ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » កោសម្ពិក្ខន្ធកៈ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
mv 10.09 បាលី cs-km: vin.mv.10.09 អដ្ឋកថា: vin.mv.10.09_att PTS: ?
ឧបាលិសង្ឃសាមគ្គីបុច្ឆា (ទី២៧៩)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២៧៩)
[១៦៥] គ្រានោះ ព្រះឧបាលិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃមិនទាន់បានជំរះរឿងនោះ មិនទាន់ដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយស្រាប់តែធ្វើសង្ឃសាមគ្គីតែម្តង សូមទ្រង់ព្រះមេត្តាប្រោស សង្ឃសាមគ្គីនោះ ប្រកបដោយធម៌ដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែឧបាលិ សេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ ការប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃមិនទាន់បានជំរះរឿងនោះ មិនទាន់ដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយស្រាប់តែធ្វើសង្ឃសាមគ្គីតែម្តង នែឧបាលិ សង្ឃសាមគ្គីនោះ មិនប្រកបដោយធម៌ទេ។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ម្យ៉ាងទៀត ចុះបើសេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃបានជំរះរឿងនោះ បានដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយក៏ធ្វើសង្ឃសាមគ្គីទៅ សូមទ្រង់ព្រះមេត្តាប្រោស សង្ឃសាមគ្គីនោះ ប្រកបដោយធម៌ដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែឧបាលិ សេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃក៏បានជំរះរឿងនោះចេញ បានដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយក៏ធ្វើសង្ឃសាមគ្គីទៅ នែឧបាលិ សង្ឃសាមគ្គីនោះ ហៅថា ប្រកបដោយធម៌។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស សង្ឃសាមគ្គី តើមានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា នែឧបាលិ សង្ឃសាមគ្គី មានពីរយ៉ាង នែឧបាលិ សង្ឃសាមគ្គីប្រាសចាកអត្ថ តែប្រកបដោយព្យញ្ជនៈ១ នែឧបាលិ សង្ឃសាមគ្គីប្រកបទាំងអត្ថ ទាំងព្យញ្ជនៈ១។ នែឧបាលិ ឯសង្ឃសាមគ្គី ដែលប្រាសចាកអត្ថ តែប្រកបដោយព្យញ្ជនៈ តើដូចម្តេច។ នែឧបាលិ សេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទ ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃមិនទាន់បានជំរះរឿងនោះ មិនទាន់ដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយស្រាប់តែធ្វើសង្ឃសាមគ្គីទៅ នែឧបាលិ សង្ឃសាមគ្គីនេះ តថាគត ហៅថា ប្រាសចាកអត្ថ តែប្រកបដោយព្យញ្ជនៈ។ នែឧបាលិ ចំណែកខាងសង្ឃសាមគ្គី ដែលប្រកបទាំងអត្ថ ទាំងព្យញ្ជនៈ តើដូចម្តេច។ នែឧបាលិ សេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃក៏បានជំរះរឿងនោះ បានដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយក៏ធ្វើសង្ឃសាមគ្គីទៅ នែឧបាលិ សង្ឃសាមគ្គីនេះ តថាគត ហៅថា ប្រកបទាំងអត្ថ ទាំងព្យញ្ជនៈ។ នែឧបាលិ សង្ឃសាមគ្គី មានពីរយ៉ាងនេះឯង។ វេលានោះ ព្រះឧបាលិដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ (ចីពរ) ឆៀងស្មាម្ខាង រួចប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំទូលព្រះមានព្រះភាគ ដោយព្រះគាថា ថា
[១៦៦] កាលបើកិច្ចក្តី ការប្រឹក្សាវិន័យក្តី សេចក្តីអធិប្បាយវិន័យក្តី សេចក្តីវិនិច្ឆ័យវិន័យក្តី កើតចំពោះសង្ឃហើយ តើជន គឺភិក្ខុមានប្រការដូចម្តេច ទើបហៅថា មានឧបការៈច្រើន ក្នុងសាសនានេះ និងដូចម្តេច ដែលគួរលើកដម្កើង ក្នុងសាសនានេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ភិក្ខុនោះ ដែលគេមិនគួរតិះដៀល ដោយសីលជាបឋម បានពិចារណាមើលមារយាទខ្លួន បានសង្រួមឥន្ទ្រិយ ដោយល្អហើយ ពួកសត្រូវ ក៏មិនបានតិះដៀល ដោយធម៌ឡើយ អ្នកដទៃ គួរនិយាយ (បន្ទោស) ភិក្ខុដោយហេតុណា ហេតុនោះ មិនមានដល់ភិក្ខុនោះឡើយ។ ភិក្ខុបែបនោះឯង តាំងនៅក្នុងសីលវិសុទ្ធិ ក្លៀវក្លា អង់អាច និយាយគ្របសង្កត់គេបាន ទៅក្នុងកណ្តាលបរិសទ្យ ក៏គ្មានតក់ស្លុត គ្មានរន្ធត់ឡើយ ភិក្ខុនោះ មិនបាននិយាយពាក្យមិនគួរ ដែលញុំាងប្រយោជន៍ឲ្យសាបសូន្យឡើយ (បើមាន) គេសួរប្រស្នា ក្នុងពួកបរិសទ្យយ៉ាងនោះ ក៏ឥតជ្រប់ស្រពោន ឥតអៀនអន់ឡើយ។ ភិក្ខុនោះ មានប្រាជ្ញា ញុំាងបរិសទ្យ ជាអ្នកប្រាជ្ញឲ្យត្រេកអរ និងពាក្យដែលមានមកក្នុងកាលគួរ និងគួរជាទីដោះស្រាយប្រស្នាបាន ទាំងមានសេចក្តីគោរពពួកភិក្ខុចាស់ជាង និងក្លៀវក្លាក្នុងពាក្យអាចារ្យរបស់ខ្លួន ហើយអាចពិចារណា នូវហេតុនោះៗ និងស្ទាត់ក្នុងពាក្យដែលគួរនិយាយ ឆ្លាសក្នុងហេតុដែលភ្លាត់ខុសរបស់ពួកសត្រូវ ពួកសត្រូវសង្កត់សង្កិនក្តី មហាជនតែងពន្យល់ក្តី ដោយពាក្យណា ភិក្ខុនេះ មិនលះបង់ នូវពាក្យអាចារ្យរបស់ខ្លួន ដោយពាក្យនោះឡើយ កាលនឹងដោះស្រាយប្រស្នា ជាប្រស្នាមិនបានបៀតបៀនឡើយ ហើយអាចក្នុងទូតេយ្យកម្មផង ទទួលរងខាងកិច្ចការ របស់សង្ឃផង ដូចជាជនអ្នកទទួលយកនូវគ្រឿងបូជា ភិក្ខុនោះ កាលពួកភិក្ខុបញ្ជូនទៅ (ដើម្បី) ធ្វើនូវពាក្យជាកិច្ចការរបស់សង្ឃ ក៏មិនបានមើលងាយ ដោយអំពើនោះថា អាត្មាអញធ្វើឡើយ បើត្រូវអាបត្តិ ក្នុងវត្ថុមានប្រមាណណា ក៏ចេញចាកអាបត្តិ ដោយសមគួរតាម (វត្ថុមានប្រមាណប៉ុណ្ណោះ) ភិក្ខុនោះ ចេះចាំស្ទាត់ នូវវិភង្គទាំងពីរនេះ ហើយវាងវៃ ក្នុងហេតុដែលចេញចាកអាបត្តិ ប្រសិនបើភិក្ខុដទៃ ប្រព្រឹត្តនូវអំពើទាំងឡាយណា មានសេចក្តីបង្កហេតុជាដើម ហើយគួរនឹងធ្វើនិស្សារណាកម្ម (កម្មដែលរលាស់ខ្លួនចេញ) ភិក្ខុនោះ បានជួយធ្វើនិស្សារណាកម្ម ដោយសមគួរតាមរឿង (នៃអំពើនោះ) ឱសារណាកម្ម (កម្មដែលសង្ឃឲ្យចូលពួកវិញ) ណា ដែលសង្ឃត្រូវធ្វើចំពោះជន គឺភិក្ខុដែលប្រព្រឹត្តតាមវត្តនោះ ភិក្ខុនោះ ក៏ឆ្លាសក្នុងវិភង្គ អាចស្គាល់ឱសារណាកម្មនុ៎ះឯង ភិក្ខុនោះ ប្រកបដោយសេចក្តីគោរព ក្នុងពួកភិក្ខុដែលចាស់ជាងខ្លួន ម្យ៉ាងទៀត ប្រកបដោយសេចក្តីគោរពក្នុងភិក្ខុខ្ចីផង ភិក្ខុចាស់ផង ភិក្ខុជាកណ្តាលផង ជាបណ្ឌិតប្រព្រឹត្តនូវប្រយោជន៍ ដល់មហាជន ក្នុងលោកនេះ ភិក្ខុបែបនោះឯង គួរគេនឹងដម្កល់ដម្កើងក្នុងសាសនានេះ។
ចប់ កោសម្ពិក្ខន្ធកៈ ទី១០។