(?)
vin pv 01 2 10 1 បាលី cs-km: vin.pv.01.2.10.1 អដ្ឋកថា: vin.pv.01.2.10.1_att PTS: ?
បារាជិក
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. បារាជិកកណ្ឌំ)
[៨០៤] ភិក្ខុ ឬភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយា ត្រេកអរនឹងការចាប់ពាល់កាយ (របស់បុរសបុគ្គល)។ ត្រូវអាបត្ដិ៥ ព្រោះបច្ច័យនៃកិរិយាត្រេកអរ នឹងការប៉ះពាល់កាយ គឺភិក្ខុនីមានតម្រេក ត្រេកអរនឹងការចាប់ពាល់ (នូវសរីរប្រទេស) របស់បុរសបុគ្គលដែលមានតម្រេកដែរ តាំងពីខាងក្រោមដងតាំបិតចុះមកដល់មណ្ឌលជង្គង់ខាងលើ ត្រូវអាបត្ដិបារាជិក ភិក្ខុចាប់ពាល់កាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិសង្ឃាទិសេស ចាប់ពាល់វត្ថុដែលជាប់នឹងកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិថុល្លច្ច័យ ចាប់ពាល់វត្ថុដែលជាប់ដោយកាយ (ស្ដ្រី) ដោយវត្ថុដែលជាប់នឹងកាយ (ខ្លួន) ត្រូវអាបត្ដិទុក្កដ ចាក់ក្រឡេកភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុនិងភិក្ខុនីត្រូវអាបត្ដិ៥នេះ ព្រោះ បច្ច័យនៃកិរិយាត្រេកអរនឹងការប៉ះពាល់កាយ។
[៨០៥] ភិក្ខុ ឬភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយា បិទបាំងទោស។ ត្រូវអាបត្ដិ ៤ យ៉ាង ព្រោះបច្ច័យនៃកិរិយាបិទបាំងទោស គឺភិក្ខុនីដឹងថា ភិក្ខុនីផងគ្នាត្រូវអាបត្ដិបារាជិក ហើយបិទបាំងទុក ត្រូវអាបត្ដិបារាជិក ភិក្ខុនីមានសេចក្ដីសង្ឃ័យហើយបិទបាំងទុក ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុបិទបាំងអាបត្ដិសង្ឃាទិសេស (របស់ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុបិទបាំងអាចារវិបត្ដិត្រូវអាបត្ដិទុក្កដ ភិក្ខុនិងភិក្ខុនីត្រូវអាបត្ដិទាំង៤នេះ ព្រោះបច្ច័យនៃកិរិយាបិទបាំងទោសទុក។
[៨០៦] ភិក្ខុនិងភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង។ ត្រូវអាបត្ដិ៥យ៉ាង ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (នូវអំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង ឧក្ខិត្ដានុវត្ដិកាភិក្ខុនី1) មិនលះ (អំពើនោះៗ) ក្នុងវេលាដែល សង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់ ៣ ដង កាលចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាស្រេច ត្រូវអាបត្ដិបារាជិក ភេទានុវត្ដិកាភិក្ខុនី2) មិនលះ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ ដងហើយ ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុមិនលះទិដ្ឋិលាមក ក្នុងវេលាដែលសង្ឃ សូត្រសមនុភាសនកម្មជាគម្រប់៣ដង ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុនិងភិក្ខុនី ត្រូវអាបត្ដិទាំង៥នេះ ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង។
[៨០៧] ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់៨។ ត្រូវអាបត្ដិ ៣ យ៉ាង ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់៨ គឺភិក្ខុនី កាលបើបុរសនិយាយាថា នាងចូរមកកាន់ទីឈ្មោះនេះ ហើយដើរទៅ ត្រូវអាបត្ដិទុក្កដ លុះដើរចូលទៅកាន់ហត្ថបាសរបស់ បុរស ត្រូវអាបត្ដិថុល្លច្ច័យ បំពេញវត្ថុជាគម្រប់៨ ឱ្យពេញ ត្រូវអាបត្ដិបារាជិក ភិក្ខុនីត្រូវអាបត្ដិទាំង ៣ នេះ ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់ ៨។
ចប់ បារាជិក។