vin vbu ay បាលី cs-km: vin.vbu.ay អដ្ឋកថា: vin.vbu.ay_att PTS: ?
អនិយតកណ្ឌ
មាតិកា
ធ្វើឡើងសម្រាប់ព្រះសង្ឃ ដោយ
ពុទ្ធបរិស័ទ នៃ sangham.net
«លោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះអនិយតពីរ ខ្ញុំសំដែងឡើងហើយ។»
អនិយតាបត្តិ ទី១ គឺ អលំកម្មនិយ៖ «ភិក្ខុណាមួយ តែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាម មានឧបាសិកាដែលមានវាចាគួរជឿបាន ឃើញភិក្ខុនោះ ហើយគប្បីចោទដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺអាបត្តិបារាជិកក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុទទួលប្តេជ្ញាការអង្គុយ (នោះមែន) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិបារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកានោះមានវាចាគួរជឿបាន ចោទដោយអាបត្តិណា វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះចំពោះភិក្ខុនោះ។ អាបត្តិនេះ ឈ្មោះថា អនិយត (មិនទៀង)។»
អនិយតាបត្តិ ទី២ គឺ នាលំកម្មនិយ៖ «អាសនៈដែលគេមិនបានបិទបាំងមែន មិនល្មមធ្វើ (សេវនកិច្ច) បានមែន តែថា គួរអាចនឹងនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់បាន។ ភិក្ខុណាមួយ តែម្នាក់និងម្នាក់ អង្គុយក្នុងទីកំបាំង លើអាសនៈមានសភាពយ៉ាងនោះ ជាមួយនឹងមាតុគ្រាម មានឧបាសិកាដែលមានវាចាគួរជឿបាន ឃើញភិក្ខុនោះ ហើយចោទដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុទទួលប្តេជ្ញាការអង្គុយ (នោះ) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី ឬបាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកាដែលមានសំដីគួរជឿបាននោះ ចោទដោយអាបត្តិណា វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះចំពោះភិក្ខុនោះ។ សូម្បីធម៌នេះ ក៏ឈ្មោះ អនិយតដែរ។»
«លោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះអនិយតពីរ ខ្ញុំសំដែងឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងអាបត្តិទាំងនោះ លោកម្ចាស់ជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរអស់វារៈពីរដងផង លោកម្ចាស់ជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរអស់វារៈបីដងផង លោកម្ចាស់ជាអ្នកបរិសុទ្ធហើយឬ លោកម្ចាស់បរិសុទ្ធក្នុងអាបត្តិទាំងនេះហើយ ហេតុនោះ បានជាលោកម្ចាស់ស្ងៀមនៅ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។»