(?)
vin pv 01 1 09 2 បាលី cs-km: vin.pv.01.1.09.2 អដ្ឋកថា: vin.pv.01.1.09.2_att PTS: ?
(សង្ឃាទិសេសកណ្ឌាទិ ទី២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. សង្ឃាទិសេសកណ្ឌាទិ)
[៤៧០] បារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ(នូវអំណាចនៃប្រយោជន៍ទាំង ១០) ហើយទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺកាន់យកនូវទ្រព្យដែលគេមិនបានឱ្យ បារាជិកសិក្ខាបទនោះ ទ្រង់ បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងធនិយភិក្ខុ ជាកូននៃស្មូនឆ្នាំង។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលធនិយភិក្ខុ ជាកូននៃស្មូនឆ្នាំង យកឈើព្រះរាជទ្រព្យដែលគេមិនបានឱ្យ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មាន អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតំាងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។
[៤៧១] បារាជិកសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺ ក្លែងធ្វើរាងកាយមនុស្សឱ្យធ្លាក់ចុះចាកជីវិត ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹង ភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូបញ៉ាំងគ្នានិងគ្នាឱ្យធ្លាក់ចុះចាកជីវិត។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន៣ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។
[៤៧២] បារាជិកសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុទាំងឡាយ ដែលនៅប្របឆ្នេរស្ទឹងវគ្គុមុទា។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកភិក្ខុនៅប្របឆ្នេរស្ទឹងវគ្គុមុទា ពោលសរសើរគុណឧត្ដរិមនុស្សធម្មនៃគ្នានិងគ្នាដល់ពួកគ្រហស្ថ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបាន តាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។
[៤៧៣] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍១០យ៉ាង) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺ ព្យាយាមញ៉ាំងអសុចិឱ្យឃ្លាតចេញ សង្ឃាទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍១០យ៉ាង) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺព្យាយាមញុំាងអសុចិឱ្យឃ្លាតចេញ សង្ឃាទិសេសសិក្ខាបទនោះ ទ្រង់ បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះសេយ្យសកៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងព្រះសេយ្យសកៈមានអាយុ ព្យាយាមញ៉ាំងអសុចិឱ្យឃ្លាតចេញ។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ ដែរឬទេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះ ជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ សិក្ខាបទនោះ ចាត់ចូល ក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះមកកាន់ឧទ្ទេសត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី ៣។ បណ្ដាវិបត្ដិទាំង ៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតំាងឡើងអំពីវាចាឡើយ។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ ព្រះថេរៈទាំងឡាយ ដូចមាននាមខាងក្រោម បាននាំតៗគ្នាមក។ គឺព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ និងព្រះមោគ្គលិបុត្ដជាគម្រប់៥អង្គ ១ ព្រះថេរៈទាំងនោះ ឋិតនៅក្នុងទ្វីបឈ្មោះជម្ពូដ៏មានសិរី។ តអំពីនោះមក មានព្រះ អរហន្ដទាំងឡាយទៀត គឺ ព្រះថេរៈឈ្មោះមហិន្ទ១ ឥដ្ដិយៈ១ ឧត្ដិយៈ១ សម្ពលៈ១។ បេ។ ព្រះនាគត្ថេរទាំងនេះ មានប្រាជ្ញាច្រើន ចេះដឹងនូវព្រះវិន័យ ឈ្លាសក្នុងមគ្គ នាំគ្នាប្រកាសព្រះវិនយបិដក ទុកក្នុងតម្ពបណ្ណិទ្វីប។
[៤៧៤] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដព្រោះបច្ច័យ គឺដល់នូវកាយសំសគ្គៈជាមួយនឹងមាតុគ្រាម (ប៉ះពាល់កាយមាតុគ្រាមជាដើម) ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនរគសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងព្រះឧទាយិមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងព្រះឧទាយិមានអាយុ ដល់នូវកាយសំសគ្គៈជាមួយនឹងមាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។
[៤៧៥] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺ និយាយលោមមាតុគ្រាមដោយសម្ដីចែចង់ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់បារព្ធនឹងព្រះឧទាយិមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងព្រះឧទាយិមានអាយុ និយាយលោមមាតុគ្រាមដោយសម្ដីចែចង់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។
[៤៧៦] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺ និយាយសរសើរការបម្រើដោយកាមចំពោះខ្លួន ក្នុងសម្នាក់នៃមាតុគ្រាម ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧទាយិមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងព្រះឧទាយិមានអាយុ និយាយសរសើរការបម្រើ ដោយកាមចំពោះខ្លួន ក្នុងសម្នាក់នៃមាតុគ្រាម សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។
[៤៧៧] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដព្រោះបច្ច័យ គឺប្រព្រឹត្ដនិយាយដឹកនាំស្ដ្រីដើម្បីបុរស ដឹកនាំបុរសដើម្បីស្ដ្រី ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧទាយិមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងព្រះឧទាយិមានអាយុ ប្រព្រឹត្ដនិយាយដឹកនាំស្ដ្រី ដើម្បីបុរស។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចានិងចិត្ដក៏មាន តាំងឡើងអំពីវាចា មិនបានតាំងឡើងអំពីកាយនិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនបានតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើង អំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។
[៤៧៨] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដព្រោះបច្ច័យ គឺការប្រើគេឱ្យធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍ដោយខ្លួនឯង ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនអាឡវី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុទាំងឡាយ ដែលនៅក្នុងដែនអាឡវី។ ព្រោះ រឿងដូចម្ដេច។ ព្រោះរឿងដែលពួកភិក្ខុនៅក្នុងដែនអាឡវី ប្រើគេឱ្យធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍ដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានទាំង៦។
[៤៧៩] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺការប្រើគេឱ្យធ្វើវិហារធំ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឆន្នៈមានអាយុ កាលនឹងជម្រះទីដីនៃវិហារ ក៏ប្រើគេឱ្យកាប់ដើមឈើដែលជាទីគោរព១ដើម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។
[៤៨០] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺ ចោទភិក្ខុផងគ្នាដោយអាបត្ដិបារាជិកមិនមានមូល ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងរាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ នឹងភិក្ខុឈ្មោះមេត្ដិយៈ និងភុម្មជកៈ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុឈ្មោះមេត្ដិយៈ និងភុម្មជកៈ បានចោទព្រះទព្វមល្លបុត្ដមានអាយុ ដោយ អាបត្ដិបារាជិកមិនមានមូល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។
[៤៨១] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺការកាន់យកនូវលេសជាគ្រឿងអាងបន្ដិចបន្ដួចរបស់អធិករណ៍ ជាចំណែកដទៃ ហើយចោទភិក្ខុផងគ្នាដោយអាបត្ដិបារាជិក ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុឈ្មោះមេត្ដិយៈ និងភុម្មជកៈ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុឈ្មោះមេត្ដិយៈនិងភុម្មជកៈ យកលេសជាគ្រឿងអាងបន្ដិចបន្ដួច របស់អធិករណ៍ជាចំណែកដទៃ ហើយចោទព្រះទព្វមល្លបុត្ដមានអាយុ ដោយអាបត្ដិបារាជិក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។
[៤៨២] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគម្រប់បីដង ក៏នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុឈ្មោះទេវទត្ដ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុឈ្មោះទេវទត្ដ ព្យាយាមដើម្បីបំបែកសង្ឃ ដែលព្រមព្រៀងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយនិងវាចានិងចិត្ដ។
[៤៨៣] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដព្រោះបច្ច័យ គឺភិក្ខុទាំងឡាយអ្នកប្រព្រឹត្ដតាមភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដង ក៏នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប ប្រព្រឹត្ដតាមទេវទត្ដ ដែលជាអ្នកព្យាយាមដើម្បី បំបែកសង្ឃ ហើយជាអ្នកពោលពាក្យប្រមូលពួក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយនិងវាចានិងចិត្ដ។
[៤៨៤] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដព្រោះបច្ច័យ គឺភិក្ខុដែលគេប្រដៅបានដោយក្រ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដង ក៏នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ ប្រារព្ធនឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលព្រះឆន្នៈមានអាយុ កាលភិក្ខុទាំងឡាយ និយាយប្រដៅតាមធម៌ ក៏ធ្វើខ្លួនឱ្យគេស្ដីថាមិនបាន។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងវាចានិងចិត្ដ។
[៤៨៥] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺភិក្ខុអ្នកទ្រុស្ដត្រកូល កាលបើសង្ឃសូត្រសមនុភាសនកម្មជាគម្រប់បីដង ក៏នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងអស្សជិភិក្ខុនិងបុនព្វសុកភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលអស្សជិភិក្ខុនិងបុនព្វសុកភិក្ខុ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ត្រឡប់ជា បន្ទោសសង្ឃថា សង្ឃលុះក្នុងឆន្ទាគតិ លុះក្នុងទោសាគតិ លុះក្នុងមោហាគតិ លុះក្នុងភយាគតិ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងវាចានិងចិត្ដ។ បេ។
[៤៨៦] អាបត្ដិទុក្កដណា ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺការអាស្រ័យនូវសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក អាបត្ដិទុក្កដនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ បានបន្ទោឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះ ក្នុងទឹក។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើង អំពីវាចាឡើយ។
ចប់ កត្ថប្បញ្ញត្ដិវារៈ ជាបឋម។