ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » កោសម្ពិក្ខន្ធកៈ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
mv 10.05 បាលី cs-km: vin.mv.10.05 អដ្ឋកថា: vin.mv.10.05_att PTS: ?
បាលិលេយ្យកគមនកថា (ទី២៧៥)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២៧៥)
គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ព្រះអនុរុទ្ធដ៏មានអាយុផង ព្រះនន្ទិយៈដ៏មានអាយុផង ព្រះកិម្ពិលៈដ៏មានអាយុផង ឲ្យយល់ប្រយោជន៍ ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យប្រតិបត្តិតាម ឲ្យខ្មីឃ្មាតក្នុងការកុសល ឲ្យរីករាយ ដោយធម្មីកថា រួចទ្រង់ក្រោកចាកអាសនៈហើយ យាងទៅកាន់ចារិកប្រទេសបារិលេយ្យកៈ កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅប្រទេសបារិលេយ្យកៈ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃឈ្មោះរក្ខិត នាប្រទេសបារិលេយ្យកៈនោះ។
[១៥៥] វេលានោះ កាលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ សម្ងំនៅក្នុងព្រះកម្មដ្ឋាន ទ្រង់កើតមានព្រះហឫទ័យ ត្រិះរិះឡើងយ៉ាងនេះថា ក្នុងពេលមុន តថាគត នៅច្រឡូកច្រឡំ ដោយពួកភិក្ខុទាំងនោះ ដែលនៅក្នុងក្រុងកោសម្ពី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើសេចក្តីឈ្មោះ ធ្វើសេចក្តីវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ មិនបានសេចក្តីសប្បាយ ក្នុងពេលនេះ តថាគត តែម្នាក់ឯង គ្មាននរណាជាគំរប់ពីរ ហើយបាននៅជាសប្បាយ ព្រោះវៀរផុតអំពីពួកភិក្ខុទាំងនោះ ដែលនៅក្នុងក្រុងកោសម្ពី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើសេចក្តីឈ្លោះគ្នា ធ្វើសេចក្តីវិវាទគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ។ មានដំរីដ៏ប្រសើរ១ នៅច្រឡូកច្រឡំនឹងពួកដំរីឈ្មោល ពួកដំរីញី ពួកដំរីស្ទាវ និងពួកកូនដំរីតូចៗ ហើយស៊ីស្មៅដែលពួកដំរី (មានដំរីឈ្មោលជាដើមនោះ) បោចផ្តាច់ចុងចេញ ចំណែកខាងពួកដំរីទាំងនោះ ក៏ស៊ីមែកឈើបាក់ៗ ដែលដំរីដ៏ប្រសើរនោះកាច់បំបាក់ខ្ទេចខ្ទីវិញ ឯដំរីដ៏ប្រសើរ ក៏ផឹកតែទឹកល្អក់ កាលបើដំរីដ៏ប្រសើរ ដើរចុះឡើងកំពង់ទឹក អស់ពួកមេដំរី ក៏ដើរត្រដុសកាយ។ ឯដំរីដ៏ប្រសើរនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ នៅច្រឡូកច្រឡំដោយពួកដំរីឈ្មោល ពួកដំរីញី ពួកដំរីស្ទាវ និងពួកកូនដំរីតូចៗ ហើយស៊ីស្មៅដែលដំរីទាំងនោះ បោចផ្តាច់ចុងចេញ ចំណែកពួកដំរីទាំងនោះ ក៏ស៊ីមែកឈើបាក់ៗ ដែលអាត្មាអញកាច់បំបាក់ខ្ទេចខ្ទីវិញ អាត្មាអញ ផឹកទឹកក៏ល្អក់ កាលបើអាត្មាអញ ដើរចុះឡើងកំពង់ទឹក អស់ពួកមេដំរី ក៏ដើរត្រដុសកាយ បើដូច្នោះ គួរអាត្មាអញ ថយចេញពីហ្វូង ទៅនៅម្នាក់ឯងវិញចុះ។ គ្រានោះ ដំរីដ៏ប្រសើរនោះ ដើរបែកចេញពីហ្វូង ចូលទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ ដែលទ្រង់គង់ក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃឈ្មោះរក្ខិត នាបារិលេយ្យកប្រទេស លុះចូលទៅដល់ហើយ ក៏ដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ ដោយប្រមោយ ចំពោះព្រះដ៏មានព្រះភាគ ហើយធ្វើទីកន្លែងនោះ មិនឲ្យមានស្មៅស្រស់ផង។ លំដាប់ពីនោះមក ដំរីដ៏ប្រសើរនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីដើម អាត្មាអញ នៅច្រឡូកច្រឡំនឹងពួកដំរីឈ្មោល ពួកមេដំរី ពួកដំរីស្ទាវ និងពួកកូនដំរីតូចៗ ហើយអាត្មាអញ បានស៊ីស្មៅដែលពួកដំរីទាំងនោះ បោចផ្តាច់ចុងចេញ ចំណែកខាងពួកដំរីទាំងនោះ ក៏បានស៊ីមែកឈើបាក់ៗ ដែលអាត្មាអញ កាច់បំបាក់ខ្ទេចខ្ទីវិញ មិនតែប៉ុណ្ណោះសោត អាត្មាអញ បានទាំងផឹកទឹកល្អក់ កាលបើអាត្មាអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី វាក៏ដើរត្រដុសកាយ ក្នុងពេលនេះ អាត្មាអញ តែម្នាក់ឯង ឥតមាននរណាជាគំរប់ពីរ ហើយបាននៅជាសុខស្រួលបួល ព្រោះបានវៀរចាកពួកដំរីឈ្មោល ពួកដំរីញី ពួកដំរីស្ទាវ និងពួកកូនដំរីតូចៗ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីវិវេក របស់ព្រះអង្គផង ហើយទ្រង់ជ្រាបសេចក្តីត្រិះរិះ នៃចិត្តរបស់ដំរីដ៏ប្រសើរនោះ ដោយព្រះហឫទ័យ របស់ព្រះអង្គផង ហើយក៏ទ្រង់បន្លឺព្រះឧទាននេះ ក្នុងពេលនោះថា
ហត្ថិនាគ (ដំរីប្រសើរ) រមែងត្រេកអរក្នុងព្រៃ តែម្នាក់ឯង ហេតុណា ហេតុនុ៎ះ ចិត្តរបស់ហត្ថិនាគ មានភ្លុកងរទន្ទាំនេះ ស្មើគ្នានឹងចិត្តរបស់ព្រះពុទ្ធនាគដែរ។1)
[១៥៦] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងបារិលេយ្យកប្រទេស គួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងទៅកាន់ចារិក នៃក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះ។
[១៥៧] វេលានោះ ពួកឧបាសកដែលនៅក្នុងក្រុងកោសម្ពី មានសេក្តីត្រិះរិះ យ៉ាងនេះថា ពួកលោកជាម្ចាស់ទាំងនេះ ជាភិក្ខុនៅក្នុងក្រុងកោសម្ពី បានធ្វើអំពើឥតប្រយោជន៍ជាច្រើន ដល់យើង ព្រះដ៏មានព្រះភាគសោត ក៏ពួកភិក្ខុទាំងនេះបៀតបៀន ទាល់តែទ្រង់យាងចេញបាត់ទៅ បើដូច្នោះ យើងមិនគួរសំពះ មិនគួរក្រោកទទួល មិនគួរធ្វើអញ្ជលីកម្ម មិនគួរធ្វើសាមីចិកម្ម មិនគួរធ្វើសក្ការៈ មិនគួរធ្វើសេចក្តីគោរព មិនគួររាប់អាន មិនគួរបូជា ពួកលោកម្ចាស់ ជាភិក្ខុនៅក្នុងក្រុងកោសម្ពីទេ ទុកជាភិក្ខុទាំងនោះ ចូលមកជិត យើងក៏មិនគួរឲ្យបិណ្ឌបាតឡើយ ភិក្ខុទាំងនេះ តែពួកយើងលែងធ្វើសក្ការៈ លែងធ្វើសេចក្តីគោរព លែងរាប់អាន លែងបូជា យ៉ាងនេះហើយ ក៏ទៅជាអ្នកគ្មានគ្រឿងសក្ការៈហើយ មុខជានឹងរត់ចេញទៅខ្លះ សឹកចេញទៅខ្លះ ញុំាងព្រះមានព្រះភាគ ឲ្យប្រោសប្រាណខ្លះមិនខាន។ គ្រានោះ ពួកឧបាសកក្រុងកោសម្ពី លែងសំពះ លែងក្រោកទទួល លែងធ្វើអញ្ជលិកម្ម និងសាមីចិកម្ម លែងធ្វើសក្ការៈ គោរព រាប់អាន បូជា ពួកភិក្ខុក្រុងកោសម្ពី ទុកជាភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាត ក៏លែងឲ្យបិណ្ឌបាត។ វេលានោះ ពួកភិក្ខុក្រុងកោសម្ពី កាលបើពួកឧបាសកក្រុងកោសម្ពី លែងធ្វើសក្ការៈ គោរព រាប់អាន បូជា ក៏ទៅជាអ្នកគ្មានគ្រឿងសក្ការៈ ហើយក៏និយាយនឹងគ្នាយ៉ាងនេះថា នែអាវុសោ បើដូច្នោះ មានតែយើងទៅក្រុងសាវត្ថី រម្ងាប់អធិករណ៍នេះ ក្នុងសំណាក់ព្រះមានព្រះភាគចេញ។