User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.2.02.4

(បាចិត្តិយកណ្ឌៈ ទី៤)

សង្ខេប

(?)

vin pv 01 2 02 4 បាលី cs-km: vin.pv.01.2.02.4 អដ្ឋកថា: vin.pv.01.2.02.4_att PTS: ?

(បាចិត្តិយកណ្ឌៈ ទី៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៤. បាចិត្តិយកណ្ឌំ)

លសុណវគ្គ ទី១

(១. លសុណវគ្គោ)

[៦៧៥] ភិក្ខុនី ឆាន់ខ្ទឹម ត្រូវអាបត្ដិ២ គឺ ទទួលដោយគិតថា អញនឹងឆាន់ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗ វារៈដែលលេបចូលទៅ។

[៦៧៦] ភិក្ខុនី ឱ្យគេដករោមក្នុងទីចង្អៀត ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេដក លុះឱ្យគេដករួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៧៧] ភិក្ខុនី ធ្វើការប្រហារផ្ទៃនិមិត្ដ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលធ្វើ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៧៨] ភិក្ខុនី កាន់យករូបអង្គជាតដែលធ្វើដោយជ័រឈើ ឬកាក ល័ខដ៏រលីង ត្រូវអាបត្ដិ ២ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកាន់យក លុះកាន់យករួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៧៩] ភិក្ខុនី កាន់យកការជម្រះនិមិត្ដ ដោយទឹកជ្រៅហួសកំណត់២ថ្នាំងម្រាមដៃទៅ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលជម្រះ លុះកាន់យកវត្ថុជម្រះរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៨០] ភិក្ខុកំពុងឆាន់ ភិក្ខុនីទៅបម្រើដោយទឹកក្ដី ដោយផ្លិតក្ដី ត្រូវអាបត្ដិ២ គឺឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅដាច់ពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨១] ភិក្ខុនី សូមស្រូវស្រស់មកឆាន់ ត្រូវអាបត្ដិ២ គឺទទួលដោយគិតថា អញនឹងឆាន់ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៦៨២] ភិក្ខុនីចោលឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី សម្រាមក្ដី របស់សំណល់ក្ដី ខាងក្រៅជញ្ជាំង ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលចោល លុះចោលរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៨៣] ភិក្ខុនី ចោលច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាតក្ដី សម្រាមក្ដី របស់សល់ក្ដី លើឈើ ឬ ស្មៅស្រស់ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលចោល លុះចោលរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៨៤] ភិក្ខុនី ទៅមើលរាំក្ដី ស្ដាប់ច្រៀងក្ដី ភ្លេងប្រគំក្ដី ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដើរទៅ លុះទៅឈរមើល ឬស្ដាប់ត្រង់ទីណា ត្រូវអាបត្ដិបាចិត្ដិយៈ ត្រង់ទីនោះ។

ចប់ លសុណវគ្គ ទី១។

រត្ដន្ធការវគ្គ ទី ២

(២. រត្តន្ធការវគ្គោ)

[៦៨៥] ភិក្ខុនី ឋិតនៅតែម្នាក់ឯងជាមួយនឹងបុរសម្នាក់ ក្នុងវេលាយប់ងងឹត ឥតមានប្រទីប ត្រូវអាបត្ដិ២ គឺឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៦] ភិក្ខុនី ឋិតនៅតែម្នាក់ឯង ជាមួយនឹងបុរសម្នាក់ក្នុងទីឱកាសដ៏កំបាំង ត្រូវអាបត្ដិ២ គឺឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៧] ភិក្ខុនី ឋិតនៅតែម្នាក់ឯង ជាមួយនឹងបុរសម្នាក់ក្នុងទីវាល ត្រូវអាបត្ដិ២ គឺឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៨] ភិក្ខុនី ឋិតនៅតែម្នាក់ឯងជាមួយនឹងបុរសម្នាក់ ក្នុងច្រករហូតក្ដី ច្រកទាល់ក្ដី ផ្លូវបែកក្ដី ត្រូវអាបត្ដិ២គឺ ឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៩] ភិក្ខុនី ចូលទៅកាន់ត្រកូល ក្នុងវេលាមុនភត្ដ ហើយអង្គុយលើអាសនៈ មិនបានប្រាប់ម្ចាស់គេស្រាប់តែចៀសចេញទៅ ត្រូវអាបត្ដិ២ គឺឈានជំហានទីមួយចូលទៅ ក្នុងទីដែលភ្លៀងធ្លាក់មិនត្រូវ ត្រូវអាបត្ដិទុក្កដ ឈានជំហានទីមួយចូលទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩០] ភិក្ខុនី ចូលទៅកាន់ត្រកូល ក្នុងវេលាក្រោយភត្ដ មិនបានប្រាប់ម្ចាស់គេ ហើយស្រាប់តែអង្គុយលើអាសនៈ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលអង្គុយ លុះអង្គុយស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩១] ភិក្ខុនី ចូលទៅកាន់ត្រកូលក្នុងវេលាវិកាល ហើយមិនបានប្រាប់ម្ចាស់គេ ស្រាប់តែក្រាលឯងក្ដី ប្រើអ្នកដទៃឱ្យក្រាលក្ដី នូវកម្រាលសម្រាប់ដេក ហើយអង្គុយសង្កត់លើ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលអង្គុយ លុះអង្គុយស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩២] ភិក្ខុនី ពោលទោសភិក្ខុនីឯទៀត ដោយការប្រកាន់ខុស ទាំងពិចារណខុស ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដក្នុងប្រយោគ ដែលពោលទោស លុះពោលទោសរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៣] ភិក្ខុនីប្រទេចផ្ដាសាខ្លួនឯង ឬឧបសម្បន្នដទៃ ដោយពាក្យថា នរកក្ដី ដោយពាក្យថា ព្រហ្មចរិយៈក្ដី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រទេច លុះប្រទេចរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៤] ភិក្ខុនី វាយខ្លួនឯងរឿយ ៗ ហើយយំ ត្រូវអាបត្ដិ២ គឺវាយហើយយំផង ត្រូវអាបត្ដិបាចិត្ដិយៈ គ្រាន់តែវាយមិនយំ ត្រូវអាបត្ដិទុក្កដ។

ចប់ រត្ដន្ធការវគ្គ ទី២។

នហានវគ្គ ទី៣

(៣. នហានវគ្គោ)

[៦៩៥] ភិក្ខុនីមានកាយអាក្រាតងូតទឹក ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលងូតទឹក លុះងូតស្រេចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៦] ភិក្ខុនី ឱ្យគេធ្វើសំពត់ងូតទឹកកន្លងហួសខ្នាត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យធ្វើ លុះឱ្យធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៧] ភិក្ខុនីរុះខ្លួនឯង ឬប្រើគេឱ្យរុះនូវចីវររបស់ភិក្ខុនីផងគ្នា ហើយមិនដេរវិញ ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយឱ្យគេដេរឱ្យវិញ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៦៩៨] ភិក្ខុនីញ៉ាំងវារៈនៃសង្ឃាដី (ប្រើផ្លាស់ប្ដូរឧត្ដរាសង្គៈ) ឱ្យកន្លងហួស៥ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៦៩៩] ភិក្ខុនីប្រើប្រាស់សង្កមនីយចីវរ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលគេប្រើប្រាស់ លុះប្រើប្រាស់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០០] ភិក្ខុនីធ្វើចីវរលាភរបស់គណៈឱ្យខូចទៅ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលធ្វើ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០១] ភិក្ខុនីឃាត់នូវការចែកចីវរដែលប្រកបដោយធម៌ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឃាត់ លុះឃាត់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០២] ភិក្ខុនីឱ្យចីវររបស់សមណៈដល់គ្រហស្ថក្ដី ដល់បរិព្វាជកក្ដី ដល់បរិព្វាជិកាក្ដី ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែល ឱ្យលុះឱ្យរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៣] ភិក្ខុនី ញ៉ាំងសម័យនៃចីវរកាលឱ្យកន្លងហួសទៅដោយ ចង់បានចីវរដ៏ទុព្វល ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យកន្លង លុះឱ្យកន្លងហួសទៅហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៤] ភិក្ខុនីឃាត់នូវការដកកឋិនដែលប្រកបដោយធម៌ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឃាត់ លុះឃាត់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ នហានវគ្គ ទី៣។

តុវដ្ដវគ្គ ទី៤

(៤. តុវដ្ដវគ្គោ)

[៧០៥] ភិក្ខុនីពីររូប ដេកលើគ្រែតែមួយជាមួយគ្នា ត្រូវអាបត្ដិ ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៦] ភិក្ខុនីពីររូប មានកម្រាលនិងសំពត់ដណ្ដប់តែមួយ ដេកជាមួយគ្នា ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៧] ភិក្ខុនីក្លែងធ្វើសេចក្ដីអផ្សុកដល់ភិក្ខុនីផងគ្នា ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលធ្វើ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៨] ភិក្ខុនីមិនបម្រើ ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយឱ្យគេបម្រុងនឹងបម្រើ នូវកូនសិស្សដែលមានជំងឺ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧០៩] ភិក្ខុនីឱ្យលំនៅដល់ភិក្ខុនីផងគ្នា ហើយស្រាប់តែក្រោធ អាក់អន់ចិត្ដ បណ្ដេញភិក្ខុនីនោះចេញ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលបណ្ដេញ លុះបណ្ដេញចេញហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១០] ភិក្ខុនី នៅច្រឡូកច្រឡំ កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១១] ភិក្ខុនីមិនមានពួកឈ្មួញជាគ្នា ទៅកាន់ចារិកខាងក្នុងដែន ដែលគេសន្មតថាប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដើរ លុះដើរហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១២] ភិក្ខុនីមិនមានពួកឈ្មួញជាគ្នា ដើរទៅកាន់ទីចារិកខាងក្រៅដែន ដែលគេសន្មតថាប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដើរ លុះ ដើរទៅហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៣] ភិក្ខុនី ដើរទៅកាន់ចារិកខាងក្នុងវស្សា ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដើរ លុះដើរទៅហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៤] ភិក្ខុនី នៅចាំវស្សារួចហើយ មិនចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិ ១ គឺបាចិត្ដិយៈ។

ចប់ តុវដ្ដវគ្គ ទី ៤។

ចិត្ដាគារវគ្គ ទី៥

(៥. ចិត្តាគារវគ្គោ)

[៧១៥] ភិក្ខុនីដើរទៅដើម្បីមើលដំណាក់សម្រាប់ក្រសាលរបស់ព្រះរាជាក្ដី រោងដ៏វិចិត្រក្ដី សួនក្ដី ឱទ្យានក្ដី ស្រះបោក្ខរណីក្ដី ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងដើរទៅ ត្រូវអាបត្ដិទុក្កដ ឈរមើលក្នុងទីណា ត្រូវអាបត្ដិបាចិត្ដិយៈក្នុងទីនោះ។

[៧១៦] ភិក្ខុនីប្រើប្រាស់គ្រែអាសន្ទិក្ដី បល្ល័ង្កក្ដី ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ លុះប្រើប្រាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៧] ភិក្ខុនីការអំបោះ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងការ ត្រូវអាបត្ដិទុក្កដ ក្នុងវារៈដែលបង្វិល១ជុំៗ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៨] ភិក្ខុនីធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងធ្វើ ត្រូវអាបត្ដិទុក្កដ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៩] ភិក្ខុនីកាលបើភិក្ខុនីផងគ្នានិយាយថា នែនាងជាម្ចាស់ នាងចូរមករម្ងាប់អធិករណ៍នេះ ដូច្នេះ បានទទួលពាក្យថា សាធុហើយ បែរជាមិនរម្ងាប់ ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយដើម្បីឱ្យរម្ងាប់វិញ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧២០] ភិក្ខុនីឱ្យខាទនីយៈ ឬភោជនីយាហារ ដល់គ្រហស្ថក្ដី បរិព្វាជកក្ដី បរិព្វាជិកាក្ដី ដោយដៃខ្លួនឯង ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងឱ្យ ត្រូវអាបត្ដិទុក្កដ លុះឱ្យរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២១] ភិក្ខុនីមិនប្រគល់អាវសថចីវរ ហើយប្រើប្រាស់ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ លុះប្រើប្រាស់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២២] ភិក្ខុនីមិនទាន់ប្រគល់ផ្ទះសម្នាក់ ហើយចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិ២ គឺឈានជំហានជាបឋម កន្លងរបង់ផ្ទះសម្នាក់ទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាគម្រាប់ពីរកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៣] ភិក្ខុនីរៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងរៀន ត្រូវអាបត្ដិទុក្កដ (លុះបានរៀនហើយ) ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។

[៧២៤] ភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគ ដែលកំពុងបង្រៀន ត្រូវអាបត្ដិទុក្កដ (លុះបង្រៀនហើយ) ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។

ចប់ ចិត្ដាគារវគ្គ ជាគម្រប់៥។

អារាមវគ្គ ទី៦

(៦. អារាមវគ្គោ)

[៧២៥] ភិក្ខុនីកាលដឹងហើយចូលទៅកាន់អារាមដែលមានភិក្ខុ ដោយមិនបានប្រាប់(ជាមុន) ត្រូវអាបត្ដិ២ គឺឈានជំហានជាបឋម កន្លងរបងអារាមទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាគម្រប់ពីរកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៦] ភិក្ខុនីជេរប្រទេចភិក្ខុ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងជេរ ត្រូវអាបត្ដិទុក្កដ លុះជេររួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៧] ភិក្ខុនីប្រទេចផ្ដាសាគណភិក្ខុនីដោយកំណាច ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងផ្ដាសា ត្រូវអាបត្ដិទុក្កដ លុះផ្ដាសារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៨] ភិក្ខុនីដែលគេនិមន្ដហើយក្ដី ហាមភោជនហើយក្ដី បែរ ជាទៅឆាន់ខាទនីយភោជនីយាហារ (ក្នុងទីដទៃ) ត្រូវអាបត្ដិ២ គឺកំពុងទទួលដោយគិតថា អាត្មាអញនឹងទំពាស៊ី នឹងបរិភោគ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗ វារៈដែលលេបចូលទៅ។

[៧២៩] ភិក្ខុនីកំណាញ់ត្រកូល ត្រូវអាបត្ដិ២ គឺកំពុងប្រព្រឹត្ដកំណាញ់ ត្រូវអាបត្ដិទុក្កដ លុះប្រព្រឹត្ដកំណាញ់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣០] ភិក្ខុនីនៅចាំវស្សា ក្នុងអាវាសមិនមានភិក្ខុ ត្រូវអាបត្ដិ២ គឺកំពុងក្រាលសេនាសនៈដោយបំណងថា អាត្មាអញនឹងនៅចាំវស្សាដូច្នេះ ហើយក៏តម្កល់ទឹកឆាន់ទឹកប្រើប្រាស់ បោសបរិវេណ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រមគ្នានឹងអរុណរះឡើង។

[៧៣១] ភិក្ខុនីនៅចាំវស្សារួចហើយ មិនបានបវារណានឹងឧភតោសង្ឃ ដោយស្ថាន៣ យ៉ាង ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៣២] ភិក្ខុនីមិនទៅដើម្បីទទួលឱវាទក្ដី ដើម្បីនៅរួបរួមគ្នាក្ដី ត្រូវអាបត្ដិ១ គឺអាបត្ដិបាចិត្ដិយៈ។

[៧៣៣] ភិក្ខុនីមិនសួរឧបោសថផង មិនសូមឱវាទផង ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៣៤] ភិក្ខុនីមិនបានប្រាប់សង្ឃ ឬគណៈ(ហើយនៅ)តែម្នាក់ និងម្នាក់ជាមួយនឹងបុរស ឱ្យគេទម្លាយពកក្ដី របួសក្ដី ដែលកើតត្រង់កាយខាងក្រោម1) ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យគេទម្លាយ ត្រូវអាបត្ដិទុក្កដ លុះទម្លាយរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ អារាមវគ្គ ជាគម្រប់ ៦។

គព្ភិនីវគ្គ ទី៧

(៧. គព្ភិនីវគ្គោ)

[៧៣៥] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីមានគភ៌ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៦] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីមេដោះ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៧] ភិក្ខុនីឱ្យឧបសម្បទា ដល់សិក្ខមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌ ៦ ប្រការអស់២វស្សា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៨] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានាដែលបានសិក្សាសិក្ខាក្នុងធម៌៦ប្រការអស់២ វស្សា ដែលសង្ឃមិនបានសន្មតឱ្យ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៩] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីគ្រហស្ថមានវស្សាមិនគ្រប់១២ឆ្នាំ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤០] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីគ្រហស្ថមានវស្សាគ្រប់១២ឆ្នាំ ដែលមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ប្រការអស់២វស្សា ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤១] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីគ្រហស្ថមានវស្សាគ្រប់១២ឆ្នាំ ហើយបានសិក្សាសិក្ខាក្នុងធម៌៦ប្រការអស់២វស្សាហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបស្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤២] ភិក្ខុនី ឱ្យឧបស្បទាដល់សិក្ខមានាជាសហជីវិនី (កូនសិស្ស) ហើយមិនបង្រៀនដោយខ្លួនឯង ឬមិនឱ្យគេបង្រៀនអស់២វស្សា ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៤៣] ភិក្ខុនីមិនតាមបម្រើភិក្ខុនីជាបវត្ដិនីដែលបំបួស (ខ្លួន) អស់២វស្សា ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៤៤] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនីហើយ មិននាំយកទៅខ្លួនឯង ឬមិនឱ្យគេនាំយកទៅ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

ចប់ គព្ភិនីវគ្គ ជាគម្រប់៧។

កុមារីភូតវគ្គ ទី៨

(៨. កុមារីភូតវគ្គោ)

[៧៤៥] ភិក្ខុនីឱ្យឧបសម្បទាដល់កុមារី មានវស្សាមិនគ្រប់២០ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤៦] ភិក្ខុនីឱ្យឧបសម្បទាដល់កុមារីមានឆ្នាំពេញ២០ហើយ តែមិនបានសិក្សាសិក្ខាក្នុងធម៌៦ប្រការ អស់២វស្សា ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤៧] ភិក្ខុនីឱ្យឧបសម្បទា ដល់កុមារីមានឆ្នាំពេញ២០ហើយ បានសិក្សាសិក្ខាក្នុងធម៌៦ ប្រការអស់២ឆ្នាំ ដែលសង្ឃមិនបានសន្មតឱ្យ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤៨] ភិក្ខុនីមានវស្សាមិនទាន់គ្រប់១២ ហើយឱ្យឧបសម្បទា (គេ) ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤៩] ភិក្ខុនីមានវស្សាគ្រប់១២ហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ហើយឱ្យឧបសម្បទា (គេ) ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥០] ភិក្ខុនីកាលដែលសង្ឃនិយាយថា នែលោកម្ចាស់ លោក មិនគួរឱ្យឧបសម្បទានៅឡើយទេ ដូច្នេះ ក៏ទទួលថា សាធុ ហើយគ្រាក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងតិះដៀល ត្រូវអាបត្ដិទុក្កដ លុះតិះដៀលហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥១] ភិក្ខុនីនិយាយនឹងសិក្ខមានាថា នែនាង បើនាងឱ្យចីវរដល់យើង យើងនឹងឱ្យនាងបានឧបសម្បទា (ដល់មកខាងក្រោយ) ក៏មិនឱ្យ (សិក្ខមានានោះ) បានឧបសម្បទា ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីឱ្យបានឧបសម្បទា ត្រូវអាបត្ដិ១គឺបាចិត្ដិយៈ។

[៧៥២] ភិក្ខុនីនិយាយនឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើងអស់២ឆ្នាំ យើងនឹងឱ្យនាងបានឧបសម្បទា (ដល់មកខាងក្រោយ) ក៏មិនឱ្យឧបសម្បទា ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីឱ្យបានឧបសម្បទា ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៥៣] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានាដែលនៅច្រឡូកច្រឡំដោយបុរស ដែលនៅច្រឡូកច្រឡំដោយក្មេងប្រុស ជាស្ដ្រីកាច បណ្ដាលឱ្យកើតសេចក្ដីសោក ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិ បាចិត្ដិយៈ។

[៧៥៤] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានា ដែលមាតាបិតាក្ដី ស្វាមីក្ដី មិនទាន់បានអនុញ្ញាតឱ្យ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៥] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានា ដោយឱ្យឆន្ទៈឈ្មោះ បារិវាសិកៈ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៦] ភិក្ខុនីឱ្យឧបសម្បទារាល់ឆ្នាំ ត្រូវអាបត្ដិ២គឺ ក្នុង ប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៧] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីពីររូបក្នុង១ឆ្នាំ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ កុមារីភូតវគ្គ ជាគម្រប់៨។

ឆត្ដុបាហវគ្គ ទី៩

(៩. ឆត្តុបាហនវគ្គោ)

[៧៥៨] ភិក្ខុនី(មិនឈឺ) បាំងឆត្រ ពាក់ស្បែកជើង ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងបាំង កំពុងពាក់ ត្រូវអាបត្ដិទុក្កដ លុះបាំង ពាក់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៩] ភិក្ខុនី(មិនឈឺ) ទៅដោយយាន ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងទៅ ត្រូវអាបត្ដិទុក្កដ លុះទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦០] ភិក្ខុនីក្រវាត់ខ្សែក្រវាត់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងក្រវាត់ ត្រូវអាបត្ដិទុក្កដ លុះក្រវាត់រួច ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦១] ភិក្ខុនីទ្រទ្រង់គ្រឿងអលង្ការរបស់ស្ដ្រី2) ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងទ្រទ្រង់ ត្រូវអាបត្ដិទុក្កដ លុះទ្រទ្រង់រួច ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦២] ភិក្ខុនីងូតទឹកដោយគ្រឿងក្រអូប និងគ្រឿងលាប ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងងូត ត្រូវអាបត្ដិទុក្កដ លុះងូត ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៣] ភិក្ខុនីងូតទឹកដោយគ្រឿងអប់ និងគ្រឿងលម្អិត ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងងូត ត្រូងអាបត្ដិទុក្កដ លុះងូតស្រេចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៤] ភិក្ខុនីឱ្យភិក្ខុនីផងគ្នាគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៥] ភិក្ខុនីឱ្យសិក្ខមានាគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៦] ភិក្ខុនីឱ្យសាមណេរីគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុនីឱ្យស្ដ្រីជាគ្រហស្ថគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុនី មិនប្រាប់ហើយអង្គុយលើអាសនៈខាងមុខភិក្ខុ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលរៀបអង្គុយ ត្រូវអាបត្ដិទុក្កដ លុះអង្គុយស៊ប់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៧] ភិក្ខុនី សួរប្រស្នានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងសួរ ត្រូវអាបត្ដិទុក្កដ លុះសួររួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៨] ភិក្ខុនីគ្មានសំពត់ចោមពុង ចូលទៅកាន់ស្រុក ត្រូវអាបត្ដិ២គឺ ឈានជំហានជាបឋមកន្លងរបងស្រុកទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាគម្រប់ពីរកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ ឆត្ដុបាហវគ្គ ជាគម្រប់៩។

ចប់ ខុទ្ទកវគ្គ ទាំង៩។

 

លេខយោង

1)
សរីរប្រទេសខាងក្រោមតាំងពីផ្ចិតទៅទល់ត្រឹមក្បាល់ជង្គង់។
2)
អលង្ការរបស់ស្ដ្រីមានឈ្នួត ខ្សែក ខ្សែដៃ កងជើង ខ្សែចង្កេះជាដើម។
km/tipitaka/vin/pv/vin.pv.01.2.02.4.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann