km:tipitaka:vin:vbi:pr:index

បារាជិកកណ្ឌេ (ភិក្ខុនីវិភង្គ) មាតិកា



vin vbi pr បាលី cs-km: vin.vbi.pr អដ្ឋកថា: vin.vbi.pr_att PTS: ?

បារាជិកកណ្ឌេ (ភិក្ខុនីវិភង្គ)

មាតិកា

ធ្វើ​​ឡើង​​សម្រាប់​​ព្រះ​​សង្ឃ​ ដោយ​

ពុទ្ធ​បរិស័ទ នៃ sangham.net

សង្ខេប

ព្រះភិក្ខុនីសង្ឃ មាន​បារាជិកសិក្ខាបទ៨។ ៤ ស្រដៀងនឹងព្រះភិក្ខុសង្ឃ នៅ មហាវិភង្គ គឺ សេពមេថុន១ លួចទ្រព្យគេ១ សម្លាប់មនុស្ស១ ពោលអួតឧត្តរិមនុស្សធម្ម១ និង៤នេះ បន្ថែមគឺ៖

បារាជិកកណ្ឌេ

បារាជិក ទី១ (៥) (vin.vbi.pr.1 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​មានតម្រេក ហើយត្រេកអរ​នឹងការ​ស្ទាបក្តី អង្អែលក្តី កាន់ក្តី ពាល់ក្តី ឱបរឹតក្តី ខាងក្រោម​តាំងពី​ដងកាំបិត​ចុះមក ខាងលើ​តាំងពី​មណ្ឌលជង្គង់​ឡើងទៅ នៃបុរស​បុគ្គល​ដែលមាន​តម្រេក ភិក្ខុនីនេះ ត្រូវអាបត្តិ​បារាជិក ឈ្មោះ​ឧព្ភជានុមណ្ឌលិក (ព្រោះ​ឲ្យ​បុរស​ស្ទាប​សរីរ​ប្រទេស ខាងលើ​តាំងពី​មណ្ឌល​ជង្គង់ឡើងទៅ) ជាស្រី​មិនមាន​សំវាស។»

 

បារាជិក ទី២ (៦) (vin.vbi.pr.2 | ភាគ ៥)

«ភិក្ខុនី​ណា​មួយ​ដឹងថា ភិក្ខុនីផង​គ្នាត្រូវ​​អាបត្តិ​បារាជិក ហើយ​មិន​ចោទ​ដោយខ្លួន​ឯង និងមិន​ប្រាប់ដល់​ពួកគណៈ កាលណា​បើភិក្ខុនីនោះ​ស្ថិតនៅក្តី ច្យុត​ហើយ​ក្តី វិនាស​ហើយក្តី ចៀស​ទៅ​កាន់លទ្ធិ​ដទៃហើយ​ក្តី ទោះភិក្ខុនី​ដែលដឹង​រឿងនោះ និយាយ​យ៉ាងនេះ​ក្នុងកាលជា​ខាងក្រោយ​ថា បពិត្រ​លោកម្ចាស់ ខ្ញុំ​បាន​ដឹង (រឿង) ភិក្ខុនី​នោះថា នាងនោះ​មានសភាព​យ៉ាងនេះ​មួយ យ៉ាងនេះ​មួយ ក្នុងកាល​មុនដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចោទ​ចំពោះ​ខ្លួន​ឯង និងមិន​បានប្រាប់​ដល់ពួក​គណៈទេ ដូច្នេះ​ភិក្ខុនីនេះ ក៏ត្រូវ​អាបត្តិបារាជិក ឈ្មោះ​វជ្ជបដិច្ឆាទិក (ព្រោះ​ជួយ​បិទ​បាំង​ទោសគេ) ជាស្រី​មិនមាន​សំវាស។»

 

បារាជិក ទី៣ (៧) (vin.vbi.pr.3 | ភាគ ៥)

«ភិក្ខុនី​ណាមួយប្រព្រឹត្តតាម​ភិក្ខុ ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសាស្តា ជាភិក្ខុ​មិនអើពើ ជាភិក្ខុដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការរួបរួម​ជាមួយ​នឹងសង្ឃ ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែ​លោកម្ចាស់ ភិក្ខុនេះ​ឯង ដែល​សង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសាស្តា ជាភិក្ខុ​មិនអើពើ ជាភិក្ខុដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការរួបរួម​ជាមួយ​នឹងសង្ឃ នែលោកម្ចាស់ លោកកុំ​ប្រព្រឹត្ត​តាមភិក្ខុ​នេះឡើយ ភិក្ខុនី​នោះ កាលភិក្ខុនី​ទាំងឡាយ​និយាយ​ឲ្យ​យ៉ាងនេះ នៅតែ​ប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ជាគំរប់​បីដង ដើម្បី​ឲ្យលះបង់​វត្ថុនោះ បើភិក្ខុនី​នោះ កាលត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ជាគំរប់បីដង លះបង់វត្ថុ​នោះបាន ការលះបង់​បាន​នោះ ជាការល្អ បើមិនលះ​បង់ទេ ភិក្ខុនីនេះ ក៏ត្រូវ​បារាជិក ឈ្មោះ​ឧក្ខិត្តានុវត្តិក (ព្រោះប្រព្រឹត្ត​តាម​ភិក្ខុដែល​សង្ឃ​លើកវត្ត) ជាស្រី​មិនមាន​សំវាស។»

 

បារាជិក ទី៤ (៨) (vin.vbi.pr.4 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​មានតម្រេក ហើយត្រេកអរ​នឹងការ​ចាប់ដៃក្តី ត្រេកអរ​នឹងការ​ចាប់​ជាយ​សង្ឃាដី​ក្តី របស់បុរសបុគ្គល​​ដែលមានតម្រេក​ឈរ​ជាមួយក្តី ចរចា​ជាមួយក្តី ទៅកាន់ទី​សង្កេតក្តី ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតក្តី ចូល​ទៅកាន់​ទីកំបាំងក្តី ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​នឹងសេពអសទ្ធម្មនុ៎ះ ភិក្ខុនីនេះក្តី ត្រូវបារាជិក ឈ្មោះ​អដ្ឋវត្ថុកា (ព្រោះ​ប្រកបដោយ​វត្ថុ៨​) រកសំវាសគ្មាន។»

 

«បពិត្រលោកម្ចាស់​ទាំងឡាយ អាបត្តិបារាជិកទាំងឡាយ៨ ខ្ញុំសំដែងឡើងហើយ បណ្តាអាបត្តិបារាជិក​ទាំងឡាយ៨នុ៎ះ ភិក្ខុនីណា​ត្រូវអាបត្តិ​បារាជិកណាមួយ ភិក្ខុនីនោះ​មិនបាន​នៅរួម​ជាមួយ​នឹងភិក្ខុនី​ទាំងឡាយ​ឡើយ (ព្រោះ) ខ្លួនត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន កាលអំពីមុន គឺកាល​ដែលខ្លួន​នៅ​ជាគ្រហស្ថ​មានសភាព​យ៉ាងណា កាលខាងក្រោយ ដែលខ្លួន​ត្រូវបារាជិកហើយ ក៏មានសភាព​ដូច្នោះដែរ។ ខ្ញុំសូមសួរ​លោកម្ចាស់ទាំងឡាយ​ក្នុងរឿងនោះ លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរអស់វារៈ​គំរប់​ពីរដងផង លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសួរអស់វារៈ​គំរប់​បីដងផង លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ក្នុងរឿង​នុ៎ះ​ហើយ ហេតុនោះ បានជា​នៅស្ងៀម។ ខ្ញុំសូម​ចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។»



km/tipitaka/vin/vbi/pr/index.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann