User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.2.08

សមុច្ចយវារៈ ទី៨

សង្ខេប

(?)

vin pv 01 2 08 បាលី cs-km: vin.pv.01.2.08 អដ្ឋកថា: vin.pv.01.2.08_att PTS: ?

សមុច្ចយវារៈ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៨. សមុច្ចយវារោ)

[៧៨៧] ភិក្ខុនីមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់ កាយរបស់បុរសបុគ្គលដែលមានចិត្ដជោកដោយរាគៈ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ ត្រូវអាបត្ដិ៣ គឺត្រេកអរ នឹងការចាប់ពាល់នូវ(សរីរប្រទេស) ពីខាងក្រោមដងកាំបិត ចុះមកដល់ខាងលើមណ្ឌលជង្គង់ ត្រូវអាបត្ដិបារាជិក ត្រេកអរនឹងការចាប់ពាល់នូវ (សរីរប្រទេស) ពីខាងលើដងកាំបិត និងខាងក្រោមនៃមណ្ឌលជង្គង់ ត្រូវអាបត្ដិថុល្លច្ច័យ ត្រេកអរនឹងការចាប់ពាល់នូវវត្ថុជាប់នឹងកាយ ត្រូវអាបត្ដិទុក្កដ ភិក្ខុនីមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គលដែលមានចិត្ដជោកដោយរាគៈ ត្រូវអាបត្ដិទាំង៣ នេះ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះរាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ២ គឺសីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃ អាបត្ដិ ៣ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១គឺ តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិរកណ៍៤ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈទាំង ៧ តែងរម្ងាប់ដោយសមថៈ៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។បេ។

[៧៨៨] ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិ២ គឺកំពុងទទួលប្រគេនដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលឆាន់ហើយ) ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗ វារៈដែលលេបចូលទៅ ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិទាំង២នេះ។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះរាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយ សមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ២ គឺកងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយ វាចា និងចិត្ដក៏មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ តែរម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតកណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមុច្ចយវារៈ ជាគម្រប់៨។

 

លេខយោង

km/tipitaka/vin/pv/vin.pv.01.2.08.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann