User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.14.08

(ភិក្ខុនោវាទវគ្គ ទី៨)

សង្ខេប

ភិក្ខុ​ប្រកប​ដោយ​អង្គ​ប៉ុន្មាន ដែល​ភិក្ខុនី​សង្ឃ​ត្រូវ​ធ្វើ​កម្ម? សង្ឃ​ត្រូវ​ធ្វើ​កម្ម ដល់​ភិក្ខុនី​ដែល​ប្រកប​ដោយ​អង្គ​ប៉ុន្មាន? ភិក្ខុ …(មិន) ត្រូវ​បញ្ឈប់​នូវ​ឱវាទ ដល់​ភិក្ខុនី​ទាំង​ឡាយ? …ដែល (មិន) ត្រូវ​ឲ្យ​ពួក​ភិក្ខុនី​កាន់​យក​ឱវាទ។ …ភិក្ខុ (មិន) ត្រូវ​សាកច្ឆា​ជា​មួយ​នឹង​ភិក្ខុ។

vin pv 14 08 បាលី cs-km: vin.pv.14.08 អដ្ឋកថា: vin.pv.14.08_att PTS: ?

(ភិក្ខុនោវាទវគ្គ ទី៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៨. ភិក្ខុនោវាទវគ្គោ)

[២៨៥] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលភិក្ខុនីសង្ឃត្រូវធ្វើកម្ម។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុបើកកាយបង្ហាញពួកភិក្ខុនី១ បើកភ្លៅបង្ហាញ១ បើកអង្គជាតបង្ហាញ១ បើកចង្កួយស្មាទាំងសងខាងបង្ហាញ១ និយាយល្បួង ឬផ្សំផ្គុំនឹងគ្រហស្ថ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃមិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ភិក្ខុនីសង្ឃ ក៏ត្រូវធ្វើកម្មដែរ គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុព្យាយាមដើម្បីមិនឲ្យបានលាភ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុនី១ ជេរគំរាមភិក្ខុនីទាំងឡាយ១ ឲ្យពួកភិក្ខុបែកចាកពួកភិក្ខុនី១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុនីសង្ឃ ត្រូវធ្វើកម្មដែរ គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុព្យាយាម ដើម្បីមិនឲ្យមានលាភ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុនី១ ជេរគំរាមភិក្ខុនីទាំងឡាយ១ ផ្សំផ្គុំពួកភិក្ខុ និងពួកភិក្ខុនី១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។

[២៨៦] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនីដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥។ អង្គ៥ អ្វីខ្លះ។ គឺភិក្ខុនីដែលបើកកាយបង្ហាញពួកភិក្ខុ១ បើកភ្លៅបង្ហាញ១ បើកអង្គជាតបង្ហាញ១ បើកចង្កួយស្មាទាំងសងខាងបង្ហាញ១ និយាយល្បួង ឬផ្សំផ្គុំនឹងគ្រហស្ថ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុនីព្យាយាមដើម្បីមិនឲ្យមានលាភ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុ១ ជេរគំរាមភិក្ខុទាំងឡាយ១ ធ្វើពួកភិក្ខុនី ឲ្យបែកចាកពួកភិក្ខុ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុនីព្យាយាម ដើម្បីមិនឲ្យមានលាភ ដល់ភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុ១ ជេរគំរាមភិក្ខុ១ ផ្សំផ្គុំពួកភិក្ខុនី និងពួកភិក្ខុ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។

[២៨៧] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកនិយាយប៉ង ញុំាងភិក្ខុដទៃឲ្យឃ្លាតចាក (សាសនា)១ មិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានកាយសមាចារមិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈមិនបរិសុទ្ធ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ១ កាលបើគេសាកសួរ ក៏មិនអាចនឹងឲ្យគេសាកសួរ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយអនាចារ ខាងផ្លូវកាយ១ ប្រកបដោយអនាចារ ខាងផ្លូវវាចា១ ប្រកបដោយអនាចារ ទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ជេរគំរាមពួកភិក្ខុនី១ នៅច្រឡូកច្រឡំនឹងពួកភិក្ខុនី ដោយសេចក្តីច្រឡូកច្រឡំមិនសមគួរ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកធ្វើនូវការបង្កហេតុ ធ្វើនូវជម្លោះ១ ជាអ្នកមិនធ្វើនូវសិក្ខាឲ្យបរិបូណ៌១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។

[២៨៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលមិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ដែលមិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយអនាចារ ខាងផ្លូវកាយ១ ប្រកបដោយអនាចារ ខាងផ្លូវវាចា១ ប្រកបដោយអនាចារ ទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ជាអ្នកជេរគំរាមពួកភិក្ខុនី១ ជាអ្នកនៅច្រឡូកច្រឡំនឹងពួកភិក្ខុនី ដោយសេចក្តីច្រឡូកច្រឡំមិនសមគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សពាល១ មិនមែនជាបកតត្ត១ ជាអ្នកដំណើរ១ ជាអ្នកមានជម្ងឺ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។

[២៨៩] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយសមាធិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយបញ្ញាខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយវិមុត្តិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជារបស់អសេក្ខបុគ្គល១។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយសីលក្ខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយសមាធិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយបញ្ញាខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយវិមុត្តិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជារបស់អសេក្ខបុគ្គល១។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនទាន់ដល់នូវអត្ថប្បដិសម្ភិទា (ការបែកធ្លាយក្នុងអដ្ឋកថា)១ មិនទាន់ដល់នូវធម្មប្បដិសម្ភិទា (ការបែកធ្លាយក្នុងបាលី)១ មិនទាន់ដល់នូវនិរុត្តិប្បដិសម្ភិទា (ការបែកធ្លាយក្នុងភាសា ឬដីកា)១ មិនទាន់ដល់នូវបដិភាណប្បដិសម្ភិទា (ការបែកធ្លាយដោយសេចក្តីឈ្លាសវៃ)១ មិនពិចារណានូវចិត្ត ដែលរួចហើយ ចាកកិលេសយ៉ាងណា១។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដល់នូវអត្ថប្បដិសម្ភិទា១ ដល់នូវធម្មប្បដិសម្ភិទា១ ដល់នូវនិរុត្តិប្បដិសម្ភិទា១ ដល់នូវបដិភាណប្បដិសម្ភិទា១ ពិចារណានូវចិត្ត ដែលរួចហើយ ចាកកិលេសយ៉ាងណា១។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

ចប់ ភិក្ខុនីឱវាទវគ្គ ទី៨។

ឧទ្ទាន គឺបញ្ជីរឿងនៃភិក្ខុនីឱវាទវគ្គនោះ ដូច្នេះ

[២៩០]

និយាយអំពីរឿង ដែលភិក្ខុនីសង្ឃត្រូវធ្វើកម្ម១ អំពីកម្មពីរយ៉ាង ដែលភិក្ខុនីសង្ឃត្រូវធ្វើដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត១ អំពីកម្ម៣យ៉ាង ដែលសង្ឃត្រូវធ្វើដល់ពួកភិក្ខុនី១ អំពីភិក្ខុមិនត្រូវបញ្ឈប់ឱវាទ មាន២ទុកៈ១ អំពីភិក្ខុមិនត្រូវឲ្យកាន់យកឱមាន មាន២ទុកៈ ដែលព្រះមានព្រះភាគត្រាស់ហើយ១ អំពីទុកៈ២ ក្នុងការនិយាយធម៌១។

 

លេខយោង

km/tipitaka/vin/pv/vin.pv.14.08.txt · ពេលកែចុងក្រោយ: 2024/11/02 07:44 និពន្ឋដោយ Johann