User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.02.3

(និស្សគ្គិយកណ្ឌៈ ទី៣)

សង្ខេប

(?)

vin pv 01 1 02 3 បាលី cs-km: vin.pv.01.1.02.3 អដ្ឋកថា: vin.pv.01.1.02.3_att PTS: ?

(និស្សគ្គិយកណ្ឌៈ ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៣. និស្សគ្គិយកណ្ឌំ)

កឋិនវគ្គ ទី១

(១. កថិនវគ្គោ)

[២៦១] ភិក្ខុទុកអតិរេកចីវរឱ្យកន្លងហួស១០ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៦២] ភិក្ខុនៅប្រាសចាកត្រៃចីវរ អស់មួយរាត្រី ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៦៣] ភិក្ខុទទួលអកាលចីវរ ហើយទុកឱ្យកន្លងហួសមួយខែទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៦៤] ភិក្ខុប្រើភិក្ខុនី ដែលមិនមែនជាញាតិ ឱ្យលាងចីវរចាស់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើឱ្យលាង លុះឱ្យលាងរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៦៥] ភិក្ខុទទួលចីវរអំពីដៃភិក្ខុនី ដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលទទួល លុះទទួលបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៦៦] ភិក្ខុ សូមចីវរនឹងគហបតីក្ដី គហបតានីក្ដី ដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២គឺ ភិក្ខុកំពុងសូម ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលសូម លុះសូមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៦៧] ភិក្ខុ សូមចីវរនឹងគហបតីក្ដី នឹងគហបតានីក្ដី ដែលមិនមែនជាញាតិ ឱ្យច្រើនលើសពីស្បង់និងចីពរនោះទៅ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងសូម លុះសូមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៦៨] ភិក្ខុ ដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅ រកគហបតី ដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (ចង់បានឱ្យល្អហួសហេតុ) ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដល់នូវកិរិយាកំណត់ក្នុងចីវរ លុះកំណត់ចីវរបានហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៦៩] ភិក្ខុដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅរកគហបតីទាំងឡាយ ដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដល់នូវកិរិយាកំណត់ក្នុងចីវរ លុះកំណត់ក្នុងចីវររួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧០] ភិក្ខុឱ្យចីវរសម្រេចបានដោយការតឹងទារឱ្យលើសអំពី៣ដង ដោយការឈរឱ្យលើសអំពី៦ដង ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យចីវរសម្រេច កាលបើចីវរសម្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

ចប់ កឋិនវគ្គ ទី១។

កោសិយវគ្គ ទី២

(២. កោសិយវគ្គោ)

[២៧១] ភិក្ខុ ឱ្យគេធ្វើសន្ថ័តលាយដោយសូត្រ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេធ្វើរួចស្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧២] ភិក្ខុ ឱ្យគេធ្វើសន្ថ័តដោយរោមចៀមមានពណ៌ខ្មៅសុទ្ធ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេធ្វើស្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៣] ភិក្ខុធ្វើសន្ថ័តថ្មី មិនលាយរោមចៀមសទម្ងន់មួយជញ្ជីង រោមចៀមក្រហមទម្ងន់មួយជញ្ជីង ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេធ្វើរួចស្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៤] ភិក្ខុឱ្យគេធ្វើសន្ថ័តរាល់ៗឆ្នាំ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៥] ភិក្ខុឱ្យគេធ្វើសន្ថ័តសម្រាប់អង្គុយថ្មី មិនលាយសន្ថ័តចាស់ មួយចំអាមព្រះសុគត ដោយជុំវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើឱ្យគេធ្វើ លុះប្រើឱ្យគេធ្វើរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៦] ភិក្ខុទទួលរោមចៀម ហើយនាំយកឱ្យកន្លងហួស៣យោជន៍ទៅ ត្រូវអាបត្ដិ២ គឺ ឈានជំហានដំបូង ឱ្យកន្លងហួស៣យោជន៍ទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៧] ភិក្ខុប្រើភិក្ខុនីដែលមិនមែនជាញាតិ ឱ្យលាងរោមចៀម ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើឱ្យគេលាង លុះប្រើឱ្យគេលាងរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៨] ភិក្ខុទទួលរូបិយៈ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលទទួល លុះទទួលរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៩] ភិក្ខុប្រព្រឹត្ដទិញដូរ ដោយរូបិយៈ មានប្រការផ្សេងៗ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រព្រឹត្ដ (ការលក់ដូរ) លុះប្រព្រឹត្ដរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៨០] ភិក្ខុប្រព្រឹត្ដទិញដូររបស់មានប្រការផ្សេងៗ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលខ្លួនប្រព្រឹត្ដ លុះប្រព្រឹត្ដរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

ចប់ កោសិយវគ្គ ទី២។

បត្ដវគ្គ ទី៣

(៣. បត្តវគ្គោ)

[២៨១] ភិក្ខុទុកអតិរេកបាត្រ ឱ្យកន្លងហួស១០ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៨២] ភិក្ខុមានបាត្រ មានចំណងមិនទាន់ដល់៥អន្លើ ហើយសូមបាត្រថ្មីដទៃទៀត ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសូម លុះសូមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៨៣] ភិក្ខុទទួលភេសជ្ជៈទាំងឡាយហើយ ទុកឱ្យកន្លងហួស៧ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៨៤] ភិក្ខុស្វែងរកវស្សិកសាដិកចីវរ(សំពត់សម្រាប់ងូតទឹកភ្លៀង) ក្នុងកាលដ៏លើសអំពីខែខាងចុងនៃរដូវក្ដៅ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលស្វែងរក លុះស្វែងរកបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៨៥] ភិក្ខុឱ្យចីវរដល់ភិក្ខុផងគ្នា ដោយខ្លួនឯង ហើយក្រោធអាក់អន់ចិត្ដ ក៏ដណ្ដើមយកវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដណ្ដើម លុះដណ្ដើមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៨៦] ភិក្ខុសូមអំបោះដោយខ្លួនឯង យកមកឱ្យជាងតម្បាញ ត្បាញចីវរ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើគេឱ្យត្បាញ លុះប្រើគេឱ្យត្បាញរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៨៧] ភិក្ខុដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅ រកជាងតម្បាញរបស់គហបតីមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំណត់ លុះកំណត់រួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៨៨] ភិក្ខុទទួលអច្ចេកចីវរទុកឱ្យកន្លងហួសសម័យនៃចីវរកាលទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៨៩] បណ្ដាចីវរទាំង៣ ភិក្ខុទុកចីវរណាមួយ ក្នុងចន្លោះផ្ទះ ហើយនៅប្រាសចាកលើស ៦រាត្រីទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៩០] ភិក្ខុដឹងថា លាភរបស់សង្ឃដែលគេបង្អោនទៅ (ដើម្បីសង្ឃ) ត្រឡប់បង្អោនមក ដើម្បីខ្លួនវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលបង្អោនមក លុះបង្អោនបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

ចប់ បត្ដវគ្គ ទី៣។

ចប់ និស្សគ្គិយបាចិត្ដិយៈ ៣០។

 

លេខយោង

km/tipitaka/vin/pv/vin.pv.01.1.02.3.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann