(?)
vin pv 01 1 02 បាលី cs-km: vin.pv.01.1.02 អដ្ឋកថា: vin.pv.01.1.02_att PTS: ?
កតាបត្ដិវារៈ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. កតាបត្តិវារោ)
(១. បារាជិកកណ្ឌំ)
[២៤៤] ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិប៉ុន្មានយ៉ាង។ ភិក្ខុសេពមេថុនធម្មត្រូវអាបត្ដិ៣យ៉ាង គឺ សេពមេថុនធម្ម ចំពោះសរីរៈដែលសត្វមិនទាន់ស៊ី ត្រូវអាបត្ដិបារាជិក សេពមេថុនធម្ម ចំពោះសរីរៈដែលសត្វស៊ីហើយដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ បញ្ចូលអង្គជាតទៅក្នុងមាត់ ដែលហាតែមិនឱ្យប៉ះ ត្រូវអាបត្ដិទុក្កដ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិ៣យ៉ាងនេះឯង។
[២៤៥] ភិក្ខុកាន់យកទ្រព្យដែលគេមិនឱ្យ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុកាន់យកទ្រព្យ ដែលគេមិនឱ្យ ត្រូវអាបត្ដិ៣ គឺកាន់យកទ្រព្យ ដែលគេមិនឱ្យ គួរដល់ថ្លៃ៥ មាសកក្ដី លើសពី ៥ មាសកក្ដី ដោយថេយ្យចិត្ដ ត្រូវអាបត្ដិបារាជិក កាន់យកទ្រព្យដែលគេមិនឱ្យ គួរដល់ថ្លៃលើសពី ១ មាសកក្ដី ខ្វះពី៥មាសកក្ដី ដោយថេយ្យចិត្ដ ត្រូវអាបត្ដិថុល្លច្ច័យ កាន់យកទ្រព្យដែលគេមិនឱ្យ គួរដល់ថ្លៃ១មាសកក្ដី ខ្វះពី១មាសកក្ដី ដោយថេយ្យចិត្ដ ត្រូវអាបត្ដិទុក្កដ ភិក្ខុកាន់យកទ្រព្យដែលគេមិនឱ្យត្រូវអាបត្ដិ៣នេះឯង។
[២៤៦] ភិក្ខុ ក្លែងផ្ដាច់បង់រាងកាយរបស់មនុស្ស ឱ្យធ្លាក់ចុះចាកជីវិត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ ក្លែងផ្ដាច់បង់រាងកាយរបស់មនុស្ស ឱ្យធ្លាក់ចុះចាកជីវិត ត្រូវអាបត្ដិ៣យ៉ាងគឺ ជីករណ្ដៅចំពោះមនុស្ស ដោយប៉ុនប៉ងថា អ្នកណានីមួយនឹងធ្លាក់ស្លាប់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ កាលបើមនុស្សនោះ ធ្លាក់ទៅហើយកើតទុក្ខវេទនាឡើង ត្រូវអាបត្ដិថុល្លច្ច័យ (បើ) មនុស្សនោះស្លាប់ ត្រូវអាបត្ដិបារាជិក ភិក្ខុក្លែងផ្ដាច់បង់ជីវិតរបស់មនុស្ស ត្រូវអាបត្ដិ៣នេះឯង។
[២៤៧] ភិក្ខុ ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិ៣គឺ ភិក្ខុ មានសេចក្ដីប្រាថ្នាលាមក មានសេចក្ដីប្រាថ្នាគ្របសង្កត់ហើយ ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិបារាជិក ភិក្ខុនិយាយកុហកថា ភិក្ខុណានៅក្នុង វិហាររបស់អ្នក ភិក្ខុនោះជាព្រះអរហន្ដ កាលបើអ្នកស្ដាប់ដឹងច្បាស់ ត្រូវអាបត្ដិថុល្លច្ច័យ បើពុំដឹងច្បាស់ ត្រូវអាបត្ដិទុក្កដ ភិក្ខុពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិ៣នេះឯង។
ចប់ បារាជិក ៤។
(២. សង្ឃាទិសេសកណ្ឌំ)
[២៤៨] ភិក្ខុ ព្យាយាមបញ្ចេញអសុចិ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ ព្យាយាមបញ្ចេញអសុចិ ត្រូវអាបត្ដិ៣គឺ គិតព្យាយាមទាល់តែអសុចិ ឃ្លាតចេញ ត្រូវអាបត្ដិសង្ឃាទិសេស គិតព្យាយាម តែអសុចិមិនឃ្លាតចេញ ត្រូវអាបត្ដិថុល្លច្ច័យ គ្រាន់តែព្យាយាម ត្រូវអាបត្ដិទុក្កដ។
[២៤៩] ភិក្ខុ ដល់ព្រមនូវកាយសំសគ្គៈ មួយអន្លើដោយមាតុគ្រាម ត្រូវអាបត្ដិ៣គឺ ភិក្ខុស្ទាបអង្អែលកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិសង្ឃាទិសេស ស្ទាបអង្អែលវត្ថុ ដែលជាប់ដោយកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិថុល្លច្ច័យ ស្ទាបអង្អែលវត្ថុ ដែលជាប់ដោយកាយ (ស្ដ្រី) ដោយវត្ថុជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្ដិទុក្កដ។
[២៥០] ភិក្ខុ និយាយចែចង់មាតុគ្រាមដោយសម្ដីអាក្រក់ ត្រូវអាបត្ដិ៣គឺ ភិក្ខុនិយាយសរសើរក្ដី និយាយតិះដៀលក្ដី ចំពោះវច្ចមគ្គ ឬបស្សាវមគ្គ ត្រូវអាបត្ដិសង្ឃាទិសេស និយាយសរសើរក្ដី និយាយតិះដៀលក្ដី ចំពោះអវយវៈ ពីត្រឹមដងកាំបិតចុះមកខាងក្រោម ពីមណ្ឌលជង្គង់ឡើងទៅខាងលើ វៀរលែងតែវច្ចមគ្គ និងបស្សាវមគ្គចេញ ត្រូវអាបត្ដិថុល្លច្ច័យ និយាយសរសើរក្ដី និយាយតិះដៀលក្ដី ចំពោះវត្ថុជាប់នឹងកាយ ត្រូវអាបត្ដិទុក្កដ។
[២៥១] ភិក្ខុ និយាយសរសើរការបម្រើកាមដើម្បីខ្លួន ត្រូវអាបត្ដិ៣ គឺ និយាយសរសើរការបម្រើកាមដើម្បីខ្លួន ក្នុងសម្នាក់មាតុគ្រាម ត្រូវអាបត្ដិសង្ឃាទិសេស និយាយសរសើរការបម្រើកាមដើម្បីខ្លួន ក្នុងសម្នាក់បណ្ឌក ត្រូវអាបត្ដិថុល្លច្ច័យ និយាយសរសើរការបម្រើកាមដើម្បីខ្លួន ក្នុងសម្នាក់តិរច្ឆាន ត្រូវអាបត្ដិទុក្កដ។
[២៥២] ភិក្ខុ ប្រព្រឹត្ដការដឹកនាំ (ពាក្យប្រុសស្រី) ត្រូវអាបត្ដិ ៣ គឺ ទទួលពាក្យ (ខាងប្រុស) ហើយទៅនិយាយល្បងមើល (នឹងស្រី) ហើយត្រឡប់មកប្រាប់(ខាងប្រុស)វិញ ត្រូវអាបត្ដិសង្ឃាទិសេស ទទួលពាក្យហើយ ទៅនិយាយល្បងមើល តែមិនត្រឡប់មកប្រាប់វិញ ត្រូវអាបត្ដិថុល្លច្ច័យ ទទួលពាក្យហើយ តែមិនទៅនិយាយល្បងមើល មិនត្រឡប់មកប្រាប់វិញ ត្រូវអាបត្ដិទុក្កដ។
[២៥៣] ភិក្ខុឱ្យគេធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍ពីគេមកដោយខ្លួនឯង ត្រូវអាបត្ដិ ៣ គឺ ឱ្យគេធ្វើ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ (ដែលធ្វើ) កាលមើលមិនទាន់បូកលាបដុំកំបោរ ឬដីស្អិតមួយដុំនៅឡើយ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើបានបូកលាបដុំកំបោរ ឬដីស្អិតមួយដុំនោះ ស្រេចហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[២៥៤] ភិក្ខុឱ្យគេធ្វើវិហារធំ ត្រូវអាបត្ដិ៣គឺ ឱ្យគេធ្វើ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ(ដែលប្រើគេឱ្យធ្វើ)កាលបើមិនទាន់បូកលាបដុំកំបោរ ឬដីស្អិតមួយដុំនៅឡើយ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើបានបូកលាបដុំកំបោរ ឬដីស្អិតមួយដុំនោះស្រេចហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[២៥៥] ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវអាបត្ដិ៣គឺ មិនសូមឱកាសជាមុនសិន ហើយចោទ ដោយមានប្រាថ្នា ដើម្បីឱ្យឃ្លាតចាកព្រហ្មចារ្យ ត្រូវអាបត្ដិសង្ឃាទិសេស និងទុក្កដ ភិក្ខុសូមឱកាសជាមុន ហើយទើបចោទ ដោយមានប្រាថ្នានឹងជេរ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត។
[២៥៦] ភិក្ខុ ចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិក ព្រោះអាស្រ័យគ្រឿងអាងណាមួយ គ្រាន់តែជាលេសនៃអធិករណ៍ជាចំណែកដទៃ ត្រូវអាបត្ដិ៣គឺ ភិក្ខុមិនសូមឱកាស (ជាមុន) ហើយចោទ ដោយមានប្រាថ្នា ដើម្បីឱ្យឃ្លាតចាកព្រហ្មចារ្យ ត្រូវអាបត្ដិសង្ឃាទិសេស និងទុក្កដ សូមឱកាស (ជាមុន) ហើយចោទ ដោយមានប្រាថ្នានឹងជេរ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត។
[២៥៧] ភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃ បានសូត្រសមនុភាសនកម្មអស់វារៈ ៣ ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុងខណៈសូត្រកម្ម វាចាចប់។
[២៥៨] ពួកភិក្ខុ អ្នកប្រព្រឹត្ដតាមភិក្ខុដែលបំបែកសង្ឃ កាលបើ សង្ឃបានសូត្រសមនុភាសនកម្ម អស់វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ជាដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវសង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។
[២៥៩] ភិក្ខុ ដែលគេប្រដៅបានដោយក្រ កាលបើសង្ឃ បានសូត្រសមនុភាសនកម្ម អស់វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ជាដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។
[២៦០] ភិក្ខុទ្រុស្ដត្រកូល កាលបើសង្ឃបានសូត្រសមនុភាសន កម្ម អស់វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។
ចប់ សង្ឃាទិសេស ១៣។
(៣. និស្សគ្គិយកណ្ឌំ)
(១. កថិនវគ្គោ)
[២៦១] ភិក្ខុទុកអតិរេកចីវរឱ្យកន្លងហួស១០ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។
[២៦២] ភិក្ខុនៅប្រាសចាកត្រៃចីវរ អស់មួយរាត្រី ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។
[២៦៣] ភិក្ខុទទួលអកាលចីវរ ហើយទុកឱ្យកន្លងហួសមួយខែទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។
[២៦៤] ភិក្ខុប្រើភិក្ខុនី ដែលមិនមែនជាញាតិ ឱ្យលាងចីវរចាស់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើឱ្យលាង លុះឱ្យលាងរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៦៥] ភិក្ខុទទួលចីវរអំពីដៃភិក្ខុនី ដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលទទួល លុះទទួលបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៦៦] ភិក្ខុ សូមចីវរនឹងគហបតីក្ដី គហបតានីក្ដី ដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២គឺ ភិក្ខុកំពុងសូម ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលសូម លុះសូមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៦៧] ភិក្ខុ សូមចីវរនឹងគហបតីក្ដី នឹងគហបតានីក្ដី ដែលមិនមែនជាញាតិ ឱ្យច្រើនលើសពីស្បង់និងចីពរនោះទៅ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងសូម លុះសូមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៦៨] ភិក្ខុ ដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅ រកគហបតី ដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (ចង់បានឱ្យល្អហួសហេតុ) ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដល់នូវកិរិយាកំណត់ក្នុងចីវរ លុះកំណត់ចីវរបានហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៦៩] ភិក្ខុដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅរកគហបតីទាំងឡាយ ដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដល់នូវកិរិយាកំណត់ក្នុងចីវរ លុះកំណត់ក្នុងចីវររួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧០] ភិក្ខុឱ្យចីវរសម្រេចបានដោយការតឹងទារឱ្យលើសអំពី៣ដង ដោយការឈរឱ្យលើសអំពី៦ដង ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យចីវរសម្រេច កាលបើចីវរសម្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
ចប់ កឋិនវគ្គ ទី១។
(២. កោសិយវគ្គោ)
[២៧១] ភិក្ខុ ឱ្យគេធ្វើសន្ថ័តលាយដោយសូត្រ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេធ្វើរួចស្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧២] ភិក្ខុ ឱ្យគេធ្វើសន្ថ័តដោយរោមចៀមមានពណ៌ខ្មៅសុទ្ធ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេធ្វើស្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧៣] ភិក្ខុធ្វើសន្ថ័តថ្មី មិនលាយរោមចៀមសទម្ងន់មួយជញ្ជីង រោមចៀមក្រហមទម្ងន់មួយជញ្ជីង ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេធ្វើរួចស្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧៤] ភិក្ខុឱ្យគេធ្វើសន្ថ័តរាល់ៗឆ្នាំ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧៥] ភិក្ខុឱ្យគេធ្វើសន្ថ័តសម្រាប់អង្គុយថ្មី មិនលាយសន្ថ័តចាស់ មួយចំអាមព្រះសុគត ដោយជុំវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើឱ្យគេធ្វើ លុះប្រើឱ្យគេធ្វើរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧៦] ភិក្ខុទទួលរោមចៀម ហើយនាំយកឱ្យកន្លងហួស៣យោជន៍ទៅ ត្រូវអាបត្ដិ២ គឺ ឈានជំហានដំបូង ឱ្យកន្លងហួស៣យោជន៍ទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧៧] ភិក្ខុប្រើភិក្ខុនីដែលមិនមែនជាញាតិ ឱ្យលាងរោមចៀម ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើឱ្យគេលាង លុះប្រើឱ្យគេលាងរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧៨] ភិក្ខុទទួលរូបិយៈ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលទទួល លុះទទួលរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧៩] ភិក្ខុប្រព្រឹត្ដទិញដូរ ដោយរូបិយៈ មានប្រការផ្សេងៗ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រព្រឹត្ដ (ការលក់ដូរ) លុះប្រព្រឹត្ដរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៨០] ភិក្ខុប្រព្រឹត្ដទិញដូររបស់មានប្រការផ្សេងៗ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលខ្លួនប្រព្រឹត្ដ លុះប្រព្រឹត្ដរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
ចប់ កោសិយវគ្គ ទី២។
(៣. បត្តវគ្គោ)
[២៨១] ភិក្ខុទុកអតិរេកបាត្រ ឱ្យកន្លងហួស១០ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។
[២៨២] ភិក្ខុមានបាត្រ មានចំណងមិនទាន់ដល់៥អន្លើ ហើយសូមបាត្រថ្មីដទៃទៀត ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសូម លុះសូមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៨៣] ភិក្ខុទទួលភេសជ្ជៈទាំងឡាយហើយ ទុកឱ្យកន្លងហួស៧ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។
[២៨៤] ភិក្ខុស្វែងរកវស្សិកសាដិកចីវរ(សំពត់សម្រាប់ងូតទឹកភ្លៀង) ក្នុងកាលដ៏លើសអំពីខែខាងចុងនៃរដូវក្ដៅ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលស្វែងរក លុះស្វែងរកបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៨៥] ភិក្ខុឱ្យចីវរដល់ភិក្ខុផងគ្នា ដោយខ្លួនឯង ហើយក្រោធអាក់អន់ចិត្ដ ក៏ដណ្ដើមយកវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដណ្ដើម លុះដណ្ដើមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៨៦] ភិក្ខុសូមអំបោះដោយខ្លួនឯង យកមកឱ្យជាងតម្បាញ ត្បាញចីវរ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើគេឱ្យត្បាញ លុះប្រើគេឱ្យត្បាញរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៨៧] ភិក្ខុដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅ រកជាងតម្បាញរបស់គហបតីមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំណត់ លុះកំណត់រួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៨៨] ភិក្ខុទទួលអច្ចេកចីវរទុកឱ្យកន្លងហួសសម័យនៃចីវរកាលទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។
[២៨៩] បណ្ដាចីវរទាំង៣ ភិក្ខុទុកចីវរណាមួយ ក្នុងចន្លោះផ្ទះ ហើយនៅប្រាសចាកលើស ៦រាត្រីទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។
[២៩០] ភិក្ខុដឹងថា លាភរបស់សង្ឃដែលគេបង្អោនទៅ (ដើម្បីសង្ឃ) ត្រឡប់បង្អោនមក ដើម្បីខ្លួនវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលបង្អោនមក លុះបង្អោនបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
ចប់ បត្ដវគ្គ ទី៣។
ចប់ និស្សគ្គិយបាចិត្ដិយៈ ៣០។
(៤. បាចិត្តិយកណ្ឌំ)
(១. មុសាវាទវគ្គោ)
[២៩១] ភិក្ខុពោលពាក្យកុហកដោយដឹងខ្លួន ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុពោលពាក្យកុហក ដោយដឹងខ្លួន ត្រូវអាបត្ដិ៥គឺ ភិក្ខុមានសេចក្ដីប្រាថ្នាលាមក មានសេចក្ដីប្រាថ្នាគ្របសង្កត់ហើយ ពោលអួតនូវឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិបារាជិក ភិក្ខុចោទ ភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុពន្យល់គេថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះជាព្រះអរហន្ដ បើគេដឹងច្បាស់ ត្រូវអាបត្ដិថុល្លច្ច័យ បើគេមិនដឹងច្បាស់ ត្រូវអាបត្ដិទុក្កដ និយាយកុហក (តាមធម្មតា) ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលសម្បជានមុសាវាទ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ត្រូវអាបត្ដិទាំង៥នេះឯង។
[២៩២] ភិក្ខុពោលពាក្យចាក់ដោត ត្រូវអាបត្ដិ២គឺ ពោលចាក់ដោតឧបសម្ប័ន្ន ត្រូវអាបត្ដិបាចិត្ដិយៈ ពោលចាក់ដោតអនុបសម្ប័ន្ន ត្រូវអាបត្ដិទុក្កដ។
[២៩៣] ភិក្ខុបង្កពាក្យញុះញង់ ត្រូវអាបត្ដិ២ គឺ ភិក្ខុបង្កពាក្យញុះញង់ ដល់ឧបសម្ប័ន្នផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ បង្កពាក្យញុះញង់ដល់អនុបសម្ប័ន្ន ត្រូវអាបត្ដិទុក្កដ។
[២៩៤] ភិក្ខុបង្រៀនធម៌ជាបទចំពោះអនុបសម្ប័ន្ន ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលបង្រៀន ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗបទ។
[២៩៥] ភិក្ខុសម្រេចការដេក ជាមួយនឹងអនុប្បសម្ប័ន្ន លើស ២-៣ រាត្រីឡើងទៅ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ ដែលប្រាសដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[២៩៦] ភិក្ខុសម្រេចការដេកជាមួយនឹងមាតុគ្រាម ត្រូអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រាសដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[២៩៧] ភិក្ខុសម្ដែងធម៌ដល់មាតុគ្រាមដោយវាចាលើសអំពី ៥.៦ ម៉ាត់ឡើងទៅ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងសម្ដែង ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។
[២៩៨] ភិក្ខុប្រាប់ឧត្ដរិមនុស្សធម្ម ដែលមានពិតប្រាកដ ដល់អ នុបសម្ប័ន្ន ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងប្រាប់ លុះប្រាប់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[២៩៩] ភិក្ខុប្រាប់ទុដ្ឋុល្លាបត្ដិ របស់ភិក្ខុផងគ្នា ដល់អនុបសម្ប័ន្ន ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងប្រាប់ លុះប្រាប់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣០០] ភិក្ខុជីកដី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ (ដែលផ្គងនឹងជីក) ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលជីក។
ចប់ មុសាវាទវគ្គ ទី១។
(២. ភូតគាមវគ្គោ)
[៣០១] ភិក្ខុធ្វើភូតគាមឱ្យឃ្លាតចាកទី ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ (ដែលផ្គងនឹងធ្វើឱ្យឃ្លាតចាកទី) ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗ វារៈដែលប្រហារ។
[៣០២] ភិក្ខុពោលបិទបាំងពាក្យដទៃ ដោយពាក្យដទៃ ត្រូវអាបត្ដិ២គឺ កាលបើអញ្ញវាទកកម្ម ដែលសង្ឃមិនទាន់លើកឡើងទេ ភិក្ខុពោលបិទបាំងពាក្យដទៃ ដោយពាក្យដទៃ ត្រូវអាបត្ដិទុក្កដ កាលបើអញ្ញវាទកកម្ម ដែលសង្ឃបានលើកឡើងហើយ ភិក្ខុនៅតែពោលបិទបាំងពាក្យដទៃ ដោយពាក្យដទៃ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣០៣] ភិក្ខុឱ្យភិក្ខុដទៃពោលទោសភិក្ខុផងគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេពោលទោស លុះឱ្យគេពោលទោសហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣០៤] ភិក្ខុលាគ្រែក្ដី តាំងក្ដី ពូកក្ដី កៅអីក្ដី ជារបស់សង្ឃ ទុកក្នុងទីវាល មិនសាយកមកទុកវិញ ទាំងមិនបានប្រាប់ (អ្នកឯទៀត ឱ្យសាយកមកទុកវិញ) ហើយចៀសចេញទៅ ត្រូវអាបត្ដិ២គឺ ឈានជំហានជាដំបូង ឱ្យកន្លងហួសលេឌ្ឌុបាត ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣០៥] ភិក្ខុក្រាលកម្រាលសម្រាប់ដេក ក្នុងវិហារជារបស់សង្ឃ ហើយមិនសាយកមកទុកវិញ ទាំងមិនបានប្រាប់ (អ្នកឯទៀតឱ្យសាយកមកទុកវិញ) ហើយចៀសចេញទៅ ត្រូវអាបត្ដិ២គឺ ឈានជំហានជាដំបូងឱ្យកន្លងផុតរបងទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣០៦] ភិក្ខុដឹងថា មានភិក្ខុផងគ្នាចូលទៅមុន ក្នុងវិហារជារបស់សង្ឃ ហើយចូលទៅជ្រៀតប្រៀតទៅសម្រេចការដេក ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបដេក លុះដេកស៊ប់ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣០៧] ភិក្ខុក្រោធអាក់អន់ចិត្ដ ក៏ទង់ទាញភិក្ខុផងគ្នាចាកវិហារជារបស់សង្ឃ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទង់ទាញ លុះទង់ទាញ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣០៨] ភិក្ខុអង្គុយសង្កត់គ្រែក្ដី តាំងក្ដី ដែលមានជើងគ្រាន់តែផ្គុំទុកឰដ៏ថ្នាក់ខាងលើ ក្នុងវិហារជារបស់សង្ឃ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយសង្កត់ លុះអង្គុយសង្កត់ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣០៩] ភិក្ខុធ្វើការប្រក់បានត្រឹមតែ ២.៣ ជាន់ កាលបើប្រក់ឱ្យលើសអំពីកំណត់នោះទៅ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រក់ លុះប្រក់ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១០] ភិក្ខុដឹងថាទឹកមានសត្វហើយ ស្រោចស្មៅក្ដី ដីក្ដី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងស្រោច លុះស្រោច ត្រូវអាបត្ដិបាចិត្ដិយៈ។
ចប់ ភូតគាមវគ្គ ទី២។
(៣. ឱវាទវគ្គោ)
[៣១១] ភិក្ខុ ដែលសង្ឃមិនបានសន្មត ហើយទៅទូន្មានភិក្ខុនី ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលទូន្មាន លុះទូន្មាន ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១២] ភិក្ខុទូន្មានពួកភិក្ខុនី ក្នុងវេលាព្រះអាទិត្យអស្ដង្គត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទូន្មាន លុះទូន្មាន ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១៣] ភិក្ខុចូលទៅកាន់សម្នាក់ភិក្ខុនី ហើយទូន្មានពួកភិក្ខុនី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទូន្មាន លុះទូន្មាន ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១៤] ភិក្ខុនិយាយថា ភិក្ខុទាំងឡាយទូន្មានពួកភិក្ខុនី ព្រោះហេតុតែអាមិសៈ ត្រូវអាបត្ដិ ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងនិយាយ លុះនិយាយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១៥] ភិក្ខុឱ្យចីវរដល់ភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងឱ្យ លុះឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១៦] ភិក្ខុដេរចីវរឱ្យភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដេរ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗថ្នេរ (ដែលដេរ)។
[៣១៧] ភិក្ខុបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដើរទៅ លុះដើរទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១៨] ភិក្ខុបបួលភិក្ខុនីឡើងជិះទូកមួយជាមួយគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងឡើងជិះ លុះឡើងជិះ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១៩] ភិក្ខុដឹងហើយ ឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្ដិ២គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈដែលលេបចូលទៅ។
[៣២០] ភិក្ខុមួយរូប សម្រេចការអង្គុយក្នុងទីកំបាំងជាមួយនឹងភិក្ខុនីតែមួយរូប ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយត្រូវអាបត្ដិបាចិត្ដិយៈ។
ចប់ ឱវាទវគ្គ ទី៣។
(៤. ភោជនវគ្គោ)
[៣២១] ភិក្ខុឆាន់បិណ្ឌបាតក្នុងផ្ទះសម្នាក់ ឬរោងឆាន់ ឱ្យលើសអំពីម្ដងទៅ ត្រូវអាបត្ដិ២គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈ ដែលលេបចូលទៅ។
[៣២២] ភិក្ខុឆាន់គណភោជន ត្រូវអាបត្ដិ២គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗ វារៈដែលលេបចូលទៅ។
[៣២៣] ភិក្ខុឆាន់បរម្បរភោជន ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗ វារៈដែលលេបចូលទៅ។
[៣២៤] ភិក្ខុទទួលនំបានត្រឹម ២.៣ បាត្រ កាលបើទទួលឱ្យលើសពីនោះទៅ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទទួល លុះទទួល ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣២៥] ភិក្ខុឆាន់រួចហើយ ហាមភត្ដហើយ បែរទៅឆាន់ខាទនីយៈ ឬភោជនីយៈ ដែលជាអនតិរិត្ដៈ ត្រូវអាបត្ដិ២គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលលេបចូលទៅ។
[៣២៦] ភិក្ខុ បវារណាបង្ខំភិក្ខុផងគ្នាដែលឆាន់រួចហើយ ហាមភត្ដហើយ ដោយខាទនីយៈ ឬភោជនីយៈ ដែលជាអនតិរិត្ដៈ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញ នឹងទំពាស៊ី នឹងឆាន់តាមពាក្យរបស់ភិក្ខុនោះ ដូច្នេះ ត្រូវអាបត្ដិទុក្កដ លុះឆាន់រួចស្រេចហើយ ត្រូវ អាបត្ដិបាចិត្ដិយៈ។
[៣២៧] ភិក្ខុឆាន់ខាទនីយៈ ឬភោជនីយៈ ក្នុងវេលាវិកាល ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗ វារៈដែលលេបចូលទៅ។
[៣២៨] ភិក្ខុឆាន់ខាទនីយៈ ឬភោជនីយៈ ដែលខ្លួនធ្វើឱ្យជាសន្និធិ ត្រូវអាបត្ដិ២គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលលេបចូលទៅ។
[៣២៩] ភិក្ខុសូមបណីតភោជន ដើម្បីប្រយោជន៍ដល់ខ្លួនឯងមកឆាន់ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈដែលលេបចូលទៅ។
[៣៣០] ភិក្ខុលេបអាហារ ដែលគេមិនបានប្រគេន ឱ្យចូលទៅ តាមមុខទ្វារ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈដែល លេបចូលទៅ។
ចប់ ភោជនវគ្គ ទី៤។
(៥. អចេលកវគ្គោ)
[៣៣១] ភិក្ខុឱ្យខាទនីយៈឬភោជនីយៈ ដល់អចេលក៍ក្ដី បរិញ្វជកក្ដី បរិញ្វជិកាក្ដី ដោយដៃខ្លួនឯង ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងឱ្យ លុះឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៣២] ភិក្ខុនិយាយនឹងភិក្ខុផងគ្នាថា ម្នាលអាវុសោ លោកចូរមក យើងនឹងចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត (លុះថាដូច្នេះហើយ) ក៏ឱ្យគេឱ្យ ឬមិនឱ្យគេឱ្យ (អ្វីៗ) ដល់ភិក្ខុនោះ ហើយបញ្ជូនឱ្យត្រឡប់មកវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ ដែលរៀបនឹងបញ្ជូនឱ្យត្រឡប់វិញ លុះបញ្ជូនឱ្យត្រឡប់វិញ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៣៣] ភិក្ខុចូលទៅអង្គុយក្នុង (ផ្ទះនៃ) ត្រកូលដែលមានជនតែពីរនាក់ (ស្វាមីនិងភរិយា) ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៣៤] ភិក្ខុសម្រេចការអង្គុយលើអាសនៈ ជាទីស្ងាត់កំបាំងភ្នែក ជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៣៥] ភិក្ខុមួយរូប សម្រេចការអង្គុយក្នុងទីស្ងាត់ (កំបាំងត្រចៀក) ជាមួយនឹងមាតុគ្រាមតែម្នាក់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៣៦] ភិក្ខុអ្នកទទួលនិមន្ដគេហើយ ឈ្មោះថាជាអ្នកមានភត្ដហើយ មិនលាភិក្ខុផងគ្នា ដែលមាននៅ ហើយចៀសចេញទៅក្នុងត្រកូលទាំងឡាយ (ឯទៀត) ក្នុងកាលមុនភត្ដក្ដី ក្រោយភត្ដក្ដី ត្រូវអាបត្ដិ២គឺ ឈានជំហានទី១ កន្លងហួសធរណីទ្វារទៅ ត្រូវអាបត្ដិទុក្កដ ឈាន ជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៣៧] ភិក្ខុសូមភេសជ្ជៈ ឱ្យលើសកំណត់ខែ ដែលគេបវារណា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសូម លុះសូមបានមក ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៣៨] ភិក្ខុ ទៅដើម្បីមើលកងទ័ពដែលលើកចេញទៅ ត្រូវអាបត្ដិ២គឺ ដើរចេញទៅ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ក្នុងទីដែលឈរមើល។
[៣៣៩] ភិក្ខុទៅនៅក្នុងកងទ័ពឱ្យលើសជាង ៣ រាត្រីទៅ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងនៅ លុះនៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៤០] ភិក្ខុ ទៅកាន់ទីដែលគេត្រួតពល ត្រូវអាបត្ដិ ២ គឺ ដើរចេញទៅ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ក្នុងទីដែលឈរមើល។
ចប់ អចេលកវគ្គ ទី៥។
(៦. សុរាមេរយវគ្គោ)
[៣៤១] ភិក្ខុផឹកទឹកស្រវឹង ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួលដោយ គិតថា អាត្មាអញនឹងផឹក ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ ប្រយោគដែលផឹកលេបចូលទៅ។
[៣៤២] ភិក្ខុធ្វើភិក្ខុផងគ្នាឱ្យសើចដោយជន្លួញគឺម្រាមដៃ (ចាក់ក្រឡេក) ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលធ្វើឱ្យគេសើច លុះគេសើច ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៤៣] ភិក្ខុលេងទឹកត្រូវអាបត្ដិ២ គឺភិក្ខុលេងទឹករាក់ក្រោមភ្នែកគោរ ត្រូវអាបត្ដិទុក្កដ ភិក្ខុលេងទឹកជ្រៅ លើភ្នែកគោរ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៤៤] ភិក្ខុធ្វើសេចក្ដីមិនអើពើ (នឹងបុគ្គលអ្នកសម្ដែងធម៌ ឬ ធម៌) ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងធ្វើសេចក្ដីមិនអើពើ លុះធ្វើសេចក្ដីមិនអើពើ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៤៥] ភិក្ខុបន្លាចភិក្ខុផងគ្នា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងបន្លាច លុះបន្លាចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៤៦] ភិក្ខុបង្កាត់ភ្លើងអាំង ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងបង្កាត់ លុះបង្កាត់ស្រេចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៤៧] មិនទាន់ដល់កន្លះខែ ភិក្ខុ (អ្នកនៅក្នុងមជ្ឈិមបទេស) ងូតទឹក ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលងូត លុះងូតរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៤៨] ភិក្ខុ មិនកាន់យកវត្ថុសម្រាប់ធ្វើពណ៌ឱ្យខូច៣យ៉ាង វត្ថុសម្រាប់ធ្វើពណ៌ឱ្យខូចឯណានីមួយ ក៏ប្រើប្រាស់ចីវរថ្មី ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រើប្រាស់ លុះប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៤៩] ភិក្ខុវិកប្បចីវររបស់ខ្លួន ដល់ភិក្ខុក្ដី ភិក្ខុនីក្ដី សិក្ខមានាក្ដី សាមណេរក្ដី សាមណេរីក្ដី មិនបានដកវិកប្បជាមុន ហើយប្រើប្រាស់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រើប្រាស់ លុះប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៥០] ភិក្ខុលាក់បាត្រក្ដី ចីវរក្ដី និសីទនៈក្ដី បំពង់ម្ជុលក្ដី វត្ថពន្ធចង្កេះក្ដី របស់ភិក្ខុផងគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងលាក់ លុះលាក់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
ចប់ សុរាមេរយវគ្គ ទី៦។
(៧. សប្បាណកវគ្គោ)
[៣៥១] ភិក្ខុក្លែងផ្ដាច់បង់សត្វ ឱ្យឃ្លាតចាកជីវិត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុក្លែងផ្ដាច់បង់សត្វ ឱ្យឃ្លាតចាកជីវិត ត្រូវអាបត្ដិ៤គឺ ភិក្ខុជីករណ្ដៅមិនចំពោះ (សត្វ ឬមនុស្ស) ដោយគិតថា អ្នកណាមួយនឹងធ្លាក់ស្លាប់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ មនុស្សធ្លាក់ក្នុងរណ្ដៅនោះ ហើយស្លាប់ ត្រូវអាបត្ដិបារាជិក យក្សក្ដី ប្រេតក្ដី តិរច្ឆានមានរាងកាយដូចមនុស្សក្ដី ធ្លាក់ក្នុងរណ្ដៅនោះស្លាប់ ត្រូវអាបត្ដិថុល្លច្ច័យ តិរច្ឆានធ្លាក់ក្នុងរណ្ដៅនោះស្លាប់ ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុក្លែងផ្ដាច់បង់សត្វឱ្យឃ្លាតចាកជីវិត ត្រូវអាបត្ដិ៤នេះឯង។
[៣៥២] ភិក្ខុដឹងថាទឹកមានសត្វហើយប្រើប្រាស់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រើប្រាស់ លុះប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៥៣] ភិក្ខុដឹងថា អធិករណ៍ដែលសង្ឃឱ្យរម្ងាប់សមគួរតាមធម៌ហើយ សើរើដើម្បីធ្វើជាថ្មីទៀត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសើរើ លុះសើរើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៥៤] ភិក្ខុដឹងហើយបិទបាំងទុដ្ឋុល្លាបត្ដិ របស់ភិក្ខុផងគ្នា ត្រូវអាបត្ដិ១គឺ បាចិត្ដិយៈ។
[៣៥៥] ភិក្ខុដឹងថា បុគ្គលមានឆ្នាំខ្វះពី២០ ហើយឱ្យឧបសម្បទា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យឧបសម្បទា លុះឱ្យឧបសម្បទាហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៥៦] ភិក្ខុដឹងហើយ បបួលដើរផ្លូវឆ្ងាយមួយជាមួយគ្នានឹង ពួកឈ្មួញដែលគេចវាងឱ្យរួចពន្ធ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដើរ លុះដើរទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៥៧] ភិក្ខុបបួលដើរផ្លូវឆ្ងាយមួយជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដើរ លុះដើរទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៥៨] ភិក្ខុមានទិដ្ឋិអាក្រក់ដែលសង្ឃបានសូត្រសមនុភាសនកម្ម អស់វារៈ៣ ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ លុះចប់កម្មវាចា ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៥៩] ភិក្ខុដឹងហើយបរិភោគរួមជាមួយគ្នា នឹងភិក្ខុដែលពោល ដូច្នោះ ជាអ្នកមិនធ្វើតាមធម៌ ជាអ្នកមិនលះទិដ្ឋិនោះចេញ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងបរិភោគរួម លុះបរិភោគរួម ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៦០] ភិក្ខុដឹងថាសាមណេរដែលភិក្ខុឯទៀតឱ្យវិនាសទៅដូច្នោះ ហើយ ទៅប្រលោមយកមក ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រលោម លុះនិយាយប្រលោមហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
ចប់ សប្បាណកវគ្គ ទី៧។
(៨. សហធម្មិកវគ្គោ)
[៣៦១] ភិក្ខុ ដែលភិក្ខុទាំងឡាយពោលដាស់តឿនប្រកបដោយធម៌ហើយ និយាយ(នឹងភិក្ខុទាំងឡាយ) យ៉ាងនេះវិញថា ម្នាលអាវុសោ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនុ៎ះនៅឡើយ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដទៃដែលជាអ្នកឈ្លាស ជាអ្នកទ្រទ្រង់វិន័យ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងនិយាយ លុះនិយាយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៦២] ភិក្ខុពោលបង្កាច់វិន័យ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងពោលបង្កាច់ លុះពោលបង្កាច់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៦៣] ភិក្ខុក្លែងធ្វើជាវង្វេង (ក្លែងពើធ្វើជាមិនដឹង ) ត្រូវអាបត្ដិ២គឺ កាលបើមោហារោបនកម្ម សង្ឃមិនទាន់សូត្រប្រកាសទេ ភិក្ខុក្លែងធ្វើជាវង្វេង ត្រូវអាបត្ដិទុក្កដ កាលបើមោហារោបនកម្ម សង្ឃបានសូត្រប្រកាសហើយ នៅតែក្លែងធ្វើជាវង្វេង ត្រូវអាបត្ដិ បាចិត្ដិយៈ។
[៣៦៤] ភិក្ខុក្រោធអាក់អន់ចិត្ដ ឱ្យប្រហារភិក្ខុផងគ្នា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រហារ លុះប្រហារហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៦៥] ភិក្ខុក្រោធអាក់អន់ចិត្ដ ងាជន្លលំពែងគឺបាតដៃដល់ភិក្ខុផងគ្នា ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងងាជន្ល លុះងាជន្ល ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៦៦] ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេស មិនមានមូល ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងចោទ លុះចោទ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៦៧] ភិក្ខុក្លែងបង្កសេចក្ដីរង្កៀសឱ្យកើតឡើងដល់ភិក្ខុផងគ្នា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងបង្កហេតុ លុះបង្ក (ហេតុនោះ) ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៦៨] កាលបើភិក្ខុទាំងឡាយ កំពុងប្រកួតប្រកាន់ ឈ្លោះទាស់ទែងគ្នា ភិក្ខុឈរអែបចាំស្ដាប់ ត្រូវអាបត្ដិ២គឺ ភិក្ខុទៅដោយគិតថា អញនឹងចាំស្ដាប់ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ក្នុងទីដែលឈរស្ដាប់។
[៣៦៩] ភិក្ខុបានឱ្យឆន្ទៈចំពោះកម្មទាំងឡាយ ដែលប្រកបដោយធម៌ លុះមកខាងក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងតិះដៀល លុះតិះដៀល ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧០] កាលបើពាក្យវិនិច្ឆ័យ កំពុងប្រព្រឹត្ដទៅក្នុងជំនុំសង្ឃភិក្ខុមិនឱ្យឆន្ទៈ ហើយស្រាប់តែក្រោកចាកអាសនៈចៀសចេញទៅ ត្រូវអាបត្ដិ២គឺ កាលបើមិនទាន់លះបង់ហត្ថបាសបរិស័ទទៅទេ ត្រូវអាបត្ដិទុក្កដ លុះលះ (ហត្ថបាស) ចេញទៅហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧១] សង្ឃព្រមព្រៀងគ្នាឱ្យចីវរ (ដល់ភិក្ខុ) ហើយភិក្ខុណាមួយ ត្រឡប់តិះដៀលជាខាងក្រោយ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងតិះដៀល លុះតិះដៀល ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧២] ភិក្ខុដឹងថាលាភជារបស់សង្ឃ គេបង្អោនទៅដើម្បីសង្ឃរួចហើយ ត្រឡប់បង្អោនមកដើម្បីបុគ្គលវិញ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងបង្អោនទៅ លុះបង្អោនទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
ចប់ សហធម្មិកវគ្គ ទី៨។
(៩. រាជវគ្គោ)
[៣៧៣] ភិក្ខុ ដែលមិនទាន់បានទូលស្នើព្រះបរមក្សត្រ ឱ្យទ្រង់ជ្រាបជាមុនទេ ហើយស្រាប់តែចូលទៅកាន់ខាងក្នុងព្រះរាជដំណាក់ ត្រូវអាបត្ដិ២ គឺ ឈានជំហានទី១ ឱ្យកន្លងធរណីទ្វារទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី ២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧៤] ភិក្ខុរើសយករតនវត្ថុ (គ្រឿងប្រើប្រាស់របស់គ្រហស្ថ) ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងរើសយក លុះរើសយក ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧៥] ភិក្ខុមិនលាភិក្ខុផងគ្នាដែលមាននៅ ចូលទៅកាន់ស្រុក ក្នុងវេលាវិកាល ត្រូវអាបត្ដិ ២ គឺ ឈានជំហាន ទី ១ ឱ្យកន្លងហួស របងទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧៦] ភិក្ខុឱ្យគេធ្វើបំពុងម្ជុលនឹងឆ្អឹងក្ដី ភ្លុកក្ដី ស្នែងក្ដី ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧៧] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧៨] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ញាត់ដោយសំឡី1) ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧៩] ភិក្ខុឱ្យគេធ្វើនិសីទនៈ ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើ រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៨០] ភិក្ខុឱ្យគេធ្វើសំពត់សម្រាប់គ្របកម ឬដំបៅ ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៨១] ភិក្ខុឱ្យគេធ្វើសំពត់សម្រាប់ងូតទឹកភ្លៀង ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៨២] ភិក្ខុឱ្យគេធ្វើចីវរ ប៉ុនចីវរព្រះសុគត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុឱ្យគេធ្វើចីវរ ប៉ុនចីវរព្រះសុគត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុឱ្យគេធ្វើចីវរ ប៉ុនចីវរព្រះសុគត ត្រូវអាបត្ដិ២ នេះឯង។
ចប់ រាជវគ្គ ទី៩។
ចប់ ពួកខុទ្ទកសិក្ខាបទ។
(៥. បាដិទេសនីយកណ្ឌំ)
[៣៨៣] ភិក្ខុទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ដោយដៃខ្លួនឯង អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះផ្ទះ យកមកឆាន់ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ដោយដៃខ្លួនឯង អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះផ្ទះ យកមកឆាន់ ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗវារៈដែលលេប ចូលទៅ ភិក្ខុទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ដោយដៃខ្លួនឯង អំពីដៃភិក្ខុនី មិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះផ្ទះ យកមកឆាន់ ត្រូវអាបត្ដិ២នេះឯង។
[៣៨៤] ភិក្ខុមិនហាមឃាត់ភិក្ខុនីដែលបង្គាប់ (ទាយកឱ្យប្រគេន របស់នេះ របស់នោះ) ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗ វារៈដែលលេបចូលទៅ។
[៣៨៥] ភិក្ខុទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ក្នុងត្រកូលដែល សង្ឃសន្មតថា ជាសេក្ខត្រកូល ដោយដៃខ្លួនឯង យកមកឆាន់ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវបាដិទេសនីយៈគ្រប់ ៗ វារៈដែលលេបចូលទៅ។
[៣៨៦] ភិក្ខុ (នៅ) ក្នុងសេនាសនៈដែលតាំងនៅក្នុងព្រៃហើយ ទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ដែលគេមិនបានឱ្យដំណឹងមកជាមុន ដោយដៃខ្លួនឯង យកមកឆាន់ខាងក្នុងអារាម ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ (នៅ) ក្នុងសេនាសនៈ ដែលតាំងនៅក្នុងព្រៃ ហើយទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ដែលគេមិនបានឱ្យដំណឹងមកជាមុនដោយដៃខ្លួនឯង យកមកឆាន់ខាងក្នុងអារាម ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗ វារៈដែលលេបចូលទៅ ភិក្ខុ (នៅ) ក្នុងសេនាសនៈដែលតាំងនៅក្នុងព្រៃ ហើយទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ដែលគេមិនបានឱ្យដំណឹងមកជាមុនដោយដៃខ្លួនឯង យកមកឆាន់ខាងក្នុងអារាម ត្រូវអាបត្ដិ ២ នេះ ឯង។
ចប់ បាដិទេសនីយៈ៤។
(៦. សេខិយកណ្ឌំ)
(១. បរិមណ្ឌលវគ្គោ)
[៣៨៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ស្លៀកស្បង់ស្លុយមុខ ឬស្លុយក្រោយ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ ស្លៀកស្បង់ស្លុយមុខ ឬស្លុយក្រោយ ត្រូវអាបត្ដិ១គឺ ទុក្កដ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ស្លៀកស្បង់ស្លុយមុខ ឬស្លុយក្រោយ ត្រូវ អាបត្ដិ១នេះឯង។
[៣៨៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឃ្លុំចីពរឱ្យស្លុយមុខ ឬស្លុយក្រោយ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៣៨៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បើកកាយដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៣៩០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បើកកាយអង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៣៩១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរគ្រវាសដៃ ឬជើងទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៣៩២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយគ្រវាសដៃ ឬជើងក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ ១ គឺ ទុក្កដ។
[៣៩៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរងាកមើលពីសពាស ទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៣៩៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយងាកមើលពីសពាស ក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៣៩៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សើយចីវរដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៣៩៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សើយចីវរអង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
ចប់ វគ្គ ទី១។
(២. ឧជ្ជគ្ឃិកវគ្គោ)
[៣៩៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរទៅក្នុងចន្លោះផ្ទះ ដោយសំណើចខ្លាំង ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៣៩៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយក្នុងចន្លោះផ្ទះដោយសំណើចខ្លាំង ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៣៩៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤០០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង អង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤០១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរគ្រលែងកាយទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤០២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយគ្រលែងកាយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤០៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរគ្រវាសដៃទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤០៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយឆ្កាដៃក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤០៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរធ្វើក្បាលងេកងោកទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ ១គឺ ទុក្កដ។
[៤០៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយធ្វើក្បាលងេកងោក ក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ ១គឺ ទុក្កដ។
ចប់ វគ្គ ទី២។
(៣. ខម្ភកតវគ្គោ)
[៤០៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរស្ទឹមចង្កេះទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺទុក្កដ។
[៤០៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយស្ទឹមចង្កេះក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤០៩] ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ ដើរទទូរក្បាលទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺទុក្កដ។
[៤១០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយទទូរក្បាលក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤១១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរចំអើតជើងទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤១២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយត្របោមក្បាលជង្គង់ក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ ១ គឺ ទុក្កដ។
[៤១៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលបិណ្ឌបាត ដោយមិនគោរព ត្រូវអាបត្ដិ ១ គឺ ទុក្កដ។
[៤១៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ងាកមើលពីសពាសទទួលបិណ្ឌបាត ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤១៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលសម្លច្រើន (ជាងបាយ) ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤១៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលបិណ្ឌបាតឱ្យកំពុង ហួសពីកណ្ដាប់បាត្រទៅ ត្រូវអាបត្ដិ១គឺ ទុក្កដ។
ចប់ វគ្គ ទី៣។
(៤. បិណ្ឌបាតវគ្គោ)
[៤១៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បិណ្ឌបាតដោយមិនគោរព ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤១៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បិណ្ឌបាតងាកមើលពីសពាស ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤១៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កកាយ (បាយ) ត្រង់ទីនោះៗ ឆាន់បិណ្ឌបាត ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤២០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់សម្លច្រើន (ជាងបាយ) ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤២១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ច្រមចុះអំពីកំពូលបាយ ឆាន់បិណ្ឌបាត ត្រូវអាបត្ដិ ១គឺ ទុក្កដ។
[៤២២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កកាយបាយលុបសម្ល ឬ ម្ហូបក្រៀម ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤២៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ខ្លួនមិនឈឺ សូមសម្ល ឬបាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងឆាន់ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤២៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ មានសេចក្ដីសម្គាល់ដើម្បីលើកទោស ហើយសម្លឹងមើលបាត្រពួកភិក្ខុដទៃ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤២៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើពំនូតបាយឱ្យធំ (ពេក) ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤២៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើពំនូតបាយ ឱ្យវែង (ពេក) ត្រូវអាបត្ដិ១គឺ ទុក្កដ។
ចប់ វគ្គ ទី៤។
(៥. កពឡវគ្គោ)
[៤២៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កាលដែលពំនូតបាយ មិនទាន់ដល់មាត់ ហាមាត់ចាំ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤២៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់ញាត់ម្រាមដៃទាំងអស់ទៅក្នុងមាត់ ត្រូវអាបត្ដិ ១គឺ ទុក្កដ។
[៤២៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ និយាយទាំងពំនូតបាយនៅក្នុងមាត់ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៣០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បោះដុំបាយ (ទៅក្នុងមាត់) ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៣១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់ខាំកាត់ពំនូតបាយ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៣២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បៀមពំនូតបាយឱ្យទុលថ្ពាល់ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៣៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់រលាស់ដៃបណ្ដើរ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៣៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់ធ្វើគ្រាប់បាយឱ្យជ្រុះ រោយរាយ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៣៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់លៀនអណ្ដាត ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៣៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់ឮសូរផ្ចប់ៗ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
ចប់ វគ្គ ទី៥។
(៦. សុរុសុរុវគ្គោ)
[៤៣៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់ឮសូរគ្រូកៗ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤៣៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់លិទ្ធដៃ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤៣៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់លិទ្ធបាត្រ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤៤០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់លិទ្ធបបូរមាត់ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤៤១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ មានដៃប្រឡាក់ដោយ អាមិសៈ ទទួលផ្ដិលទឹក ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤៤២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ចាក់ទឹកលាងបាត្រ ទាំងគ្រាប់បាយ ចោលក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៤៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស មានឆត្រក្នុងដៃ ត្រូវអាបត្ដិ ១ គឺ ទុក្កដ។
[៤៤៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស មានដំបងក្នុងដៃ ត្រូវអាបត្ដិ ១ គឺ ទុក្កដ។
[៤៤៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស មានគ្រឿងសស្ដ្រាក្នុងដៃ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៤៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស មានគ្រឿងអាវុធក្នុងដៃ ត្រូវអាបត្ដិ១គឺ ទុក្កដ។
ចប់ វគ្គ ទី៦។
(៧. បាទុកវគ្គោ)
[៤៤៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស ពាក់ទ្រនាប់ជើង ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤៤៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្សពាក់ស្បែកជើង ត្រូវអាបត្ដិ ១គឺ ទុក្កដ។
[៤៤៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលនៅលើយាន ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៥០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្សដែលនៅលើដំណេក ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៥១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលអង្គុយត្របោមក្បាលជង្គង់ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៥២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស ដែលជួតក្បាល ត្រូវអាបត្ដិ ១គឺ ទុក្កដ។
[៤៥៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលទទូរក្បាល ត្រូវអាបត្ដិ ១គឺ ទុក្កដ។
[៤៥៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយលើផែនដីសម្ដែងធម៌ ដល់មនុស្សដែលអង្គុយលើអាសនៈ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤៥៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយលើអាសនៈទាប សម្ដែងធម៌ ដល់មនុស្សដែលអង្គុយលើអាសនៈខ្ពស់ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤៥៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឈរសម្ដែងធម៌ដល់មនុស្សដែលអង្គុយ ត្រូវអាបត្ដិ ១គឺ ទុក្កដ។
[៤៥៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរពីខាងក្រោយសម្ដែងធម៌ ដល់មនុស្សដែលដើរពីខាងមុខ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៥៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរក្រៅផ្លូវ សម្ដែងធម៌ ដល់មនុស្សដែលដើរតាមផ្លូវ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៥៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឈរបន្ទោឧច្ចារៈ ឬបស្សាវៈ ត្រូវអាបត្ដិ១ គឺ ទុក្កដ។
[៤៦០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬ ស្ដោះទឹកមាត់ដាក់លើវត្ថុខៀវស្រស់ ត្រូវអាបត្ដិ១គឺ ទុក្កដ។
[៤៦១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬ ស្ដោះទឹកមាត់ក្នុងទឹក ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក ត្រូអាបត្ដិ១គឺ ទុក្កដ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក ត្រូវអាបត្ដិ១នេះឯង។
ចប់ វគ្គ ទី៧។
ចប់ ពួកសេក្ខិយវត្ដ ៧៥។
ចប់ កតាបត្ដិវារៈ ទី២។