ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
mv 08.28 បាលី cs-km: vin.mv.08.28 អដ្ឋកថា: vin.mv.08.28_att PTS: ?
វស្សំវុដ្ឋានំ អនុប្បន្នចីវរកថា (ទី២២៩)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២២៩)
[៧៦] សម័យនោះឯង ភិក្ខុទាំងឡាយនៅចាំវស្សារួចហើយ តែចីវរមិនទាន់កើតឡើង1) ក៏នាំគ្នាចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ស្លាប់ទៅខ្លះ ប្តេជ្ញាខ្លួនជាសាមណេរខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលពោលលាសិក្ខាខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលត្រូវអន្តិមវត្ថុខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលឆ្កួតខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលមានចិត្តអណ្តែតអណ្តូងខ្លះ ប្តេជ្ញាខ្លួនជាបុគ្គល គឺវេទនាគ្របសង្កត់ខ្លះ ប្តេជ្ញាខ្លួនជាបុគ្គល គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ប្តេជ្ញាខ្លួនជាបុគ្គល គឺសង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិខ្លះ ប្តេជ្ញាខ្លួនជាបុគ្គល គឺសង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិអាក្រក់ខ្លះ ប្តេជ្ញាខ្លួនជាខ្ទើយខ្លះ ប្តេជ្ញាខ្លួនជាអ្នកលួចសំវាសខ្លះ ប្តេជ្ញាខ្លួនជាអ្នកចូលពួកតិរ្ថិយខ្លះ ប្តេជ្ញាខ្លួនជាសត្វតិរច្ឆានខ្លះ ប្តេជ្ញាខ្លួនជាអ្នកសម្លាប់មាតាខ្លះ ប្តេជ្ញាខ្លួនជាអ្នកសម្លាប់បិតាខ្លះ ប្តេជ្ញាខ្លួនជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាខ្លួនជាអ្នកទ្រុស្តភិក្ខុនីខ្លះ ប្តេជ្ញាខ្លួនជាអ្នកបំបែកសង្ឃខ្លះ ប្តេជ្ញាខ្លួនជាអ្នកធ្វើលោហិត (ព្រះបរមគ្រូ) ឲ្យពុរពងឡើងខ្លះ ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនក (មនុស្សមានភេទពីរ)ខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ចៀសចេញទៅ។ កាលបើមានភិក្ខុអ្នកទទួលយកចីវរដ៏សមគួរ សង្ឃត្រូវឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង ក៏សឹកទៅក្តី ស្លាប់ទៅក្តី ប្តេជ្ញាខ្លួនជាសាមណេរក្តី ប្តេជ្ញាខ្លួនជាអ្នកពោលលាសិក្ខាក្តី ប្តេជ្ញាខ្លួនជាអ្នកត្រូវអន្តិមវត្ថុក្តី។ សង្ឃត្រូវជាម្ចាស់ (ចីវរនោះឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ប្តេជ្ញាខ្លួនជាមនុស្សឆ្កួតក្តី ប្តេជ្ញាខ្លួនជាមនុស្សមានចិត្តអណ្តែតអណ្តូងក្តី ប្តេជ្ញាខ្លួនជាមនុស្សមានវេទនាគ្របសង្កត់ក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ក្តី។ កាលបើមានភិក្ខុជាអ្នកទទួលយកចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ នៅចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយក្តី។បេ។ ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនកក្តី។ សង្ឃត្រូវជាម្ចាស់ (ចីវរនោះឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ នៅចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់បានចែក ខ្លួនក៏ចៀសចេញទៅ។ កាលបើមានភិក្ខុ ជាអ្នកទទួលចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់បានចែក ខ្លួនក៏សឹកទៅក្តី ស្លាប់ទៅក្តី ប្តេជ្ញាខ្លួនជាសាមណេរក្តី ប្តេជ្ញាខ្លួនជាអ្នកពោលលាសិក្ខាក្តី ប្តេជ្ញាខ្លួនជាបុគ្គលត្រូវអន្តិមវត្ថុក្តី។ សង្ឃត្រូវជាម្ចាស់(ចីវរនោះ)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរកើតឡើង តែសង្ឃមិនទាន់បានចែក ក៏ប្តេជ្ញាខ្លួនជាមនុស្សឆ្កួតក្តី ប្តេជ្ញាខ្លួនជាបុគ្គលមានចិត្តអណ្តែតអណ្តូងក្តី ប្តេជ្ញាខ្លួនជាបុគ្គលមានវេទនាគ្របសង្កត់ក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ក្តី។ កាលបើមានភិក្ខុជាអ្នកទទួលចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់បានចែក ក៏ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយក្តី។បេ។ ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនកក្តី។ សង្ឃត្រូវជាម្ចាស់ (ចីវរនោះឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ2) មនុស្សទាំងឡាយក្នុងទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយពួក ប្រគេនចីវរចំពោះភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយប្រគេនចំពោះសង្ឃ។ ទឹកនិងចីវរនេះ ក៏នៅជារបស់សង្ឃដដែល។