(?)
vin pv 01 2 02 2 បាលី cs-km: vin.pv.01.2.02.2 អដ្ឋកថា: vin.pv.01.2.02.2_att PTS: ?
(សង្ឃាទិសេសកណ្ឌៈ ទី២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. សង្ឃាទិសេសកណ្ឌំ)
[៦៥៣] ភិក្ខុនីជាអ្នកទាស់ទែងដោយសេចក្ដីច្រណែន កាលដែលធ្វើនូវដំណើរកើតក្ដី ត្រូវអាបត្ដិ៣គឺ ភិក្ខុនីប្រាប់ពាក្យជនម្ខាង (ដល់ចៅក្រម) ត្រូវអាបត្ដិទុក្កដ ប្រាប់ពាក្យរបស់ជនជាគម្រប់ពីរ (ដល់ចៅក្រម) ត្រូវអាបត្ដិថុល្លច្ច័យ លុះសម្រេចដំណើរក្ដីហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[៦៥៤] ភិក្ខុនីបំបួសចោរស្រី ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ ត្រូវអាបត្ដិសង្ឃាទិសេស។
[៦៥៥] ភិក្ខុនីទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ត្រូវអាបត្ដិ៣គឺ កំពុងដើរទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទីមួយចូលទៅក្នុងរបងស្រុក ត្រូវអាបត្ដិថុល្លច្ច័យ ឈានជំហានទីពីរចូលទៅក្នុងរបងស្រុក ត្រូវអាបត្ដិសង្ឃាទិសេស។
[៦៥៦] ភិក្ខុនីមិនបានប្រាប់ការកសង្ឃ មិនបានដឹងឆន្ទៈរបស់គណៈ ហើយធ្វើឱសារណកម្ម ចំពោះភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[៦៥៧] ភិក្ខុនីមានតម្រេក ហើយទទួលខាទនីយៈ ឬភោជនីយៈ ដោយដៃរបស់ខ្លួន អំពីដៃបុរសបុគ្គល ដែលមានតម្រេកដែរ មកឆាន់ ត្រូវអាបត្ដិ៣គឺ ទទួលដោយគិតថា អញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្ដិថុល្លច្ច័យ ត្រូវអាបត្ដិសង្ឃាទិសេសគ្រប់ៗ វារៈដែលលេបចូលទៅ គ្រាន់តែទទួល និងឈើស្ទន់ ត្រូវអាបត្ដិទុក្កដ។
[៦៥៨] ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នាថា នែនាងជាម្ចាស់ បុរសបុគ្គលនេះ ទោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាងជាម្ចាស់ ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកទេ បើបុរសបុគ្គលនោះ ឱ្យវត្ថុណា ទោះខាទនីយៈក្ដី ភោជនីយៈក្ដីដល់នាង ចូរនាងទទួលវត្ថុនោះ ដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬបរិភោគចុះ ដូច្នេះ ត្រូវអាបត្ដិ៣ គឺទទួលដោយគិតថា អញនឹងទំពាស៊ី ឬបរិភោគ តាមពាក្យភិក្ខុនីដែលបញ្ជូននោះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិថុល្លច្ច័យ គ្រប់ៗវារៈដែលលេបចូលទៅ លុះសម្រេចការបរិភោគហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[៦៥៩] ភិក្ខុនីក្រោធខឹង កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣ គឺត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[៦៦០] ភិក្ខុនីដែលសង្ឃឱ្យចាញ់គេក្នុងអធិករណ៍ណានីមួយ ហើយក្រោធខឹង កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[៦៦១] ភិក្ខុនីទាំងឡាយ ដែលនៅច្រឡូកច្រឡំ កាលបើសង្ឃ សូត្រសមនុភាសនកម្មជាគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះ ចេញត្រូវអាបត្ដិ៣ គឺត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[៦៦២] ភិក្ខុនីបញ្ជូន(ភិក្ខុនីផងគ្នា)ថា នែនាងជាម្ចាស់ ចូរនាងទាំងឡាយ នៅច្រឡូកច្រឡំចុះ នាងទាំងឡាយ កុំនៅទីទៃពីគ្នាឡើយ កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
ចប់ សង្ឃាទិសេស។