំនួន៤ពាន់កហាបណៈទៀត។ ឯស្រីជាកូនប្រសា គិតថា ម្តាយក្មេករបស់អាត្មាអញ​ បានសះ ជាជម្ងឺហើយ ក៏បាន​ឲ្យ​ (រង្វាន់) ចំនួន​៤ពាន់​កហាបណៈ​​ទៀត។ ឯសេដ្ឋីគហបតី គិតថា ភរិយារបស់អាត្មាអញ​ បានសះ ជាជម្ងឺហើយ ក៏​ឲ្យ​ (រង្វាន់) ចំនួន​៤ពាន់​កហាបណៈ ហើយឲ្យទាសា ទាសី និងរថទឹមសេះ (ថែមទៀត)។ គ្រានោះ ជីវកកោមារភត្យ ​បាននាំយក (រង្វាន់) ទាំង១៦​ពាន់កហាបណៈនោះ និងទាសាទាសី​ ទាំងរថទឹមសេះ ហើយចេញ​ទៅក្រុង​រាជគ្រឹះ ក៏បានចូលទៅរក អភយរាជកុមារ ឰដក្រុង​រាជគ្រឹះដោយលំដាប់ លុះចូល​ទៅដល់​ហើយ ក៏បាន​និយាយពាក្យនេះ នឹង​អភយរាជកុមារថា សូមទ្រង់មេត្តាប្រោស រង្វាន់​ទាំង​១៦ពាន់​ក្តី ទាសាក្តី ទាសីក្តី សេះ និងរថក្តី នេះជាស្នាដៃ​ដំបូង​របស់​ទូលបង្គំ​ជាខ្ញុំ សូមព្រះសម្មតិទេព ទ្រង់​ទទួលយក​គ្រឿង​សម្រាប់ចិញ្ចឹម​របស់ទូល​បង្គំ​ជាខ្ញុំចុះ។ ឯអភយរាជកុមារ​ក៏តបថា នែនាយជីវកៈ ណ្ហើយ (របស់ទាំងនេះ) ស្រេចនឹងអ្នកឯងចុះ ប៉ុន្តែត្រូវអ្នកឯងសាង​លំនៅ​ ក្នុងបូរីរបស់យើង។ ឯ​ជីវកកោមារភត្យ បានទទួលស្តាប់ព្រះបន្ទូល​អភយរាជកុមារ ​ដោយពាក្យថា បពិត្រ​ព្រះសម្មតិទេព ព្រះករុណាវិសេស ហើយក៏បានសាង​លំនៅ​ ក្នុងវាំងរបស់អភយរាជកុមារ។

២០៤. ពិម្ពិសាររាជវត្ថុ

(២០៤)

[៣៧] សម័យនោះឯង ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទ្រង់កើតរោគឫសដូងបាត។ សំពត់​សាដកទាំងឡាយ ក៏សឹង​តែប្រឡាក់​ទៅដោយឈាម។ ពួកព្រះនាងទេវី ឃើញហើយ ក៏ចំអកថា ឥឡូវនេះ ព្រះសម្មតិទេព ទ្រង់មានរដូវហើយ ផ្កាគឺឈាម បានកើតឡើងដល់​ព្រះ​សម្មតិទេពហើយ មិនយូរប៉ុន្មានទេ ព្រះសម្មតិទេព មុខជានឹងប្រសូតិ (បុត្រ) មិនខាន។ ​ព្រះមហាក្សត្រ ក៏ទ្រង់អៀនអន់​ដោយហេតុនោះ។ វេលានោះ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទ្រង់​មានព្រះរាជឱង្ការ​សួរទៅអភយរាជកុមារថា នែនាយអភ័យ យើងមានជម្ងឺប្រាកដ​ដូច្នោះ​ហើយ អស់ទាំង​​សំពត់​សាដក ប្រឡាក់​ទៅដោយឈាម ឯពួកនាងទេវី ឃើញហើយ ក៏ចំអកថា ឥឡូវនេះ ព្រះសម្មតិទេព ទ្រង់មានរដូវហើយ ផ្កាគឺឈាម បានកើតឡើង ដល់​ព្រះ​សម្មតិទេព​ហើយ មិនយូរប៉ុន្មានទេ ព្រះសម្មតិទេព មុខជានឹងប្រសូតិ (បុត្រ) មិនខាន នែនាយអភ័យ យើង​សូមអង្វរ​អ្នក ចូរអ្នកស្វែងរកពេទ្យណា ដែលអាចព្យាបាលយើងបាន។ អភយរាជកុមារ ​តបវិញថា បពិត្រព្រះសម្មតិទេព ពេទ្យរបស់ខ្ញុំព្រះអង្គ​ ឈ្មោះជីវកៈ នៅក្មេង ជាមនុស្ស​កំពុង​ចំរើន ពេទ្យ​នោះ​ នឹងព្យាបាលព្រះសម្មតិទេពបាន។ ព្រះបាទពិម្ពិសារ​ត្រាស់ថា នែនាយអភ័យ បើដូច្នោះ ចូរ​អ្នកបង្គាប់ពេទ្យ​ជីវកៈ ឲ្យគេមកព្យាបាលអញចុះ។ លំដាប់នោះ អភយរាជកុមារ ក៏បាន​បង្គាប់​ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកឯង​ ទៅព្យាបាល​រោគ ថ្វាយ​ព្រះមហាក្សត្រ។ ជីវកកោមារភត្យ បានទទួលបង្គាប់​អភយរាជកុមារ ​ដោយពាក្យថា ករុណាវិសេស ហើយក៏​នាំយក​ថ្នាំ​ចំនួន​មួយក្រចក ចូលទៅគាល់​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ លុះចូល​ទៅដល់​ហើយ ក៏ក្រាប​ទូល​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដូច្នេះថា សូមទ្រង់​ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមមើល​ជម្ងឺ​ព្រះអង្គ។ វេលានោះ ជីវកកោមារភត្យ ក៏បានផ្សះ​រោគ​ឫសដូងបាត របស់​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយលាបថ្នាំតែម្តង។ គ្រានោះ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទ្រង់បានសះ ជារោគ​ហើយ ទើបទ្រង់ឲ្យពួក​ស្រីទាំងប្រាំរយ ​ស្អិតស្អាង​គ្រឿង​អលង្ការ​ទាំងពួង ហើយឲ្យដោះចេញ ទ្រង់​ឲ្យគរជាគំនរ​ រួចទ្រង់ត្រាស់ទៅ នឹងជីវកកោមារភត្យ​ ដូច្នេះថា នែនាយជីវកៈ គ្រឿងអលង្ការ​ទាំង​ពួង​ របស់ស្រីទាំងប្រាំរយនេះ ត្រូវបាន​អ្នកឯងហើយ។ ជីវកកោមារភត្យ ​ក្រាបទូលថា សូមទ្រង់​ព្រះមេត្តាប្រោស កុំព្រួយ​ព្រះរាជហឫទ័យឡើយ សូមព្រះសម្មតិទេព ទ្រង់គ្រាន់តែរំលឹក​ឧបការ​របស់ខ្ញុំព្រះអង្គចុះ។ ព្រះបាទ​ពិម្ពិសារ​ត្រាស់ថា នែនាយជីវកៈ បើដូច្នោះ ចូរអ្នកឯងបម្រើ​យើង​ផង ស្រីស្នំផង ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានផង។ ជីវកកោមារភត្យ បានទទួលស្តាប់ព្រះរាជ​ឱង្ការ​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស។

២០៥. រាជគហសេដ្ឋិវត្ថុ

(២០៥)

[៣៨] សម័យនោះឯង សេដ្ឋីនៅក្រុង​រាជគ្រឹះ កើតរោគឈឺក្បាល៧ឆ្នាំហើយ។ ពួកពេទ្យ​ដែលជាទិសាបាមោក្ខធំៗច្រើននាក់ មកព្យាបាល​ ក៏មិនអាចនឹងកែរោគឲ្យសះជាបាន នាំយក​តែ​ប្រាក់ជាច្រើនទៅ។ ម្យ៉ាងទៀត សេដ្ឋីនោះ ពួកពេទ្យ ក៏បោះបង់ចោលហើយ។ មានពួកពេទ្យខ្លះ​និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៥។ ពួកពេទ្យខ្លះ​និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៧។ លំដាប់នោះ ពួក​កុដុម្ពិកៈ នៅក្នុងក្រុងរាជគ្រឹះ មានសេចក្តី​រិះគិត ​ដូច្នេះថា សេដ្ឋីគហបតិនេះឯង មានឧបការៈ​ច្រើនដល់ស្តេចផង ដល់ពួកកុដុម្ពិកៈផង ម្យ៉ាងទៀត សេដ្ឋីនោះ ពួកពេទ្យ បោះបង់ចោលហើយ ពួកពេទ្យខ្លះ​និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង ​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៥។ ពួកពេទ្យខ្លះ​និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៧ ម្យ៉ាងទៀត ពេទ្យជីវកៈ របស់​ព្រះមហាក្សត្រ​នេះ នៅក្មេង ជាមនុស្សកំពុងចំរើន បើដូច្នោះ​ គួរតែយើងទូល​សូមពេទ្យ​ជីវកៈ​ អំពី​ព្រះមហាក្សត្រ ដើម្បីព្យាបាល​រោគ សេដ្ឋីគហបតិ។ គ្រានោះ ពួកុដុម្ពិកៈ នៅក្នុងក្រុងរាជគ្រឹះ បានចូលទៅគាល់​ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ លុះចូលទៅដល់ហើយ ក៏បានក្រាបទូល​ ព្រះបាទ​មាគធសេនិយ​ពិម្ពិសារថា សូមទ្រង់​ព្រះមេត្តាប្រោស សេដ្ឋីគហបតិនេះ មាន​ឧបការៈ​ច្រើន ដល់ព្រះសម្មតិទេពផង ដល់ពួកកុដុម្ពិកៈផង ម្យ៉ាងទៀត ពួកពេទ្យ ក៏បោះបង់ហើយ ពួក​ពេទ្យខ្លះ​​ និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៥ ពួកពេទ្យខ្លះ​និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៧ យើងខ្ញុំសូមអង្វរ​ សូម​ព្រះសម្មតិទេព ទ្រង់បង្គាប់​ពេទ្យជីវកៈ ឲ្យព្យាបាល​រោគ សេដ្ឋីគហបតិ។ ខណៈនោះ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ក៏ទ្រង់​បានបង្គាប់ ​ជីវកកោមារភត្យថា នែនាយជីវកៈ អ្នកឯងចូរ​ទៅព្យាបាល​សេដ្ឋីគហបតិចុះ។ ជីវកកោមារភត្យ ទទួលស្តាប់ព្រះរាជឱង្ការ ​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវេសេស រួចចូលទៅរក​សេដ្ឋីគហបតិ លុះចូលទៅដល់ហើយ ក៏សង្កេតដឹងវិការៈ ​របស់សេដ្ឋីគហបតិ រួចហើយ​និយាយ​នឹង​សេដ្ឋីគហបតិដូច្នេះថា នែគហបតិ ប្រសិនបើខ្ញុំ​កែរោគ​លោក សះជាហើយ តើខ្ញុំ​នឹងត្រូវ​បាន​រង្វាន់​ដូចម្តេច។ សេដ្ឋីគហបតិតបថា លោកអាចារ្យ សម្បត្តិរបស់ខ្ញុំ​ទាំងអស់ក្តី ក៏ត្រូវ​បានលោក ខ្លួនខ្ញុំក្តី ក៏ធ្វើជាខ្ញុំរបស់លោក។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាច​នឹងសម្រាន្ត​ផ្អៀង​តែម្ខាង​អស់​៧ខែបានឬទេ។ សេដ្ឋីគហបតិតបថា លោកអាចារ្យ ខ្ញុំអាចនឹង​ដេកផ្អៀង​តែម្ខាង​ អស់​៧ខែបាន។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាច​នឹងសម្រាន្ត​ផ្អៀងមកម្ខាងទៀត ​អស់​៧ខែបានឬទេ។ សេដ្ឋីគហបតិតបថា លោកអាចារ្យ ខ្ញុំអាចនឹង​ដេកផ្អៀងមកម្ខាងទៀត​ អស់​៧ខែបាន។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាច​នឹងសម្រាន្ត​ផ្ងារ ​អស់​៧ខែបានឬទេ។ សេដ្ឋីគហបតិប្រាប់ថា លោកអាចារ្យ ខ្ញុំអាចនឹង​ដេកផ្ងារ​ អស់​៧ខែបាន។ ខណៈនោះ ជីវកកោមារភត្យ ក៏ឲ្យសេដ្ឋីគហបតិដេកលើគ្រែ រួចចងសេដ្ឋីភ្ជាប់​លើគ្រែ ហើយវះស្បែកក្បាល វែកថ្នេរ (រលាក្បាល) ចេញ ក៏នាំយកបាណកជាតិ1) បានពីរ ហើយបង្ហាញ​ដល់ជនថា ចូរអ្នកទាំងឡាយ មើលបាណកជាតិទាំងពីរនេះចុះ បាណកជាតិ១តូច បាណកជាតិ១ធំ ពួកអាចារ្យណានិយាយយ៉ាងនេះថា សេដ្ឋីគហបតិនឹងធ្វើមរណកាល​ក្នុង​ថ្ងៃទី​៥ (ព្រោះ) ពួកអាចារ្យទាំងនោះ បានឃើញ​បាណកជាតិ​ធំនេះ ដល់ថ្ងៃទី៥ វានឹងជញ្ជក់យកខួរ​ក្នុងរលាក្បាល​របស់​សេដ្ឋីគហបតិ ៗនឹងធ្វើ​មរណកាល ព្រោះវាជញ្ជក់​យកខួរក្នុងរលាក្បាល អាចារ្យទាំងនោះ គេឃើញត្រូវ (របស់គេ មិនខុសទេ) ចំណែកខាងពួក​​អាចារ្យ​ណា និយាយ​យ៉ាង​នេះថា សេដ្ឋីគហបតិនឹងធ្វើមរណកាល​ក្នុង​ថ្ងៃទី​៧ (ព្រោះ) អាចារ្យទាំងនោះ បានឃើញ​បាណកជាតិតូចនេះ ដល់ថ្ងៃទី៧ វានឹងជញ្ជក់ខួរ​ក្នុងរលាក្បាល​សេដ្ឋីគហបតិ ៗនឹងធ្វើ​មរណកាល ព្រោះវាជញ្ជក់​ខួរក្នុងរលាក្បាល អាចារ្យទាំងនោះ គេឃើញត្រូវ (របស់គេ មិនខុសទេ) រួចហើយទើបបិទថ្នេរ (រលាក្បាល) ហើយដេរស្បែកក្បាល រួចលាបថ្នាំ​ឲ្យ។ វេលានោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ ក៏និយាយ​ទៅនឹងជីវកកោមារភត្យយ៉ាងនេះថា នែលោក​អាចារ្យ ខ្ញុំមិនអាច​នឹងដេកផ្អៀង​ខាងម្ខាង អស់៧ខែបានទេ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែង​លោកបានទទួលប្តេជ្ញា​នឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាច​នឹងដេកផ្អៀង​តែម្ខាងឲ្យអស់​៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីតបថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញា​ពិតមែនហើយ ប៉ុន្តែថា ខ្ញុំ​មុខជា​នឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹង​ដេកផ្អៀង​តែម្ខាង ឲ្យអស់​៧ខែបាន។ ជីវកកោមារភត្យ​និយាយថា នែគហបតិ បើដូច្នោះ ចូរលោកដេកផ្អៀង​ទៅម្ខាងទៀត អស់៧ខែចុះ។ វេលានោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ បាននិយាយនឹងជីវកកោមារភត្យយ៉ាងនេះថា លោក​អាចារ្យ ខ្ញុំមិនអាច​នឹងដេកផ្អៀង​ម្ខាងទៀត អស់៧ខែបានឡើយ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែង​លោកបានទទួលប្តេជ្ញា​នឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាច​នឹងដេកផ្អៀងទៅម្ខាងទៀត អស់​៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីនិយាយថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញា​ពិតមែនហើយ ប៉ុន្តែថា ខ្ញុំ​មុខជា​នឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹង​ដេកផ្អៀងទៅម្ខាងទៀត អស់​៧ខែបានទេ។ ជីវក​កោមារភត្យ​​តបថា នែគហបតិ បើដូច្នោះ ចូរលោកដេកផ្ងារ ឲ្យអស់៧ខែ​វិញចុះ។ លំដាប់នោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ បាននិយាយ​ទៅនឹង​ជីវកកោមារភត្យ យ៉ាងនេះថា លោក​អាចារ្យ ខ្ញុំមិនអាច​នឹងដេកផ្ងារ អស់៧ខែបានទេ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែង​លោក​បាន​ទទួល​ប្តេជ្ញា​នឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាច​នឹងដេកផ្ងារ អស់​៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីនិយាយ​ថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញា​ពិតមែនហើយ ប៉ុន្តែថា ខ្ញុំ​មុខជា​នឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹង​ដេកផ្ងារ អស់​៧ខែបានទេ។ ជីវកកោមារភត្យតបវិញថា នែគហបតិ បើខ្ញុំ​មិនបាន​និយាយ​នឹងលោក (យ៉ាងនេះទេ) អ្នកមុខជាមិនដេក អស់កាល​មានប្រមាណ​ប៉ុណ្ណេះឡើយ ម្យ៉ាងទៀត យើងបានដឹងពីមុនហើយថា ដល់គ្រប់៧ថ្ងៃ៣ដង សេដ្ឋីគហបតិ មុខជានឹងសះស្បើយ​រោគជាប្រាកដ (មិនខាន) នែគហបតិ ចូរអ្នក្រោកឡើង ឥឡូវ លោកបាន​សះ ជារោគហើយ ចូរលោកដឹង លោកត្រូវឲ្យរង្វាន់ខ្ញុំដូចម្តេចខ្លះ។ សេដ្ឋីគហបតិ និយាយថា លោក​អាចារ្យ សម្បត្តិខ្ញុំទាំងអស់ក្តី ក៏ត្រូវបានលោក ខ្លួនខ្ញុំក្តី ក៏សូមធ្វើ​ជាខ្ញុំលោក។ ជីវកកោមារភត្យ​ តបថា នែគហបតិ ណ្ហើយចុះ លោកកុំឲ្យសម្បត្តិ​ទាំងអស់ ​មកខ្ញុំឡើយ ម្យ៉ាងទៀត លោកកុំធ្វើ​ជាបាវរបស់ខ្ញុំ លោកចូរថ្វាយទ្រព្យ ១សែនកហាបណៈ ទៅស្តេច ឲ្យទ្រព្យ ១សែនកហាបណៈ​មកខ្ញុំចុះ។ គ្រានោះ សេដ្ឋីគហបតិ បានសះជារោគហើយ ក៏បានថ្វាយ​ទ្រព្យ ១សែនកហាបណៈ ទៅស្តេច ជូនទ្រព្យ ​១សែនកហាបណៈ​ ទៅជីវកកោមារភត្យ។

២០៦. សេដ្ឋិបុត្តវត្ថុ

(២០៦)

[៣៩] សម័យនោះឯង មានសេដ្ឋីបុត្ត នៅក្នុងក្រុងពារាណសី លេងល្បែងដាំដូង ក៏កើតរោគ​ដុំ ក្នុងពោះវៀនធំ។ បបរដែល​សេដ្ឋីបុត្ត បានហុតក្តី ក៏មិនបានរលួយស្រួល បាយ​ដែល​សេដ្ឋីបុត្តបានបរិភោគក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនបានស្រួលសោះ។ ព្រោះ​រោគនោះ សេដ្ឋីបុត្តនោះ ក៏ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ វេលានោះ សេដ្ឋីនៅក្នុងក្រុងពារាណសី មានសេចក្តី​រិះគិតដូច្នេះថា ជម្ងឺកូនអញ ប្រាកដដូច្នោះ ទឹកបបរ (ដែលកូនអញ)ហុតទៅក្តី ក៏មិនបាន​រលួយ​ស្រួល បាយ​ដែល​បរិភោគក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនបានស្រួលសោះ ព្រោះ​រោគនោះ បានជាកូនអញ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ បើដូច្នោះ គួរអាត្មាអញ ទៅកាន់ក្រុងរាជគ្រឹះ ហើយសូម​យក​ពេទ្យជីវកៈ ពីស្តេចមក ដើម្បីឲ្យមកព្យាបាលកូនអញ។ លំដាប់នោះ សេដ្ឋីនៅក្នុង​ក្រុង​ពារាណសី បានទៅឯក្រុងរាជគ្រឹះ ហើយចូលទៅគាល់ ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូល​ទៅដល់ហើយ ក៏ក្រាបទូល ​ព្រះបាទមាគធសេនិយពិម្ពិសារ ​ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ជម្ងឺកូនខ្ញុំព្រះអង្គ ប្រាកដដូច្នោះ ទឹកបបរ ដែលកូនខ្ញុំព្រះអង្គ ហុតទៅក្តី ក៏មិនបានរលួយស្រួល បាយដែលបរិភោគទៅហើយក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនដែល​បាន​ស្រួល​សោះ ព្រោះរោគនោះ កូនខ្ញុំព្រះអង្គ ទៅជាស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតរោគ​លឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់​បង្គាប់​ពេទ្យ​ជីវកៈ ឲ្យព្យាបាល​រោគកូនខ្ញុំ​ព្រះអង្គ។ ខណៈនោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់​បង្គាប់​ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកឯង ទៅក្រុងពារាណសី ហើយព្យាបាល​រោគ កូន​សេដ្ឋី នៅក្រុង​ពារាណសីផង។ ជីវកកោមារភត្យ ទទួលព្រះរាជឱង្ការ ​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ករុណាវិសេស ហើយទៅកាន់ ក្រុងពារាណសី ចូលទៅរក​កូនសេដ្ឋី នៅក្រុងពារាណសី លុះចូលទៅដល់ហើយ ក៏សង្កេត​ដឹងវិការកូនសេដ្ឋី នៅក្រុង​ពារាណសី រួចបណ្តេញជនឲ្យដើរចេញ ហើយបិទបាំង​វាំងននពីខាងក្រៅ ហើយចង​កូនសេដ្ឋីភ្ជាប់នឹងសសរ រួចឲ្យភរិយា (នៃសេដ្ឋីបុត្ត) ឈរនៅពីខាងមុខ រួចវះស្បែកពោះ នាំយក​ដុំ​ក្នុងពោះវៀនធំ បង្ហាញដល់ភរិយា (សេដ្ឋីបុត្តនោះ) ថា នាងចូរមើលរោគរបស់ស្វាមីនាង បបរ​ដែល​ហុតទៅហើយក្តី ក៏មិនបានរលួយស្រួល បាយដែលបរិភោគទៅហើយក្តី ក៏មិនបាន​រលួយ​ស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនដែលបានស្រួល ព្រោះតែរោគនេះហើយ បានជាស្វាមី​របស់នាង​នេះ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាម ដោយ​សរសៃ (ថាហើយក៏) ស្រាវយកដុំពីក្នុងពោះវៀនធំ ហើយបញ្ចូលពោះវៀនទៅវិញ រួចដេរស្បែក​ពោះ​ហើយ លាបថ្នាំឲ្យ។ វេលានោះ មិនយូរប៉ុន្មាន កូនសេដ្ឋី នៅក្នុងក្រុងពារាណសី ក៏បានសះ​ ជារោគ​នោះទៅ។ គ្រានោះ សេដ្ឋីនៅក្នុងក្រុងពារាណសីគិតថា កូនរបស់អាត្មាងញបានសះ​ជា​រោគហើយ ក៏បានប្រគល់​ឲ្យ នូវទ្រព្យ១៦ពាន់​កហាបណៈ ដល់​ជីវកកោមារភត្យ។ គ្រានោះ ជីវកកោមារភត្យ បានទទួល​ទ្រព្យទាំង ១៦ពាន់កហាបណៈនោះ ហើយក៏ត្រឡប់មកក្រុងរាជគ្រឹះ​វិញ។

២០៧. បជ្ជោតរាជវត្ថុ

(២០៧)

[៤០] សម័យនោះឯង ព្រះបាទបជ្ជោត ក្នុងក្រុងឧជ្ជេនី ទ្រង់អាពាធ ដោយរោគលឿង។ ពួកពេទ្យ ដែលជាទិសាបាមោក្ខធំៗច្រើននាក់ មកព្យាបាល ក៏មិនអាចនឹងកែរោគ​នោះ ឲ្យសះជា​បាន នាំយកតែប្រាក់ទៅជាច្រើន។ គ្រានោះ ព្រះបាទបជ្ជោត ក៏បានបញ្ជូន​ព្រះរាជបម្រើ ឲ្យទៅ​កាន់សំណាក់ ស្តេច​មាគធសេនិយពិម្ពិសារ ដោយព្រះបណ្តាំថា សូមទ្រង់ព្រះមេត្តាប្រោស ជម្ងឺ​ខ្ញុំ​ប្រាកដដូច្នោះ ខ្ញុំសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់ត្រាស់បង្គាប់ឲ្យជីវកពេទ្យ ឲ្យគាត់​ទៅព្យា​បាលរោគខ្ញុំ។ ខណៈនោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់​ទៅ ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកទៅក្រុងឧជ្ជេនី ហើយព្យាបាល ​ព្រះបាទ​បជ្ជោតផង។ ជីវកកោមារភត្យ ទទួល​ស្តាប់ព្រះរាជឱង្ការ ​ព្រះបាទមាគធសេនិយពិម្ពិសារ ដោយពាក្យថា បពិត្រ​ព្រះសម្មតិទេព​ ព្រះករុណាវិសេស ហើយទៅកាន់ក្រុងឧជ្ជេនី ក៏ចូលទៅគាល់​ព្រះបាទបជ្ជោត លុះចូល​ទៅគាល់​ហើយ ក៏សង្កេតស្គាល់វិការៈ ​របស់ព្រះបាទបជ្ជោត ហើយក៏ក្រាបបង្គំ​ទូល ព្រះបាទបជ្ជោតយ៉ាង​នេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​នឹងស្លសប្បិថ្វាយ ព្រះសម្មតិទេព នឹងសោយ​សប្បិ​នោះបានដែរឬ។ ព្រះមហាក្សត្រត្រាស់ថា នែនាយជីវកៈ មិនបានទេ អ្នកឯងអាចនឹងរក្សា​រោគ​ឲ្យបានសះជា ដោយថ្នាំណាមួយវិញ វៀរលែងតែសប្បិចេញ ចូរអ្នកផ្សំថ្នាំនោះចុះ ដ្បិត​សប្បិ​ជាទីខ្ពើមរអើមរបស់ខ្ញុំ។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អាពាធរបស់​ស្តេចនេះ ប្រាកដដូច្នោះ តែវៀរលែងសប្បិចេញហើយ អាត្មាអញមិនអាច​នឹងធ្វើ​ឲ្យសះជាបាន​ឡើយ។ បើដូច្នោះ គួរ​អាត្មាអញ​នឹងស្លសប្បិ (នោះ) ឲ្យមានពណ៌ដូចទឹកចត់ ឲ្យមានក្លិន​ដូចក្លិន​ទឹកចត់ ឲ្យមានរសដូចរសទឹកចត់វិញ។ លំដាប់នោះ ជីវកកោមារភត្យ ស្លសប្បិឲ្យមានពណ៌​​ដូចជាពណ៌ទឹកចត់ មានក្លិន​ដូចជា​ក្លិនទឹកចត់ មានរសដូចជារសទឹកចត់ ជាមួយនឹងថ្នាំ​ទាំងឡាយ​ផ្សេងៗ។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តី​រិះគិត ​ដូច្នេះថា សប្បិដែល​ស្តេច​នេះសោយហើយ ដល់ជ្រួតជ្រាប​ទៅ មុខជានឹងចង្អោរចេញ ហើយស្តេច​កំណាចនេះ នឹង​បង្គាប់​មនុស្ស ឲ្យ​សម្លាប់អាត្មាអញ ​មិនខានឡើយ បើដូច្នោះ គួរអាត្មាអញ ​សូមលាជាមុនហើយ។ វេលា​នោះ ជីវកកោមារភត្យ បានចូលទៅគាល់ ព្រះបាទបជ្ជោត លុះចូលទៅជិតហើយ ក៏បានក្រាប​បង្គំ​ទូលសេចក្តី​នេះ នឹង​ព្រះបាទបជ្ជោតថា បពិត្រ​ព្រះសម្មតិទេព ធម្មតា ពួកខ្ញុំជាពេទ្យ តែងគាស់​យក​​ឫសឈើ មកផ្សំថ្នាំ ដោយការរហ័ស​យ៉ាងនោះ សូមអង្វរ សូមព្រះសម្មតិទេព ទ្រង់ត្រាស់បង្គាប់​ ​ពួក​អ្នកដែលនៅចាំរោង សម្រាប់ដាក់វាហនៈ ហើយនឹងពួកអ្នករក្សាទ្វារថា (បើ) ជីវកៈ​ប្រាថ្នាទៅ ដោយវាហនៈ​ណា ចូរឲ្យទៅដោយវាហនៈនោះ ជីវកៈ​ប្រាថ្នាទៅតាមទ្វារណា​ ចូរឲ្យ​ទៅតាមទ្វារ​នោះ ជីវកៈប្រាថ្នាចង់ទៅក្នុងកាលណា ត្រូវឲ្យទៅក្នុងកាលនោះ ជីវកៈ​ប្រាថ្នាចង់​ចូល​មក ក្នុង​ក្រុងកាលណា ត្រូវឲ្យ​ចូលមក ក្នុងកាលនោះចុះ។ ខណៈនោះ ព្រះបាទបជ្ជោត ក៏បាន​ត្រាស់​បង្គាប់ទៅពួកអ្នកនៅចាំរោង សម្រាប់ដាក់​វាហនៈ និងពួកអ្នករក្សាទ្វារថា (បើ) ជីវកៈ​ប្រាថ្នាទៅ ដោយវាហនៈ​ណា ចូរឲ្យទៅដោយវាហនៈនោះ ជីវកៈ​ប្រាថ្នាទៅតាមទ្វារណា​ ចូរឲ្យ​ទៅតាមទ្វារ​នោះ ជីវកៈប្រាថ្នាចង់ទៅ ក្នុងកាលណា ចូរឲ្យទៅ ក្នុងកាលនោះ ជីវកៈ​ប្រាថ្នាចូល​មកក្នុង​ក្រុង​កាលណា ចូរឲ្យ​ចូលមក ក្នុងកាលនោះចុះ។ សម័យនោះ ព្រះបាទបជ្ជោត មាន​មេដំរី១ ឈ្មោះ​ភទ្ទវតិកា អាចដើរទៅបាន ៥០យោជន៍ (ក្នុង១ថ្ងៃ)។ វេលានោះ ជីវកកោមារភត្យ ក៏បាន​បង្អោន​ថ្វាយ ​សប្បិនោះ ទៅព្រះបាទបជ្ជោតថា សូមព្រះសម្មតិទេព​ ទ្រង់​សោយទឹកចត់ (នេះ)។ លំដាប់​នោះ ជីវកកោមារភត្យ បានឲ្យព្រះបាទ​បជ្ជោត សោយសប្បិរួចហើយ ក៏ទៅកាន់​រោងដំរី (ឡើង​ជិះ) លើមេដំរី ឈ្មោះ​ភទ្ទវតិកា ហើយក៏បរចេញពីក្រុងទៅ។ ខណៈនោះ សប្បិ ដែលព្រះបាទបជ្ជោត​ បានសោយហើយ ជ្រួតជ្រាប​ទៅ ក៏បង្អោរចេញមក។ វេលានោះ ព្រះបាទបជ្ជោត ទ្រង់មាន​បន្ទូល​ ទៅនឹង​មនុស្សទាំងឡាយ ​ដូច្នេះថា នែនាយ (ឥឡូវនេះ) ជីវកៈកំណាច បានឲ្យអញ​ផឹកសប្បិ​ទៅហើយ នែនាយ បើដូច្នោះ ចូរអ្នកទាំងឡាយ​ទៅគន់​រក​មើល​ពេទ្យជីវកៈ។ មនុស្សទាំងនោះ ក្រាបបង្គំ​ទូលថា សូមទ្រង់ព្រះមេត្តាប្រោស (ឯពេទ្យជីវកៈ​នោះ) គាត់ជិះដំរី ឈ្មោះភទ្ទវតិកា បរ​ចេញ​អំពីក្រុង ​បាត់ទៅហើយ។ សម័យនោះឯង មានខ្ញុំម្នាក់​របស់​ព្រះបាទបជ្ជោត ឈ្មោះកាកៈ អាចដើរទៅបានចំនួន ​៦០យោជន៍ (ក្នុង១ថ្ងៃ) ព្រោះអាស្រ័យ​ដោយ​អមនុស្ស។ គ្រានោះ ព្រះបាទបជ្ជោត ទ្រង់បង្គាប់ទៅខ្ញុំ​ ឈ្មោះកាកៈថា នែនាយកាកៈ ចូរឯង​ទៅ ឲ្យពេទ្យជីវកៈ​ត្រឡប់​មកវិញថា លោកអាចារ្យ ព្រះមហាក្សត្រ ឲ្យលោកត្រឡប់ទៅវិញ (កុំឲ្យខាន) នែនាយកាកៈ ធម្មតា​ ពួកពេទ្យនេះ តែងមានមាយាច្រើន ម្យ៉ាងទៀត ឯងកុំទទួល​យក​របស់​បន្តិចបន្តួច​របស់ពេទ្យ​នោះឡើយ។ លំដាប់នោះ ខ្ញុំឈ្មោះកាកៈ ក៏បានតាមទៅទាន់​ជីវក​កោមារភត្យ កំពុងបរិភោគបាយ​ព្រឹក ក្នុងរវាងពាក់កណ្តាលផ្លូវ ជិតក្រុងកោសម្ពី។ វេលានោះ ខ្ញុំឈ្មោះកាកៈ បាននិយាយ ​ទៅនឹង​ជីវកកោមារភត្យ ដូច្នេះថា លោកអាចារ្យ ព្រះមហាក្សត្រ​ឲ្យលោកត្រឡប់ទៅវិញ។ ឯជីវកកោមារភត្យ តបថា នែនាយកាកៈ ចូរអ្នកឯងបង្អង់ ​ចាំយើង​បរិភោគរួចសិន នែនាយកាកៈ បើ​ដូច្នោះ ចូរអ្នកឯង​បរិភោគបាយសិន។ កាកៈតបថា លោកអាចារ្យ កុំព្រួយ ដ្បិតខ្ញុំ ព្រះមហាក្សត្រ​ទ្រង់ត្រាស់បង្គាប់ថា នែនាយកាកៈ ធម្មតា ពួកពេទ្យទាំងនេះ តែងមានមាយា​ច្រើន ម្យ៉ាងទៀត អ្នកឯងកុំទទួល​របស់បន្តិចបន្តួច​របស់​ពេទ្យ​នោះឡើយ។ សម័យនោះឯង ជីវកកោមារភត្យ បានបង់ថ្នាំ​ដោយក្រចក ហើយទំពាស៊ីផ្លែកន្ទួតព្រៃ​ផង ផឹកទឹកផង។ វេលានោះ ជីវកកោមារភត្យ ក៏បាននិយាយ​ទៅនឹងខ្ញុំឈ្មោះកាកៈដូច្នេះថា នែនាយកាកៈ បើដូច្នោះ អ្នកចូរ​ទំពារស៊ីផ្លែកន្ទួតព្រៃផង ផឹកទឹក​ផង​ចុះ។ លំដាប់នោះ ខ្ញុំឈ្មោះកាកៈគិតថា ពេទ្យនេះឯង ហ៊ាន​ទំពាស៊ីផ្លែកន្ទួតព្រៃផង ផឹកទឹកផង ពេទ្យនេះ មិនគួរនឹងមានអំពើអាក្រក់តិចតួចឡើយ ហើយក៏​ទំពាស៊ីផ្លែកន្ទួតព្រៃមួយចំហៀងផង ផឹកទឹកផង។ ផ្លែកន្ទួតព្រៃមួយចំហៀង ដែល​ខ្ញុំឈ្មោះកាកៈ​ ​ទំពាស៊ីហើយនោះ ក៏ចុះរាក ក្នុងទីនោះ​ឯង។ ខណៈនោះ ខ្ញុំឈ្មោះកាកៈ បាននិយាយ​ទៅនឹង​ជីវកកោមារភត្យ ដូច្នេះថា លោកអាចារ្យ ខ្ញុំនៅមានជីវិត (តទៅទៀតឬទេ)។ ជីវកកោមារភត្យ​ប្រាប់ថា នែនាយកាកៈ អ្នកឯង​កុំភ័យ​ឡើយ ខ្លួនអ្នកឯងក្តី ស្តេចកំណាចក្តី នឹងបានសះ ជារោគ​ហើយ ស្តេចនោះ នឹងឲ្យគេ​សម្លាប់​ខ្ញុំមិនខាន ព្រោះហេតុនោះ បានជាខ្ញុំមិនត្រឡប់ទៅវិញ ថា​ដូច្នោះហើយ ក៏ប្រគល់​មេដំរី​ឈ្មោះ​ភទ្ទវតិកាទៅ​ខ្ញុំឈ្មោះកាកៈវិញ ហើយចៀសចេញទៅ​កាន់​ក្រុង​រាជគ្រឹះ ចូលទៅ​គាល់​ព្រះបាទ​​មាគធ​សេនិយ​ពិម្ពិសារ ​ឯក្រុងរាជគ្រឹះដោយលំដាប់ លុះចូល​ទៅដល់ហើយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះបាទ​​មាគធ​សេនិយ​ពិម្ពិសារ។ ស្តេចទ្រង់​ត្រាស់​តបថា នែនាយជីវកៈ អ្នកឯងមិនបានវិលត្រឡប់ទៅវិញ ដោយហេតុណា ឈ្មោះថា បានធ្វើ​នូវ​ហេតុនោះ ដោយល្អហើយ ស្តេចកំណាចនោះ មុខជានឹង​ឲ្យគេសម្លាប់អ្នកឯងមិនខាន។ គ្រានោះ ព្រះបាទបជ្ជោត បានសះ ជារោគហើយ ក៏បញ្ជូនរាជបម្រើ ទៅក្នុងសំណាក់ជីវកកោមារភត្យថា សូមឲ្យជីវកៈមក (កុំខាន) យើងនឹងឲ្យពរ។ ឯ​ជីវកកោមារភត្យតបថា សូមទ្រង់ព្រះមេត្តាប្រោស កុំព្រួយព្រះទ័យ សូមព្រះសម្មតិទេព គ្រាន់តែទ្រង់រលឹក នូវឧបការៈ ​របស់ខ្ញុំព្រះអង្គចុះ។

២០៨. សិវេយ្យកទុស្សយុគកថា

(២០៨)

សម័យនោះ សំពត់សិវេយ្យកៈ​១គូ ក៏កើតឡើងដល់ព្រះបាទបជ្ជោត ជាសំពត់ដ៏លើសលុប ប្រសើរ ជាប្រធាន​ខ្ពង់ខ្ពស់ ក្រៃលែង ជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាង​រយនៃគូ​សំពត់​ដ៏ច្រើន ជាងពាន់​នៃគូសំពត់ដ៏ច្រើន ជាងសែន​នៃគូសំពត់ដ៏ច្រើន។ វេលានោះ ព្រះបាទ​បជ្ជោត បាន​បញ្ជូន​សំពត់ សិវេយ្យកៈ​ ១គូនោះ ទៅជីវកកោមារភត្យ។ លំដាប់នោះ ជីវកកោមារភត្យ​ មានសេចក្តីរិះគិត ដូច្នេះថា ជាសំពត់ សិវេយ្យកៈ ​១គូ ដែលព្រះបាទបជ្ជោត​បានបញ្ជូនមកឲ្យ​អាត្មាអញនេះ ជាសំពត់ដ៏លើសលុបប្រសើរ ជាប្រធាន​ខ្ពង់ខ្ពស់ក្រៃលែង ជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាង​រយនៃគូ​សំពត់​ដ៏ច្រើន ជាងពាន់​នៃគូសំពត់​ដ៏​ច្រើន ជាងសែន​នៃគូសំពត់ដ៏ច្រើន អ្នកដទៃណាមួយ មិនគួរនឹងប្រើប្រាស់​សំពត់ សិវេយ្យកៈ​នេះឡើយ វៀរ​លែង​តែព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះចេញ ឬវៀរលែងតែ​ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ​ចេញ។

២០៩. សមត្តិំសវិរេចនកថា

(២០៩)

[៤១] សម័យនោះឯង ព្រះកាយរបស់ព្រះមានព្រះភាគ ក្រាស់ដោយទោស (រោគទល់)។ វេលានោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា នែអានន្ទ កាយរបស់​តថាគត​ ក្រាស់ដោយទោសហើយ តថាគតប្រាថ្នានឹងឆាន់ថ្នាំបញ្ចុះ។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក៏ចូល​ទៅរក​ជីវកកោមារភត្យ លុះចូលទៅដល់ហើយ ក៏និយាយ​នឹង​ជីវកកោមារភត្យដូច្នេះថា នែជីវកៈ​ដ៏មានអាយុ កាយរបស់ព្រះតថាគត​ក្រាស់ដោយទោសហើយ ព្រះតថាគត​ត្រូវការ​ឆាន់ថ្នាំបញ្ចុះ។ ជីវកកោមារភត្យតបថា បពិត្រព្រះអានន្ទដ៏ចំរើន បើដូច្នោះ សូមឲ្យលោកសម្រួលព្រះកាយ​របស់​ព្រះដ៏មានព្រះភាគ បាន២​ ៣ថ្ងៃសិន។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានសម្រួលព្រះកាយរបស់​ព្រះដ៏មានព្រះភាគ​២ ៣ថ្ងៃ រួចហើយ​ ក៏ចូល​ទៅរក​ជីវកកោមារភត្យ លុះចូលទៅដល់ហើយ ក៏និយាយនឹងជីវកកោមារភត្យ​ដូច្នេះថា នែអាវុសោ​ជីវកៈ ព្រះកាយរបស់ព្រះតថាគត បានស្រួលបួលហើយ អ្នកសំគាល់​នូវកាលគួរ​ក្នុងគ្រានេះចុះ។ គ្រានោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អាត្មាអញ​ ថ្វាយថ្នាំបញ្ចុះ​ដ៏គ្រោតគ្រាតដល់​ព្រះដ៏មានព្រះភាគ អំពើនេះ មិនសមគួរដល់អាត្មាអញឡើយ ណ្ហើយចុះ គួរ​អាត្មាអញ នឹងអប់ផ្កាឧប្បលទាំងឡាយ​បាន៣ក្តាប់ ជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ ហើយសឹម​បង្អោនថ្វាយដល់​ព្រះតថាគត។ គ្រានោះ ជីវកកោមារភត្យ បានអប់​ផ្កាឧប្បល​៣ក្តាប់ ជាមួយ​នឹង​ថ្នាំទាំងឡាយផ្សេងៗ រួចហើយ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏​បង្អោន​ថ្វាយផ្កាឧប្បល១ក្តាប់​ដល់​ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូម​ព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បល១ក្តាប់ដំបូងនេះ ផ្កាឧប្បលនេះ នឹងបញ្ចុះ​ព្រះដ៏មានព្រះភាគ​បាន១០ដង រួចបង្អោន​ថ្វាយផ្កាឧប្បល​ក្តាប់ទី២ ដល់​ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូម​ព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កា​ឧប្បលក្តាប់ទី២​នេះ ផ្កាឧប្បលនេះ នឹងបញ្ចុះ​ព្រះដ៏មានព្រះភាគ​បាន១០ដង រួចបង្អោន​ថ្វាយផ្កាឧប្បល​ក្តាប់ទី៣ ដល់​ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់មេត្តាប្រោស សូម​ព្រះដ៏មានព្រះភាគ ទ្រង់​ហិត​ផ្កាឧប្បលក្តាប់ទី៣នេះ ផ្កាឧប្បលនេះ នឹងបញ្ចុះ​ព្រះដ៏មានព្រះភាគ​បាន១០ដង រួមកិច្ច​ដែល​បញ្ចុះថ្នាំ​ព្រះដ៏មានព្រះភាគ ត្រូវជា៣០ដងគត់ ដោយអាការយ៉ាងនេះ។ លំដាប់នោះ ជីវកកោមារភត្យ បានថ្វាយថ្នាំបញ្ចុះ​៣០ដងគត់ ចំពោះ​ព្រះដ៏មានព្រះភាគ រួចថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយថយចេញទៅ។ លំដាប់នោះ ជីវកកោមារភត្យ កាល​ចេញទៅដល់​ក្រៅខ្លោងទ្វារហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មា​អញ បានថ្វាយដល់ព្រះដ៏មានព្រះភាគហើយ ព្រះកាយរបស់ព្រះតថាគត ដែលក្រាស់ដោយ​ទោស ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ​គ្រប់៣០ដងគត់ក៏ទេ មុខជានឹង​បញ្ចុះ​ព្រះដ៏មានព្រះភាគ ត្រឹមតែ២៩ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគ​បានបញ្ចុះថ្នាំហើយ មុខជា​នឹងស្រង់ទឹក ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ ដែលបាន​ស្រង់ទឹកហើយម្តងទៀត រួម​ជាការ​បញ្ចុះថ្នាំ​របស់​ព្រះដ៏មានព្រះភាគ​៣០ដងគត់ ដោយអាការ​យ៉ាងនេះ។ ព្រះដ៏មានព្រះភាគ បាន​ជ្រាបសេចក្តីរិះគិត​នៃចិត្តរបស់​ជីវកកោមារភត្យ ដោយព្រះទ័យ​ ហើយទើបទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មកក្នុងពេលនោះថា នែអានន្ទ កាល​ជីវកកោមារភត្យ ចេញទៅដល់​ក្រៅខ្លោងទ្វារ​ហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មា​អញ បានថ្វាយ​ដល់​ព្រះដ៏មាន​ព្រះភាគ​រួចហើយ កាយរបស់ព្រះតថាគតក្រាស់ដោយ​ទោស ថ្នាំនោះ នឹងបញ្ចុះព្រះមានព្រះភាគ​គ្រប់៣០ដងគត់ក៏ទេ មុខជានឹង​បញ្ចុះ​ព្រះដ៏មានព្រះភាគ​បាន ត្រឹម​តែ​២៩​ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគ​បានបញ្ចុះហើយ មុខជា​នឹងស្រង់ទឹក ថ្នាំនោះ នឹង​បញ្ចុះ​ព្រះដ៏​មានព្រះភាគ ដែលបាន​ស្រង់ទឹកហើយម្តងទៀត រួម​ជាការ​បញ្ចុះថ្នាំ​របស់​ព្រះដ៏មាន​ព្រះភាគ​​៣០ដងគត់ ដោយអាការ​យ៉ាងនេះ នែអានន្ទ បើដូច្នោះ អ្នកចូរចាត់ចែងទឹកក្តៅឡើង។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកា​ ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូម​ទ្រង់​ព្រះមេត្តាប្រោស ព្រះករុណាម្ចាស់ ហើយក៏បានចាត់ចែងទឹកក្តៅ។ វេលានោះ ជីវកកោមារភត្យ បាន​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មាន​ព្រះ​ភាគ រួចហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ ជីវកកោមារភត្យ អង្គុយ​នៅក្នុងទីដ៏សមគួរ​ហើយ ក៏ក្រាប​ទូល​ព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា សូមទ្រង់​ព្រះមេត្តាប្រោស ព្រះដ៏មាន​ព្រះភាគ ទ្រង់បានបញ្ចុះថ្នាំហើយឬនៅ។ ព្រះដ៏មានព្រះភាគ ទ្រង់​តបថា នែជីវកៈ តថាគត​បានបញ្ចុះថ្នាំហើយ។ ជីវកកោមារភត្យ ក្រាបទូលថា សូមទ្រង់​ព្រះមេត្តាប្រោស កាល​ខ្ញុំព្រះអង្គ ចេញទៅ​​ដល់​ក្រៅខ្លោងទ្វារ​ហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះចំនួន ៣០ដងគត់ អាត្មា​អញ បានថ្វាយ​ដល់​ព្រះមាន​ព្រះភាគ​រួចហើយ កាយ​របស់​ព្រះតថាគត​ ក្រាស់ដោយ​ទោស ថ្នាំ​នោះ នឹងបញ្ចុះព្រះមានព្រះភាគ ​៣០ដងគត់ក៏ទេ មុខជានឹង​បញ្ចុះ​ព្រះមានព្រះភាគ ​បានត្រឹម​តែ​២៩​ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគ​ ទ្រង់បញ្ចុះថ្នាំរួច​ហើយ មុខជា​នឹងស្រង់ទឹក ថ្នាំនោះ នឹង​បញ្ចុះ​ព្រះដ៏​មានព្រះភាគ ដែល​ស្រង់ទឹក​រួចហើយ ​ម្តង​ទៀត រួម​ជាការ​បញ្ចុះថ្នាំ ​របស់​ព្រះដ៏មាន​ព្រះភាគ​​ ៣០ដងគត់ ដោយអាការ​យ៉ាងនេះ សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ស្រង់ទឹកចុះ សូមព្រះសុគត ទ្រង់ស្រង់ទឹកចុះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្រង់​ទឹកក្តៅ​ហើយ ថ្នាំនោះ ក៏បានបញ្ចុះ​ព្រះដ៏មានព្រះភាគ ដែលបាន​ស្រង់ទឹក​ហើយម្តងទៀត រួមជាការបញ្ចុះ​ថ្នាំ​របស់​ព្រះដ៏មានព្រះភាគ ​៣០ដងគត់​យ៉ាងនេះ។ វេលានោះ ជីវកកោមារភត្យ បានក្រាបទូល ព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា សូម​ទ្រង់​ព្រះមេត្តាប្រោស កាយរបស់ព្រះដ៏មានព្រះភាគ តាំងនៅ​ជាប្រក្រតីដរាបណាហើយ ​នឹងបាន​ចំរើន​ដោយដុំ​ព្រះមំសៈ​ដរាបនោះ។

២១០. វរយាចនាកថា

(២១០)

វេលានោះ មិនយូរប៉ុន្មាន កាយរបស់​ព្រះមានព្រះភាគ ក៏បាន​ជាប្រក្រតីវិញ។ ខណៈនោះ ជីវកកោមារភត្យ បាននាំយកសំពត់ ​សិវេយ្យកៈ2) ១គូនោះចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ ជីវកកោមារភត្យ អង្គុយនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមពរ១ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា នែជីវកៈ ព្រះតថាគតទាំងឡាយ មានពរកន្លងហើយ។ ជីវកកោមារភត្យ ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស អំពើណាគួរផង មិនមានទោសផង (ខ្ញុំព្រះអង្គសូមចំពោះអំពើនោះ)។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់ថា នែជីវកៈ អ្នកចូរនិយាយមកចុះ។ ជីវកកោមារភត្យ​ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ព្រះមានព្រះភាគក្តី ភិក្ខុសង្ឃក្តី តែងតែ​ទ្រទ្រង់សំពត់បង្សុកូល សូមទ្រង់​ព្រះមេត្តាប្រោស សំពត់សិវេយ្យកៈ​១គូនេះ​ហើយ ដែលព្រះបាទបជ្ជោត​បញ្ចូនមកឲ្យ​ខ្ញុំព្រះអង្គ ជាសំពត់លើសលុបប្រសើរ ជាប្រធានខ្ពង់ខ្ពស់​ក្រៃលែងជាងសំពត់​ដ៏ច្រើន ជាងគូនៃសំពត់​ដ៏ច្រើន ជាងរយនៃគូ​សំពត់​ដ៏ច្រើន ជាងពាន់​នៃគូសំពត់​ដ៏ច្រើន ជាង​សែននៃគូ​សំពត់​ដ៏ច្រើន សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ទទួលយកសំពត់សិវេយ្យកៈ​១គូ របស់ខ្ញុំព្រះអង្គ សូមទ្រង់​អនុញ្ញាត​ គហបតិចីវរ ដល់ភិក្ខុសង្ឃផង។ ព្រះមានព្រះភាគ ព្រមទទួល​យកសំពត់​សិវេយ្យកៈ​ ១គូ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់​ជីវកកោមារភត្យ ឲ្យឃើញ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ជីវកកោមារភត្យ កាលដែល​ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់ ឲ្យឃើញ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏ក្រោក​ចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយថយ​ចេញ​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ រួចទ្រង់​ត្រាស់​​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​នូវគហបតិចីវរ ភិក្ខុណា​ប្រាថ្នា (បង្សុកូល) ភិក្ខុនោះ ចូរទ្រទ្រង់​សំពត់បង្សុកូលចុះ ភិក្ខុណាប្រាថ្នា (គហបតិចីវរ) ភិក្ខុនោះ ចូរ​ត្រេកអរ ​នឹងគហបតិចីវរចុះ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត ពោលសរសើរសេចក្តី​សន្តោស​ដោយបច្ច័យណាមួយ (តាមមានតាមបាន)។

[៤២] ពួកមនុស្សក្រុងក្រុងរាជគ្រឹះ បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​គហបតិចីវរ ដល់ភិក្ខុទាំងឡាយហើយ។ មនុស្សទាំងនោះ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើងថា យើងមុខជានឹងបានឲ្យទាន មុខជានឹងបានធ្វើបុណ្យ ក្នុងកាលនោះឯង ចាប់ដើម​តាំងពី​ព្រះដ៏មានព្រះភាគ ទ្រង់បានអនុញ្ញាត​ គហបតិចីវរ ​ដល់ភិក្ខុទាំងឡាយ។ ក្នុងក្រុងរាជគ្រឹះ មាន​ចីវរ​ច្រើនពាន់កើតឡើងតែក្នុង១ថ្ងៃប៉ុណ្ណោះ។ ពួកមនុស្ស ដែលនៅក្នុងជនបទ បានឮដំណឹងថា គហបតិចីវរ ព្រះមានព្រះភាគ ទ្រង់បានអនុញ្ញាត ដល់ភិក្ខុទាំងឡាយហើយ។ មនុស្សទាំងនោះ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើងថា យើងមុខជានឹងបានឲ្យទាន មុខជានឹងបាន​ធ្វើបុណ្យ ក្នុង​កាល​នោះឯង ចាប់ដើម​តាំងពី​ព្រះដ៏មានព្រះភាគ ទ្រង់បានអនុញ្ញាត ​គហបតិចីវរ ​ដល់ភិក្ខុ​ទាំង​ឡាយ។ សូម្បីតែក្នុងជនបទ ក៏មាន​ចីវរ​ច្រើនពាន់កើតឡើងតែក្នុង១ថ្ងៃប៉ុណ្ណោះ។

[៤៣] សម័យនោះឯង សំពត់បាវារ3) កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​សំពត់បាវារ។ សំពត់បាវារ ធ្វើពីសូត្របានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ សំពត់បាវារ​ ដែលគេធ្វើ​ពីសូត្រ។ សំពត់​កោជវៈ4) បានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​សំពត់​កោជវៈ។

ចប់ ភាណវារៈ ជាដម្បូង។

២១១. កម្ពលានុជាននាទិកថា

(២១១)

[៤៤] សម័យនោះឯង ស្តេចក្នុងដែនកាសី បានបញ្ជូន​សំពត់កម្ពល មានដំឡៃ​កន្លះពាន់ (៥០០កហាបណៈ) គឺប្រហែលនឹងវត្ថុទាំងឡាយ ដែលមានដំឡៃកន្លះពាន់ដែរ ទៅឲ្យ​ជីវកកោមារភត្យ។ វេលានោះ ជីវកកោមារភត្យ ក៏បាននាំយកសំពត់កម្ពល​មានដំឡៃ​កន្លះពាន់នោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ជីវកកោមារភត្យ លុះអង្គុយនៅក្នុង​ទីដ៏សមគួរហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា សូមទ្រង់មេត្តាប្រោស សំពត់​កម្ពល​មានដំឡៃ​កន្លះពាន់​ របស់ខ្ញុំព្រះអង្គនេះ ប្រហែល​នឹងវត្ថុទាំងឡាយ ដែលមានដំឡៃ​កន្លះពាន់ដែរ ស្តេចកាសី បានបញ្ជូនមកប្រទាន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏​មាន​ព្រះភាគ ទ្រង់ទទួលយកសំពត់កម្ពល​ របស់ខ្ញុំព្រះអង្គ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាអង្វែង (តទៅ)។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលយក​សំពត់​កម្ពល។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ជីវកកោមារភត្យ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាច​ហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ។ លំដាប់នោះ ជីវកកោមារភត្យ កាលដែល​ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអាច​ហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​ចាកអាសនៈ ក្រាបថ្វាយបង្គំ ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយថយចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ក៏ទ្រង់ធ្វើ​ធម្មីកថា ក្នុងពេលនោះ ហើយ​ទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវ​សំពត់កម្ពល។

[៤៥] សម័យនោះឯង មានចីវរល្អ និងមិនល្អ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ មានសេចក្តីរិះគិត​ដូច្នេះថា ចីវរដូចម្តេច ដែលព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​ ចីវរដូចម្តេច ដែលព្រះមានព្រះភាគ មិនអនុញ្ញាត។ ភិក្ខុទាំងនោះ​ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ចីវរ​៦យ៉ាង គឺ​ចីវរ​ដែលធ្វើដោយសម្បកឈើ១ ចីវរ​ដែលធ្វើដោយកប្បាស១ ចីវរ​ដែលធ្វើដោយសូត្រ១ ចីវរ​ដែលធ្វើ​ដោយរោមសត្វ (វៀរលែងតែសក់ ឬរោមមនុស្សចេញ)​១ សំពត់ដែលធ្វើដោយសម្បក​ធ្មៃ១ សំពត់ដែលធ្វើលាយ​ដោយវត្ថុ៥​យ៉ាងខាងដើម១។ សម័យនោះឯង ពួកភិក្ខុណា​ ត្រេកអរ​នឹង​គហបតិចីវរ ភិក្ខុទាំងនោះ ក៏រង្កៀស មិនត្រេកអរ នឹង​សំពត់បង្សុកូលឡើយ ព្រោះគិតថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតតែចីវរ១ មិនបានអនុញ្ញាត ​ចីវរពីរទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែល​ត្រេកអរនឹង​គហបតិចីវរហើយ ត្រេកអរ​នឹងសំពត់បង្សុកូល​ផង ក៏បាន ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត​ សរសើរ​សេចក្តី​សន្តោស​ ដោយចីវរ​ទាំងពីរយ៉ាងនោះ។

២១២. បំសុកូលបរិយេសនកថា

(២១២)

[៤៦] សម័យនោះឯង មានភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសល​ជនបទ។ ភិក្ខុពួកខ្លះ ដើរទៅកាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុពួកខ្លះមិនបានរង់ចាំឡើយ។ ពួក​ភិក្ខុ​ណា ដើរ​ទៅកាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុទាំងនោះ ក៏បាន​សំពត់បង្សុកូលទាំងឡាយ។ ពួកភិក្ខុណា ដែលមិនបានរង់ចាំ ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះថា នែអាវុសោ ចូរលោក​ទាំងឡាយ ឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះវិញថា នែអាវុសោ យើង​មិន​ឲ្យចំណែក ​ដល់លោកទាំងឡាយទេ (បើលោកទាំងឡាយ ចង់បានសំពត់បង្សុកូល) ហេតុដូចម្តេច បានជាលោកទាំងឡាយ មិនរង់ចាំយើង។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​ដែលមិនប្រាថ្នានឹងឲ្យ ក៏កុំឲ្យនូវចំណែក ​ដល់ភិក្ខុទាំងឡាយ ដែលមិនរង់ចាំបាន។ សម័យនោះឯង មានភិក្ខុច្រើនរូប ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុពួកខ្លះ ដើរទៅ​កាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុពួកខ្លះបានរង់ចាំ។ ពួក​ភិក្ខុ​ណា ចូលទៅកាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុទាំងនោះ ក៏បាន​សំពត់បង្សុកូល។ ពួកភិក្ខុណា ដែលរង់ចាំ ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះថា នែអាវុសោ ចូរលោក​ទាំងឡាយ ឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ ពោលតបវិញយ៉ាងនេះថា នែអាវុសោ យើង​មិន​ឲ្យចំណែក​ដល់លោកទាំងឡាយទេ ហេតុ​​ម្តេច បានជាលោកទាំងឡាយ មិនចូលទៅ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ដែលទុកជា​​មិន​ចង់ឲ្យ ក៏ត្រូវឲ្យចំណែក​ ដល់ភិក្ខុទាំងឡាយ ដែលរង់ចាំ។ សម័យនោះឯង មានពួក​ភិក្ខុ​ច្រើន​រូប​ដើរ​ទៅ​កាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុពួកខ្លះ ដើរចូលទៅ​កាន់ ព្រៃស្មសានជាមុន ដើម្បី​បង្សុកូល ភិក្ខុពួកខ្លះ ចូលទៅជាខាងក្រោយ។ ពួក​ភិក្ខុ​ណា ដែលដើរចូល​ទៅព្រៃស្មសាន​មុន ដើម្បីបង្សុកូល ភិក្ខុទាំងនោះ ក៏បាន​សំពត់បង្សុកូល។ ពួកភិក្ខុណា ចូលទៅក្រោយ ភិក្ខុទាំងនោះ ក៏ឥតបានឡើយ។ ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះថា នែអាវុសោ លោក​ទាំងឡាយ ចូរ​ឲ្យ​ចំណែក​ ដល់យើងខ្លះ។ ភិក្ខុទាំងនោះ និយាយ​យ៉ាងនេះវិញថា នែអាវុសោ យើង​មិនបាន​ឲ្យ​ចំណែក​ដល់លោកទាំងឡាយទេ ហេតុអ្វី បានជាលោកទាំងឡាយ ដើរចូលទៅ​ក្រោយគេ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ដែលមិនចង់ឲ្យ ក៏កុំបាច់ឲ្យនូវចំណែក​ ដល់​ភិក្ខុ​ទាំង​ឡាយ​ដែលដើរចូលទៅក្រោយគេ។ សម័យនោះឯង មានពួកភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងនោះ បានដើរចូលទៅ​កាន់ព្រៃស្មសាន ដើម្បីបង្សុកូលព្រមគ្នា។ ភិក្ខុ​ពួក​ខ្លះ​ បានសំពត់បង្សុកូល ភិក្ខុពួកខ្លះមិនបាន។ ពួក​ភិក្ខុ​ណា ដែលមិនបាន ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះថា នែអាវុសោ លោក​ទាំងឡាយ ចូរឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ និយាយ​យ៉ាង​នេះវិញថា នែអាវុសោ យើង​មិន​ឲ្យចំណែក​ដល់លោកទាំងឡាយទេ ហេតុអ្វី​បានជា​លោកមិនបាននឹងគេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ដែលទុកមិនចង់ឲ្យ​ ក៏ត្រូវឲ្យ​ចំណែក​​ដល់ភិក្ខុទាំងឡាយ ដែលចូលទៅកាន់ព្រៃស្មសាន​ព្រមគ្នា។ សម័យនោះឯង មានភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងនោះ បានធ្វើកតិកា (ប្តេជ្ញា) នឹងគ្នារួចហើយ ក៏ចូលទៅកាន់ព្រៃស្មសាន ដើម្បីបង្សុកូល។ ភិក្ខុពួកខ្លះបានសំពត់បង្សុកូល ភិក្ខុពួក​ខ្លះមិនបាន។ ពួក​ភិក្ខុ​ណា ដែលមិនបាន ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះថា នែអាវុសោ លោក​ទាំងឡាយ ចូរឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ និយាយ​យ៉ាងនេះវិញថា នែអាវុសោ យើង​មិន​ឲ្យចំណែក​ដល់លោកទាំងឡាយទេ ហេតុអ្វី​បានជា​លោក​មិនបាននឹងគេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ដែលទុកជាមិនចង់ឲ្យ ក៏ត្រូវឲ្យចំណែក​ដល់​ភិក្ខុ​ទាំងឡាយ​ ដែលធ្វើកតិកា (ប្តេជ្ញា) គ្នា ហើយចូលទៅកាន់ព្រៃស្មសាន។

២១៣. ចីវរបដិគ្គាហកសម្មុតិកថា

(២១៣)

[៤៧] សម័យនោះឯង ពួកមនុស្សបាននាំចីវរ​មកកាន់អារាម។ មនុស្សទាំងនោះ កាល​មិន​បានភិក្ខុណាមួយទទួលចីវរ ក៏ត្រឡប់​នាំយកចីវរ​ទៅវិញ។ ឯចីវរ ក៏កើតតិចៗទៅ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសន្មតភិក្ខុ ដែល​ប្រកបដោយអង្គ៥ ឲ្យជាអ្នកទទួល​ចីវរ គឺ ភិក្ខុមិនបានលុះ​ឆន្ទាគតិ១ មិនបានលុះ​ទោសាគតិ១ មិនបានលុះ​មោហាគតិ១ មិនបានលុះ​ភយាគតិ១ ដឹងនូវចីវរ ដែលខ្លួនបានទទួល និងមិនបានទទួល១។ ម្នាលភិក្ខុទាំងឡាយ ត្រូវសង្ឃ​សន្មត​យ៉ាងនេះ។ សង្ឃ​ត្រូវអង្វរករភិក្ខុជាមុន លុះអង្វរកររួចហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃ​ឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគប្បី​សន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទទួលចីវរចុះ។ នេះជាពាក្យផ្តៀង​សង្ឃ​ឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃ​សន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នក​ទទួល​ចីវរ។ ការ​សន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទទួលចីវរ គួរដល់លោកដ៏មានអាយុអង្គណាហើយ លោក​ដ៏មានអាយុអង្គនោះ គប្បីស្ងៀម (បើ) មិនគួរដល់​លោកដ៏មានអាយុអង្គណាទេ លោកដ៏​មានអាយុ​អង្គនោះគប្បី​ពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត​ឲ្យជាអ្នក​ទទួលចីវរ​ហើយ។ ការសន្មតនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវ​រឿង​នេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[៤៨] សម័យនោះឯង ពួកភិក្ខុអ្នកទទួលចីវរ បានទទួលចីវរ ទុកចោលក្នុងទីនោះឯង ហើយចៀសចេញទៅ។ ចីវរក៏វិនាសទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសង្ឃ​សន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាអ្នកទុកដាក់ចីវរ គឺ ភិក្ខុដែលមិនលុះ​ឆន្ទាគតិ១ មិនលុះ​ទោសាគតិ១ មិនលុះ​មោហាគតិ១ មិនលុះ​ភយាគតិ១ ដឹងនូវចីវរដែលខ្លួនបានទុកដាក់ហើយ និងមិនបានទុកដាក់ហើយ១។ ម្នាលភិក្ខុទាំងឡាយ ត្រូវសង្ឃ​សន្មត​យ៉ាងនេះ ត្រូវសង្ឃ​អង្វរ​ករ​ភិក្ខុ​ជាមុន លុះអង្វរកររួចហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃ​ឲ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលដ៏សមគួរ​ដល់សង្ឃហើយ គួរសង្ឃសន្មត​ភិក្ខុ​ឈ្មោះ​នេះ ឲ្យជាអ្នកទុកដាក់ចីវរ។ នេះជាពាក្យផ្តៀង​សង្ឃ​ឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃ​ស្តាប់ខ្ញុំ សង្ឃ​សន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទុកដាក់​ចីវរ។ ការ​សន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទុកដាក់ចីវរ សមគួរដល់លោកដ៏មានអាយុអង្គណា លោក​ដ៏មានអាយុអង្គនោះ ត្រូវស្ងៀម (បើ) មិនសមគួរដល់​លោកដ៏មានអាយុអង្គណាទេ លោកដ៏​មានអាយុ​អង្គនោះគប្បី​ពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត​ឲ្យជាអ្នក​ទុកដាក់ចីវរ​ហើយ។ ការសន្មតនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវ​រឿង​នេះ ដោយ​អាការ​ស្ងៀម​នៅ​យ៉ាង​នេះ។

២១៤. ភណ្ឌាគារសម្មុតិអាទិកថា

(២១៤)

[៤៩] សម័យនោះឯង ពួកភិក្ខុអ្នកទុកដាក់ចីវរ ទុកចីវរក្នុងមណ្ឌប (បារាំ) ខ្លះ ក្រោមម្លប់​ឈើខ្លះ ទៀបយុរស្បូវខ្លះ ក្នុងទីកណ្តាលវាលខ្លះ។ ពួកសត្វកណ្តុរខ្លះ ពួកសត្វកណ្តៀរខ្លះ ក៏កាត់​ចីវរទាំងនោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ (បើ) សង្ឃប្រាថ្នា​នូវទីណា គឺវិហារក្តី ប្រាសាទមានសណ្ឋាន​ដូច​ស្លាបគ្រុឌក្តី ប្រាសាទវែងក្តី ប្រាសាទមានដំបូលត្រងិលក្តី គូហាក្តី ក៏តថាគត​អនុញ្ញាតឲ្យសង្ឃ​សន្មតនូវទីនោះឲ្យជាឃ្លាំងបាន។ ម្នាលភិក្ខុទាំងឡាយ គួរសង្ឃសន្មតយ៉ាងនេះ។ ត្រូវភិក្ខុ​អ្នកឆ្លាស ប្រតិពល ញុំាង​សង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាល​ដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគួរសន្មតវិហារឈ្មោះនេះ ឲ្យជាឃ្លាំងបាន។ នេះជាពាក្យ​ផ្តៀង​សង្ឃឲ្យដឹង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សង្ឃសន្មតវិហារឈ្មោះនេះ ឲ្យជាឃ្លាំងហើយ។ ការសន្មតិ​វិហារឈ្មោះនេះ ឲ្យជាឃ្លាំង គួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម (បើ) មិនគួរ​ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏​មានអាយុអង្គនោះ គប្បីពោលឡើង។ វិហារឈ្មោះនេះ សង្ឃបានសន្មត​ ឲ្យជាឃ្លាំងហើយ។ ការ​សន្មតិ​គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូម​ចាំទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[៥០] សម័យនោះឯង ចីវរក្នុងឃ្លាំង​របស់សង្ឃ ​ឥតមានលោកណា​គ្រប់គ្រងរក្សាឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យសន្មត​ភិក្ខុ ដែល​ប្រកបដោយអង្គ៥ ឲ្យជាអ្នក​រក្សាឃ្លាំង គឺភិក្ខុដែលមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះ​ភយាគតិ១ ដឹងនូវ​របស់ ដែល​ខ្លួនបានគ្រប់គ្រង​រក្សាហើយ និងមិនទាន់បានគ្រប់គ្រង​រក្សា១។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវអង្វរករភិក្ខុជាមុន លុះអង្វរករហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលសមគួរ ​ដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុ​ឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង។ ការសន្មតិ​ភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង គួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម (បើ) មិនគួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណាទេ លោកដ៏​មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត​ឲ្យជាអ្នករក្សាឃ្លាំងហើយ។ ការ​សន្មតិ​នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជា​សង្ឃ​ស្ងៀម​នៅ។ ខ្ញុំសូម​ចាំទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[៥១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបណ្តេញ​ភិក្ខុអ្នករក្សាឃ្លាំងឲ្យចៀសចេញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញ5) ភិក្ខុអ្នករក្សា​ឃ្លាំងចេញទេ ភិក្ខុណាបណ្តេញ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។

[៥២] សម័យនោះឯង ចីវរក្នុងឃ្លាំង​របស់សង្ឃក៏សម្បូណ៌ឡើង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យសង្ឃ​ដែលនៅជួបជុំគ្នា6) ចែកចីវរបាន។ គ្រានោះឯង សង្ឃទាំងពួង កាលចែកចីវរ ក៏បានធ្វើនូវ​សេចក្តីកោលាហលឡើង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃ​សន្មតភិក្ខុដែល​ប្រកប​ដោយអង្គ៥ ឲ្យជាអ្នក​ចែកចីវរបាន គឺ ភិក្ខុដែលមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះ​មោហាគតិ១ មិនលុះភយាគតិ១ ដឹងនូវរបស់ដែលខ្លួនបានចែកហើយ និងមិនទាន់បានចែក១។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវអង្វរករភិក្ខុជាមុន លុះ​អង្វរកររួចហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ។ នេះជា​ពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ គប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត​ឲ្យជាអ្នកចែកចីវរហើយ។ ការសន្មតិ​នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ វេលានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តី​រិះគិតដូច្នេះថា យើងគួរចែកចីវរដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុជ្រើសរើស (ចីវរ) ជាមុន ហើយស្ទង់មើល (ដម្លៃ) ហើយលៃលកចីវរដែលមានសណ្ឋានតូចធំ ថ្លៃច្រើនតិច (ឲ្យ​មានចំណែក​ស្មើគ្នា) ហើយរាប់ភិក្ខុ ហើយចងចីវរ​ឲ្យជា​ពួកៗ រួចសឹមដំកល់ទុក នូវចំណែកនៃចីវរ។ វេលានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងត្រូវឲ្យចំណែកចីវរ​ដល់ពួកសមណេរ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុទាំងឡាយ ឲ្យចំណែក​ពាក់កណ្តាល​ ដល់ពួកសាមណេរ។ សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬឆ្លងផ្លូវ​ឆ្ងាយ ហើយចង់បានចំណែករបស់ខ្លួន (ជាប់ទៅផង)។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​ ឲ្យចំណែក​របស់ខ្លួន (គឺ​របស់ភិក្ខុអ្នកឆ្លងស្ទឹង) ដល់ភិក្ខុអ្នកឆ្លង (ស្ទឹង ឬផ្លូវឆ្ងាយ) ចុះ។ សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬឆ្លងផ្លូវឆ្ងាយ ចង់បាន​ចំណែក​ថ្លៃច្រើន​ជាងគេ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើកប្បិយភណ្ឌ គេបានឲ្យហើយ តថាគត​អនុញ្ញាតឲ្យភិក្ខុ ឲ្យចំណែក​ដ៏ច្រើនចុះ។ គ្រានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងត្រូវឲ្យ​ចំណែក​ចីវរដូចម្តេចហ្ន៎ យើងត្រូវឲ្យចំណែក​ចីវរ​ដោយលំដាប់​ភិក្ខុដែលមកឬ ៗនឹងត្រូវ​ឲ្យ​ចំណែក​ចីវរ តាមលំដាប់ភិក្ខុចាស់។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើចីវរខ្វះហើយ តថាគត​អនុញ្ញាត​ឲ្យអ្នកទាំងឡាយ ញុំាង​ភិក្ខុឲ្យត្រេកអរសិន ហើយសឹមធ្វើការបោះស្លាក។

២១៥. ចីវររជនកថា

(២១៥)

[៥៣] សម័យនោះឯង ភិក្ខុទាំងឡាយជ្រលក់ចីវរ ដោយអាចម៍គោខ្លះ ដោយដីស្អិត មានពណ៌លឿងខ្លះ។ ចីវរនោះ ក៏មានពណ៌មិនល្អ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ទឹកជ្រលក់៦យ៉ាង គឺទឹកជ្រលក់កើតពីមើម១ ទឹកជ្រលក់កើតពីដើម១ ទឹកជ្រលក់កើតពីសម្បក១ ទឹកជ្រលក់កើតពីស្លឹក១ ទឹកជ្រលក់កើតពីផ្កា១ ទឹកជ្រលក់កើតពីផ្លែ១។ សម័យនោះឯង ភិក្ខុទាំង​ឡាយ ជ្រលក់ចីវរ ដោយទឹកត្រជាក់។ ចីវរនោះ ក៏មានក្លិនមិនល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឆ្នាំង​ជ្រលក់តូច ដើម្បីដាំទឹកជ្រលក់។ ទឹកជ្រលក់​ក៏​ផុលឡើង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចងប្រទាស។7) សម័យនោះឯង ភិក្ខុទាំងឡាយ មិនដឹងទឹកជ្រលក់ឆ្អិនហើយ ឬនៅមិនទាន់ឆ្អិន។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យបន្តក់​8) ដំណក់ទឹក លើទឹក​ក៏បាន លើខ្នងក្រចកក៏បាន។ សម័យនោះឯង ភិក្ខុទាំងឡាយ កាលដាក់ទឹកជ្រលក់ ក៏ទង្គិចនឹង​ឆ្នាំង ៗក៏បែកទៅ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវបោយសម្រាប់ដងទឹកជ្រលក់ ដែលមាន​ដង។ សម័យនោះឯង ភាជន៍សម្រាប់ដាក់ទឹកជ្រលក់ របស់ភិក្ខុទាំងឡាយមិនទាន់មាន។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឆ្នាំងសម្រាប់ដាក់ទឹកជ្រលក់ និងក្អមសម្រាប់ដាក់​ទឹក​ជ្រលក់។ សម័យនោះឯង ភិក្ខុទាំងឡាយ គក់ចីវរក្នុងថាសខ្លះ ក្នុងបាត្រខ្លះ។ ចីវរក៏ដាច់ដាចអស់។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវស្នូកសម្រាប់ជ្រលក់។ សម័យនោះឯង ភិក្ខុទាំងឡាយ​ ត្រដាងហាលចីវរ លើផែនដី ចីវរក៏ប្រឡាក់​ដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវកម្រាលស្មៅ។ កម្រាលស្មៅ ពួកសត្វកណ្តៀរកោរអស់ទៅ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឈើស្នួរ សម្រាប់ហាលចីវរ និងខ្សែស្បៀង។ ភិក្ខុទាំងឡាយ ពាក់ចីវរចំ​ទីពាក់​កណ្តាល ទឹកជ្រលក់ ក៏ហៀរចុះទៅតាមជាយទាំងពីរ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យចង​ត្រង់ជាយចីវរ។ ជាយចីវរក៏ទក់។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវ​ខ្សែសម្រាប់​ចង​ជាយ​ចីវរ។ ទឹកជ្រលក់ ក៏ហៀរទៅតាមជាយម្ខាង។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យជ្រលក់ចីវរ​ប្រែ​ត្រឡប់​ឲ្យសព្វគ្រប់ ម្យ៉ាងទៀត កាលបើដំណក់ទឹក​ មិនទាន់ដាច់អស់ទេ ភិក្ខុកុំអាលដើរចេញ​ឡើយ។ សម័យនោះឯង ចីវរដិតខ្លាំងពេក។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យត្រាំចីវរទៅក្នុង​ទឹក (ទទេ)។ សម័យនោះឯង ចីវរ​ក៏​មានសាច់រឹង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យគក់ចីវរ​ដោយដៃ។

[៥៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ចីវរមិនបានកាត់ ទ្រទ្រង់ចីវរជ្រលក់​ ដោយទឹកចត់ មានពណ៌ដូចភ្លុក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនត្រូវប្រើប្រាស់​ចីវរ ដែល​មិនបានកាត់ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

២១៦. ឆិន្នកចីវរានុជាននា

(២១៦)

[៥៥] គ្រានោះ ព្រះមានព្រះភាគគង់នៅក្នុងក្រុងរាជគ្រឹះ ដោយសមគួរ​ ដល់ពុទ្ធ​អធ្យាស្រ័យ ហើយក៏ទ្រង់​យាងចេញទៅ កាន់ចារិក ក្នុងទក្ខិណាគិរីជនបទ។ ព្រះមានព្រះភាគ ទ្រង់​ឃើញស្រែអ្នកដែនមគធៈ មានសណ្ឋានជាស្រែ មានជ្រុងបួន មានសណ្ឋាន​ជាស្រែ មានភ្លឺ​វែង ដោយបណ្តោយផង ដោយទទឹងផង មានសណ្ឋាន​ជាស្រែ មានភ្លឺខ្លីក្នុងចន្លោះៗ មានសណ្ឋាន​ ជាបួនជ្រុង ដោយមានភ្លឺខ្លីបាញ់រត់គ្នា លុះទ្រង់​ទតឃើញហើយ ក៏ត្រាស់ហៅ​ព្រះអានន្ទដ៏មាន​អាយុថា នែអានន្ទ អ្នក​​ឃើញស្រែអ្នកដែនមគធៈ មានសណ្ឋានជាស្រែ មានជ្រុងបួន មានសណ្ឋាន​ជាស្រែ មានភ្លឺ​វែង ដោយបណ្តោយផង ដោយទទឹងផង មានសណ្ឋាន​ជាស្រែ មានភ្លឺខ្លីក្នុងចន្លោះៗ មានសណ្ឋាន​ជាបួនជ្រុង ដោយមានភ្លឺខ្លីបាញ់រត់គ្នាឬទេ។ ព្រះអានន្ទ ក្រាប​បង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា នែអានន្ទ អ្នកអាច​ចាត់ចែង​ចីវរបែបនេះ ដល់ភិក្ខុទាំងឡាយបានឬទេ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រ​​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គអាចធ្វើបាន។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់​គង់ក្នុង​ទក្ខិណាគិរី​ជនបទ គួរដល់ពុទ្ធអធ្យាស្រ័យហើយ ក៏ទ្រង់យាងត្រឡប់មកក្រុងរាជគ្រឹះវិញ។ ខណៈ​នោះ ព្រះអានន្ទដ៏មានអាយុ ក៏បានចាត់ចែងចីវរ ដល់ភិក្ខុទាំងឡាយជាច្រើនរូប រួចហើយ​ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់ទតចីវរ ដែលខ្ញុំព្រះអង្គចាត់ចែងហើយចុះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ក៏ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទ ​មានប្រាជ្ញាច្រើន ព្រោះថា ពាក្យដែលតថាគត ពោល​ហើយ ដោយសង្ខេប អានន្ទ អាច​ដឹង​សេចក្តីដោយពិស្តារបាន ហើយចេះធ្វើសំពត់ ឈ្មោះកុសិផង ធ្វើសំពត់ ឈ្មោះអឌ្ឍកុសិផង ធ្វើសំពត់ ឈ្មោះមណ្ឌលៈផង ធ្វើសំពត់ ឈ្មោះអឌ្ឍមណ្ឌលៈផង ធ្វើសំពត់ ឈ្មោះវិវដ្តៈផង ធ្វើសំពត់ ឈ្មោះអនុវិវដ្តៈផង ធ្វើសំពត់ ឈ្មោះគីវេយ្យកៈផង ធ្វើសំពត់ ឈ្មោះជង្ឃេយ្យកៈ​ផង ធ្វើសំពត់ ឈ្មោះពាហន្តៈផង ហើយសំពត់នោះ អានន្ទ ក៏បានកាត់ដាច់ ឲ្យសៅហ្មង ដោយមុខ​កាំបិត ឲ្យសមគួរដល់សមណៈ ឲ្យជារបស់មិនគួរប្រាថ្នា ដល់ពួកចោរជាសត្រូវ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតសង្ឃាដិកាត់ ឧត្តរាសង្គៈកាត់ អន្តរវាសកៈកាត់។

២១៧. តិចីវរានុជាននា

(២១៧)

[៥៦] គ្រានោះ ព្រះមានព្រះភាគគង់ក្នុងក្រុងរាជគ្រឹះ គួរដល់​ពុទ្ធអធ្យាស្រ័យ ហើយក៏ទ្រង់​ចៀស ទៅកាន់ចារិកក្រុងវេសាលី។ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ជាចន្លោះក្រុង​រាជគ្រឹះ និងចន្លោះ​ក្រុងវេសាលី ក៏បានទតឃើញ​ភិក្ខុទាំងឡាយច្រើនរូប មានចីវរ​វេច​ជាសំពាយ បានដាក់ផ្នត់ចីវរលើក្បាលខ្លះ ដាក់ផ្នត់ចីវរលើ​ ក ខ្លះ ដាក់ផ្នត់ចីវរលើចង្កេះខ្លះ ដើរមក លុះទត​ឃើញហើយ ព្រះដ៏មានព្រះភាគ ទ្រង់រិះគិតយ៉ាងនេះថា ពួកមោឃបុរសទាំងនេះ វិលមករក​សេចក្តីលោភ ក្នុងចីវរឆាប់រហ័សណាស់ បើដូច្នោះ គួរតថាគត ចងសីមាតាំងទុកនូវ​ខេត្តដែន ក្នុងចីវរ ដល់ភិក្ខុទាំងឡាយ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់​ចារិក ដោយ​លំដាប់ ទើបបានដល់ទៅក្រុងវេសាលី។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងគោតមចេតិយ ទៀបក្រុងវេសាលីនោះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចីវរតែមួយ គង់នៅ​ក្នុងទី​កណ្តាលវាល ក្នុងវេលាយប់ ក្នុងសម័យ​មានទឹកសន្សើមធ្លាក់ចុះ ក្នុងរាត្រីទាំងឡាយ ដែលត្រជាក់ នៅក្នុងហេមន្តរដូវ ឋិតនៅជាចន្លោះ នៃខែមាឃ និងខែផល្គុណ9) ព្រះអង្គក៏មិនរងាឡើយ លុះបឋមយាមកន្លងទៅហើយ ទើបព្រះអង្គរងា ហើយព្រះអង្គ ទ្រង់ចីវរជាគំរប់ពីរ ព្រះអង្គក៏បាត់រងាទៅ លុះមជ្ឈិមយាមកន្លងទៅហើយ ទើប​ព្រះអង្គរងា ហើយព្រះអង្គទ្រង់ដណ្តប់​ចីវរជាគំរប់បី ព្រះអង្គក៏បាត់រងាទៀត លុះបច្ឆិមយាម​កន្លង​ទៅហើយ កាលអរុណរះឡើង រាត្រីក៏ភ្លឺព្រាងៗ ទើបព្រះអង្គរងា ព្រះអង្គទ្រង់ដណ្តប់​ចីវរ​ជាគំរប់​បួន ព្រះអង្គក៏បាត់រងាទៅ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់រិះគិតដូច្នេះថា ក្នុងធម៌វិន័យនេះ កុលបុត្តទាំងឡាយណា ដែលជាអ្នករងាជាប្រក្រតី ជាអ្នកខ្លាចរងា កុលបុត្តទាំងនោះ ក៏អាច​ញុំាង​អត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយចីវរ៣បាន បើដូច្នេះ គួរតថាគត ចងសីមា ហើយតាំងទុក​នូវខេត្ត​ដែន​ក្នុងចីវរ ហើយអនុញ្ញាតចីវរ៣ ដល់ភិក្ខុទាំងឡាយ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនេះ តថាគត បានដើរទៅកាន់ផ្លូវឆ្ងាយ ជាចន្លោះក្រុង​រាជគ្រឹះ និងចន្លោះ​ក្រុងវេសាលី ហើយឃើញ​ភិក្ខុច្រើនរូប មានចីវរ​វេច​ជាសំពាយ ដាក់ផ្នត់​ចីវរ​លើក្បាល​ខ្លះ ដាក់ផ្នត់ចីវរលើ​ ក ខ្លះ ដាក់ផ្នត់ចីវរលើចង្កេះខ្លះ ដើរមក លុះ​ឃើញហើយ តថាគត មាន​សេចក្តី​ត្រិះរិះដូច្នេះថា ពួកមោឃបុរសទាំងនេះ វិលមករក​សេចក្តីលោភ ក្នុងចីវរ​ឆាប់​ពេកណាស់ បើដូច្នោះ គួរតថាគត ចងសីមា តាំងទុកនូវ​ខេត្តដែន ក្នុងចីវរដល់ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនេះ តថាគត ទ្រង់ចីវរតែមួយ អង្គុយនៅ​ក្នុងទី​កណ្តាលវាល ក្នុងវេលាយប់ ក្នុងសម័យ​មានទឹកសន្សើមធ្លាក់ចុះ ក្នុងរាត្រីទាំងឡាយ ដែលត្រជាក់ នៅក្នុង​ហេមន្តរដូវ ឋិតនៅជាចន្លោះ នៃខែមាឃ និងខែផល្គុណ តថាគត ក៏មិនរងាឡើយ លុះបឋមយាម​កន្លងទៅហើយ ទើបតថាគតរងា តថាគត បានដណ្តប់ចីវរជាគំរប់ពីរ តថាគតក៏បាត់រងាទៅ លុះ​មជ្ឈិមយាមកន្លងទៅហើយ ទើបតថាគតរងា តថាគតបានដណ្តប់​ចីវរជាគំរប់បី ទើបតថាគត​បាត់​រងា​ទៅ លុះបច្ឆិមយាម​កន្លង​ទៅហើយ អរុណរះឡើង រាត្រី​ក៏ភ្លឺព្រាងៗ ទើបតថាគតរងា តថាគត​បាន​ដណ្តប់​ចីវរ​ជាគំរប់​បួន តថាគតក៏បាត់រងាទៅ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មានសេចក្តី​រិះគិត​ដូច្នេះថា ក្នុងធម៌វិន័យនេះ កុលបុត្ត​ទាំងឡាយណា ដែលជាអ្នករងាជាប្រក្រតី ជាអ្នកខ្លាច​រងា កុលបុត្តទាំងនោះ អាច​ញុំាង​អត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយចីវរ៣បាន បើដូច្នេះ គួរតថាគត ចងសីមា តាំងទុក​នូវខេត្ត​ដែន​ក្នុងចីវរ គួរអនុញ្ញាតចីវរ៣ ដល់ភិក្ខុទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតចីវរ​៣ គឺ​សង្ឃាដិពីរជាន់ ឧត្តរាសង្គៈ (ចីពរ)១ជាន់ ស្បង់១ជាន់។

២១៨. អតិរេកចីវរកថា

(២១៨)

[៥៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ចីវរ៣ ព្រះដ៏មានព្រះភាគ ទ្រង់​អនុញ្ញាត​រួចហើយ ៗក៏នាំគ្នាចូលទៅកាន់ស្រុក ដោយចីវរ៣ដទៃទៀត នៅក្នុងវត្ត ដោយចីវរ៣ដទៃទៀត ចុះ​ទៅកាន់កំពង់ ជាទីស្រង់ទឹក ដោយចីវរ៣ដទៃទៀត។ ភិក្ខុទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងទ្រទ្រង់អតិរេកចីវរសោះ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុង​ពេលនោះ រួចទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់​អតិរេកចីវរទេ ភិក្ខុណាទ្រទ្រង់ ភិក្ខុនោះត្រូវវិនយធរ ឲ្យធ្វើតាមធម៌។ សម័យនោះ អតិរេកចីវរ បានកើតឡើង ដល់ព្រះអានន្ទដ៏មានអាយុ។ ឯព្រះអានន្ទដ៏មានអាយុ ប្រាថ្នាប្រគេនចីវរ​នោះ ទៅព្រះសារីបុត្តដ៏មានអាយុ។ ព្រះសារីបុត្តដ៏មានអាយុ ក៏គង់នៅឯក្រុងសាកេត។ វេលានោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីរិះគិតដូច្នេះថា ព្រះមានព្រះភាគ បានបញ្ញត្តថា ភិក្ខុ​មិនត្រូវ​ទ្រទ្រង់អតិរេកចីវរទេ ក៏ឯអតិរេកចីវរនេះ កើតឡើង​ដល់អាត្មាអញហើយ តែថា អាត្មាអញ ចង់​ប្រគេនចីវរនេះ ទៅព្រះសារីបុត្តដ៏មានអាយុ ឥឡូវ ព្រះសារីបុត្តដ៏មានអាយុ គង់នៅឯក្រុងសាកេត តើអាត្មាអញ ត្រូវប្រតិបត្តិដូចម្តេច។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា នែអានន្ទ ចុះសារីបុត្ត នៅយូរប៉ុន្មានថ្ងៃទៀត ទើបបានមកដល់។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះ​មានព្រះភាគ ព្រះសារីបុត្ត មុខជានឹងមកក្នុងថ្ងៃទី៩ ឬក្នុងថ្ងៃទី១០។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុទាំងឡាយ ទ្រទ្រង់អតិរេកចីវរ កំណត់ត្រឹម១០ថ្ងៃ។ សម័នោះ អតិរេកចីវរ កើតឡើងដល់ភិក្ខុទាំងឡាយ។ វេលានោះ ភិក្ខុទាំងឡាយ មានសេចក្តី​ត្រិះរិះ​​ដូច្នេះថា យើងគួរប្រតិបត្តិក្នុងអតិរេកចីវរ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យវិកប្បអតិរេកចីវរទុកបាន។

[៥៨] គ្រានោះ ព្រះដ៏មានព្រះភាគគង់ក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយក៏​ទ្រង់​យាងទៅកាន់ចារិកក្រុងពារាណសី កាលទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់​ទៅក្រុងពារាណសី។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងឥសិបតនមិគទាយវន ទៀប​ក្រុងពារាណសីនោះ។ សម័យនោះ ភិក្ខុ១រូប មានស្បង់ធ្លុះ។ វេលានោះ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ចីវរ៣ គឺសង្ឃាដិ២ជាន់ ឧត្តរាសង្គៈ១ជាន់ ស្បង់១ជាន់ ព្រះដ៏មានព្រះភាគ បាន​អនុញ្ញាត​រួចហើយ ឯស្បង់របស់អាត្មាអញធ្លុះ បើដូច្នោះ គួរអាត្មាអញប៉ះនូវបម្នះ កាលបើដូច្នោះ ស្បង់នោះ នឹងទៅជា២ជាន់ដោយជុំវិញ កណ្តាល១ជាន់។ វេលានោះ ភិក្ខុនោះ ក៏បានប៉ះនូវ​បម្នះ។ ព្រះដ៏មានព្រះភាគ បានយាងទៅ​កាន់សេនាសនចារិក ក៏បានទតឃើញភិក្ខុនោះ កំពុង​ប៉ះ​នូវបម្នះ លុះទតឃើញហើយ ក៏ទ្រង់​យាងចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់​នឹងភិក្ខុនោះដូច្នេះថា នែភិក្ខុ អ្នកធ្វើអ្វី។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ​ប៉ះនូវបម្នះ។ ព្រះដ៏មានព្រះភាគ ទ្រង់តបថា ប្រពៃហើយ ៗភិក្ខុ ប្រពៃហើយភិក្ខុ អ្នកបាន​ប៉ះ​នូវបម្នះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលបើសំពត់នៅ​ថ្មោង ឬសំពត់ដែលគេបោក​លាងម្តងហើយ តថាគត អនុញ្ញាត (ឲ្យអ្នកទាំងឡាយធ្វើ) សង្ឃាដិ២ជាន់ ឧត្តរាសង្គៈ១ជាន់ ស្បង់១ជាន់ (បើ) សំពត់ដែលគេរើឡើងពីរដូវ (គឺ​សំពត់​ចាស់) តថាគតអនុញ្ញាត ឲ្យអ្នកទាំងឡាយ ធ្វើសង្ឃាដិ​៤ជាន់ ឧត្តរាសង្គៈ​២ជាន់ ស្បង់២ជាន់ អ្នកទាំងឡាយ គួរធ្វើនូវសេចក្តីប្រឹងប្រែង ស្វែងរកសំពត់បង្សុកូល សំពត់ធ្លាក់ចុះក្នុងរានផ្សារ តាមត្រូវការ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវបម្នះ10) នូវការជុល នូវក្រវិលកណ្ឌុំ នូវកណ្ឌុំ នូវការ​ធ្វើ​ឲ្យមាំ។11)

២១៩. វិសាខាវត្ថុ

(២១៩)

[៥៩] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្រុងពារាណសី គួរដល់ពុទ្ធអធ្យាស្រ័យ​ហើយ ក៏​ទ្រង់​យាងទៅកាន់ចារិកក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់​ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថីនោះ។ វេលានោះ នាងវិសាខាមិគារមាតា បានចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​នៅក្នុងទីដ៏សមគួរ។ កាល​នាងវិសាខាមិគារមាតាអង្គុយ​នៅក្នុង​ទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​នាងវិសាខាមិគារមាតា ដែលអង្គុយ​នៅក្នុងទី​សមគួរ​ហើយ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់​នោះ នាងវិសាខាមិគារមាតា លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹង​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្ត​របស់ខ្ញុំ​ព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃ​ស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត​ ដោយ​តុណ្ហីភាព។ លំដាប់នោះ នាងវិសាខាមិគារមាតា បានដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់​ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ សម័យនោះឯង លុះរាត្រីនោះកន្លងទៅហើយ មានភ្លៀងធំធ្លាក់ចុះ​សព្វទ្វីប​ទាំង៤។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភ្លៀងធ្លាក់ចុះ ក្នុងវត្តជេតពនយ៉ាងណា ភ្លៀងធ្លាក់ចុះក្នុងទ្វីបទាំង៤ ក៏យ៉ាង​នោះដែរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរងូតជំរះកាយគ្រប់ៗគ្នាទៅចុះ (ព្រោះ) ភ្លៀងធំ ដែលធ្លាក់​សព្វទ្វីបទាំង៤នេះ ជាបំផុតត្រឹមនេះហើយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់​ព្រះដ៏​មានព្រះភាគ ដោយពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះករុណាព្រះអង្គ ហើយ​ក៏នាំគ្នា​ដាក់ចីវរ​ចេញ ងូតទឹកភ្លៀង ជំរះកាយ12) គ្រានោះ នាងវិសាខាមិគារមាតា បានឲ្យជនតាក់តែងខាទនីយភោជនីយាហារ ដ៏ឧត្តម ហើយ​បង្គាប់​ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល13) ​ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេច​ហើយ។ ទាសីនោះ ទទួល​ស្តាប់​ពាក្យរបស់​នាងវិសាខាមិគារមាតា ដោយពាក្យថា ច៎ាសអ្នកជាម្ចាស់ ហើយទៅកាន់អារាម ក៏បានឃើញពួកភិក្ខុ ដែលដាក់ចីវរចេញ កំពុងងូតទឹកភ្លៀងជំរះកាយ លុះឃើញហើយ ក៏គិត​ថា ក្នុងអារាមនេះ គ្មានពួកភិក្ខុទេ មានតែពួកអាជីវក កំពុងងូតទឹកភ្លៀងជំរះកាយ រួចហើយក៏ត្រឡប់​ចូលទៅកាន់​សំណាក់​នាងវិសាខាមិគារមាតាវិញ លុះចូលទៅដល់ហើយ ក៏និយាយ​ពាក្យនេះ នឹង​នាងវិសាខាមិគារមាតាថា បពិត្រអ្នកម្ចាស់ ក្នុងអារាមនេះ គ្មានពួកភិក្ខុទេ មានសុទ្ធតែ​ពួកអាជីវក កំពុងងូតទឹកភ្លៀងជំរះកាយ។ លំដាប់នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នកប្រាជ្ញ បានរិះគិតយ៉ាងនេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ ដាក់ចីវរ​ចេញ ហើយ​នាំគ្នា​ងូតទឹកភ្លៀង​ជំរះកាយ តែទាសីនេះ ជាស្រីល្ងង់ សំគាល់ថា ក្នុងអារាម គ្មានភិក្ខុទេ មានសុទ្ធតែពួក​អាជីវក កំពុងនាំគ្នាងូតទឹកភ្លៀង ជំរះកាយ។ នាងវិសាខាមិគារមាតា បង្គាប់ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល​ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាល​គួរហើយ ភត្តក៏សម្រេច​ហើយ។ កាលនោះ ភិក្ខុទាំងនោះ ងូតទឹក​ឲ្យត្រជាក់ខ្លួន មានកាយ​ដ៏ស្រួលហើយ ក៏នាំគ្នា​យកចីវរទាំងឡាយ ចូលទៅកាន់លំនៅ ដូចដែលវិញ។ ឯទាសីនោះ ទៅកាន់​អារាម មិនឃើញពួកភិក្ខុ ក៏គិតថា ក្នុងអារាមគ្មានភិក្ខុសោះ មានតែអារាមទទេ ហើយក៏​ត្រឡប់ចូល​ទៅកាន់សំណាក់​នាងវិសាខាមិគារមាតាវិញ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យនេះ នឹង​នាងវិសាខាមិគារមាតាថា បពិត្រអ្នកម្ចាស់ ក្នុងអារាម គ្មានភិក្ខុសោះ មានតែ​អារាម​ទទេ។ លំដាប់នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នកប្រាជ្ញ បានរិះគិត​យ៉ាង​នេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ ​ងូតទឹកឲ្យត្រជាក់ខ្លួន មានកាយដ៏ស្រួល ហើយនាំយក​ចីវរ​ទាំងឡាយ ចូលទៅកាន់​លំនៅដូចដែល ទាសីនេះ ជាស្រីល្ងង់ សំគាល់ថា ក្នុងអារាម គ្មានពួកភិក្ខុសោះ មានតែអារាមទទេ។ នាងវិសាខា ក៏បង្គាប់ទាសីទៀតថា នែហង ហង​ចូរ​ទៅ​កាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល​ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាល​គួរហើយ ភត្តក៏សម្រេច​ហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នករាល់គ្នា រៀបចំបាត្រ និងចីវរចុះ (ព្រោះ) ដល់ពេលចង្ហាន់ហើយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះបន្ទូល​របស់​ព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ លុះវេលា​ព្រឹកឡើង ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ហើយទ្រង់​បំបាត់​ព្រះអង្គ អំពីវត្តជេតពន ទៅប្រាកដ​ទៀបក្លោងទ្វារ ​របស់​នាងវិសាខាមិគារមាតា (ដោយឆាប់​រហ័ស) ប្រៀបដូច​បុរស​មានកំឡាំង លាដៃដែលខ្លួនបត់ចូល ឬបត់ដៃ​ដែលខ្លួន​លាចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់​លើអាសនៈ ​ដែលគេតាក់តែងថ្វាយ ជាមួយនឹងព្រះភិក្ខុសង្ឃ។ គ្រានោះ នាងវិសាខាមិគារមាតាគិតថា អើហ្ន៎ (ហេតុនេះ) អស្ចារ្យពេកណាស់ អើហ្ន៎ (ហេតុនេះ) ចំឡែកពេកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថាជំនន់ប្រមាណ​ត្រឹមជង្គង់ខ្លះ ត្រឹមចង្កេះខ្លះ កំពុងហូរទៅៗ សូម្បីតែជើង ឬចីវរ​របស់ភិក្ខុ១អង្គ ក៏គ្មានទទឹក​ឡើយ ហើយក៏មានចិត្តរីករាយ​ខ្ពស់ឡើង រួចអង្គាសព្រះភិក្ខុសង្ឃ​ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយៈ និងភោជនីយាហារដ៏ឧត្តម ដោយដៃ​របស់ខ្លួន ត្រាតែព្រះភិក្ខុសង្ឃហាមឃាត់ លុះកំណត់ដឹងថា ព្រះមានព្រះភាគ ឆាន់ហើយ ដាក់​ព្រះហស្តចុះ​ចាកបាត្រហើយ នាងក៏​អង្គុយ​នៅក្នុងទីសមគួរ។ នាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូលពាក្យនេះ នឹង​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមពរ៨ប្រការ​អំពីព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​នាងវិសាខា ធម្មតា ព្រះតថាគតទាំងឡាយ​គ្មានពរទេ។ នាងវិសាខា ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមតែពរណា ដែលគួរ និងពរណា​ ដែលឥតទោស។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាល​នាងវិសាខា ចូរនាង​និយាយមកចុះ។ នាងវិសាខា ក៏ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចង់ប្រគេន​វស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ចង់ប្រគេន​អាគន្តុកភត្ត (ភត្តដែល​ប្រគេន​ដល់ភិក្ខុទើប​មកដល់ថ្មី) ចង់ប្រគេនគមិកភត្ត (ភត្តដែលប្រគេនដល់ភិក្ខុអ្នកមានដំណើរទៅ) ចង់ប្រគេនគិលានភត្ត (ភត្តដែលប្រគេន​ដល់ភិក្ខុមានជម្ងឺ) ចង់ប្រគេនគិលានុបដ្ឋាកភត្ត (ភត្តដែលប្រគេន​ដល់ភិក្ខុអ្នកបម្រើជម្ងឺ) ចង់ប្រគេន​គិលានភេសជ្ជៈ (ថ្នាំដែលប្រគេន ដល់​ភិក្ខុមានជម្ងឺ) ចង់ប្រគេន​ធុវយាគូ (បបរ ដែល​ត្រូវប្រគេន​ជានិច្ច) ដល់ព្រះសង្ឃ និងចង់ប្រគេន​ឧទកសាដិក (សំពត់​សម្រាប់ងូតទឹក) ដល់ភិក្ខុនីសង្ឃ ដរាបដល់អស់ជីវិត។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលនាងវិសាខា នាងឃើញអំណាច​ប្រយោជន៍​ដូចម្តេច បានជាសូមពរ​៨ប្រការ​ អំពី​តថាគត។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាព្រឹកមិញនេះ ខ្ញុំព្រះអង្គ​បង្គាប់ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេច​ហើយ បពិត្រព្រះអង្គដ៏ចំរើន ទាសីនោះ ក៏ទៅកាន់អារាម ហើយបានឃើញពួកភិក្ខុ ដាក់ចីវរចេញហើយ កំពុងនាំគ្នាងូត​ទឹកភ្លៀង​ជំរះកាយ លុះឃើញហើយ ក៏សំគាល់​ថា ក្នុងអារាម គ្មានពួកភិក្ខុទេ មានសុទ្ធតែពួក​អាជីវក កំពុងងូតទឹកភ្លៀង ជំរះកាយ រួចក៏ត្រឡប់​ចូលមកកាន់​សំណាក់​ខ្ញុំព្រះអង្គ លុះចូលមក​ដល់ហើយ បាននិយាយ​ពាក្យនេះ នឹងខ្ញុំព្រះអង្គថា បពិត្រអ្នកម្ចាស់ ក្នុងអារាម គ្មានពួកភិក្ខុទេ មានសុទ្ធតែ​ពួកអាជីវក ងូតទឹកភ្លៀង ជំរះកាយ បពិត្រព្រះអង្គដ៏ចំរើន កិរិយាអាក្រាត ជាការ​មិន​ស្អាត គួរខ្ពើមរអើម បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជា​ចង់​ប្រគេន​វស្សិកសាដិក ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុជាអាគន្តុកៈ (ទើបមកដល់ថ្មី) មិនទាន់ឆ្លាសក្នុងផ្លូវ មិនទាន់ឆ្លាស ក្នុងទីគោចរ លំបាក​នឹងត្រាច់​ទៅបិណ្ឌបាត ភិក្ខុជាអាគន្តុកៈនោះ នឹងឆាន់អាគន្តុកភត្ត របស់ខ្ញុំព្រះអង្គហើយ មុខជានឹង​ឆ្លាស​ក្នុងផ្លូវ ឆ្លាសក្នុងទីគោចរ មិនលំបាក​នឹងត្រាច់ទៅបិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេនអាគន្តុកភត្ត ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុអ្នកដំណើរ បើរវល់តែស្វែងរកភត្ត​សម្រាប់ខ្លួន មុខជានឹងបែកខ្ញែក ចាកគ្នីគ្នា ឬបើចង់ទៅកាន់លំនៅ ក្នុងប្រទេសណា នឹងចូលទៅដល់​ប្រទេស​នោះខុសកាលវេលា នាំឲ្យលំបាកនឹងទៅកាន់ផ្លូវឆ្ងាយ កាលបើភិក្ខុអ្នកដំណើរនោះ បានឆាន់​គមិកភត្តរបស់ខ្ញុំព្រះអង្គហើយ មុខជាមិនបែកខ្ញែក ចាកគ្នីគ្នាទេ ឬបើចង់ទៅកាន់​លំនៅ​ក្នុងប្រទេស​ណា ក៏បានចូលទៅដល់ប្រទេសនោះ មិនខុសកាលវេលា ឃើញថា មិនលំបាក​នឹងទៅកាន់​ផ្លូវឆ្ងាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​គមិកភត្ត ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មាន​តទៅ​ទៀត ភិក្ខុមានជម្ងឺ កាលបើមិនបានភោជន​ ជាទីសប្បាយទេ អាពាធ​ក៏រឹងរឹតតែចំរើនឡើង ឬនឹង​ធ្វើ​មរណភាពទៅក៏សឹងមាន កាលបើ​ភិក្ខុមានជម្ងឺនោះ បានឆាន់​គិលានភត្ត របស់ខ្ញុំ​ព្រះអង្គហើយ អាពាធ ក៏មិនចំរើនឡើង មរណភាពក៏គ្មាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាច​ប្រយោជន៍​​នេះហើយ បានជាចង់​ប្រគេនគិលានភត្ត ដល់ព្រះសង្ឃ​អស់មួយជីវិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុអ្នកបម្រើភិក្ខុឈឺ កាលបើរវល់តែនឹង​ស្វែងរក​ភត្ត​សម្រាប់​ខ្លួនហើយ មុខជានឹងនាំយកភត្តមកឲ្យភិក្ខុឈឺក្នុងវេលាថ្ងៃពេក ហើយក៏នឹងធ្វើ​ភិក្ខុឈឺ ឲ្យដាច់​ចង្ហាន់ បើភិក្ខុអ្នកបម្រើភិក្ខុឈឺនោះ បានឆាន់គិលានុបដ្ឋាកភត្ត របស់ខ្ញុំព្រះអង្គហើយ នឹង​បាននាំយកភត្ត ​មកឲ្យភិក្ខុឈឺ​ ក្នុងកាលគួរ ហើយនឹងមិន​ធ្វើភិក្ខុឈឺ ឲ្យដាច់ចង្ហាន់ឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​គិលានុបដ្ឋាកភត្ត ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុមានជម្ងឺ កាលបើមិនបានភេសជ្ជៈ ជាទីសប្បាយទេ អាពាធក៏រឹងរឹតតែចំរើនឡើង ឬ​នឹងធ្វើ​មរណភាពទៅក៏សឹងមាន កាលបើភិក្ខុមានជម្ងឺនោះ បានឆាន់គិលានភេសជ្ជៈ របស់ខ្ញុំ​ព្រះអង្គ​ហើយ អាពាធក៏មិនចំរើនឡើង មិនធ្វើមរណភាព​ទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញ​អំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​គិលានភេសជ្ជៈ ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ព្រះដ៏មានព្រះភាគ ទ្រង់យល់​ឃើញអានិសង្ស​ទាំង១០យ៉ាងហើយ បានជាទ្រង់​អនុញ្ញាត​បបរ ក្នុងអន្ធកវិន្ទប្រទេស បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញអានិសង្សទាំងនោះដែរ បានជាចង់​ប្រគេន​ធុវយាគូ ដល់សង្ឃ​អស់មួយ​ជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុនី ក្នុងសាសនានេះ មានកាយអាក្រាត ងូតទឹកក្នុងកំពង់មួយ ជាមួយនឹង​ពួកស្រីពេស្យា (ផ្កាមាស) នាស្ទឹង​អចិរវតី បពិត្រព្រះអង្គដ៏ចំរើន ពួកស្រីពេស្យា​ទាំងនោះ នាំគ្នាចំអក ចំអន់ពួក​ភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ទាំងឡាយ នៅក្មេង​នៅឡើយ ប្រញាប់អ្វីប្រព្រឹត្តព្រហ្មចរិយធម៌ គួរតែលោកម្ចាស់ទាំងឡាយ នៅបរិភោគ​កាមគុណ​សិន បើលោកម្ចាស់ទាំងឡាយ ចាស់ជរាវេលាណា សឹមនាំគ្នាប្រព្រឹត្តព្រហ្មចរិយធម៌​វេលានោះចុះ យ៉ាងនេះ ទើបឈ្មោះថា លោកម្ចាស់ទាំងឡាយ បានរក្សា​ប្រយោជន៍​ទាំងពីរទុក បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកស្រីពេស្យា និយាយចំអក ចំអន់ (ឲ្យដូច្នេះ) ហើយ ភិក្ខុនី​ទាំងនោះ ក៏មានសេចក្តីអៀនខ្មាស បពិត្រព្រះអង្គដ៏ចំរើន មាតុគ្រាម មានកាយអាក្រាត ជាការ​មិនស្អាតទេ គួរខ្ពើមរអើមពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​ឧទកសាដិកៈ14) ដល់ភិក្ខុនីសង្ឃ​អស់មួយជីវិត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ចុះ​នាងយល់ឃើញ​អានិសង្សដូចម្តេច បានជានាងសូមពរ​៨ប្រការ អំពីតថាគត។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងសាសនានេះ នៅចាំវស្សាក្នុងទិសទាំងឡាយ រួចហើយនឹងមកកាន់​ក្រុងសាវត្ថី ដើម្បីគាល់ព្រះអង្គ ភិក្ខុទាំងនោះនឹងចូលមកគាល់​ព្រះអង្គ ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះនេះ ធ្វើមរណកាលហើយ ភិក្ខុនោះ មានគតិ​ដូចម្តេច មានបរលោកដូចម្តេច ព្រះដ៏មានព្រះភាគ មុខជានឹងទ្រង់ព្យាករណ៍បញ្ហានេះ ក្នុងសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តផលក្តី ខ្ញុំព្រះអង្គ នឹងចូល​ទៅរកភិក្ខុទាំងនោះ ហើយនឹងសួរថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន លោកម្ចាស់នោះ ធ្លាប់និមន្តមកក្រុងសាវត្ថីដែរឬ បើប្រសិនជាពួកភិក្ខុនិយាយប្រាប់​ខ្ញុំព្រះអង្គថា ភិក្ខុនោះ ធ្លាប់​និមន្ត​មក​ក្រុងសាវត្ថីដែរ ខ្ញុំព្រះអង្គ នឹងដល់នូវសេចក្តី​ចូលចិត្ត​ក្នុងហេតុនេះថា ច្បាស់ជាលោកម្ចាស់នោះ ធ្លាប់បានបរិភោគ​វស្សិកសាដិកក្តី អាគន្តុកភត្តក្តី គមិកភត្តក្តី គិលានភត្តក្តី គិលានុបដ្ឋាកភត្តក្តី គិលានភេសជ្ជៈក្តី ធុវយាគូក្តី (មិនខាន) កាលខ្ញុំព្រះអង្គនោះ រលឹកទាននោះរឿយៗហើយ សេចក្តីត្រេកអរទន់ នឹងកើតឡើង កាលបើសេចក្តីត្រេកអរទន់​ កើតឡើងហើយ ចិត្តប្រកបដោយបីតិ នឹងកើតឡើង កាលបើចិត្តប្រកបដោយបីតិ​ កើតឡើងហើយ កាយក៏នឹងស្ងប់រម្ងាប់ លុះខ្ញុំព្រះអង្គ មានកាយស្ងប់រម្ងាប់ហើយ នឹងទទួលសេចក្តីសុខ កាលបើខ្ញុំព្រះអង្គ បានទទួលសេចក្តីសុខហើយ ចិត្ត​ក៏នឹងដំកល់​មាំ ឥន្ទ្រិយភាវនា ពលភាវនា ពោជ្ឈង្គភាវនានោះ នឹងមានដល់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានយល់ឃើញអានិសង្ស​នេះហើយ បានជាសូមពរ​៨ប្រការ អំពី​ព្រះតថាគត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ល្អហើយ ល្អហើយ ម្នាលនាងវិសាខា នាង​បានយល់ឃើញអានិសង្សនេះ ហើយ​បានសូមពរ​៨ប្រការ អំពីតថាគត ជាការប្រពៃពិត ម្នាល​នាងវិសាខា (បើដូច្នោះ) តថាគតអនុញ្ញាត​ពរ៨ប្រការ​ដល់នាង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​អនុមោទនា ចំពោះ​នាងវិសាខា ដោយគាថា​ទាំងឡាយ​នេះថា

[៦០] ស្រីណាជាអ្នកឲ្យបាយ និងទឹក មានចិត្តរីករាយ មានសីលបរិបូណ៌ ជាសាវិកា​របស់ព្រះសុគត គ្របសង្កត់នូវ​សេចក្តី​កំណាញ់បាន ហើយឲ្យនូវទាន ស្រីនោះឯង តែងបាន​នូវផល គឺអារម្មណ៍ដ៏ប្រសើរ​ដោយប្រពៃ មានរូបជាដើម បានបន្ទោបង់នូវសេចក្តីសោក នាំមក​នូវ​សេចក្តីសុខ មានកំឡាំង និងអាយុទិព្វ ស្រីនោះ ជាស្រីមានសេចក្តី​ប្រាថ្នានូវបុណ្យ មានសេចក្តីសុខ ឥតមានទុក្ខ តែងរីករាយក្នុងស្ថានសួគ៌ អស់កាលជាអង្វែង ព្រោះអាស្រ័យ​នូវ​មគ្គចិត្ត ដ៏ប្រាសចាកធូលី មិនមានកិលេស (នោះឯង)។

[៦១] កាលនោះ ព្រះដ៏មានព្រះភាគទ្រង់អនុមោទនាចំពោះ​នាងវិសាខាមិគារមាតា ដោយគាថាទាំងនេះហើយ ទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​វស្សិកសាដិកៈ អាគន្តុកភត្ត គមិកភត្ត គិលានភត្ត គិលានុបដ្ឋាកភត្ត គិលានភេសជ្ជៈ ធុវយាគូ និងឧទកសាដិកៈ ជារបស់ភិក្ខុនីសង្ឃ។

ចប់ វារៈពោលអំពីនាងវិសាខា។

២២០. និសីទនាទិអនុជាននា

(២២០)

[៦២] សម័យនោះឯង ពួកភិក្ខុបានឆាន់​ភោជន​ទាំងឡាយដ៏ឧត្តម ក៏ភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ទៅ។ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងសិងលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ សេនាសនៈ ក៏ប្រឡាក់ដោយអសុចិ។ កាលនោះ ព្រះមានព្រះភាគ មានព្រះអានន្ទ​ដ៏មានអាយុ ជាបច្ឆាសមណៈ15) ទ្រង់ពុទ្ធ​ដំណើរទៅកាន់​សេនាសនចារិក ហើយទតឃើញ​សេនាសនៈ​ប្រឡាក់ដោយអសុចិ លុះទតឃើញ​ច្បាស់ ក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សេនាសនៈ​នេះ ប្រឡាក់​ដោយវត្ថុ​អ្វី។ អានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងពេលនេះ ពួកភិក្ខុបានឆាន់​ភោជន​ទាំងឡាយដ៏ឧត្តម ក៏ភ្លេចស្មារតី មិនដឹងខ្លួន ហើយសិងលក់ទៅ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងតែសិងលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈនោះ ប្រឡាក់ដោយអសុចិ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ ព្រោះតែភិក្ខុទាំងនោះភ្លេចស្មារតី មិនដឹងខ្លួន បានជាដេកលក់ទៅ អសុចិឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ពួកភិក្ខុណាដំកល់​ស្មារតី​ខ្ជាប់ ដឹងខ្លួន​ ហើយដេកលក់ទៅ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុណា ជាបុថុជ្ជនមែន តែគ្មានតម្រេក ក្នុងកាមទាំងឡាយ អសុចិរបស់​ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិរបស់ព្រះអរហន្ត ឃ្លាត​ចេញនេះ មិនសមហេតុ មិនសមផលទេ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវ​ធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មានអានន្ទ​ជាបច្ឆាសមណៈ ដើរទៅកាន់​សេនាសនចារិក ក្នុងទីនេះ បានឃើញ​សេនាសនៈ​ប្រឡាក់​ដោយ​អសុចិ លុះឃើញហើយ ក៏ហៅអានន្ទមកសួរថា ម្នាលអានន្ទ សេនាសនៈ​នេះ ប្រឡាក់​ដោយវត្ថុ​អ្វី អានន្ទឆ្លើយថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងពេលនេះ ពួកភិក្ខុបានឆាន់​ភោជន​ទាំងឡាយ ដ៏ឧត្តម ហើយភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ទៅ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុង​ដេកលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈនោះ ប្រឡាក់​ដោយអសុចិ តថាគត ក៏ពោលថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ យ៉ាងហ្នឹង​ហើយ ម្នាលអានន្ទ ព្រោះតែភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន បានជាដេកលក់ទៅ អសុចិ​ឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ភិក្ខុទាំងឡាយណា ដំកល់​ស្មារតី​ខ្ជាប់ ដឹងខ្លួន​ ហើយ​ដេកលក់ទៅ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុណា ជា​បុថុជ្ជនមែន តែគ្មានតម្រេក ក្នុងកាមទាំងឡាយ អសុចិរបស់​ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិ របស់ព្រះអរហន្តឃ្លាត​ចេញនេះ មិនសមហេតុ មិនសមផលទេ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ដេក​លក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះលក់លំបាក១ ភ្ញាក់លំបាក១ ឃើញសុបិនអាក្រក់១ ទេវតា​មិនរក្សា១ អសុចិឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ហើយ​ដេក​លក់ទៅ មាន៥​យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស​របស់ភិក្ខុ ដែល​បានដំកល់​ស្មារតីខ្ជាប់ ដឹងខ្លួនហើយ ដេក​លក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះដេកលក់ស្រួល១ ភ្ញាក់ស្រួល១ មិនឃើញសុបិនអាក្រក់១ ទេវតារក្សា១ អសុចិមិនឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់​ភិក្ខុ​បាន​ដំកល់​ស្មារតីខ្ជាប់ ដឹងខ្លួន ហើយ​ដេក​លក់ទៅ មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​​និសីទនៈ (សំពត់​ទ្រាប់អង្គុយ) ដើម្បី​រក្សាកាយ ដើម្បី​រក្សាចីវរ ដើម្បីរក្សាសេនាសនៈ។ សម័យនោះឯង និសីទនៈតូចពេក រក្សាសេនាសនៈ​ទាំងអស់​មិនបាន។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុចង់បានកម្រាលទំហំប៉ុន្មាន តថាគត​អនុញ្ញាត ​ឲ្យធ្វើទំហំប៉ុណ្ណោះ។

[៦៣] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទ​ដ៏មាន​អាយុ​ កើតបូសធំ។ ចីវរទាំងឡាយ របស់​ព្រះវេលដ្ឋសីសៈនោះ ជាប់ស្អិតនឹងកាយ ដោយទឹក​រំអិល។ ពួក​ភិក្ខុ យក​ទឹកផ្សើម​ចីវរទាំង​នោះឲ្យជោក ហើយទើបបកចេញបាន។ គ្រានោះ ព្រះ​មានព្រះភាគ ទ្រង់ពុទ្ធដំណើរ ទៅកាន់​សេនាសនចារិក ទ្រង់ទតឃើញ​ភិក្ខុទាំងនោះ ​កំពុង​យកទឹក​ទៅផ្សើមចីវរ​ទាំងនោះ ​ឲ្យជោក ហើយបកចេញ ក៏ទ្រង់ពុទ្ធដំណើរចូលទៅកាន់​សំណាក់​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ព្រះពុទ្ធដីកា​នេះ នឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​ មានអាពាធ​ដូចម្តេច។ ភិក្ខុទាំងនោះ ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន លោក​ដ៏មានអាយុនេះ កើតបូសធំ ចីវរទាំងឡាយ ជាប់​ស្អិត​នឹងកាយ ដោយ​ទឹករំអិល យើងខ្ញុំ​ទាំងឡាយ​ យកទឹក​មកផ្សើមចីវរ​ទាំងនោះ ​ឲ្យជោក ហើយបកចេញ។ ព្រោះ​និទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅពួកភិក្ខុ​មក ​ក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី ​ទឹករងៃក្តី បូសធំក្តី តថាគត​អនុញ្ញាត សំពត់​សម្រាប់គ្របកម (ជាដើម) ដល់ភិក្ខុនោះ។

[៦៤] គ្រានោះ នាងវិសាខាមិគារមាតា នាំយកសំពត់សម្រាប់ជូតមុខ ចូលទៅកាន់​សំណាក់​​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះ​នាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូល ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គទ្រង់ទទួល​សំពត់សម្រាប់​ជូតមុខ​ របស់ខ្ញុំព្រះអង្គ ដើម្បីជា​ប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង។ ‌ព្រះដ៏មានព្រះភាគ ក៏បានទទួល​សំពត់​សម្រាប់​ជូតមុខ (នោះ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​​នាង​វិសាខាមិគារមាតា ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯ​នាង​វិសាខាមិគារមាតា កាលដែល​ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​​ ឲ្យឃើញច្បាស់ ឲ្យកាន់​យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះ​មាន​ព្រះភាគ ធ្វើប្រទក្សិណ16) ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅ​ពួក​ភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត សំពត់​សម្រាប់ជូតមុខ។

[៦៥] សម័យនោះឯង មល្លក្សត្យឈ្មោះ​រោជៈ ជាសំឡាញ់របស់ព្រះអានន្ទដ៏មានអាយុ។ មល្លក្សត្យ ឈ្មោះរោជៈ (នោះ) បានទុកដាក់សំពត់សម្បកឈើ លើកដៃនៃព្រះអានន្ទ​ដ៏មាន​អាយុ។ ឯ​ព្រះអានន្ទដ៏មានអាយុ ក៏ត្រូវការនឹងសំពត់សម្បកឈើ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត​ឲ្យភិក្ខុកាន់យក​ ដោយសេចក្តីស្និទ្ធស្នាលរបស់មិត្រ ប្រកបដោយអង្គ​៥គឺ មិត្រ​ដែល​គ្រាន់​តែ​បានឃើញ​គ្នាម្តងមួយគ្រា១ មិត្រដែលស្និទ្ធស្នាលនឹងគ្នាមាំមួន១ មិត្រដែល​បាននិយាយ​បើក​ឱកាស​​គ្នាតាមត្រូវការ១ មិត្រនោះមានជីវិត​រស់នៅ១ ភិក្ខុដឹងថា បើអាត្មាអញ កាន់យកវត្ថុ​ណា​មួយ​ហើយ មិត្រនោះ មានសេចក្តីត្រេកអរ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុ​កាន់​យក​ ដោយសេចក្តីស្និទ្ធស្នាល របស់មិត្រ ​ប្រកបដោយអង្គ​ ទាំង​៥នេះបាន។

២២១. បច្ឆិមវិកប្បនុបគចីវរាទិកថា

(២២១)

[៦៦] សម័យនោះឯង ពួកភិក្ខុមានត្រៃចីវរបរិបូណ៌ហើយ តែត្រូវការដោយសំពត់​តម្រងទឹកផង ដោយថង់បាត្រផង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតសំពត់​បរិក្ខារ។ ក្នុងពេលនោះ ពួកភិក្ខុ មានសេចក្តីត្រិះរិះ ​ដូច្នេះថា សំពត់ទាំងឡាយណា គឺត្រៃចីវរក្តី សំពត់​សម្រាប់​ងូតទឹកភ្លៀងក្តី សំពត់សម្រាប់ទ្រាប់អង្គុយក្តី សំពត់​កម្រាលក្តី សំពត់​សម្រាប់​គ្របកមក្តី សំពត់សម្រាប់ជូតមុខក្តី សំពត់បរិក្ខារក្តី ដែល​ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតហើយ សំពត់​ទាំង​អស់នោះ តើយើងគួរអធិដ្ឋាន ឬគួរវិកប្បទុក។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ឲ្យភិក្ខុអធិដ្ឋាន​ត្រៃចីវរ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់សម្រាប់ងូតទឹកភ្លៀងអស់៤ខែ នៃរដូវភ្លៀង តអីពី​កាល​៤ខែនោះទៅ ត្រូវវិកប្បទុក ឲ្យអធិដ្ឋានសំពត់សម្រាប់ទ្រាប់អង្គុយ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់កម្រាល មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់សម្រាប់គ្របកម កំណត់​ត្រឹម​មានអាពាធ ហួសអំពីអាពាធ​នោះទៅ ត្រូវ​វិកប្បទុក ឲ្យអធិដ្ឋានសំពត់សម្រាប់ជូតមុខ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់បរិក្ខារ មិនឲ្យវិកប្បទេ។ ក្នុងពេលនោះ ពួកភិក្ខុ មានសេចក្តី​ត្រិះរិះ​ ដូច្នេះថា ឱហ្ន៎ ចីវរយ៉ាងតូច​បំផុត ត្រឹមប៉ុនណា ទើបត្រូវ​វិកប្បបាន។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុវិកប្បចីវរ យ៉ាងតូចបំផុត បណ្តោយត្រឹម៨ធ្នាប់ ទទឹងត្រឹម៤ធ្នាប់ ដោយ​ធ្នាប់ព្រះសុគត។ សម័យនោះឯង ព្រះកស្សបដ៏មានអាយុ ជាអ្នកធ្វើសេចក្តីគោរព​ ក្នុងសំពត់​បង្សុកូល។17) ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុធ្វើចីវរ​ឲ្យសៅហ្មង ដោយចេស (គឺ​ដេរប៉ះដោយចេស)។ ចីវរមានជាយមិនស្មើគ្នា។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុ​រុះរើ​ចីវរ ដែលមានជាយ​មិនស្មើគ្នា (គឺកាត់ជាយដែលវែងជាងគេចេញ)។ សរសៃអំបោះទាំងឡាយ ក៏ចេះ​តែរសាត់ចេញ។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលើកឡើង (គឺប៉ះ) អនុវាតខាងខ្នង នឹង​អនុវាតខាងពោះ។ សម័យនោះឯង ជាន់ទាំងឡាយនៃសង្ឃាដិ ដាច់ចេញពីគ្នា។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុធ្វើថ្នេរ​ ឲ្យមានសណ្ឋាន​ដូចជាក្រឡាចត្រង្គ។

[៦៧] សម័យនោះឯង ពួកភិក្ខុកំពុងធ្វើចីវរ (ឲ្យ) ភិក្ខុ១រូប លុះភិក្ខុកាត់ចីវរទាំងអស់ទៅ​ហើយ ក៏មិនគ្រប់គ្រាន់។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកាត់តែចីវរពីរ ចីវរមួយ​ មិនបាច់កាត់​ក៏បាន។ ដល់កាត់ចីវរពីរ ចីវរមួយ​មិនកាត់ ក៏នៅតែមិនគ្រប់គ្រាន់។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ចីវរពីរមិនបាច់កាត់ ឲ្យកាត់តែចីវរមួយបាន។ ភិក្ខុមិនកាត់ចីវរពីរ កាត់តែ​ចីវរមួយ ក៏នៅតែមិនគ្រប់គ្រាន់ទៀត។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុលើកឡើង (គឺប៉ះ) សំពត់អាគន្តុកៈ (សំពត់ថ្មី) ទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ទ្រទ្រង់​ចីវរ ដែលមិនកាត់ទាំងអស់​នោះទេ ភិក្ខុណាទ្រទ្រង់ (ស្លៀកដណ្តប់) ត្រូវអាបត្តិទុក្កដ។

[៦៨] សម័យនោះឯង ចីវរកើតឡើងជាច្រើនដល់ភិក្ខុមួយរូប។ ឯភិក្ខុនោះ ចង់ឲ្យចីវរនោះ ដល់មាតា និងបិតា។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឲ្យចីវរ ដោយគិតថា មាតា និងបិតា ដូច្នេះ តថាគត​នឹង​ថាដូចម្តេចបាន ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យចីវរដល់​មាតា និងបិតាបាន ម្នាលភិក្ខុទាំងឡាយ តែថា ភិក្ខុមិនត្រូវធ្វើទាន ដែលគេឲ្យដោយសទ្ធា ឲ្យធ្លាក់ចុះឡើយ ភិក្ខុណា​ឲ្យធ្លាក់ចុះ ត្រូវអាបត្តិទុក្កដ។

[៦៩] សម័យនោះឯង ភិក្ខុមួយរូបទុកចីវរក្នុងអន្ធវន (ព្រៃងងឹត) ហើយមានតែស្បង់ និងឧត្តរាសង្គៈ (ចីពរ) ចូលទៅស្រុកដើម្បីបិណ្ឌបាត។ ពួកចោរ ក៏លួចយកចីវរនោះទៅ។ ភិក្ខុនោះ មានសំពត់អាក្រក់ មានចីវរសៅហ្មង។ ពួកភិក្ខុនិយាយយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វី ក៏អ្នក​មានសំពត់អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុនោះ និយាយនឹងភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំទុក​ចីវរ​ក្នុងអន្ធវននេះ ហើយមានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅស្រុក ដើម្បីបិណ្ឌបាត ពួកចោរ លួច​យក​ចីវរនោះទៅ ព្រោះហេតុនោះ បានជាខ្ញុំ មានសំពត់អាក្រក់ មានចីវរសៅហ្មង។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ មានតែស្បង់ និងឧត្តរាសង្គៈ មិនត្រូវចូលទៅស្រុកទេ ភិក្ខុណាចូលទៅ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ មានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅស្រុក ដើម្បី​បិណ្ឌបាត ដោយភ្លេចស្មារតី។ ពួកភិក្ខុបាននិយាយ​ដូច្នេះ នឹងព្រះអានន្ទ​ដ៏មានអាយុថា ម្នាល​អាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា ភិក្ខុមានតែស្បង់ និងឧត្តរាសង្គៈ មិនត្រូវ​ចូលទៅ​ស្រុក មិនមែនទេឬ ម្នាលអាវុសោ ចុះហេតុអ្វី បានជាអ្នក មានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅ​ស្រុក។ ព្រះអានន្ទឆ្លើយថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុមានតែស្បង់ និងឧត្តរាសង្គៈ មិនត្រូវ​ចូលទៅ​ស្រុកទេ ក៏ពិតមែនហើយ ម្នាលអាវុសោ តែថា ខ្ញុំចូលទៅហើយ ដោយភ្លេចស្មារតី។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុ​ទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់​សង្ឃាដិមាន​៥យ៉ាង គឺភិក្ខុមានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារ​មានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាលកឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះ​ឯង ជាហេតុគួរទុកដាក់សង្ឃាដិបាន។ ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់នូវសំពត់​ឧត្តរាសង្គៈ មាន៥យ៉ាង​ គឺ ភិក្ខុមានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់ត្រើយ​ស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាល​កឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់សំពត់ឧត្តរាសង្គៈបាន។ ម្នាលភិក្ខុទាំងឡាយ ឯហេតុ​គួរទុកដាក់ស្បង់មាន៥យ៉ាង គឺភិក្ខុមានជម្ងឺ១ មានកំណត់​ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់​ត្រើយ​ស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាលកឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់ស្បង់បាន។ ម្នាលភិក្ខុ​ទាំងឡាយ ឯហេតុគួរទុកដាក់សំពត់សម្រាប់ងូតទឹកភ្លៀង មាន៥យ៉ាងគឺ ភិក្ខុមាន​ជម្ងឺ១ ភិក្ខុទៅកាន់​ទីឥតមានសីមា១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារមានការរក្សា​ទ្វារមាំមួន១ សំពត់​សម្រាប់ងូតទឹកភ្លៀង ភិក្ខុមិនទាន់បានធ្វើ ឬធ្វើមិនទាន់ស្រេច១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់ សំពត់​សម្រាប់ងូតទឹកភ្លៀងបាន។

២២២. សង្ឃិកចីវរុប្បាទកថា

(២២២)

[៧០] សម័យនោះឯង ភិក្ខុមួយរូបនៅចាំវស្សាតែម្នាក់ឯង។ មនុស្សទាំងឡាយ នាំគ្នា​ប្រគេន​ចីវរក្នុងទីនោះ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះសង្ឃ។ ភិក្ខុនោះ ក៏មាន​សេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ បានបញ្ញត្តថា ដែលហៅថាសង្ឃ បើយ៉ាងតិច​បំផុត ត្រឹមភិក្ខុ៤រូប ឥឡូវ អាត្មាអញ តែម្នាក់ឯង ក៏មនុស្សទាំងនេះ ប្រគេនចីវរ​ទាំងឡាយ ដោយ​ពាក្យថា យើងទាំងឡាយ ប្រគេនចំពោះសង្ឃ បើដូច្នោះ មានតែអាត្មាអញ នាំយក​ចីវរ​របស់​សង្ឃ​ទាំងនេះ ទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនោះ ក៏នាំយកចីវរទាំងនោះ ទៅកាន់ក្រុងសាវត្ថី ហើយក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ ចីវរទាំងនោះ ជាចីវររបស់អ្នក កំណត់តែត្រឹមកឋិនដោះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុក្នុងសាសនានេះ នៅចាំវស្សា​តែម្នាក់ឯង។ ក្នុងទីនោះ ពួកមនុស្ស ប្រគេនចីវរ​ទាំងឡាយ ដោយ​ពាក្យថា យើងទាំងឡាយ ប្រគេនចីវរ ចំពោះសង្ឃ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ចីវរទាំងនោះ ដល់ភិក្ខុនោះឯង កំណត់ត្រឹម​កឋិនដោះ។ សម័យនោះឯង ភិក្ខុមួយរូប នៅតែ​ម្នាក់ឯង អស់កាល​នៃរដូវ។18) ក្នុងទីនោះ ពួកមនុស្ស​បាន​ប្រគេនចីវរ​ទាំងឡាយ ដោយ​ពាក្យថា យើងទាំងឡាយ ប្រគេនចីវរចំពោះសង្ឃ។ ភិក្ខុនោះ ក៏មាន​សេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ បានបញ្ញត្តថា ដែលហៅថាសង្ឃ បើយ៉ាងតិច​បំផុត ត្រឹមភិក្ខុ៤រូប ក៏ឥឡូវ អាត្មាអញ តែម្នាក់ឯង ចំណែកខាងពួកមនុស្សនេះ បានប្រគេនចីវរ​ទាំងឡាយ ដោយ​ពាក្យថា យើងទាំងឡាយប្រគេនចីវរចំពោះសង្ឃ បើដូច្នោះ គួរអាត្មាអញ នាំយក​ចីវរ ​របស់​សង្ឃ​ទាំងនេះ ទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនោះ ក៏នាំយកចីវរទាំងនោះ ទៅកាន់ក្រុងសាវត្ថី ហើយបានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត​ឲ្យសង្ឃ ដែលមាន​ក្នុងទីចំពោះមុខ19) ចែកគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ​នៅតែម្នាក់ឯង អស់កាលនៃរដូវ។ ក្នុងទីនោះ ពួកមនុស្ស​ប្រគេនចីវរ​ទាំងឡាយ ដោយ​ពាក្យថា យើងទាំងឡាយ ប្រគេនចីវរ ចំពោះសង្ឃ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនោះ អធិដ្ឋានចីវរទាំងនោះ ដូច្នេះថា ចីវរទាំងនេះ ជារបស់​អាត្មាអញ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ មិនទាន់អធិដ្ឋានចីវរនោះទេ ទទួលមានភិក្ខុឯទៀតមកដល់ ត្រូវ​ភិក្ខុនោះ ចែកចំណែកស្មើ (ដល់ភិក្ខុដែលទើប​មកដល់នោះ) ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងចែក​ចីវរនោះ ហើយស្លាក មិនទាន់ធ្លាក់អស់ ទទួល​មានភិក្ខុឯទៀត​មកដល់ ត្រូវភិក្ខុនោះ ចែក​ចំណែកស្មើ (ដល់ភិក្ខុដែលទើបមកដល់នោះ) ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុទាំងនោះ ចែកចីវរនោះ ស្លាកធ្លាក់អស់ទៅហើយ ទើបមានភិក្ខុឯទៀត​មកដល់ មិនបាច់ចែកឲ្យទេ។ សម័យនោះឯង មានព្រះថេរៈ​ពីររូប ជាបងប្អូននឹងគ្នា គឺព្រះថេរៈ​ឈ្មោះ​ឥសិទាសៈដ៏​មានអាយុ១ ព្រះថេរៈឈ្មោះឥសិភត្តដ៏មានអាយុ១ នៅចាំវស្សាក្នុងក្រុងសាវត្ថី លុះចេញវស្សាហើយ ក៏នាំគ្នា​ទៅកាន់អាវាស ក្បែរស្រុកតូចមួយ។ ពួកមនុស្សនិយាយគ្នាថា ព្រះថេរៈ​ទាំងឡាយបាត់​យូរ​ណាស់ហើយ ទើបឃើញនិមន្តមក ថាដូច្នោះហើយ ក៏នាំគ្នាប្រគេនចង្ហាន់ ព្រមទាំងចីវរ។ ពួកភិក្ខុ អ្នកនៅក្នុងអាវាស សួរព្រះថេរៈ​ទាំងឡាយថា បពិត្រព្រះថេរៈ​ដ៏ចំរើន ចីវររបស់សង្ឃ​ទាំងនេះ កើតឡើង ក៏ព្រោះតែព្រះថេរៈ​ទាំងឡាយ តើព្រះថេរៈ​ទាំងឡាយ នឹងត្រេកអរនឹងចំណែក​ដែរឬទេ។ ព្រះថេរៈ​ទាំងឡាយ ក៏និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ធម៌20) ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយយ៉ាងណា យើង​ទាំងឡាយ ក៏បានដឹងច្បាស់ហើយថា ចីវរទាំងនោះ ជាចីវររបស់លោកទាំងឡាយ កំណត់​តែត្រឹម​កឋិនដោះ។ សម័យនោះឯង ភិក្ខុ៣រូប នៅចាំវស្សា ក្នុងក្រុងរាជគ្រឹះ។ ពួកមនុស្ស ក្នុងទីនោះ ប្រគេនចីវរ​ទាំងឡាយ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចីវរចំពោះសង្ឃ។ ភិក្ខុទាំងនោះ ក៏មានសេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តថា ដែលហៅថា សង្ឃ បើយ៉ាងតិចបំផុត ត្រឹម​ភិក្ខុ​៤រូប ឥឡូវ យើងទាំងឡាយ ជាជន៣រូប ក៏មនុស្សទាំងនេះ ប្រគេនចីវរ​ទាំងឡាយ ​ដោយពាក្យថា យើងទាំងឡាយ ប្រគេន​ចីវរចំពោះ​សង្ឃ តើយើងទាំងឡាយ ត្រូវប្រតិបត្តិ​ដូចម្តេច។ សម័យនោះឯង ព្រះថេរៈ​ច្រើនអង្គ គឺព្រះថេរៈ ឈ្មោះនិលវាសីដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះសាណវាសីដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះគោបកៈ​ដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះភគុដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះផលិកសន្ទានៈដ៏មានអាយុ១ នៅក្នុង​កុក្កុដារាម ទៀបក្រុងបាតលិបុត្ត។ កាលនោះ ភិក្ខុទាំងនោះ នាំគ្នាទៅកាន់ក្រុងបាតលិបុត្ត ហើយសួរ​ព្រះថេរៈ​ទាំងឡាយ។ ព្រះថេរៈ​ទាំងឡាយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែងហើយយ៉ាងណា យើងទាំងឡាយ ក៏បានដឹងច្បាស់​ថា ចីវរ​ទាំងឡាយនោះ ជាចីវរ​របស់អ្នកទាំងឡាយ កំណត់តែត្រឹម​កឋិនដោះ។

២២៣. ឧបនន្ទសក្យបុត្តវត្ថុ

(២២៣)

[៧១] សម័យនោះឯង ព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ នៅចាំវស្សាក្នុងក្រុងសាវត្ថី លុះចេញវស្សាហើយ ក៏បានទៅកាន់អាវាស ក្បែរស្រុកតូចមួយ។ ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរ​នឹងចំណែក​ដែរឬ។ ព្រះឧបនន្ទសក្យបុត្រ​ឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់អាវាសឯទៀត។ ឯ​ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះ​ទៀត។ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរ​នឹងចំណែក​ដែរឬ។ ព្រះឧបនន្ទសក្យបុត្រ​ឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់​អាវាស​ឯទៀត។ ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះទៀត។ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោក​ត្រេកអរ​​នឹងចំណែក​ដែរឬ។ ព្រះឧបនន្ទសក្យបុត្រ​ឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះ​ហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ហើយក៏ស្ពាយ​សំពាយ​ចីវរធំ រួច​ត្រឡប់​មកកាន់​ក្រុងសាវត្ថីវិញដដែល។ ពួកភិក្ខុ និយាយយ៉ាងនេះថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នក​មានបុណ្យធំ បានជាលោក​បានចីវរច្រើន។ ព្រះឧបនន្ទ​សក្យបុត្ត​ឆ្លើយថា ម្នាលអាវុសោ ខ្ញុំ​មានបុណ្យ​មកពីណា ដោយសារតែខ្ញុំនៅចាំ​វស្សា​ ក្នុងក្រុងសាវត្ថីនេះ លុះចេញវស្សា​ហើយ ខ្ញុំ​បានទៅកាន់​អាវាសក្បែរស្រុកតូចមួយ ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃ​ទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរ​នឹងចំណែក​ដែរឬ ខ្ញុំឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរ​ដែរ ថាដូច្នោះហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ រួចបានទៅកាន់អាវាសឯទៀត ​ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះ​ទៀត ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរ​នឹងចំណែក​ដែរឬ ខ្ញុំបាននិយាយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់​អាវាស​ឯទៀត ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះទៀត ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោក​ត្រេកអរ​​នឹងចំណែក​ដែរឬ ខ្ញុំនិយាយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះ​ហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពី​អាវាស​នោះមក យ៉ាងនេះ បានជាខ្ញុំ​បានចីវរច្រើន។ ពួកភិក្ខុសួរថា ម្នាលអាវុសោឧបនន្ទ លោកនៅចាំ​វស្សាក្នុងអាវាសដទៃ ហើយលោកត្រេកអរនឹងចំណែកចីវរ ក្នុងអាវាសដទៃ មែនឬ។ ព្រះឧបនន្ទសក្យបុត្តឆ្លើយថា ម្នាលអាវុសោ មែនហើយ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទសក្យបុត្ត​ដ៏មានអាយុ មិនគួរបើនឹង​នៅចាំវស្សា​ ក្នុងអាវាសដទៃ ហើយត្រេកអរ​នឹងចំណែកចីវរ ក្នុងអាវាស​ដទៃសោះ។ ពួកភិក្ខុ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល​ឧបនន្ទ ឮថា អ្នកឯង នៅចាំវស្សា​ ក្នុងអាវាសដទៃ ហើយត្រេកអរ​ នឹងចំណែកចីវរ ក្នុងអាវាស​ដទៃ ពិតមែនឬ។ ព្រះឧបនន្ទសក្យបុត្តឆ្លើយថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មាន​ព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯង មិនគួរបើនឹង​នៅចាំវស្សា​ ក្នុងអាវាសដទៃ ហើយត្រេកអរ​នឹងចំណែកចីវរ ក្នុងអាវាស​ដទៃសោះ នែមោឃបុរស អំពើនេះ មិនមែន​នាំពួក​ជន ដែល​មិនទាន់ជ្រះថ្លា ឲ្យ​ជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា រួច​ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​នៅចាំវស្សា​ ក្នុងអាវាសឯទៀត មិនត្រូវ​ត្រេកអរ​នឹងចំណែកចីវរ ក្នុងអាវាស​ឯទៀតទេ ភិក្ខុណាត្រេកអរ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ​ព្រះឧបនន្ទសក្យបុត្តដ៏មានអាយុ នៅចាំវស្សា​ក្នុងអាវាសពីរតែម្នាក់ឯង ដោយគិតថា ចីវរ​មុខជា​នឹងកើតឡើង​ដល់អញ​ជាច្រើនដូច្នេះ។ ក្នុងពេលនោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា យើងទាំងឡាយ ត្រូវឲ្យចំណែកចីវរ ដល់​ព្រះឧបនន្ទសក្យបុត្តដ៏មានអាយុដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ​ឲ្យចីវរតែមួយចំណែក ដល់មោឃបុរស​ចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ក្នុង​សាសនានេះ នៅចាំវស្សា​ ក្នុងអាវាសពីរតែម្នាក់ឯង ដោយគិតថា ចីវរ​មុខជា​នឹងកើតឡើង​ដល់អញ ​ជាច្រើនដូច្នេះ។ បើភិក្ខុនោះ នៅចាំវស្សា ​ក្នុងអាវាស​ឯណោះ បានពាក់កណ្តាល ចាំវស្សា ​ក្នុងអាវាស​ឯណោះ បានពាក់កណ្តាល ភិក្ខុទាំងឡាយ ត្រូវឲ្យចំណែក​ចីវរ ក្នុង​អាវាស​ឯណោះ ពាក់កណ្តាល ក្នុងអាវាស​ឯណោះ ពាក់កណ្តាល ទៅភិក្ខុនោះចុះ ប្រសិនបើ ភិក្ខុនៅចាំវស្សា ​ក្នុងអាវាស​ណាច្រើនជាង ភិក្ខុទាំងឡាយ ត្រូវឲ្យចំណែក​ចីវរទៅភិក្ខុនោះ តាមកំណត់​ថ្ងៃដែល​ច្រើននោះចុះ។

២២៤. គិលានវត្ថុកថា

(២២៤)

[៧២] សម័យនោះឯង ភិក្ខុ១រូបមានរោគឈឺពោះ។ ភិក្ខុនោះដេកត្រាំនៅលើមូត្រ និងករីស​របស់ខ្លួន។ គ្រានោះ ព្រះដ៏មានព្រះភាគ មានព្រះអានន្ទដ៏មានអាយុ ជាបច្ឆាសមណៈ ទ្រង់​ពុទ្ធ​ដំណើរ ទៅកាន់សេនាសនចារិក ហើយចូលទៅកាន់លំនៅ នៃភិក្ខុនោះ។ ព្រះដ៏មានព្រះភាគ បានទតឃើញភិក្ខុនោះ ដេក​ត្រាំនៅលើមូត្រ និងករីសរបស់ខ្លួន លុះទតច្បាស់ហើយ ក៏ទ្រង់ចូល​ទៅកាន់សំណាក់ភិក្ខុនោះ លុះចូល​ទៅដល់ហើយ ទ្រង់មានព្រះតម្រាស់​យ៉ាងនេះ នឹងភិក្ខុនោះថា ម្នាលភិក្ខុ អ្នកមានរោគអ្វី។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ឈឺពោះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង មានភិក្ខុជាអ្នកបម្រើដែរឬទេ។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស គ្មានទេ។ ព្រះអង្គទ្រង់ត្រាស់ថា ចុះពួកភិក្ខុ ហេតុអ្វី​ក៏មិនបម្រើអ្នក។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់​មេត្តាប្រោស (ដ្បិត) ខ្ញុំព្រះអង្គ មិនដែល​ធ្វើ​(ឧបការៈ) ដល់ពួក​ភិក្ខុសោះ ព្រោះហេតុនោះ បានជាពួកភិក្ខុ ​មិនបម្រើខ្ញុំព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទ​ដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅ​នាំយក​ទឹកមក យើងនឹងឲ្យភិក្ខុនេះងូត។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូល​ព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏នាំយក​ទឹកមក។ ព្រះដ៏មានព្រះភាគ ទ្រង់ស្រោចទឹក ព្រះអានន្ទ​ដ៏មានអាយុ​ដុសលាង ព្រះដ៏មានព្រះភាគចាប់ខាងក្បាល ព្រះអានន្ទដ៏មានអាយុ ចាប់ខាងជើង សែងឡើង យកទៅដាក់ឲ្យដេកលើគ្រែតូច។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយសួរបញ្ជាក់ភិក្ខុទាំងឡាយ ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ក្នុងវិហារឯណោះ មានភិក្ខុឈឺដែរឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូម​ទ្រង់​ព្រះមេត្តាប្រោស មាន។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មានរោគអ្វី។ ពួកភិក្ខុ​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស លោកដ៏មានអាយុនោះ មានរោគពោះ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកបម្រើ​ភិក្ខុនោះ មានដែរឬ។ ពួកភិក្ខុ​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស គ្មានទេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ចុះហេតុអ្វី បានជាពួក​ភិក្ខុ​មិនបម្រើ​ភិក្ខុនោះ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដ្បិតភិក្ខុនោះ មិនដែលធ្វើ (ឧបការៈ) ដល់ភិក្ខុទាំងឡាយ ព្រោះហេតុនោះ បានជាភិក្ខុទាំងឡាយ មិនបម្រើ​ភិក្ខុនោះ។ ព្រះអង្គ ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គ្មានមាតាបិតាទេ បាន​អ្នក​ណា​បម្រើអ្នករាល់គ្នា ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនបម្រើគ្នានឹងគ្នាហើយ តើបានអ្នកណា នឹងបម្រើវិញ ម្នាលភិក្ខុទាំងឡាយ អ្នកណាបម្រើ​តថាគត អ្នកនោះ ឈ្មោះថា​បម្រើ​ភិក្ខុឈឺ។ បើមានឧបជ្ឈាយ៍ ឧបជ្ឈាយ៍ត្រូវបម្រើភិក្ខុនោះអស់១ជីវិត ឧបជ្ឈាយ៍ត្រូវរង់ចាំ ទំរាំ​ភិក្ខុនោះ​សះជា។ បើមានអាចារ្យ អាចារ្យត្រូវបម្រើភិក្ខុនោះ អស់១ជីវិត អាចារ្យ ត្រូវរង់ចាំ ទំរាំ​ភិក្ខុនោះ​សះជា។ បើមាន​សទ្ធិវិហារិក សទ្ធិវិហារិក​ ត្រូវបម្រើភិក្ខុនោះ អស់១ជីវិត សទ្ធិវិហារិក ត្រូវរង់ចាំ ទំរាំ​ភិក្ខុនោះ​សះជា។ បើមានអន្តេវាសិក (កូនសិស្ស) អន្តេវាសិក ត្រូវបម្រើភិក្ខុនោះ អស់១ជីវិត អន្តេវាសិក ត្រូវរង់ចាំ ទំរាំ​ភិក្ខុនោះ​សះជា។ បើមានភិក្ខុមានឧបជ្ឈាយ៍​ស្មើគ្នា ត្រូវ​ភិក្ខុ​មានឧបជ្ឈាយ៍​ស្មើគ្នាបម្រើភិក្ខុនោះ អស់១ជីវិត ភិក្ខុមានឧបជ្ឈាយ៍​ស្មើគ្នា ត្រូវរង់ចាំ ទំរាំភិក្ខុនោះ​សះជា។ បើមាន​ភិក្ខុមានអាចារ្យ​ស្មើគ្នា ​ភិក្ខុមានអាចារ្យ​ស្មើគ្នា ត្រូវបម្រើ​ភិក្ខុនោះ​អស់១ជីវិត ​ភិក្ខុមានអាចារ្យ​ស្មើគ្នា ត្រូវរង់ចាំ ទំរាំ​ភិក្ខុនោះសះជា។ បើឧបជ្ឈាយ៍ក្តី អាចារ្យក្តី សទ្ធិវិហារិក​ក្តី អន្តេវាសិកក្តី ​ភិក្ខុមានឧបជ្ឈាយ៍​ស្មើគ្នាក្តី ​ភិក្ខុមានអាចារ្យ​ស្មើគ្នាក្តី មិនមានទេ សង្ឃត្រូវបម្រើ​ភិក្ខុមានជម្ងឺនោះ។ បើសង្ឃមិនបម្រើទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយអង្គ៥ ជាបុគ្គលលំបាកគេបម្រើ គឺបុគ្គលមិនចេះធ្វើខ្លួនឲ្យសប្បាយ១ មិនដឹង​ប្រមាណ​ ក្នុងការសប្បាយ១ មិនខ្នាស់ខ្នែងប្រើថ្នាំ១ មិនប្រាប់អាពាធ ដែលចំរើន ថាចំរើនក្តី មិនប្រាប់អាពាធ ដែល​ធូរថយ ថាធូរថយក្តី មិនប្រាប់អាពាធ ដែលនៅនឹងដដែល ថានៅ​នឹង​ដដែលក្តី ឲ្យច្បាស់តាមពិត ដល់បុគ្គលអ្នកបម្រើជម្ងឺ ដែលជាអ្នក​ចង់ឲ្យសះជា១ មិនអត់សង្កត់ នូវទុក្ខវេទនា ដ៏រឹងក្លាផ្សាក្តៅ ដែលកើតឡើងក្នុងប្រជុំ​ នៃសរីរៈ មិនឆ្ងាញ់ពីសា មិនគាប់ចិត្ត ជាទីនាំឲ្យខូចជីវិត១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយអង្គ ទាំង៥​នេះឯង តែងលំបាកគេបម្រើ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានជម្ងឺ ប្រកបដោយ អង្គ៥ ងាយ​គេបម្រើ គឺបុគ្គលចេះធ្វើខ្លួនឲ្យសប្បាយ១ ដឹងប្រមាណ​ ក្នុងការសប្បាយ១ ខ្នាស់ខ្នែងប្រើថ្នាំ១ ប្រាប់អាពាធ ដែលចំរើនឡើង ថាចំរើនឡើងក្តី ប្រាប់អាពាធ ដែល​ធូរថយ ថាធូរថយក្តី ប្រាប់អាពាធ ដែល​នៅ​នឹង​ដដែល ថានៅនឹងដដែល ឲ្យច្បាស់តាមពិត ដល់បុគ្គលអ្នកបម្រើជម្ងឺ ដែលជាអ្នក​ចង់ឲ្យ​សះជា១ ជាអ្នកអត់សង្កត់ នូវទុក្ខវេទនា ដ៏រឹងក្លាផ្សាក្តៅ ដែលកើតឡើង ក្នុងប្រជុំ​ នៃសរីរៈ មិនឆ្ងាញ់​ពីសា មិនគាប់ចិត្ត ជាទីនាំឲ្យខូចជីវិត១ ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានជម្ងឺ ប្រកបដោយ អង្គទាំង៥​ នេះឯង តែងងាយគេបម្រើ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​អ្នកបម្រើ​ជម្ងឺ ប្រកបដោយអង្គ៥ មិនគួរនឹងបម្រើជម្ងឺទេ គឺបុគ្គល​មិនប្រសប់ចាត់ចែងថ្នាំ១ មិនស្គាល់ហេតុ​សប្បាយ និងមិនសប្បាយ១ នាំរបស់ដែលមិនសប្បាយចូលទៅ នាំរបស់ដែលសប្បាយចេញ​មក១ បម្រើអ្នកជម្ងឺ ចង់បានតែអាមិសៈ ឥតមានចិត្តមេត្តា មានតែខ្ពើមរអើមនឹងការនាំចេញ​នូវ​ឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី កំអួតក្តី១ មិនអាចនឹងពន្យល់អ្នកមានជម្ងឺ ឲ្យឃើញ​ច្បាស់ ឲ្យ​កាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា សព្វៗកាល១ ម្នាលភិក្ខុទាំងឡាយ បុគ្គល​អ្នកបម្រើជម្ងឺ ប្រកបដោយ អង្គ៥នេះឯង មិនគួរបម្រើជម្ងឺទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបម្រើ​ជម្ងឺ បើប្រកបដោយ អង្គ៥ ទើបគួរបម្រើជម្ងឺបាន គឺបុគ្គល​ប្រសប់ចាត់ចែងថ្នាំ១ ស្គាល់ហេតុ​សប្បាយ និងមិនសប្បាយ១ នាំរបស់ដែលមិនសប្បាយចេញទៅ នាំរបស់ដែល​សប្បាយ​ចូល​មក១ មានចិត្តមេត្តា មិនប្រាថ្នាអាមិសៈ ហើយបម្រើជម្ងឺ មិនខ្ពើមរអើម ក្នុងការ​នាំ​ចេញ​ ​នូវ​ឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី កំអួតក្តី១ អាចនឹងពន្យល់អ្នកមានជម្ងឺ ឲ្យឃើញ​ច្បាស់ ឲ្យ​កាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា សព្វៗកាល១ ម្នាលភិក្ខុទាំងឡាយ បុគ្គល​អ្នកបម្រើជម្ងឺ​ លុះតែប្រកបព្រមដោយអង្គ ទាំង៥នេះឯង ទើបគួរបម្រើជម្ងឺបាន។

២២៥. មតសន្តកកថា

(២២៥)

[៧៣] សម័យនោះឯង មានភិក្ខុពីររូបដើរទៅតាមផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងពីររូបនោះ ចូលទៅកាន់អាវាស១។ ក្នុងអាវាសនោះ មានភិក្ខុមួយរូបឈឺ។ ភិក្ខុទាំង​នោះ ក៏មានសេចក្តីត្រិះរិះ​ ដូច្នេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់សរសើរ​ការបម្រើ​ជម្ងឺពេក​ណាស់ អាវុសោ បើដូច្នោះ មានតែយើងទាំងឡាយ នឹងបម្រើភិក្ខុនេះ។ ភិក្ខុទាំងនោះ ក៏នាំគ្នា​បម្រើភិក្ខុឈឺនោះ។ កាលដែលភិក្ខុទាំងនោះ កំពុងបម្រើ ភិក្ខុឈឺ ក៏ធ្វើមរណកាលទៅ។ គ្រានោះ​ ភិក្ខុទាំងនោះ ក៏នាំយកបាត្រ និងចីវររបស់​ភិក្ខុឈឺនោះ ទៅឯក្រុងសាវត្ថី ហើយក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុ​(ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់ភិក្ខុនោះ) តែថា ពួកភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈ​ច្រើនជាងគេ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃ​ ឲ្យត្រៃចីវរ និងបាត្រ ដល់ភិក្ខុអ្នកបម្រើជម្ងឺចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុអ្នក​បម្រើជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយនិយាយ​យ៉ាងនេះ នឹងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរ និងបាត្រនេះ ជារបស់​ភិក្ខុនោះ។ ភិក្ខុដែល​ឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរ និងបាត្រនេះ ជារបស់ភិក្ខុនោះ។ បើការ​ឲ្យ​ត្រៃចីវរ និងបាត្រ មានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរនេះ និងបាត្រនេះ ជារបស់ភិក្ខុនោះ។ ឥឡូវ សង្ឃបានឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យត្រៃចីវរ និងបាត្រ​ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺនេះ (បើ) គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ ត្រូវស្ងៀម (បើ) មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុ​អង្គនោះ និយាយឡើង។ សង្ឃបានឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួកភិក្ខុ អ្នកបម្រើជម្ងឺហើយ។ ការឲ្យត្រៃចីវរ និងបាត្រ ដល់ពួកភិក្ខុ អ្នកបម្រើជម្ងឺ ប្រហែលជាគាប់ចិត្ត ​ដល់សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តី​នេះ ដោយអាការស្ងៀមយ៉ាងនេះ។ សម័យនោះឯង មានសាមណេរមួយរូប ធ្វើមរណភាព។ ពួកភិក្ខុ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើសាមណេរ (ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់សាមណេរនោះ) តែថា ភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈ​ច្រើនជាង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសង្ឃ ឲ្យចីវរ និងបាត្រ​ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុអ្នក​បម្រើជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយនិយាយ​យ៉ាងនេះនឹងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ ភិក្ខុដែល​ឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​សាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ បើការ​ឲ្យចីវរ និងបាត្រ មានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវឲ្យចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​សាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ ឥឡូវ សង្ឃឲ្យចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យចីវរ និងបាត្រ​ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺនេះ (បើ) គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ ត្រូវស្ងៀម (បើ) មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុ​អង្គនោះ និយាយឡើង។ ចីវរ និងបាត្រនេះ សង្ឃបានឲ្យ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យចីវរ និងបាត្រ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺ ប្រហែលជាគាប់ចិត្ត​ ដល់សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុករឿង​នេះ ដោយអាការស្ងៀមនៅ យ៉ាងនេះ។ សម័យនោះឯង មានភិក្ខុមួយរូប និងសាមណេរមួយរូប បម្រើភិក្ខុឈឺ។ កាលបើភិក្ខុ និងសាមណេរ​ទាំងនោះ កំពុង​បម្រើ ភិក្ខុឈឺនោះ ក៏ធ្វើមរណភាពទៅ។ ឯភិក្ខុអ្នកបម្រើជម្ងឺនោះ ក៏មានសេចក្តីត្រិះរិះថា អាត្មាអញ ត្រូវឲ្យចំណែកចីវរ​ទៅសាមណេរ ដែលជាអ្នកបម្រើជម្ងឺដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ ឲ្យចំណែកស្មើគ្នា ទៅសាមណេរ ដែលជាអ្នកបម្រើជម្ងឺចុះ។ សម័យនោះឯង មានភិក្ខុ១រូប មានទ្រព្យច្រើន មានបរិក្ខារច្រើន ធ្វើមរណភាពទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុ (ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់ភិក្ខុនោះ) តែថា ពួកភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈ​ច្រើនជាងគេ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសង្ឃ ឲ្យត្រៃចីវរ និងបាត្រ​ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺចុះ បើមាន​វត្ថុណាមួយ ជាគ្រឿងលហុភណ្ឌ21) ឬជាគ្រឿង​លហុបរិក្ខារ22) នៅក្នុងទីនោះ តថាគតអនុញ្ញាតឲ្យសង្ឃ ដែលមានក្នុងទីចំពោះមុខ (ព្រមព្រៀង​គ្នា) ចែកគ្រឿង​លហុភណ្ឌ និងគ្រឿង​លហុបរិក្ខារនោះបាន បើមានគ្រឿង​គរុភណ្ឌ ឬគ្រឿង​គរុបរិក្ខារណា នៅក្នុងទីនោះ គ្រឿងគរុភណ្ឌ និងគ្រឿង​គរុបរិក្ខារនោះ ត្រូវទុកសម្រាប់​សង្ឃដែល​មក ឬមិនទាន់បានមកពីទិសទាំង៤ ភិក្ខុមិនត្រូវលះ មិនត្រូវចែកគ្នាទេ។

២២៦. នគ្គិយបដិក្ខេបកថា

(២២៦)

[៧៤] សម័យនោះឯង មានភិក្ខុ១រូបមានកាយអាក្រាត ហើយចូលទៅកាន់សំណាក់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងទ្រង់សរសើរគុណរបស់​បុគ្គលអ្នកប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន ការអាក្រាតនេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត និងនាំឲ្យ​មានសេចក្តីប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះ​មាន​ព្រះភាគ ទ្រង់អនុញ្ញាត​ការអាក្រាត ដល់ពួក​ភិក្ខុ ជាការ​ស្រួលពេកណាស់។ ព្រះពុទ្ធ​មាន​ព្រះភាគ បន្ទោសថា នែមោឃបុរស អំពើនេះមិនទំនងទេ។បេ។ ម្នាលមោឃបុរស អ្នកមិនសមបើ នឹង​​សមាទាននូវការអាក្រាត ជាតិត្ថិយសមាទាន23) (ដូច្នេះ) សោះ ម្នាលមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ការអាក្រាត ជាតិត្ថិយ​សមាទាន ភិក្ខុមិនត្រូវសមាទានទេ ភិក្ខុណាសមាទាន ត្រូវអាបត្តិថុល្លច្ច័យ។

២២៧. កុសចីរាទិបដិក្ខេបកថា

(២២៧)

សម័យនោះឯង មានភិក្ខុ​១រូប ស្លៀកសំពត់ដែលគេធ្វើពីស្បូវភ្លាំង។បេ។ ស្លៀកសំពត់ដែលគេធ្វើ​ពីសម្បក​ឈើ។បេ។ ស្លៀកសំពត់ដែលគេធ្វើពីផែនក្តារ។បេ។ ស្លៀកសំពត់កម្ពល ដែលគេធ្វើពីសក់។បេ។ ស្លៀក​សំពត់កម្ពលដែលគេធ្វើពីរោមកន្ទុយ​សត្វ។បេ។ ស្លៀកសំពត់ដែលគេធ្វើពីស្លាបមៀម។បេ។ ស្លៀក​សំពត់ដែលគេធ្វើពីស្បែកខ្លា ហើយចូលទៅកាន់​សំណាក់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ តែង​ទ្រង់សរសើរគុណ របស់​បុគ្គល​អ្នក​ប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត ប្រារព្ធព្យាយាម ដោយបរិយាយ​ជាច្រើន បពិត្រព្រះអង្គដ៏ចំរើន ស្បែកខ្លានេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តី​ផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ និងនាំឲ្យ​មានសេចក្តី​ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់អនុញ្ញាត​ឲ្យពួក​ភិក្ខុស្លៀក​ដណ្តប់​សំពត់ស្បែកខ្លា ជាការ​ស្រួលពេកណាស់។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោស​ថា នែមោឃបុរស អំពើនេះមិនទំនងទេ។បេ។ នែមោឃបុរស អ្នកមិនសមបើនឹង​ទ្រទ្រង់សំពត់​ស្បែកខ្លា ជាទង់ជ័យ នៃតិរ្ថិយសោះ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់ស្បែកខ្លា ជាទង់ជ័យ​របស់តិរ្ថិយទេ ភិក្ខុណាទ្រទ្រង់ ត្រូវអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ១រូប ស្លៀកសំពត់ដែលគេធ្វើពីដើមរាក់។បេ។ ស្លៀក​សំពត់ដែលគេធ្វើពីសម្បកក្រចៅ ហើយ​ចូលទៅ​កាន់​សំណាក់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ តែងទ្រង់សរសើរគុណ របស់​បុគ្គល​អ្នក​ប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់​បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ ប្រារព្ធព្យាយាម ដោយ​បរិយាយ​ជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សំពត់សម្បកក្រចៅនេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ និងនាំឲ្យ​មានសេចក្តី​ប្រារព្ធ​ព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់អនុញ្ញាត​ឲ្យពួក​ភិក្ខុ (ទ្រទ្រង់) ​សំពត់សម្បកក្រចៅ ជាការ​ស្រួលពេកណាស់។ ព្រះពុទ្ធដ៏មាន​ព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អំពើនេះមិនទំនងទេ។បេ។ ម្នាលមោឃបុរស អ្នកមិន​សមបើ នឹង​ស្លៀកសំពត់សម្បកក្រចៅសោះ ម្នាលមោឃបុរស អំពើនេះ មិនមែននាំពួកជន ដែល​មិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅ​ភិក្ខុ​ទាំង​ឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀកសំពត់សម្បកក្រចៅទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។

២២៨. សព្វនីលកាទិបដិក្ខេបកថា

(២២៨)

[៧៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទ្រទ្រង់24) ចីវរខៀវសុទ្ធ ទ្រទ្រង់ចីវរលឿងសុទ្ធ ទ្រទ្រង់ចីវរក្រហមសុទ្ធ ទ្រទ្រង់ចីវរពណ៌ហង្សបាទ​សុទ្ធ ទ្រទ្រង់ចីវរខ្មៅសុទ្ធ ទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ (ពណ៌ខ្នងក្អែប) ទ្រទ្រង់ចីវរលឿងទុំសុទ្ធ (ពណ៌ដូចផ្កាឈូក) ទ្រទ្រង់ចីវរមានជាយមិនបានកាត់ចេញ ទ្រទ្រង់ចីវរមានជាយវែង ទ្រទ្រង់ចីវរមានជាយ​ជាផ្កាឈើ ទ្រទ្រង់ចីវរមានជាយជាផ្លែឈើ ទ្រទ្រង់អាវ ទ្រទ្រង់មួក ទ្រទ្រង់​សំពត់ឈ្នួត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់ចីវរខៀវសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមសុទ្ធ មិនត្រូវទ្រទ្រង់ចីវរពណ៌ហង្សបាទ​សុទ្ធ មិនត្រូវទ្រទ្រង់ចីវរខ្មៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងទុំសុទ្ធ មិនត្រូវទ្រទ្រង់ចីវរ មានជាយ​ មិនបានកាត់ចេញ មិនត្រូវទ្រទ្រង់ចីវរមានជាយវែង មិនត្រូវទ្រទ្រង់ចីវរមានជាយ​ជាផ្កាឈើ មិនត្រូវទ្រទ្រង់ចីវរ មានជាយជាផ្លែឈើ មិនត្រូវទ្រទ្រង់អាវ មិនត្រូវទ្រទ្រង់មួក មិនត្រូវ​ទ្រទ្រង់​​សំពត់ឈ្នួត ភិក្ខុណាទ្រទ្រង់​ ត្រូវអាបត្តិទុក្កដ។

២២៩. វស្សំវុដ្ឋានំ អនុប្បន្នចីវរកថា

(២២៩)

[៧៦] សម័យនោះឯង ភិក្ខុទាំងឡាយនៅចាំវស្សារួចហើយ តែចីវរមិនទាន់កើតឡើង25) ក៏នាំគ្នា​ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ស្លាប់ទៅខ្លះ ប្តេជ្ញាខ្លួនជាសាមណេរខ្លះ ប្តេជ្ញាខ្លួន​ជាបុគ្គល​ពោលលាសិក្ខាខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលត្រូវអន្តិមវត្ថុខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលឆ្កួតខ្លះ ប្តេជ្ញាខ្លួនជា​បុគ្គល​មានចិត្តអណ្តែត​អណ្តូងខ្លះ ប្តេជ្ញាខ្លួនជា​បុគ្គល គឺវេទនាគ្របសង្កត់ខ្លះ ប្តេជ្ញាខ្លួនជា​បុគ្គល គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ប្តេជ្ញាខ្លួនជា​បុគ្គល​ គឺសង្ឃ​លើកវត្ត ព្រោះមិនបាន​សំដែង​អាបត្តិខ្លះ ប្តេជ្ញាខ្លួនជាបុគ្គល គឺសង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិអាក្រក់ខ្លះ ប្តេជ្ញាខ្លួនជា​ខ្ទើយខ្លះ ប្តេជ្ញាខ្លួនជា​អ្នកលួចសំវាសខ្លះ ប្តេជ្ញាខ្លួនជាអ្នកចូលពួកតិរ្ថិយខ្លះ ប្តេជ្ញា​ខ្លួនជា​​សត្វតិរច្ឆានខ្លះ ប្តេជ្ញាខ្លួនជាអ្នកសម្លាប់​មាតាខ្លះ ប្តេជ្ញាខ្លួនជា​អ្នកសម្លាប់​បិតាខ្លះ ប្តេជ្ញាខ្លួន​ជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាខ្លួនជាអ្នកទ្រុស្តភិក្ខុនីខ្លះ ប្តេជ្ញាខ្លួនជាអ្នកបំបែក​សង្ឃខ្លះ ប្តេជ្ញា​ខ្លួនជាអ្នកធ្វើលោហិត (ព្រះបរមគ្រូ) ឲ្យពុរពងឡើងខ្លះ ប្តេជ្ញាខ្លួនជា​ឧភតោព្យញ្ជនក (មនុស្ស​មានភេទពីរ)ខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ចៀសចេញទៅ។ កាលបើ​មានភិក្ខុអ្នកទទួលយកចីវរ​ដ៏សមគួរ សង្ឃត្រូវឲ្យ​ចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាល​បើចីវរ​មិនទាន់​កើតឡើង ក៏សឹក​ទៅក្តី ស្លាប់ទៅក្តី ប្តេជ្ញាខ្លួនជាសាមណេរក្តី ប្តេជ្ញាខ្លួនជាអ្នក​ពោល​លា​សិក្ខាក្តី ប្តេជ្ញាខ្លួនជាអ្នកត្រូវ​អន្តិមវត្ថុក្តី។ សង្ឃត្រូវជាម្ចាស់ (ចីវរនោះឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ប្តេជ្ញា​ខ្លួនជា​មនុស្ស​ឆ្កួតក្តី ប្តេជ្ញាខ្លួនជាមនុស្សមានចិត្តអណ្តែតអណ្តូងក្តី ប្តេជ្ញាខ្លួនជាមនុស្ស​មានវេទនា​គ្របសង្កត់​ក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃ​លើកវត្ត ព្រោះ​មិនបានសំដែងអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃ​លើកវត្ត ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់​ក្តី។ កាលបើមានភិក្ខុជាអ្នកទទួល​យកចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ នៅចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយក្តី។បេ។ ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនកក្តី។ សង្ឃត្រូវជាម្ចាស់ (ចីវរនោះ​ឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ​ នៅចាំវស្សារួចហើយ កាលបើចីវរ​​កើត​ឡើងហើយ តែសង្ឃមិនទាន់បានចែក ខ្លួនក៏ចៀសចេញទៅ។ កាលបើមានភិក្ខុ ជាអ្នកទទួល​ចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់បានចែក ខ្លួនក៏សឹកទៅក្តី ស្លាប់ទៅក្តី ប្តេជ្ញាខ្លួនជាសាមណេរក្តី ប្តេជ្ញាខ្លួនជាអ្នកពោល​លាសិក្ខាក្តី ប្តេជ្ញាខ្លួនជាបុគ្គល​ត្រូវ​អន្តិមវត្ថុក្តី។ សង្ឃត្រូវជាម្ចាស់(ចីវរនោះ)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុនៅ​ចាំវស្សា​រួចហើយ កាលបើចីវរកើតឡើង តែសង្ឃមិនទាន់បានចែក ក៏ប្តេជ្ញាខ្លួនជាមនុស្សឆ្កួតក្តី ប្តេជ្ញាខ្លួនជាបុគ្គលមានចិត្តអណ្តែតអណ្តូងក្តី ប្តេជ្ញាខ្លួនជាបុគ្គល​មានវេទនាគ្របសង្កត់ក្តី ប្តេជ្ញាខ្លួន​ជា​ភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះ​មិនបាន​សំដែង​អាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃ​លើកវត្ត ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ក្តី។ កាល​បើមាន​ភិក្ខុ​ជាអ្នកទទួល​ចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើមាន​ភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិន​ទាន់​បាន​ចែក ក៏​ប្តេជ្ញា​ខ្លួនជាមនុស្សខ្ទើយក្តី។បេ។ ប្តេជ្ញាខ្លួនជា​ឧភតោព្យញ្ជនកក្តី។ សង្ឃត្រូវ​ជាម្ចាស់ (ចីវរនោះ​ឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ពួកភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរ​មិន​ទាន់​កើតឡើង សង្ឃក៏បែកគ្នាទៅ26) មនុស្សទាំងឡាយក្នុងទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយ​ពួក ប្រគេនចីវរ​ចំពោះ​ភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយប្រគេនចំពោះសង្ឃ។ ទឹកនិងចីវរនេះ ក៏នៅជារបស់សង្ឃដដែល។

២៣០. សង្ឃេ ភិន្នេ ចីវរុប្បាទកថា

(២៣០)

ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ពួកភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ។ មនុស្ស​ទាំងឡាយ​ក្នុង​ទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយ​ពួក ប្រគេនចីវរ ​ចំពោះ​ភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះសង្ឃ។ ទឹកនិងចីវរនេះ ក៏នៅជារបស់សង្ឃដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ពួកភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរ​មិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ។ មនុស្ស​ទាំងឡាយ​ក្នុង​ទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយ​ពួក ប្រគេនចីវរ ​ចំពោះ​ភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះពួក។ ទឹកនិងចីវរនេះ ក៏នៅជារបស់ពួកដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ពួកភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ។ មនុស្ស​ទាំងឡាយ​ក្នុង​ទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយ​ពួក ប្រគេនចីវរ ​ចំពោះ​ភិក្ខុមួយពួកនោះឯង ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះពួក។ ទឹកនិងចីវរនេះ ក៏នៅជារបស់ពួកដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ពួកភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់ចែក សង្ឃក៏បែក​គ្នា​ទៅ។ ចីវរនោះ សង្ឃត្រូវចែកដល់ពួកភិក្ខុទាំងអស់ឲ្យស្មើគ្នា។

២៣១. ទុគ្គហិតសុគ្គហិតាទិកថា

(២៣១)

[៧៧] សម័យនោះឯង ព្រះរេវតដ៏មានអាយុ បានផ្ញើចីវរទៅប្រគេន​ព្រះសារីបុត្តដ៏​មានអាយុនឹងដៃភិក្ខុ១រូប ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ព្រះថេរៈ​ផងចុះ។ គ្រានោះ​ឯង លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុនោះក៏យកចីវរនោះ (មកប្រើប្រាស់ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងព្រះរេវតដ៏មានអាយុ។ គ្រាក្រោយ ព្រះរេវតដ៏មានអាយុ បាន​មក​​ជួប​នឹងព្រះសារីបុត្តដ៏មានអាយុ ហើយសួរថា បពិត្រព្រះថេរៈ​ដ៏ចំរើន ខ្ញុំករុណាបានផ្ញើចីវរ មកប្រគេន​ព្រះថេរៈ តើចីវរនោះ បានដល់មកហើយឬ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ខ្ញុំមិន​ឃើញចីវរនោះទេ។ ទើប​ព្រះរេវតដ៏មានអាយុ បាននិយាយ ​ទៅនឹងភិក្ខុនោះថា ម្នាលអាវុសោ ខ្ញុំបាន​ផ្ញើចីវរ មកប្រគេន​ព្រះថេរៈ នឹងដៃលោកដ៏មានអាយុ តើចីវរនោះ នៅឯណា។ ភិក្ខុនោះ​ឆ្លើយថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំបានយកចីវរនោះ (មកប្រើប្រាស់ ដោយខ្លួនឯងទៅហើយ) ដោយអាង​សេចក្តីស្និទ្ធស្នាល នឹងលោកដ៏មានអាយុ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះ ផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា កាន់យកល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់​ ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល នឹងភិក្ខុអ្នកចាំ​ទទួលយក​ចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាង​នេះ) ហៅថា កាន់យកមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុដែល​ផ្ញើចីវរមកនោះ ស្លាប់ទៅហើយ ៗក៏អធិដ្ឋាន​មតកចីវរ27) របស់​ភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់​ ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលចីវរនោះ (យ៉ាង​នេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុដែលចាំទទួលចីវរនោះ ស្លាប់​ទៅហើយ ៗក៏អធិដ្ឋាន​មតកចីវរ ​របស់ភិក្ខុនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានមិនល្អ (អធិដ្ឋានមិនឡើង)។ បើភិក្ខុ​អ្នក​ទទួល​បញ្ញើ យកចីវរ (មកប្រើប្រាស់ ​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុទាំងពីររូប28) ស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុ​អ្នកទទួលបញ្ញើ អធិដ្ឋាន​មតកចីវរ របស់​ភិក្ខុដែល​ចាំទទួល​ចីវរវិញ (យ៉ាងនេះ) ហៅថា អធិដ្ឋាន​​មិន​ល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើ ក៏យកចីវរ (មកប្រើប្រាស់ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល​នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា កាន់យកមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាលនឹងភិក្ខុអ្នកចាំ​ទទួលយក​ចីវរវិញ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរ​ទៅនឹងដៃ​​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាង​នេះ) ហៅថា កាន់យកល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល​នឹងភិក្ខុ​អ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើ ក៏ឮដំណឹងថា ភិក្ខុដែល​ផ្ញើចីវរមកនោះ ស្លាប់ទៅហើយ ហើយក៏អធិដ្ឋានមតកចីវរ របស់​ភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាលនឹងភិក្ខុអ្នកចាំ​ទទួលយក​ចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យក​ល្អ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួល​បញ្ញើនោះ ឮដំណឹងថា ភិក្ខុអ្នកចាំទទួលយកចីវរនោះ ស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតក​ចីវរ របស់ភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុអ្នក​ទទួល​បញ្ញើ​យកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាលនឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុទាំងពីររូបស្លាប់​ទៅហើយ ៗក៏អធិដ្ឋាន​មតកចីវរ របស់​ភិក្ខុអ្នកផ្ញើទៅនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានមិនល្អ។ បើភិក្ខុអ្នកទទួលបញ្ញើ អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកចាំទទួលចីវរនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។

២៣២. អដ្ឋចីវរមាតិកា

(២៣២)

[៧៨] ម្នាលភិក្ខុទាំងឡាយ មាតិកា (ហេតុ) ដែលនាំឲ្យកើតចីវរឡើង មាន៨យ៉ាង​ គឺ គេឲ្យ​ចីវរក្នុងសីមា១ គេឲ្យ​ចីវរ ដោយសេចក្តីប្តេជ្ញា១ គេឲ្យ​ចីវរ ដោយសេចក្តីបញ្ញត្តិ នៃភិក្ខា (ទី​បរិច្ចាគទាន​ របស់ខ្លួន)១ គេឲ្យ​ចីវរចំពោះសង្ឃ១ គេឲ្យ​ចីវរចំពោះឧភតោសង្ឃ១ គេឲ្យ​ចីវរចំពោះ​សង្ឃ ដែលនៅចាំវស្សា១ គេចំពោះវត្ថុ ឬកំណត់វត្ថុហើយ ទើប​ឲ្យចីវរ១ គេឲ្យ​ចីវរ ចំពោះ​បុគ្គល១។ ដែលហៅថា គេឲ្យ​ចីវរក្នុងសីមា គឺ (សំដៅយក) ភិក្ខុមានចំនួន​ប៉ុន្មាន​រូប ដែលនៅខាង​ក្នុង​សីមា ត្រូវភិក្ខុទាំងនោះ ចែកចីវរគ្នាចុះ។ ដែលហៅថា គេឲ្យ​ចីវរដោយសេចក្តី​ប្តេជ្ញាគឺ (សំដៅ​យក) អាវាសច្រើន ជាអាវាស មានលាភស្មើគ្នា កាលបើគេឲ្យ​ចីវរក្នុងអាវាស​តែ១ ទុកដូចជា បានឲ្យចីវរ ក្នុងអាវាសទាំងអស់។ ដែលហៅថា គេឲ្យ​ចីវរដោយសេចក្តី​បញ្ញត្តិនៃ​ភិក្ខា គឺ (សំដៅយក) ការបូជាជានិច្ច ដែលគេធ្វើ ចំពោះសង្ឃ ក្នុងទីណា គេក៏ឲ្យចីវរក្នុងទីនោះ។ ដែលហៅថា គេឲ្យ​ចីវរចំពោះសង្ឃ គឺ (សំដៅយក) សង្ឃដែលមកជួបជុំមុខគ្នា ហើយត្រូវចែក​ចីវរ​ចុះ។ ដែលហៅថា គេឲ្យ​ចីវរ ចំពោះ​ឧភតោសង្ឃ (សំដៅយក) ភិក្ខុសូម្បី​ច្រើនរូប ភិក្ខុនីតែ១រូប សង្ឃ​ក៏ត្រូវឲ្យចីវរ​ពាក់កណ្តាល (ស្មើគ្នា)។ ភិក្ខុនី សូម្បីច្រើនរូប ភិក្ខុតែ១រូប សង្ឃក៏ត្រូវ​ឲ្យចីវរ​ពាក់កណ្តាល (ស្មើគ្នា)។ ដែលហៅថា គេឲ្យ​ចីវរចំពោះ​សង្ឃដែល​នៅចាំវស្សា (សំដៅយក) ភិក្ខុ​មានកំណត់ប៉ុន្មានរូប នៅចាំវស្សាក្នុងអាវាសនោះ ភិក្ខុទាំងនោះ ត្រូវចែកចីវរគ្នាចុះ។ ដែលហៅថា ចំពោះ​វត្ថុ ឬកំណត់​វត្ថុហើយ ទើបគេឲ្យចីវរគឺ (សំដៅយកត្រង់ហេតុ) ដែលគេឲ្យបបរហើយ គេឲ្យ​ចីវរផង ជួនកាល គេឲ្យភត្តហើយ គេឲ្យចីវរផង ជួនកាល គេឲ្យខាទនីយៈហើយ គេឲ្យចីវរ​ផង ជួនកាល គេឲ្យចីវរតែម្តង ជួនកាលគេឲ្យសេនាសនៈហើយ គេឲ្យទាំងចីវរផង ពុំនោះសោត គេឲ្យ​ភេសជ្ជៈ ព្រមទាំងចីវរផង។ ដែលហៅថា គេឲ្យចីវរ​ ចំពោះបុគ្គលគឺ (សំដៅយកត្រង់ហេតុ) ដែលគេឲ្យ ​ដោយពាក្យថា ខ្ញុំឲ្យចីវរនេះ ចំពោះភិក្ខុឈ្មោះនេះ។

ចប់ ចីវរក្ខន្ធកៈទី៨។

ក្នុងខន្ធកៈនេះ មាន៩៦រឿង។

២៣៣. តស្សុទ្ទានំ

ឧទ្ទានរបស់ចីវរក្ខន្ធកៈនោះគឺ

[៧៩] ​ រឿងពួកកុដុម្ពិកៈនៅក្នុងក្រុងរាជគ្រឹះ ឃើញពួកស្រីផ្កាមាស​ក្នុងក្រុងវេសាលី ហើយទៅក្រុងរាជគ្រឹះវិញ ក៏បានក្រាបទូលសេចក្តីនុ៎ះ​ដល់ស្តេច១។ រឿងកូនប្រុសនៃ​ស្រីផ្កាមាស ឈ្មោះសាលវតី ត្រឡប់​បានមក​ជា កូនអភយរាជកុមារវិញ ព្រះរាជកុមារ បានចិញ្ចឹមទុក ឲ្យឈ្មោះថា ជីវកៈ ព្រោះហេតុតែពាក្យសួរថា កូននោះ មានជីវិតរស់នៅ ឬស្លាប់១។ រឿងជីវកកោមារភត្យ ទៅក្រុងតក្កសិលា រៀនធ្វើពេទ្យ បានជាមហាពេទ្យ ហើយមើលជម្ងឺ​ក្នុងក្បាល​ភរិយា របស់សេដ្ឋី ដែលឈឺ៧ឆ្នាំ ឲ្យសះជា ដោយនត្ថុកម្ម គឺការបញ្ច្រកថ្នាំ ទៅតាម​ច្រមុះ១។ រឿង​ជីវកកោមារភត្យ ទាញចេញ (មើលជា) អាពាធ​ឫសដូងបាត នៃព្រះបាទ​ពិម្ពិសារ ដោយថ្នាំលាប។ ព្រះរាជា ទ្រង់មានបន្ទូល ​នឹងកោមារភត្យថា អ្នកឯងចូរបម្រើអញផង ពួកស្រី​ក្នុងវាំងផង ព្រះពុទ្ធ​ និង​ព្រះសង្ឃផង១។ រឿងសេដ្ឋី នៅក្នុងក្រុងរាជគ្រឹះ១ រឿងជីវកកោមារភត្យ​មើលអាពាធ​ពក ក្នុងពោះវៀន១ រឿង​ជីវកកោមារភត្យ ញុំាង​មហារោគ នៃព្រះបាទ​បជ្ជោត ឲ្យសះ​ជាទៅ ព្រោះសោយទឹកដោះរាវ។ ​ជីវកកោមារភត្យ ក្រាបទូលថា សូមឲ្យ​ព្រះបាទបជ្ជោត រឭកអធិការ​របស់ខ្លួន រួចទ្រង់​បានផ្ញើសំពត់ សិវេយ្យកៈ មួយគូ​ មក​ជីវកកោមារភត្យ១ រឿង​ជីវកកោមារភត្យ ញុំាងកាយព្រះមានព្រះភាគ ដែលមានរោគទល់ ឲ្យស្រួល ហើយបានថ្វាយ​ថ្នាំបញ្ចុះ៣០ដង ដោយផ្កាឧប្បល៣ក្តាប់ ព្រះមានព្រះភាគ ក៏មានព្រះកាយ ជាប្រក្រតី ទើបទ្រង់​ទទួលសំពត់ សិវេយ្យកៈ ដែលជីវកកោមារភត្យ​សុំពរ ហើយថ្វាយព្រះអង្គ១ រឿង​ព្រះតថាគត​អនុញ្ញាត ​គហបតិចីវរ១។ រឿងចីវរកើតឡើងជាច្រើន ក្នុងក្រុងរាជគ្រឹះ១ ក្នុងជនបទ១ រឿងព្រះ​មានព្រះភាគ អនុញ្ញាត សំពត់ឈ្មោះបាវារៈ ធ្វើដោយសូត្រ១ សំពត់កោជវៈ ធ្វើដោយរោម១ រឿង​ស្តេច​ក្នុងដែនកាសី បញ្ជូនសំពត់​កម្ពល មានដំឡៃកន្លះពាន់ មកជីវកកោមារភត្យ១ រឿងចីវរ​ខ្ពស់ និងទាប កើតឡើងដល់សង្ឃហើយ ព្រះអង្គ ទ្រង់សរសើរសេចក្តីសន្តោស១ រឿងព្រះដ៏មាន​ព្រះភាគ ទ្រង់អនុញ្ញាត ​កុំឲ្យភិក្ខុឲ្យចំណែកចីវរ​ដល់ភិក្ខុ ដែលមិនបាន​ឈប់ចាំគ្នា១ រឿង​ព្រះដ៏មានព្រះភាគ​អនុញ្ញាតឲ្យភិក្ខុឲ្យចំណែកចីវរ ដល់ភិក្ខុដែលឈប់ចាំគ្នា១ រឿងភិក្ខុចូល​ទៅកាន់ព្រៃស្មសានមុន និងចូល​ទៅកាន់ព្រៃស្មសានក្រោយ១ រឿង​ភិក្ខុចូលទៅក្នុងព្រៃស្មសាន​ដំណាលគ្នា១ រឿង​ភិក្ខុធ្វើសេចក្តីប្តេជ្ញានឹងគ្នា ហើយចូលទៅក្នុងព្រៃស្មសាន ដើម្បី​បង្សុកូល១ រឿង​ពួកមនុស្ស នាំយកចីវរ មកកាន់អារាម លុះរកភិក្ខុអ្នកទទួលមិនបាន ក៏នាំត្រឡប់ទៅវិញ១ រឿង​ព្រះសាស្តា អនុញ្ញាត ​ឲ្យភិក្ខុសន្មតឃ្លាំង ដាក់ចីវរ១ រឿង​ចីវរក្នុងឃ្លាំង ឥតមានអ្នកណា​ថែរក្សា១ រឿងឆព្វគ្គិយភិក្ខុបណ្តេញអ្នករក្សាឃ្លាំង១ រឿងចីវរកើតឡើងក្រាស់ក្រែល១ រឿងសង្ឃ​ចែកចីវរ​ ធ្វើឲ្យកោលាហល១ រឿងភិក្ខុអ្នកចែកចីវរ​រិះគិតថា យើងត្រូវចែកចីវរដូចម្តេច១ រឿង​ភិក្ខុ​អ្នក​ចែកចីវររិះគិតថា យើងត្រូវឲ្យចំណែកចីវរ ដល់សាមណេរដូចម្តេច១ រឿងភិក្ខុមានសេចក្តី​ប្រាថ្នានឹងឆ្លងបឹង ឬផ្លូវលំបាក យកទាំងចំណែក​ចីវរ របស់ខ្លួន​ទៅផង១ រឿងភិក្ខុមានសេចក្តី​ប្រាថ្នានឹង​ឆ្លងស្ទឹង ឬផ្លូវលំបាក យកទាំងចំណែកចីវរ ដែលមានដំឡៃច្រើនជាងគេ១ រឿង​ភិក្ខុអ្នក​ចែកចីវររិះគិតថា យើងត្រូវឲ្យចំណែក​ចីវរដូចម្តេច១ រឿងភិក្ខុជ្រលក់ចីវរ ដោយអាច់គោ១ រឿងភិក្ខុជ្រលក់ចីវរ ដោយទឹកត្រជាក់ និងទឹកក្តៅ១ រឿងទឹកជ្រលក់ពុះផុលកំពប់១ រឿង​ភិក្ខុ​មិនដឹងថា ទឹកជ្រលក់ឆ្អិន ឬមិនឆ្អិន១ រឿង​ភិក្ខុសិតទឹកជ្រលក់ ឆ្នាំងក៏បែកទៅ១ រឿងភិក្ខុគ្មាន​ភាជនសម្រាប់​ដាក់ទឹកជ្រលក់១ រឿងភិក្ខុជ្រលក់ចីវរក្នុងផើង១ រឿងភិក្ខុហាលចីវរ​លើផែនដី១ រឿង​សត្វកណ្តៀរកាត់កម្រាលស្មៅ១ រឿងភិក្ខុហាលចីវរបត់​ចំទីពាក់កណ្តាល១ រឿង​ចីវររេច១ រឿង​ទឹកជ្រលក់ហូរទៅតែម្ខាង១ រឿង​ភិក្ខុជ្រលក់ចីវរដិតពេក១ រឿងចីវរអាក្រក់១ រឿងឆព្វគ្គិយ​ភិក្ខុទ្រទ្រង់ចីវរមិនកាត់១ រឿងស្រែអ្នកមគធៈ មានសណ្ឋានជាបួនជ្រុង១ រឿព្រះមានព្រះភាគ បានទតឃើញភិក្ខុទាំងឡាយ វេចចីវរធ្វើជាបង្វេច១ រឿងព្រះសក្យមុនី ទ្រង់ល្បងមើលរដូវ​ត្រជាក់​ ក្នុងវេលាយប់ ហើយទ្រង់​អនុញ្ញាត​ត្រៃចីវរ១ រឿង​ឆព្វគ្គិយភិក្ខុទ្រទ្រង់​អតិរេកចីវរដទៃៗ១ រឿង​ព្រះអានន្ទបានអតិរេកចីវរ១ រឿង​ភិក្ខុស្បង់ធ្លុះ១ រឿងភ្លៀងធ្លាក់សព្វទ្វីបទាំងបួន១ រឿងនាង​វិសាខាសុំពរ ដើម្បីប្រគេនវស្សិកសាដិកៈ អាគន្តុកភត្ត គមិកភត្ត គិលានភត្ត ឧបដ្ឋាកភត្ត ភេសជ្ជៈ ធុវយាគុ និងឧទកសាដិកៈ១ រឿងភិក្ខុឆាន់បណីតភោជន១ រឿងសំពត់និសីទនតូចពេក១ រឿង​ព្រះវេលដ្ឋសីស កើតបូសធំ១ រឿងព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​សំពត់ជូតមុខ១ រឿង​រោជមល្លក្សត្រផ្ញើសំពត់​សម្បកឈើ ទុកនឹងព្រះអានន្ទ១ រឿងត្រៃចីវរបរិបូណ៌ កើតឡើង​ដល់ភិក្ខុ១ រឿង​ព្រះអង្គទ្រង់អនុញ្ញាត ឲ្យភិក្ខុអធិដ្ឋានត្រៃចីវរជាដើម១ រឿងព្រះអង្គទ្រង់​អនុញ្ញាត ឲ្យវិកប្បចីវរ យ៉ាងតូច​បំផុត១ រឿងព្រះកស្សប ធ្វើសេចក្តីគោរព​ ក្នុងការដេរប៉ះ​សំពត់​បស្សុកូល១ រឿង​ចីវរមានជាយមិនស្មើគ្នា១ រឿងចេសរសាត់ចេញ១ រឿងស្រទាប់សង្ឃាដិដាច់​ចេញពីគ្នា១ រឿងភិក្ខុកាត់ចីវរសំពត់មិនគ្រាន់ ព្រះអង្គទ្រង់អនុញ្ញាត ឲ្យលើកឡើង នូវ​អាគន្តុកបដៈ១ រឿងចីវរច្រើន កើតឡើងដល់ភិក្ខុ១ រឿងភិក្ខុទុកចីវរ ​ក្នុងអន្ធវ័ន (ព្រៃងងឹត)១ រឿង​ព្រះអានន្ទ មានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅបិណ្ឌបាតក្នុងស្រុក ដោយភ្លេចស្មារតី១ រឿង​ភិក្ខុចាំវស្សា​តែម្នាក់ឯង១ រឿងភិក្ខុនៅតែម្នាក់ឯង អស់មួយរដូវ១ រឿងព្រះថេរៈពីររូបជា​បងប្អូន​នឹងគ្នា នៅចាំវស្សា​ ក្នុងក្រុងសាវត្ថី១ រឿង​ភិក្ខុបីរូបនៅចាំវស្សាក្នុងក្រុងរាជគ្រឹះ១ រឿងព្រះឧបនន្ទ នៅចាំវស្សា ក្នុងក្រុងសាវត្ថី១ រឿងព្រះឧបនន្ទនៅចាំវស្សាតែម្នាក់ឯង ក្នុងអាវាសទាំងពីរ១ រឿងភិក្ខុមានអាពាធវិការក្នុងពោះ១ រឿងភិក្ខុមួយរូបមានជម្ងឺ១ រឿងជនទាំងពីរ គឺភិក្ខុមួយរូប សាមណេរមួយរូប បម្រើភិក្ខុមានជម្ងឺ១ រឿងភិក្ខុអាក្រាត១ រឿងភិក្ខុ​ស្លៀក​សំពត់ស្បូវភ្លាំង១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីសម្បកឈើ១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីផែនក្តារ១ រឿងភិក្ខុស្លៀកសំពត់កម្ពល ធ្វើពីសក់១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីរោមកន្ទុយសត្វ១ រឿងភិក្ខុស្លៀកសំពត់ ​ធ្វើពីស្លាបមៀម១ រឿងភិក្ខុស្លៀកសំពត់​ធ្វើពីស្បែកខ្លា១ រឿងភិក្ខុស្លៀកសំពត់​​ធ្វើពីដើមរាក់១ រឿងភិក្ខុស្លៀកសំពត់ ​ធ្វើពីសម្បកក្រចៅ១ រឿងឆព្វគ្គិយភិក្ខុ ប្រើចីវរមានពណ៌​ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ហង្សបាទ ពណ៌ខ្មៅ ពណ៌ក្រហមក្រមៅ​ដូចខ្នងក្អែប ពណ៌លឿងទុំដូចផ្កាឈូក មានជាយមិនកាត់ មានជាយវែង មានជាយ​មាន​ផ្កា​ជា​ផ្កាឈើ មានជាយមានផ្កាជាផ្លែឈើ អាវ មួក និងសំពត់ឈ្នួត១ រឿងចីវរមិនទាន់កើតឡើង ភិក្ខុចៀសចេញ​ទៅ១ រឿងសង្ឃបែកគ្នា១ រឿងពួកជនប្រគេន​ទឹកមួយចំណែក និងចីវរ​មួយចំណែក ចំពោះសង្ឃ១ រឿងព្រះរេវតដ៏មានអាយុផ្ញើចីវរ១ រឿងភិក្ខុកាន់យកចីវរ​ដោយសេចក្តីស្និទ្ធស្នាល១ រឿងភិក្ខុអធិដ្ឋានមតកចីវរ១ រឿងមាតិកានាំឲ្យកើតចីវរ​មានប្រាំបីយ៉ាង១។

 

ខន្ធកៈ ទី១ | ទី២ | ទី៣ | ទី៤ | ទី៥ | ទី៦ | ទី៧ | ទី៨ | ទី៩ | ទី១០

លេខយោង

1)
ជាតិសត្វតូចៗ (មេរោគ)។
2)
អដ្ឋកថា ថា បានដល់សំពត់ដែលគេចោលនៅព្រៃខ្មោច ក្នុងឧត្តរកុរុទ្វីប។ បានឮមកថា ពួកមនុស្សក្នុងឧត្តរកុរុទ្វីប តែងរុំសាកសព​ដោយសំពត់​នោះឯង ហើយយកទៅចោល។ មានសត្វបក្សី មានប្រមោយដូចដំរី វាសំគាល់នូវសំពត់នោះ ថាជាដុំសាច់ ហើយឆាបនាំយក​ទៅដំកល់​ទុកលើកំពូលភ្នំហិមពាន្ត បកសំពត់នោះចោលចេញ វាស៊ីសាច់សពនោះ។ វេលានោះ ពួក​អ្នកដើរព្រៃ បានឃើញសំពត់នោះហើយ ក៏នាំយកមកថ្វាយស្តេច។ សំពត់នេះហើយ ដែល​ព្រះបាទ​បជ្ជោត បានមក​ដោយហេតុយ៉ាងនេះឯង។
3)
សំពត់បែបយ៉ាងល្អ ដែលគេធ្វើមានលាយ​ដោយរោមសត្វ​ដ៏ទន់។
4)
(អដ្ឋកថា) សំពត់នេះ ប្រហែល​គ្នានឹងសំពត់​បាវារៈ សំពត់នេះ គេធ្វើពីរោមសត្វ។
5)
បុគ្គលដែលមិនត្រូវបណ្តេញ​ចេញ ចាកទីកន្លែង មាន៤ពួក គឺភិក្ខុចាស់ជាង១ ភិក្ខុជាអ្នករក្សាឃ្លាំង១ ភិក្ខុមានជម្ងឺ១ ភិក្ខុដែលបានសេនាសនៈ​អំពី​សង្ឃ១។ ភិក្ខុក្មេងមិនត្រូវបណ្តេញភិក្ខុចាស់ចេញ ព្រោះលោកចាស់ជាងខ្លួន។ ភិក្ខុជាអ្នករក្សា​ឃ្លាំង ភិក្ខុមិនត្រូវបណ្តេញចេញ ព្រោះសង្ឃ​បានសន្មតឲ្យជាអ្នករក្សាឃ្លាំង។ ភិក្ខុមានជម្ងឺ ភិក្ខុ​មិនត្រូវបណ្តេញចេញ ព្រោះលោកឈឺ។ ភិក្ខុដែលបានសេនាសនៈ អំពីសង្ឃ ភិក្ខុមិនត្រូវ​បណ្តេញចេញ ព្រោះសង្ឃបានឲ្យទីកន្លែង ជាទីសប្បាយ ដល់លោក ដែលជាពហូសូត្រ មានឧបការៈ​ដល់​សង្ឃដោយកិច្ច មានបង្រៀន​បាឡី និង​អដ្ឋកថាជាដើម (អដ្ឋកថា)។
6)
បានដល់​សង្ឃ ដែលនៅខាងក្នុងឧបចារសីមា​ជាមួយគ្នា (អដ្ឋកថា)។
7)
គឺដាក់ឈើតារាងនៅមាត់ឆ្នាំង ដើម្បីកុំឲ្យគ្រឿងជ្រលក់ មានចំណាំងឈើជាដើម ផុលឡើងបាន។
8)
បើទឹកដែលដាំពុះហើយ យកទៅបន្តក់លើភាជនៈទឹក (ដទៃ) ក៏មិនសាយចេញរហ័ស ឬបន្តក់​លើខ្នង​ក្រចក ក៏ដូច្នោះដែរ (អដ្ឋកថា)។
9)
វិមតិវិនោទនីដីកាថា រាត្រី៨ គឺ​ខាងចុងខែមាឃ ៤រាត្រី ខាងដើមខែផល្គុណ៤រាត្រី ហៅថា រាត្រីនៅជាចន្លោះនៃខែមាឃ និងខែ​ផល្គុណ។
10)
បានដល់សំពត់ ដែលភិក្ខុប៉ះត្រង់​កន្លែងធ្លុះ ឬត្រង់កន្លែង​ដែលខ្លួនកាត់ចេញ។
11)
បានដល់សំពត់ ដែលភិក្ខុប៉ះត្រង់កន្លែង ដែលមិនបានកាត់ចេញ។
12)
ភិក្ខុទាំងនោះ ងូតទឹកភ្លៀងគ្មានសំពត់ងូត (អាក្រាត)។
13)
ពេលគួរឆាន់​ចង្ហាន់
14)
សំពត់សម្រាប់ងូតទឹក ឬដែល​ហៅជាពាក្យកាត់ខ្លី​ថា សំពត់ងូត។
15)
ជាសមណៈ ដើរតាមក្រោយព្រះអង្គ។
16)
ដើរវិលខាងស្តាំ
17)
អដ្ឋកថា ថា ព្រះមហាកស្សប លោកជាអ្នកគោរព ក្នុងការប៉ះចីវរបង្សុកូល ក្នុងកន្លែង​ដែលគ្រាំគ្រា។
18)
សំដៅយកកាលដទៃ អំពីរដូវភ្លៀង។
19)
អដ្ឋកថា ថា ត្រូវសង្ឃដែលឋិតនៅក្នុងឧបចារសីមា វាយរគាំង ប្រាប់វេលា ហើយសឹមចែកគ្នា។
20)
ច្បាប់ដែល​ព្រះដ៏​មានព្រះភាគ ទ្រង់បញ្ញត្ត
21)
១.២ គឺរបស់​រាយរង ក្រៅអំពីគរុភណ្ឌទាំង​២៥
22)
23)
ទ្រង់ឃាត់ មិនឲ្យភិក្ខុប្រព្រឹត្តវត្ត បែបពួកតិរ្ថិយ ព្រោះតិរ្ថិយខ្លះអាក្រាត តមមិនស្លៀកសំពត់ មិនដណ្តប់​សំពត់។
24)
នេះជាពាក្យសាធារណៈ នឹងហៅថា​ស្លៀក ឬហៅថាដណ្តប់ ឬហៅថា ពាក់ និងជួតជាដើមក៏បាន ហៅតាម​សមគួរ ​ដល់របស់ដែលប្រើ​ប្រាស់។
25)
បានសេចក្តីថា ភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ មិនទាន់បានចីវរពីណាទេនៅឡើយ។
26)
សង្ឃបែកគ្នាជាពីរពួក ដូចពួក​ភិក្ខុ​នៅក្រុងកោសម្ពី (អដ្ឋកថា)។
27)
ចីវររបស់​ភិក្ខុដែលស្លាប់
28)
សំដៅយកភិក្ខុអ្នកផ្ញើចីវរ១រូប ភិក្ខុអ្នកចាំទទួលយកចីវរ១រូប។
km/tipitaka/vin/mv/vin.mv.08.txt · ពេលកែចុងក្រោយ: 2023/01/30 03:19 និពន្ឋដោយ Johann