User Tools

Site Tools


Translations of this page?:
km:tipitaka:vin:vbi:index

ភិក្ខុនីវិភង្គ មាតិកា



vin vbi បាលី cs-km: vin.vbi អដ្ឋកថា: vin.vbi_att PTS: ?

ភិក្ខុនីវិភង្គ

មាតិកា

ធ្វើ​​ឡើង​​សម្រាប់​​ព្រះ​​សង្ឃ​ ដោយ​

ពុទ្ធ​បរិស័ទ នៃ sangham.net

ទាញ​យក​ឯកសារ ដែល​បាន​បង្ហាប់ ​នៃ​ការ​សំឡេង​អាន​របស់​ភិក្ខុនីវិភង្គ ​​​ទាំង​អស់ (~0.55GB) vin.vbi_media.zip

សង្ខេប

ភិក្ខុនីវិភង្គ​ពន្យល់​​ដោយ​​ពិស្តារ សិក្ខាបទ​​ចម្បង​បន្ថែម​សម្រាប់​ព្រះ​ភិក្ខុនី​សង្ឃ។

បារាជិកកណ្ឌេ (ភិក្ខុនីវិភង្គ)

សង្ខេប

ព្រះសង្ឃរបស់ភិក្ខុនី មាន បារាជិកសិក្ខាបទ៨។ ៤ ស្រដៀងនឹងព្រះភិក្ខុសង្ឃ នៅ មហាវិភង្គ គឺ សេពមេថុន១ លួចទ្រព្យគេ១ សម្លាប់មនុស្ស១ ពោលអួតឧត្តរិមនុស្សធម្ម១ និង៤នេះ បន្ថែមគឺ៖

បារាជិកកណ្ឌេ

បារាជិក ទី១ (៥) (vin.vbi.pr.1 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​មានតម្រេក ហើយត្រេកអរ​នឹងការ​ស្ទាបក្តី អង្អែលក្តី កាន់ក្តី ពាល់ក្តី ឱបរឹតក្តី ខាងក្រោម​តាំងពី​ដងកាំបិត​ចុះមក ខាងលើ​តាំងពី​មណ្ឌលជង្គង់​ឡើងទៅ នៃបុរស​បុគ្គល​ដែលមាន​តម្រេក ភិក្ខុនីនេះ ត្រូវអាបត្តិ​បារាជិក ឈ្មោះ​ឧព្ភជានុមណ្ឌលិក (ព្រោះ​ឲ្យ​បុរស​ស្ទាប​សរីរ​ប្រទេស ខាងលើ​តាំងពី​មណ្ឌល​ជង្គង់ឡើងទៅ) ជាស្រី​មិនមាន​សំវាស។»

 

បារាជិក ទី២ (៦) (vin.vbi.pr.2 | ភាគ ៥)

«ភិក្ខុនី​ណា​មួយ​ដឹងថា ភិក្ខុនីផង​គ្នាត្រូវ​​អាបត្តិ​បារាជិក ហើយ​មិន​ចោទ​ដោយខ្លួន​ឯង និងមិន​ប្រាប់ដល់​ពួកគណៈ កាលណា​បើភិក្ខុនីនោះ​ស្ថិតនៅក្តី ច្យុត​ហើយ​ក្តី វិនាស​ហើយក្តី ចៀស​ទៅ​កាន់លទ្ធិ​ដទៃហើយ​ក្តី ទោះភិក្ខុនី​ដែលដឹង​រឿងនោះ និយាយ​យ៉ាងនេះ​ក្នុងកាលជា​ខាងក្រោយ​ថា បពិត្រ​លោកម្ចាស់ ខ្ញុំ​បាន​ដឹង (រឿង) ភិក្ខុនី​នោះថា នាងនោះ​មានសភាព​យ៉ាងនេះ​មួយ យ៉ាងនេះ​មួយ ក្នុងកាល​មុនដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចោទ​ចំពោះ​ខ្លួន​ឯង និងមិន​បានប្រាប់​ដល់ពួក​គណៈទេ ដូច្នេះ​ភិក្ខុនីនេះ ក៏ត្រូវ​អាបត្តិបារាជិក ឈ្មោះ​វជ្ជបដិច្ឆាទិក (ព្រោះ​ជួយ​បិទ​បាំង​ទោសគេ) ជាស្រី​មិនមាន​សំវាស។»

 

បារាជិក ទី៣ (៧) (vin.vbi.pr.3 | ភាគ ៥)

«ភិក្ខុនី​ណាមួយប្រព្រឹត្តតាម​ភិក្ខុ ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសាស្តា ជាភិក្ខុ​មិនអើពើ ជាភិក្ខុដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការរួបរួម​ជាមួយ​នឹងសង្ឃ ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែ​លោកម្ចាស់ ភិក្ខុនេះ​ឯង ដែល​សង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសាស្តា ជាភិក្ខុ​មិនអើពើ ជាភិក្ខុដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការរួបរួម​ជាមួយ​នឹងសង្ឃ នែលោកម្ចាស់ លោកកុំ​ប្រព្រឹត្ត​តាមភិក្ខុ​នេះឡើយ ភិក្ខុនី​នោះ កាលភិក្ខុនី​ទាំងឡាយ​និយាយ​ឲ្យ​យ៉ាងនេះ នៅតែ​ប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ជាគំរប់​បីដង ដើម្បី​ឲ្យលះបង់​វត្ថុនោះ បើភិក្ខុនី​នោះ កាលត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ជាគំរប់បីដង លះបង់វត្ថុ​នោះបាន ការលះបង់​បាន​នោះ ជាការល្អ បើមិនលះ​បង់ទេ ភិក្ខុនីនេះ ក៏ត្រូវ​បារាជិក ឈ្មោះ​ឧក្ខិត្តានុវត្តិក (ព្រោះប្រព្រឹត្ត​តាម​ភិក្ខុដែល​សង្ឃ​លើកវត្ត) ជាស្រី​មិនមាន​សំវាស។»

 

បារាជិក ទី៤ (៨) (vin.vbi.pr.4 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​មានតម្រេក ហើយត្រេកអរ​នឹងការ​ចាប់ដៃក្តី ត្រេកអរ​នឹងការ​ចាប់​ជាយ​សង្ឃាដី​ក្តី របស់បុរសបុគ្គល​​ដែលមានតម្រេក​ឈរ​ជាមួយក្តី ចរចា​ជាមួយក្តី ទៅកាន់ទី​សង្កេតក្តី ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតក្តី ចូល​ទៅកាន់​ទីកំបាំងក្តី ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​នឹងសេពអសទ្ធម្មនុ៎ះ ភិក្ខុនីនេះក្តី ត្រូវបារាជិក ឈ្មោះ​អដ្ឋវត្ថុកា (ព្រោះ​ប្រកបដោយ​វត្ថុ៨​) រកសំវាសគ្មាន។»

 

«បពិត្រលោកម្ចាស់​ទាំងឡាយ អាបត្តិបារាជិកទាំងឡាយ៨ ខ្ញុំសំដែងឡើងហើយ បណ្តាអាបត្តិបារាជិក​ទាំងឡាយ៨នុ៎ះ ភិក្ខុនីណា​ត្រូវអាបត្តិ​បារាជិកណាមួយ ភិក្ខុនីនោះ​មិនបាន​នៅរួម​ជាមួយ​នឹងភិក្ខុនី​ទាំងឡាយ​ឡើយ (ព្រោះ) ខ្លួនត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន កាលអំពីមុន គឺកាល​ដែលខ្លួន​នៅ​ជាគ្រហស្ថ​មានសភាព​យ៉ាងណា កាលខាងក្រោយ ដែលខ្លួន​ត្រូវបារាជិកហើយ ក៏មានសភាព​ដូច្នោះដែរ។ ខ្ញុំសូមសួរ​លោកម្ចាស់ទាំងឡាយ​ក្នុងរឿងនោះ លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរអស់វារៈ​គំរប់​ពីរដងផង លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសួរអស់វារៈ​គំរប់​បីដងផង លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ក្នុងរឿង​នុ៎ះ​ហើយ ហេតុនោះ បានជា​នៅស្ងៀម។ ខ្ញុំសូម​ចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។»

សត្តរសកណ្ឌ (សង្ឃាទិសេស ភិក្ខុនីវិភង្គ)

សង្ខេប

«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិសង្ឃាទិសេសទាំង១៧នេះឯង តែងមកកាន់ឧទ្ទេស។» ៧ស្រដៀងនឹងព្រះភិក្ខុសង្ឃ គឺ សង្ឃាទិសេ ទី៥ ទី៨ ទី៩ ទី១០ ទី១១ ទី១២ ទី១៣ ពី មហាវិភង្គ និង១០នេះ បន្ថែម គឺ៖

សត្តរសកណ្ឌ

សង្ឃាទិសេស ទី១ (vin.vbi.sg.01 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​​ជាអ្នកប្តឹងផ្តល់ ពីគហបតិក្តី កូនគហបតិក្តី ខ្ញុំគេក្តី អ្នកធ្វើការងារក្តី ដោយហោចទៅ​ សូម្បី​តែសមណបរិព្វាជក ភិក្ខុនីនេះ​ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។»

 

សង្ឃាទិសេស ទី២ (vin.vbi.sg.02 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ដឹងថា​ស្រីជាចោរ​ដែលគេ​ដឹងច្បាស់​ថា ត្រូវសម្លាប់​ ហើយមិនប្រាប់​ស្តេចក្តី សង្ឃក្តី គណៈក្តី ប្រជុំជនក្តី សេនាក្តី ហើយបំបួស (ស្រីនោះ) វៀរតែកប្ប (គឺមាន​សំបុត្រច្បាប់) ភិក្ខុនី​នេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។»

 

សង្ឃាទិសេស ទី៣ (vin.vbi.sg.03 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯងក្តី ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯងក្តី នៅប្រាសចាក​គ្នាក្នុងវេលា​រាត្រី​តែម្នាក់ឯង​ក្តី ឈប់​​ឲ្យឃ្លាតអំពីពួក​តែម្នាក់ឯងក្តី​ ភិក្ខុនី​នេះឯង ក៏ត្រូវ​អាបត្តិឈ្មោះសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ។»

 

សង្ឃាទិសេស ទី៤ (vin.vbi.sg.04 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ មិនបាន​ប្រាប់​ការកសង្ឃ មិនដឹងសេចក្តី​ប្រាថ្នា​របស់គណៈ ហើយ​សូត្រ​បញ្ចូល​ភិក្ខុនី​ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​​របស់​ព្រះសាស្តា​ ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។»

 

សង្ឃាទិសេស ទី៥ (vin.vbi.sg.05 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ មានតម្រេក​ទទួលយក​ខាទនីយ​ក្តី ភោជនីយ​ក្តី អំពីដៃ​បុរស​បុគ្គល​ដែលមានតម្រេក​ដែរ ដោយដៃ​នៃខ្លួន ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។»

 

សង្ឃាទិសេស ទី៦ (vin.vbi.sg.06 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ពោលយ៉ាងនេះ​ថា នែលោកម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។»

 

សង្ឃាទិសេស ទី៧ (vin.vbi.sg.07 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ខឹងអាក់អន់​ចិត្ត ហើយពោលយ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​ទាំងឡាយនេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែលោកម្ចាស់ លោកកុំខឹង​អាក់អន់​ ហើយ​និយាយ​យ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ ​ដូច្នេះឡើយ។ នែលោកម្ចាស់ ចូរលោក​ត្រេកអរ (ព្រោះ)​ធម៌ព្រះ​ដ៏មានព្រះភាគ​សំដែង​ល្អហើយ ចូរលោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បីធ្វើនូវ​ទីបំផុត​ទុក្ខ​ដោយប្រពៃចុះ ឯភិក្ខុនី​នោះ កាលបើត្រូវភិក្ខុនី​ទាំងឡាយ​​ពោលយ៉ាងនេះ នៅប្រកាន់​យ៉ាងនោះ​ដដែល ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​នោះអស់វារៈ​ជាគំរប់​បីដង ដើម្បី​ឲ្យលះ​បង់​វត្ថុ​នោះចេញ។ បើភិក្ខុនី​នោះ កាលត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីគំរប់​បីដង​(ហើយ) លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននោះ​ជាការល្អ បើលះបង់​មិនបាន​ទេ ភិក្ខុនី​នេះ ក៏ត្រូវ​អាបត្តិ​សង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញ​ចេញចាកសង្ឃ។»

 

សង្ឃាទិសេស ទី៨ (vin.vbi.sg.08 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ​ដែលភិក្ខុនីសង្ឃ​ធ្វើឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​​ចិត្ត​ ពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយ​សេចក្តី​ខ្លាចផង។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែលោកម្ចាស់ លោក ដែល​ភិក្ខុនីសង្ឃ​​ឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​​ចិត្ត​ កុំនិយាយ​​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង​ដូច្នេះ ថា លោកម្ចាស់​ហ្នឹងឯង លុះ​ដោយសេចក្តី​ស្រឡាញ់ខ្លះ ​លុះ​ដោយសេចក្តី​ស្អប់ខ្លះ ​លុះ​ដោយ​សេចក្តីល្ងង់ខ្លះ ​លុះ​ដោយសេចក្តី​ខ្លាចខ្លះ។ ភិក្ខុនី​នោះ កាលដែលភិក្ខុនី​ទាំងឡាយ​​ពោល​យ៉ាង​នេះ នៅប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់​គំរប់​បីដង ដើម្បី​ឲ្យលះ​បង់​កម្ម​នោះចេញ។ ភិក្ខុនី​នោះ កាលបើត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់គំរប់​បីដង លះ​បង់​កម្ម​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនី​នេះក្តី ក៏ត្រូវ​អាបត្តិ​សង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញ​ចេញចាកសង្ឃ។»

 

សង្ឃាទិសេស ទី៩ (vin.vbi.sg.09 | ភាគ ៥)

«ចំណែក​ភិក្ខុនី​ទាំងឡាយ​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនីទាំងឡាយ​នោះ គួរ​ភិក្ខុនី​​ទាំងឡាយ​និយាយ​យ៉ាងនេះថា ភិក្ខុនី​ជាបងប្អូនស្រី​ទាំងឡាយ ​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោកទាំងឡាយ​ចូរ​ស្ងាត់​(ចាកពួក) សង្ឃតែង​សរសើរ​សេចក្តី​ស្ងាត់ (ចាកពួក) របស់​បងប្អូនស្រី្ត​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​នោះ កាលភិក្ខុនី​ទាំងឡាយ​និយាយ​​យ៉ាង​នេះហើយ ក៏នៅប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនីទាំងឡាយ​នោះ គួរភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីជាគំរប់​បីដង ដើម្បី​ឲ្យលះ​បង់នូវ​វត្ថុ​នោះ។ បើភិក្ខុនីទាំងឡាយ​នោះ កាល​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីជា​គំរប់​បីដង លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនីទាំងឡាយ​​នេះក្តី ត្រូវ​អាបត្តិ​សង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញ​ចេញ។»

 

សង្ឃាទិសេស ទី១០ (vin.vbi.sg.10 | ភាគ ៥)

«ភិក្ខុនីណាមួយ​ពោលយ៉ាងនេះ​ថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយ​រូបដទៃ​ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា ​មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ សង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយគ្មាន​អំណត់ ដោយសំដី​បង្គ្រប ដោយលោកទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នកនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​នោះ គប្បី​ភិក្ខុនី​​ទាំងឡាយ​និយាយ​យ៉ាងនេះថា បពិត្រ​លោកម្ចាស់ ចូរលោក​កុំនិយាយ​យ៉ាងនេះ​ថា បពិត្រ​លោកម្ចាស់​ទាំងឡាយ លោកទាំង​ឡាយចូរ​​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំ​នៅបែក​ខ្ញែក​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយ​ដទៃ ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនីពួក​ផងគ្នា មាននៅក្នុង​សង្ឃ​ដែរ សង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយគ្មាន​អំណត់ ដោយសំដី​បង្គ្រប ដោយ​លោក​ទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នកនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់​ទាំងឡាយ លោក​ទាំងឡាយ​ចូរស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​​នោះ កាលដែលភិក្ខុនី​ទាំងឡាយ​ពោល​​យ៉ាង​នេះ ក៏នៅតែប្រកាន់​ដដែល ភិក្ខុនី​នោះ គប្បីភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធី ដើម្បី​ឲ្យលះ​បង់នូវ​វត្ថុ​នោះដរាប​ដល់​គំរប់​បីដង។ បើភិក្ខុនី​នោះ កាលដែល​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់​គំរប់​​បីដង លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនី​នេះក្តី (ក៏)​ត្រូវ​អាបត្តិ​សង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញ​ចេញ។»

 

«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិ​សង្ឃាទិសេស​ទាំង១៧ ខ្ញុំសំដែង​ឡើងហើយ អាបត្តិ៩ ឈ្មោះបឋមាបត្តិកា អាបត្តិ៨ ឈ្មោះយាវតតិយកា បណ្តា​អាបត្តិទាំង​១៧នេះ ភិក្ខុនី​អង្គណា​ត្រូវអាបត្តិ​ណាៗ ភិក្ខុនី​អង្គនោះ​ត្រូវប្រព្រឹត្ត​បក្ខមានត្ត​ក្នុងឧភតោសង្ឃ ភិក្ខុនី​ដែល​ប្រព្រឹត្ត​មានត្តហើយ បើភិក្ខុនីសង្ឃ​ពួក​២០រូប​មានក្នុងទីណា ភិក្ខុនី​សង្ឃត្រូវ​ឲ្យអព្ភានកម្ម​ចំពោះ​ភិក្ខុនី​នោះ ក្នុងទីនោះ បើភិក្ខុនី​សង្ឃពួក​២០​រូប ខ្វះ​សូម្បី​តែភិក្ខុនី១រូប ឲ្យ​អព្ភានកម្ម​ចំពោះ​ភិក្ខុនី​នោះ ភិក្ខុនី​នោះ​ឈ្មោះថា ភិក្ខុនី​សង្ឃ​មិនឲ្យ​អព្ភានកម្ម​ផង ភិក្ខុនី​ទាំងឡាយ​នោះឈ្មោះថា ត្រូវ​ព្រះដ៏​មានព្រះភាគ​តិះដៀល​ផង។ នេះជា​សាមីចិកម្ម​ក្នុងរឿង​នោះ។ ខ្ញុំសូមសួរ​លោកម្ចាស់​ទាំងឡាយ ក្នុងអាបត្តិទាំងនោះ លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរ​អស់វារៈ​ជាគំរប់ពីរដង​ផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរ​អស់វារៈ​ជាគំរប់​បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយ​ក្នុងអាបត្តិ​ទាំងនេះ ហេតុនោះ​ទើបលោកម្ចាស់​ទាំងឡាយ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវរឿងនេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។»

និស្សគ្គិយកណ្ឌ (ភិក្ខុនីវិភង្គ)

សង្ខេប

«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះនិស្សគ្គិយបាចិត្តិយ​មានចំនួន៣០​នេះឯង តែងមកកាន់ឧទ្ទេស។» និស្សគ្គិយរបស់ ព្រះភិក្ខុនីសង្ឃ ក៏មាន ៣០ ប្រការដែរ។ ១២ នៃ​សិក្ខាបទ​ត្រូវ​បាន​ជំនួស។ នៅ​សល់ ១៨ សិក្ខាបទ នៅ មហាវិភង្គ៖ សិក្ខាបទ ទី១ - ទី៣, ទី៦ - ទី១០, ទី១៨, ទី២០, ទី២២, ទី២៣, ទី២៥ - ទី២៨ និង ទី៣០

បត្តវគ្គ (ទី១)

បត្តវគ្គ

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី១ (vin.vbi.ni.01 | ភាគ ៥)

«ភិក្ខុនីណាមួយ​​ធ្វើ​សេចក្តី​សន្សំបាត្រ​ ​ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។»

 

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី២ (vin.vbi.ni.02 | ភាគ ៥)

«ភិក្ខុនីណាមួយ ​អធិដ្ឋាន​អកាលចីវរ​ឲ្យជាកាលចីវរ​ ហើយប្រើគ្នា​ឲ្យចែក ​ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។»

 

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៣ (vin.vbi.ni.03 | ភាគ ៥)

«ភិក្ខុនីណាមួយ ប្តូរ​ចីវរ​នឹងភិក្ខុនី​ផងគ្នា ហើយភិក្ខុនី​នោះត្រឡប់​ពោលយ៉ាង​នេះ​ក្នុងកាល​ជាខាង​ក្រោយថា បពិត្រ​លោកម្ចាស់ ណ្ហើយចុះ លោកចូរយក​ចីវរ​របស់លោក​ទៅវិញចុះ លោកចូរឲ្យ​ចីវរនោះ​មកខ្ញុំវិញ ចីវរ​ណារបស់​លោក ចីវរនោះ​ជារបស់​លោកដដែល ចីវរណា​របស់ខ្ញុំ ចីវរនោះ​ជារបស់​ខ្ញុំ​ដដែលវិញ លោក​ចូរឲ្យចីវរ​នោះ​មកខ្ញុំ លោកចូរនាំ​យកចីវរ​របស់លោក​ទៅវិញចុះ (ហើយ)​ដណ្តើម​យកឯងក្តី ប្រើគេ​ឲ្យ​ដណ្តើម​យកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។»

 

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៤ (vin.vbi.ni.04 | ភាគ ៥)

«ភិក្ខុនីណាមួយ សុំ​របស់ដទៃ ហើយសុំ​របស់ឯទៀត​វិញ ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។»

 

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៥ (vin.vbi.ni.05 | ភាគ ៥)

«ភិក្ខុនីណាមួយ ឲ្យគេ​ទិញ​​របស់ដទៃហើយ ត្រឡប់​ឲ្យគេ​ទិញ​​របស់ឯទៀត​វិញ ត្រូវ​និស្សគ្គិយបាចិត្តិយ។»

 

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៦ (vin.vbi.ni.06 | ភាគ ៥)

«ភិក្ខុនីណាមួយ ឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ ជារបស់សង្ឃ ត្រូវ​និស្សគ្គិយបាចិត្តិយ។»

 

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៧ (vin.vbi.ni.07 | ភាគ ៥)

«ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ​ ជារបស់សង្ឃ ដោយវត្ថុ​ដែល​សូមដោយ​ខ្លួនឯង ត្រូវ​និស្សគ្គិយបាចិត្តិយ។»

 

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៨ (vin.vbi.ni.08 | ភាគ ៥)

«ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ​ ជារបស់គណៈ ភិក្ខុនីនោះ ត្រូវ​និស្សគ្គិយបាចិត្តិយ។»

 

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៩ (vin.vbi.ni.09 | ភាគ ៥)

«ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ​ ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ភិក្ខុនីនោះ ត្រូវ​និស្សគ្គិយបាចិត្តិយ។»

 

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី១០ (vin.vbi.ni.10 | ភាគ ៥)

«ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ​ ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ភិក្ខុនីនោះ ត្រូវ​និស្សគ្គិយបាចិត្តិយ។»

 

ចីវរវគ្គ (ទី២)

ចីវរវគ្គ

(និស្សគ្គិយ ចីវរវគ្គ) សិក្ខាបទ ទី១ (១១) (vin.vbi.ni.11 | ភាគ ៥)

«ភិក្ខុនី កាលចាត់ចែង​សម្ពត់ដណ្តប់ ដែលមាន​សាច់ក្រាស ត្រូវចាត់ចែង​បានតែ​សម្ពត់​ដែលមាន​ដំឡៃ​បួនកហាបណៈបួនដង​ជាយ៉ាង​ច្រើន បើចាត់ចែង​សំពត់​ដែលមាន​ដំឡៃ​ហួសពី​នោះទៅ ត្រូវ​និស្សគ្គិយបាចិត្តិយ។»

 

(និស្សគ្គិយ ចីវរវគ្គ) សិក្ខាបទ ទី២ (១២) (vin.vbi.ni.12 | ភាគ ៥)

«ភិក្ខុនី កាលចាត់ចែង​សម្ពត់ដណ្តប់ ដែលមាន​សាច់ស្តើង ត្រូវចាត់ចែង​បានតែ​សម្ពត់​ដែលមាន​ដំឡៃ​ត្រឹមបួនកហាបណៈបីដង​ដោយកន្លះ បើចាត់ចែង​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវ​និស្សគ្គិយបាចិត្តិយ។»

 

«បពិត្រលោកម្ចាស់​ទាំងឡាយ ពួកអាបត្តិឈ្មោះនិស្សគ្គិយបាចិត្តិយ៣០ ខ្ញុំសំដែង​ឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់​ទាំងឡាយ​ក្នុងអាបត្តិ​ទាំងនោះ លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសូមសួរ​ជាគំរប់ពីរដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសូមសួរ​ជាគំរប់បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយ​ក្នុងអាបត្តិ​ទាំងនេះ ព្រោះហេតុដូច្នោះ បានជាលោក​ទាំងឡាយ​ស្ងៀមនៅ។ ខ្ញុំ​សូមចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។»

បាចិត្តិយកណ្ឌ (ភិក្ខុនីវិភង្គ)

សង្ខេប

«បពិត្រ​​លោក​ម្ចាស់​ទាំង​ឡាយ អាបត្តិ​ទាំង​ឡាយ​ឈ្មោះ​បាចិត្តិយ​មែន​នេះ មាន​ចំនួន​១៦៦ តែង​មក​កាន់​ឧទ្ទេស (គឺ​ការ​សូត្រ​​រាល់​ៗកន្លះ​ខែ)។» ៩៦ សិក្ខាបទ នៅទីនេះ និង ១០ សិក្ខាបទបន្ថែមទៀតពី មុសាវាទវគ្គ នៅ មហាវិភង្គ

លសុណវគ្គ (ទី១)

លសុណវគ្គ

(បាចិត្តិយ លសុណវគ្គ) បឋមសិក្ខាបទ (ទី១) (vin.vbi.pc.01 | ភាគ ៥)

«ភិក្ខុនីណាមួយ​ទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី២ (vin.vbi.pc.02 | ភាគ ៥)

«ភិក្ខុនីណាមួយឲ្យគេដក​រោមក្នុងទី​ចង្អៀត ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៣ (vin.vbi.pc.03 | ភាគ ៥)

«អាបត្តិ​បាចិត្តិយ​មានដល់​ភិក្ខុនី ព្រោះ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាត។»

 

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៤ (vin.vbi.pc.04 | ភាគ ៥)

«អាបត្តិ​បាចិត្តិយ​មានដល់​ភិក្ខុនី ព្រោះដង​បង្ហួរ​មានសណ្ឋាន​រលីង​ដែលគេ​ធ្វើពី​អាចម៍ល័ក្ត។»

 

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៥ (vin.vbi.pc.05 | ភាគ ៥)

«កាលភិក្ខុនី​ធ្វើការ​ជម្រះ​ដោយទឹក ត្រូវ​ធ្វើ​ការជម្រះ​បានត្រឹម​ពីរថ្នាំង​ម្រាមដៃ​ជាកំណត់ កាលឲ្យ​កន្លងហួស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៦ (vin.vbi.pc.06 | ភាគ ៥)

«ភិក្ខុនីណាមួយ កាលភិក្ខុកំពុងឆាន់ ទៅបម្រើដោយ​ទឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៧ (vin.vbi.pc.07 | ភាគ ៥)

«ភិក្ខុនីណាមួយ សូមឯងក្តី ឲ្យគេសូមក្តី កិនឯងក្តី ឲ្យគេ​កិនក្តី បុកឯងក្តី ឲ្យគេបុកក្តី ចំអិនឯងក្តី ឲ្យគេចំអិនក្តី នូវស្រូវស្រស់ ហើយបរិភោគ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៨ (vin.vbi.pc.08 | ភាគ ៥)

«ភិក្ខុនីណាមួយ ចោលឯងក្តី ឲ្យគេចោលក្តី នូវ​ឧច្ចារៈក្តី បស្សាវៈក្តី សម្រាម​ក្តី កាកអាហារក្តី ទៅខាងក្រៅ​ជញ្ជាំង​ក្តី ខាងក្រៅ​របងក្តី ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៩ (vin.vbi.pc.09 | ភាគ ៥)

«ភិក្ខុនីណាមួយ ចោលឯង ឬឲ្យគេចោល នូវ​ឧច្ចារៈក្តី បស្សាវៈក្តី សម្រាម​ក្តី របស់​ជាសំណល់ក្តី ក្នុងទី​មានវត្ថុ​មានពណ៌ខៀវ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី១០ (vin.vbi.pc.10 | ភាគ ៥)

«ភិក្ខុនីណាមួយ​ទៅដើម្បីមើល​របាំក្តី ចម្រៀងក្តី ប្រគំក្តី ត្រូវអាបត្តិ​បាចិត្តិយ។»

 

អន្ធការវគ្គ (ទី២)

អន្ធការវគ្គ

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី១ (១១) (vin.vbi.pc.11 | ភាគ ៥)

«ភិក្ខុនីណាមួយ​ស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីប ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី២ (១២) (vin.vbi.pc.12 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​​ស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទី​ដ៏កំបាំង ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៣ (១៣) (vin.vbi.pc.13 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​​ស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស​ក្នុងទី​វាល ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៤ (១៤) (vin.vbi.pc.14 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​​ស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស​ក្នុងទី​វាល ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៥ (១៥) (vin.vbi.pc.15 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​​ចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងពេល​​មុនបាយ ហើយអង្គុយ​លើអាសនៈ រួចមិនបានលា​ពួកជន​ជាម្ចាស់ផ្ទះ ចៀស​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៦ (១៦) (vin.vbi.pc.16 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​​ចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងពេល​ក្រោយបាយ ​មិនប្រាប់​ពួកជន​ជាម្ចាស់ផ្ទះ ហើយអង្គុយក្តី ដេកក្តី ​លើអាសនៈ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៧ (១៧) (vin.vbi.pc.17 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​​ចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងវេលា​វិកាល ហើយ​មិនទាន់បាន​ប្រាប់​ពួកជន​ជាម្ចាស់សិន ក៏ក្រាល​ឯងក្តី ឲ្យគេ​ក្រាលក្តី​នូវកម្រាល​សម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ​ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៨ (១៨) (vin.vbi.pc.18 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​មើលងាយ​គេដោយ​ការប្រកាន់​យកអាក្រក់ ដោយការ​ពិចារណា​ខុស ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៩ (១៩) (vin.vbi.pc.19 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ផ្តាសាខ្លួនឯងក្តី អ្នកឯទៀតក្តី ដោយនរកក្តី ដោយ​ព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី១០ (២០) (vin.vbi.pc.20 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​វាយតប់ទះ​ខ្លួនឯង ហើយយំ ត្រូវអាបត្តិ​បាចិត្តិយ។»

 

នគ្គវគ្គ (ទី៣)

នគ្គវគ្គ

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី១ (២១) (vin.vbi.pc.21 | ភាគ ៥)

«ភិក្ខុនី​ណាមួយអាក្រាត​កាយងូតទឹក ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី២ (២២) (vin.vbi.pc.22 | ភាគ ៥)

«ភិក្ខុនី កាលឲ្យគេ​ធ្វើ​សម្ពត់ងូតទឹក គប្បី​ឲ្យធ្វើ​ឲ្យល្មម​ប្រមាណ។ ឯប្រមាណ​ក្នុងសំពត់​ងូតទឹកនោះ គឺបណ្តោយ​៤ចំអាម ទទឹង​២ចំអាម ដោយចំអាម​ព្រះសុគត កាលភិក្ខុនី​ធ្វើឲ្យកន្លង​លើស​ប្រមាណ​នោះទៅ ត្រូវឆេទនក​បាចិត្តិយ​។»

 

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៣ (២៣) (vin.vbi.pc.23 | ភាគ ៥)

«ភិក្ខុនីណាមួយ ​រុសឯងក្តី ឲ្យគេរុស​ក្តី នូវចីវរ​របស់​ភិក្ខុនី​ផងគ្នា ភិក្ខុនី​នោះមិនមាន​សេចក្តី​អន្តរាយ​ក្នុងកាល​ជាខាងក្រោយ​ទេ ហើយមិន​ដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេដេរ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែ (ដំកល់ទុក) ត្រឹម​៤-៥ថ្ងៃ។»

 

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៤ (២៤) (vin.vbi.pc.24 | ភាគ ៥)

«ភិក្ខុនីណាមួយ ញុំាង​វារៈ​នៃសង្ឃាដិ​ឲ្យកន្លងហួស​៥ថ្ងៃទៅ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៥ (២៥) (vin.vbi.pc.25 | ភាគ ៥)

«ភិក្ខុនីណាមួយ ទ្រទ្រង់ (ស្លៀក​ដណ្តប់) នូវ​សង្កមនីយចីវរ​ គឺចីវរ​ដែលខ្លួន​លបយក​ទៅប្រើប្រាស់​មួយសំណើរ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៦ (២៦) (vin.vbi.pc.26 | ភាគ ៥)

«ភិក្ខុនីណាមួយ ធ្វើ​ចីវរលាភ​របស់​គណៈ​ឲ្យអន្តរាយទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៧ (២៧) (vin.vbi.pc.27 | ភាគ ៥)

«ភិក្ខុនីណាមួយ ហាមឃាត់​ការចែកចីវរ​ដែលប្រកប​ដោយធម៌ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៨ (២៨) (vin.vbi.pc.28 | ភាគ ៥)

«ភិក្ខុនីណាមួយ ឲ្យ​សមណចីវរ​ដល់​គ្រហស្ថក្តី ដល់បរិព្វាជកក្តី ដល់បរិព្វាជិកាក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៩ (២៩) (vin.vbi.pc.29 | ភាគ ៥)

«ភិក្ខុនីណាមួយ ​ញុំាង​សម័យនៃ​ចីវរកាល​ឲ្យកន្លង​ហួសទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏ទុព្វល ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី១០ (៣០) (vin.vbi.pc.30 | ភាគ ៥)

«ភិក្ខុនីណាមួយ ហាមឃាត់​នូវការដក​កឋិន​ប្រកបដោយធម៌ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

តុវដ្តវគ្គ (ទី៤)

តុវដ្តវគ្គ

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី១ (៣១) (vin.vbi.pc.31 | ភាគ ៥)

«ភិក្ខុនីទាំងឡាយ​ណាពីររូប ដេកលើគ្រែ​មួយ (ជាមួយគ្នា) ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី២ (៣២) (vin.vbi.pc.32 | ភាគ ៥)

«ភិក្ខុនីទាំងឡាយ​ឯណាពីររូប មានសម្ពត់សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នា ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៣ (៣៣) (vin.vbi.pc.33 | ភាគ ៥)

«ភិក្ខុនី​ណាមួយក្លែង​ធ្វើសេចក្តី​មិនសប្បាយ​ដល់ភិក្ខុនី​ផងគ្នា ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៤ (៣៤) (vin.vbi.pc.34 | ភាគ ៥)

«ភិក្ខុនី​ណាមួយ មិនបម្រើឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៥ (៣៥) (vin.vbi.pc.35 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យលំនៅ​ដល់ភិក្ខុនី​ផងគ្នា ហើយ​ខឹង អាក់អន់ចិត្ត ក៏ទង់ទាញ​ឯងក្តី ឲ្យគេទង់​ទាញ​ក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៦ (៣៦) (vin.vbi.pc.36 | ភាគ ៥)

«ភិក្ខុនី​ណាមួយ នៅ​ច្រឡូកច្រឡំ​ដោយគហបតីក្តី ដោយកូនគហបតីក្តី។ ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​ពោលយ៉ាងនេះថា នែលោកម្ចាស់ លោក​កុំនៅ​ច្រឡូកច្រឡំ​ដោយគហបតី ឬដោយកូន​គហបតីឡើយ នែលោកម្ចាស់ លោកចូរ​ស្ងាត់ចុះ សង្ឃរមែង​សរសើរ​សេចក្តីស្ងាត់នៃបងប្អូនស្រី។ ភិក្ខុនីនោះ កាលភិក្ខុនី​ទាំងឡាយពោលយ៉ាង​នេះហើយ ក៏នៅប្រកួតប្រកាន់​ធ្វើយ៉ាងនោះដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនកម្ម ប្រកាស​ហាមដរាប​គំរប់បីដង ដើម្បីឲ្យ​លះបង់វត្ថុនោះ។ ភិក្ខុនីនោះ បើ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ប្រកាស​ហាមដរាបគំរប់​បីដងហើយ លះវត្ថុនោះបាន ការលះ​ដូច្នេះនេះ​ ជាការប្រពៃ បើមិនលះទេ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៧ (៣៧) (vin.vbi.pc.37 | ភាគ ៥)

«ភិក្ខុនី​ណាមួយ គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្នុង​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៨ (៣៨) (vin.vbi.pc.38 | ភាគ ៥)

«ភិក្ខុនី​ណាមួយ គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្រៅ​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៩ (៣៩) (vin.vbi.pc.39 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ត្រេចទៅកាន់ចារិក​ខាងក្នុង​វស្សា ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី១០ (៤០) (vin.vbi.pc.40 | ភាគ ៥)

«ភិក្ខុនី​ណាមួយ នៅចាំវស្សា រួចហើយមិនចៀសចេញទៅកាន់ចារិក ដោយហោចទៅសូម្បីតែ៥-៦យោជន៍ ត្រូវអាបត្តិបាចិត្តិយ។»

 

ចិត្តាគារវគ្គ (ទី៥)

ចិត្តាគារវគ្គ

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី១ (៤១) (vin.vbi.pc.41 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ទៅដើម្បីមើល​ដំណាក់​សម្រាប់ក្រសាល​របស់ស្តេច​ក្តី រោងដ៏វិចិត្រក្តី សួនក្តី ឧទ្យានក្តី ស្រះបោក្ខរណីក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី២ (៤២) (vin.vbi.pc.42 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ប្រើប្រាស់អាសន្ទិក្តី បល្លង្កក្តី ភិក្ខុនីនោះ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៣ (៤៣) (vin.vbi.pc.43 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ការអម្បោះ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៤ (៤៤) (vin.vbi.pc.44 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ធ្វើការបម្រើគ្រហស្ថ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៥ (៤៥) (vin.vbi.pc.45 | ភាគ ៥)

«ភិក្ខុនី​ណាមួយ កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមក ចូររម្ងាប់​អធិករណ៍នេះ ដូច្នេះ បានទទួល​ពាក្យថាសាធុហើយ ភិក្ខុនីនោះក្នុងកាល​ជាខាងក្រោយ ឥតមានសេចក្តី​អន្តរាយ (អ្វី) ហើយមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៦ (៤៦) (vin.vbi.pc.46 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យខាទនីយ ឬ​ភោជនីយ ដល់គ្រហស្ថក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃខ្លួនឯង ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៧ (៤៧) (vin.vbi.pc.47 | ភាគ ៥)

«ភិក្ខុនី​ណាមួយ មិនប្រគល់អាវសថចីវរ ហើយប្រើប្រាស់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៨ (៤៨) (vin.vbi.pc.48 | ភាគ ៥)

«ភិក្ខុនី​ណាមួយ មិនប្រគល់លំនៅ ហើយចៀសចេញទៅកាន់ចារិក​ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៩ (៤៩) (vin.vbi.pc.49 | ភាគ ៥)

«ភិក្ខុនី​ណាមួយ រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី១០ (៥០) (vin.vbi.pc.50 | ភាគ ៥)

«ភិក្ខុនី​ណាមួយ បង្រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

អារាមវគ្គ (ទី៦)

អារាមវគ្គ

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី១ (៥១) (vin.vbi.pc.51 | ភាគ ៥)

«ភិក្ខុនីណាមួយ កាលដឹងហើយ មិនបាន​ប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី២ (៥២) (vin.vbi.pc.52 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ជេរគំរាមភិក្ខុ ភិក្ខុនីនោះ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៣ (៥៣) (vin.vbi.pc.53 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ ផ្តាសាគណភិក្ខុនី​ដោយសេចក្តី​កំណាច ភិក្ខុនី​នោះ ត្រូវ​អាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៤ (៥៤) (vin.vbi.pc.54 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ ដែលគេនិមន្តហើយក្តី ហាមភត្តហើយក្តី ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវ​អាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៥ (៥៥) (vin.vbi.pc.55 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ មានសេចក្តីកំណាញ់ត្រកូល ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៦ (៥៦) (vin.vbi.pc.56 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ នៅចាំវស្សាក្នុងអាវាស​ឥតភិក្ខុ ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៧ (៥៧) (vin.vbi.pc.57 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ នៅចាំវស្សាហើយ មិនបវារណា​នឹងឧភតោ ដោយ​ស្ថានបី​យ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៨ (៥៨) (vin.vbi.pc.58 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ មិនទៅដើម្បីឱវាទក្តី ដើម្បីនៅរួបរួមគ្នាក្តី ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៩ (៥៩) (vin.vbi.pc.59 | ភាគ ៥)

«ភិក្ខុនីត្រូវ​ប្រាថ្នាធម៌ពីរ​យ៉ាង​អំពី​ភិក្ខុសង្ឃ គឺសួរឧបោសថ១ ចូលទៅទទួលឱវាទ១ រាល់ៗកន្លះខែ កាលភិក្ខុនី​ឲ្យកន្លង​កន្លះខែ​នោះទៅ ត្រូវ​អាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី១០ (៦០) (vin.vbi.pc.60 | ភាគ ៥)

«ភិក្ខុនីណាមួយ​មិនបានប្រាប់សង្ឃក្តី គណៈក្តី ហើយតែម្នាក់នឹងម្នាក់​ជាមួយនឹងបុរសឲ្យទំលាយក្តី វះក្តី លាងក្តី លាបក្តី ចងក្តី ស្រាយក្តី នូវពកក្តី របួសក្តី ដែលកើតត្រង់កាយខាងក្រោម ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។»

 

គព្ភិនីវគ្គ (ទី៧)

គព្ភិនីវគ្គ

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី១ (៦១) (vin.vbi.pc.61 | ភាគ ៥)

«ភិក្ខុនីណាមួយ​ឲ្យឧបសម្បទាដល់ស្រីមានគភ៌ ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី២ (៦២) (vin.vbi.pc.62 | ភាគ ៥)

«ភិក្ខុនីណាមួយ​ ឲ្យឧបសម្បទាដល់ស្រីមេដោះ ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៣ (៦៣) (vin.vbi.pc.63 | ភាគ ៥)

«ភិក្ខុនី​​ណា​មួយ ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ដែល​មិន​បាន​សិក្សាសិក្ខា​ក្នុង​ធម៌​ទាំង​ឡាយ​៦​អស់​ពី​រវស្សា ភិក្ខុ​នី​​នោះ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៤ (៦៤) (vin.vbi.pc.64 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ញុំាងសិក្ខមានាដែលសិក្សា​សិក្ខាហើយ​ក្នុងធម៌​៦យ៉ាងអស់​ពីរវស្សា ដែលសង្ឃមិនបានសន្មត ឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៥ (៦៥) (vin.vbi.pc.65 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់​ស្រីគិហិគតាមានវស្សា​ខ្វះ​ពី១២ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៦ (៦៦) (vin.vbi.pc.66 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទា​ដល់ស្រីគិហិគតា​មានវស្សាគ្រប់១២ហើយ ដែលមិនបានសិក្សា​សិក្ខា ក្នុង​ធម៌៦យ៉ាងអស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៧ (៦៧) (vin.vbi.pc.67 | ភាគ ៥)

«ភិក្ខុនី​​ណា​មួយ ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិគតា​មាន​វស្សា​គ្រប់​១២​ហើយ បាន​សិក្សា​​សិក្ខា ក្នុង​ធម៌​៦​យ៉ាង​អស់​​ពី​រវស្សា​ហើយ តែ​សង្ឃ​មិន​សន្មត(ឲ្យ) ភិក្ខុនី​នោះ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៨ (៦៨) (vin.vbi.pc.68 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀន​ដោយ​ខ្លួនឯង មិនឲ្យគេបង្រៀន​អស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៩ (៦៩) (vin.vbi.pc.69 | ភាគ ៥)

«ភិក្ខុនី​ណាមួយ មិនតាមបម្រើភិក្ខុនី​ជាបវត្តិនី ដែលបំបួស​ខ្លួនអស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី១០ (៧០) (vin.vbi.pc.70 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យ​ឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅ មិនឲ្យគេនាំយកទៅ ដោយហោច​ទៅអស់​៥-៦យោជន៍ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

កុមារីភូតវគ្គ (ទី៨)

កុមារីភូតវគ្គ

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី១ (៧១) (vin.vbi.pc.71 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំខ្វះពី២០ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី២ (៧២) (vin.vbi.pc.72 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំពេញ២០ហើយ មិនបានសិក្សា​សិក្ខា ក្នុង​ធម៌៦យ៉ាងអស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៣ (៧៣) (vin.vbi.pc.73 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំ​ពេញ​២០ហើយ សិក្សា​សិក្ខាក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ ដែលសង្ឃមិន​បាន​សន្មត​(ឲ្យ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៤ (៧៤) (vin.vbi.pc.74 | ភាគ ៥)

«ភិក្ខុនី​ណាមួយ មានវស្សាមិនគ្រប់​១២ ហើយឲ្យឧបសម្បទា​ដល់ (គេ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៥ (៧៥) (vin.vbi.pc.75 | ភាគ ៥)

«ភិក្ខុនី​ណាមួយ មានវស្សា១២បរិបូណ៌ហើយ សង្ឃមិនបានសន្មត (ហើយឲ្យឧបសម្បទា) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៦ (៧៦) (vin.vbi.pc.76 | ភាគ ៥)

«ភិក្ខុនី​ណាមួយ កាលដែល​សង្ឃ​និយាយថា នែលោកម្ចាស់ មិនគួរលោកឲ្យ​ឧបសម្បទានៅឡើយទេ ដូច្នេះ ទទួលពាក្យថា សាធុ​ហើយ គ្រាក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៧ (៧៧) (vin.vbi.pc.77 | ភាគ ៥)

«ភិក្ខុនី​ណាមួយ និយាយ​នឹង​សិក្ខមានាដូច្នេះថា នែនាងម្ចាស់ បើនាងនឹងឲ្យ​ចីវរ​ដល់យើង យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ដល់គ្រាក្រោយ ភិក្ខុនី​នោះមិនមាន​សេចក្តីអន្តរាយ ហើយមិនឲ្យ (សិក្ខមានា​នោះ) បានឧបសម្បទា មិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ ដើម្បីឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៨ (៧៨) (vin.vbi.pc.78 | ភាគ ៥)

«ភិក្ខុនី​ណាមួយ និយាយ​នឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ដល់ក្រោយ ភិក្ខុនី​នោះមិនមាន​សេចក្តីអន្តរាយ ហើយមិនឲ្យឧបសម្បទា មិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៩ (៧៩) (vin.vbi.pc.79 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ញុំាសិក្ខមានា ដែលច្រឡូកច្រឡំដោយបុរស ដែលច្រឡូកច្រឡំដោយ​កុមារ ជាស្រីកាច ជាស្រីបណ្តាល​សេចក្តីសោក ឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី១០ (៨០) (vin.vbi.pc.80 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ញុំាសិក្ខមានា ដែលមាតាបិតាក្តី ស្វាមីក្តី មិនទាន់អនុញ្ញាត ឲ្យឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី១១ (៨១) (vin.vbi.pc.81 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទា ដល់សិក្ខមានា ដោយឲ្យឆន្ទៈឈ្មោះ​បារិវាសិក ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី១២ (៨២) (vin.vbi.pc.82 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទារាល់ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី១៣ (៨៣) (vin.vbi.pc.83 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់ស្រីពីររូបក្នុង១ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»

 

ឆត្តុបាហនវគ្គ (ទី៩)

ឆត្តុបាហនវគ្គ

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី១ (៨៤) (vin.vbi.pc.84 | ភាគ ៥)

«ភិក្ខុនី​ណាមួយ មិនឈឺ ទ្រទ្រង់ឆត្រ និងស្បែកជើង ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី២ (៨៥) (vin.vbi.pc.85 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ទៅដោយយាន ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយដល់ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ។»

 

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៣ (៨៦) (vin.vbi.pc.86 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ពាក់ខ្សែក្រវាត់ ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៤ (៨៧) (vin.vbi.pc.87 | ភាគ ៥)

«ភិក្ខុនី​ណាមួយប្រើប្រាស់​គ្រឿងអលង្ការរបស់​ស្រី ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៥ (៨៨) (vin.vbi.pc.88 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ងូតទឹក​ដោយគ្រឿងក្រអូប និងគ្រឿងលាប ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៦ (៨៩) (vin.vbi.pc.89 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ងូតទឹក​ដោយគ្រឿងអប់ គ្រឿង​លំអិត ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៧ (៩០) (vin.vbi.pc.90 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យភិក្ខុនី​គក់រិតក្តី ច្របាច់ក្តី ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៨-៩-១០ (៩១-៩៣) (vin.vbi.pc.91 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ឲ្យស្រីគ្រហស្ថ​គក់រិតក្តី ច្របាច់ក្តី ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។»

 

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី១១ (៩៤) (vin.vbi.pc.94 | ភាគ ៥)

«ភិក្ខុនី​ណាមួយ មិនប្រាប់ ហើយអង្គុយលើអាសនៈ​ខាងមុខ​ភិក្ខុ ភិក្ខុនី​នោះ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី១២ (៩៥) (vin.vbi.pc.95 | ភាគ ៥)

«ភិក្ខុនី​ណាមួយ សួរបញ្ហានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស​ ភិក្ខុនី​នោះ ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី១៣ (៩៦) (vin.vbi.pc.95 | ភាគ ៥)

«ភិក្ខុនី​ណាមួយ សួរបញ្ហានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស​ ភិក្ខុនី​នោះ ត្រូវអាបត្តិ​បាចិត្តិយ។»

 

«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិបាចិត្តិយទាំងឡាយ១៦៦ ខ្ញុំបានសំដែងឡើង​ហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងអាបត្តិបាចិត្តិយទាំងនោះ លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយ​ជាអ្នកបរិសុទ្ធ​ក្នុងអាបត្តិទាំងនេះហើយ ហេតុនោះ ទើបលោក​ស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។»

បាដិទេសនីយកណ្ឌ (ភិក្ខុនីវិភង្គ)

សង្ខេប

«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះ បាដិទេសនីយ៨នេះ មកកាន់​ឧទ្ទេស។»

បាដិទេសនីយ សិក្ខាបទ ទី១ (vin.vbi.pd.1 | ភាគ ៥)

«ភិក្ខុនី​ណាមួយ សូមទឹកដោះរាវឆាន់ ភិក្ខុនី​នោះត្រូវសំដែង​ចំពោះ​អាបត្តិនោះថា បពិត្រលោកម្ចាស់ ខ្ញុំត្រូវអាបត្តិ​ដែលព្រះដ៏មានព្រះភាគ​តិះដៀលហើយ មិនជាទីសប្បាយ ឈ្មោះបាដិទេសនីយ ខ្ញុំសូមសំដែង​ចំពោះ​នូវអាបត្តិនោះ។»

 

បាដិទេសនីយ សិក្ខាបទ ទី២-៨ (vin.vbi.pd.2 | ភាគ ៥)

«ភិក្ខុនី​ណាមួយ មិនឈឺ សូមទឹកដោះជូរឆាន់ ភិក្ខុនី​នោះត្រូវសំដែង​ចំពោះ​ថា បពិត្រលោកម្ចាស់ ខ្ញុំត្រូវអាបត្តិ​ដែលព្រះដ៏មានព្រះភាគ​តិះដៀលហើយ មិនជាទី​សប្បាយ ឈ្មោះបាដិទេសនីយ ខ្ញុំសូមសំដែង​ចំពោះ​នូវអាបត្តិនោះ។»

 

«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះបាដិទេសនីយ៨ ខ្ញុំសំដែង​ឡើង​ហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងអាបត្តិទាំងនោះ លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយ​បរិសុទ្ធ​ក្នុងអាបត្តិទាំងនេះហើយ ហេតុនោះ បានជា​ស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។»

សេខិយកណ្ឌ (ភិក្ខុនីវិភង្គ)

សង្ខេប

«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះ សេក្ខិយអម្បាលនេះ តែងមកកាន់​ឧទ្ទេស។» ៧៥សិក្ខាបទ ដូចជាព្រះភិក្ខុសង្ឃ នៅក្នុងមហាវិភង្គ

បរិមណ្ឌលវគ្គ សិក្ខាបទ ទី១ (vin.vbi.sk.01 | ភាគ ៥)

«ភិក្ខុនីគប្បីធ្វើសេចក្តីសិក្សាថា អញនឹងស្លៀកឲ្យជាបរិមណ្ឌល។»

 

បាទុកវគ្គ សិក្ខាបទ ទី១ (vin.vbi.sk.75 | ភាគ ៥)

«ភិក្ខុនីគប្បីធ្វើ​សេចក្តី​សិក្សាថា អញមិនឈឺ នឹងមិនធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹក។»

 

«បពិត្រលោកម្ចាស់ទាំងឡាយ ធម៌ទាំងឡាយឈ្មោះសេក្ខិយៈ ខ្ញុំសំដែង​ឡើង​ហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងធម៌ទាំងនោះ លោក​ទាំងឡាយជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសូមសួរអស់វារៈជាគំរប់ពីរដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសូមសួរអស់វារៈជាគំរប់បីដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយ​បរិសុទ្ធ​ក្នុងធម៌ទាំងនេះហើយ ហេតុនោះ បានជា​ស្ងៀមនៅ។ ខ្ញុំសូមចាំ​ទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។»

អធិករណសមថៈ ទីបំផុត (ភិក្ខុនីវិភង្គ)

សង្ខេប

«បពិត្រលោកម្ចាស់ទាំងឡាយ ធម៌សម្រាប់រម្ងាប់​នូវអធិករណ៍​ទាំងឡាយ​៧នេះឯង តែងមកកាន់ឧទ្ទេស។» ៧ ដូចជាព្រះភិក្ខុសង្ឃ នៅក្នុងមហាវិភង្គ

អធិករណសមថៈ ទីបំផុត (vin.vbi.ad | ភាគ ៥)

«សង្ឃត្រូវឲ្យសម្មុខាវិន័យ ឲ្យសតិវិន័យ ឲ្យអមូឡ្ហវិន័យ សង្ឃ​ត្រូវធ្វើ​បដិញ្ញាតករណៈ ត្រូវធ្វើយេភុយ្យសិកា ត្រូវធ្វើតស្សបាបិយសិកា ត្រូវធ្វើ​តិណវត្ថារក ដើម្បី​រម្ងាប់ គឺផ្សះផ្សានូវអធិករណ៍ទាំង​ឡាយដែលកើតឡើងហើយៗ។»

 

«បពិត្រលោកម្ចាស់ទាំងឡាយ ធម៌ទាំងឡាយឈ្មោះ​អធិករណសមថៈ​ទាំង៧ ខ្ញុំសំដែង​ឡើង​ហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងធម៌ទាំងនោះ លោក​ទាំងឡាយជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយ​បរិសុទ្ធ​ក្នុងធម៌ទាំងនេះហើយ ហេតុនោះ បានជា​ស្ងៀមនៅ។ ខ្ញុំសូមចាំ​ទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។»

«បពិត្រលោកម្ចាស់ទាំងឡាយ និទានខ្ញុំសំដែងឡើងហើយ អាបត្តិបារាជិក៨ ខ្ញុំ​សំដែង​ឡើងហើយ អាបត្តិសង្ឃាទិសេស១៧ ខ្ញុំសំដែងឡើងហើយ អាបត្តិនិស្សគ្គិយបាចិត្តិយ​៣០ ខ្ញុំសំដែងឡើងហើយ អាបត្តិបាចិត្តិយ១៦៦ ខ្ញុំសំដែងឡើងហើយ អាបត្តិបាដិទេសនីយ៨ ខ្ញុំ​សំដែង​ឡើងហើយ ធម៌ឈ្មោះ​សេក្ខិយៈទាំងឡាយ ខ្ញុំសំដែងឡើងហើយ ធម៌ឈ្មោះ​អធិករណ​សមថៈ៧ ខ្ញុំសំដែងឡើងហើយ។ ពាក្យរបស់ព្រះដ៏មានព្រះភាគនោះ មានប្រមាណ​ប៉ុណ្ណេះ មកហើយកាន់សុត្ត រាប់បញ្ចូលហើយក្នុងសុត្ត មកកាន់ឧទ្ទេស​រាល់កន្លះខែ។ គួរលោក​ម្ចាស់​ទាំងឡាយគ្រប់អង្គ ព្រមព្រៀងគ្នា ស្រុះស្រួលគ្នា កុំទាស់ទែងគ្នា សិក្សាក្នុង​ពុទ្ធវចនៈ​នោះ​ចុះ។ »



km/tipitaka/vin/vbi/index.txt · ពេលកែចុងក្រោយ: 2023/08/15 13:30 និពន្ឋដោយ Johann