User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.09.1

(បារាជិកកណ្ឌៈ ទី១)

សង្ខេប

(?)

vin pv 01 1 09 1 បាលី cs-km: vin.pv.01.1.09.1 អដ្ឋកថា: vin.pv.01.1.09.1_att PTS: ?

(បារាជិកកណ្ឌៈ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(១. បារាជិកកណ្ឌំ)

[៤៦៩] បារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺសេពមេថុនធម្ម បារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ បារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺសេពមេថុនធម្ម បារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងសុទិន្នភិក្ខុ ជាកូននៃកលន្ទសេដ្ឋី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុទិន្នភិក្ខុ ជាកូននៃកលន្ទសេដ្ឋី សេពមេថុនធម្មនឹងស្ដ្រី ជាប្រពន្ធពីដើម។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិឬទេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ២ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះ ជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ សិក្ខាបទនោះ ជាឧភតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ សិក្ខាបទនោះ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ សិក្ខាបទនោះ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទីប៉ុន្មាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិទាំង ៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ សិក្ខាបទនោះ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ សិក្ខាបទនោះ ជាកងនៃអាបត្ដិបារាជិក។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ ព្រះថេរៈទាំងឡាយ ដូចមានឈ្មោះខាងក្រោមបាននាំតៗគ្នាមក។ គឺព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ និងព្រះមោគ្គលិបុត្ដជាគម្រប់៥អង្គ១ ឯព្រះថេរៈទាំងនេះ នៅ ក្នុងទ្វីបឈ្មោះជម្ពូដ៏មានសិរី។ តពីនោះមក ព្រះអរហន្ដទាំងឡាយ គឺព្រះថេរៈឈ្មោះមហិន្ទ១ ឥដ្ដិយៈ១ ឧត្ដិយៈ១សម្ពលៈ១។ បេ។ ព្រះនាគត្ថេរទាំងនេះ លោកមានប្រាជ្ញាច្រើន ស្គាល់ច្បាស់ នូវព្រះវិន័យ លោកឈ្លាសក្នុងមគ្គ បាននាំគ្នាប្រកាសនូវព្រះវិនយបិដក ទុកក្នុងតម្ពបណ្ណិទ្វីប គឺកោះលង្កា។

 

លេខយោង

km/tipitaka/vin/pv/vin.pv.01.1.09.1.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann