ព្រះត្រៃបិដក » វិន័យបិដក » បរិវារៈ » (សោឡសមហាវារៈ) » ភិក្ខុនីវិភង្គ មហាវិរៈ១៦ » កត្ថប្បញ្ញត្ដិវារៈ ទី១
(?)
vin pv 01 2 09 1 បាលី cs-km: vin.pv.01.2.09.1 អដ្ឋកថា: vin.pv.01.2.09.1_att PTS: ?
បារាជិក
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. បារាជិកកណ្ឌំ)
[៧៨៩] បារាជិកណា ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ (របស់បុរសបុគ្គល) បារាជិកនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ នឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី មានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិមិនមានក្នុងសិក្ខាបទនោះទេ។ (សិក្ខាបទនោះ) ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធាណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទានុទ្ទេស រាប់បញ្ចូលក្នុងនិទានុទ្ទេស។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិ៤ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិបារាជិក។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។បេ។ លោកណាបាននាំមក។ ព្រះថេរៈទាំងឡាយនាំតៗ គ្នាមក។បេ។
[៧៩០] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការបិទបាំងទោស ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនីដឹងថាភិក្ខុនីផងគ្នា ត្រូវអាបត្ដិបារាជិកហើយ មិនចោទដោយខ្លួនឯង ទាំងមិនបានប្រាប់ដល់គណៈភិក្ខុនី។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
[៧៩១] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការមិនលះបង់ (នូវទិដ្ឋិ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់បីដង ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីប្រព្រឹត្ដតាមអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ដែលសង្ឃបានព្រមព្រៀងគ្នាលើកវត្ដ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
[៧៩២] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការបំពេញវត្ថុជាគម្រប់៨1) ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះ រឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីបំពេញវត្ថុជាគម្រប់៨។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
ចប់ បារាជិក។