User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.10

កតាបត្ដិវារៈ ទី២

សង្ខេប

(?)

vin pv 01 1 10 បាលី cs-km: vin.pv.01.1.10 អដ្ឋកថា: vin.pv.01.1.10_att PTS: ?

កតាបត្ដិវារៈ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(២.(១០) កតាបត្តិវារោ)

[៤៨៧] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យគឺការសេពមេថុនធម្ម។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៤ ព្រោះបច្ច័យគឺការសេពមេថុនធម្ម គឺ ភិក្ខុសេពមេថុនធម្ម នឹងសរីរៈសពដែលសត្វមិនទាន់ទំពាស៊ី ត្រូវអាបត្ដិបារាជិក ភិក្ខុសេពមេថុនធម្ម នឹងសរីរៈសពដែលសត្វទំពាស៊ីដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុបញ្ចូលអង្គជាត (ខ្លួន) ទៅក្នុងមុខទ្វារ ដែលបើកហា តែមិនឱ្យប៉ះពាល់ ត្រូវអាបត្ដិទុក្កដ ភិក្ខុនី ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះអង្គជាតដែលធ្វើដោយជ័រឈើ ឬកាកលាក់ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិទាំង៤នេះ ព្រោះបច្ច័យគឺការសេពមេថុនធម្ម។

[៤៨៨] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការកាន់យកទ្រព្យ ដែលគេមិនបានឱ្យ។ ភិក្ខុត្រូវអាបត្ដិ ៣ ព្រោះបច្ច័យ គឺការកាន់យកទ្រព្យដែលគេមិនបានឱ្យ គឺភិក្ខុមានថេយ្យចិត្ដ កាន់យកទ្រព្យមានតម្លៃ ៥ មាសក ឬច្រើនជាង៥មាសកឡើងទៅ ដែលគេមិនបានឱ្យ ត្រូវអាបត្ដិបារាជិក ភិក្ខុមានថេយ្យចិត្ដ កាន់យកទ្រព្យ មានតម្លៃច្រើនជាង ១ មាសក ឬថយអំពី ៥ មាសកមក ដែលគេមិនបានឱ្យ ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុមានថេយ្យចិត្ដ កាន់យកទ្រព្យមានតម្លៃ ៤ មាសក ឬថយចុះអំពី១មាសកមក ដែលគេមិនបានឱ្យ ត្រូវអាបត្ដិទុក្កដ ភិក្ខុត្រូវអាបត្ដិទាំង៣នេះ ព្រោះបច្ច័យ គឺការកាន់យកទ្រព្យដែលគេមិនបានឱ្យ។

[៤៨៩] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការក្លែងញ៉ាំងរាងកាយនៃមនុស្ស ឱ្យធ្លាក់ចុះចាកជីវិត។ ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺកាក្លែងញ៉ាំងរាងកាយនៃមនុស្ស ឱ្យធ្លាក់ចុះចាកជីវិត គឺ ភិក្ខុជីករណ្ដៅ ចំពោះមនុស្ស ដោយតាំងចិត្ដថា មនុស្សនឹងស្លាប់ ត្រូវអាបត្ដិទុក្កដ កាលបើមនុស្សធ្លាក់ទៅហើយ មានទុក្ខវេទនាកើតឡើង ត្រូវអាបត្ដិថុល្លច្ច័យ បើមនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្ដិបារាជិក ភិក្ខុត្រូវអាបត្ដិទាំង៣នេះ ព្រោះបច្ច័យ គឺការក្លែងញុំាងរាងកាយនៃមនុស្ស ឱ្យធ្លាក់ចុះចាកជីវិត។

[៤៩០] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺកិរិយាពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត (ក្នុងខ្លួន)។ ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺកិរិយាពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត (ក្នុងខ្លួន) គឺភិក្ខុជាអ្នកមានប្រាថ្នាអាក្រក់ មានសេចក្ដីប្រាថ្នាគ្របសង្កត់ ក៏ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត (ក្នុងខ្លួន) ត្រូវអាបត្ដិបារាជិក ភិក្ខុពោលថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះជាព្រះអរហន្ដ កាលបើគេដឹងសេចក្ដីច្បាស់ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើគេមិនដឹងសេចក្ដីច្បាស់ ត្រូវអាបត្ដិទុក្កដ ភិក្ខុត្រូវអាបត្ដិទាំង៣នេះ ព្រោះបច្ច័យ គឺកិរិយាពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត (ក្នុងខ្លួន)។

(បារាជិកកណ្ឌៈ ទី១)

(១. បារាជិកកណ្ឌំ)

[៤៩១] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការព្យាយាមបញ្ចេញអសុចិ។ ភិក្ខុត្រូវអាបត្ដិ ៣ ព្រោះបច្ច័យ គឺព្យាយាមបញ្ចេញអសុចិ គឺភិក្ខុគិតនឹងបញ្ចេញអសុចិ ក៏ព្យាយាមញ៉ាំងអសុចិឱ្យឃ្លាតចេញ ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុគិតនឹងបញ្ចេញអសុចិ ក៏ព្យាយាម ប៉ុន្ដែទឹកអសុចិមិនឃ្លាតចេញ ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុត្រូវអាបត្ដិទុក្កដ ក្នុង ប្រយោគដែលព្យាយាម។

[៤៩២] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៥ ព្រោះបច្ច័យ គឺការដល់នូវកាយសំសគ្គៈ គឺភិក្ខុនីមានតម្រេក ហើយត្រេកអរនឹងការចាប់ពាល់ (នូវសរីរប្រទេស) ខាងក្រោមដងកាំបិតចុះមក ខាងលើមណ្ឌលនៃជង្គង់ឡើងទៅនៃបុរសបុគ្គល ដែលមានតម្រេកដូចគ្នា ត្រូវអាបត្ដិបារាជិក ភិក្ខុប៉ះពាល់កាយស្រី ដោយកាយរបស់ខ្លួន ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុប៉ះ ពាល់នូវវត្ថុដែលជាប់ដោយកាយស្រី ដោយកាយរបស់ខ្លួន ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុប៉ះពាល់នូវវត្ថុដែលជាប់នឹងកាយស្រី ដោយវត្ថុដែលជាប់ នឹងកាយរបស់ខ្លួន ត្រូវអាបត្ដិទុក្កដ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះជន្លួញ គឺម្រាមដៃ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិទាំង៥នេះ ព្រោះបច្ច័យគឺការដល់នូវកាយសំសគ្គៈ។

[៤៩៣] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការនិយាយល្បួងមាតុគ្រាមដោយសម្ដីអាក្រក់ គឺភិក្ខុពោលសរសើរក្ដី ពោលបង្អាប់ក្ដី ចំពោះវច្ចមគ្គ ឬបស្សាវមគ្គ ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុមិនពោលចំពោះវច្ចមគ្គនិងបស្សាវមគ្គ គ្រាន់តែពោលសរសើរក្ដី ពោលបង្អាប់ក្ដី ចំពោះ ខាងក្រោមដងកាំបិតចុះមក ខាងលើមណ្ឌលនៃជង្គង់ឡើងទៅ ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុពោលសរសើរក្ដី ពោលបង្អាប់ក្ដី ចំពោះវត្ថុដែលជាប់ដោយកាយ ត្រូវអាបត្ដិទុក្កដ។

[៤៩៤] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការពោលនូវគុណនៃ ការបម្រើដោយកាមចំពោះខ្លួន គឺ ភិក្ខុពោលនូវគុណនៃការបម្រើដោយ កាមចំពោះខ្លួន ក្នុងសម្នាក់នៃមាតុគ្រាម ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុ ពោលនូវគុណនៃការបម្រើដោយកាមចំពោះខ្លួន ក្នុងសម្នាក់នៃបណ្ឌក (ខ្ទើយ) ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុពោលនូវគុណនៃការបម្រើដោយកាម ចំពោះខ្លួន ក្នុងសម្នាក់នៃសត្វតិរច្ឆាន (ញី) ត្រូវអាបត្ដិទុក្កដ។

[៤៩៥] ភិក្ខុត្រូវអាបត្ដិ ៣ ព្រោះបច្ច័យគឺការប្រព្រឹត្ដនិយាយដឹកនាំស្ដ្រីឱ្យបុរស ដឹកនាំបុរសឱ្យស្ដ្រី គឺភិក្ខុទទួលពាក្យផង ទៅនិយាយប្រាប់ផង ត្រឡប់មកប្រាប់វិញផង ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុទទួលពាក្យផង ទៅនិយាយប្រាប់ផង តែមិនត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុគ្រាន់តែទទួលពាក្យ តែមិនបានទៅនិយាយប្រាប់ផង មិនបានត្រឡប់មក (ប្រាប់) វិញផង ត្រូវអាបត្ដិទុក្កដ។

[៤៩៦] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការប្រើគេឱ្យធ្វើកុដិ ដោយសូមគ្រឿងឧបករណ៍ដោយខ្លួនឯង គឺភិក្ខុកំពុងប្រើឱ្យគេធ្វើ ក្នុងប្រយោគដែលប្រើ ត្រូវអាបត្ដិទុក្កដ កាលបើបាយអមួយដុំមិនទាន់មកដល់ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើដុំបាយអនោះមកដល់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៤៩៧] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការប្រើគេឱ្យធ្វើវិហារធំ គឺភិក្ខុកំពុងប្រើគេឱ្យធ្វើ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើ កាលបើបាយអមួយដុំមិនទាន់មកដល់ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើដុំបាយអនោះមកដល់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៤៩៨] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល គឺភិក្ខុមានបំណងដើម្បីឱ្យគេឃ្លាតចាកព្រហ្មចរិយធម៌ មិនបានសូមឱកាសហើយចោទ ត្រូវអាបត្ដិទុក្កដ ព្រមទាំងសង្ឃាទិសេស ភិក្ខុមានបំណងដើម្បីជេរ តែបានសូមឱកាសហើយចោទ ត្រូវអាបត្ដិឱមសវាទបាចិត្ដិយៈ។

[៤៩៩] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការកាន់យកនូវលេស ជាគ្រឿងអាងបន្ដិចបន្ដួច របស់អធិករណ៍ ជាចំណែកដទៃ ហើយចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិក គឺភិក្ខុមានបំណងដើម្បីឱ្យគេឃ្លាតចាកព្រហ្មចរិយធម៌ មិនបានសូមឱកាសហើយចោទ ត្រូវអាបត្ដិទុក្កដ ព្រមទាំងសង្ឃាទិសេស ភិក្ខុមានបំណងដើម្បីជេរ តែសូមឱកាសហើយចោទ ត្រូវអាបត្ដិឱមសវាទបាចិត្ដិយៈ។

[៥០០] ភិក្ខុអ្នកបំបែកសង្ឃ ត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ គឺត្រូវអាបត្ដិទុក្កដ ដោយសូត្រញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ដោយកម្មវាចាពីរលើក លុះចប់កម្មវាចា ត្រូវអាបត្ដិសង្ឃាទិសេស។

[៥០១] ភិក្ខុទាំងឡាយ អ្នកប្រព្រឹត្ដតាមនូវភិក្ខុអ្នកបំបែកសង្ឃ ត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺកាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ គឺ ត្រូវអាបត្ដិទុក្កដ ដោយសូត្រញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ដោយកម្មវាចាពីរលើក លុះចប់កម្មវាចា ត្រូវអាបត្ដិសង្ឃាទិសេស។

[៥០២] ភិក្ខុដែលគេប្រដៅក្រ ត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់នូវកម្មនោះចេញ គឺ ត្រូវអាបត្ដិទុក្កដ ដោយសូត្រញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ដោយកម្មវាចាពីរលើក លុះចប់កម្មវាចា ត្រូវអាបត្ដិសង្ឃាទិសេស។

[៥០៣] ភិក្ខុអ្នកទ្រុស្ដត្រកូល ត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់នូវកម្មនោះចេញ គឺត្រូវអាបត្ដិទុក្កដ ដោយសូត្រញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ដោយកម្មវាចាពីរលើក លុះចប់កម្មវាចា ត្រូវអាបត្ដិសង្ឃាទិសេស។ បេ។

[៥០៤] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការអាស្រ័យ សេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។ ភិក្ខុត្រូវអាបត្ដិទុក្កដ១ ព្រោះបច្ច័យ គឺ ការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក ភិក្ខុត្រូវអាបត្ដិ១ នេះឯង ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។

ចប់ កតាបត្ដិវារៈ ទី២។

 

លេខយោង

km/tipitaka/vin/pv/vin.pv.01.1.10.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann