km:tipitaka:vin:pv:vin.pv.01.2.09

កត្ថប្បញ្ញត្ដិវារៈ ទី១

សង្ខេប

(?)

vin pv 01 2 09 បាលី cs-km: vin.pv.01.2.09 អដ្ឋកថា: vin.pv.01.2.09_att PTS: ?

កត្ថប្បញ្ញត្ដិវារៈ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(១.(៩) កត្ថបញ្ញត្តិវារោ)

បារាជិក

(១. បារាជិកកណ្ឌំ)

[៧៨៩] បារាជិកណា ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ (របស់បុរសបុគ្គល) បារាជិកនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ នឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី មានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិមិនមានក្នុងសិក្ខាបទនោះទេ។ (សិក្ខាបទនោះ) ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធាណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទានុទ្ទេស រាប់បញ្ចូលក្នុងនិទានុទ្ទេស។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិ៤ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិបារាជិក។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។បេ។ លោកណាបាននាំមក។ ព្រះថេរៈទាំងឡាយនាំតៗ គ្នាមក។បេ។

[៧៩០] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការបិទបាំងទោស ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនីដឹងថាភិក្ខុនីផងគ្នា ត្រូវអាបត្ដិបារាជិកហើយ មិនចោទដោយខ្លួនឯង ទាំងមិនបានប្រាប់ដល់គណៈភិក្ខុនី។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៧៩១] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការមិនលះបង់ (នូវទិដ្ឋិ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់បីដង ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីប្រព្រឹត្ដតាមអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ដែលសង្ឃបានព្រមព្រៀងគ្នាលើកវត្ដ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៧៩២] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការបំពេញវត្ថុជាគម្រប់៨1) ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះ រឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីបំពេញវត្ថុជាគម្រប់៨។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ បារាជិក។

សង្ឃាទិសេស

(២. សង្ឃាទិសេសកណ្ឌាទិ)

[៧៩៣] សង្ឃាទិសេសណា ដែលព្រះមានព្រះភាគជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលដ៏គួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃកិរិយាធ្វើដំណើរក្ដី របស់ភិក្ខុនីជាអ្នកប្ដឹងផ្ដល់ សង្ឃាទិសេសនោះ ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលថុល្លនន្ទាភិក្ខុនីជាអ្នកប្ដឹងផ្ដល់។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ (សិក្ខាបទនោះ) ជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទានុទ្ទេស រាប់បញ្ចូលក្នុងនិទានុទ្ទេស។ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី៣។ បណ្ដាវិបត្ដិទាំង៤ ចាត់ជាវិបត្ដិអ្វី។ ចាត់ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ ចាត់ជាកងនៃអាបត្ដិណា។ ចាត់ជាកងនៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយអំពីវាចានិងចិត្ដក៏មាន។បេ។ (សិក្ខាបទនោះ) លោកណាបាននាំមក។ ព្រះថេរៈទាំងឡាយនាំតៗគ្នាមក។

[៧៩៤] សង្ឃាទិសេសណា។ ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលគួរបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃកិរិយាបំបួសស្ដ្រីចោរ សង្ឃាទិសេសនោះ ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបំបួសស្ដ្រីចោរ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន ២ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។

[៧៩៥] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីដើរទៅកាន់ចន្លោះស្រុកម្នាក់ឯង ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី១រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនី១រូបដើរទៅកាន់ចន្លោះ ស្រុកម្នាក់ឯង។ (សិក្ខាបទនោះ) មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៧៩៦] សង្ឃាទិសេសរបស់ភិក្ខុនី ដែលមិនបានប្រាប់ការកសង្ឃ ទាំងមិនដឹងសេចក្ដីប្រាថ្នារបស់គណៈ ហើយសូត្រហៅភិក្ខុនី ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា ឱ្យចូលមកកាន់ពួក ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីមិនបានប្រាប់ការកសង្ឃ ទាំងមិនដឹងសេចក្ដីប្រាថ្នារបស់គណៈ ហើយសូត្រហៅភិក្ខុនី ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាម ពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា (ឱ្យចូលមកកាន់ពួក)។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៧៩៧] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនី មានចិត្ដជោកដោយ រាគៈ ទទួលខាទនីយភោជនីយាហារ អំពីដៃបុរសបុគ្គល ដែលមានចិត្ដ ជោកដោយរាគៈ ដោយដៃខ្លួនឯងហើយឆាន់ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី មានចិត្ដជោកដោយរាគៈ ទទួលអាមិសៈអំពី ដៃបុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៧៩៨] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែនាង បុរសបុគ្គលនោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាង ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកហើយ បើបុរសបុគ្គលនេះឱ្យវត្ថុណាជាខាទនីយៈក្ដី ជាភោជនីយៈក្ដី ដល់នាង នាងចូរទទួលវត្ថុនោះ ដោយដៃរបស់ខ្លួនហើយទំពាស៊ី ឬបរិភោគចុះ ដូច្នេះ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី១រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនី១រូប បញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែនាង បុរសបុគ្គលនោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាង ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកហើយ បើបុរសបុគ្គលនោះឱ្យវត្ថុណាជាខាទនីយៈក្ដី ជាភោជនីយៈក្ដី ដល់នាង នាងចូរទទួលយកវត្ថុនោះដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬ បរិភោគចុះ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន៣។

[៧៩៩] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីក្រោធខឹង (នឹងភិក្ខុនីផងគ្នា) កាលបើសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដងហើយ នៅតែមិនលះបង់ (នូវអំពីនោះចេញ) ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលចណ្ឌកាលីភិក្ខុនីខឹងអន់ចិត្ដក៏ពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខាបទ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៨០០] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីដែលសង្ឃធ្វើឱ្យចាញ់ ព្រោះអធិករណ៍អ្វីនីមួយ ហើយខឹង កាលបើសង្ឃសូត្រសមនុភាសនកម្ម ចប់ជាគម្រប់៣ ដងហើយ នៅតែមិនលះបង់ (នូវអំពើនោះ) ចេញ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងចណ្ឌកាលីភិក្ខុនី ដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍អ្វីនីមួយ ហើយខឹងអាក់អន់ចិត្ដ បាននិយាយយ៉ាងនេះថា ភិក្ខុនីទាំងឡាយ លុះដោយសេចក្ដីស្រឡាញ់ផង ភិក្ខុនីទាំងឡាយ លុះដោយសេចក្ដីខឹងផង ភិក្ខុនីទាំងឡាយ លុះដោយសេចក្ដីល្ងង់ផង ភិក្ខុនីទាំង ឡាយ លុះដោយសេចក្ដីខ្លាចផង។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៨០១] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីទាំងឡាយនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) សង្ឃបានសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដងហើយនៅតែមិនលះបង់ (នូវអំពើនោះ) ចេញព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង បុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប នៅច្រឡូកច្រឡំ (ដោយគ្រហស្ថ)។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៨០២] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ ចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកគ្នាឡើយ សង្ឃបានសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដងហើយ នៅតែមិនលះបង់ (នូវអំពើនោះ) ចេញ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង ក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបញ្ជូន ភិក្ខុនីផងគ្នាដោយពាក្យថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ ចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកគ្នាឡើយ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។ បេ។

[៨០៣] បាដិទេសនីយៈ ព្រោះបច្ច័យនៃភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់។ (សិក្ខាបទនោះ) មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ ក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើង អំពីកាយវាចានិងចិត្ដក៏មាន។

ចប់ កត្ថប្បញ្ញត្ដិវារៈ ជាបឋម។

 

លេខយោង

1)
វត្ថុទាំង៨គឺ ១ ត្រេកអរនឹងការចាប់ដៃរបស់បុរសបុគ្គល, ២ ត្រេកអរនឹងការចាប់ជាយសង្ឃដីរបស់បុរសបុគ្គល, ៣ ឈរជាមួយនឹងបុរសបុគ្គល, ៤ ចរចាជាមួយនឹងបុរសបុគ្គល, ៥ ទៅកាន់ទីសង្កេត, ៦ ត្រេកអរនឹងបុរសដើរចូលមកជិត, ៧ ចូលទៅកាន់ទីកំបាំង, ៨ បង្អោនកាយទៅ ដើម្បីសេពនូវអសទ្ធម្ម (ភិក្ខុនីវិភង្គ)។
km/tipitaka/vin/pv/vin.pv.01.2.09.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann