User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.2.01.2

(សង្ឃាទិសេសកណ្ឌៈ ទី២)

សង្ខេប

(?)

vin pv 01 2 01 2 បាលី cs-km: vin.pv.01.2.01.2 អដ្ឋកថា: vin.pv.01.2.01.2_att PTS: ?

(សង្ឃាទិសេសកណ្ឌៈ ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(២. សង្ឃាទិសេសកណ្ឌំ)

[៥១៧] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប(នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ភិក្ខុនី ដែលពោលពាក្យដោយសេចក្ដីច្រណែន បានធ្វើនូវដំណើរកើតក្ដី សង្ឃាទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារឰ នឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។

[៥១៨] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ(នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ភិក្ខុនី ដែលពោលពាក្យដោយសេចក្ដីច្រណែន បានធ្វើនូវដំណើរកើតក្ដី សង្ឃា ទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ប្រព្រឹត្ដពោលពាក្យដោយសេចក្ដីច្រណែន (ប្ដឹងផ្ដល់)។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ ក្នុងសិក្ខាបទនោះមានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះជា សាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ សិក្ខាបទនោះ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទី៣។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយ សមុដ្ឋាន២ គឺ តាំងឡើងអំពីកាយនិងវាចា មិនបានតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ ព្រះថេរៈទាំងឡាយបាននាំតៗគ្នាមក។ បេ។

[៥១៩] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលបំបួសស្រីជាចោរ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនី បានបំបួសស្រីជាចោរ។ សិក្ខាបទនោះ មាន តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។

[៥២០] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលដើរទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ដើរទៅកាន់ចន្លោះស្រុកតែម្នាក់ឯង។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៥២១] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលមិនប្រាប់ការកសង្ឃ មិនដឹងសេចក្ដីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ ហើយធ្វើឱសារណកម្ម ចំពោះភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី មិនប្រាប់ការកសង្ឃ មិនដឹងសេចក្ដីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ ហើយធ្វើឱសារណកម្ម ចំពោះភិក្ខុនី ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២២] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនី ដែលមានតម្រេក ទទួលខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួនឯង អំពីដៃនៃបុរសបុគ្គលដែលមានតម្រេកដែរ ហើយឆាន់ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី ជាស្រីមានតម្រេក ទទួលអាមិសៈអំពីដៃនៃបុរសបុគ្គលដែលមានតម្រេកដែរ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៥២៣] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលបញ្ជូន (បង្ខិតបង្ខំ) ភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ បុរសបុគ្គលនុ៎ះ ទុកជាមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់លោកម្ចាស់បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកម្ចាស់ មិនមានតម្រេក ទេ បើបុរសបុគ្គលនុ៎ះ ឱ្យវត្ថុណា ជាខាទនីយៈក្ដី ភោជនីយៈក្ដី ដល់លោកម្ចាស់ លោកម្ចាស់ចូរទទួលយកវត្ថុនោះ ដោយដៃខ្លួនឯង ហើយទំពាស៊ី ឬបរិភោគចុះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប បញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ បុរសបុគ្គលនុ៎ះ ទុកជាមានតម្រេកក្ដី មិន មានតម្រេក នឹងធ្វើអ្វីដល់លោកម្ចាស់បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកម្ចាស់មិនមានតម្រេកទេ បើបុរសបុគ្គលនុ៎ះ ឱ្យវត្ថុណា ជាខាទនីយៈក្ដី ភោជនីយៈក្ដី ដល់លោកម្ចាស់ ៗចូរទទួលយកវត្ថុនោះ ដោយដៃខ្លួនឯង ហើយទំពាស៊ី ឬបរិភោគចុះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៥២៤] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនី ដែលខឹងអាក់អន់ចិត្ដ កាលសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់ កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលចណ្ឌកាលីភិក្ខុនីខឹងអាក់អន់ចិត្ដ ហើយពោលពាក្យយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២៥] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនីដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍ណានីមួយ ហើយខឹងអាក់អន់ចិត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្មជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលចណ្ឌកាលីភិក្ខុនី ដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍ណានីមួយ ហើយខឹងអាក់អន់ចិត្ដពោលពាក្យយ៉ាងនេះថា ពួកភិក្ខុនីលំអៀងដោយសេចក្ដីស្រឡាញ់ផង ពួកភិក្ខុនីលំអៀង ដោយសេចក្ដីស្អប់ផង ពួកភិក្ខុនីលំអៀងដោយសេចក្ដីល្ងង់ផង ពួកភិក្ខុនីលំអៀងដោយសេចក្ដីខ្លាចផង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២៦] សង្ឃាទិសេសរបស់ពួកភិក្ខុនី ដែលនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូបនៅច្រឡូក ច្រឡំ (ដោយគ្រហស្ថ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២៧] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនីដែលបញ្ជូនភិក្ខុនីផង គ្នាដោយពាក្យថា ម្នាលនាងម្ចាស់ នាងទាំងឡាយចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំបីនៅបែកខ្ញែកគ្នាឡើយ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបញ្ជូន (ភិក្ខុនីផងគ្នា) ដោយពាក្យថា ម្នាលជានាងម្ចាស់ នាងទាំងឡាយចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ នាងទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ សង្ឃាទិសេសទាំង ១០។

ឧទ្ទាននៃសង្ឃាទិសេសនោះដូច្នេះ

[៥២៨]

សង្ឃាទិសេសទាំង១០ នោះ គឺ ភិក្ខុនីពោលពាក្យដោយសេចក្ដីច្រណែន១ ភិក្ខុនីបំបួសស្រីចោរ១ ភិក្ខុនីដើរទៅក្នុងចន្លោះស្រុកតែម្នាក់ឯង១ ភិក្ខុនីធ្វើឱសារណកម្ម ចំពោះភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដ១ ភិក្ខុនីមានតម្រេកទទួលខាទនីយភោជនីយាហារ អំពីដៃគ្រហស្ថដែលមានតម្រេកដែរ ហើយឆាន់១ ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នាថា នែលោកម្ចាស់ បុរសបុគ្គលនោះ នឹងធ្វើអ្វីលោកបានជាដើម១ ភិក្ខុនីខឹងអាក់អន់ចិត្ដ១ ភិក្ខុនីដែលសង្ឃឱ្យចាញ់ព្រោះអធិករណ៍ណានីមួយ១ ភិក្ខុនីនៅច្រឡូកច្រឡំដោយគ្រហស្ថ១ ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នាថា ឱ្យនៅច្រឡូកច្រឡំចុះ កុំនៅបែកខ្ញែកគ្នា១។

 

លេខយោង

km/tipitaka/vin/pv/vin.pv.01.2.01.2.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann