(?)
vin pv 01 1 02 2 បាលី cs-km: vin.pv.01.1.02.2 អដ្ឋកថា: vin.pv.01.1.02.2_att PTS: ?
(សង្ឃាទិសេសកណ្ឌៈ ទី២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. សង្ឃាទិសេសកណ្ឌំ)
[២៤៨] ភិក្ខុ ព្យាយាមបញ្ចេញអសុចិ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ ព្យាយាមបញ្ចេញអសុចិ ត្រូវអាបត្ដិ៣គឺ គិតព្យាយាមទាល់តែអសុចិ ឃ្លាតចេញ ត្រូវអាបត្ដិសង្ឃាទិសេស គិតព្យាយាម តែអសុចិមិនឃ្លាតចេញ ត្រូវអាបត្ដិថុល្លច្ច័យ គ្រាន់តែព្យាយាម ត្រូវអាបត្ដិទុក្កដ។
[២៤៩] ភិក្ខុ ដល់ព្រមនូវកាយសំសគ្គៈ មួយអន្លើដោយមាតុគ្រាម ត្រូវអាបត្ដិ៣គឺ ភិក្ខុស្ទាបអង្អែលកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិសង្ឃាទិសេស ស្ទាបអង្អែលវត្ថុ ដែលជាប់ដោយកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិថុល្លច្ច័យ ស្ទាបអង្អែលវត្ថុ ដែលជាប់ដោយកាយ (ស្ដ្រី) ដោយវត្ថុជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្ដិទុក្កដ។
[២៥០] ភិក្ខុ និយាយចែចង់មាតុគ្រាមដោយសម្ដីអាក្រក់ ត្រូវអាបត្ដិ៣គឺ ភិក្ខុនិយាយសរសើរក្ដី និយាយតិះដៀលក្ដី ចំពោះវច្ចមគ្គ ឬបស្សាវមគ្គ ត្រូវអាបត្ដិសង្ឃាទិសេស និយាយសរសើរក្ដី និយាយតិះដៀលក្ដី ចំពោះអវយវៈ ពីត្រឹមដងកាំបិតចុះមកខាងក្រោម ពីមណ្ឌលជង្គង់ឡើងទៅខាងលើ វៀរលែងតែវច្ចមគ្គ និងបស្សាវមគ្គចេញ ត្រូវអាបត្ដិថុល្លច្ច័យ និយាយសរសើរក្ដី និយាយតិះដៀលក្ដី ចំពោះវត្ថុជាប់នឹងកាយ ត្រូវអាបត្ដិទុក្កដ។
[២៥១] ភិក្ខុ និយាយសរសើរការបម្រើកាមដើម្បីខ្លួន ត្រូវអាបត្ដិ៣ គឺ និយាយសរសើរការបម្រើកាមដើម្បីខ្លួន ក្នុងសម្នាក់មាតុគ្រាម ត្រូវអាបត្ដិសង្ឃាទិសេស និយាយសរសើរការបម្រើកាមដើម្បីខ្លួន ក្នុងសម្នាក់បណ្ឌក ត្រូវអាបត្ដិថុល្លច្ច័យ និយាយសរសើរការបម្រើកាមដើម្បីខ្លួន ក្នុងសម្នាក់តិរច្ឆាន ត្រូវអាបត្ដិទុក្កដ។
[២៥២] ភិក្ខុ ប្រព្រឹត្ដការដឹកនាំ (ពាក្យប្រុសស្រី) ត្រូវអាបត្ដិ ៣ គឺ ទទួលពាក្យ (ខាងប្រុស) ហើយទៅនិយាយល្បងមើល (នឹងស្រី) ហើយត្រឡប់មកប្រាប់(ខាងប្រុស)វិញ ត្រូវអាបត្ដិសង្ឃាទិសេស ទទួលពាក្យហើយ ទៅនិយាយល្បងមើល តែមិនត្រឡប់មកប្រាប់វិញ ត្រូវអាបត្ដិថុល្លច្ច័យ ទទួលពាក្យហើយ តែមិនទៅនិយាយល្បងមើល មិនត្រឡប់មកប្រាប់វិញ ត្រូវអាបត្ដិទុក្កដ។
[២៥៣] ភិក្ខុឱ្យគេធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍ពីគេមកដោយខ្លួនឯង ត្រូវអាបត្ដិ ៣ គឺ ឱ្យគេធ្វើ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ (ដែលធ្វើ) កាលមើលមិនទាន់បូកលាបដុំកំបោរ ឬដីស្អិតមួយដុំនៅឡើយ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើបានបូកលាបដុំកំបោរ ឬដីស្អិតមួយដុំនោះ ស្រេចហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[២៥៤] ភិក្ខុឱ្យគេធ្វើវិហារធំ ត្រូវអាបត្ដិ៣គឺ ឱ្យគេធ្វើ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ(ដែលប្រើគេឱ្យធ្វើ)កាលបើមិនទាន់បូកលាបដុំកំបោរ ឬដីស្អិតមួយដុំនៅឡើយ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើបានបូកលាបដុំកំបោរ ឬដីស្អិតមួយដុំនោះស្រេចហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[២៥៥] ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវអាបត្ដិ៣គឺ មិនសូមឱកាសជាមុនសិន ហើយចោទ ដោយមានប្រាថ្នា ដើម្បីឱ្យឃ្លាតចាកព្រហ្មចារ្យ ត្រូវអាបត្ដិសង្ឃាទិសេស និងទុក្កដ ភិក្ខុសូមឱកាសជាមុន ហើយទើបចោទ ដោយមានប្រាថ្នានឹងជេរ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត។
[២៥៦] ភិក្ខុ ចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិក ព្រោះអាស្រ័យគ្រឿងអាងណាមួយ គ្រាន់តែជាលេសនៃអធិករណ៍ជាចំណែកដទៃ ត្រូវអាបត្ដិ៣គឺ ភិក្ខុមិនសូមឱកាស (ជាមុន) ហើយចោទ ដោយមានប្រាថ្នា ដើម្បីឱ្យឃ្លាតចាកព្រហ្មចារ្យ ត្រូវអាបត្ដិសង្ឃាទិសេស និងទុក្កដ សូមឱកាស (ជាមុន) ហើយចោទ ដោយមានប្រាថ្នានឹងជេរ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត។
[២៥៧] ភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃ បានសូត្រសមនុភាសនកម្មអស់វារៈ ៣ ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុងខណៈសូត្រកម្ម វាចាចប់។
[២៥៨] ពួកភិក្ខុ អ្នកប្រព្រឹត្ដតាមភិក្ខុដែលបំបែកសង្ឃ កាលបើ សង្ឃបានសូត្រសមនុភាសនកម្ម អស់វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ជាដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវសង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។
[២៥៩] ភិក្ខុ ដែលគេប្រដៅបានដោយក្រ កាលបើសង្ឃ បានសូត្រសមនុភាសនកម្ម អស់វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ជាដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។
[២៦០] ភិក្ខុទ្រុស្ដត្រកូល កាលបើសង្ឃបានសូត្រសមនុភាសន កម្ម អស់វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។
ចប់ សង្ឃាទិសេស ១៣។