User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.03

(អន្តរបេយ្យាល)

សង្ខេប

(?)

vin pv 03 បាលី cs-km: vin.pv.03 អដ្ឋកថា: vin.pv.03_att PTS: ?

(អន្តរបេយ្យាល)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(អន្តរបេយ្យាលំ)

កតិបុច្ឆាវារៈ

(កតិបុច្ឆាវារោ)

[៨៤១] (សួរថា) អាបត្ដិមានប៉ុន្មាន។ កងនៃអាបត្ដិ មាន ប៉ុន្មាន។ វិនីតវត្ថុមានប៉ុន្មាន។ សេចក្ដីមិនគោរពមានប៉ុន្មាន។ សេចក្ដីគោរពមានប៉ុន្មាន។ វិនីតវត្ថុមានប៉ុន្មាន។ វិបត្ដិមានប៉ុន្មាន។ សមុដ្ឋាននៃអាបត្ដិ មានប៉ុន្មាន។ មូលនៃវិវាទមានប៉ុន្មាន។ មូលនៃអនុវាទមានប៉ុន្មាន។ សារាណីយធម៌មានប៉ុន្មាន។ ភេទករវត្ថុ (រឿងដែលធ្វើឱ្យបែកគ្នា) មានប៉ុន្មាន។ អធិករណ៍ មានប៉ុន្មាន។ សមថៈមានប៉ុន្មាន។

[៨៤២] (ឆ្លើយថា) អាបត្ដិមាន៥។ កងនៃអាបត្ដិមាន៥។ វិនីតវត្ថុមាន ៥។ អាបត្ដិមាន ៧។ កងនៃអាបត្ដិ មាន ៧។ វិនីតវត្ថុមាន ៧។ សេចក្ដីមិនគោរពមាន ៦។ សេចក្ដីគោរពមាន ៦។ វិនីតវត្ថុមាន ៦។ វិបត្ដិមាន ៤។ សមុដ្ឋាននៃអាបត្ដិមាន ៦។ មូលនៃរិវាទមាន ៦។ មូលនៃអនុវាទ មាន៦។ សារាណីយធម៌មាន៦។ ភេទករវត្ថុមាន១៨។ អធិករណ៍មាន៤។ សមថៈមាន៧។

[៨៤៣] អាបត្ដិ៥ក្នុងមាតិកាទាំងអស់នោះ ដូចម្ដេចខ្លះ។ (អាបត្ដិ ៥) គឺ អាបត្ដិបារាជិក ១ អាបត្ដិសង្ឃាទិសេស ១ អាបត្ដិបាចិត្ដិយៈ ១ អាបត្ដិបាដិទេសនីយៈ ១ អាបត្ដិទុក្កដ ១។ នេះ ជាអាបត្ដិ៥។

[៨៤៤] កងនៃអាបត្ដិទាំង៥ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (កងនៃអាបត្ដិ៥) គឺ កងនៃអាបត្ដិបារាជិក ១ កងនៃអាបត្ដិសង្ឃាទិសេស ១ កងនៃអាបត្ដិបាចិត្ដិយៈ ១ កងនៃអាបត្ដិបាដិទេសនីយៈ ១ កងនៃអាបត្ដិទុក្កដ១។ នេះ ជាកងនៃអាបត្ដិ៥។

[៨៤៥] វិនីតវត្ថុ មាន ៥ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (វិនីតវត្ថុ ៥) គឺកិរិយាវៀរឱ្យឆ្ងាយ វៀរឱ្យស្រឡះ វៀរចំពោះ ចៀសវាង ចាកកងនៃអាបត្ដិទាំង ៥ គឺថា កិរិយាមិនធ្វើ មិនបង្កើត (នូវកងអាបត្ដិ) មិនឱ្យត្រូវអាបត្ដិ មិនកន្លងនូវដែន (នៃអាបត្ដិ) សម្លាប់បង់នូវកងនៃអាបត្ដិ។ នេះជាវិនីតវត្ថុ៥។

[៨៤៦] អាបត្ដិ៧ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ អាបត្ដិ៧ គឺអាបត្ដិបារាជិក១ អាបត្ដិសង្ឃាទិសេស១ អាបត្ដិថុល្លច្ច័យ១ អាបត្ដិបាចិត្ដិយៈ១ អាបត្ដិបាដិទេសនីយៈ១ អាបត្ដិទុក្កដ ១ អាបត្ដិទុព្ភាសិត១។ នេះជាអាបត្ដិ៧។

[៨៤៧] កងនៃអាបត្ដិ៧ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (កងនៃអាបត្ដិ៧) គឺ កងនៃអាបត្ដិបារាជិក១ កងនៃអាបត្ដិសង្ឃាទិសេស១ កងនៃអាបត្ដិថុល្លច្ច័យ១ កងនៃអាបត្ដិបាចិត្ដិយៈ១ កងនៃអាបត្ដិបាដិទេសនីយៈ១ កងនៃអាបត្ដិទុក្កដ១ កងនៃអាបត្ដិទុព្ភាសិត១។ នេះជាកងនៃអាបត្ដិ៧។

[៨៤៨] វិនីតវត្ថុមាន៧ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (វិនីតវត្ថុមាន៧) គឺ កិរិយាវៀរឱ្យឆ្ងាយ វៀរឱ្យស្រឡះ វៀរចំពោះ ចៀសវាងចាកកងនៃអាបត្ដិទាំង៧ គឺថា កិរិយាមិនធ្វើ មិនបង្កើត(នូវកងនៃអាបត្ដិ) មិនឱ្យត្រូវអាបត្ដិ មិនកន្លងនូវដែន (នៃអាបត្ដិ) សម្លាប់ បង់នូវកងនៃអាបត្ដិ។ នេះជាវិនីតវត្ថុ៧។

[៨៤៩] សេចក្ដីមិនគោរព៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សេចក្ដីមិនគោរព៦ ) គឺ ការមិនគោរពព្រះពុទ្ធ១ មិនគោរពព្រះធម៌១ មិនគោរពព្រះសង្ឃ១ មិនគោរពសិក្ខា១ មិនគោរព សេចក្ដីមិនប្រមាទ១ មិនគោរពការបដិសន្ថារៈ១។ នេះជាសេចក្ដីមិនគោរព៦។

[៨៥០] សេចក្ដីគោរព៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សេចក្ដីគោរព៦) គឺ ការគោរពព្រះពុទ្ធ ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសេចក្ដីមិនប្រមាទ១ គោរពក្នុងការបដិសន្ថារៈ១។ នេះជាសេចក្ដីគោរព៦យ៉ាង។

[៨៥១] វិនីតវត្ថុ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (វិនីតវត្ថុ ៦) គឺ កិរិយាវៀរឱ្យឆ្ងាយ វៀរឱ្យស្រឡះ វៀរចំពោះ ចៀសវាងចាក សេចក្ដីមិនគោរពទាំង៦ គឺថា កិរិយាមិនធ្វើ មិនបង្កើត (នូវសេចក្ដីមិនគោរព) មិនឱ្យត្រូវ មិនកន្លងនូវដែន (នៃសេចក្ដីមិនគោរព) សម្លាប់បង់នូវអគារវៈ។ នេះជាវិនីតវត្ថុ៦។

[៨៥២] វិបត្ដិ៤ ក្នុងមាតិកាទាំងនោះដូចម្ដេចខ្លះ។ វិបត្ដិ៤ គឺ សីលវិបត្ដិ១ អាចារវិបត្ដិ១ ទិដ្ឋិវិបត្ដិ១ អាជីវវិបត្ដិ២។ នេះជាវិបត្ដិ៤។

[៨៥៣] សមុដ្ឋាននៃអាបត្ដិ ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សមុដ្ឋាននៃអាបត្ដិ ៦) គឺ អាបត្ដិកើតឡើងអំពីកាយ មិនកើតឡើងអំពីវាចា មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើងអំពីវាចា មិនកើត ឡើងអំពីកាយ មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើង អំពីកាយផង អំពីវាចាផង មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើង អំពីកាយផង អំពី ចិត្ដផង មិនកើតឡើងអំពីវាចា ១ អាបត្ដិកើតឡើង អំពីវាចាផង អំពីចិត្ដ ផង មិនកើតឡើងអំពីកាយ ១ អាបត្ដិកើតឡើង អំពីកាយផង អំពីវាចាផង អំពីចិត្ដផង១។ នេះ ជាសមុដ្ឋាននៃអាបត្ដិទាំង ៦។

[៨៥៤] មូលនៃវិវាទ ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (មូលនៃវិវាទទាំង ៦) គឺ ភិក្ខុក្នុងសាសនានេះ ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុណា ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរពមិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោនក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណាមិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកញ៉ាំងវិវាទឱ្យកើតឡើងក្នុងសង្ឃ។ វិវាទណា ប្រព្រឹត្ដទៅ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រីន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីសេចក្ដីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬ ក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់ នូវមូលនៃវិវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួន និងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួន ឬ ក្នុងបរិស័ទនៃបុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយ មិនបានពិចារណា ឃើញនូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃវិវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះ។ ការលះបង់នូវមូលនៃវិវាទដ៏លាមកនោះ រមែងមានដោយប្រការយ៉ាងនេះ ការដែល មិនឱ្យមូលនៃវិវាទដ៏លាមកនោះប្រព្រឹត្ដទៅក្នុងអនាគតទៀត រមែងមានដោយប្រការយ៉ាងនេះ។ ពាក្យខាងមុខនៅមានទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកលើកខ្លួន (ប្រណាំងវាសនា)។ បេ។ ជាអ្នកច្រណែន ជាអ្នកកំណាញ់ ជាអ្នកអួតអាង លាក់ពុត ជាអ្នកមានសេចក្ដីប្រាថ្នាលាមក មានទិដ្ឋិអាក្រក់ ជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុណាជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណាមិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។បេ។ មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង ភិក្ខុនោះឈ្មោះថា ញ៉ាំងវិវាទឱ្យកើតឡើង ក្នុងសង្ឃ។ វិវាទណា ប្រព្រឹត្ដទៅ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីសេចក្ដីមិនចម្រើនដល់ជនច្រើន ដើម្បី មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់នូវមូលនៃវិវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយមិនបាន ពិចារណាឃើញនូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃវិវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះ។ ការលះបង់នូវមូលនៃវិវាទដ៏លាមកនុ៎ះ រមែងមានដោយប្រការយ៉ាងនេះ ការដែលមិន ឱ្យមូលនៃវិវាទដ៏លាមកនុ៎ះ ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន រមែងបានដោយប្រការយ៉ាងនេះ។ នេះ ជាមូលនៃវិវាទ៦។

[៨៥៥] មូលនៃអនុវាទ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (មូលនៃអនុវាទ៦ គឺ) ភិក្ខុក្នុងសាសនានេះ ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុណាជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុនោះឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណា ជាអ្នកមិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង ក្នុងព្រះធម៌ផង។បេ។ ក្នុងព្រះសង្ឃផង។បេ។ មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទឱ្យកើតឡើងក្នុងសង្ឃ។ អនុវាទណា ប្រព្រឹត្ដទៅ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនមែនជាសេចក្ដីចម្រើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញនូវមូលនៃអនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមដើម្បីលះបង់នូវមូល នៃអនុវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយ មិនពិចារណាឃើញនូវមូលនៃអនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃអនុវាទដ៏លាមកនោះឯងប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះ។ ការលះ បង់នូវមូលនៃអនុវាទដ៏លាមកនុ៎ះ រមៃងមានដោយប្រការយ៉ាងនេះ ការ ដែលមិនឱ្យមូលនៃអនុវាទដ៏លាមកនោះ ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន រមែងមានដោយប្រការយ៉ាងនេះ។ មានពាក្យតទៅទៀតថា ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកលើកខ្លួន។ បេ។ ជាអ្នកច្រណែន ជាអ្នកកំណាញ់ ជាអ្នកអួតអាង ជាអ្នកលាក់ពុត ជាអ្នកមានប្រាថ្នាលាមក មានទិដ្ឋិអាក្រក់ ជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បាន ដោយកម្រ។ ភិក្ខុណា ដែលប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ បេ។ ភិក្ខុណា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដា ផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឱ្យបរិបូណ៌ ក្នុងសិក្ខាផង ភិក្ខុនោះឈ្មោះថា ញ៉ាំងអនុវាទឱ្យកើតឡើងក្នុងសង្ឃ។ អនុវាទណា ប្រព្រឹត្ដទៅដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃអនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់នូវមូលនៃអនុវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃ បុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយមិនពិចារណាឃើញ នូវមូលនៃ អនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុង សន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវ ប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃអនុវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិង បរិស័ទនៃបុគ្គលដទៃនោះ។ ការលះបង់នូវមូលនៃអនុវាទដ៏លាមកនុ៎ះ រមែងមានដោយប្រការយ៉ាងនេះ ការដែលមិនឱ្យមូលនៃអនុវាទដ៏លាមក នុ៎ះប្រព្រឹត្ដទៅក្នុងអនាគតបាន រមែងមានដោយប្រការយ៉ាងនេះ។ នេះ ជាមូលនៃអនុវាទ៦យ៉ាង។

[៨៥៦] សារាណីយធម៌ ៦ ក្នុងមាតិកាទាំងនេះ ដូចម្ដេចខ្លះ។ ( សារាណីយធម៌៦ គឺ ) ភិក្ខុ ក្នុងសាសនានេះ បានតាំងកាយកម្ម ប្រកបដោយមេត្ដា ក្នុងពួកសព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរព ដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា ភិក្ខុ(ក្នុងសាសនានេះ) បានតាំងវចីកម្មប្រកបដោយមេត្ដា ក្នុងពួកសព្រហ្ម ចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះ ថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរពដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅដើម្បី សេចក្ដីសង្គ្រោះ ដើម្បីសេចក្ដីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា ភិក្ខុ (ក្នុងសាសនានេះ) បានតាំងមនោកម្មប្រកបដោយមេត្ដា ក្នុងពួកព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរពដល់ សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅដើម្បីសេចក្ដីសង្គ្រោះ ដើម្បីសេចក្ដីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា លាភណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីគ្រាន់តែអាហារបិណ្ឌបាត ភិក្ខុអ្នកមិនទាន់បានបរិភោគ ទាំងមិនទាន់បានចែកលាភដូច្នោះនៅឡើយ ជាអ្នកបរិភោគសាធារណៈ (ជាមួយ) នឹងសព្រហ្មចារិបុគ្គលអ្នកមានសីលទាំងឡាយ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរព ដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា សីលណា ដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលជាល្អ ជាសីលដែលអ្នកប្រាជ្ញតែង សរសើរ ជាសីលដែលតណ្ហានិងទិដ្ឋិមិនបានប៉ះពាល់ ជាសីលប្រព្រឹត្ដ ទៅដើម្បីសមាធិ1) ភិក្ខុជាអ្នកមានសីលស្មើគ្នា ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ ជាមួយនឹងសព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរពដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ពាក្យតទៅទៀតថា ទិដ្ឋិណា ដ៏ប្រសើរ ជាទីនាំសត្វចេញចាកវដ្ដទុក្ខ របស់បុគ្គលអ្នកធ្វើយ៉ាងនោះ ដើម្បីជាទីអស់ទៅនៃកងទុក្ខដោយប្រពៃ ភិក្ខុប្រកបដោយសេចក្ដីយល់ឃើញស្មើគ្នា ដោយទិដ្ឋិមានសភាពដូច្នោះ (ជាមួយ)នឹងសព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះ ថា ធ្វើនូវសេចក្ដីគោរពដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ នេះជាសារាណីយធម៌៦។

[៨៥៧] ភេទករវត្ថុ ១៨ ដែលមកក្នុងមាតិកាទាំងនេះ ដូចម្ដេចខ្លះ។ (ភេទករវត្ថុ ១៨ នោះគឺ) ភិក្ខុក្នុងសាសនានេះ សម្ដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សម្ដែងនូវធម៌ ថាមិនមែនធម៌១ សម្ដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សម្ដែងនូវវិន័យថាមិនមែនវិន័យ១ សម្ដែងនូវធម្មវិន័យ ដែលតថាគតមិនបានសម្ដែង មិនបានពោល ថាតថាគតបានសម្ដែង បានពោល១ សម្ដែងនូវធម្មវិន័យដែលតថាគតបានសម្ដែង បានពោល ថាតថាគតមិនបានសម្ដែង មិនបានពោល១ សម្ដែងនូវវត្ដដែលតថាគត មិនបានសន្សំមកហើយ ថាជាវត្ដដែលតថាគត បានសន្សំមក១ សម្ដែងនូវវត្ដដែលតថាគតបានសន្សំមកហើយ ថាជាវត្ដដែលតថាគតមិនបានសន្សំមកហើយ១ សម្ដែងនូវសិក្ខាបទដែលតថាគតមិនបានបញ្ញត្ដ ថាតថាគតបានបញ្ញត្ដ១ សម្ដែងនូវសិក្ខាបទដែលតថាគតបានបញ្ញត្ដ ថាតថាគតមិនបានបញ្ញត្ដ១ សម្ដែងនូវអាបត្ដិ ថាជាអនាបត្ដិ១ សម្ដែងនូវអនាបត្ដិ ថាជាអាបត្ដិ១ សម្ដែងនូវលហុកាបត្ដិ ថាជាគរុកាបត្ដិ១ សម្ដែងនូវគរុកាបត្ដិ ថាជាលហុកាបត្ដិ១ សម្ដែងនូវសាវសេសាបត្ដិ ថាជាអនវសេសាបត្ដិ១ សម្ដែងនូវអនវសេសាបត្ដិ ថាជាសាវសេសាបត្ដិ១ សម្ដែងនូវទុដ្ឋុល្លាបត្ដិ ថាជាអទុដ្ឋុល្លាបត្ដិ១ សម្ដែងនូវអទុដ្ឋុល្លាបត្ដិ ថាជាទុដ្ឋុល្លាបត្ដិ១។ នេះជាភេទករវត្ថុ១៨។

[៨៥៨] អធិករណ៍៤ ដែលមកក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (អធិករណ៍៤នោះគឺ) វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្ដាធិករណ៍១ កិច្ចាធិករណ៍១។ នេះជាអធិករណ៍៤។

[៨៥៩] សមថៈ៧ ដែលមកក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សមថៈ៧នោះ គឺ) សម្មុខាវិន័យ ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ ១ យេភុយ្យសិកា ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។ នេះ ជាសមថៈ៧។

ចប់ កតិបុច្ឆាវារៈ។

ឧទ្ទាននៃកតិបុច្ឆាវារៈនោះ ដូច្នោះ

[៨៦០]

និយាយពីអាបត្ដិ១ កងនៃអាបត្ដិ១ វត្ថុដែលព្រះអង្គទ្រង់វិនិច្ឆ័យហើយ១ អាបត្ដិ ៧ យ៉ាង១ និងកងនៃអាបត្ដិ៧ទៀត១ វត្ថុដែលព្រះអង្គទ្រង់វិនិច្ឆ័យហើយ៧ទៀត១ អគារវៈ១ គារវៈជាមូល១ វត្ថុដែលព្រះអង្គទ្រង់វិនិច្ឆ័យហើយ៦ទៀត ១ វិបត្ដិ ១ សមុដ្ឋាន (នៃអាបត្ដិ)១ វិវាទមូល១ អនុវាទមូល១ សារាណីយធម៌១ ភេទករវត្ថុ១ អធិករណ៍១។ សមថៈ៧ ដែលលោកពោលហើយ រួមជាបទ១៧នេះឯង។

វារៈនៃអាបត្ដិសមុដ្ឋាន៦ ទី១

(១. ឆអាបត្តិសមុដ្ឋានវារោ)

[៨៦១] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិជាបឋម ដែរឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិសង្ឃាទិសេស (ដោយសមុដ្ឋាននៃអាបត្ដិជាបឋម) ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិ បាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិត (ដោយសមុដ្ឋាននៃអាបត្ដិជាបឋម) ឬទេ។ មិនត្រូវទេ។

[៨៦២] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី២ ឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិ ទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

[៨៦៣] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៣ ឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវ អាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

[៨៦៤] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៤ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

[៨៦៥] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៥ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិត ឬទេ។ មានត្រូវដែរ។

[៨៦៦] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៦ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវ អាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

ចប់ វារៈនៃអាបត្ដិសមុដ្ឋាន៦ ជាបឋម។

កតាបត្ដិវារៈ ទី២

(២. កតាបត្តិវារោ)

[៨៦៧] ភិក្ខុត្រូវអាបត្ដិប៉ុន្មានយ៉ាង ដោយសមុដ្ឋាននៃអាបត្ដិទី១។ ត្រូវអាបត្ដិ៥ ដោយសមុដ្ឋាននៃអាបត្ដិទី១ គឺភិក្ខុសម្គាល់ថាគួរ ហើយធ្វើកុដិ ដោយការសូមគេមកដោយខ្លួនឯង តែឥតមានសង្ឃសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិ ទុក្កដរាល់ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃា ទិសេស។ ភិក្ខុសម្គាល់ថាគួរ ហើយបរិភោគជនីយាហារក្នុងវេលាវិកាល ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុសម្គាល់ថា គួរ ហើយទទួលខាទីយៈ ឬភោជនីយាហារ អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះ ផ្ទះ ដោយដៃខ្លួនឯង យកមកបរិភោគ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិទាំង៥នេះ ដោយសមុដ្ឋាននៃអាបត្ដិទី១។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិ ទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីស វិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោក សង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិ បាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺ តាំងឡើងអំពីកាយ មិន បានតាំងឡើងអំពីវាចា ទាំងមិនបានតាំងឡើងអំពីចិត្ដឡើយ។ បណ្ដា អធិករណ៍ទាំង ៤ អាបត្ដិទាំងនោះ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដា សមថៈ ៧ រម្ងាប់ដោយសមថៈទាំង ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញា តករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៦៨] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ដោយសមុដ្ឋាននៃអាបត្ដិទី ២។ ភិក្ខុត្រូវអាបត្ដិ ៤ ដោយសមុដ្ឋាននៃអាបត្ដិទី ២ គឺ ភិក្ខុសម្គាល់ថា គួរ ក៏បបួល (ពួកភិក្ខុផងគ្នា)ថា លោកទាំងឡាយចូរធ្វើកុដិឱ្យខ្ញុំ ភិក្ខុទាំងឡាយ ក៏ធ្វើកុដិ ចំពោះភិក្ខុនោះ ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថា គួរ ក៏បង្រៀនធម៌ជាបទ ចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុត្រូវអាបត្ដិ ៤ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ២។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់ញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់ បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដា កងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងអាបត្ដិ ៤ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ ក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានតែ ១ គឺ តាំងឡើងអំពីវាចា មិនតាំងឡើងអំពី កាយ មិនតាំងឡើងអំពីចិត្ដឡើយ។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជា អាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៦៩] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ដោយសមុដ្ឋាននៃអាបត្ដិទី៣។ ត្រូវអាបត្ដិ៥ ដោយសមុដ្ឋាននៃអាបត្ដិទី ៣ គឺ ភិក្ខុសម្គាល់ថាគួរ ក៏ចាត់ចែងធ្វើកុដិ ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណមាន ហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅ តែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថាគួរ ក៏សូមបណីតភោជនដើម្បីខ្លួនមកឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុសម្គាល់ថាគួរ ហើយកាលបើមានភិក្ខុនីមកឈរបង្គាប់ (ឱ្យគេអង្គាសភោជន) មិនបានហាមឃាត់ហើយឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិ ៥ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ៣។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិ ទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។បេ។ បណ្ដាសមថៈទាំង៧ យ៉ាងរម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់ បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ ក៏មាន កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋានតែ ១ គឺ តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដឡើយ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

[៨៧០] ភិក្ខុត្រូវអាបត្ដិប៉ុន្មានដោយសមុដ្ឋាននៃអាបត្ដិទី៤។ ភិក្ខុត្រូវអាបត្ដិ៦ ដោយសមុដ្ឋាននៃអាបត្ដិទី៤គឺ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិបារាជិក។ ភិក្ខុសម្គាល់ថា មិនគួរ ក៏ធ្វើកុដិដោយការសូមគេខ្លួនឯង ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មាន ហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅតែ បាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថា មិនគួរ ក៏បរិភោគភោជនាហារក្នុងវិកាល ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុសម្គាល់ថាមិនគួរ ក៏ទទួលខាទនីយៈភោជនីយាហារ អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅក្នុងចន្លោះផ្ទះ ដោយដៃរបស់ខ្លួន យកមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិ៦នេះ ដោយសមុដ្ឋាននៃអាបត្ដិទី៤។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់ញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារ វិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយ កងនៃអាបត្ដិ៦ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ ក៏មាន កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

[៨៧១] ភិក្ខុត្រូវអាបត្ដិប៉ុន្មានដោយសមុដ្ឋាននៃអាបត្ដិទី៥។ ត្រូវអាបត្ដិ៦ ដោយសមុដ្ឋាននៃអាបត្ដិទី៥គឺ ភិក្ខុមានសេចក្ដីប្រាថ្នាអាក្រក់ លុះក្នុងអំណាចនៃសេចក្ដីប្រាថ្នា ក៏ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិបារាជិក។ ភិក្ខុសម្គាល់ថា មិនគួរ ក៏បបួល (ភិក្ខុផងគ្នា) ថា លោកទាំងឡាយ ចូរធ្វើកុដិដើម្បីយើង ភិក្ខុទាំងឡាយ ក៏ធ្វើកុដិចំពោះភិក្ខុនោះ ឥតមានពួកភិក្ខុសម្ដែងទី ឱ្យធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថាមិនគួរ ក៏បង្រៀនធម៌ជាបទចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុមិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ប្រាថ្នាតែនិយាយលេង ពោលសំដៅបុគ្គល ថោកទាបដោយពាក្យដ៏ថោកទាប ត្រូវអាបត្ដិទុព្ភាសិត។ ភិក្ខុត្រូវអាបត្ដិ ៦ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ៥។ បណ្ដាវិបត្ដិ៤ អាបត្ដិ ទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូល ក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៦ គឺ កងនៃ អាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន កងនៃអាបត្ដិទុព្ភាសិតក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពី កាយឡើយ។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិង បដិញ្ញាតករណៈក៏មាន ដោយសម្មុវិន័យនិងតិណវត្ថារក ក៏មាន។

[៨៧២] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ដោយសមុដ្ឋាននៃអាបត្ដិទី៦។ ភិក្ខុត្រូវអាបត្ដិ ៦ ដោយសមុដ្ឋាននៃអាបត្ដិទី ៦ គឺ ភិក្ខុបបួល (ភិក្ខុ ផងគ្នា) ទៅលួចទ្រព្យគេ ត្រូវអាបត្ដិបារាជិក។ ភិក្ខុសម្គាល់ថាមិនគួរ ក៏ចាត់ចែងធ្វើកុដិ ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មាន ហេតុទាល់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅ តែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំ នោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថាមិនគួរក៏សូមបណីតភោជនដើម្បីខ្លួន យកមកឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុ សម្គាល់ថាមិនគួរ កាលបើមានភិក្ខុនីមកឈរបង្គាប់ (ឱ្យគេអង្គាសខា ទនីយភោជនីយាហារ) មិនបានហាមឃាត់ហើយឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិ ៦ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ៦។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើង ដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដា កងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះ ដោយកងនៃអាបត្ដិ ៦ គឺ កងនៃ អាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយវាចានិងចិត្ដ។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧រម្ងាប់ ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។ ច

ចប់ សមុដ្ឋាននៃអាបត្ដិ៦ និងកតាបត្ដិវារៈ ជាគម្រប់ពីរ។

អាបត្ដិសមុដ្ឋានគាថា ទី៣

(៣. អាបត្តិសមុដ្ឋានគាថា)

[៨៧៣] សួរថា សមុដ្ឋានដែលប្រកបដោយកាយ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយនោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋាន ដែលកើតអំពីកាយនោះ សូមលោកឆ្លើយមក។ ឆ្លើយថា សមុដ្ឋានដែលប្រកបដោយកាយ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិដែលតាំងឡើងអំពីកាយនោះ មាន៥កង។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំនឹងប្រាប់នូវសមុដ្ឋាន ដែលកើតឡើងអំពីកាយនុ៎ះ ដល់លោក។ សមុដ្ឋានដែលប្រកបដោយវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីវាចានោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូម សួរសមុដ្ឋានដែលកើតអំពីវាចានោះ សូមលោកឆ្លើយមក។ សមុដ្ឋាន ដែលប្រកបដោយវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយថា អាបត្ដិដែលតាំងឡើងអំពីវាចានោះ មាន៤។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់សមុដ្ឋានដែលកើតអំពី វាចានោះដល់លោក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយ និងតាំងឡើងអំពីវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងវាចានោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋានដែលតាំងឡើងអំពីកាយ និងវាចានោះ សូមលោកឆ្លើយកម។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយ និងវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបីផុត មានព្រះហឫទ័យជាប្រយោជន៍ ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយ ថា អាបត្ដិ ដែលតាំងឡើងអំពីកាយ និងវាចានោះ មាន៥។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់នូវសមុដ្ឋាននុ៎ះដល់លោក។ សមុដ្ឋានដែលតាំងឡើងអំពីកាយ និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងចិត្ដនោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរនូវសមុដ្ឋានដែលតាំងឡើងអំពីកាយ និងចិត្ដនោះ សូមលោកឆ្លើយមក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយ និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យ ជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិដែលតាំងឡើងអំពីកាយ និងចិត្ដនោះ មាន៦។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់សមុដ្ឋានដែលតាំងឡើងអំពីកាយ និងចិត្ដនោះ ដល់លោក។ សមុដ្ឋានដែលតាំងឡើងអំពីវាចា និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីវាចា និងចិត្ដនោះ បពិត្រ លោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋាន ដែលតាំងឡើងអំពីវាចា និងចិត្ដនោះ សូមលោកឆ្លើយមក។ សមុដ្ឋាន ដែលតាំងឡើងអំពីវាចា និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញ នូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងមកហើយថា អាបត្ដិដែលតាំងឡើងអំពីវាចា និងចិត្ដនោះ មាន៦។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់សមុដ្ឋាន ដែលតាំងឡើងអំពីវាចា និងចិត្ដនោះ ដល់លោក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដនោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដនោះ សូមលោកឆ្លើយមក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដ ព្រះមានព្រះ ភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិ ដែលតាំឡើងអំពីកាយវាចា និងចិត្ដនោះ មាន៦។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់នូវសមុដ្ឋានដែលតាំងឡើងអំពីកាយវាចា និងចិត្ដនោះ ដល់លោក។

ចប់ អាបត្ដិសមុដ្ឋានគាថា ជាគម្រប់៣។

វិបត្ដិប្បច្ចយវារៈ ទី៤

(៤. វិបត្តិបច្ចយវារោ)

[៨៧៤] សួរថា ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះសីលវិបត្ដិជាបច្ច័យ។ (ឆ្លើយថា) ត្រូវអាបត្ដិ៤ ព្រោះសីលវិបត្ដិជាបច្ច័យ គឺ ភិក្ខុនីដឹងថា (ភិក្ខុនីផងគ្នា) ត្រូវអាបត្ដិបារាជិកហើយ បិទបាំងទុក ត្រូវអាបត្ដិបារាជិក។ ភិក្ខុនីមានសេចក្ដីសង្ស័យ ហើយបិទបាំងទុក ត្រូវអាបត្ដិ ថុល្លច្ច័យ។ ភិក្ខុបិទបាំងអាបត្ដិសង្ឃាទិសេស ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុបិទបាំងអាបត្ដិអាក្រក់របស់ខ្លួន ត្រូវអាបត្ដិទុក្កដ។ ភិក្ខុត្រូវអាបត្ដិ៤នេះ ព្រោះសីលវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុង វិបត្ដិ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះ ដោយកងនៃអាបត្ដិ៤ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយវាចានិងចិត្ដ។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិង តិណវត្ថារកៈក៏មាន។

[៨៧៥] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះអាចារវិបត្ដិជាបច្ច័យ។ ភិក្ខុត្រូវអាបត្ដិ១ ព្រោះអាចារវិបត្ដិជាបច្ច័យគឺ ភិក្ខុបិទបាំងអាចារវិបត្ដិ (របស់ភិក្ខុផងគ្នា) ត្រូវអាបត្ដិទុក្កដ។ ភិក្ខុត្រូវអាបត្ដិ១ នេះ ព្រោះអាចារវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិ ប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិ ១ គឺ អាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិ៧ លោកង្គ្រោះដោយកងនៃអាបត្ដិ ១ គឺ កងនៃអាបត្ដិទុក្កដ។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយវាចានិងចិត្ដ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណ៍ក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

[៨៧៦] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះទិដ្ឋិវិបត្ដិជាបច្ច័យ។ ភិក្ខុត្រូវអាបត្ដិ ២ ព្រោះទិដ្ឋិវិបត្ដិជាបច្ច័យ គឺ កាលភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មចប់ ជាគម្រប់៣ដងហើយ ភិក្ខុមិនព្រមលះបង់ទិដ្ឋិអាក្រក់ចេញ កាលបើចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ កាលបើចប់កម្មវាចា២លើក ត្រូវអាបត្ដិទុក្កដទាំងឡាយ លុះចប់កម្មវាចា ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុត្រូវអាបត្ដិ២នេះ ព្រោះទិដ្ឋិវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ១ គឺ អាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះ ដោយកងនៃអាបត្ដិ២ គឺ កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺ តាំងឡើងអំពីកាយវាចាចិត្ដ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

[៨៧៧] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះអាជីវវិបត្ដិជាបច្ច័យ។ ត្រូវអាបត្ដិ៦ ព្រោះអាជីវវិបត្ដិជាបច្ច័យ គឺភិក្ខុមានសេចក្ដីប្រាថ្នាអាក្រក់ លុះក្នុងអំណាចសេចក្ដីប្រាថ្នា ក៏ពោលអួតនូវឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិបារាជិក។ ភិក្ខុនិយាយដឹកនាំបុរសស្ដ្រីឱ្យបានគ្នាជាប្ដីប្រពន្ធ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុនិយាយ (ប្រាប់គេ) ថា ភិក្ខុណា នៅក្នុងវិហាររបស់អ្នក ភិក្ខុនោះជាអរហន្ដ ដូច្នេះ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ កាលបើអ្នកស្ដាប់ដឹងសេចក្ដីច្បាស់ (ភិក្ខុនោះ) ត្រូវអាបត្ដិថុល្លច្ច័យ។ ភិក្ខុសូមបណីតភោជន ដើម្បីប្រយោជន៍ខ្លួនឆាន់ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុ សូមបណីតភោជន ដើម្បីប្រយោជន៍ខ្លួនឆាន់ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុមិនឈឺ សូមសម្លក្ដី បាយក្ដី ដើម្បីប្រយោជន៍ខ្លួន យកមកឆាន់ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ ៦ នេះ ព្រោះអាជីវវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ៦គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិ បាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន ៦ គឺ តាំង ឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយ មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ ចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចាចិត្ដ មិនតាំងឡើង អំពីកាយក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

ចប់ វិបត្ដិប្បច្ចយវារៈ ជាគម្រប់ ៤។

អធិករណប្បច្ចយវារៈ ទី៥

(៥. អធិករណបច្ចយវារោ)

[៨៧៨] ភិក្ខុ ត្រូវអាបត្ដិប៉ុន្មាន ព្រោះវិវាទាធិករណ៍ជាបច្ច័យ។ ភិក្ខុត្រូវអាបត្ដិ ២ ព្រោះវិវាទាធិករណ៍ជាបច្ច័យ គឺ ភិក្ខុពោលពាក្យចាត់ដោតឧបសម្ប័ន្ន ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុពោលពាក្យចាត់ដោតអនុបសម្ប័ន្ន ត្រូវអាបត្ដិទុក្កដ។ ភិក្ខុត្រូវអាបត្ដិ២ នេះ ព្រោះវិវាទា អធិករណ៍ជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ ប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ១ គឺ អាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ២ គឺ កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏ មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន ៣ គឺ តាំងឡើងអំពីកាយចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចាចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ វាចាចិត្ដក៏មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៧៩] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះអនុវាទាធិករណ៍ជាបច្ច័យ។ ភិក្ខុត្រូវអាបត្ដិ ៣ ព្រោះអនុវាទាធិករណ៍ជាបច្ច័យ គឺ ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេសមិនមានមូល ត្រូវអាបត្ដិ បាចិត្ដិយៈ។ ភិក្ខុចោទភិក្ខុផងគ្នា ដោយអាចារវិបត្ដិមិនមានមូល ត្រូវអាបត្ដិទុក្កដ។ ភិក្ខុត្រូវអាបត្ដិ ៣ នេះ ព្រោះអនុវាទាធិករណ៍ជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ប៉ុន្មាន។បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោក សង្គ្រោះដោយកងនៃអាបត្ដិ៣ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន៣ គឺ តាំងឡើងអំពីកាយ និងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៨០] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ។ ត្រូវអាបត្ដិ ៤ ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ គឺ ភិក្ខុនីដឹងថា (ភិក្ខុនីផងគ្នា) ត្រូវអាបត្ដិបារាជិក ហើយបិទបាំងទុក ត្រូវអាបត្ដិបារាជិក។ ភិក្ខុនីមានសេចក្ដីសង្ស័យហើយ បិទបាំង (នូវអាបត្ដិបារាជិក ដែលខ្លួនដឹងហើយ) ត្រូវអាបត្ដិថុល្លច្ច័យ។ ភិក្ខុបិទបាំងអាបត្ដិសង្ឃាទិសេស ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុបិទបាំងអាចារវិបត្ដិ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៤ នេះ ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយ កងនៃអាបត្ដិ៤ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យ ក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយវាចានិងចិត្ដ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិង បដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៨១] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះកិច្ចាធិករណ៍ជាបច្ច័យ។ ត្រូវអាបត្ដិ ៥ ព្រោះកិច្ចាធិករណ៍ជាបច្ច័យ គឺ ភិក្ខុនីជាអ្នកប្រព្រឹត្ដតាមភិក្ខុនីដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់ ៣ដងចប់ហើយ នៅតែមិនលះបង់ លុះចប់ញាត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ លុះចប់កម្មវាចា ត្រូវអាបត្ដិបារាជិក។ ពួកភិក្ខុប្រព្រឹត្ដតាមភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់ ៣ ដងចប់ហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុមានទិដ្ឋិអាក្រក់ កាលបើសង្ឃសូត្រសមនុភាសនកម្មជាគម្រប់ ៣ដងចប់ហើយ នៅតែមិន លះបង់ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៥នេះ ព្រោះកិច្ចាធិករណ៍ជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ ប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺ កងនៃអាបត្ដិបារាជិកក៏មាន កង នៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយវាចាចិត្ដ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដា សមថៈ៧ រម្ងាប់ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៨២] បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងឡាយដ៏សេស ក្រៅអំពីអាបត្ដិ ៧ និងកងនៃអាបត្ដិទាំង ៧ (នោះ) រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះ ដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈ៧ រម្ងាប់ ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងឡាយដ៏សេស ក្រៅអំពីអាបត្ដិ ៧ និងកងនៃអាបត្ដិ ៧ (នោះ) មិនរាប់បញ្ចូលក្នុងវិបត្ដិណា មួយឡើយ។ បណ្ដាកងនៃអាបត្ដិ៧ លោកមិនសង្គ្រោះ ដោយកងនៃ អាបត្ដិណាមួយឡើយ។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ មិនបានតាំង ឡើង ដោយសមុដ្ឋានណាមួយឡើយ។ បណ្ដាអធិករណ៍៤ មិន បានចាត់ជាអធិករណ៍ណាមួយឡើយ។ បណ្ដាសមថៈ៧ មិនបាន រម្ងាប់ដោយសមថៈណាមួយឡើយ។ សេចក្ដីនោះ ព្រោះហេតុអ្វី។ ព្រោះហេតុអាបត្ដិដទៃ ក្រៅអំពីអាបត្ដិ៧នោះ ក៏ឥតមានឡើយ។

ចប់ អធិករណប្បច្ចយវារៈ ជាគម្រប់ ៥។

ចប់ អនន្ដរបេយ្យាលតែប៉ុណ្ណេះ។

ឧទ្ទាន គឺបញ្ជីរឿងនៃអនន្ដរបេយ្យាលនោះ ដូច្នេះ

[៨៨៣]

និយាយអំពីកតិបុច្ឆាវារៈ១ សមុដ្ឋានវារៈ១ កតាបត្ដិវារៈ១ សមុដ្ឋានវារៈដូចគ្នា១ អាបត្ដិសមុដ្ឋានវារៈ១ វិបត្ដិវារៈ១ អធិករណវារៈ១។

 

លេខយោង

1)
អដ្ឋកថា ថា ប្រព្រឹត្ដទៅដើម្បីឧបចារសមាធិនិងអប្បនាសមាធិ។
km/tipitaka/vin/pv/vin.pv.03.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann