vin បាលី cs-km: vin.vbu អដ្ឋកថា: vin.vbu_att PTS: ?
មហាវិភង្គ
មាតិកា
ធ្វើឡើងសម្រាប់ព្រះសង្ឃ ដោយ
ពុទ្ធបរិស័ទ នៃ sangham.net
ទាញយកឯកសារ ដែលបានបង្ហាប់ នៃការសំឡេងអានរបស់មហាវិភង្គ ទាំងអស់ (~2.68GB) vin.vbu_mp3.zip
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ពន្យល់អំពីមូលដ្ឋាននៃការគោរព។ រឿងមួយទៀតបញ្ជាក់ច្បាស់ថា សាសនានេះមិនមែនជាកិច្ចការសង្គមទូទៅដែលមានគោលបំណងក្នុងលោកទេ។ ចុងក្រោយនៃសូត្រនេះព្រះសារីបុត្របានសួរថាហេតុអ្វីបានជាព្រះពុទ្ធសាសនាអាចស្ថិតនៅបានយូរ…។
បារាជិកសិក្ខាបទទាំង៤ គឺ សេពមេថុន១ លួចទ្រព្យគេ១ សម្លាប់មនុស្ស១ ពោលអួតឧត្តរិមនុស្សធម្ម១ ហៅថាឆេជ្ជវត្ថុ (វត្ថុដាច់ចាកភិក្ខុភាវៈ) មិនត្រូវសង្ស័យឡើយ។
បារាជិកសិក្ខាបទ គឺ សេពមេថុន៖ «ភិក្ខុណាមួយដល់ព្រមដោយសិក្ខានិងសាជីវៈ (ដែលតថាគតបញ្ញត្តហើយ) សម្រាប់ភិក្ខុទាំងឡាយ ហើយមិនពោលលាសិក្ខា មិនធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម ដោយហោចទៅសូម្បីតែនឹងសត្វតិរច្ឆានញី ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។»
បារាជិកសិក្ខាបទ គឺ លួចទ្រព្យគេ៖ «ភិក្ខុណាមួយកាន់យកទ្រព្យដែលគេមិនបានឲ្យដោយចំណែកនៃចិត្តលួច អំពីស្រុកក្តី ព្រៃក្តី ស្តេចទាំងឡាយចាប់បានចោរហើយត្រូវសម្លាប់ក្តី ឃុំខាំងក្តី និរទេសក្តី ដោយពាក្យថា ឯងជាចោរ ជាមនុស្សពាលវង្វេង ជាមនុស្សល្មួច ព្រោះអទិន្នាទានមានសភាពយ៉ាងណា ភិក្ខុកាលដែលកាន់យកទ្រព្យដែលគេមិនបានឲ្យ មានសភាពយ៉ាងនោះ ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិករកសំវាសគ្មាន (គឺឥតមានកិរិយានៅរួបរួមគ្នាបាន)។»
បារាជិកសិក្ខាបទ គឺ សម្លាប់មនុស្ស៖ «ភិក្ខុណាមួយក្លែងផ្តាច់បង់រាងកាយរបស់មនុស្ស ឲ្យឃ្លាតចាកជីវិតក្តី ទោះបីស្វែងរកគ្រឿងសស្ត្រាវុធ (ឲ្យគេសម្លាប់) រាងកាយមនុស្សនោះក្តី ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ថា នែបុរសដ៏ចំរើន អ្នកមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ អ្នកស្លាប់ទៅប្រសើរជាងរស់នៅ (ភិក្ខុ) មានចិត្តគិតដូច្នេះ មានសេចក្តីត្រិះរិះក្នុងចិត្តដូច្នេះ គប្បីពណ៌នាគុណនៃសេចក្តីស្លាប់ ឬគប្បីណែនាំដើម្បីសេចក្តីស្លាប់ដោយអនេកបរិយាយ ភិក្ខុនេះក្តី ហៅថាត្រូវអាបត្តិបារាជិក មិនមានសំវាសឡើយ។»
បារាជិកសិក្ខាបទ គឺ ពោលអួតឧត្តរិមនុស្សធម្ម៖ «ភិក្ខុណាមួយ មិនដឹងច្បាស់ ហើយពោលអួតឧត្តរិមនុស្សធម្ម ជាធម៌មានញាណ (សេចក្តីដឹង) និងទស្សនៈ (កិរិយាឃើញ) ដ៏ប្រសើរ អាចកំចាត់នូវកិលេស គួរបង្អោនមកដាក់ក្នុងខ្លួនដោយពាក្យថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ លុះដល់សម័យដទៃអំពីនោះមក ទោះមានគេសាកសួរក្តី ឥតមានគេសាកសួរក្តី ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ (ទោះបី) មានប្រាថ្នាចង់ឲ្យបរិសុទ្ធ ហើយត្រឡប់ជានិយាយកែសំនួនយ៉ាងនេះវិញថា នែអាវុសោ ខ្ញុំមិនដឹងយ៉ាងនេះទេ (ប៉ុន្តែ) ពោលថាដឹង ខ្ញុំមិនឃើញយ៉ាងនេះទេ (ប៉ុន្តែ) ពោលថាឃើញ ខ្ញុំពោលកុហកសោះទេ ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន វៀរលែងតែ សំគាល់ថាខ្លួនបានត្រាស់ដឹង។»
«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះបារាជិកទាំង៤ ដែលខ្ញុំបានសំដែងហើយនេះ បណ្តាអាបត្តិទាំង៤នុ៎ះ ភិក្ខុណាត្រូវអាបត្តិណាមួយហើយ ក៏មិនបាននូវកិរិយានៅរួបរួមជាមួយនឹងភិក្ខុទាំងឡាយឡើយ ភិក្ខុនោះជាបារាជិក រកសំវាសគ្មាន កាលពីមុនយ៉ាងណាមិញ ខាងក្រោយក៏ដូច្នោះដែរ។ ខ្ញុំព្រះករុណា សូមសួរលោកដ៏មានអាយុទាំងឡាយ ក្នុងអាបត្តិបារាជិកទាំង៤នោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំព្រះករុណា សូមសួរគំរប់ពីរដងទៀត លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំព្រះករុណា សូមសួរគំរប់៣ដងទៀត លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាអ្នកបរិសុទ្ធហើយក្នុងបារាជិកាបត្តិទាំង៤នុ៎ះ ព្រោះហេតុដូច្នោះ បានជាស្ងៀម។ ខ្ញុំព្រះករុណាដឹងថា លោកទាំងឡាយបរិសុទ្ធហើយ ដោយហេតុដែលស្ងៀមយ៉ាងនេះ។»
«អាបត្តិទាំងឡាយឈ្មោះសង្ឃាទិសេសទាំង១៣ ខ្ញុំសំដែងឡើងហើយ អាបត្តិទាំងឡាយ៩ ហៅថាបឋមាបត្តិកា គឺត្រូវអាបត្តិក្នុងវេលាធ្វើឲ្យកន្លងបញ្ញត្តិជាដម្បូង អាបត្តិទាំងឡាយ៤ ហៅថា យាវតតិយកា គឺត្រូវអាបត្តិក្នុងវេលាដែលសង្ឃសូត្រប្រកាសហាមជាគំរប់បីដង ហើយមិនលះបង់ការអាក្រក់នោះ បណ្តាអាបត្តិទាំង១៣ បើភិក្ខុណាត្រូវអាបត្តិណានីមួយ ហើយដឹងច្បាស់ បិទបាំងទុកអស់ប៉ុន្មានថ្ងៃ ភិក្ខុនោះត្រូវនៅបរិវាសអស់ប៉ុណ្ណោះថ្ងៃ ព្រោះខ្លួនមិនមានសេចក្តីប្រាថ្នានឹងនៅបរិវាស។ ភិក្ខុដែលនៅបរិវាសហើយ ត្រូវប្រព្រឹត្តភិក្ខុមានត្ត អស់៦រាត្រីតទៅទៀត។ ភិក្ខុប្រព្រឹត្តមានត្តហើយ ភិក្ខុសង្ឃពួក២០រូបមានក្នុងទីណា ភិក្ខុនោះ គឺភិក្ខុសង្ឃពួក២០រូប គប្បីឲ្យអព្ភាន កម្មក្នុងទីនោះ។ បើភិក្ខុសង្ឃមិនគ្រប់២០រូបទេ សូម្បីខ្វះតែមួយរូប ហើយខំតែឲ្យអព្ភានកម្មដល់ភិក្ខុនោះ។ ឯភិក្ខុនោះ មិនបានឈ្មោះថា សង្ឃឲ្យអព្ភានកម្មផង ទាំងពួកភិក្ខុ (ជាការកសង្ឃ) នោះ ឈ្មោះថា ត្រូវព្រះពុទ្ធជាម្ចាស់តិះដៀលបានផង។» (ពី § ៣៣០ )
សង្ឃាទិសេស ទី១ គឺ វិសដ្ឋិ ការបញ្ចេញទឹកសុក្ក១៖ «ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស លើកលែងតែយល់សប្តិ។»
សង្ឃាទិសេស ទី២ គឺ កាយសំសគ្គោ ស្ទាបអង្អែលកាយស្រី៖ «ភិក្ខុណាមួយគឺកាមរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួលហើយ ដល់ព្រមនូវកាយសំសគ្គមួយអន្លើដោយមាតុគ្រាម ទោះចាប់ដៃក្តី ចាប់ផ្នួងសក់ក្តី ឬស្ទាបអង្អែលអវយវត្រង់ណាៗក្តី ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី៣ គឺ ទុដ្ឋុល្លំ ពោលពាក្យអាក្រក់៖ «ភិក្ខុណាមួយ គឺរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួល និយាយចង់មាតុគ្រាមដោយសំដីអាក្រក់ ដូចប្រុសកំឡោះនិយាយចង់ស្រីក្រមុំដោយសំដីដែលប្រកបដោយមេថុន ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី៤ គឺ អត្តកាមំ ឲ្យស្រីបម្រើខ្លួនដោយកាម៖ «ភិក្ខុណាមួយ គឺរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួល ពោលសរសើរការបម្រើជាកាមដើម្បីខ្លួនក្នុងសំណាក់នៃមាតុគ្រាម ដោយសំដីប្រកបដោយមេថុនធម្មថា ស្រីណាគប្បីបម្រើនូវភិក្ខុមានសីល មានធម៌ជាកុសល ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរប្រហែលដូចអាត្មាដោយធម៌នេះ ម្នាលប្អូនស្រី ការបម្រើនេះរបស់ស្រីនោះ ជាការប្រសើរជាងការបម្រើទាំងអស់ (ពោលពាក្យដូច្នោះ) ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី៥ គឺ សញ្ចរិត្តំ ដឹកនាំបុរសស្រ្តីឲ្យបានគ្នាជាប្តីប្រពន្ធ៖ «ភិក្ខុណាមួយប្រព្រឹត្តនិយាយដឹកនាំ គឺប្រាប់សេចក្តីប្រាថ្នាប្រុសដល់ស្រីក្តី ប្រាប់សេចក្តីប្រាថ្នាស្រីដល់ប្រុសក្តី ឲ្យបានគ្នាជាប្រពន្ធក្តី ជាប្តីឬជាសហាយក្តី ដោយហោចទៅសូម្បីតែស្រីដែលបុរសគប្បីនៅរួមអសទ្ធម្មមួយរំពេច នោះ ត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី៦ គឺ កុដិ ធ្វើកុដិ៖ «កាលភិក្ខុឲ្យគេធ្វើកុដិដែលមិនមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿងឧបករណ៍មកខ្លួនឯង គប្បីធ្វើឲ្យប្រកបដោយប្រមាណ ប្រមាណកុដិនោះគឺ បណ្តោយ១២ចំអាម ទទឹង៧ចំអាម ដោយចំអាមព្រះសុគតវាស់ខាងក្នុង ត្រូវនាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យ ភិក្ខុទាំងនោះគប្បីសំដែងទីដែលមិនមានអន្តរាយ និងមានឧបចារ បើភិក្ខុឲ្យគេធ្វើកុដិដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ក្នុងទីដែលមានអន្តរាយ និងមិនមានឧបចារក្តី មិនបាននាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យក្តី ធ្វើឲ្យកន្លងហួសប្រមាណក្តី ត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី៧ គឺ វិហារោ ធ្វើទីលំនៅ៖ «ភិក្ខុកាលឲ្យគេធ្វើវិហារ មានម្ចាស់ចំពោះជាទីនៅរបស់ខ្លួន ត្រូវនាំភិក្ខុទាំងឡាយមកសំដែងទីឲ្យ ភិក្ខុទាំងឡាយនោះត្រូវសំដែងទីដែលមិនមានសេចក្តីរង្កៀស មានឧបចារ ថាបើទីដីប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារហើយ ភិក្ខុគប្បីឲ្យធ្វើវិហារធំ ឬមិននាំភិក្ខុទាំងឡាយទៅដើម្បីសំដែងទីឲ្យ ត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី៨ គឺ អមូលកំ ចោទអាបត្តិរកដើមហេតុគ្មាន៖ «ភិក្ខុណាមួយ មានសេចក្តីក្រោធប្រទូស្ត មានចិត្តអាក់អន់ ចោទភិក្ខុផងគ្នាដោយអាបត្តិបារាជិកមិនមានមូល ដោយបំណងថា អញត្រូវធ្វើដូចម្តេចឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ នេះបាន លុះសម័យខាងក្រោយតពីនោះមក ទោះគេសាកសួរក្តី គេមិនសាកសួរក្តី អធិករណ៍នោះប្រាកដជាគ្មានមូល ភិក្ខុអ្នកចោទនោះ ក៏ប្តេជ្ញាទោស (ដោយខ្លួនឯង) ត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី៩ គឺ កញ្ចិលេសំ ចោទអាងលេសនីមួយ៖ «ភិក្ខុណាមួយ មានទោសទ្រុស្តហើយ មានសេចក្តីក្រោធ មានចិត្តមិនរីករាយ បានកាន់យកហេតុបន្តិចបន្តួចរបស់អធិករណ៍ ជាចំណែកដទៃមកជាគ្រឿងអាង ហើយចោទភិក្ខុ ដោយអាបត្តិបារាជិក ដោយបំណងថា ធ្វើម្តេចហ្ន៎ អញគប្បីញុំាងភិក្ខុនោះឲ្យឃ្លាតចាកព្រហ្មចរិយធម៌ (សាសនា) នេះបាន លុះសម័យខាងក្រោយតពីនោះមក ភិក្ខុអ្នកចោទនោះ មានគេសាកសួរក្តី មិនមានគេសាកសួរក្តី តែអធិករណ៍នោះជាចំណែកដទៃទេ ភិក្ខុកាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាង ហើយភិក្ខុប្តេជ្ញាទោស ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី១០ គឺ ភេទោ បំបែកសង្ឃ៖ «ភិក្ខុណាមួយព្យាយាមដើមរមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុនោះដោយពាក្យយ៉ាងនេះថា លោកម្ចាស់កុំព្យាយាមដើម្បីបំបែកសង្ឃដែលព្រមព្រៀងគ្នាឡើយ ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ សូមលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះថា ព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុនោះ កាលភិក្ខុទាំងឡាយពោល (ហាម) យ៉ាងនេះហើយ នៅប្រកាន់លទ្ធិយ៉ាងនោះដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ពោលប្រដៅហាមប្រាម) ជាកំណត់បីដង ដើម្បីឲ្យលះបង់សង្ឃភេទកម្មនោះ។ កាលបើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់បីដងហើយ ភិក្ខុនោះបានលះបង់សង្ឃភេទកម្មនោះចេញ ការលះបង់បាននេះជាការប្រពៃ បើភិក្ខុនោះមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី១១ គឺ តស្សេវឃ្វាមជ្រៀងអនុវត្តកា ពួកភិក្ខុប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃនោះឯង៖ «ភិក្ខុទាំងឡាយមួយរូបក្តី ពីររូបក្តី បីរូបក្តី ជាអ្នកប្រព្រឹត្តតាមភិក្ខុដែលបំបែកសង្ឃនោះឯង និងជាអ្នកពោលប្រកាន់ពួក ហើយពួកភិក្ខុទាំងនោះពោលហាម ភិក្ខុទាំងឡាយ (ដែលជាភិក្ខុបរិសុទ្ធ) យ៉ាងនេះថា ម្នាលលោកម្ចាស់ទាំងឡាយ លោកទាំងឡាយកុំពោលពាក្យបន្តិចបន្តួចនឹងភិក្ខុនេះ ព្រោះភិក្ខុនេះ ជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះ ជាអ្នកពោលត្រូវតាមវិន័យផង ម្យ៉ាងទៀត ភិក្ខុនេះកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើង ទើបពោល លោកដឹងសេចក្តីពេញចិត្តជាដើមរបស់ពួកយើង ទើបពោល អំពើនេះក៏គាប់ចិត្ត ដល់យើងទាំងឡាយ។ ពួកភិក្ខុទាំងនោះ ត្រូវតែភិក្ខុទាំងឡាយ (ដែលបរិសុទ្ធ) ពោលយ៉ាងនេះថា ម្នាលលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ព្រោះភិក្ខុនេះ មិនមែនជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះ មិនមែនជាអ្នកពោលត្រូវតាមវិន័យផង សូមលោកម្ចាស់ទាំងឡាយកុំគាប់ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅសប្បាយ។ ពួកភិក្ខុទាំងនោះ កាលដែលភិក្ខុទាំងឡាយពោលហាមយ៉ាងនេះ ក៏នៅប្រកាន់លទ្ធិយ៉ាងនោះដដែល ពួកភិក្ខុទាំងនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មអស់វារៈគំរប់បីដង ដើម្បីលះបង់នូវកម្មនោះ។ កាលបើភិក្ខុទាំងឡាយ សូត្រសមនុភាសនកម្មដល់គំរប់បីដងហើយ ពួកភិក្ខុទាំងនោះលះបង់នូវរឿងនោះចេញ ការលះបង់បានយ៉ាងនេះ ជាការល្អណាស់ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី១២ គឺ ទុព្វច្ចំ ប្រដៅក្រ៖ «ភិក្ខុមានជាតិដែលគេប្រដៅក្រ កាលភិក្ខុទាំងឡាយពោលប្រដៅ (ខ្លួន) ដោយធម៌ ក្នុងសិក្ខាបទទាំងឡាយដែលរាប់ចូលក្នុងឧទ្ទេស (បាតិមោក្ខ) ធ្វើខ្លួនឲ្យគេប្រដៅមិនបាន ដោយពាក្យថា លោកម្ចាស់ទាំងឡាយ លោកកុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងខ្ញុំឡើយ ចំណែកខ្ញុំក៏នឹងមិនពោលពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងលោកម្ចាស់ទាំងឡាយដែរ បពិត្រលោកម្ចាស់ទាំងឡាយ ចូរលោកលែងនិយាយប្រដៅខ្ញុំទៅ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយពោល (ហាម) យ៉ាងនេះថា លោកម្ចាស់កុំធ្វើខ្លួនឲ្យគេប្រដៅមិនបានឡើយ លោកម្ចាស់ត្រូវតែធ្វើខ្លួនឲ្យគេពោលប្រដៅបានផង ចំណែកលោកម្ចាស់ ចូរប្រដៅភិក្ខុទាំងឡាយដោយសហធម៌ (ពុទ្ធប្បញ្ញត្តិ) សូម្បីពួកភិក្ខុក៏ពោលប្រដៅលោកម្ចាស់ដោយសហធម៌ដែរ ព្រោះបរិសទ្យរបស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយពាក្យជាប្រយោជន៍ដល់គ្នានឹងគ្នា និងដោយញុំាងគ្នានឹងគ្នាឲ្យចេញចាកអាបត្តិយ៉ាងនេះ។ កាលភិក្ខុទាំងឡាយពោលប្រដៅភិក្ខុនោះយ៉ាងនេះ (ភិក្ខុនោះ) ក៏នៅប្រកាន់ាងហ្នឹងដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាម) ជាគំរប់បីដង ដើម្បីឲ្យលះបង់នូវកម្មនោះ បើភិក្ខុនោះ កាលពួកភិក្ខុសូត្រសមនុភាសនកម្ម ជាគំរប់បីដង ហើយលះបង់រឿងនោះបាន ការលះបង់បានយ៉ាងនេះ ជាការរួចទោស បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។»
សង្ឃាទិសេស ទី១៣ គឺ កុលទូសំ ទ្រុស្តត្រកូល៖ «ភិក្ខុចូលទៅជិតអាស្រ័យស្រុក ឬនិគម កន្លែងណាមួយ ហើយនៅ ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់របស់ភិក្ខុនោះឯង ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលភិក្ខុនោះទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយត្រូវនិយាយស្តីឲ្យយ៉ាងនេះថា លោកដ៏មានអាយុជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលលោកដ៏មានអាយុទ្រុស្តហើយនោះ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងទីនេះទេ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ ត្រឡប់ថាឲ្យភិក្ខុទាំងឡាយនោះយ៉ាងនេះវិញថា ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្រឡាញ់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខឹងផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីល្ងង់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខ្លាចផង (ព្រោះ) ភិក្ខុទាំងឡាយនោះ បណ្តេញភិក្ខុពួកខ្លះ មិនបណ្តេញភិក្ខុពួកខ្លះដោយអាបត្តិដូចគ្នាទេ។ ភិក្ខុនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា លោកដ៏មានអាយុចូរកុំនិយាយយ៉ាងនេះ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្រឡាញ់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្អប់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីល្ងង់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីខ្លាច លោកដ៏មានអាយុឯង ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញចាកអាវាសនេះទៅ លោកកុំនៅក្នុងអាវាសនេះ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ នៅតែប្រកាន់លទ្ធិយ៉ាងនេះដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មប្រកាសហាម ដើម្បីឲ្យលះបង់អំពើអាក្រក់នោះកំណត់បីដង។ ភិក្ខុនោះ បើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មកំណត់បីដង លះអំពើអាក្រក់នោះបាន សេចក្តីលះបង់បាននេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។»
«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិទាំងឡាយឈ្មោះសង្ឃាទិសេសទាំង១៣ ខ្ញុំសំដែងឡើងហើយ អាបត្តិទាំងឡាយ៩ ហៅថាបឋមាបត្តិកា គឺត្រូវអាបត្តិក្នុងវេលាធ្វើឲ្យកន្លងបញ្ញត្តិជាដម្បូង អាបត្តិទាំងឡាយ៤ ហៅថា យាវតតិយកា គឺត្រូវអាបត្តិក្នុងវេលាដែលសង្ឃសូត្រប្រកាសហាមជាគំរប់បីដង ហើយមិនលះបង់ការអាក្រក់នោះ បណ្តាអាបត្តិទាំង១៣ បើភិក្ខុណាត្រូវអាបត្តិណានីមួយ ហើយដឹងច្បាស់ បិទបាំងទុកអស់ប៉ុន្មានថ្ងៃ ភិក្ខុនោះត្រូវនៅបរិវាសអស់ប៉ុណ្ណោះថ្ងៃ ព្រោះខ្លួនមិនមានសេចក្តីប្រាថ្នានឹងនៅបរិវាស។ ភិក្ខុដែលនៅបរិវាសហើយ ត្រូវប្រព្រឹត្តភិក្ខុមានត្ត អស់៦រាត្រីតទៅទៀត។ ភិក្ខុប្រព្រឹត្តមានត្តហើយ ភិក្ខុសង្ឃពួក២០រូបមានក្នុងទីណា ភិក្ខុនោះ គឺភិក្ខុសង្ឃពួក២០រូប គប្បីឲ្យអព្ភាន កម្មក្នុងទីនោះ។ បើភិក្ខុសង្ឃមិនគ្រប់២០រូបទេ សូម្បីខ្វះតែមួយរូប ហើយខំតែឲ្យអព្ភានកម្មដល់ភិក្ខុនោះ។ ឯភិក្ខុនោះ មិនបានឈ្មោះថា សង្ឃឲ្យអព្ភានកម្មផង ទាំងពួកភិក្ខុ (ជាការកសង្ឃ) នោះ ឈ្មោះថា ត្រូវព្រះពុទ្ធជាម្ចាស់តិះដៀលបានផង។ សេចក្តីប្រតិបត្តិនេះ ជាការដ៏សមគួរក្នុងកម្មនោះ។ ខ្ញុំសូមសួរលោកដ៏មានអាយុទាំងឡាយក្នុងរឿងនោះ លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធហើយឬ ខ្ញុំសួរអស់វារៈពីរដងផង លោកទាំងឡាយ ជាភិក្ខុបិរសុទ្ធហើយឬ ខ្ញុំសួរអស់វារៈបីដងផង លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាភិក្ខុបរិសុទ្ធក្នុងរឿងនេះហើយ ហេតុនោះ បានជាស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះដោយអាការស្ងៀមនៅយ៉ាងនេះ។
«លោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះអនិយតពីរ ខ្ញុំសំដែងឡើងហើយ។»
អនិយតាបត្តិ ទី១ គឺ អលំកម្មនិយ៖ «ភិក្ខុណាមួយ តែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាម មានឧបាសិកាដែលមានវាចាគួរជឿបាន ឃើញភិក្ខុនោះ ហើយគប្បីចោទដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺអាបត្តិបារាជិកក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុទទួលប្តេជ្ញាការអង្គុយ (នោះមែន) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិបារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកានោះមានវាចាគួរជឿបាន ចោទដោយអាបត្តិណា វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះចំពោះភិក្ខុនោះ។ អាបត្តិនេះ ឈ្មោះថា អនិយត (មិនទៀង)។»
អនិយតាបត្តិ ទី១ គឺ អលំកម្មនិយ៖ «ភិក្ខុណាមួយ តែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាម មានឧបាសិកាដែលមានវាចាគួរជឿបាន ឃើញភិក្ខុនោះ ហើយគប្បីចោទដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺអាបត្តិបារាជិកក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុទទួលប្តេជ្ញាការអង្គុយ (នោះមែន) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិបារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកានោះមានវាចាគួរជឿបាន ចោទដោយអាបត្តិណា វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះចំពោះភិក្ខុនោះ។ អាបត្តិនេះ ឈ្មោះថា អនិយត (មិនទៀង)។»
«លោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះអនិយតពីរ ខ្ញុំសំដែងឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងអាបត្តិទាំងនោះ លោកម្ចាស់ជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរអស់វារៈពីរដងផង លោកម្ចាស់ជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរអស់វារៈបីដងផង លោកម្ចាស់ជាអ្នកបរិសុទ្ធហើយឬ លោកម្ចាស់បរិសុទ្ធក្នុងអាបត្តិទាំងនេះហើយ ហេតុនោះ បានជាលោកម្ចាស់ស្ងៀមនៅ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។»
«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្ដិនិស្សគ្គិយបាចិត្ដិយទាំង ៣០ ខ្ញុំសំដែងឡើងហើយ។»
និស្សគ្គិយ សិក្ខាបទ ទី១ គឺ សំពត់អតិរេកចីវរដែលភិក្ខុបានមកហើយ មិនបានវិកប្បអធិដ្ឋានក្នុងវេលា ដែលអស់អំណាចអានិសង្សកឋិន ហើយទុកឱ្យកន្លងដប់រាត្រី៖ «កាលបើចីវរសម្រេចហើយ (ក្ដី) កឋិនដោះហើយ (ក្ដី) ភិក្ខុត្រូវទុកអតិរេកចីវរ បានតែត្រឹមដប់ថ្ងៃ បើឱ្យកន្លងហួសពីដប់ថ្ងៃនោះទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី២ គឺ ក្នុងវេលា ដែលអស់អំណាចអានិសង្សកឋិនហើយ ភិក្ខុនៅប្រាសចាកត្រៃចីវរឱ្យកន្លងមួយរាត្រី៖ «កាលបើចីវររបស់ភិក្ខុសម្រេចហើយ កឋិនដោះហើយ បើភិក្ខុនៅប្រាសចាកត្រៃចីវរ សូម្បីតែមួយយប់ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានអវិប្បវាសសម្មតិអំពីសង្ឃ។»
និស្សគ្គិយ សិក្ខាបទ ទី៣ គឺ ភិក្ខុទុកអកាលចីវរឱ្យហួសពីមួយខែ៖ «កាលបើចីវររបស់ភិក្ខុសម្រេចហើយ កឋិនដោះហើយ បើអកាលចីវរកើតឡើងចំពោះភិក្ខុ ទាំងភិក្ខុសោតក៏ត្រូវការ (អកាលចីវរនោះ) ត្រូវទទួលចុះ លុះទទួលរួចហើយ ត្រូវរវៀសរវៃធ្វើឱ្យឆាប់ បើចីវរនោះខ្វះធ្វើមិនគ្រប់ទេ ភិក្ខុនោះមានបំណងថានឹងរកចីវរមកបំពេញនូវចីវរដែលខ្វះ (នោះ) ត្រូវទុកចីវរនោះបានយ៉ាងយូរបំផុតត្រឹម១ខែ បើទុកឱ្យលើសពី១ខែនោះទៅ បើទុកជាមានបំណងថានឹងរកចីវរមកបំពេញទៀតក៏ដោយ គង់ត្រូវនិស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៤ គឺ ភិក្ខុប្រើនាងភិក្ខុនីមិនមែនជាញាតិឱ្យលាងចីវរចាស់៖ «ភិក្ខុណាមួយ ប្រើនាងភិក្ខុនីដែលមិនមែនជាញាតិឱ្យលាងក្ដី ឱ្យជ្រលក់ក្ដី ឱ្យគក់ឬបោកក្ដី នូវចីវរចាស់ ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៥ គឺ ភិក្ខុទទួលចីវរពីដៃនាងភិក្ខុនីមិនមែនជាញាតិ៖ «ភិក្ខុណាមួយទទួលយកចីវរអំពីដៃនាងភិក្ខុនី ដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែផ្លាស់ប្ដូរគ្នា។»
និស្សគ្គិយ សិក្ខាបទ ទី៦ គឺ ភិក្ខុសូមចីវរពីគ្រហស្ថមិនមែនជាញាតិ៖ «ភិក្ខុណាមួយ សុំចីវរចំពោះគហបតី ឬគហបតានីដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះ គឺភិក្ខុមានចីវរដែលចោរដណ្ដើមយកទៅ ឬភិក្ខុមានចីវរខូច នេះជាសម័យក្នុងសិក្ខាបទនោះ។»
និស្សគ្គិយ សិក្ខាបទ ទី៧ គឺ ភិក្ខុសូមចីវរហួសពីអន្ដរវាសក (ស្បង់) និងឧត្ដរាសង្គ (ចីពរ)៖ «បើគហបតិក្ដី គហបតានីក្ដី បវារណាដល់ភិក្ខុនោះ ដើម្បីឱ្យកាន់យកតាមត្រូវការដោយចីវរដ៏ច្រើន ភិក្ខុនោះគប្បីត្រេកអរចំពោះចីវរនោះតែត្រឹមអន្ដរវាសក និងឧត្ដរាសង្គ បើភិក្ខុត្រេកអរឱ្យលើសជាងកំណត់នោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៨ គឺ ភិក្ខុទៅនិយាយនឹងគ្រហស្ថ ដែលមិនមែនជាញាតិ មិនបានបវារណា ដែលគេបម្រុងនឹងប្រគេនចីវរ ឱ្យគេប្រគេនចីវរឱ្យល្អ៖ «ដម្លៃចីវរដែលគហបតិក្ដី គហបតានីក្ដី មិនមែនជាញាតិចំពោះភិក្ខុ ហើយតាំងទុកថា ខ្ញុំនឹងទិញចីវរដោយដម្លៃចីវរនេះ ហើយនឹងឱ្យភិក្ខុឈ្មោះនេះ ស្លៀកដណ្ដប់ចីវរ។ បើភិក្ខុនោះ ដែលគេមិនបានបវារណាមុន ហើយចូលទៅក្នុងទីនោះ ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ ហើយកំណត់ចីវរដោយពាក្យថា ល្អហើយអ្នកដ៏មានអាយុ អ្នកចូរទិញចីវរមានបែបយ៉ាងនេះក្ដីៗ ដោយដម្លៃចីវរនេះ ហើយឱ្យអាត្មាស្លៀកដណ្ដប់ចុះ ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៩ គឺ ភិក្ខុទៅនិយាយនឹងគ្រហស្ថច្រើនរូបមិនមែនជាញាតិ មិនមែនជនដែលបានបវារណា ឱ្យគេរួបរួមថ្លៃជាមួយគ្នា ដើម្បីទិញចីវរល្អ៖ «ដម្លៃចីវរផ្សេងគ្នា ដែលគហបតិក្ដី គហបតានីក្ដី មិនមែនជាញាតិទាំងងពីរនាក់ចំពោះភិក្ខុមួយរូប ហើយដំកល់ទុកថា យើងទាំងឡាយនឹងទិញចីវរទាំងឡាយមួយម្នាក់ដោយដម្លៃចីវរផ្សេងគ្នាទាំងនេះ ហើយនឹងឱ្យភិក្ខុឈ្មោះនេះ ស្លៀកដណ្ដប់ចីវរទាំងឡាយ។ បើភិក្ខុនោះគេមិនបានបវារណាជាមុន ហើយចូលទៅក្នុងទីនោះ ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ ហើយកំណត់ចីវរដោយពាក្យថា ស្រួលហើយ អ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងពីរចូររួបរួមជាមួយគ្នា ទិញចីវរបែបយ៉ាងនេះផងៗ ដោយដម្លៃចីវរម្ចាស់ផ្សេងគ្នាយ៉ាងនេះ ហើយឱ្យអាត្មាស្លៀកដណ្ដប់ចុះ ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី១០ គឺ ភិក្ខុទៅតឹងទារចីវរអំពីវេយ្យាវច្ចករហួសពីបីដង និងឈរហួសពីប្រាំមួយដង៖ «ស្ដេចក្ដី រាជអាមាត្យក្ដី ព្រាហ្មណ៍ក្ដី គហបតិក្ដី បញ្ជូនដម្លៃចីវរទៅ ដោយបម្រើចំពោះភិក្ខុមួយរូបថា អ្នកឯងចូរទិញចីវរដោយដម្លៃចីវរនេះ ហើយចូរឱ្យភិក្ខុឈ្មោះនេះស្លៀកដណ្ដប់ចីវរចុះ។ បើបម្រើនោះ ចូលទៅរកភិក្ខុនោះ ហើយពោលយ៉ាងនេះថា លោកម្ចាស់ដម្លៃចីវរនេះ ខ្ញុំនាំមកចំពោះលោកដ៏មានអាយុ លោកដ៏មានអាយុសូមទទួលយកដម្លៃចីវរចុះ ភិក្ខុនោះត្រូវនិយាយពាក្យយ៉ាងនេះនឹងបម្រើនោះថា ម្នាល អាវុសោ យើងទទួលយកដម្លៃចីវរមិនបានទេ យើងទទួលបានតែចីវរសមគួរដោយកាលដ៏គួរ។ បើបម្រើនោះពោលនឹងភិក្ខុនោះយ៉ាងនេះថា អ្នកណាមួយជាវេយ្យាវច្ចកររបស់លោកដ៏មានអាយុ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកត្រូវការចីវរ គប្បីបង្ហាញវេយ្យាវច្ចករ គឺញោមវត្ដ ឬឧបាសកថា ម្នាលអាវុសោ អ្នកនេះឯងជាវេយ្យាវច្ចករ របស់ភិក្ខុទាំងឡាយ។ បើបម្រើនោះពន្យល់វេយ្យាវច្ចករនោះហើយ ក៏ចូលទៅរកភិក្ខុនោះ ហើយពោលយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន លោកដ៏មានអាយុបង្ហាញនូវវេយ្យាវច្ចករណា វេយ្យាវច្ចករនោះខ្ញុំព្រះករុណាបានពន្យល់ហើយ សូមលោកដ៏មានអាយុចូលទៅរក (គេ)ចុះ គេនឹងឱ្យលោកម្ចាស់ស្លៀកដណ្ដប់ចីវរដោយកាលដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកត្រូវការចីវរ គប្បីចូលទៅតឹងទារ ដាស់តឿនវេយ្យាវច្ចករពីរ បីលើកថា ម្នាលអាវុសោ អាត្មាត្រូវការចីវរ។ កាលបើភិក្ខុទៅតឹងទារ ទៅដាស់តឿនអស់ពីរបីលើក ក៏ញ៉ាំងចីវរនោះឱ្យសម្រេចបាន ការនេះជាការល្អ បើញ៉ាំងចីវរនោះឱ្យសម្រេចមិនបានទេ ភិក្ខុគប្បីទៅឈរស្ងៀមចំពោះមុខបួនលើក ប្រាំលើក ប្រាំមួយលើកយ៉ាងច្រើន កាលបើភិក្ខុឈរស្លៀមនៅចំពោះមុខបួនលើក ប្រាំលើក ប្រាំមួយលើក យ៉ាងច្រើន ញ៉ាំងចីវរនោះឱ្យសម្រេចបាន ការនេះជាការល្អ បើធ្វើចីវរនោះឱ្យសម្រេចមិនបានទេ ហើយភិក្ខុនោះចេះតែព្យាយាមឱ្យលើសអំពីកំណត់នោះ ទាល់តែបានចីវរនោះមក ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ បើភិក្ខុញ៉ាំងចីវរនោះឱ្យសម្រេចមិនបានទេ បម្រើនោះនាំដម្លៃចីវរមកដើម្បីភិក្ខុនោះ អំពីសំណាក់អ្នកណា ភិក្ខុគប្បីទៅខ្លួនឯង ឬប្រើបម្រើទៅក្នុងសំណាក់អ្នកនោះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយបញ្ជូនដម្លៃចីវរណាទៅចំពោះភិក្ខុរូបណា ដម្លៃចីវរនោះ មិនសម្រេចប្រយោជន៍បន្ដិចបន្ដួចដល់ភិក្ខុរូបនោះទេ អ្នកដ៏មានអាយុចូរទារយករបស់ខ្លួនវិញចុះ ទ្រព្យរបស់អ្នកទាំងឡាយចូរកុំឱ្យវិនាស ការនេះជាសាម៉ីចិកម្ម (សេចក្ដីប្រព្រឹត្ដគួរ) ក្នុងសិក្ខាបទនោះ។»
និស្សគ្គិយ សិក្ខាបទ ទី១ (១១) គឺ ភិក្ខុធ្វើសន្ថ័តដោយរោមចៀមលាយសូត្រ៖ «ភិក្ខុណាមួយ ឱ្យគេធ្វើសន្ថ័តលាយដោយសូត្រ សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី២ (១២) គឺ ភិក្ខុធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ៖ «ភិក្ខុណាមួយ ឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវ អាបត្ដិបាចិត្ដិយ។ »
និស្សគ្គិយ សិក្ខាបទ ទី៣ (១៣) គឺ ភិក្ខុធ្វើសន្ថ័តត្រូវយករោមចៀមខ្មៅពីរភាគមកលាយ៖ «ភិក្ខុកាលឱ្យគេធ្វើសន្ថ័តថ្មី គប្បីកាន់យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀមសភាគទីបី (១ ភាគ) រោមចៀមក្រហមភាគទី៤ (១ ភាគ)។ បើភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី មិនកាន់យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀមសភាគទីបី រោមចៀមក្រហមភាគទីបួនទេ សន្ថ័តនោះ ជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៤ (១៤) គឺ ភិក្ខុធ្វើសន្ថ័តថ្មីហើយត្រូវប្រើប្រាស់ឱ្យបាន៦ឆ្នាំ៖ «ភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី គប្បី ប្រើប្រាស់ឱ្យដល់ប្រាំមួយឆ្នាំ។ បើប្រើប្រាស់មិនទាន់ដល់ប្រាំមួយឆ្នាំទេ លះចោលក្ដី មិនបានលះចោលក្ដីនូវសន្ថ័តនោះ ហើយឱ្យគេធ្វើសន្ថ័តថ្មី ដទៃទៀត សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៥ (១៥) គឺ ភិក្ខុធ្វើសន្ថ័តសម្រាប់ទ្រាប់អង្គុយត្រូវកាត់យកសន្ថ័តចាស់មកលាយ៖ «ភិក្ខុកាលឱ្យគេធ្វើសន្ថ័តសម្រាប់ទ្រាប់អង្គុយ គប្បីយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញ (មកផ្សំលាយនឹងសន្ថ័តថ្មី) ដើម្បីនឹងធ្វើសន្ថ័តថ្មីនោះឱ្យខូចពណ៌។ បើភិក្ខុឱ្យគេធ្វើនិសីទនសន្ថ័តថ្មី មិនយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញ (មកផ្សំលាយនឹង សន្ថ័តថ្មីទេ) សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៦ (១៦) គឺ ភិក្ខុកាន់យករោមចៀមដែល កើតឡើងពាក់កណ្ដាលផ្លូវ បានតែត្រឹមបីយោជន៍៖ «រោមចៀមទាំងឡាយកើតឡើងដល់ភិក្ខុអ្នកដើរផ្លូវឆ្ងាយ កាលបើភិក្ខុប្រាថ្នា គប្បីទទួលយកបាន លុះទទួលហើយ បើមិនមានអ្នកនាំយកទៅឱ្យទេ គប្បីនាំយកទៅដោយដៃខ្លួនឯងកាន់ចម្ងាយផ្លូវយ៉ាងច្រើនត្រឹមបីយោជន៍ កាលបើមិនមានអ្នកនាំយកទៅឱ្យទេ ភិក្ខុនាំយករោមចៀមទៅដោយខ្លួនឯងលើសពីកំណត់នោះទៅ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៧ (១៧) គឺ ភិក្ខុប្រើនាងភិក្ខុនីឱ្យលាងជ្រលក់គក់រោមចៀម៖ «ភិក្ខុណាមួយ ប្រើនាងភិក្ខុនីមិនមែនជាញាតិឱ្យលាងក្ដី ឱ្យជ្រលក់ក្ដី ឱ្យសិតឬត្រដោះក្ដី នូវរោមចៀមទាំងឡាយ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៨ (១៨) គឺ ភិក្ខុទទួលរូបិយ៖ «ភិក្ខុណាមួយ ទទួលខ្លួនឯងក្ដី ប្រើគេឱ្យទទួលក្ដី នូវមាសប្រាក់ ឬមួយត្រេកអរនូវមាសប្រាក់ដែលគេទុកដាក់ឱ្យ មាសប្រាក់នោះ ជានិស្សគ្គិយ ភិក្ខុនោះ ត្រូវអាបត្ដិបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៩ (១៩) គឺ ភិក្ខុលក់ទិញដោយរូបិយ៖ «ភិក្ខុណាមួយប្រព្រឹត្ដទិញដូរដោយរូបិយ មានប្រការផ្សេងៗ វត្ថុដែលទិញមកនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី១០ (២០) គឺ ភិក្ខុលក់ទិញផ្លាស់ប្ដូរដោយកប្បិយវត្ថុ៖ «ភិក្ខុណាមួយប្រព្រឹត្ដទិញដូររបស់មានប្រការផ្សេងៗ របស់នោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី១ (២១) គឺ និយាយអំពីបាត្រ៖ «អតិរេកបាត្រ ភិក្ខុទ្រទ្រង់ទុកបានត្រឹមកំណត់១០ថ្ងៃ កន្លងហួសអំពីនោះទៅ អតិរេកបាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី២ (២២) គឺ និយាយអំពីបាត្រ៖ «ភិក្ខុណាមួយមានបាត្រមិនទាន់មានចំណងគ្រប់៥អន្លើ ឱ្យគេរកបាត្រថ្មីទៀត (បាត្រនោះ) ជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនោះត្រូវលះបង់បាត្រនោះក្នុងភិក្ខុបរិសទ្យ។ បាត្រណាជាទីបំផុតរបស់ភិក្ខុបរិសទ្យនោះ បាត្រនោះភិក្ខុដែលបានសន្មត ត្រូវប្រគល់បាត្រនោះ ឱ្យដល់ភិក្ខុនោះដោយពាក្យថា ម្នាលភិក្ខុ នេះបាត្ររបស់លោកៗ គប្បីប្រើប្រាស់ត្រាតែបែក។ នេះជាសាមីចិកម្ម(គឺការប្រពៃ) ក្នុងការលះបង់បាត្រនោះ។»
និស្សគ្គិយ សិក្ខាបទ ទី៣ (២៣) គឺ និយាយអំពីថ្នាំ៖ «ភេសជ្ជៈណាមួយ ដែលពួកភិក្ខុមានជម្ងឺគប្បីឆាន់បាន ភេសជ្ជៈនេះគឺ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ។ ភិក្ខុទទួលភេសជ្ជៈទាំងនោះហើយ គួរទុកឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ បើភិក្ខុទុកឱ្យកន្លងកំណត់នោះទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។» [«សប្បិ» (ភាសាឥណ្ឌាហៅថា «ឃី» ស្រដៀងប៊ឺររាវ) «នវនីត» (ប៊ឺរខាប់ ) «តេល» (ប្រេងឆាពីសណ្តែកឬល្ង ) «មធុ» (ទឹកឃ្មំុ) «ផាណិត» (ស្ករ)]
និស្សគ្គិយ សិក្ខាបទ ទី៤ (២៤) គឺ និយាយអំពីសម្ពត់ងូតទឹកភ្លៀង៖ «ភិក្ខុកំណត់ដឹងថាខែមួយជាខាងចុងនៃគិម្ហរដូវ គប្បីស្វែងរកសាដិកចីវរ សម្រាប់ងូតទឹកភ្លៀង ភិក្ខុកំណត់ដឹងថានៅកន្លះខែជាខាងចុងនៃគិម្ហរដូវទៀត គប្បីធ្វើឱ្យស្រេចហើយប្រើប្រាស់ចុះ។ បើមិនទាន់ដល់ខែមួយជាខាងចុងនៃគិម្ហរដូវទេ ភិក្ខុស្វែងរកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង និងមិនទាន់ដល់កន្លះខែជាខាងចុងគិម្ហរដូវទេ ភិក្ខុធ្វើឱ្យស្រេច ហើយប្រើប្រាស់ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៥ (២៥) គឺ និយាយអំពីការឱ្យចីវរ៖ «ភិក្ខុណាមួយឱ្យចីវរដល់ភិក្ខុ (ដទៃ) ដោយខ្លួនឯងហើយ ខឹងអន់ចិត្ដដណ្ដើមយក (ចីវរ) មកវិញក្ដី ប្រើឱ្យគេដណ្ដើមយកមកវិញក្ដី ភិក្ខុនោះត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៦ (២៦) គឺ និយាយអំពីការសូមអម្បោះគេមកខ្លួនឯង៖ «ភិក្ខុណាមួយសូមអម្បោះមកដោយខ្លួនឯង ហើយឱ្យពួក ជាងដម្បាញត្បាញចីវរឱ្យ ភិក្ខុនោះត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៧ (២៧) គឺ និយាយអំពីការប្រើឱ្យគេត្បាញ៖ «គហបតិ (គឺបុរសជាម្ចាស់ផ្ទះ) ក្ដី គហបតានី (គឺស្រីជាម្ចាស់ផ្ទះ) ក្ដីដែលមិនមែនជាញាតិ ឱ្យជាងដម្បាញត្បាញចីវរចំពោះភិក្ខុណាមួយ។ បើភិក្ខុនោះ ដែលអ្នកម្ចាស់ចីវរគេមិនបានបវារណាមកពីមុនក្នុងរឿងចីវរនោះ អាចហ៊ានចូលទៅរកជាងដម្បាញ ហើយដល់នៅកិរិយាកំណត់ក្នុងចីវរ (គឺរិះគន់ចង់បានល្អឱ្យហួសហេតុ) គឺពោលថានែអ្នកដ៏មានអាយុ ចីវរនេះគេឱ្យត្បាញចំពោះអាត្មា អ្នកទាំង ឡាយចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យមានសាច់ញឹក ឱ្យស្មើល្អ រឹតឱ្យ តឹងល្អ ចូរត្រដោះកួតហើយសិតឱ្យល្អ សឹមអាត្មាថែមរង្វាន់ឱ្យអ្នកបន្ដិចបន្ដួច។ ភិក្ខុនោះលុះនិយាយយ៉ាងនេះហើយ ក៏ថែមរង្វាន់បន្ដិចបន្ដួចឱ្យដោយហោចទៅ ទុកជាគ្រាន់តែចង្ហាន់បិណ្ឌបាត (១ឆ្អែត) ក៏ត្រូវអាបត្ដិ និស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៨ (២៨) គឺ និយាយអំពីអច្ចេកចីវរ៖ «ថ្ងៃពេញបូណ៌មីខែកត្ដិក ដែលជាខែទី ៣ នៃវស្សានរដូវនៅខ្វះ១០ថ្ងៃ ទៀតនឹងគ្រប់ (គឺថ្ងៃ៥កើតខែអស្សុជ) បើអច្ចេកចីវរកើតឡើងដល់ភិក្ខុៗ សំគាល់ថាជាអច្ចេកចីវរ គប្បីទទួលទុក លុះទទួលហើយគប្បីទុកដាក់ដរាបអស់សម័យចីវរកាល បើភិក្ខុទុកយូរឱ្យហួសកំណត់នោះទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។»
និស្សគ្គិយ សិក្ខាបទ ទី៩ (២៩) គឺ និយាយអំពីទីមានសេចក្ដីរង្កៀស៖ «កាលបើភិក្ខុទាំងឡាយចំាវស្សារួចហើយ លុះដល់មកពេញបូណ៌មីខែកត្ដិក។ សេនាសនៈទាំងឡាយណាដែលតាំងនៅក្នុងព្រៃ ដែលគេសម្មតិថាជាទីមានសេចក្ដីរង្កៀស មានភ័យចំពោះមុខ កាលភិក្ខុនៅក្នុងសេនាសនៈទាំងឡាយមានសភាពដូច្នោះ បើមានចំណង់នឹងទុកចីវរ គប្បីទុកបណ្ដាចីវរទាំង៣ចីវរណាមួយក្នុងចន្លោះផ្ទះ។ តែបើភិក្ខុនោះមានហេតុអ្វីនីមួយល្មមឱ្យនៅប្រាសចាកចីវរនោះបាន ភិក្ខុនោះគប្បីនៅ ប្រាសចាកចីវរនោះយ៉ាងយូរត្រឹម៦រាត្រី។ បើនៅប្រាសចាកឱ្យហួសពីកំណត់នោះទៅ ត្រូវអាបត្ដិ និស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសេចក្ដីសម្មតិអំពីសង្ឃ។»
និស្សគ្គិយ សិក្ខាបទ ទី១០ (៣០) គឺ និយាយអំពីការបង្អោនលាភរបស់សង្ឃ៖ «ភិក្ខុណាមួយកាលដឹង ហើយបង្អោននូវលាភរបស់សង្ឃ ដែលគេនឹងបង្អោនទៅ (ដើម្បីសង្ឃ) មកដើម្បីខ្លួនវិញ ភិក្ខុនោះត្រូវនិស្សគ្គិយបាចិត្ដិយ។»
vin.vbu.pc | ភាគ ៣ និង ៤
«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាចិត្តិយ៩២ទាំងនេះឯងតែងមកកាន់ឧទ្ទេស។»
បាចិត្តិយសិក្ខាបទ ទី១ គឺ សម្បជានមុសាវាទ៖ «ភិក្ខុពោលពាក្យកុហកដោយដឹងខ្លួន ត្រូវអាបត្ដិបាចិត្ដិយ។»
បាចិត្តិយសិក្ខាបទ ទី២ គឺ ឱមសវាទ៖ «ភិក្ខុពោលពាក្យចាក់ដោត ត្រូវអាបត្ដិបាចិត្ដិយ។»
បាចិត្តិយសិក្ខាបទ ទី៣ គឺ បេសុញ្ញវាទ៖ «ភិក្ខុត្រូវអាបត្ដិ បាចិត្ដិយ ព្រោះពោលពាក្យញុះញង់ភិក្ខុផងគ្នា។»
បាចិត្តិយសិក្ខាបទ ទី៤ គឺ បទសោធម្ម៖ «ភិក្ខុណាមួយ បង្រៀនធម៌ជាបទចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ។»
បាចិត្តិយសិក្ខាបទ ទី៥ គឺ បឋមសហសេយ្យ៖ «ភិក្ខុណាមួយ សម្រេចនូវទីដេកជាមួយនឹងអនុបសម្បន្ន លើសជាងពីរយប់ ឬបីយប់ឡើងទៅ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។»
បាចិត្តិយសិក្ខាបទ ទី៦ គឺ ទុតិយសហសេយ្យ៖ «ភិក្ខុណាមួយសម្រេចនូវទីដេកជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិបាចិត្ដិយ។»
បាចិត្តិយសិក្ខាបទ ទី៧ គឺ ធម្មទេសនា៖ «ភិក្ខុណាមួយ សំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ វៀរលែងតែមានបុរសដែលដឹងក្ដី (អង្គុយជិត)។»
បាចិត្តិយសិក្ខាបទ ទី៨ គឺ ភូតារោចនៈ៖ «ភិក្ខុណាមួយប្រាប់ឧត្ដរិមនុស្សធម៌ ដល់អនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ ព្រោះឧត្ដរិមនុស្សធម៌នោះភិក្ខុបានពិតមែន។»
បាចិត្តិយសិក្ខាបទ ទី៩ គឺ ទុដ្ឋុល្លាបត្ដិ៖ «ភិក្ខុណាមួយប្រាប់ទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នាដល់អនុបសម្បន្នបុគ្គល ត្រូវអាបត្ដិបាចិត្ដិយ វៀរលែងតែភិក្ខុដែលសង្ឃសន្មតឱ្យប្រាប់។»
បាចិត្តិយសិក្ខាបទ ទី១០ គឺ បឋវីខណនៈ៖ «ភិក្ខុណាមួយជីកដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យជីកក្ដី នូវផែនដីត្រូវអាបត្ដិបាចិត្ដិយ។»
vin.vbu.pc.v2 | ភាគ ៣ និង ៤
បាចិត្តិយ សិក្ខាបទ ទី១ (១១) គឺ ភិក្ខុធ្វើភូតគាមឲ្យដាច់ចាក៖ «ភិក្ខុធ្វើភូតតាម មានឈើ និងស្មៅជាដើមឱ្យវិនាស ត្រូវអាបត្ដិបាចិត្ដិយ។»
បាចិត្តិយ សិក្ខាបទ ទី២ (១២) គឺ ភិក្ខុយករឿងដទៃមកបន្លប់ដើម្បីបិទបាំងទោសខ្លួន៖ «ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ ព្រោះពោលនូវពាក្យដទៃ(ឬ)ព្រោះធ្វើឱ្យសង្ឃបានសេចក្ដីលំបាក។»
បាចិត្តិយ សិក្ខាបទ ទី៣ (១៣) គឺ ភិក្ខុលើកទោសភិក្ខុអ្នកធ្វើការសង្ឃ៖ «ភិក្ខុបង្គាប់ភិក្ខុដទៃឱ្យពោលទោស ( ភិក្ខុផងគ្នាឬ ) តិះដៀល ( ភិក្ខុផងគ្នា ) ត្រូវអាបត្ដិបាចិត្ដិយ។»
បាចិត្តិយ សិក្ខាបទ ទី៤ (១៤) គឺ ភិក្ខុយកគ្រែតាំង ពូកកៅអីរបស់សង្ឃទៅចោលក្នុងទីវាល ហើយចៀសចេញទៅ៖ «ភិក្ខុណាមួយលាតឬសន្ធឹងខ្លួនឯងក្ដី ឱ្យគេលាតក្ដី នូវគ្រែក្ដី តាំងក្ដី ពូកក្ដី កៅអីក្ដី ដែលជារបស់សង្ឃក្នុងទីវាល ហើយកាលនឹងដើរចេញទៅ មិនបានរើយកគ្រឿងសេនាសនៈ មានគ្រែជាដើមនោះ មកទុកដាក់ឯង មិនបានប្រើគេឱ្យរើយកមកទុកដាក់ ហើយឥតបានប្រាប់ (អ្នកដទៃ) ស្រាប់ តែដើរចេញទៅ ត្រូវអាបត្ដិបាចិត្ដិយ។»
បាចិត្តិយ សិក្ខាបទ ទី៥ (១៥) គឺ ភិក្ខុយកកម្រាលរបស់សង្ឃទៅក្រាលចោល ហើយចៀសចេញទៅ៖ «ភិក្ខុណាមួយក្រាល ឬប្រើគេឱ្យក្រាលនូវកម្រាលសម្រាប់ដេកក្នុងវិហារជារបស់សង្ឃ ហើយកាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនបានប្រើគេឱ្យរើយកមកទុកដាក់ នូវគ្រឿងសេនាសនៈនោះ ឬឥតបានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរចេញទៅ ត្រូវអាបត្ដិបាចិត្ដិយ។»
បាចិត្តិយ សិក្ខាបទ ទី៦ (១៦) គឺ ភិក្ខុដេកបៀតច្រៀតភិក្ខុអ្នកនៅមុនក្នុងកុដិសង្ឃ៖ «ភិក្ខុណាមួយដឹងហើយ ចូលទៅច្រៀតបៀតនូវភិក្ខុដែលចូលទៅនៅមុន ហើយសម្រេចនូវទីដេកក្នុងវិហាររបស់សង្ឃដោយគិតថា ភិក្ខុណាមានសេចក្តីចង្អៀតចង្អល់ ភិក្ខុនោះនឹងចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើនូវសេចក្តីច្រៀតបៀតនោះឯងឲ្យជាបច្ច័យ មិនមែនហេតុដទៃទេ។»
បាចិត្តិយ សិក្ខាបទ ទី៧ (១៧) គឺ ភិក្ខុខឹងនឹងភិក្ខុឯទៀត ហើយបណ្តេញចាកវិហាររបស់សង្ឃ៖ «ភិក្ខុណាមួយមានចិត្តក្រោធខឹងនឹងភិក្ខុផងគ្នា ហើយទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ចេញចាកវិហាររបស់សង្ឃ ត្រូវអាបត្តិបាចិត្តយ។»
បាចិត្តិយ សិក្ខាបទ ទី៨ (១៨) គឺ ភិក្ខុអង្គុយ ឬដេកលើគ្រែមានជើងស៊កទុក៖ «ភិក្ខុណាមួយអង្គុយចុះ ដោយរហ័សសង្កត់ ឬដេកសង្កត់នូវគ្រែក្តី នូវតាំងក្តី ដែលមានជើងគ្រាន់តែស៊កទុក (ដោយបណ្តោះអាសន្ន) លើថ្នាក់ក្នុងវិហាររបស់សង្ឃ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៩ (១៩) គឺ ភិក្ខុលាបបូកវិហារញយៗ បានកំណត់ត្រឹមសន្លឹកទ្វារ ឬសន្លឹកបង្អួចដោយជុំវិញ៖ «ភិក្ខុកាលឲ្យគេធ្វើវិហារធំ គប្បីឈរ (លាបបូកញយៗបាន) កំណត់ទីមានឱកាសត្រឹមតែសន្លឹកទ្វារ (និងសន្លឹកបង្អួច) ដើម្បីទុកប្រើប្រាស់នូវទ្វារ និងដើម្បីបរិកម្មនូវសន្លឹកបង្អួច ឯដំបូល ភិក្ខុត្រូវឈរក្នុងទីដែលគ្មានដំណាំ (នោះទើប) ប្រក់បានត្រឹមពីរ ឬបីជាន់ បើភិក្ខុប្រក់ឲ្យច្រើនលើសជាងកំណត់នោះទៅ ទុកជាឈរនៅក្នុងទីដែលគ្មានដំណាំ ក៏គង់ត្រូវអាបត្តិបាចិត្តយ។»
បាចិត្តិយ សិក្ខាបទ ទី១០ (២០) គឺ ភិក្ខុយកទឹកមានសត្វស្រោចស្មៅ ឬដី៖ «ភិក្ខុណាមួយដឹងថាទឹកមានសត្វហើយស្រោចឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១ (២១) គឺ អសម្មតសិក្ខាបទ (ភិក្ខុនោវាទសិក្ខាបទ)៖ «ភិក្ខុណាមួយដែលសង្ឃមិនបានសន្មត ហើយទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី២ (២២) គឺ អដ្ឋង្គតសិក្ខាបទ៖ «ភិក្ខុបើទុកជាសង្ឃបានសន្មតហើយ កាលបើព្រះអាទិត្យអស្តង្គតហើយ ទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៣ (២៣) គឺ ឧបស្សយសិក្ខាបទ (ភិក្ខុនូបស្សយ)៖ «ភិក្ខុណាមួយចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ឯសម័យក្នុងសិក្ខាបទនេះ គឺភិក្ខុនីមានជម្ងឺ នេះជាសម័យក្នុងសិក្ខាបទនោះ។»
បាចិត្តិយ សិក្ខាបទ ទី៤ (២៤) គឺ អាមិសសិក្ខាបទ៖ «ភិក្ខុណាមួយពោលយ៉ាងនេះថា ភិក្ខុទាំងឡាយ ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៥ (២៥) គឺ ទានសិក្ខាបទ (ចីវរទានសិក្ខាបទ)៖ «ភិក្ខុណាមួយឲ្យចីវរដល់ភិក្ខុនីមិនមែនជាញាតិ ត្រូវអាបត្តិបាចិត្តិយ វៀរតែផ្លាស់ប្តូរគ្នា។»
បាចិត្តិយ សិក្ខាបទ ទី៦ (២៦) គឺ សិព្វនសិក្ខាបទ (ចីវរសិព្វនសិក្ខាបទ)៖ «ភិក្ខុណាមួយ ដេរឯង ឬប្រើគេឲ្យដេរនូវចីវរឲ្យភិក្ខុនីមិនមែនញាតិ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៧ (២៧) គឺ អទ្ធានសិក្ខាបទ (សំវិធានសិក្ខាបទ)៖ «ភិក្ខុណាមួយបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ដោយហោចទៅ សូម្បីទៅកាន់ទីជាលង្វែកនៃស្រុក១ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ ផ្លូវដែលគួរនឹងទៅដោយមានគ្នីគ្នាជាពួក១ ដែលគេសន្មតថាប្រកបដោយសេចក្តីរង្កៀស១ ដែលប្រកបដោយភ័យចំពោះមុខ១ នេះជាសម័យក្នុងសិក្ខាបទនោះ។»
បាចិត្តិយ សិក្ខាបទ ទី៨ (២៨) គឺ នាវាភិរុហនសិក្ខាបទ៖ «ភិក្ខុណាមួយបបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែការឆ្លងទទឹង។»
បាចិត្តិយ សិក្ខាបទ ទី៩ (២៩) គឺ ភុញ្ជនសិក្ខាបទ (បរិបាចនសិក្ខាបទ)៖ «ភិក្ខុណាមួយកាលដឹងហើយ ឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែចង្ហាន់ដែលគ្រហស្ថបានប្រារព្ធជាមុន។»
បាចិត្តិយ សិក្ខាបទ ទី១០ (៣០) គឺ ឯកោឯកាយសិក្ខាបទ (រហោនិសជ្ជសិក្ខាបទ)៖ «ភិក្ខុណាមួយ សម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីតែម្នាក់នឹងម្នាក់ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១ (៣១) គឺ បិណ្ឌ (សិក្ខាបទ)៖ «បិណ្ឌបាតក្នុងរោងទាន ភិក្ខុមិនមានជម្ងឺត្រូវឆាន់បានតែម្តង បើឆាន់ឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី២ (៣២) គឺ គណ (សិក្ខាបទ)៖ «ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើនូវចីវរ១ សម័យដែលដើរផ្លូវឆ្ងាយ១ សម័យដែលឡើងជិះទូក១ សម័យដែលមានភិក្ខុច្រើនអង្គ១ សម័យនៃសមណភត្ត១ នេះជាសម័យក្នុងសិក្ខាបទនោះ។»
បាចិត្តិយ សិក្ខាបទ ទី៣ (៣៣) គឺ បរ(សិក្ខាបទ)៖ «ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់បរម្បរភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលភិក្ខុមានជម្ងឺ១ សម័យនៃចីវរទាន១ សម័យជាទីធ្វើនូវចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។»
បាចិត្តិយ សិក្ខាបទ ទី៤ (៣៤) គឺ បូវ(សិក្ខាបទ)៖ «ជនបវារណានូវភិក្ខុដែលចូលទៅកាន់ត្រកូលដោយនំទាំងឡាយក្តី ដោយសដូវទាំងឡាយក្តី ដើម្បីនាំទៅបានតាមប្រាថ្នា។ ភិក្ខុមានសេចក្តីប្រាថ្នា ត្រូវទទួលបានត្រឹមពេញពីរបីបាត្រ។ បើទទួលឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលបានទទួលនំ ឬសត្តូវកំណត់ពេញត្រឹមពីរបីបាត្រហើយ ត្រូវនាំចេញអំពីទីនោះមកចែកមួយអន្លើដោយភិក្ខុទាំងឡាយ ការចែកនំ ឬសដូវនេះជាសាមីចិកម្មក្នុង សិក្ខាបទនេះ។»
បាចិត្តិយ សិក្ខាបទ ទី៥ (៣៥) គឺ បវារណា(សិក្ខាបទ)៖ «ភិក្ខុណាមួយឆាន់ហើយ បានហាមភោជនហើយ ទំពាស៊ីក្តី ឆាន់ក្តី នូវខាទនីយាហារ ឬភោជនីយាហារដែលជាអនតិរិត្ត គឺជាវត្ថុដែលមិនបានធ្វើវិនយកម្ម និងមិនមែនសល់អំពីភិក្ខុឈឺ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៦ (៣៦) គឺ បវារណា(សិក្ខាបទ)៖ «ភិក្ខុណាមួយ កាលដឹងហើយ រំពៃរកទោស នាំភត្តទៅបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាមភត្តហើយ ឲ្យទំពាស៊ីក្តី បរិភោគក្តី នូវអនតិរិត្តភោជន ដោយពាក្យថា នែភិក្ខុ អ្នកចូរទំពាស៊ីក្តី បរិភោគក្តី ដូច្នេះ និមិត្តតែភិក្ខុនោះឆាន់ហើយ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៧ (៣៧) គឺ វិកាល(សិក្ខាបទ)៖ «ភិក្ខុណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយក្នុងពេលវិកាល ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៨ (៣៨) គឺ សន្និធិការ(សិក្ខាបទ)៖ «ភិក្ខុណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយជាសន្និធិការកៈ គឺវត្ថុដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៩ (៣៩) គឺ បណីត(សិក្ខាបទ)៖ «ភោជនដ៏ឧត្តមទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះដូចម្តេច ភោជនដ៏ឧត្តមទាំងនោះគឺ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ។ ភិក្ខុណាមួយគ្មានជម្ងឺ សូមភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១០ (៤០) គឺ ទ្វារក(សិក្ខាបទ)៖ «ភិក្ខុណាមួយលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែទឹក និងឈើស្ទន់។»
បាចិត្តិយ សិក្ខាបទ ទី១ (៤១) គឺ បូវសិក្ខាបទ៖ «ភិក្ខុណាមួយឲ្យវត្ថុដែលបុគ្គលគួរទំពាស៊ី ឬវត្ថុដែលបុគ្គលគួរបរិភោគដល់អចេលកក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី២ (៤២) គឺ កថាសិក្ខាបទ៖ «ភិក្ខុណាមួយនិយាយនឹងភិក្ខុយ៉ាងនេះថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងទៅកាន់ស្រុក ឬនិគមដើម្បីបិណ្ឌបាត ហើយឲ្យគេឲ្យ ឬមិនឲ្យគេឲ្យ (អ្វីៗ) ដល់ភិក្ខុនោះ ហើយបញ្ជូនឲ្យត្រឡប់ទៅវិញដោយពាក្យថា នែអាវុសោ លោកចូរទៅវិញចុះ ខ្ញុំនិយាយ ឬអង្គុយជាមួយនឹងលោកមិនសប្បាយទេ ខ្ញុំនិយាយ ឬអង្គុយតែម្នាក់ឯងស្រួលជាង ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើនូវហេតុនុ៎ះឯងឲ្យជាបច្ច័យ មិនមែនជាហេតុដទៃឡើយ។»
បាចិត្តិយ សិក្ខាបទ ទី៣ (៤៣) គឺ ឧបនន្ទ៣សិក្ខាបទ៖ «ភិក្ខុណាមួយចូលទៅសម្រេចការអង្គុយនៅក្នុងត្រកូលដែលមានជនតែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៤ (៤៤) គឺ ឧបនន្ទសិក្ខាបទ៖ «ភិក្ខុណាមួយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង មួយអន្លើដោយមាតុគ្រាម ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៥ (៤៥) គឺ ឧបនន្ទសិក្ខាបទ៖ «ភិក្ខុណាមួយសម្រេចការអង្គុយក្នុងទីស្ងាត់ មួយអន្លើដោយមាតុគ្រាមតែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៦ (៤៦) គឺ ឧបដ្ឋាកសិក្ខាបទ៖ «ភិក្ខុណាមួយបានទទួលនិមន្តគេ ជាអ្នកមានភត្តហើយ មិនបានលា ឬប្រាប់ភិក្ខុដែលមាននៅ ហើយដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ កាលដែលទាយកប្រគេនចីវរ១ កាលដែលភិក្ខុធ្វើចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។»
បាចិត្តិយ សិក្ខាបទ ទី៧ (៤៧) គឺ មហានាមសិក្ខាបទ៖ «ភិក្ខុដែលគ្មានជម្ងឺ ត្រូវត្រេកអរនឹងការបវារណាដោយបច្ច័យកំណត់ត្រឹម៤ខែ បើភិក្ខុត្រេកអរក្រៃលែងជាងនោះទៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែគេបានបវារណាថែមទៀត វៀរលែងតែគេបានបវារណាជានិច្ច។»
បាចិត្តិយ សិក្ខាបទ ទី៨ (៤៨) គឺ បសេនទិសិក្ខាបទ៖ «ភិក្ខុណាមួយទៅដើម្បីមើលកងទ័ពដែលគេលើកចេញទៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។»
បាចិត្តិយ សិក្ខាបទ ទី៩ (៤៩) គឺ សេនាសិក្ខាបទ៖ «ភិក្ខុនោះមានហេតុអ្វីៗ គួរនឹងទៅកាន់កងទ័ពនោះ ភិក្ខុនោះត្រូវនៅក្នុងកងទ័ពបានត្រឹមពីរបីរាត្រី។ បើនៅឲ្យហួសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១០ (៥០) គឺ វិទ្ធសិក្ខាបទ៖ «កាលបើភិក្ខុនៅក្នុងកងទ័ពកំណត់ពីរបីរាត្រីហើយ ទៅកាន់ទីដែលគេច្បាំងគ្នាក្តី ទីដែលគេត្រួតពលក្តី ទីតាំងនៅនៃកងទ័ពក្តី ទីសម្រាប់គេចាត់ក្បួនទ័ពក្តី ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១ (៥១) គឺ សុរាសិក្ខាបទ៖ «ភិក្ខុផឹកសុរានិងមេរ័យ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី២ (៥២) គឺ អង្គុលិសិក្ខាបទ៖ «ភិក្ខុចាក់ក្រលេកប្រលែងគ្នាដោយជន្លួញ គឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៣ (៥៣) គឺ ហាសសិក្ខាបទ៖ «ភិក្ខុលេងទឹក ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៤ (៥៤) គឺ អនាទរិយសិក្ខាបទ៖ «ភិក្ខុមិនអើពើ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៥ (៥៥) គឺ ភឹសនសិក្ខាបទ១៖ «ភិក្ខុណាមួយធ្វើភិក្ខុផងគ្នាឲ្យខ្លាច ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៦ (៥៦) គឺ ជោតិសិក្ខាបទ៖ «ភិក្ខុណាមួយមិនមានជម្ងឺ មានបំណងនឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុ មានសភាពយ៉ាងនោះ។»
បាចិត្តិយ សិក្ខាបទ ទី៧ (៥៧) គឺ ន្ហានសិក្ខាបទ៖ «ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ មួយខែកន្លះដ៏សេស (ខាងចុង) នៃគិម្ហរដូវ និងមួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា២ខែកន្លះ ហៅថាសម័យក្តៅ សម័យស្អុះស្អាប់ សម័យមានជម្ងឺ សម័យធ្វើការងារ សម័យដើរផ្លូវឆ្ងាយ សម័យខ្យល់និងភ្លៀង នេះជាសម័យក្នុងសិក្ខាបទនោះ។»
បាចិត្តិយ សិក្ខាបទ ទី៨ (៥៨) គឺ ទុព្វណ្ណសិក្ខាបទ៖ «ភិក្ខុបានចីវរថ្មីមកហើយ គប្បីកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង គឺពណ៌ខៀវក្តី ពណ៌ភក់ក្តី ពណ៌ខ្មៅជាំក្តី វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ បើភិក្ខុមិនកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ ហើយប្រើប្រាស់ចីវរថ្មី ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៩ (៥៩) គឺ សាមសិក្ខាបទ៖ «ភិក្ខុណាមួយបានវិកប្បចីវរដោយខ្លួនឯងចំពោះភិក្ខុផងគ្នាក្តី ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ហើយប្រើប្រាស់ចីវរដែលមិនទាន់ឲ្យគេដកវិកប្បចេញសិន ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១០ (៦០) គឺ អបនិធសិក្ខាបទ៖ «ភិក្ខុណាមួយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុកនូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី របស់ភិក្ខុផងគ្នា ដោយហោចទៅសូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១ (៦១) គឺ សញ្ចិច្ចវធសិក្ខាបទ៖ «ភិក្ខុណាមួយក្លែងផ្តាច់បង់សត្វចាកជីវិត ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី២ (៦២) គឺ សប្បាណសិក្ខាបទ៖ «ភិក្ខុណាមួយដឹងហើយ បរិភោគទឹកដែលមានសត្វមានជីវិត (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៣ (៦៣) គឺ ឧក្កោសិក្ខាបទ៖ «ភិក្ខុណាមួយកាលដឹងថាអធិករណៈដែលសង្ឃរម្ងាប់សមគួរតាមធម៌ហើយ សើរើដើម្បីធ្វើជាថ្មីទៀត ភិក្ខុនោះ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៤ (៦៤) គឺ ទុដ្ឋុលឆាទនសិក្ខាបទ៖ «ភិក្ខុណាមួយ កាលដឹងហើយ បិទបាំងទុកនូវអាបត្តិអាក្រក់របស់ភិក្ខុផងគ្នា (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៥ (៦៥) គឺ ឩនវីសតិសិក្ខាបទ៖ «ភិក្ខុណាមួយ កាលដឹងហើយ ឲ្យឧបសម្បទាដល់បុគ្គលដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំ បុគ្គលដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំនោះ ក៏នៅជាអនុបសម្បន្នដដែល ចំណែកភិក្ខុទាំងឡាយនោះ អ្នកប្រាជ្ញគប្បីតិះដៀល នេះជាអាបត្តិបាចិត្តិយ ក្នុងរឿងនោះ។»
បាចិត្តិយ សិក្ខាបទ ទី៦ (៦៦) គឺ សត្ថសិក្ខាបទ៖ «ភិក្ខុណាមួយដឹងហើយ បបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយពួកឈ្មួញជាចោរ ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៧ (៦៧) គឺ សំវិធានសិក្ខាបទ៖ «ភិក្ខុណាមួយ បបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយមាតុគ្រាម ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៨ (៦៨) គឺ អរិដ្ឋកសិក្ខាបទ៖ «ភិក្ខុណាមួយ ពោលយ៉ាងនេះថា ធម៌ទាំងឡាយណាតែងធ្វើនូវសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយ ធម៌ទាំងឡាយនោះមិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ ដោយប្រការយ៉ាងណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការយ៉ាងនោះ។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះថា លោកដ៏មានអាយុ លោកចូរកុំពោលយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ នែអាវុសោ ធម៌ទាំងឡាយតែងធ្វើនូវសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះអាចធ្វើនូវសេចក្តីអន្តរាយដល់អ្នកសេពមែន។ ឯភិក្ខុនោះ កាលដែលភិក្ខុទាំងឡាយពោលយ៉ាងនេះហើយ ក៏នៅតែប្រកាន់មាំយ៉ាងនោះដដែល ភិក្ខុនោះត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មអស់វារៈបីដង ដើម្បីឲ្យលះទិដ្ឋិនោះចេញ។ បើភិក្ខុនោះ កាលភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មអស់វារៈបីដង ហើយលះបង់នូវទិដ្ឋិនោះបាន។ ការលះបង់បាននេះ ជាការល្អ បើភិក្ខុនោះមិនលះបង់ទេ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៩ (៦៩) គឺ ឧក្ខិត្តសិក្ខាបទ៖ «ភិក្ខុណាមួយដឹងហើយ បរិភោគរួមក្តី នៅរួមក្តី សម្រេចឥរិយាបថដេករួមក្តី ជាមួយនឹងភិក្ខុដែលមានប្រក្រតីពោលយ៉ាងនោះ ជាអ្នកមិនធ្វើតាមធម៌ ជាអ្នកមិនលះបង់ទិដ្ឋិនោះ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១០ (៧០) គឺ កណ្ឌកសិក្ខាបទ៖ «បើសមណុទ្ទេសពោលយ៉ាងនេះថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណា ដែលព្រះដ៏មានព្រះភាគសំដែងហើយ ថាជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ សមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា នែអាវុសោសមណុទ្ទេស អ្នកឯងកុំនិយាយយ៉ាងនេះឡើយ អ្នកកុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រោះព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ នែអាវុសោសមណុទ្ទេស ធម៌ទាំងឡាយធ្វើសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព (មែន)។ សមណុទ្ទេសនោះ កាលដែលភិក្ខុទាំងឡាយពោលយ៉ាងនេះហើយ ក៏នៅតែប្រកាន់ដដែល សមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា នែអាវុសោសមណុទ្ទេស កាលមានថ្ងៃនេះជាដើម អ្នកមិនត្រូវអាងព្រះដ៏មានព្រះភាគនោះថាជាសាស្តារបស់អ្នកឡើយ សាមណេរទាំងឡាយដទៃតែងបានកិរិយាដេករួមឯណា អស់រាត្រីពីរបីជាមួយនឹងភិក្ខុទាំងឡាយ ការដេកនៅរួមនោះមិនមានដល់អ្នកទេ នែមនុស្សក្រៅការ អ្នកចូរចៀសចេញទៅ ចូរវិនាសទៅ។ ភិក្ខុណាមួយដឹងថា សមណុទ្ទេសដែលសង្ឃឲ្យវិនាសយ៉ាងនោះហើយ បញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគក្តី សម្រេចឥរិយាបថដេករួមក្តី ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១ (៧១) គឺ សហធម្មិកសិក្ខាបទ៖ «ភិក្ខុណាមួយ កាលភិក្ខុទាំងឡាយពោលពាក្យប្រកបដោយធម៌ ហើយពោលយ៉ាងនេះថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សាកសួរភិក្ខុដទៃ ដែលឈ្លាស ដែលទ្រទ្រង់វិន័យដរាបណា ខ្ញុំនឹងមិនសិក្សាសិក្ខាបទនេះដរាបនោះ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកសិក្សា គួរដឹងច្បាស់ គួរសាកសួរ គួរពិចារណា។ នេះជាសាមីចិកម្មក្នុងសិក្ខាបទនោះ។»
បាចិត្តិយ សិក្ខាបទ ទី២ (៧២) គឺ វិវណ្ណនសិក្ខាបទ៖ «ភិក្ខុណាមួយ កាលបើភិក្ខុសំដែងឡើងនូវបាតិមោក្ខ ហើយពោលយ៉ាងនេះថា ប្រយោជន៍អ្វីដោយសិក្ខាបទតូចៗទាំងនេះ ដែលភិក្ខុណាមួយសំដែងឡើងហើយ សិក្ខាបទទាំងឡាយនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីក្តៅក្រហាយចិត្ត ដើម្បីសេចក្តីលំបាកចិត្ត ដើម្បីសេចក្តីរសេមរសាមចិត្តប៉ុណ្ណោះឯង ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ព្រោះពោលបង្អាប់សិក្ខាបទ។»
បាចិត្តិយ សិក្ខាបទ ទី៣ (៧៣) គឺ មោហាបនសិក្ខាបទ៖ «ភិក្ខុណាមួយ កាលភិក្ខុកំពុងសំដែងបាតិមោក្ខរាល់កន្លះខែ ហើយពោលយ៉ាងនេះថា ខ្ញុំទើបតែនឹងដឹងក្នុងកាលឥឡូវនេះថា ឮថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែ។ បើភិក្ខុទាំងឡាយដទៃដឹងនូវភិក្ខុនោះថា ភិក្ខុនេះធ្លាប់អង្គុយស្តាប់បាតិមោក្ខ ដែលភិក្ខុសំដែងអស់វារៈពីរបីដងហើយ នឹងពោលទៅថ្វីទៀតដល់ការស្តាប់ច្រើនដង សេចក្តីរួច (ចាកអាបត្តិ) ដោយអាការដែលមិនដឹង មិនមានដល់ភិក្ខុនោះទេ ភិក្ខុនោះត្រូវអាបត្តិណា ក្នុងរឿងអនាចារនោះ សង្ឃគប្បីញុំាងភិក្ខុនោះឲ្យធ្វើនូវអាបត្តិនោះ ដោយគួរតាមធម៌ ម្យ៉ាងទៀត គប្បីលើកមោហារោបនកម្មដល់ភិក្ខុនោះថែមទៀតថា ម្នាលអាវុសោ (ការនេះ) មិនជាលាភរបស់អ្នកឯងទេ អ្នកឯងបាននូវរបស់អាក្រក់ ដោយហេតុថា កាលភិក្ខុកំពុងសំដែងបាតិមោក្ខ អ្នកមិនបានធ្វើទុកក្នុងចិត្តឲ្យសម្រេចប្រយោជន៍ដ៏ល្អឡើយ។ នេះជាអាបត្តិបាចិត្តិយ ព្រោះក្លែងធ្វើវង្វេងនោះ (ធ្វើពើរ)។»
បាចិត្តិយ សិក្ខាបទ ទី៤ (៧៤) គឺ បហារកសិក្ខាបទ៖ «ភិក្ខុណាមួយ ក្រោធខឹង ហើយឲ្យប្រហារដល់ភិក្ខុផងគ្នា ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៥ (៧៥) គឺ តលសត្តិកសិក្ខាបទ៖ «ភិក្ខុណាមួយក្រោធខឹង ហើយងាឡើងនូវលំពែង គឺបាតដៃ សំដៅភិក្ខុផងគ្នា ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៦ (៧៦) គឺ អមូលកសិក្ខាបទ៖ «ភិក្ខុណាមួយចោទភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូល ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៧ (៧៧) គឺ សញ្ចិច្ចសិក្ខាបទ៖ «ភិក្ខុណាមួយក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុផងគ្នាដោយគិតថា (សេចក្តីរង្កៀសសង្ស័យនេះ) កើតឡើង ការមិនសប្បាយចិត្តនឹងមានដល់ភិក្ខុនោះ១រំពេចមិនខាន ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើសេចក្តីរង្កៀសសង្ស័យនោះឯងជាហេតុពិត មិនមែនហេតុដទៃឡើយ។»
បាចិត្តិយ សិក្ខាបទ ទី៨ (៧៨) គឺ ឧបស្សុតិសិក្ខាបទ៖ «ភិក្ខុណាមួយកាលបើភិក្ខុទាំងឡាយ បង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា ទៅឈរអែបស្តាប់ ដោយគិតថា ភិក្ខុទាំងនេះនឹងពោលពាក្យណា អញនឹងស្តាប់ពាក្យនោះ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើកិរិយាឈរអែបស្តាប់នោះជាហេតុពិត មិនមែនហេតុដទៃឡើយ។»
បាចិត្តិយ សិក្ខាបទ ទី៩ (៧៩) គឺ បដិពាហនសិក្ខាបទ៖ «ភិក្ខុណាមួយឲ្យឆន្ទៈ ដើម្បីកម្មទាំងឡាយដែលប្រកបដោយធម៌ ហើយពោលតិះដៀលជាខាងក្រោយ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១០ (៨០) គឺ ឆន្ទសិក្ខាបទ៖ «ភិក្ខុណាមួយ កាលពាក្យវិនិច្ឆ័យកំពុងប្រព្រឹត្តទៅក្នុងសង្ឃ មិនឲ្យឆន្ទៈ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១១ (៨១) គឺ ទព្វសិក្ខាបទ៖ «ភិក្ខុណាមួយ (កាលបើ)សង្ឃព្រមព្រៀងគ្នាឲ្យចីវរ (ដល់ភិក្ខុ) ហើយ ក៏ដល់នូវធម៌ គឺកិរិយាតិះដៀលជាខាងក្រោយវិញថា ភិក្ខុទាំងឡាយបង្អោនលាភរបស់សង្ឃ តាមសេចក្តីគាប់ចិត្ត ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១២ (៨២) គឺ បរិណាមនសិក្ខាបទ៖ «ភិក្ខុណាមួយដឹងថាលាភរបស់សង្ឃ គេបង្អោនទៅ (ដើម្បីសង្ឃហើយ) ត្រឡប់បង្អោនទៅដើម្បីបុគ្គលវិញ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១ (៨៣) គឺ រាជសិក្ខាបទ៖ «ភិក្ខុណាមួយ (បើ) ស្តេចជាក្សត្រិយ៍បានមុទ្ធាភិសេកហើយ មិនទាន់ជ្រាបជាមុន ឈានកន្លងធរណីចូលទៅក្នុងក្រឡាព្រះបន្ទំ ដែលស្តេចមិនទាន់យាងចេញ ស្រីកែវក៏មិនទាន់ចេញ ត្រូវអាបត្តិបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី២ (៨៤) គឺ រតនសិក្ខាបទ៖ «ភិក្ខុណាមួយរើសឯងក្តី ឲ្យគេរើសក្តី នូវរតនៈក្តី នូវវត្ថុដែលគេសន្មតជារតនៈក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែខាងក្នុងវត្ត ឬខាងក្នុងទីស្នាក់។ ម្យ៉ាងទៀត ភិក្ខុគប្បីរើសឯង ឬឲ្យគេរើសនូវរតនៈក្តី នូវវត្ថុដែលគេសន្មតជារតនៈក្តី ខាងក្នុងអារាមក្តី ខាងក្នុងទីស្នាក់ក្តី ហើយទុកដាក់ដោយគិតថា រតនៈរបស់ជនណា ជននោះនឹងនាំយកទៅ។ នេះជាសាមីចិកម្មក្នុងសិក្ខាបទនោះ។»
បាចិត្តិយ សិក្ខាបទ ទី៣ (៨៥) គឺ សន្តសិក្ខាបទ៖ «ភិក្ខុណាមួយមិនបានលាភិក្ខុដែលមាននៅ ហើយចូលស្រុកក្នុងវេលាវិកាល ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានកិច្ចប្រញាប់ដូច្នោះ។»
បាចិត្តិយ សិក្ខាបទ ទី៤ (៨៦) គឺ សូចិសិក្ខាបទ៖ «ភិក្ខុណាមួយឲ្យគេធ្វើបំពង់ម្ជុលជាវិការនៃឆ្អឹងក្តី ជាវិការនៃភ្លុកក្តី ជាវិការនៃស្នែងក្តី ត្រូវភេទនកបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៥ (៨៧) គឺ មញ្ចសិក្ខាបទ៖ «ភិក្ខុឲ្យគេធ្វើគ្រែក្តី តាំងក្តីដ៏ថ្មី ត្រូវឲ្យធ្វើឲ្យមានជើង៨ធ្នាប់ដោយធ្នាប់ព្រះសុគត វាស់ពីត្រឹមមេគ្រែខាងក្រោមចុះទៅ (បើធ្វើ) ឲ្យកន្លងហួសពីនោះទៅ ត្រូវឆេទនកបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៦ (៨៨) គឺ តូលិកសិក្ខាបទ៖ «ភិក្ខុណាមួយឲ្យគេធ្វើគ្រែក្តី តាំងក្តីញាត់ដោយសំឡី ត្រូវឧទ្ទាលនកបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៧ (៨៩) គឺ និសីទនសិក្ខាបទ៖ «ភិក្ខុនឹងឲ្យគេធ្វើសំពត់និសីទនៈ ត្រូវឲ្យគេធ្វើឲ្យត្រូវនឹងប្រមាណ។ ឯប្រមាណក្នុងសំពត់និសីទនៈនោះយ៉ាងនេះ គឺបណ្តោយ២ចំអាម ទទឹង១ចំអាមកន្លះ ដោយចំអាមព្រះសុគត និងជាយ១ចំអាម។ (បើភិក្ខុធ្វើ) ឲ្យកន្លងហួសពីនោះទៅ ត្រូវឆេទនកបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៨ (៩០) គឺ កណ្ឌុសិក្ខាបទ៖ «ភិក្ខុឲ្យគេធ្វើសំពត់សម្រាប់គ្របកម ត្រូវឲ្យគេធ្វើឲ្យត្រូវនឹងប្រមាណ។ ឯប្រមាណក្នុងសំពត់សម្រាប់គ្របកមនោះយ៉ាងនេះគឺបណ្តោយ៤ចំអាម ទទឹង២ចំអាម ដោយចំអាមព្រះសុគត។ បើភិក្ខុធ្វើឲ្យកន្លងហួសប្រមាណនោះទៅ ត្រូវឆេទនកបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី៩ (៩១) គឺ វស្សិកសិក្ខាបទ៖ «ភិក្ខុឲ្យគេធ្វើសំពត់វស្សិកសាដក ត្រូវឲ្យគេធ្វើឲ្យត្រូវនឹងប្រមាណ។ ឯប្រមាណក្នុងសំពត់វស្សិកសាដកនោះយ៉ាងនេះ គឺបណ្តោយ៦ចំអាម ទទឹង២ចំអាមកន្លះ ដោយចំអាមព្រះសុគត។ បើភិក្ខុធ្វើឲ្យកន្លងហួសប្រមាណនោះទៅ ត្រូវឆេទនកបាចិត្តិយ។»
បាចិត្តិយ សិក្ខាបទ ទី១០ (៩២) គឺ សុគតសិក្ខាបទ៖ «ភិក្ខុណាមួយឲ្យគេធ្វើចីវរប៉ុនចីវរព្រះសុគតឬធំជាង ត្រូវឆេទនកបាចិត្តិយ។ ឯប្រមាណសុគតចីវររបស់ព្រះសុគតនោះយ៉ាងនេះ គឺបណ្តោយ៩ចំអាម ទទឹង៦ចំអាម ដោយចំអាមព្រះសុគត។ នេះជាប្រមាណសុគតចីវររបស់ព្រះសុគត។»
«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាចិត្តិយទាំង៩២ ខ្ញុំបានសំដែងរួចហើយ។ ខ្ញុំសូមសួរអស់លោកដ៏មានអាយុក្នុងអាបត្តិទាំងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរអស់វារៈជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរអស់វារៈជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយសុទ្ធតែជាអ្នកបរិសុទ្ធហើយ ក្នុងអាបត្តិទាំងនេះ ព្រោះហេតុនោះបានជាអស់លោកស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវសេចក្តីបរិសុទ្ធនេះ ដោយការស្ងៀមនៅយ៉ាងនេះឯង។»
«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាដិទេសនីយៈទាំង៤នេះ តែងមកកាន់ឧទ្ទេស។»
បឋមបាដិទេសនីយសិក្ខាបទំ៖ «ភិក្ខុណាមួយទទួលយកខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីដែលមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះផ្ទះ ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនោះត្រូវសំដែងអាបត្តិបាដិទេសនីយៈថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិបាដិទេសនីយៈ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀលហើយ មិនជាទីសប្បាយ ឥឡូវខ្ញុំសូមសំដែងអាបត្តិនោះចេញ។»
ទុតិយបាដិទេសនីយសិក្ខាបទំ៖ «ភិក្ខុទាំងឡាយដែលជនបាននិមន្តហើយ ឆាន់ក្នុងសំណាក់របស់ត្រកូលទាំងឡាយ។ បើមានភិក្ខុនីមកឈរបង្គាប់គេជិតទីនោះថា អ្នកទាំងឡាយចូរប្រគេនសម្លមកក្នុងទីនេះ អ្នកទាំងឡាយចូរប្រគេនបាយមកក្នុងទីនេះ។ ភិក្ខុទាំងនោះត្រូវបណ្តេញភិក្ខុនីនោះថា នែនាង ៗ ចូរថយចេញទៅសិន ទម្រាំតែពួកភិក្ខុឆាន់រួចសព្វគ្រប់។ ភិក្ខុសូម្បី១រូប បើមិនបានពោលបណ្តេញភិក្ខុនីនោះដោយពាក្យថា នែនាង ៗ ចូរថយចេញទៅ ទម្រាំតែពួកភិក្ខុឆាន់រួចសព្វគ្រប់ ដូច្នេះសិនទេ ភិក្ខុទាំងនោះត្រូវសំដែងដោយពាក្យថា ម្នាលអាវុសោ យើងត្រូវហើយនូវអាបត្តិឈ្មោះបាដិទេសនីយៈ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀល មិនជាទីសប្បាយចិត្ត ឥឡូវយើងសូមសំដែងអាបត្តិនោះចេញ។»
តតិយបាដិទេសនីយសិក្ខាបទំ៖ «ពួកត្រកូលណាមួយដែលសង្ឃបានសន្មតថាជាសេក្ខត្រកូលហើយ ភិក្ខុណាមួយ ឥតមានគេនិមន្តក្នុងកាលមុន ហើយឥតទាំងមានជម្ងឺ បានទទួលយកខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃរបស់ខ្លួន អំពីពួកត្រកូលដែលសង្ឃបានសន្មតថាជាសេក្ខត្រកូលបែបនោះហើយ (យកមក) ទំពាស៊ី ឬបរិភោគ ភិក្ខុនោះត្រូវសំដែងថា ម្នាលអាវុសោ ខ្ញុំត្រូវហើយនូវអាបត្តិបាដិទេសនីយៈ មិនជាទីសប្បាយ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀល ខ្ញុំសូមសំដែងអាបត្តិនោះចេញ។»
ចតុត្ថបាដិទេសនីយសិក្ខាបទំ៖ «ទីសេនាសនៈទាំងឡាយណាមួយដែលមាននៅក្នុងព្រៃ ដែលគេសន្មតថាជាទីប្រកបដោយរង្កៀស ប្រកបដោយភ័យចំពោះមុខ ភិក្ខុណាមួយ ឥតមានជម្ងឺនៅក្នុងទីសេនាសនៈទាំងឡាយមានសភាពដូច្នោះ បានទទួលយកខាទនីយៈក្តី ភោជនីយៈក្តី ដែលគេមិនបានឲ្យដំណឹងជាមុន ដោយដៃរបស់ខ្លួនក្នុងអារាម (ហើយយកមក) ទំពាស៊ី ឬបរិភោគ ភិក្ខុនោះត្រូវសំដែងអាបត្តិថា ម្នាលអាវុសោ ខ្ញុំត្រូវហើយនូវអាបត្តិបាដិទេសនីយៈ មិនជាទីសប្បាយ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀល ខ្ញុំសូមសំដែងនូវអាបត្តិនោះចេញ។»
«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាដិទេសនីយៈទាំង៤ ខ្ញុំបានសំដែងរួចហើយ។ ខ្ញុំសូមសួរអស់លោកដ៏មានអាយុក្នុងអាបត្តិទាំងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាអ្នកបរិសុទ្ធហើយក្នុងអាបត្តិទាំងនេះ ព្រោះហេតុនោះបានជាលោកស្ងៀមនៅ។ ខ្ញុំចាំទុកនូវសេចក្តីបរិសុទ្ធ ត្រង់ការស្ងៀមនៅនេះឯង។»
«បពិត្រលោកដ៏មានអាយុទាំងឡាយ វត្តដែលគប្បីសិក្សាទាំងនេះ តែងមកកាន់ឧទ្ទេស។» សារុប្ប មាន ២៦ សិក្ខាបទ នៅភោជនប្បដិសំយុត្ត មាន ៣០ សិក្ខាបទ ក្នុងធម្មទេសនាបដិសំយុត្ត មាន ១៦ សិក្ខាបទ និង ៣ សិក្ខាបទ នៅបកិណ្ណកៈ គឺ ៧៥ សិក្ខាបទ ទាំងអស់គ្នា។
គឺ បរិមណ្ឌលនិវាសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងស្លៀក(ស្បង់)ឲ្យជាបរិមណ្ឌល។
គឺ បរិមណ្ឌលបារុបន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងដណ្តប់ (ចីពរ) ឲ្យជាបរិមណ្ឌល។
គឺ សុបដិច្ឆន្នគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងបិទបាំងឲ្យល្អដើរទៅក្នុងចន្លោះផ្ទះ។
គឺ សុបដិច្ឆន្ននិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងបិទបាំង(កាយ)ឲ្យល្អអង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ សុសំវុតគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងសង្រួមឲ្យល្អដើរទៅក្នុងចន្លោះផ្ទះ។
គឺ សុសំវុតនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងសង្រួមដោយល្អអង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ ឱក្ខិត្តចក្ខុគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមានភ្នែកសំឡឹងចុះ ដើរទៅក្នុងចន្លោះផ្ទះ។
គឺ ឱក្ខិត្តចក្ខុនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមានភ្នែកសំឡឹងចុះ អង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ នឧក្ខិត្តកគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនបានសើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ។
គឺ នឧក្ខិត្តកនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសើយចីវរ អង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ នឧជ្ជគ្ឃិកគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ។
គឺ នឧជ្ជគ្ឃិកនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសើចខ្លាំង អង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ អប្បសទ្ទគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងនិយាយសំដីតិច ដើរទៅក្នុងចន្លោះផ្ទះ។
គឺ អប្បសទ្ទនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងនិយាយសំដីតិច អង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ នកាយប្បចាលកគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនគ្រលែងកាយ ដើរទៅក្នុងចន្លោះផ្ទះ។
គឺ នកាយប្បចាលកនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនគ្រលែងកាយ អង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ នពាហុប្បចាលកគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនបង់បោយ ដើរទៅក្នុងចន្លោះផ្ទះ។
គឺ នពាហុប្បចាលកនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆ្កាដៃ អង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ នសីសប្បចាលកគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនបានគ្រលែងក្បាល ដើរទៅក្នុងចន្លោះផ្ទះ។
គឺ នសីសប្បចាលកនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនគ្រលែងក្បាល អង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ នក្ខម្ភកតគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិន (យកដៃ) ស្ទឹមចង្កេះ ដើរទៅក្នុងចន្លោះផ្ទះ។
គឺ នក្ខម្ភកតនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិន (យកដៃ) ស្ទឹមចង្កេះ អង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ នឱគុណ្ឋិតគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនទទូរក្បាល ដើរទៅក្នុងចន្លោះផ្ទះ។
គឺ នឱគុណ្ឋិតនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនទទូរក្បាល អង្គុយនៅក្នុងចន្លោះផ្ទះ។
គឺ នឧក្កុដិកគមន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនចំអើតជើង ហើយដើរទៅក្នុងចន្លោះផ្ទះ។
គឺ នបល្លត្ថិកនិសីទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនអង្គុយត្របោមក្បាលជង្គង់ ក្នុងចន្លោះផ្ទះ។
គឺ សក្កច្ចបិណ្ឌបាតបដិគ្គហណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងទទួលអាហារបិណ្ឌបាតដោយគោរព។
គឺ បត្តសញ្ញីបដិគ្គហណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងសំគាល់ក្នុងបាត្រ ហើយទទួលបិណ្ឌបាត។
គឺ សមសូបកបដិគ្គហណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងទទួលបិណ្ឌបាតឲ្យល្មមគ្នានឹងសម្ល។
គឺ សមតិគ្គិកបដិគ្គហណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងទទួលបិណ្ឌបាតឲ្យស្មើត្រឹមកណ្តាប់មាត់បាត្រ។
គឺ សក្កច្ចបិណ្ឌបាតភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងឆាន់បិណ្ឌបាតដោយគោរព។
គឺ បត្តសញ្ញីបិណ្ឌបាតភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងសំគាល់តែក្នុងបាត្រឆាន់បិណ្ឌបាត។
គឺ សប្បទានបិណ្ឌបាតភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងឆាន់បិណ្ឌបាតវាចឲ្យស្មើ។
គឺ សមសូបកបិណ្ឌបាតភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងឆាន់បិណ្ឌបាតឲ្យល្មមគ្នានឹងសម្ល។
គឺ នថូបិកតោមទ្ទនភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនបានច្រមត្រង់កំពូលបាយ ហើយឆាន់បិណ្ឌបាត។
គឺ សូបព្យញ្ជនោទនបដិច្ឆាទន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនកកាយបាយលុបសម្ល ឬម្ហូប ព្រោះអាស្រ័យសេចក្តីល្មោភច្រើន។
គឺ សូបោទនវិញ្ញត្តិ៖ ភិក្ខុគួរធ្វើសេចក្តីសិក្សាថា អញឥតមានជម្ងឺ នឹងមិនបានសូមសម្ល ឬបាយ ដើម្បីប្រយោជន៍ខ្លួន ហើយឆាន់។
គឺ ឧជ្ឈានសញ្ញីបត្តោលោកន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនប្រុងលើកទោស ហើយសំឡឹងមើលបាត្រពួកភិក្ខុដទៃ។
គឺ នាតិមហន្តកពឡករណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនធ្វើពំនូតបាយឲ្យធំពេក។
គឺ បរិមណ្ឌលអាលោបករណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងធ្វើពំនូតបាយឲ្យជាបរិមណ្ឌល គឺឲ្យមូល។
គឺ នអនាហដទ្វារវិវរណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា កាលពំនូតបាយមិនទាន់មកដល់ អញនឹងមិនបើទ្វារមាត់ចាំ។
គឺ នសព្វហត្ថបក្ខិបន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញកាលឆាន់បាយ នឹងមិនញាត់(ម្រាម)ដៃទាំងអស់ចូលទៅក្នុងមាត់។
គឺ នសកពឡព្យាហរណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិននិយាយទាំងពំនូតបាយនៅក្នុងមាត់។
គឺ នបិណ្ឌុក្ខេបកភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់បោះដុំបាយ(ទៅក្នុងមាត់)។
គឺ នកពឡាវច្ឆេទក៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់កាត់ពំនូតបាយ។
គឺ នអវគណ្ឌការភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់បៀមពំនូតបាយក្នុងថ្ពាល់។
គឺ នហត្ថនិទ្ធុនកភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់រលាស់ដៃ។
គឺ នសិដ្ឋាវការកភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់គ្រាប់បាយឲ្យជ្រុះរោយរាយ។
គឺ នជិវ្ហានិច្ឆារកភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់លៀនអណ្តាត។
គឺ នចបុចបុការកភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់ធ្វើសំឡេងឲ្យឮផ្ចប់ៗ។
គឺ នសុរុសុរុការកភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនបានឆាន់ធ្វើសំឡេងឲ្យឮគ្រូកៗ។
គឺ នហត្ថនិល្លេហកភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់លិទ្ធដៃ។
គឺ នបត្តនិល្លេហកភុញ្ជន៖ ភិក្ខុមិនត្រូវឆាន់លិទ្ធបាត្រទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយឆាន់លិទ្ធបាត្រ ត្រូវអាបត្តិទុក្កដ។
គឺ នឱដ្ឋនិល្លេហកភុញ្ជន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់លិទ្ធបបូរមាត់។
គឺ នសាមិសបដិគ្គហណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញមានដៃប្រឡាក់ដោយអាមិសៈ នឹងមិនទទួលភាជនៈទឹកសម្រាប់ឆាន់។
គឺ នសសិដ្ឋកឆឌ្ឌន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនចាក់ទឹកលាងបាត្រទាំងគ្រាប់បាយទៅក្នុងចន្លោះផ្ទះ។
គឺ នឆត្តបាណិទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺមានឆត្រនៅក្នុងដៃ។
គឺ នទណ្ឌបាណិទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺមានដំបងនៅក្នុងដៃ។
គឺ នសត្ថបាណិទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺមានគ្រឿងសស្ត្រានៅក្នុងដៃ។
គឺ នអាវុធបាណិទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺមានគ្រឿងអាវុធនៅក្នុងដៃ។
គឺ នបាទុការុឡ្ហទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺពាក់ទ្រនាប់ជើង។
គឺ នឧបាហនទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺពាក់ស្បែកជើង។
គឺ នយានគតទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺនៅលើយានទេ។
គឺ នសយនគតទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺនៅលើដំណេក។
គឺ នបល្លត្ថិកទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺអង្គុយត្របោមក្បាលជង្គង់។
គឺ នវេដ្ឋិតសីសទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺជួតក្បាល។
គឺ នឱគុណ្ឋិតសីសទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺទទូរក្បាល។
គឺ នឆមាទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនអង្គុយផ្ទាល់នឹងផែនដី ហើយសំដែងធម៌ដល់មនុស្សគ្មានជម្ងឺអង្គុយនៅលើអាសនៈ។
គឺ ននីចាសនទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនអង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សគ្មានជម្ងឺអង្គុយលើអាសនៈខ្ពស់។
គឺ នឋិតទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឈរសំដែងធម៌ដល់មនុស្សគ្មានជម្ងឺដែលអង្គុយ។
គឺ នបច្ឆតោទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនដើរខាងក្រោយ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺដើរខាងមុខ។
គឺ នឧប្បថទេសន៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនដើរក្រៅផ្លូវ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺដើរតាមផ្លូវ។
គឺ នឋិតករណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញគ្មានជម្ងឺ នឹងមិនឈរបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ។
គឺ នហរិតករណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញគ្មានជម្ងឺ នឹងមិនបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់លើស្មៅស្រស់ ឬឈើស្រស់។
គឺ នឧទកករណ៖ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញគ្មានជម្ងឺ នឹងមិនបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់ដាក់លើទឹក។
«សេក្ខិយវត្តទាំង៧៥សិក្ខាបទ(នេះ) ព្រះគោតមដ៏មានយស ជាទេវតាក្រៃលែងជាងទេវតា បានបញ្ញត្តហើយ ដើម្បីឲ្យពួកសាវកសិក្សាតាម។ បពិត្រលោកដ៏មានអាយុទាំងឡាយ វត្តដែលគប្បីសិក្សាទាំងឡាយ ខ្ញុំបានសំដែងឡើងហើយ។ ខ្ញុំសូមសួរអស់លោកដ៏មានអាយុក្នុងសេក្ខិយវត្តទាំងនោះ លោកទាំងឡាយបរិសុទ្ធហើយឬ ខ្ញុំសួរជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសួរជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ អស់លោកដ៏មានអាយុជាអ្នកបរិសុទ្ធក្នុងសេក្ខិយវត្តទាំងនេះហើយ ព្រោះហេតុនោះ បានជាអស់លោកស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវសេចក្តី បរិសុទ្ធនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។»
«បពិត្រលោកម្ចាស់ទាំងឡាយ ធម៌សម្រាប់រម្ងាប់នូវអធិករណ៍ទាំងឡាយ៧នេះឯង តែងមកកាន់ឧទ្ទេស។» ៧ ដូចជាព្រះភិក្ខុសង្ឃ នៅក្នុងមហាវិភង្គ។
«សង្ឃត្រូវឲ្យសម្មុខាវិន័យ ឲ្យសតិវិន័យ ឲ្យអមូឡ្ហវិន័យ សង្ឃត្រូវធ្វើបដិញ្ញាតករណៈ ត្រូវធ្វើយេភុយ្យសិកា ត្រូវធ្វើតស្សបាបិយសិកា ត្រូវធ្វើតិណវត្ថារក ដើម្បីរម្ងាប់ គឺផ្សះផ្សានូវអធិករណ៍ទាំងឡាយដែលកើតឡើងហើយៗ។»
«បពិត្រលោកម្ចាស់ទាំងឡាយ ធម៌ទាំងឡាយឈ្មោះអធិករណសមថៈទាំង៧ ខ្ញុំសំដែងឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងធម៌ទាំងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយបរិសុទ្ធក្នុងធម៌ទាំងនេះហើយ ហេតុនោះ បានជាស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។»
«បពិត្រលោកម្ចាស់ទាំងឡាយ និទានខ្ញុំសំដែងឡើងហើយ អាបត្តិបារាជិក៤ ខ្ញុំសំដែងឡើងហើយ អាបត្តិសង្ឃាទិសេស១៣ ខ្ញុំសំដែងឡើងហើយ អនិយតសិក្ខាបទ២ ខ្ញុំសំដែងឡើងហើយ អាបត្តិនិស្សគ្គិយបាចិត្តិយ៣០ ខ្ញុំសំដែងឡើងហើយ អាបត្តិបាចិត្តិយ៩២ ខ្ញុំសំដែងឡើងហើយ អាបត្តិបាដិទេសនីយៈ៤ ខ្ញុំសំដែងឡើងហើយ សេក្ខិយវត្ត ខ្ញុំសំដែងឡើងហើយ ធម៌សម្រាប់រម្ងាប់អធិករណៈមាន៧យ៉ាង ខ្ញុំក៏សំដែងឡើងហើយ។ សិក្ខាបទមានប្រមាណប៉ុណ្ណេះ របស់ព្រះដ៏មានព្រះភាគនោះ មកហើយក្នុងសុត្តៈ (មាតិកា) រាប់បញ្ចូលហើយក្នុងសុត្តៈ តែងមកកាន់ឧទ្ទេស (គឹការសំដែងបាតិមោក្ខ) រាល់កន្លះខែ។ អស់លោករាល់អង្គគប្បីព្រមព្រៀងគ្នា គប្បីរីករាយរកគ្នា កុំវិវាទគ្នា គប្បីសិក្សាក្នុងសិក្ខាបទទាំងនោះទៅហោង។»