(?)
vin pv 01 1 01 2 បាលី cs-km: vin.pv.01.1.01.2 អដ្ឋកថា: vin.pv.01.1.01.2_att PTS: ?
(សង្ឃាទិសេសកណ្ឌៈ ទី២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. សង្ឃាទិសេសកណ្ឌំ)
[៨] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុព្យាយាមបញ្ចេញអសុចិក្នុងទីណា។ ទ្រង់ប្រារឰនូវបុគ្គលណា។ ព្រោះរឿងរ៉ាវដូចម្ដេច។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ សព្វត្ថប្បញ្ញត្ដិ១ បទេសប្បញ្ញត្ដិ សាធារណប្បញ្ញត្ដិ១ អសាធារណប្បញ្ញត្ដិ១ ឯកតោបញ្ញត្ដិ១ ឧភតោបញ្ញត្ដិ១ មានក្នុងបឋមសង្ឃាទិសេសនោះដែរឬទេ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥យ៉ាង បឋមសង្ឃាទិសេស ចាត់ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា មកកាន់ឧទ្ទេសត្រង់ឧទ្ទេសណា។ បណ្ដាវិបត្ដិ៤យ៉ាង បឋមសង្ឃាទិសេស ចាត់ជាវិបត្ដិអ្វី។ បណ្ដាកងនៃអាបត្ដិទាំង៧យ៉ាង បឋមសង្ឃាទិសេស ចាត់ចូលក្នុងកងអាបត្ដិណា។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង បឋមសង្ឃាទិសេស តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ បណ្ដាអធិករណ៍ទាំង៤យ៉ាង បឋមសង្ឃាទិសេស ចាត់ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង៧យ៉ាង បឋមសង្ឃាទិសេស រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ អ្វីជាវិន័យក្នុងសិក្ខាបទនោះ អ្វីជាអភិវិន័យ ក្នុងសិក្ខាបទនោះ អ្វីជាបាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីជាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីជាវិបត្ដិ អ្វីជាសម្បត្ដិ សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុអ្នកព្យាយាមបញ្ចេញអសុចិ តើព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។ ជនពួកណាតែងសិក្សា។ ជនពួកណាមានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះ ឋិតនៅក្នុងជនពួកណា។ ជនពួកណាតែងទ្រទ្រង់ទុក។ សិក្ខាបទនោះ ជាពាក្យរបស់នរណា។ នរណានាំមក។
[៩] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុអ្នកព្យាយាមបញ្ចេញអសុចិក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវសេយ្យសកភិក្ខុមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលសេយ្យសកភិក្ខុមានអាយុ ព្យាយាមបញ្ចេញអសុចិដោយដៃ។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ មានក្នុងសិក្ខាបទនោះដែរឬទេ។ មានតែបញ្ញតិ្ត១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះទេ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥យ៉ាង សិក្ខាបទនោះ ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ដាក់ចុះក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី៣។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ចាត់ជាវិបត្ដិអ្វី។ ចាត់ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ចាត់ចូលក្នុងកង នៃអាបត្ដិណា។ ចាត់ចូលក្នុងកង នៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ សិក្ខាបទនោះ ចាត់ចូលក្នុងអធិករណ៍ណា។ ចាត់ចូលក្នុងអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ សិក្ខាបទនោះ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ រម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១។ អ្វីជាវិន័យ ក្នុងសិក្ខាបទនោះ អ្វីជាអភិវិន័យ ក្នុងសិក្ខាបទនោះ។ បញ្ញត្ដិជាវិន័យ វិភត្ដិ ជាអភិវិន័យ។ អ្វីជាបាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីជាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ជាបាតិមោក្ខ វិភត្ដិ ជាអធិប្បាតិមោក្ខ។ អ្វីជាវិបត្ដិ។ ការមិនសង្រួមជាវិបត្ដិ។ អ្វីជាសម្បត្ដិ។ ការសង្រួមជាសម្បត្ដិ។ សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូចម្ដេច។ ភិក្ខុសមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ដរាបដល់អស់ជីវិត មានជីវិតជាទីបំផុត ដោយគិតថា អញនឹងមិនធ្វើកម្ម យ៉ាងនេះទេ (នេះជាសេចក្ដីប្រតិបត្ដិ)។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុព្យាយាមបញ្ចេញអសុចិ តើព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុព្យាយាមបញ្ចេញអសុចិ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺដើម្បីសេចក្ដីល្អដល់សង្ឃ១ ដើម្បីសេចក្ដីសប្បាយដល់សង្ឃ១ ដើម្បីសង្កត់សង្កិន នូវបុគ្គលទាំងឡាយ ដែលមិនមានអៀនខ្មាស១ ដើម្បីកិរិយានៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំង នូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន១ ដើមី្បកម្ចាត់បង់ នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក១ ដើម្បីញុំាងជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើង១ ដើម្បីញុំាងជនទាំងឡាយ ដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើង១ ដើម្បីតម្កល់នៅមាំ នៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់វិន័យ១។ ពួកជនណាតែងសិក្សា។ សេក្ខបុគ្គល និងកល្យាណបុថុជ្ជនតែងសិក្សា។ ជនពួកណា ដែលមានសិក្ខាសិក្សាហើយ។ ព្រះអរហន្ដមានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះឋិតនៅក្នុងបុគ្គលពួកណា។ ឋិតនៅក្នុងពួកសិក្ខាកាមបុគ្គល។ ជនពួកណាតែងទ្រទ្រង់ទុក។ សិក្ខាបទនោះតែងប្រព្រឹត្ដទៅ ដល់ជនពួកណា ជនពួកនោះតែងទ្រទ្រង់ទុក។ សិក្ខាបទនោះ ជាពាក្យរបស់នរណា។ ជាពាក្យរបស់ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ។ សិក្ខាបទនោះ លោកអង្គណានាំមក។ (ព្រះ ថេរៈដែលមាននាមដូចតទៅនេះ) នាំតៗ គ្នាមក។
ព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ ព្រះមោគ្គលីបុត្ដ១អង្គទៀត ជាគម្រប់ ៥ ព្រះថេរៈទាំងនេះ ឋិតនៅក្នុងទ្វីបមានឈ្មោះថា ជម្ពូដ៏មានសិរី។ តអំពីនោះមក ព្រះមហិន្ទត្ថេរ១ ព្រះឥដ្ដិយៈ១ ព្រះឧត្ដិយៈ១ ព្រះសម្ពលៈ១។បេ។ ព្រះនាគត្ថេរទាំងនេះ មានប្រាជ្ញាច្រើន ជាអ្នកចេះព្រះវិន័យ ឈ្លាសក្នុងមគ្គ បានប្រកាសវិនយបិដកទុក ក្នុងតម្ពបណ្ណិទ្វីប។
[១០] សួរថា ព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះភិក្ខុដែលស្ទាបអង្អែលកាយមាតុគ្រាម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវ ព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ ស្ទាបអង្អែលកាយមាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។បេ។
[១១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះ ភិក្ខុដែលនិយាយចែចង់មាតុគ្រាម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលព្រះឧទាយិមានអាយុ និយាយចែចង់មាតុគ្រាម។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង គឺតាំងឡើងដោយកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចានិងចិត្ដ។បេ។
[១២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពាះភិក្ខុ ដែលនិយាយសរសើរការបម្រើដោយកាម ដើម្បីខ្លួនក្នុងសម្នាក់មាតុគ្រាម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវ ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ និយាយសរសើរ ការបម្រើដោយកាម ដើម្បីខ្លួន ក្នុងសម្នាក់មាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ៣ យ៉ាង។ បេ។
[១៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុដែលប្រព្រឹត្ដនិយាយដឹកនាំក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ ក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰ នូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឧទាយិ មានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ និយាយដឹកនាំ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងអំពីសមុដ្ឋានទាំង៦យ៉ាងគឺ តាំងឡើងអំពីកាយ មិនតាំង ឡើងអំពីវាចានិងចិត្ដ១ តាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយ និងចិត្ដ១ តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ១ តាំងឡើង អំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចា និងចិត្ដ១។បេ។
[១៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលឱ្យគេធ្វើកុដិ (មិនមានទាយកជាម្ចាស់របស់) ដោយការសូមគ្រឿងឧបករណ៍របស់គេមក ដោយខ្លួនឯង ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុ ទាំងឡាយ ដែលនៅក្នុងនគរអាឡវី។ ព្រោះរឿងរ៉ាវដូចម្ដេច ព្រោះរឿង រ៉ាវដែលភិក្ខុទាំងឡាយ នៅក្នុងនគរអាឡវី ឱ្យគេធ្វើកុដិ (មិនមានទាយកជាម្ចាស់របស់) ដោយការសូមគ្រឿងឧបករណ៍របស់គេមកដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦ យ៉ាង។ បេ។
[១៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលឱ្យគេធ្វើវិហារធំ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឆន្នៈមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឆន្នៈមានអាយុ ជម្រះ ទីវិហារ បានប្រើគេឱ្យកាប់ដើមឈើ ដែលគេសន្មតថាជាចេតិយ១ដើម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[១៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលចោទ (បង្កាច់) ភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវមេត្ដិយភិក្ខុ និងភុម្មជកភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកមេត្ដិយភិក្ខុ និងភុម្មជកភិក្ខុចោទ (បង្កាច់) ព្រះទព្វមល្លបុត្ដមានអាយុ ដោយអាបត្ដិបារាជិក មិនមានមូល។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ៣ យ៉ាង។ បេ។
[១៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលចោទ (បង្កាច់) ភិក្ខុផងគ្នា ដោយអាបត្ដិបារាជិក ព្រោះអាស្រ័យហេតុបន្ដិចបន្ដួច របស់អធិករណ៍ ជាចំណែកដទៃ មកជាគ្រឿងអាង ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវមេត្ដិយ ភិក្ខុនិងភុម្មជកភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ រឿងរ៉ាវដែលមេត្ដិយភិក្ខុ និងភុម្មជកភិក្ខុចោទ (បង្កាច់) ព្រះទព្វមល្លបុត្ដមានអាយុ ដោយអាបត្ដិបារាជិក ព្រោះអាស្រ័យហេតុបន្ដិចន្ដួច របស់អធិករណ៍ ជាចំណែកដទៃមកជាគ្រឿងអាង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ សមុដ្ឋាន៣យ៉ាង។ បេ។
[១៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុ(អ្នកព្យាយាម) បំបែកសង្ឃ ដែលសង្ឃបានសូត្រសមនុភាសនកម្មអស់វារៈ៣ ដងហើយ នៅតែមិនលះបង់ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ ក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុឈ្មោះ ទេវទត្ដ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលទេវទត្ដភិក្ខុព្យាយាម ដើម្បីបំបែកសង្ឃ ដែលព្រមព្រៀងគ្នា។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយវាចាចិត្ដ។ បេ។
[១៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុទាំងឡាយ អ្នកប្រព្រឹត្ដតាមនូវភិក្ខុដែល (ព្យាយាម) បំបែកសង្ឃ សង្ឃបានសូត្រសមនុភាសនកម្មអស់វារៈ៣ ដង នៅតែមិនលះបង់ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុ ទាំងឡាយច្រើនរូប ប្រព្រឹត្ដតាមទេវទត្ដ ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតំាងឡើងអំពីកាយវាចាចិត្ដ។បេ។
[២០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះភិក្ខុអ្នក (រឹងរូស) ប្រដៅបានដោយក្រ សង្ឃបានសូត្រសមនុភាសនកម្មអស់វារៈ៣ ដង នៅតែមិនលះបង់ ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង នគរកោសម្ពី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឆន្នៈមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឆន្នៈមានអាយុ កាលដែលភិក្ខុទាំងឡាយ ពោលទូន្មានប្រកបដោយធម៌ បានធ្វើខ្លួនឱ្យជាអ្នកគឺគេស្ដីប្រដៅមិនបាន។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះតំាងឡើងដោយសមុដ្ឋាន ១ គឺតំាងឡើងអំពីកាយវាចាចិត្ដ។ បេ។
[២១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុអ្នកទ្រុស្ដត្រកូល សង្ឃបានសូត្រសមនុភាសនកម្មអស់វារៈ៣ដង នៅតែមិនលះបង់ ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ។ ព្រោះ រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ សង្ឃបានធ្វើបញ្វជនីយកម្មហើយ (ត្រឡប់ជេរប្រទេច) ថា ភិក្ខុទាំងឡាយ លុះក្នុងអំណាចសេចក្ដីស្រឡាញ់ លុះក្នុងអំណាចសេចក្ដីស្អប់ លុះក្នុងអំ ណាចសេចក្ដីល្ងង់ លុះក្នុងអំណាចសេចក្ដីខ្លាច។ សិក្ខាបទនោះ មានតែ បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំង ឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយវាចាចិត្ដ។បេ។
ចប់ សង្ឃាទិសេស ១៣។
ឧទ្ទាន គឺបញ្ជីរឿងនៃសង្ឃាទិសេសនោះ ដូច្នេះ
[២២]
សង្ឃាទិសេសទាំង១៣ គឺ សុក្ភវិស្សដ្ឋិ១ កាយសំសគ្គៈ១ ទុដ្ឋុល្លវាចៈ១ អត្ដកាមបារិចរិយៈ១ សញ្ចរិត្ដៈ១ កុដិការៈ១ មហល្លកវិហារៈ១ អមូលកៈ១ កញ្ចិទេសៈ(អញ្ញ ភាគិយៈ)១ សង្ឃភេទកៈ១ ភេទានុវត្ដកៈ១ ទុព្វចៈ១ កុលទូសកៈ១។