User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.02.4

(បាចិត្តិយកណ្ឌៈ ទី៤)

សង្ខេប

(?)

vin pv 01 1 02 4 បាលី cs-km: vin.pv.01.1.02.4 អដ្ឋកថា: vin.pv.01.1.02.4_att PTS: ?

(បាចិត្តិយកណ្ឌៈ ទី៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៤. បាចិត្តិយកណ្ឌំ)

មុសាវាទវគ្គ ទី១

(១. មុសាវាទវគ្គោ)

[២៩១] ភិក្ខុពោលពាក្យកុហកដោយដឹងខ្លួន ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុពោលពាក្យកុហក ដោយដឹងខ្លួន ត្រូវអាបត្ដិ៥គឺ ភិក្ខុមានសេចក្ដីប្រាថ្នាលាមក មានសេចក្ដីប្រាថ្នាគ្របសង្កត់ហើយ ពោលអួតនូវឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិបារាជិក ភិក្ខុចោទ ភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុពន្យល់គេថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះជាព្រះអរហន្ដ បើគេដឹងច្បាស់ ត្រូវអាបត្ដិថុល្លច្ច័យ បើគេមិនដឹងច្បាស់ ត្រូវអាបត្ដិទុក្កដ និយាយកុហក (តាមធម្មតា) ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលសម្បជានមុសាវាទ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ត្រូវអាបត្ដិទាំង៥នេះឯង។

[២៩២] ភិក្ខុពោលពាក្យចាក់ដោត ត្រូវអាបត្ដិ២គឺ ពោលចាក់ដោតឧបសម្ប័ន្ន ត្រូវអាបត្ដិបាចិត្ដិយៈ ពោលចាក់ដោតអនុបសម្ប័ន្ន ត្រូវអាបត្ដិទុក្កដ។

[២៩៣] ភិក្ខុបង្កពាក្យញុះញង់ ត្រូវអាបត្ដិ២ គឺ ភិក្ខុបង្កពាក្យញុះញង់ ដល់ឧបសម្ប័ន្នផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ បង្កពាក្យញុះញង់ដល់អនុបសម្ប័ន្ន ត្រូវអាបត្ដិទុក្កដ។

[២៩៤] ភិក្ខុបង្រៀនធម៌ជាបទចំពោះអនុបសម្ប័ន្ន ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលបង្រៀន ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗបទ។

[២៩៥] ភិក្ខុសម្រេចការដេក ជាមួយនឹងអនុប្បសម្ប័ន្ន លើស ២-៣ រាត្រីឡើងទៅ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ ដែលប្រាសដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[២៩៦] ភិក្ខុសម្រេចការដេកជាមួយនឹងមាតុគ្រាម ត្រូអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រាសដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[២៩៧] ភិក្ខុសម្ដែងធម៌ដល់មាតុគ្រាមដោយវាចាលើសអំពី ៥.៦ ម៉ាត់ឡើងទៅ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងសម្ដែង ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។

[២៩៨] ភិក្ខុប្រាប់ឧត្ដរិមនុស្សធម្ម ដែលមានពិតប្រាកដ ដល់អ នុបសម្ប័ន្ន ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងប្រាប់ លុះប្រាប់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[២៩៩] ភិក្ខុប្រាប់ទុដ្ឋុល្លាបត្ដិ របស់ភិក្ខុផងគ្នា ដល់អនុបសម្ប័ន្ន ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងប្រាប់ លុះប្រាប់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០០] ភិក្ខុជីកដី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ (ដែលផ្គងនឹងជីក) ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលជីក។

ចប់ មុសាវាទវគ្គ ទី១។

ភូតគាមវគ្គ ទី២

(២. ភូតគាមវគ្គោ)

[៣០១] ភិក្ខុធ្វើភូតគាមឱ្យឃ្លាតចាកទី ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ (ដែលផ្គងនឹងធ្វើឱ្យឃ្លាតចាកទី) ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗ វារៈដែលប្រហារ។

[៣០២] ភិក្ខុពោលបិទបាំងពាក្យដទៃ ដោយពាក្យដទៃ ត្រូវអាបត្ដិ២គឺ កាលបើអញ្ញវាទកកម្ម ដែលសង្ឃមិនទាន់លើកឡើងទេ ភិក្ខុពោលបិទបាំងពាក្យដទៃ ដោយពាក្យដទៃ ត្រូវអាបត្ដិទុក្កដ កាលបើអញ្ញវាទកកម្ម ដែលសង្ឃបានលើកឡើងហើយ ភិក្ខុនៅតែពោលបិទបាំងពាក្យដទៃ ដោយពាក្យដទៃ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៣] ភិក្ខុឱ្យភិក្ខុដទៃពោលទោសភិក្ខុផងគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេពោលទោស លុះឱ្យគេពោលទោសហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៤] ភិក្ខុលាគ្រែក្ដី តាំងក្ដី ពូកក្ដី កៅអីក្ដី ជារបស់សង្ឃ ទុកក្នុងទីវាល មិនសាយកមកទុកវិញ ទាំងមិនបានប្រាប់ (អ្នកឯទៀត ឱ្យសាយកមកទុកវិញ) ហើយចៀសចេញទៅ ត្រូវអាបត្ដិ២គឺ ឈានជំហានជាដំបូង ឱ្យកន្លងហួសលេឌ្ឌុបាត ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៥] ភិក្ខុក្រាលកម្រាលសម្រាប់ដេក ក្នុងវិហារជារបស់សង្ឃ ហើយមិនសាយកមកទុកវិញ ទាំងមិនបានប្រាប់ (អ្នកឯទៀតឱ្យសាយកមកទុកវិញ) ហើយចៀសចេញទៅ ត្រូវអាបត្ដិ២គឺ ឈានជំហានជាដំបូងឱ្យកន្លងផុតរបងទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៦] ភិក្ខុដឹងថា មានភិក្ខុផងគ្នាចូលទៅមុន ក្នុងវិហារជារបស់សង្ឃ ហើយចូលទៅជ្រៀតប្រៀតទៅសម្រេចការដេក ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបដេក លុះដេកស៊ប់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៧] ភិក្ខុក្រោធអាក់អន់ចិត្ដ ក៏ទង់ទាញភិក្ខុផងគ្នាចាកវិហារជារបស់សង្ឃ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទង់ទាញ លុះទង់ទាញ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៨] ភិក្ខុអង្គុយសង្កត់គ្រែក្ដី តាំងក្ដី ដែលមានជើងគ្រាន់តែផ្គុំទុកឰដ៏ថ្នាក់ខាងលើ ក្នុងវិហារជារបស់សង្ឃ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយសង្កត់ លុះអង្គុយសង្កត់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៩] ភិក្ខុធ្វើការប្រក់បានត្រឹមតែ ២.៣ ជាន់ កាលបើប្រក់ឱ្យលើសអំពីកំណត់នោះទៅ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រក់ លុះប្រក់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១០] ភិក្ខុដឹងថាទឹកមានសត្វហើយ ស្រោចស្មៅក្ដី ដីក្ដី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងស្រោច លុះស្រោច ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ ភូតគាមវគ្គ ទី២។

ឱវាទវគ្គ ទី៣

(៣. ឱវាទវគ្គោ)

[៣១១] ភិក្ខុ ដែលសង្ឃមិនបានសន្មត ហើយទៅទូន្មានភិក្ខុនី ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលទូន្មាន លុះទូន្មាន ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១២] ភិក្ខុទូន្មានពួកភិក្ខុនី ក្នុងវេលាព្រះអាទិត្យអស្ដង្គត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទូន្មាន លុះទូន្មាន ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៣] ភិក្ខុចូលទៅកាន់សម្នាក់ភិក្ខុនី ហើយទូន្មានពួកភិក្ខុនី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទូន្មាន លុះទូន្មាន ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៤] ភិក្ខុនិយាយថា ភិក្ខុទាំងឡាយទូន្មានពួកភិក្ខុនី ព្រោះហេតុតែអាមិសៈ ត្រូវអាបត្ដិ ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងនិយាយ លុះនិយាយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៥] ភិក្ខុឱ្យចីវរដល់ភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងឱ្យ លុះឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៦] ភិក្ខុដេរចីវរឱ្យភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដេរ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗថ្នេរ (ដែលដេរ)។

[៣១៧] ភិក្ខុបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដើរទៅ លុះដើរទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៨] ភិក្ខុបបួលភិក្ខុនីឡើងជិះទូកមួយជាមួយគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងឡើងជិះ លុះឡើងជិះ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៩] ភិក្ខុដឹងហើយ ឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្ដិ២គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈដែលលេបចូលទៅ។

[៣២០] ភិក្ខុមួយរូប សម្រេចការអង្គុយក្នុងទីកំបាំងជាមួយនឹងភិក្ខុនីតែមួយរូប ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ ឱវាទវគ្គ ទី៣។

ភោជនវគ្គ ទី៤

(៤. ភោជនវគ្គោ)

[៣២១] ភិក្ខុឆាន់បិណ្ឌបាតក្នុងផ្ទះសម្នាក់ ឬរោងឆាន់ ឱ្យលើសអំពីម្ដងទៅ ត្រូវអាបត្ដិ២គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈ ដែលលេបចូលទៅ។

[៣២២] ភិក្ខុឆាន់គណភោជន ត្រូវអាបត្ដិ២គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗ វារៈដែលលេបចូលទៅ។

[៣២៣] ភិក្ខុឆាន់បរម្បរភោជន ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗ វារៈដែលលេបចូលទៅ។

[៣២៤] ភិក្ខុទទួលនំបានត្រឹម ២.៣ បាត្រ កាលបើទទួលឱ្យលើសពីនោះទៅ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទទួល លុះទទួល ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣២៥] ភិក្ខុឆាន់រួចហើយ ហាមភត្ដហើយ បែរទៅឆាន់ខាទនីយៈ ឬភោជនីយៈ ដែលជាអនតិរិត្ដៈ ត្រូវអាបត្ដិ២គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៣២៦] ភិក្ខុ បវារណាបង្ខំភិក្ខុផងគ្នាដែលឆាន់រួចហើយ ហាមភត្ដហើយ ដោយខាទនីយៈ ឬភោជនីយៈ ដែលជាអនតិរិត្ដៈ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញ នឹងទំពាស៊ី នឹងឆាន់តាមពាក្យរបស់ភិក្ខុនោះ ដូច្នេះ ត្រូវអាបត្ដិទុក្កដ លុះឆាន់រួចស្រេចហើយ ត្រូវ អាបត្ដិបាចិត្ដិយៈ។

[៣២៧] ភិក្ខុឆាន់ខាទនីយៈ ឬភោជនីយៈ ក្នុងវេលាវិកាល ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗ វារៈដែលលេបចូលទៅ។

[៣២៨] ភិក្ខុឆាន់ខាទនីយៈ ឬភោជនីយៈ ដែលខ្លួនធ្វើឱ្យជាសន្និធិ ត្រូវអាបត្ដិ២គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៣២៩] ភិក្ខុសូមបណីតភោជន ដើម្បីប្រយោជន៍ដល់ខ្លួនឯងមកឆាន់ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈដែលលេបចូលទៅ។

[៣៣០] ភិក្ខុលេបអាហារ ដែលគេមិនបានប្រគេន ឱ្យចូលទៅ តាមមុខទ្វារ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈដែល លេបចូលទៅ។

ចប់ ភោជនវគ្គ ទី៤។

អចេលកវគ្គ ទី៥

(៥. អចេលកវគ្គោ)

[៣៣១] ភិក្ខុឱ្យខាទនីយៈឬភោជនីយៈ ដល់អចេលក៍ក្ដី បរិញ្វជកក្ដី បរិញ្វជិកាក្ដី ដោយដៃខ្លួនឯង ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងឱ្យ លុះឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៣២] ភិក្ខុនិយាយនឹងភិក្ខុផងគ្នាថា ម្នាលអាវុសោ លោកចូរមក យើងនឹងចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត (លុះថាដូច្នេះហើយ) ក៏ឱ្យគេឱ្យ ឬមិនឱ្យគេឱ្យ (អ្វីៗ) ដល់ភិក្ខុនោះ ហើយបញ្ជូនឱ្យត្រឡប់មកវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ ដែលរៀបនឹងបញ្ជូនឱ្យត្រឡប់វិញ លុះបញ្ជូនឱ្យត្រឡប់វិញ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៣៣] ភិក្ខុចូលទៅអង្គុយក្នុង (ផ្ទះនៃ) ត្រកូលដែលមានជនតែពីរនាក់ (ស្វាមីនិងភរិយា) ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៣៤] ភិក្ខុសម្រេចការអង្គុយលើអាសនៈ ជាទីស្ងាត់កំបាំងភ្នែក ជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៣៥] ភិក្ខុមួយរូប សម្រេចការអង្គុយក្នុងទីស្ងាត់ (កំបាំងត្រចៀក) ជាមួយនឹងមាតុគ្រាមតែម្នាក់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៣៦] ភិក្ខុអ្នកទទួលនិមន្ដគេហើយ ឈ្មោះថាជាអ្នកមានភត្ដហើយ មិនលាភិក្ខុផងគ្នា ដែលមាននៅ ហើយចៀសចេញទៅក្នុងត្រកូលទាំងឡាយ (ឯទៀត) ក្នុងកាលមុនភត្ដក្ដី ក្រោយភត្ដក្ដី ត្រូវអាបត្ដិ២គឺ ឈានជំហានទី១ កន្លងហួសធរណីទ្វារទៅ ត្រូវអាបត្ដិទុក្កដ ឈាន ជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៣៧] ភិក្ខុសូមភេសជ្ជៈ ឱ្យលើសកំណត់ខែ ដែលគេបវារណា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសូម លុះសូមបានមក ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៣៨] ភិក្ខុ ទៅដើម្បីមើលកងទ័ពដែលលើកចេញទៅ ត្រូវអាបត្ដិ២គឺ ដើរចេញទៅ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ក្នុងទីដែលឈរមើល។

[៣៣៩] ភិក្ខុទៅនៅក្នុងកងទ័ពឱ្យលើសជាង ៣ រាត្រីទៅ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងនៅ លុះនៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤០] ភិក្ខុ ទៅកាន់ទីដែលគេត្រួតពល ត្រូវអាបត្ដិ ២ គឺ ដើរចេញទៅ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ក្នុងទីដែលឈរមើល។

ចប់ អចេលកវគ្គ ទី៥។

សុរាមេរយវគ្គ ទី៦

(៦. សុរាមេរយវគ្គោ)

[៣៤១] ភិក្ខុផឹកទឹកស្រវឹង ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួលដោយ គិតថា អាត្មាអញនឹងផឹក ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ ប្រយោគដែលផឹកលេបចូលទៅ។

[៣៤២] ភិក្ខុធ្វើភិក្ខុផងគ្នាឱ្យសើចដោយជន្លួញគឺម្រាមដៃ (ចាក់ក្រឡេក) ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលធ្វើឱ្យគេសើច លុះគេសើច ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៣] ភិក្ខុលេងទឹកត្រូវអាបត្ដិ២ គឺភិក្ខុលេងទឹករាក់ក្រោមភ្នែកគោរ ត្រូវអាបត្ដិទុក្កដ ភិក្ខុលេងទឹកជ្រៅ លើភ្នែកគោរ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៤] ភិក្ខុធ្វើសេចក្ដីមិនអើពើ (នឹងបុគ្គលអ្នកសម្ដែងធម៌ ឬ ធម៌) ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងធ្វើសេចក្ដីមិនអើពើ លុះធ្វើសេចក្ដីមិនអើពើ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៥] ភិក្ខុបន្លាចភិក្ខុផងគ្នា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងបន្លាច លុះបន្លាចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៦] ភិក្ខុបង្កាត់ភ្លើងអាំង ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងបង្កាត់ លុះបង្កាត់ស្រេចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៧] មិនទាន់ដល់កន្លះខែ ភិក្ខុ (អ្នកនៅក្នុងមជ្ឈិមបទេស) ងូតទឹក ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលងូត លុះងូតរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៨] ភិក្ខុ មិនកាន់យកវត្ថុសម្រាប់ធ្វើពណ៌ឱ្យខូច៣យ៉ាង វត្ថុសម្រាប់ធ្វើពណ៌ឱ្យខូចឯណានីមួយ ក៏ប្រើប្រាស់ចីវរថ្មី ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រើប្រាស់ លុះប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៩] ភិក្ខុវិកប្បចីវររបស់ខ្លួន ដល់ភិក្ខុក្ដី ភិក្ខុនីក្ដី សិក្ខមានាក្ដី សាមណេរក្ដី សាមណេរីក្ដី មិនបានដកវិកប្បជាមុន ហើយប្រើប្រាស់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រើប្រាស់ លុះប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥០] ភិក្ខុលាក់បាត្រក្ដី ចីវរក្ដី និសីទនៈក្ដី បំពង់ម្ជុលក្ដី វត្ថពន្ធចង្កេះក្ដី របស់ភិក្ខុផងគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងលាក់ លុះលាក់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ សុរាមេរយវគ្គ ទី៦។

សប្បាណកវគ្គ ទី៧

(៧. សប្បាណកវគ្គោ)

[៣៥១] ភិក្ខុក្លែងផ្ដាច់បង់សត្វ ឱ្យឃ្លាតចាកជីវិត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុក្លែងផ្ដាច់បង់សត្វ ឱ្យឃ្លាតចាកជីវិត ត្រូវអាបត្ដិ៤គឺ ភិក្ខុជីករណ្ដៅមិនចំពោះ (សត្វ ឬមនុស្ស) ដោយគិតថា អ្នកណាមួយនឹងធ្លាក់ស្លាប់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ មនុស្សធ្លាក់ក្នុងរណ្ដៅនោះ ហើយស្លាប់ ត្រូវអាបត្ដិបារាជិក យក្សក្ដី ប្រេតក្ដី តិរច្ឆានមានរាងកាយដូចមនុស្សក្ដី ធ្លាក់ក្នុងរណ្ដៅនោះស្លាប់ ត្រូវអាបត្ដិថុល្លច្ច័យ តិរច្ឆានធ្លាក់ក្នុងរណ្ដៅនោះស្លាប់ ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុក្លែងផ្ដាច់បង់សត្វឱ្យឃ្លាតចាកជីវិត ត្រូវអាបត្ដិ៤នេះឯង។

[៣៥២] ភិក្ខុដឹងថាទឹកមានសត្វហើយប្រើប្រាស់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រើប្រាស់ លុះប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៣] ភិក្ខុដឹងថា អធិករណ៍ដែលសង្ឃឱ្យរម្ងាប់សមគួរតាមធម៌ហើយ សើរើដើម្បីធ្វើជាថ្មីទៀត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសើរើ លុះសើរើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៤] ភិក្ខុដឹងហើយបិទបាំងទុដ្ឋុល្លាបត្ដិ របស់ភិក្ខុផងគ្នា ត្រូវអាបត្ដិ១គឺ បាចិត្ដិយៈ។

[៣៥៥] ភិក្ខុដឹងថា បុគ្គលមានឆ្នាំខ្វះពី២០ ហើយឱ្យឧបសម្បទា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យឧបសម្បទា លុះឱ្យឧបសម្បទាហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៦] ភិក្ខុដឹងហើយ បបួលដើរផ្លូវឆ្ងាយមួយជាមួយគ្នានឹង ពួកឈ្មួញដែលគេចវាងឱ្យរួចពន្ធ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដើរ លុះដើរទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៧] ភិក្ខុបបួលដើរផ្លូវឆ្ងាយមួយជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដើរ លុះដើរទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៨] ភិក្ខុមានទិដ្ឋិអាក្រក់ដែលសង្ឃបានសូត្រសមនុភាសនកម្ម អស់វារៈ៣ ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ លុះចប់កម្មវាចា ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៩] ភិក្ខុដឹងហើយបរិភោគរួមជាមួយគ្នា នឹងភិក្ខុដែលពោល ដូច្នោះ ជាអ្នកមិនធ្វើតាមធម៌ ជាអ្នកមិនលះទិដ្ឋិនោះចេញ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងបរិភោគរួម លុះបរិភោគរួម ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦០] ភិក្ខុដឹងថាសាមណេរដែលភិក្ខុឯទៀតឱ្យវិនាសទៅដូច្នោះ ហើយ ទៅប្រលោមយកមក ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រលោម លុះនិយាយប្រលោមហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ សប្បាណកវគ្គ ទី៧។

សហធម្មិកវគ្គ ទី៨

(៨. សហធម្មិកវគ្គោ)

[៣៦១] ភិក្ខុ ដែលភិក្ខុទាំងឡាយពោលដាស់តឿនប្រកបដោយធម៌ហើយ និយាយ(នឹងភិក្ខុទាំងឡាយ) យ៉ាងនេះវិញថា ម្នាលអាវុសោ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនុ៎ះនៅឡើយ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដទៃដែលជាអ្នកឈ្លាស ជាអ្នកទ្រទ្រង់វិន័យ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងនិយាយ លុះនិយាយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦២] ភិក្ខុពោលបង្កាច់វិន័យ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងពោលបង្កាច់ លុះពោលបង្កាច់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦៣] ភិក្ខុក្លែងធ្វើជាវង្វេង (ក្លែងពើធ្វើជាមិនដឹង ) ត្រូវអាបត្ដិ២គឺ កាលបើមោហារោបនកម្ម សង្ឃមិនទាន់សូត្រប្រកាសទេ ភិក្ខុក្លែងធ្វើជាវង្វេង ត្រូវអាបត្ដិទុក្កដ កាលបើមោហារោបនកម្ម សង្ឃបានសូត្រប្រកាសហើយ នៅតែក្លែងធ្វើជាវង្វេង ត្រូវអាបត្ដិ បាចិត្ដិយៈ។

[៣៦៤] ភិក្ខុក្រោធអាក់អន់ចិត្ដ ឱ្យប្រហារភិក្ខុផងគ្នា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រហារ លុះប្រហារហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦៥] ភិក្ខុក្រោធអាក់អន់ចិត្ដ ងាជន្លលំពែងគឺបាតដៃដល់ភិក្ខុផងគ្នា ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងងាជន្ល លុះងាជន្ល ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦៦] ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេស មិនមានមូល ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងចោទ លុះចោទ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦៧] ភិក្ខុក្លែងបង្កសេចក្ដីរង្កៀសឱ្យកើតឡើងដល់ភិក្ខុផងគ្នា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងបង្កហេតុ លុះបង្ក (ហេតុនោះ) ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦៨] កាលបើភិក្ខុទាំងឡាយ កំពុងប្រកួតប្រកាន់ ឈ្លោះទាស់ទែងគ្នា ភិក្ខុឈរអែបចាំស្ដាប់ ត្រូវអាបត្ដិ២គឺ ភិក្ខុទៅដោយគិតថា អញនឹងចាំស្ដាប់ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ក្នុងទីដែលឈរស្ដាប់។

[៣៦៩] ភិក្ខុបានឱ្យឆន្ទៈចំពោះកម្មទាំងឡាយ ដែលប្រកបដោយធម៌ លុះមកខាងក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងតិះដៀល លុះតិះដៀល ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧០] កាលបើពាក្យវិនិច្ឆ័យ កំពុងប្រព្រឹត្ដទៅក្នុងជំនុំសង្ឃភិក្ខុមិនឱ្យឆន្ទៈ ហើយស្រាប់តែក្រោកចាកអាសនៈចៀសចេញទៅ ត្រូវអាបត្ដិ២គឺ កាលបើមិនទាន់លះបង់ហត្ថបាសបរិស័ទទៅទេ ត្រូវអាបត្ដិទុក្កដ លុះលះ (ហត្ថបាស) ចេញទៅហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧១] សង្ឃព្រមព្រៀងគ្នាឱ្យចីវរ (ដល់ភិក្ខុ) ហើយភិក្ខុណាមួយ ត្រឡប់តិះដៀលជាខាងក្រោយ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងតិះដៀល លុះតិះដៀល ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧២] ភិក្ខុដឹងថាលាភជារបស់សង្ឃ គេបង្អោនទៅដើម្បីសង្ឃរួចហើយ ត្រឡប់បង្អោនមកដើម្បីបុគ្គលវិញ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងបង្អោនទៅ លុះបង្អោនទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ សហធម្មិកវគ្គ ទី៨។

រាជវគ្គ ទី៩

(៩. រាជវគ្គោ)

[៣៧៣] ភិក្ខុ ដែលមិនទាន់បានទូលស្នើព្រះបរមក្សត្រ ឱ្យទ្រង់ជ្រាបជាមុនទេ ហើយស្រាប់តែចូលទៅកាន់ខាងក្នុងព្រះរាជដំណាក់ ត្រូវអាបត្ដិ២ គឺ ឈានជំហានទី១ ឱ្យកន្លងធរណីទ្វារទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី ២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៤] ភិក្ខុរើសយករតនវត្ថុ (គ្រឿងប្រើប្រាស់របស់គ្រហស្ថ) ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងរើសយក លុះរើសយក ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៥] ភិក្ខុមិនលាភិក្ខុផងគ្នាដែលមាននៅ ចូលទៅកាន់ស្រុក ក្នុងវេលាវិកាល ត្រូវអាបត្ដិ ២ គឺ ឈានជំហាន ទី ១ ឱ្យកន្លងហួស របងទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៦] ភិក្ខុឱ្យគេធ្វើបំពុងម្ជុលនឹងឆ្អឹងក្ដី ភ្លុកក្ដី ស្នែងក្ដី ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៧] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៨] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ញាត់ដោយសំឡី1) ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៩] ភិក្ខុឱ្យគេធ្វើនិសីទនៈ ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើ រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៨០] ភិក្ខុឱ្យគេធ្វើសំពត់សម្រាប់គ្របកម ឬដំបៅ ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៨១] ភិក្ខុឱ្យគេធ្វើសំពត់សម្រាប់ងូតទឹកភ្លៀង ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៨២] ភិក្ខុឱ្យគេធ្វើចីវរ ប៉ុនចីវរព្រះសុគត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុឱ្យគេធ្វើចីវរ ប៉ុនចីវរព្រះសុគត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុឱ្យគេធ្វើចីវរ ប៉ុនចីវរព្រះសុគត ត្រូវអាបត្ដិ២ នេះឯង។

ចប់ រាជវគ្គ ទី៩។

ចប់ ពួកខុទ្ទកសិក្ខាបទ។

 

លេខយោង

1)
មើលក្នុងមហាវិភង្គភាគទី ៤ ត្រង់រតនវគ្គ សិក្ខាបទទី៦ បព្វៈ ៣៧៨ ទំព័រ ៣៩០។
km/tipitaka/vin/pv/vin.pv.01.1.02.4.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann