និយាយអំពីមុសាវាទ អំពីសង្ឃត្រូវសង្កត់សង្កិនភិក្ខុ អំពីការសាកសួរ អំពីភិក្ខុត្រូវអាបត្តិ អំពីពៀរ អំពីកិរិយាវៀរ អំពីសេចក្តីវិនាស អំពីសេចក្តីបរិបូណ៌។
vin pv 14 07 បាលី cs-km: vin.pv.14.07 អដ្ឋកថា: vin.pv.14.07_att PTS: ?
(មុសាវាទវគ្គ ទី៧)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. មុសាវាទវគ្គោ)
[២៧៦] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន មុសាវាទ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ មុសាវាទនេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺមុសាវាទ ដល់នូវបារាជិក ក៏មាន មុសាវាទ ដល់នូវសង្ឃាទិសេសក៏មាន មុសាវាទ ដល់នូវថុល្លច្ច័យក៏មាន មុសាវាទ ដល់នូវបាចិត្តិយៈក៏មាន មុសាវាទ ដល់នូវទុក្កដក៏មាន។ ម្នាលឧបាលិ មុសាវាទ មាន៥យ៉ាងនេះឯង។
[២៧៧] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនខ្មាសបាប១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកនិយាយដោយបំណងនឹងឲ្យភិក្ខុដទៃឃ្លាត (ចាកសាសនា)១ ជាអ្នកមិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយលោក កុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមានកាយសមាចារមិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈមិនបរិសុទ្ធ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ១ ជាអ្នកធ្វើការបង្កហេតុ ធ្វើជម្លោះ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។
[២៧៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃមិនត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃមិនត្រូវឲ្យការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអាបត្តិ និងអនាបត្តិ១ មិនដឹងអាបត្តិស្រាល និងធ្ងន់១ មិនដឹងសាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនដឹងទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មិនដឹងសប្បដិកម្មាបត្តិ1) និងអប្បដិកម្មាបត្តិ2) ១។ ម្នាលឧបាលិ សង្ឃមិនត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវឲ្យការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអាបត្តិ និងអនាបត្តិ១ ដឹងនូវអាបត្តិស្រាល និងធ្ងន់១ ដឹងនូវសាវសេសាបត្តិ និងអនវសេសាបត្តិ១ ដឹងនូវទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ដឹងនូវសប្បដិកម្មាបត្តិ និងអប្បដិកម្មាបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។
[២៧៩] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុត្រូវអាបត្តិ ដោយអាការប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥។ អាការ៥ អ្វីខ្លះ។ គឺភិក្ខុត្រូវអាបត្តិដោយសេចក្តីមិនខ្មាសបាប១ ដោយមិនស្គាល់អាបត្តិ១ ដោយសង្ស័យ ហើយចេះតែធ្វើទៅ១ ដោយសំគាល់ថាគួរ ក្នុងរបស់ដែលមិនគួរ១ ដោយសំគាល់ថាមិនគួរ ក្នុងរបស់ដែលគួរ១។ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥ដទៃទៀត។ អាការ៥ គឺអ្វីខ្លះ។ គឺភិក្ខុត្រូវអាបត្តិដោយអាការមិនឃើញ3) ១ ត្រូវដោយអាការមិនឮ4) ១ ត្រូវដោយដេកលក់5) ១ ត្រូវដោយខ្លួនសំគាល់ពិត6) ១ ត្រូវដោយភ្លេចស្មារតី7) ១ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥នេះឯង។
[២៨០] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ពៀរមានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ពៀរនេះមាន៥យ៉ាង។ ពៀរ៥យ៉ាង គឺអ្វីខ្លះ។ គឺការញុំាងសត្វមានជីវិតឲ្យធ្លាក់ចុះឲ្យវិនាស១ ការកាន់យកទ្រព្យ ដែលគេមិនឲ្យ១ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ១ ការនិយាយកុហក១ ហេតុជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ១ ម្នាលឧបាលិ ពៀរមាន៥យ៉ាងនេះឯង។
[២៨១] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កិរិយាវៀរ មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ កិរិយាវៀរ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺកិរិយាវៀរចាកការញុំាងសត្វមានជីវិតឲ្យវិនាស១ កិរិយាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ១ កិរិយាវៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ១ កិរិយាវៀរចាកការនិយាយកុហក១ កិរិយាវៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ១។ ម្នាលឧបាលិ កិរិយាវៀរ មាន៥យ៉ាងនេះឯង។
[២៨២] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីវិនាស មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សេចក្តីវិនាស មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីវិនាសញាតិ១ សេចក្តីវិនាសភោគសម្បត្តិ១ សេចក្តីវិនាសព្រោះរោគ១ សេចក្តីវិនាសសីល១ សេចក្តីវិនាសព្រោះទិដ្ឋិ១។ ម្នាលឧបាលិ សេចក្តីវិនាស មាន៥យ៉ាងនេះឯង។
[២៨៣] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សម្បទា គឺសេចក្ដីបរិបូណ៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សេចក្តីបរិបូណ៌ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីបរិបូណ៌ដោយញាតិ១ សេចក្តីបរិបូណ៌ដោយភោគសម្បត្តិ១ សេចក្តីបរិបូណ៌ដោយអាការមិនមានរោគ១ សេចក្តីបរិបូណ៌ដោយសីល១ សេចក្តីបរិបូណ៌ដោយទិដ្ឋិត្រូវ១។ ម្នាលឧបាលិ សេចក្តីបរិបូណ៌ មាន៥យ៉ាងនេះឯង។
ចប់ មុសាវាទវគ្គ ទី៧។
ឧទ្ទាន គឺបញ្ជីរឿងនៃមុសាវាទវគ្គនោះ ដូច្នេះ
[២៨៤]
និយាយអំពីមុសាវាទ១ អំពីសង្ឃត្រូវសង្កត់សង្កិនភិក្ខុ១ អំពីភិក្ខុប្រកបដោយអង្គ៥ដទៃទៀត១ អំពីការសាកសួរ១ អំពីភិក្ខុត្រូវអាបត្តិ១ អំពីភិក្ខុត្រូវអាបត្តិ ដោយអាការ៥ដទៃទៀត១ អំពីពៀរ១ អំពីកិរិយាវៀរ១ អំពីសេចក្តីវិនាស១ អំពីសេចក្តីបរិបូណ៌១ (នេះ) ជាសង្គហវគ្គទីប្រាំពីរ។