(?)
vin pv 01 2 02 1 បាលី cs-km: vin.pv.01.2.02.1 អដ្ឋកថា: vin.pv.01.2.02.1_att PTS: ?
(បារាជិកកណ្ឌៈ ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. បារាជិកកណ្ឌំ)
[៦៤៩] ភិក្ខុនីមានតម្រេកត្រេកអរនឹងកាយសំសគ្គៈ របស់បុរសបុគ្គល ដែលមានតម្រេកដែរ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីមានតម្រេកត្រេកអរនឹងកាយសំសគ្គៈ របស់បុរសបុគ្គល ដែលមានតម្រេកដែរ ត្រូវអាបត្ដិ៣ គឺត្រេកអរនឹងការចាប់ពាល់សរីរប្រទេស ខាងក្រោមដងកាំបិត ចុះមក ខាងលើមណ្ឌលនៃជង្គង់ឡើងទៅ ត្រូវអាបត្ដិបារាជិក ត្រេកអរនឹងការចាប់ពាល់សរីរប្រទេស ខាងលើដងកាំបិតឡើងទៅ ខាងក្រោមមណ្ឌលនៃជង្គង់ចុះមក ត្រូវអាត្ដិថុល្លច្ច័យ ត្រេកអរនឹងការចាប់ពាល់វត្ថុដែលជាប់ដោយកាយ ត្រូវអាបត្ដិទុក្កដ ភិក្ខុនីមានតម្រេកត្រេកអរនឹង កាយសំសគ្គៈ របស់បុរសបុគ្គល ដែលមានតម្រេកដែរ ត្រូវអាបត្ដិ៣នេះឯង។
[៦៥០] ភិក្ខុនីជាអ្នកបិទបាំងទោស កាលបើបិទបាំងទោសគេ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនី ជាអ្នកបិទបាំងទោស កាលបើបិទបាំងទោសគេ ត្រូវអាបត្ដិ៣គឺ ភិក្ខុនី ដឹងហើយបិទបាំង នូវអាបត្ដិបារាជិក (របស់គេ) ត្រូវអាបត្ដិបារាជិក ភិក្ខុនីសង្ស័យហើយបិទបាំង ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុនីបិទបាំងនូវអាចារវិបត្ដិ ត្រូវអាបត្ដិទុក្កដ ភិក្ខុនីបិទបាំងទោស កាលបើបិទបាំងទោសគេ ត្រូវអាបត្ដិ៣នោះឯង។
[៦៥១] ភិក្ខុនីប្រព្រឹត្ដតាមភិក្ខុនីដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីប្រព្រឹត្ដតាមភិក្ខុនីដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចា1) ចប់ ត្រូវអាបត្ដិបារាជិក ភិក្ខុនីប្រព្រឹត្ដតាមភិក្ខុនី ដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនុកម្មជាគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣នេះឯង។
[៦៥២] ភិក្ខុនីបំពេញវត្ថុទី៨2) ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីបំពេញវត្ថុទី៨ ត្រូវអាបត្ដិ៣ គឺ ភិក្ខុនីដែលបុរសនិយាយថា លោកចូរទៅកាន់បន្ទប់ឈ្មោះនេះ ហើយទៅ ត្រូវអាបត្ដិទុក្កដ គ្រាន់តែបុរសដើរចូលទៅដល់ហត្ថបាស ត្រូវអាបត្ដិថុល្លច្ច័យ លុះធ្វើវត្ថុទី៨ ឱ្យពេញ (បន្ទន់កាយទៅដើម្បីសេពអសទ្ធម្ម) ត្រូវអាបត្ដិបារាជិក ភិក្ខុនីបំពេញវត្ថុទី៨ ត្រូវអាបត្ដិ៣នេះឯង។
ចប់ បារាជិក។