ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
mv 08.19 បាលី cs-km: vin.mv.08.19 អដ្ឋកថា: vin.mv.08.19_att PTS: ?
និសីទនាទិអនុជាននា (ទី២២០)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២២០)
[៦២] សម័យនោះឯង ពួកភិក្ខុបានឆាន់ភោជនទាំងឡាយដ៏ឧត្តម ក៏ភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ទៅ។ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងសិងលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ សេនាសនៈ ក៏ប្រឡាក់ដោយអសុចិ។ កាលនោះ ព្រះមានព្រះភាគ មានព្រះអានន្ទដ៏មានអាយុ ជាបច្ឆាសមណៈ1) ទ្រង់ពុទ្ធដំណើរទៅកាន់សេនាសនចារិក ហើយទតឃើញសេនាសនៈប្រឡាក់ដោយអសុចិ លុះទតឃើញច្បាស់ ក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សេនាសនៈនេះ ប្រឡាក់ដោយវត្ថុអ្វី។ អានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនេះ ពួកភិក្ខុបានឆាន់ភោជនទាំងឡាយដ៏ឧត្តម ក៏ភ្លេចស្មារតី មិនដឹងខ្លួន ហើយសិងលក់ទៅ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងតែសិងលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈនោះ ប្រឡាក់ដោយអសុចិ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ ព្រោះតែភិក្ខុទាំងនោះភ្លេចស្មារតី មិនដឹងខ្លួន បានជាដេកលក់ទៅ អសុចិឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ពួកភិក្ខុណាដំកល់ស្មារតីខ្ជាប់ ដឹងខ្លួន ហើយដេកលក់ទៅ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុណា ជាបុថុជ្ជនមែន តែគ្មានតម្រេក ក្នុងកាមទាំងឡាយ អសុចិរបស់ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិរបស់ព្រះអរហន្ត ឃ្លាតចេញនេះ មិនសមហេតុ មិនសមផលទេ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មានអានន្ទជាបច្ឆាសមណៈ ដើរទៅកាន់សេនាសនចារិក ក្នុងទីនេះ បានឃើញសេនាសនៈប្រឡាក់ដោយអសុចិ លុះឃើញហើយ ក៏ហៅអានន្ទមកសួរថា ម្នាលអានន្ទ សេនាសនៈនេះ ប្រឡាក់ដោយវត្ថុអ្វី អានន្ទឆ្លើយថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនេះ ពួកភិក្ខុបានឆាន់ភោជនទាំងឡាយ ដ៏ឧត្តម ហើយភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ទៅ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងដេកលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈនោះ ប្រឡាក់ដោយអសុចិ តថាគត ក៏ពោលថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ ព្រោះតែភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន បានជាដេកលក់ទៅ អសុចិឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ភិក្ខុទាំងឡាយណា ដំកល់ស្មារតីខ្ជាប់ ដឹងខ្លួន ហើយដេកលក់ទៅ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុណា ជាបុថុជ្ជនមែន តែគ្មានតម្រេក ក្នុងកាមទាំងឡាយ អសុចិរបស់ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិ របស់ព្រះអរហន្តឃ្លាតចេញនេះ មិនសមហេតុ មិនសមផលទេ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះលក់លំបាក១ ភ្ញាក់លំបាក១ ឃើញសុបិនអាក្រក់១ ទេវតាមិនរក្សា១ អសុចិឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ហើយដេកលក់ទៅ មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់ភិក្ខុ ដែលបានដំកល់ស្មារតីខ្ជាប់ ដឹងខ្លួនហើយ ដេកលក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះដេកលក់ស្រួល១ ភ្ញាក់ស្រួល១ មិនឃើញសុបិនអាក្រក់១ ទេវតារក្សា១ អសុចិមិនឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់ភិក្ខុបានដំកល់ស្មារតីខ្ជាប់ ដឹងខ្លួន ហើយដេកលក់ទៅ មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនិសីទនៈ (សំពត់ទ្រាប់អង្គុយ) ដើម្បីរក្សាកាយ ដើម្បីរក្សាចីវរ ដើម្បីរក្សាសេនាសនៈ។ សម័យនោះឯង និសីទនៈតូចពេក រក្សាសេនាសនៈទាំងអស់មិនបាន។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុចង់បានកម្រាលទំហំប៉ុន្មាន តថាគតអនុញ្ញាត ឲ្យធ្វើទំហំប៉ុណ្ណោះ។
[៦៣] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទដ៏មានអាយុ កើតបូសធំ។ ចីវរទាំងឡាយ របស់ព្រះវេលដ្ឋសីសៈនោះ ជាប់ស្អិតនឹងកាយ ដោយទឹករំអិល។ ពួកភិក្ខុ យកទឹកផ្សើមចីវរទាំងនោះឲ្យជោក ហើយទើបបកចេញបាន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ ទៅកាន់សេនាសនចារិក ទ្រង់ទតឃើញភិក្ខុទាំងនោះ កំពុងយកទឹកទៅផ្សើមចីវរទាំងនោះ ឲ្យជោក ហើយបកចេញ ក៏ទ្រង់ពុទ្ធដំណើរចូលទៅកាន់សំណាក់ភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មានព្រះពុទ្ធដីកានេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ មានអាពាធដូចម្តេច។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ កើតបូសធំ ចីវរទាំងឡាយ ជាប់ស្អិតនឹងកាយ ដោយទឹករំអិល យើងខ្ញុំទាំងឡាយ យកទឹកមកផ្សើមចីវរទាំងនោះ ឲ្យជោក ហើយបកចេញ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី ទឹករងៃក្តី បូសធំក្តី តថាគតអនុញ្ញាត សំពត់សម្រាប់គ្របកម (ជាដើម) ដល់ភិក្ខុនោះ។
[៦៤] គ្រានោះ នាងវិសាខាមិគារមាតា នាំយកសំពត់សម្រាប់ជូតមុខ ចូលទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គទ្រង់ទទួលសំពត់សម្រាប់ជូតមុខ របស់ខ្ញុំព្រះអង្គ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង។ ព្រះដ៏មានព្រះភាគ ក៏បានទទួលសំពត់សម្រាប់ជូតមុខ (នោះ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់នាងវិសាខាមិគារមាតា ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯនាងវិសាខាមិគារមាតា កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ2) ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត សំពត់សម្រាប់ជូតមុខ។
[៦៥] សម័យនោះឯង មល្លក្សត្យឈ្មោះរោជៈ ជាសំឡាញ់របស់ព្រះអានន្ទដ៏មានអាយុ។ មល្លក្សត្យ ឈ្មោះរោជៈ (នោះ) បានទុកដាក់សំពត់សម្បកឈើ លើកដៃនៃព្រះអានន្ទដ៏មានអាយុ។ ឯព្រះអានន្ទដ៏មានអាយុ ក៏ត្រូវការនឹងសំពត់សម្បកឈើ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុកាន់យក ដោយសេចក្តីស្និទ្ធស្នាលរបស់មិត្រ ប្រកបដោយអង្គ៥គឺ មិត្រដែលគ្រាន់តែបានឃើញគ្នាម្តងមួយគ្រា១ មិត្រដែលស្និទ្ធស្នាលនឹងគ្នាមាំមួន១ មិត្រដែលបាននិយាយបើកឱកាសគ្នាតាមត្រូវការ១ មិត្រនោះមានជីវិតរស់នៅ១ ភិក្ខុដឹងថា បើអាត្មាអញ កាន់យកវត្ថុណាមួយហើយ មិត្រនោះ មានសេចក្តីត្រេកអរ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុកាន់យក ដោយសេចក្តីស្និទ្ធស្នាល របស់មិត្រ ប្រកបដោយអង្គ ទាំង៥នេះបាន។