km:tipitaka:vin:mv:vin.mv.09.06

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្បេយ្យក្ខន្ធកៈ

២៣៩. ទ្វេនិស្សារណាទិកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 09.06 បាលី cs-km: vin.mv.09.06 អដ្ឋកថា: vin.mv.09.06_att PTS: ?

ទ្វេនិស្សារណាទិកថា (ទី២៣៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២៣៩)

[១០០] ម្នាលភិក្ខុទាំងឡាយ និស្សារណាកម្ម (ការបណ្តេញចេញ) នេះមាន២យ៉ាង ម្នាលភិក្ខុទាំងឡាយ មានបុគ្គល គឺភិក្ខុដែលមិនទាន់ដល់នូវនិស្សារណាកម្មនៅឡើយ បើសង្ឃ​បណ្តេញបុគ្គលនោះចេញ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃបណ្តេញចេញដោយល្អ (ត្រូវ) បុគ្គល​ពួកខ្លះ ឈ្មោះថា សង្ឃបណ្តេញចេញ​ ដោយអាក្រក់ (ខុស)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនទាន់ដល់ នូវនិស្សារណាកម្មនៅឡើយ បើសង្ឃ​បណ្តេញបុគ្គលនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញ ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្អាត បរិសុទ្ធ គ្មានអាបត្តិ បើសង្ឃបណ្តេញភិក្ខុនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយ​អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា បុគ្គលដែល​មិនទាន់ដល់​នូវ​និស្សារណាកម្ម បើសង្ឃបណ្តេញបុគ្គលនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយ​អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនទាន់ដល់នូវនិស្សារណាកម្ម បើសង្ឃ​បណ្តេញបុគ្គលនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការ​កំណត់អាបត្តិ នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរ បើសង្ឃបណ្តេញភិក្ខុនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយ​ល្អ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា បុគ្គលដែល​មិនទាន់ដល់​នូវនិស្សារណាកម្ម បើសង្ឃបណ្តេញបុគ្គលនោះចេញ ឈ្មោះថា បណ្តេញ​ចេញ​ដោយ​​ល្អ។

[១០១] ម្នាលភិក្ខុទាំងឡាយ ឱសារណាកម្ម1) មាន២យ៉ាង ម្នាលភិក្ខុ​ទាំង​ឡាយ មានបុគ្គលដែលមិនទាន់ដល់ នូវ​ឱសារណាកម្មនៅឡើយ បើសង្ឃ​ហៅបុគ្គល​នោះបញ្ចូល បុគ្គល​ពួកខ្លះ ឈ្មោះថា សង្ឃហៅបញ្ចូល​ដោយល្អ បុគ្គលពួកខ្លះ ឈ្មោះ​ថា សង្ឃហៅ​បញ្ចូល​ដោយ​អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិន​ទាន់​ដល់ ​នូវ​ឱសារណាកម្ម បើសង្ឃ​ហៅបុគ្គល​នោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល​ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ បណ្ឌកៈ មិនដល់នូវឱសារណាកម្មទេ បើសង្ឃ​ហៅបណ្ឌកៈ​នោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល​ ដោយ​អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ដែល​លួច​សំវាស។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​ចូល​ទៅកាន់ពួកតិរ្ថិយ ម្នាលភិក្ខុទាំងឡាយ សត្វតិរច្ឆាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល​សម្លាប់មាតា ម្នាល​ភិក្ខុទាំងឡាយ បុគ្គលដែលសម្លាប់បិតា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល​សម្លាប់ព្រះអរហន្ត ម្នាលភិក្ខុ​ទាំង​ឡាយ​​ បុគ្គលដែលទ្រុស្តភិក្ខុនី ម្នាលភិក្ខុទាំងឡាយ​​ ភិក្ខុដែល​បំបែកសង្ឃ ម្នាលភិក្ខុទាំងឡាយ​​ បុគ្គលដែលធ្វើលោហិតុប្បាទ ម្នាលភិក្ខុទាំងឡាយ​​ ឧភតោព្យញ្ជនកៈ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះ​បញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅបុគ្គលនេះ​ឯងថា មិនដល់នូវ​ឱសារណាកម្ម បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល ​ដោយ​អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនដល់ ​នូវ​ឱសារណាកម្ម បើសង្ឃ​ហៅបុគ្គល​នោះ​បញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល​ដោយល្អ។ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតដៃ មិនដល់​នូវ​ឱសារណាកម្មទេ បើសង្ឃ​ហៅបុគ្គល​នោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល​ដោយល្អ។ ម្នាលភិក្ខុ​ទាំងឡាយ មនុស្សកំបុតជើង។បេ។ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតទាំងដៃ ទាំងជើង ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតត្រចៀក ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតច្រមុះ ម្នាលភិក្ខុ​ទាំងឡាយ មនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតម្រាមដៃ ម្នាល​ភិក្ខុ​ទាំងឡាយ មនុស្សកំបុតមេដៃ មេជើង​​ ម្នាលភិក្ខុទាំងឡាយ មនុស្សដាច់សរសៃធំ (សរសៃពួរ​ជើង) ម្នាលភិក្ខុទាំងឡាយ មនុស្សមានដៃព្រែក (មានម្រាមដៃ​ជាប់គ្នា ដូចស្លាបប្រចៀវ) ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សគម ម្នាលភិក្ខុទាំងឡាយ មនុស្សតឿ ម្នាលភិក្ខុទាំងឡាយ មនុស្សពកក ឬពក​ត្រង់​អវយវៈ​ឯណានីមួយ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាម ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេវាយ ​ឲ្យមានស្លាកស្នាម ​ដោយរំពាត់ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេកត់ឈ្មោះទុក (ព្យួរទោសទុក) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានជើង​ហើមស្ទក់ ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានរោគអាក្រក់ (មានឫសដូងបាត ជាដើម) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានរូបទ្រុស្តបរិសទ្យ (គឺមានរូបអាក្រក់ខុសគេ មានខ្ពស់ពេក ទាបពេក ជាដើម) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលទើបតែនឹងខ្វាក់ ឬខ្វាក់ម្ខាង ម្នាលភិក្ខុ​ទាំងឡាយ មនុស្សក្ងែងក្ងង់​ដៃជើង ជាដើម ម្នាលភិក្ខុទាំងឡាយ មនុស្សខ្ចកជើង ម្នាលភិក្ខុ​ទាំងឡាយ មនុស្សដែលស្លាប់ ១​ចំហៀងខ្លួន ម្នាលភិក្ខុទាំងឡាយ មនុស្សខ្វិន ម្នាលភិក្ខុទាំងឡាយ មនុស្សចាស់គ្រាំគ្រា ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលខ្វាក់ពីកំណើត ម្នាលភិក្ខុទាំងឡាយ មនុស្សគ ម្នាលភិក្ខុទាំងឡាយ មនុស្សថ្លង់ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងគ ម្នាលភិក្ខុ​ទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងថ្លង់ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងគ ទាំងថ្លង់ ម្នាលភិក្ខុ​ទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងគ ទាំងថ្លង់ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះ​បញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅបុគ្គលនេះ​ឯងថា មិនដល់នូវ​ឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល​ដោយ​ល្អ។

ចប់វាសភគាមភាណវារៈ ទី១។

 

1)
ការហៅបញ្ចូលពួក ដោយអំណាច​នៃកម្ម មានឧបសម្បទា ឲ្យបានជាភិក្ខុភាវៈ ជាដើម ហៅថា ឱសារណាកម្ម។
km/tipitaka/vin/mv/vin.mv.09.06.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann