(?)
vin pv 02 00 បាលី cs-km: vin.pv.02.00 អដ្ឋកថា: vin.pv.02.00_att PTS: ?
(សមុដ្ឋានស្សុទ្ទានៈ និង តេរសសមុដ្ឋានៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(សមុដ្ឋានស្សុទ្ទានំ តេរសសមុដ្ឋានំ)
[៨២៦] សង្ខារទាំងពួងទាំងឡាយ ដែលបច្ច័យតាក់តែងហើយ ជារបស់មិនទៀងផង ជាទុក្កផង ជាអន្ដត្ដាផង។ និព្វាន និងបញ្ញត្ដិក៏លោកវិនិច្ឆ័យថា ជាអនត្ដាធម៌ដែរ។1) កាលព្រះ ពុទ្ធដូចជាព្រះចន្ទ មិនទាន់កើតឡើង កាលព្រះពុទ្ធដូចជាព្រះអាទិត្យ មិនទាន់បានត្រាស់នៅឡើយ នាមប្បញ្ញត្ដិរបស់សភាគធម៌2) ទាំងឡាយនោះ ក៏មិនមានអ្នកណាអាចដឹងបាន។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ ជាមហាវីរៈ ទ្រង់ធ្វើនូវទុក្ករកិរិយា មានប្រការផ្សេងៗ បានបំពេញនូវបារមីទាំងឡាយ ព្រះអង្គ មានចក្ខុកើតហើយ បានត្រាស់ដឹងឡើង ព្រះអង្គទ្រង់សម្ដែង នូវព្រះសទ្ធម្មដែលសម្រាប់បំផ្លាញនូវកងទុក្ខ ហើយនាំមកនូវសេចក្ដីសុខ ចំពោះសត្វលោក ព្រមទាំងព្រហ្មលោក។ ព្រះអង្គីរសសម្មាសម្ពុទ្ធ ជាសក្យមុនី ព្រះអង្គមានសេចក្ដី អនុគ្រោះសព្វសត្វ ឧត្ដមជាងសព្វសត្វ ជាសីហៈ (របស់នរជន) ទ្រង់សម្ដែងនូវពុទ្ធវចនៈទាំង ៣ ក្នុងបិដក គឺព្រះ វិន័យ ព្រះសូត្រ ព្រះអភិធម្ម ដែលជាពាក្យមានគុណធំ។ បើព្រះវិន័យឋិតនៅហើយ ព្រះសទ្ធម្ម ក៏ប្រព្រឹត្ដទៅបាន យ៉ាងនេះ ឧភតោវិភង្គ ខន្ធកវិន័យ និងមាតិកា ដែលព្រះសង្គីតិកាចារ្យចងក្រងហើយ ដោយបរិវារៈ បីដូចកម្រងផ្កាដែលគេក្រងដោយចេសនុ៎ះឯង។ សមុដ្ឋាននៃបរិវារៈនុ៎ះឯង ជាសមុដ្ឋានដែលអ្នកប្រាជ្ញធ្វើឱ្យទៀងទាត់ គឺធ្វើមិនឱ្យលាយច្រឡំដោយសមុដ្ឋានឯទៀត សម្ភេទផង និទានផង សមុដ្ឋានដទៃផង មានប្រាកដមកក្នុងសូត្រ ដូចសម្ដែងមកហើយខាងដើម ព្រោះហេតុនោះ ភិក្ខុដែលមានសីលជាទីស្រឡាញ់ ជាអ្នកប្រាថ្នាធម៌ គប្បីសិក្សានូវបរិវារៈ (ទៀតចុះ)។
សិក្ខាបទណា ដែលទ្រង់បញ្ញត្ដហើយក្នុងវិភង្គទាំងពីរ ដែលពួកភិក្ខុ និងភិក្ខុនី តែងសម្ដែងគ្រប់ថ្ងៃឧបោសថ ខ្ញុំនឹងពោលនូវសមុដ្ឋាន (នៃសិក្ខាបទនោះ) តាមសមគួរដល់សេចក្ដីចេះដឹង អ្នកទាំងឡាយ ចូរប្រុងស្ដាប់ពាក្យរបស់ខ្ញុំ។ សិក្ខាបទទាំងឡាយ១៣ គឺបឋមបារាជិកសិក្ខាបទ១ ទុតិយបារាជិកសិក្ខាបទ១ តទៅមុខទៀត គឺសញ្ចរិត្ដសិក្ខាបទ១ សមនុភាសនសិក្ខាបទ១ អតិរេកចីវរសិក្ខាបទ១ ឯឡកលោមសិក្ខាបទ១ បទសោធម្មសិក្ខាបទ១ ភូតារោចនសិក្ខាបទ១ សំវិធានសិក្ខាបទ១ ថេយ្យសត្ថសិក្ខាបទ១ ធម្មទេសនាសិក្ខាបទ១ ចោរីវុដ្ឋាបនសិក្ខាបទ១ អននុញ្ញាតសិក្ខាបទ១។ សិក្ខាបទទាំង១៣ នេះ មានន័យរបស់សមុដ្ឋាន ដែលអ្នកប្រាជ្ញទាំងឡាយបានគិតហើយ ថា ក្នុងសមុដ្ឋាននៃសិក្ខាបទមួយៗ ក្នុងវិភង្គទាំងពីរនេះ មានសមុដ្ឋានប្រហែលៗគ្នាទាំងអស់។