ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
mv 08.08 បាលី cs-km: vin.mv.08.08 អដ្ឋកថា: vin.mv.08.08_att PTS: ?
សមត្តិំសវិរេចនកថា (ទី២០៩)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២០៩)
[៤១] សម័យនោះឯង ព្រះកាយរបស់ព្រះមានព្រះភាគ ក្រាស់ដោយទោស (រោគទល់)។ វេលានោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា នែអានន្ទ កាយរបស់តថាគត ក្រាស់ដោយទោសហើយ តថាគតប្រាថ្នានឹងឆាន់ថ្នាំបញ្ចុះ។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក៏ចូលទៅរកជីវកកោមារភត្យ លុះចូលទៅដល់ហើយ ក៏និយាយនឹងជីវកកោមារភត្យដូច្នេះថា នែជីវកៈដ៏មានអាយុ កាយរបស់ព្រះតថាគតក្រាស់ដោយទោសហើយ ព្រះតថាគតត្រូវការឆាន់ថ្នាំបញ្ចុះ។ ជីវកកោមារភត្យតបថា បពិត្រព្រះអានន្ទដ៏ចំរើន បើដូច្នោះ សូមឲ្យលោកសម្រួលព្រះកាយរបស់ព្រះដ៏មានព្រះភាគ បាន២ ៣ថ្ងៃសិន។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានសម្រួលព្រះកាយរបស់ព្រះដ៏មានព្រះភាគ២ ៣ថ្ងៃ រួចហើយ ក៏ចូលទៅរកជីវកកោមារភត្យ លុះចូលទៅដល់ហើយ ក៏និយាយនឹងជីវកកោមារភត្យដូច្នេះថា នែអាវុសោជីវកៈ ព្រះកាយរបស់ព្រះតថាគត បានស្រួលបួលហើយ អ្នកសំគាល់នូវកាលគួរក្នុងគ្រានេះចុះ។ គ្រានោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អាត្មាអញ ថ្វាយថ្នាំបញ្ចុះដ៏គ្រោតគ្រាតដល់ព្រះដ៏មានព្រះភាគ អំពើនេះ មិនសមគួរដល់អាត្មាអញឡើយ ណ្ហើយចុះ គួរអាត្មាអញ នឹងអប់ផ្កាឧប្បលទាំងឡាយបាន៣ក្តាប់ ជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ ហើយសឹមបង្អោនថ្វាយដល់ព្រះតថាគត។ គ្រានោះ ជីវកកោមារភត្យ បានអប់ផ្កាឧប្បល៣ក្តាប់ ជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ រួចហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏បង្អោនថ្វាយផ្កាឧប្បល១ក្តាប់ដល់ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បល១ក្តាប់ដំបូងនេះ ផ្កាឧប្បលនេះ នឹងបញ្ចុះព្រះដ៏មានព្រះភាគបាន១០ដង រួចបង្អោនថ្វាយផ្កាឧប្បលក្តាប់ទី២ ដល់ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បលក្តាប់ទី២នេះ ផ្កាឧប្បលនេះ នឹងបញ្ចុះព្រះដ៏មានព្រះភាគបាន១០ដង រួចបង្អោនថ្វាយផ្កាឧប្បលក្តាប់ទី៣ ដល់ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់មេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បលក្តាប់ទី៣នេះ ផ្កាឧប្បលនេះ នឹងបញ្ចុះព្រះដ៏មានព្រះភាគបាន១០ដង រួមកិច្ចដែលបញ្ចុះថ្នាំព្រះដ៏មានព្រះភាគ ត្រូវជា៣០ដងគត់ ដោយអាការយ៉ាងនេះ។ លំដាប់នោះ ជីវកកោមារភត្យ បានថ្វាយថ្នាំបញ្ចុះ៣០ដងគត់ ចំពោះព្រះដ៏មានព្រះភាគ រួចថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយថយចេញទៅ។ លំដាប់នោះ ជីវកកោមារភត្យ កាលចេញទៅដល់ក្រៅខ្លោងទ្វារហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មាអញ បានថ្វាយដល់ព្រះដ៏មានព្រះភាគហើយ ព្រះកាយរបស់ព្រះតថាគត ដែលក្រាស់ដោយទោស ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគគ្រប់៣០ដងគត់ក៏ទេ មុខជានឹងបញ្ចុះព្រះដ៏មានព្រះភាគ ត្រឹមតែ២៩ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគបានបញ្ចុះថ្នាំហើយ មុខជានឹងស្រង់ទឹក ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ ដែលបានស្រង់ទឹកហើយម្តងទៀត រួមជាការបញ្ចុះថ្នាំរបស់ព្រះដ៏មានព្រះភាគ៣០ដងគត់ ដោយអាការយ៉ាងនេះ។ ព្រះដ៏មានព្រះភាគ បានជ្រាបសេចក្តីរិះគិតនៃចិត្តរបស់ជីវកកោមារភត្យ ដោយព្រះទ័យ ហើយទើបទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកក្នុងពេលនោះថា នែអានន្ទ កាលជីវកកោមារភត្យ ចេញទៅដល់ក្រៅខ្លោងទ្វារហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មាអញ បានថ្វាយដល់ព្រះដ៏មានព្រះភាគរួចហើយ កាយរបស់ព្រះតថាគតក្រាស់ដោយទោស ថ្នាំនោះ នឹងបញ្ចុះព្រះមានព្រះភាគគ្រប់៣០ដងគត់ក៏ទេ មុខជានឹងបញ្ចុះព្រះដ៏មានព្រះភាគបាន ត្រឹមតែ២៩ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគបានបញ្ចុះហើយ មុខជានឹងស្រង់ទឹក ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ ដែលបានស្រង់ទឹកហើយម្តងទៀត រួមជាការបញ្ចុះថ្នាំរបស់ព្រះដ៏មានព្រះភាគ៣០ដងគត់ ដោយអាការយ៉ាងនេះ នែអានន្ទ បើដូច្នោះ អ្នកចូរចាត់ចែងទឹកក្តៅឡើង។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះករុណាម្ចាស់ ហើយក៏បានចាត់ចែងទឹកក្តៅ។ វេលានោះ ជីវកកោមារភត្យ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ជីវកកោមារភត្យ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះដ៏មានព្រះភាគ ទ្រង់បានបញ្ចុះថ្នាំហើយឬនៅ។ ព្រះដ៏មានព្រះភាគ ទ្រង់តបថា នែជីវកៈ តថាគតបានបញ្ចុះថ្នាំហើយ។ ជីវកកោមារភត្យ ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស កាលខ្ញុំព្រះអង្គ ចេញទៅដល់ក្រៅខ្លោងទ្វារហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះចំនួន ៣០ដងគត់ អាត្មាអញ បានថ្វាយដល់ព្រះមានព្រះភាគរួចហើយ កាយរបស់ព្រះតថាគត ក្រាស់ដោយទោស ថ្នាំនោះ នឹងបញ្ចុះព្រះមានព្រះភាគ ៣០ដងគត់ក៏ទេ មុខជានឹងបញ្ចុះព្រះមានព្រះភាគ បានត្រឹមតែ២៩ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគ ទ្រង់បញ្ចុះថ្នាំរួចហើយ មុខជានឹងស្រង់ទឹក ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ ដែលស្រង់ទឹករួចហើយ ម្តងទៀត រួមជាការបញ្ចុះថ្នាំ របស់ព្រះដ៏មានព្រះភាគ ៣០ដងគត់ ដោយអាការយ៉ាងនេះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ស្រង់ទឹកចុះ សូមព្រះសុគត ទ្រង់ស្រង់ទឹកចុះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្រង់ទឹកក្តៅហើយ ថ្នាំនោះ ក៏បានបញ្ចុះព្រះដ៏មានព្រះភាគ ដែលបានស្រង់ទឹកហើយម្តងទៀត រួមជាការបញ្ចុះថ្នាំរបស់ព្រះដ៏មានព្រះភាគ ៣០ដងគត់យ៉ាងនេះ។ វេលានោះ ជីវកកោមារភត្យ បានក្រាបទូល ព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស កាយរបស់ព្រះដ៏មានព្រះភាគ តាំងនៅជាប្រក្រតីដរាបណាហើយ នឹងបានចំរើនដោយដុំព្រះមំសៈដរាបនោះ។