ព្រះត្រៃបិដក » វិន័យបិដក » បរិវារៈ » (សោឡសមហាវារៈ) » ភិក្ខុនីវិភង្គ មហាវិរៈ១៦ » (កត្ថបញ្ញត្តិវារៈ ទី១)
(?)
vin pv 01 2 01 1 បាលី cs-km: vin.pv.01.2.01.1 អដ្ឋកថា: vin.pv.01.2.01.1_att PTS: ?
(បារាជិកកណ្ឌៈ ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. បារាជិកកណ្ឌំ)
[៥១១] បញ្ចមបារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី បញ្ចមបារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។ ក្នុងសិក្ខាបទនោះ មាន បញ្ញត្ដិ អនុប្បញ្ញត្ដិ អនុប្បន្នប្បញ្ញត្ដិ សព្វត្ថប្បញ្ញត្ដិ បទេសប្បញ្ញត្ដិ សាធារណប្បញ្ញត្ដិ អសាធារណប្បញ្ញត្ដិ ឯកតោបញ្ញត្ដិ ឧភតោបញ្ញត្ដិដែរឬ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ សិក្ខាបទនោះចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទីប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ បណ្ដាកងនៃអាបត្ដិទាំង ៧ សិក្ខាបទនោះជាកងនៃអាបត្ដិអ្វី។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះតាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង ៤ អាបត្ដិ នោះ ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង៧ អាបត្ដិនោះរម្ងាប់ដោយសមថៈប៉ុន្មាន។ អ្វីដែលហៅថាវិន័យក្នុងសិក្ខាបទនោះ អ្វីដែលហៅ ថាអភិវិន័យក្នុងសិក្ខាបទនោះ អ្វីដែលហៅថាបាតិមោក្ខក្នុងសិក្ខាបទនោះ អ្វីដែលហៅថាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីដែលហៅថាវិបត្ដិ អ្វីដែលហៅថាសម្បត្ដិ អ្វីដែលហៅថាបដិបត្ដិ (ក្នុងសិក្ខាបទនោះ)។ បញ្ចមបារាជិកសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចនៃប្រយោជន៍ប៉ុន្មាន។ ស្រីពួកណាសិក្សា។ ស្រីពួកណា ដែលឈ្មោះថាមានសិក្ខាសិក្សាស្រេចហើយ។ សិក្ខាបទនោះឋិតនៅក្នុងពួកស្រីណា។ ពួកស្រីណាទ្រទ្រង់។ សិក្ខាបទនោះ ជាពាក្យរបស់បុគ្គលណា។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។
[៥១២] បញ្ចមបារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី បញ្ចមបារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ ប្រារព្ធនឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល សុន្ទរីនន្ទាភិក្ខុនីជាស្រីមានតម្រេកដោយរាគៈ ក៏ត្រេកអរនឹងការចាប់ពាល់កាយនៃបុរសបុគ្គល ដែលមានតម្រេកដោយរាគៈ (ដូច្នោះដែរ)។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមាន ក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ សិក្ខាបទនោះ តើចាត់ចូលក្នុងឧទ្ទេសអ្វី រាប់បញ្ចូលក្នុងឧទ្ទេសអ្វី។ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះមកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិបារាជិក។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិនោះ ជាអធិករណ៍អ្វី។ ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ អាបត្ដិនោះ រម្ងាប់ដោយសមថៈប៉ុន្មាន។ រម្ងាប់ដោយសមថៈ២ គឺដោយសម្មុខាវិន័យ១ បដិញ្ញាតករណៈ១។ អ្វីហៅថាវិន័យក្នុងសិក្ខាបទនោះ អ្វីហៅថាអភិវិន័យក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ហៅថាវិន័យ ការចែកបទមាតិកា ហៅថាអភិវិន័យ។ អ្វីហៅថាបាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីហៅថាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ហៅថាបាតិមោក្ខ ការចែកបទមាតិកា ហៅថា អធិប្បាតិមោក្ខ។ អ្វីហៅថាវិបត្ដិ។ ការមិនសង្រួមហៅថាវិបត្ដិ។ អ្វីហៅថាសម្បត្ដិ។ ការសង្រួមហៅថាសម្បត្ដិ។ អ្វីហៅថាបដិបត្ដិ។ ភិក្ខុនីសមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ដរាបដល់អស់ជីវិត មានជីវិតជាទីបំផុត ដោយគិតថា អញនឹងមិនធ្វើអំពើយ៉ាងនេះ (ហៅថា បដិបត្ដិ)។ បញ្ចមបារាជិកសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចនៃប្រយោជន៍ប៉ុន្មាន។ បញ្ចមបារាជិកសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចនៃប្រយោជន៍ទាំង១០យ៉ាង គឺដើម្បីសេចក្ដីល្អ ដល់សង្ឃ១ ដើម្បីសេចក្ដីសប្បាយដល់សង្ឃ១ ដើម្បីការសង្កត់សង្កិន ពួកភិក្ខុនីដែលមិនអៀនខ្មាស១ ដើម្បីការនៅជាសុខស្រួលដល់ពួក ភិក្ខុនីដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំងអាសវធម៌ទាំងឡាយ ដែលមានក្នុងបច្ចុប្បន្ន១ ដើម្បីកម្ចាត់បង់នូវអាសវធម៌ទាំងឡាយដែលមានក្នុងបរលោក១ ដើម្បីញ៉ាំងពួកជនដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើង១ ដើម្បីញុំាងពួកជនដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាច្រើនឡើង១ ដើម្បីញុំាងព្រះសទ្ធម្មឱ្យតាំងនៅមាំ១ ដើម្បីអនុគ្រោះដល់វិន័យ១។ ស្រីពួកណាសិក្សា (ក្នុងសិក្ខាបទនោះ)។ ពួកស្រីដែលនៅជាសេក្ខបុគ្គល និងពួកស្រីដែលជ្រះថ្លាក្នុងកុសលធម៌តែជាបុថុជ្ជន រមែងសិក្សាក្នុងសិក្ខាបទនោះ។ ពួកស្រីណាឈ្មោះថាមានសិក្ខាសិក្សាហើយ។ ពួកភិក្ខុនីដែលជាព្រះអរហន្ដឈ្មោះថាមានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះ ឋិតនៅក្នុងពួកស្រីណា។ ឋិតនៅក្នុងពួកភិក្ខុនីដែលមានសេចក្ដីប្រាថ្នាក្នុងសិក្ខា។ ពួកភិក្ខុនីណាទ្រទ្រង់។ សិក្ខាបទនោះប្រព្រឹត្ដទៅក្នុងពួកភិក្ខុនីណា ពួកភិក្ខុនីនោះតែងទ្រទ្រង់ (នូវសិក្ខាបទនោះ)។ សិក្ខាបទនោះ ជាពាក្យរបស់បុគ្គលណា។ ជាពាក្យរបស់ព្រះមានព្រះ ភាគ អរហន្ដសម្មាសម្ពុទ្ធ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ (ព្រះថេរៈទាំងឡាយដូចមាននាមខាងក្រោមនេះ) នាំតៗគ្នាមក។ គឺ ព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ ព្រះមោគ្គលិបុត្ដជាគំរប់៥អង្គ១ ឯព្រះថេរៈទាំងនេះ ឋិតនៅក្នុងទ្វីបឈ្មោះជម្ពូដ៏មានសិរី។ តអំពីនោះមក មានព្រះថេរៈទាំងឡាយ គឺ ព្រះថេរៈឈ្មោះមហិន្ទ១ ឥដ្ដិយៈ១ ឧត្ដិយៈ១ សម្ពលៈ១។ បេ។ ព្រះនាគត្ថេរទាំងនេះ មានប្រាជ្ញាច្រើន ចេះដឹងព្រះវិន័យ ឈ្លាសក្នុងមគ្គ បានប្រកាសនូវព្រះវិនយបិដក ទុកក្នុង តម្ពបណ្ណិទ្វីប គឺកោះលង្កា។
[៥១៣] ឆដ្ឋបារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ព្រះអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ដល់ភិក្ខុនីទាំងឡាយ ឆដ្ឋបារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ នឹងភិក្ខុនីឈ្មោះថុល្លនន្ទា។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនីដឹងហើយ មិនចោទភិក្ខុនីដែលត្រូវអាបត្ដិបារាជិកដោយខ្លួនឯង ទាំងមិនបានប្រាប់ដល់គណៈ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងវាចានិងចិត្ដ។
[៥១៤] សត្ដមបារាជិកសិក្ខាបទ សម្រាប់ភិក្ខុនីទាំងឡាយ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីប្រព្រឹត្ដតាមភិក្ខុឈ្មោះអរិដ្ឋៈ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដហើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
[៥១៥] អដ្ឋមបារាជិកសិក្ខាបទ សម្រាប់ភិក្ខុនីទាំងឡាយ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីបំពេញវត្ថុគម្រប់៨។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
ចប់ បារាជិក ៨។
ឧទ្ទាននៃបារាជិកសិក្ខាបទនោះ ដូច្នេះ
[៥១៦]
រឿងភិក្ខុនីសេពមេថុនធម្ម១ ភិក្ខុនីលួចទ្រព្យគេ១ ភិក្ខុនីសម្លាប់មនុស្ស១ ភិក្ខុនីពោលអួតឧត្ដរិមនុស្សធម្ម១ ភិក្ខុនីត្រេកអរនឹងកាយសំសគ្គៈ១ ភិក្ខុនីបិទបាំងទោសរបស់ ភិក្ខុនីផងគ្នា១ ភិក្ខុនីប្រព្រឹត្ដតាមភិក្ខុដែលសង្ឃលើកវត្ដ១ ភិក្ខុនីបំពេញវត្ថុទាំង៨ មានត្រេកអរនឹងចាប់ដៃនៃបុរសជាដើម1) ១ ព្រះពុទ្ធជាមហាវីរៈ (មានព្យាយាមធំ) ទ្រង់បញ្ញត្ដបារាជិកទាំង ៨ ហៅថាឆេជ្ជវត្ថុ គឺវត្ថុដាច់ចាកភាវៈជាភិក្ខុនី ដោយឥតសង្ស័យ។