User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.01.1

(បារាជិកកណ្ឌៈ ទី១)

សង្ខេប

(?)

vin pv 01 1 01 1 បាលី cs-km: vin.pv.01.1.01.1 អដ្ឋកថា: vin.pv.01.1.01.1_att PTS: ?

(បារាជិកកណ្ឌៈ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(១. បារាជិកកណ្ឌំ)

[១] សួរថា បឋមបារាជិក ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ (នូវកាលនៃការបញ្ញត្ដសិក្ខាបទ) ឃើញច្បាស់ (នូវប្រយោជន៍១០យ៉ាង នៃការបញ្ញត្ដសិក្ខាបទ) ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារឰនូវបុគ្គលណា។ ព្រោះរឿងរ៉ាវដូចម្ដេច។ (បញ្ញត្ដិ៩យ៉ាងគឺ) បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ សព្វត្ថប្បញ្ញត្ដិ១ បទេសប្បញ្ញត្ដិ១ សាធារណប្បញ្ញត្ដិ១ អសាធារណប្បញ្ញត្ដិ១ ឯកតោបញ្ញត្ដិ១ ឧភតោបញ្ញត្ដិ១ មានក្នុងបឋមបារាជិកនោះដែរឬទេ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ បឋមបារាជិក ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូល ក្នុងឧទ្ទេសណា មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសណា។ បណ្ដាវិបត្ដិ៤យ៉ាង បឋមបារាជិកចាត់ជាអ្វី។ បណ្ដាកងនៃអាបត្ដិទាំង៧ បឋមបារាជិក ចាត់ចូលក្នុងកងអាបត្ដិណា។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង បឋមបារាជិក តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ បណ្ដាអធិករណ៍ទាំង៤យ៉ាង បឋមបារាជិក ចាត់ចូលក្នុងអធិករណ៍ណា។ បណ្ដាសមថៈទាំង៧យ៉ាង បឋមបារាជិក រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ អ្វីជាវិន័យក្នុងបឋមបារាជិកនោះ អ្វីជាអភិវិន័យក្នុងបឋមបារាជិកនោះ អ្វីជាបាតិមោក្ខក្នុងបឋមបារាជិកនោះ អ្វីជាអធិប្បាតិមោក្ខ ក្នុងបឋមបារាជិកនោះ អ្វីជាវិបត្ដិ អ្វីជាសម្បត្ដិ អ្វីជាសេចក្ដីប្រតិបត្ដិ (ក្នុងបឋមបារាជិកនោះ)។ បឋមបារាជិក ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដទុកមក ព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។ ជនពួកណាសិក្សា។ ជនពួកណា ដែលមានសិក្ខាសិក្សាហើយ។ បឋមបារាជិក ឋិតនៅក្នុងជនពួកណា។ ជនពួកណាទ្រទ្រង់ទុក។ បឋមបារាជិក ជាពាក្យរបស់នរណា។ នរណានាំមក។

[២] សួរថា បឋមបារាជិក ព្រះមានព្រះភាគអរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវសុទិន្នភិក្ខុជាកូននៃកលន្ទសេដ្ឋី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលសុទិន្នភិក្ខុជាបុត្ដ នៃកលន្ទសេដ្ឋី សេពមេថុនធម្មនឹងបុរាណទុតិយិកា (ភរិយារបស់ខ្លួនពីដើម)។ បញ្ញត្ដិ អនុប្បញ្ញត្ដិ អនុប្បន្នប្បញ្ញត្ដិ មានក្នុងបឋមបារាជិកនោះដែរឬទេ។ មានតែបញ្ញត្ដិ្ដ1) ១ និងអនុប្បញ្ញត្ដិ2) ២ ឯអនុប្បន្នប្បញ្ញត្ដិ3) មិនមានក្នុងបឋមបារាជិកនោះទេ។ បឋមបារាជិកនោះ ជាសព្វត្ថប្បញ្ញត្ដិ4) ឬជាបទេសប្បញ្ញត្ដិ។5) ជាសព្វត្ថប្បញ្ញត្ដិ។ បឋមបារាជិកនោះ ជាសាធារណប្បញ្ញត្ដិ6) ឬជាអសាធារណប្បញ្ញត្ដិ។7) ជាសាធារណប្បញ្ញត្ដិ។ បឋមបារាជិកនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។8) ជាឧភតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ យ៉ាង បឋមបារាជិក ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ បឋមបារាជិក ដាក់ចុះក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ បឋមបារាជិកមកកាន់ឧទ្ទេស ត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិ៤យ៉ាង បឋមបារាជិក ចាត់ជាវិបត្ដិអ្វី។ ចាត់ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ បឋមបារាជិក ចាត់ចូលក្នុងកងនៃអាបត្ដិណា។ ចាត់ចូលក្នុងកង នៃអាបត្ដិបារាជិក។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ យ៉ាង បឋមបារាជិក តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយ នឹងចិត្ដ មិនតាំងឡើអំពីវាចាទេ។ បណ្ដាអធិករណ៍ទាំង៤ យ៉ាង បឋមបារាជិក ចាត់ជាអធិករណ៍ណា។ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧យ៉ាង បឋមបារាជិករម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ រម្ងាប់ដោយសមថៈពីរយ៉ាង គឺដោយសម្មុខាវិន័យ១ បដិញ្ញាតករណៈ១។ អ្វីជាវិន័យក្នុងបឋមបារាជិកនោះ អ្វីជាអភិវិន័យ ក្នុងបឋមបារាជិកនោះ។ បញ្ញត្ដិ ជាវិន័យ វិភត្ដិ (បទភាជនៈ) ជាអភិវិន័យ ក្នុងបឋមបារាជិកនោះ។ អ្វីជាបាតិមោក្ខ ក្នុងបឋមបារាជិកនោះ អ្វីជាអធិប្បាតិមោក្ខ ក្នុងបឋមបារាជិកនោះ។ បញ្ញត្ដិ ជាបាតិមោក្ខ វិភត្ដិ (បទភាជនៈ) ជាអធិប្បាតិមោក្ខ។ អ្វីជាវិបត្ដិ។ សេចក្ដីមិនសង្រួមជាវិបត្ដិ។ អ្វីជាសម្បត្ដិ។ សេចក្ដីសង្រួម ជាសម្បត្ដិ។ អ្វីជាសេចក្ដីប្រតិបត្ដិ (ក្នុងបឋមបារាជិកនោះ)។ ភិក្ខុសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ដរាបអស់ជីវិត មានជីវិតជាទីបំផុតដោយគិតថា អាតា្មអញនឹងមិនធ្វើអំពើមានសភាពយ៉ាងនេះទេ (នេះជាសេចក្ដីប្រតិបត្ដិ)។ បឋមបារាជិក ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដទុកមក ព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មាន។ បឋមបារាជិក ព្រះមានព្រះភាគទ្រង់បញ្ញត្ដទុកមក ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺដើម្បីសេចក្ដីល្អដល់សង្ឃ១ ដើម្បីនៅសប្បាយដល់សង្ឃ១ ដើម្បីសង្កត់សង្កិន នូវបុគ្គលទំាងឡាយ ដែលមិនអៀនខ្មាស១ ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំងអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន១ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយក្នុងបរលោក១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើង១ ដើម្បីញ៉ាំងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើង១ ដើម្បីតាំងនៅមាំ នៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់វិន័យ១។ ជនពួកណា តែងសិក្សា។ ពួកសេក្ខៈ និងពួកកល្យាណបុថុជ្ជនតែងសិក្សា។ ជនពួកណាដែលមានសិក្ខាសិក្សាហើយ។ ពួកព្រះអរហន្ដ មានសិក្ខាសិក្សាហើយ។ បឋមបារាជិកនោះ ឋិតនៅក្នុងពួកជនណា។ ឋិតនៅក្នុងពួកសិក្ខាកាមបុគ្គល (អ្នកប្រាថ្នាការសិក្សា)។ ជនពួកណា រមែងទ្រទ្រង់ទុក។ បឋមបារាជិក ប្រព្រឹត្ដទៅដល់ជនពួកណា ជនពួកនោះ រមែងទ្រទ្រង់ទុក។9) បឋមបារាជិក ជាពាក្យរបស់អ្នកណា។ ជាពាក្យរបស់ព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធ។ អ្នកណានាំមក។ ព្រះថេរៈ (ដូចមាននាមតទៅនេះ) នាំតៗគ្នាមក។

[៣] ព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ និងព្រះមោគ្គល្លីបុត្ដ១ អង្គទៀត ជាគម្រប់៥ ព្រះថេរៈទាំងនេះ ឋិតនៅក្នុងទ្វីបមានឈ្មោះថា ជម្ពូដ៏មានសិរី។ តអំពីព្រះថេរៈទាំងនោះមក ព្រះមហាមហិន្ទ១ ព្រះឥដ្ដិយៈ១ ព្រះឧត្ដិយៈ១ ព្រះសម្ពលៈ១ ព្រះភទ្ទនាមជាបណ្ឌិត១ ព្រះនាគត្ថេរទាំងនេះ មានប្រាជ្ញាច្រើន មកអំពីជម្ពូទ្វីប ហើយបានមកនៅក្នុងលង្កាទ្វីប ព្រះថេរៈទាំងនោះ បានបង្រៀនវិនយបិដក បានបង្រៀននិកាយទាំង៥ គម្ពីរ ព្រះអភិធម្មទាំង៧គម្ពីរ ក្នុងតម្ពបណ្ណិទ្វីប (កោះលង្កា)។ តអំពីនោះមក (មានព្រះថរៈច្រើនអង្គទៀតគឺ) ព្រះអរិដ្ឋ ជាអ្នកមានប្រាជ្ញា១ ព្រះតិស្សទត្ដជាបណ្ឌិត១ ព្រះកាឡសុមនត្ថេរជាអ្នកក្លៀវក្លា១ ព្រះទីឃនាមកៈ១ ព្រះទីឃសុមនៈ ជាបណ្ឌិត១ ព្រះកាឡសុមនៈ១ ព្រះនាគត្ថេរ១ ព្រះពុទ្ធរក្ខិត១ ព្រះតិស្សត្ថេរ ជាអ្នកមានប្រាជ្ញា១ ព្រះទេវត្ថេរជាបណ្ឌិត១ ព្រះសុមនៈ មានប្រាជ្ញាក្លៀវក្លាក្នុងវិន័យ១ ព្រះចូឡនាគ ជាពហុស្សូត១ ព្រះគជត្ថេរ ជាអ្នកកម្ចាត់បង់ទោសដ៏អាក្រក់១ ព្រះថេរៈ ឈ្មោះធម្មបាលិត ដែលគេបូជាហើយដោយប្រពៃ ក្នុងរោហណជនបទ១ សិស្សរបស់ព្រះធម្មបាលិតនោះ ឈ្មោះខេមៈ ជាអ្នកមានប្រាជ្ញាច្រីន ទ្រទ្រង់ព្រះត្រៃបិដក រុងរឿងដោយបញ្ញាក្នុងទ្វីប ដូចជាព្រះចន្ទ១ ព្រះថេរៈ ឈ្មោះឧបតិស្សៈ ជាអ្នកមានប្រាជ្ញា១ ព្រះបុស្សទេវៈ ដែលជាមហាធម្មកថិក១ ព្រះសុមនៈ អ្នកមានប្រាជ្ញា១ ព្រះបុប្ផៈ ជាពហុស្សូត១ ព្រះមហាសីវៈ ជាមហាធម្មកថិកឈ្លាសវៃ ក្នុងបិដកទាំងអស់១ ព្រះឧបាលិ ជាអ្នកមានប្រាជ្ញាក្លៀវក្លាក្នុងវិន័យ១ ព្រះមហានាគ ជាអ្នកមានប្រាជ្ញាច្រើនឈ្លាសវៃ ក្នុងវង្សព្រះសទ្ធម្ម១ ព្រះអភ័យ ជាអ្នកមានប្រាជ្ញាឈ្លាសវៃ ក្នុងបិដកទាំងអស់១ ព្រះតិស្សត្ថេរ ជាអ្នកមានប្រាជ្ញាដ៏ក្លៀវក្លាក្នុងវិន័យ១ សិស្សរបស់ព្រះតិស្សត្ថេរនោះ ឈ្មោះបុស្សៈ ជាអ្នកមានប្រាជ្ញាច្រើនជាពហុស្សូត ជាអ្នករក្សាព្រះសាសនា ប្រតិស្ថានទុកក្នុងជម្ពូទ្វីប១ ព្រះចូឡាភ័យ ជាអ្នកមានប្រាជ្ញា ក្លៀវក្លាក្នុងវិន័យ១ ព្រះតិស្សត្ថេរ ជាអ្នកមានប្រាជ្ញាឈ្លាសវៃ ក្នុងវង្សព្រះសទ្ធម្ម១ ព្រះចូឡាទេវៈ ជាអ្នកមានប្រាជ្ញាក្លៀវក្លាក្នុងវិន័យ១ ព្រះសីវត្ថេរ ជាអ្នកមានប្រាជ្ញាឈ្លាសវៃ ក្នុងវិន័យទាំងអស់១ ព្រះនាគត្ថេរទាំងនេះ សុទ្ធតែជាអ្នកមានប្រាជ្ញាច្រើន ចេះវិន័យស្ទាត់ក្នុងមគ្គ បានប្រកាសវិនយបិដកទុកក្នុងតម្ពបណ្ណិទ្វីប (លង្កាទ្វីប)។

[៤] សួរថា ទុតិយបារាជិក ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើងច្បាស់ ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទុតិយបារាជិក ព្រះអង្គ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវធនិយភិក្ខុ ជាកូននៃស្មូនឆ្នាំង។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលធនិយភិក្ខុ ជាកូននៃស្មូនឆ្នាំង យកឈើរបស់ព្រះរាជា ដែលទ្រង់មិនបានប្រទាន។ ទុតិយបារាជិកនេះ មានតែបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានឡើយ។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង ទុតិយបារាជិក តាំងឡើងដោយសមុដ្ឋាន៣យ៉ាង គឺតាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចានិងចិត្ដ១។បេ។

[៥] សួរថា តតិយបារាជិក ព្រះអង្គ ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុទាំងឡាយច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុទាំងឡាយច្រើនរូប ផ្ដាច់ជីវិតគ្នានិងគ្នា។ តតិយបារាជិកនេះ មានតែបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានឡើយ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង តតិយបារាជិក តាំងឡើងដោយសមុដ្ឋាន៣យ៉ាង គឺតាំងឡើងអំពីកាយ និងចិត្ដ មិនតាំង ឡើងអំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចា និងចិត្ដ១។បេ។

[៦] សួរថា ចតុត្ថបារាជិក ព្រះអង្គ បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុទាំងឡាយ ដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទា។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលភិក្ខុទាំងឡាយ អ្នកនៅទៀបឆ្នេរស្ទឹងវគ្គុមុទា នាំគ្នាពោលអួតនូវគុណ នៃឧត្ដរិមនុស្សធម្មនៃគ្នានិងគ្នា ដល់គ្រហស្ថទាំងឡាយ។ ចតុត្ថបារាជិកនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានឡើយ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង ចតុត្ថបារាជិក តាំងឡើងដោយសមុដ្ឋាន៣យ៉ាងគឺ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចានិងចិត្ដ១។បេ។

ចប់ បារាជិក ៤។

ឧទ្ទានគឺបញ្ជីរឿងនៃបារាជិកនោះ ដូច្នេះ

[៧]

បារាជិក៤ គឺ សេពមេថុន១ លួចទ្រព្យគេ១ សម្លាប់មនុស្ស១ ពោលអួតឧត្ដរិមនុស្សធម្ម១ ជាឆេជ្ជវត្ថុ (វត្ថុជាហេតុឱ្យដាច់ចាកភិក្ខុភាវៈ) បណ្ឌិតមិនត្រូវសង្ស័យឡើយ។

 

លេខយោង

1)
អដ្ឋកថា ថា សេចក្ដីបញ្ញត្ដថា ភិក្ខុណាមួយ សេពមេថុនធម្ម ត្រូវបារាជិកគ្មានសំវាស នេះជាបញ្ញត្ដិ១។
2)
ពាក្យថា ភិក្ខុសេពមេថុនធម្ម ដោយហោចទៅសូម្បីតែនឹងសត្វតិរច្ឆានក្ដី មិនពោលលាសិក្ខាក្ដី ទាំងនេះ ចាត់ជាអនុប្បញ្ញត្ដិពីរ។
3)
សេចក្ដីបញ្ញត្ដិមុនកើតរឿងឡើង ដូចជា ទ្រង់បញ្ញត្ដគរុធម៌៨ ដល់ពួកភិក្ខុនី នេះចាត់ជា អនុប្បន្នប្បញ្ញត្ដិ ៗនេះមិនមានក្នុងទីឯទៀតទេ។
4)
សិក្ខាបទដែលទ្រង់បញ្ញត្ដទួទៅទាំងមជ្ឈិមបទេស ទាំងបច្ចន្ដជនបទ ហៅថាសព្វត្ថប្បញ្ញត្ដិ។
5)
សិក្ខាបទដែលទ្រង់បញ្ញត្ដហាមក្នុងមជ្ឈិមបទេស មាន៤សិក្ខាបទ គឺឧបសម្បទាដោយគណៈសង្ឃ មានភិក្ខុជាវិនយធរជាគម្រប់៥ ស្បែកជើង៤ជាន់ ស្រង់ទឹកជានិច្ច កម្រាលស្បែក ហៅថា បទេសប្បញ្ញត្ដិ។
6)
សិក្ខាបទដែលទ្រង់បញ្ញត្ដទួទៅ ទាំងភិក្ខុ ទាំងភិក្ខុនី ហៅថា សាធារណប្បញ្ញត្ដិ។
7)
សិក្ខាបទដែលទ្រង់បញ្ញត្ដចំពោះតែភិក្ខុ ឬ ចំពោះតែភិក្ខុនីម្យ៉ាង ហៅថា អសាធារណប្បញ្ញត្ដិ។
8)
ឯកតោបញ្ញត្ដិ មានសេចក្ដីដូចអសាធារណប្បញ្ញត្ដិ ឧភតោបញ្ញត្ដិ មានសេចក្ដីដូចសាធារណប្បញ្ញត្ដិ។
9)
អដ្ឋកថា ថា ពាក្យថាទ្រទ្រង់ទុក គឺចាំស្ទាត់ ទាំងបាលី ទាំងអដ្ឋកថា នៃបឋមបារាជិក
km/tipitaka/vin/pv/vin.pv.01.1.01.1.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann