km:tipitaka:vin:vbu:ni:index

និស្សគ្គិយកណ្ឌ មាតិកា



vin vbu ni បាលី cs-km: vin.vbu.ni អដ្ឋកថា: vin.vbu.ni_att PTS: ?

និស្សគ្គិយកណ្ឌ

មាតិកា

ធ្វើ​​ឡើង​​សម្រាប់​​ព្រះ​​សង្ឃ​ ដោយ​

ពុទ្ធ​បរិស័ទ នៃ sangham.net

សង្ខេប

«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្ដិនិស្សគ្គិយបាចិត្ដិយទាំង ៣០ ខ្ញុំសំដែងឡើងហើយ។»

មាតិកា និស្សគ្គិយកណ្ឌ

ចីវរវគ្គ (ទី១)

ចីវរវគ្គ

(និស្សគ្គិយ) សិក្ខាបទ ទី១ (vin.vbu.ni.01 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី១ គឺ សំពត់​អតិរេក​ចីវរ​ដែល​ភិក្ខុ​បាន​មក​ហើយ មិន​បាន​វិកប្ប​អធិដ្ឋាន​ក្នុង​វេលា ដែល​​អស់​​អំណា​ច​អានិសង្សកឋិន ហើយ​ទុក​ឱ្យ​កន្លង​ដប់​រាត្រី៖ «កាល​បើ​ចីវរ​សម្រេច​ហើយ (ក្ដី) កឋិន​ដោះ​ហើយ (ក្ដី) ភិក្ខុ​ត្រូវ​ទុក​អតិរេក​ចីវរ បាន​​តែ​ត្រឹម​ដប់​ថ្ងៃ បើ​ឱ្យ​កន្លង​ហួស​ពី​ដប់​ថ្ងៃ​នោះ​ទៅ ត្រូវ​និស្សគ្គិយបាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី២ (vin.vbu.ni.02 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី២ គឺ ក្នុង​វេលា ដែល​អស់​​អំណាច​​អានិសង្ស​កឋិន​​ហើយ ភិក្ខុ​នៅ​ប្រាស​ចាក​ត្រៃចីវរ​ឱ្យ​កន្លង​មួយ​រាត្រី៖ «កាល​បើ​ចីវរ​របស់​ភិក្ខុ​សម្រេច​ហើយ កឋិន​ដោះ​ហើយ បើ​ភិក្ខុ​នៅប្រាស​ចាក​ត្រៃចីវរ សូម្បី​តែ​មួយ​យប់ ត្រូវ​និស្សគ្គិយបាចិត្ដិយ វៀរ​លែង​​តែ​ភិក្ខុ​​ដែល​បាន​អវិប្បវាសសម្មតិ​អំពី​សង្ឃ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៣ (vin.vbu.ni.03 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៣ គឺ ភិក្ខុ​ទុក​អកាលចីវរ​ឱ្យ​ហួស​ពី​មួយ​ខែ៖ «កាល​បើ​ចីវរ​របស់​ភិក្ខុ​សម្រេច​ហើយ កឋិន​ដោះ​ហើយ បើ​​អកាលចីវរ​កើត​ឡើង​ចំពោះ​ភិក្ខុ ទាំង​ភិក្ខុ​សោត​ក៏​ត្រូវ​ការ (អកាល​ចីវរ​នោះ) ត្រូវ​ទទួល​ចុះ លុះ​​ទទួល​រួច​ហើយ ត្រូវ​រវៀសរវៃ​ធ្វើ​ឱ្យ​ឆាប់ បើ​ចីវរ​នោះ​ខ្វះ​ធ្វើ​មិន​គ្រប់​ទេ ភិក្ខុ​​នោះ​មាន​បំណង​​ថា​នឹង​រក​ចីវរ​មកបំ​ពេញ​នូវ​ចីវរ​ដែល​ខ្វះ (នោះ) ត្រូវ​ទុក​ចីវរ​នោះ​បាន​យ៉ាង​យូរ​បំផុត​ត្រឹម​១​ខែ បើ​ទុក​ឱ្យ​លើស​ពី​១​ខែ​នោះ​ទៅ បើ​ទុក​ជា​មាន​បំណង​ថា​នឹង​រក​ចីវរ​មក​បំពេញ​ទៀត​ក៏​ដោយ គង់​ត្រូវ​និស្សគ្គិយបាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៤ (vin.vbu.ni.04 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៤ គឺ ភិក្ខុ​​ប្រើ​នាង​ភិក្ខុនី​មិន​មែន​ជា​ញាតិ​ឱ្យ​លាង​ចីវរ​ចាស់៖ «ភិក្ខុ​ណា​មួយ ប្រើនាង​ភិក្ខុនី​ដែល​មិន​មែន​ជា​ញាតិ​ឱ្យ​លាង​ក្ដី ឱ្យ​ជ្រលក់​​ក្ដី ឱ្យ​គក់​ឬ​បោក​ក្ដី នូវ​ចីវរ​ចាស់ ភិក្ខុ​នោះ ត្រូវ​និស្សគ្គិយបាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៥ (vin.vbu.ni.05 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៥ គឺ ភិក្ខុ​ទទួល​ចីវរ​ពី​ដៃនាង​ភិក្ខុនី​មិន​មែន​ជា​ញាតិ៖ «ភិក្ខុ​ណា​មួយ​ទទួល​យក​ចីវរ​អំពី​ដៃនាង​ភិក្ខុនី ដែល​​មិន​មែន​​ជា​​ញាតិ (ភិក្ខុ​នោះ) ត្រូវ​និស្សគ្គិយ​បាចិត្ដិយ វៀរ​លែង​តែ​ផ្លាស់​ប្ដូរ​គ្នា។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៦ (vin.vbu.ni.06 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៦ គឺ ភិក្ខុ​សូម​ចីវរ​ពី​គ្រហស្ថ​មិន​មែន​ជា​ញាតិ៖ «ភិក្ខុ​ណា​មួយ សុំ​ចីវរ​​ចំពោះ​​គហបតី ឬ​គហបតានី​ដែល​មិន​មែន​ជា​ញាតិ (ភិក្​ខុនោះ) ត្រូវ​និស្សគ្គិយ​បាចិត្ដិយ វៀរ​​លែង​​តែ​​មាន​សម័យ។ ឯ​សម័យ​ក្នុង​សិក្ខាបទ​នោះ គឺ​ភិក្ខុ​មាន​ចីវរ​ដែល​ចោរដណ្ដើម​យក​ទៅ ឬ​ភិក្ខុ​​មាន​​ចីវរ​​ខូច នេះ​ជា​សម័យ​ក្នុង​សិក្ខាបទ​នោះ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៧ (vin.vbu.ni.07 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៧ គឺ ភិក្ខុ​សូម​ចីវរ​ហួស​ពី​អន្ដរវាសក (ស្បង់) និង​ឧត្ដរាសង្គ (ចីពរ)៖ «បើ​គហបតិ​ក្ដី គហបតានី​ក្ដី បវារណា​ដល់​ភិក្ខុ​នោះ ដើម្បី​​ឱ្យ​កាន់​​យក​​តាម​ត្រូវ​ការ​ដោយ​ចីវរ​ដ៏​ច្រើន ភិក្ខុ​នោះ​គប្បី​ត្រេក​អរ​ចំពោះ​ចីវរ​នោះ​តែ​ត្រឹម​អន្ដរវាសក និង​​ឧត្ដរាសង្គ បើ​ភិក្ខុ​ត្រេកអរ​ឱ្យ​លើស​ជាង​កំណត់​នោះ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៨ (vin.vbu.ni.08 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៨ គឺ ភិក្ខុ​ទៅ​និយាយ​នឹង​គ្រហស្ថ ដែល​មិន​មែន​ជា​ញាតិ មិន​បាន​បវារណា ដែល​​គេប​ម្រុង​​នឹង​​ប្រគេន​​ចីវរ ឱ្យ​គេ​ប្រគេន​ចីវរ​ឱ្យ​ល្អ៖ «ដម្លៃ​ចីវរ​ដែល​​គហបតិ​​ក្ដី គហបតានី​ក្ដី មិន​មែន​ជា​ញាតិ​ចំពោះ​ភិក្ខុ ហើយ​តាំង​ទុក​ថា ខ្ញុំ​នឹង​ទិញ​ចីវរ​​ដោយ​​ដម្លៃ​​ចីវរ​នេះ ហើយ​នឹង​ឱ្យ​ភិក្ខុ​ឈ្មោះ​នេះ ស្លៀក​ដណ្ដប់​ចីវរ។ បើ​ភិក្ខុ​នោះ ដែល​​គេ​មិន​​បាន​​បវារណា​​មុន ហើយ​ចូល​ទៅ​ក្នុង​ទី​នោះ ព្រោះ​អាស្រ័យ​សេចក្ដី​ចង់​បាន​ចីវរ​ល្អ ហើយ​​កំណត់​ចីវរ​​ដោយ​​ពាក្យ​​ថា ល្អ​ហើយ​អ្នក​ដ៏​មាន​អាយុ អ្នក​ចូរ​ទិញ​ចីវរ​មាន​បែប​យ៉ាង​នេះ​ក្ដីៗ ដោយ​ដម្លៃ​ចីវរ​នេះ ហើយ​​ឱ្យ​​អាត្មា​ស្លៀក​ដណ្ដប់​ចុះ ភិក្ខុ​នោះ ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៩ (vin.vbu.ni.09 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៩ គឺ ភិក្ខុ​ទៅ​និយាយ​នឹង​គ្រហស្ថ​ច្រើន​រូប​មិន​មែន​ជា​ញាតិ មិន​​មែន​​ជន​ដែល​បាន​បវារណា ឱ្យ​គេ​រួបរួម​ថ្លៃ​ជា​មួយ​គ្នា ដើម្បី​ទិញ​ចីវរ​ល្អ៖ «ដម្លៃ​ចីវរ​​ផ្សេង​​គ្នា ដែល​គហបតិ​ក្ដី គហបតានី​ក្ដី មិន​មែន​ជា​ញាតិ​ទាំងង​ពីរ​នាក់​ចំពោះ​ភិក្ខុ​​មួយ​រូប ហើយ​​ដំកល់​​ទុក​​ថា យើង​ទាំង​ឡាយ​នឹង​ទិញ​ចីវរ​ទាំង​ឡាយ​មួយ​ម្នាក់​ដោយ​ដម្លៃ​ចីវរ​ផ្សេង​គ្នា​ទាំង​នេះ ហើយ​​នឹង​​ឱ្យ​ភិក្​ខុឈ្មោះ​នេះ ស្លៀក​​ដណ្ដប់​ចីវរ​ទាំង​ឡាយ។ បើ​ភិក្ខុ​នោះ​គេ​មិន​បាន​បវារណា​ជា​មុន ហើយ​​ចូល​​ទៅ​ក្នុង​ទី​នោះ ព្រោះ​អាស្រ័យ​សេចក្ដី​ចង់​បាន​ចីវរ​ល្អ ហើយ​កំណត់​ចីវរ​ដោយ​ពាក្យ​ថា ស្រួល​​ហើយ អ្នក​ដ៏​មាន​អាយុ​ទាំង​ឡាយ អ្នក​ទាំង​ពីរ​ចូរ​រួបរួម​ជា​មួយ​គ្នា ទិញ​ចីវរ​បែប​យ៉ាង​នេះ​ផងៗ ដោយ​​ដម្លៃ​​ចីវរ​ម្ចាស់​ផ្សេង​គ្នា​យ៉ាង​នេះ ហើយ​ឱ្យ​អាត្មា​ស្លៀក​ដណ្ដប់​ចុះ ភិក្ខុ​នោះ ត្រូវ​​និស្សគ្គិយ​​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី១០ (vin.vbu.ni.10 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី១០ គឺ ភិក្ខុ​​ទៅ​តឹង​ទារ​​ចីវរ​​អំពី​​វេយ្យាវច្ចករ​​ហួស​ពី​បី​ដង និង​ឈរ​ហួស​ពី​ប្រាំ​មួយ​ដង៖ «ស្ដេចក្ដី រាជអាមាត្យ​ក្ដី ព្រាហ្មណ៍​ក្ដី គហបតិ​ក្ដី បញ្ជូន​ដម្លៃ​​ចីវរ​ទៅ ដោយ​​បម្រើ​​ចំពោះ​​ភិក្ខុ​​មួយ​រូប​ថា អ្នក​ឯង​ចូរ​ទិញ​ចីវរ​ដោយ​ដម្លៃ​ចីវរ​នេះ ហើយ​​ចូរ​ឱ្យ​ភិក្ខុ​ឈ្មោះ​នេះ​​ស្លៀក​ដណ្ដប់​​ចីវរ​​ចុះ។ បើ​​បម្រើ​នោះ ចូល​ទៅ​រក​ភិក្ខុ​នោះ ហើយ​ពោល​យ៉ាង​នេះ​ថា លោក​ម្ចាស់​ដម្លៃ​ចីវរ​នេះ ខ្ញុំ​​នាំ​​មក​​ចំពោះ​លោក​ដ៏​មាន​អាយុ លោក​ដ៏​មាន​អាយុ​សូម​ទទួល​យក​ដម្លៃ​ចីវរ​ចុះ ភិក្ខុ​នោះ​ត្រូវ​​និយាយ​ពាក្យ​​យ៉ាង​នេះ​នឹង​បម្រើ​នោះ​ថា ម្នាល អាវុ​សោ យើង​ទទួល​យក​ដម្លៃ​ចីវរ​មិន​បាន​ទេ យើង​​ទទួល​​បាន​​តែ​ចីវរ​សមគួរ​ដោយ​កាល​ដ៏​គួរ។ បើ​បម្រើ​នោះ​ពោល​នឹង​ភិក្ខុ​នោះ​យ៉ាង​នេះ​ថា អ្នក​​ណា​​មួយ​​ជា​​វេយ្យាវច្ចករ​របស់​លោក​ដ៏​មាន​អាយុ មាន​ដែ​រឬ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​អ្នក​​ត្រូវ​ការ​ចីវរ គប្បី​បង្ហាញ​វេយ្យាវច្ចករ គឺ​ញោម​វត្ដ ឬ​ឧបាសក​ថា ម្នាល​អាវុសោ អ្នក​នេះ​ឯង​ជា​វេយ្យាវច្ចករ របស់​ភិក្ខុ​ទាំង​ឡាយ។ បើ​បម្រើ​នោះ​ពន្យល់​វេយ្យាវច្ចករ​នោះ​ហើយ ក៏​ចូល​ទៅរក​ភិក្ខុ​នោះ ហើយ​​ពោល​យ៉ាង​នេះ​ថា បពិត្រ​លោក​ដ៏​ចម្រើន លោក​ដ៏​មាន​អាយុ​​បង្ហាញ​នូវ​វេយ្យាវច្ចករ​ណា វេយ្យាវច្ចករ​​នោះ​ខ្ញុំ​ព្រះ​ករុណា​បាន​ពន្យល់​ហើយ សូម​លោក​ដ៏​មាន​អាយុ​ចូល​ទៅ​រក (គេ)​ចុះ គេ​​នឹង​​ឱ្យ​លោក​ម្ចាស់​ស្លៀក​ដណ្ដប់​ចីវរ​ដោយ​កាល​ដ៏​គួរ។ ម្នាល​​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​អ្នក​ត្រូវ​ការ​ចីវរ គប្បី​​ចូល​ទៅ​តឹង​ទារ ដាស់​តឿន​វេយ្យាវច្ចករ​ពីរ បី​លើក​ថា ម្នាល​អាវុសោ អាត្មា​ត្រូវ​ការ​ចីវរ។ កាល​​បើ​​ភិក្ខុ​ទៅ​តឹង​ទារ ទៅ​ដាស់​តឿន​អស់​ពីរ​បីលើក ក៏​ញ៉ាំង​​ចីវរ​នោះ​​ឱ្យ​សម្រេច​បាន ការ​នេះ​ជា​ការ​ល្អ បើ​ញ៉ាំង​ចីវរ​នោះ​ឱ្យ​សម្រេច​មិន​បាន​ទេ ភិក្ខុ​គប្បី​ទៅ​ឈរ​ស្ងៀម​ចំពោះ​មុខ​បួន​លើក ប្រាំ​លើក ប្រាំ​មួយ​​លើក​យ៉ាង​ច្រើន កាល​បើ​​ភិក្ខុ​​ឈរ​​ស្លៀម​​នៅ​ចំពោះ​មុខ​បួន​លើក ប្រាំ​លើក ប្រាំ​មួយ​លើក យ៉ាង​ច្រើន ញ៉ាំង​ចីវរ​នោះ​ឱ្យ​សម្រេច​បាន ការ​នេះ​ជា​ការ​ល្អ បើ​ធ្វើ​ចីវរ​នោះ​ឱ្យ​សម្រេច​មិន​បាន​ទេ ហើយ​ភិក្ខុ​នោះ​ចេះ​តែ​ព្យាយាម​ឱ្យ​លើស​អំពី​កំណត់​នោះ ទាល់​តែ​បាន​ចីវរ​នោះ​មក ភិក្ខុ​នោះ ត្រូវ​​និស្សគ្គិយ​បាចិត្ដិយ បើ​ភិក្ខុ​ញ៉ាំង​ចីវរ​នោះ​​ឱ្យសម្រេច​មិន​បាន​ទេ បម្រើ​​នោះ​នាំ​ដម្លៃ​ចីវរ​​មក​​ដើម្បី​​ភិក្ខុ​​នោះ អំពី​សំណាក់​អ្នក​ណា ភិក្ខុ​គប្បី​ទៅ​ខ្លួន​ឯង ឬ​ប្រើបម្រើ​ទៅ​ក្នុង​សំណាក់​អ្នក​នោះ​ថា ម្នាល​​អ្នក​​ដ៏​មាន​អាយុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​បញ្ជូន​ដម្លៃ​ចីវរ​ណា​ទៅ​ចំពោះ​ភិក្ខុ​រូប​ណា ដម្លៃ​ចីវរ​នោះ មិន​​សម្រេច​ប្រយោជន៍​​បន្ដិច​បន្ដួច​ដល់​ភិក្ខុ​រូប​នោះ​ទេ អ្នក​ដ៏​មាន​អាយុ​ចូរ​ទារ​យក​របស់​ខ្លួន​វិញ​ចុះ ទ្រព្យ​របស់​អ្នក​ទាំង​ឡាយ​ចូរ​កុំ​ឱ្យ​វិនាស ការ​នេះ​ជា​សាម៉ីចិកម្ម (សេចក្ដី​ប្រព្រឹត្ដ​គួរ) ក្នុង​​សិក្ខាបទ​​នោះ។»

 

កោសិយវគ្គ (ទី២)

កោសិយវគ្គ

(និស្សគ្គិយ) សិក្ខាបទ ទី១ (១១) (vin.vbu.ni.11 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី១ (១១) គឺ ភិក្ខុ​ធ្វើ​សន្ថ័ត​ដោយ​រោម​ចៀម​លាយ​សូត្រ៖ «ភិក្ខុ​ណា​មួយ ឱ្យ​គេ​ធ្វើ​សន្ថ័ត​លាយ​ដោយ​សូត្រ សន្ថ័ត​​នោះ​ជា​និស្សគ្គិយ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី២ (១២) (vin.vbu.ni.12 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី២ (១២) គឺ ភិក្ខុ​ធ្វើ​សន្ថ័ត​ដោយ​រោម​ចៀម​ខ្មៅ​សុទ្ធ៖ «ភិក្ខុ​ណា​មួយ ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោម​ចៀម​ខ្មៅ​សុទ្ធ សន្ថ័ត​នោះ​ជា​និស្សគ្គិយ ភិក្ខុ​ត្រូវ អាបត្ដិ​បាចិត្ដិយ។ »

 

(និស្សគ្គិយ) សិក្ខាបទ ទី៣ (១៣) (vin.vbu.ni.13 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៣ (១៣) គឺ ភិក្ខុ​ធ្វើ​​សន្ថ័ត​​ត្រូវ​យក​រោម​ចៀម​ខ្មៅ​ពី​រភាគ​មក​លាយ៖ «ភិក្ខុ​កាល​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ថ្មី គប្បី​កាន់​យក​រោម​ចៀម​ខ្មៅ​សុទ្ធ​ពីរ​ភាគ រោម​ចៀម​សភាគ​ទី​បី (១ ភាគ) រោម​ចៀម​ក្រហម​ភាគ​ទី​៤ (១ ភាគ)។ បើ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សន្ថ័តថ្មី មិន​កាន់​យក​រោម​ចៀម​ខ្មៅ​សុទ្ធ​ពី​រភាគ រោម​ចៀម​សភាគ​ទី​បី រោម​ចៀម​ក្រហម​ភាគ​ទី​បួន​ទេ សន្ថ័ត​នោះ ជា​និស្សគ្គិយ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៤ (១៤) (vin.vbu.ni.14 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៤ (១៤) គឺ ភិក្ខុ​ធ្វើ​សន្ថ័ត​ថ្មី​ហើយ​ត្រូវ​ប្រើ​ប្រាស់​ឱ្យ​បាន​៦​ឆ្នាំ៖ «ភិក្ខុ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ថ្មី គប្បី ប្រើ​ប្រាស់​ឱ្យ​ដល់​​ប្រាំ​មួយ​ឆ្នាំ។ បើ​ប្រើ​ប្រាស់​មិន​ទាន់​ដល់​ប្រាំ​មួយ​ឆ្នាំ​ទេ លះ​​ចោល​ក្ដី មិន​បាន​លះ​ចោល​ក្ដី​នូវ​សន្ថ័ត​នោះ ហើយ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ថ្មី ដទៃ​ទៀត សន្ថ័ត​នោះ​ជា​និស្សគ្គិយ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៥ (១៥) (vin.vbu.ni.15 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៥ (១៥) គឺ ភិក្ខុ​​ធ្វើ​សន្ថ័ត​សម្រាប់​ទ្រាប់​អង្គុយ​ត្រូវ​កាត់​យក​សន្ថ័ត​ចាស់​មក​លាយ៖ «ភិក្ខុ​កាល​ឱ្យ​គេ​ធ្វើ​សន្ថ័ត​សម្រាប់​ទ្រាប់​អង្គុយ គប្បី​យកសន្ថ័ត​ចាស់​១ ចំអាម​ព្រះ​សុគត​ដោយ​ជុំ​វិញ (មក​ផ្សំ​លាយ​នឹង​សន្ថ័ត​ថ្មី) ដើម្បី​នឹង​ធ្វើ​សន្ថ័ត​ថ្​មីនោះ​ឱ្យ​ខូច​ពណ៌។ បើ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​និសីទន​សន្ថ័ត​ថ្មី មិន​យក​សន្ថ័ត​ចាស់​១ ចំអាម​ព្រះ​សុគត​ដោយ​ជុំ​វិញ (មក​ផ្សំ​លាយ​នឹង សន្ថ័ត​ថ្មី​ទេ) សន្ថ័ត​នោះ​ជា​និស្សគ្គិយ ភិក្ខុ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៦ (១៦) (vin.vbu.ni.16 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៦ (១៦) គឺ ភិក្ខុ​កាន់​យក​រោម​ចៀម​ដែល កើត​ឡើង​ពាក់​កណ្ដាល​ផ្លូវ បាន​តែ​ត្រឹម​បី​យោជន៍៖ «រោម​ចៀម​ទាំង​ឡាយ​​កើត​​ឡើង​​ដល់​​ភិក្ខុ​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ កាល​បើ​ភិក្ខុ​ប្រាថ្នា គប្បី​ទទួល​យក​បាន លុះ​ទទួល​ហើយ បើ​មិន​មាន​អ្នក​នាំ​​យក​​ទៅ​ឱ្យ​ទេ គប្បី​នាំ​យក​ទៅ​ដោយ​ដៃ​ខ្លួន​ឯង​កាន់​ចម្ងាយ​ផ្លូវ​យ៉ាង​ច្រើន​ត្រឹម​បី​យោជន៍ កាល​​បើ​​មិន​​មាន​​អ្នក​នាំ​យក​ទៅ​ឱ្យ​ទេ ភិក្ខុ​នាំ​យក​រោម​ចៀម​ទៅ​ដោយ​ខ្លួន​ឯង​លើស​ពី​កំណត់​នោះ​ទៅ រោម​​ចៀម​​នោះ​ជា​និស្សគ្គិយ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៧ (១៧) (vin.vbu.ni.17 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៧ (១៧) គឺ ភិក្ខុ​ប្រើ​នាង​ភិក្ខុនី​​ឱ្យ​លាង​ជ្រលក់​គក់​​រោម​​ចៀម៖ «ភិក្ខុ​ណា​មួយ ប្រើ​នាង​ភិក្ខុនី​មិន​មែន​ជា​ញាតិ​ឱ្យ​លាង​ក្ដី ឱ្យ​ជ្រលក់​ក្ដី ឱ្យ​សិត​ឬត្រដោះ​ក្ដី នូវ​រោម​ចៀម​ទាំង​ឡាយ រោម​ចៀម​នោះ​ជា​និស្សគ្គិយ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៨ (១៨) (vin.vbu.ni.18 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៨ (១៨) គឺ ភិក្ខុ​ទទួល​រូបិយ​៖ «ភិក្ខុ​ណា​មួយ ទទួល​ខ្លួន​ឯង​ក្ដី ប្រើគេ​ឱ្យ​ទទួល​ក្ដី នូវ​មាស​ប្រាក់ ឬ​មួយ​ត្រេកអរ​នូវ​មាស​ប្រាក់​ដែល​គេ​ទុក​ដាក់​ឱ្យ មាស​ប្រាក់​នោះ ជា​និស្សគ្គិយ ភិក្ខុ​នោះ ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៩ (១៩) (vin.vbu.ni.19 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៩ (១៩) គឺ ភិក្ខុ​លក់​ទិញ​ដោយ​រូបិយ៖ «ភិក្ខុ​ណា​មួយ​ប្រព្រឹត្ដ​ទិញ​ដូរ​ដោយ​រូបិយ មាន​ប្រការ​ផ្សេងៗ វត្ថុ​ដែល​ទិញ​មក​នោះ​ជា​និស្សគ្គិយ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី១០ (២០) (vin.vbu.ni.20 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី១០ (២០) គឺ ភិក្ខុ​លក់​ទិញ​ផ្លាស់​ប្ដូរ​ដោយ​កប្បិយ​វត្ថុ៖ «ភិក្ខុ​​ណា​មួយ​ប្រព្រឹត្ដ​​ទិញ​ដូរ​​របស់​​មាន​​ប្រការ​ផ្សេងៗ របស់​នោះ​ជា​និស្សគ្គិយ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

បត្ដវគ្គ (ទី៣)

បត្ដវគ្គ

(និស្សគ្គិយ) សិក្ខាបទ ទី១ (២១) (vin.vbu.ni.21 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី១ (២១) គឺ និយាយ​អំពី​បាត្រ៖ «អតិរេក​បាត្រ ភិក្ខុ​ទ្រទ្រង់​ទុក​បាន​ត្រឹម​កំណត់​១០​ថ្ងៃ កន្លង​​ហួស​​អំពី​នោះ​ទៅ អតិរេក​បាត្រ​នោះ​ជា​និស្សគ្គិយ ភិក្ខុ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី២ (២២) (vin.vbu.ni.22 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី២ (២២) គឺ និយាយ​អំពី​បាត្រ៖ «ភិក្ខុ​ណា​មួយ​​មាន​បាត្រ​​មិន​ទាន់​មាន​ចំណង​គ្រប់​៥​អន្លើ ឱ្យ​គេ​រក​បាត្រ​​ថ្មី​​ទៀត (បាត្រ​នោះ) ជា​និស្សគ្គិយ ភិក្ខុ​ត្រូវ​​អាបត្ដិ​​បាចិត្ដិយ។ ភិក្ខុ​នោះ​ត្រូវ​លះ​បង់​​បាត្រ​នោះ​ក្នុង​​ភិក្ខុ​​បរិសទ្យ។ បាត្រ​ណា​ជា​ទី​បំផុត​​របស់​ភិក្ខុ​​បរិសទ្យ​​នោះ បាត្រ​នោះ​ភិក្ខុ​ដែល​បាន​សន្មត ត្រូវ​ប្រគល់​​បាត្រ​នោះ ឱ្យ​ដល់​ភិក្ខុ​នោះ​ដោយ​ពាក្យ​ថា ម្នាល​​ភិក្ខុ នេះ​បាត្រ​របស់​លោកៗ គប្បី​ប្រើ​ប្រាស់​​ត្រា​តែ​បែក។ នេះ​ជា​សាមីចិកម្ម​(គឺ​ការ​ប្រពៃ) ក្នុង​​ការ​​លះ​បង់​​បាត្រ​នោះ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៣ (២៣) (vin.vbu.ni.23 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៣ (២៣) គឺ និយាយ​អំពី​ថ្នាំ​៖ «ភេសជ្ជៈ​ណា​មួយ ដែល​ពួក​ភិក្ខុ​មាន​ជម្ងឺគ​ប្បីឆាន់​បាន ភេសជ្ជៈ​នេះ​គឺ ទឹក​ដោះរាវ ទឹក​ដោះខាប់ ប្រេង ទឹក​ឃ្មុំ ទឹក​អំពៅ។ ភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំង​នោះ​ហើយ គួរ​ទុក​ឆាន់​បាន​យ៉ាង​យូរ​ត្រឹម​៧​ថ្ងៃ បើ​ភិក្ខុ​​ទុក​​ឱ្យ​​កន្លង​​កំណត់​នោះ​ទៅ ត្រូវ​អាបត្ដិ​និស្សគ្គិយ​បាចិត្ដិយ។» [«សប្បិ» (ភាសា​ឥណ្ឌាហៅថា «ឃី» ស្រដៀង​​ប៊ឺររាវ) «នវនីត» (ប៊ឺរ​ខាប់ ) «តេល» (ប្រេង​ឆា​ពី​សណ្តែក​ឬ​ល្ង ) «មធុ» (ទឹក​ឃ្មំុ) «ផាណិត» (ស្ករ)]

 

(និស្សគ្គិយ) សិក្ខាបទ ទី៣ (២៣) (vin.vbu.ni.24 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៤ (២៤) គឺ និយាយ​អំពី​​សម្ពត់​​ងូត​​ទឹក​ភ្លៀង៖ «ភិក្ខុ​កំណត់​ដឹង​ថា​ខែ​មួយ​ជា​ខាង​ចុង​នៃ​គិម្ហរដូវ គប្បី​ស្វែង​រក​សាដិក​ចីវរ សម្រាប់​ងូត​ទឹក​ភ្លៀង ភិក្ខុ​កំណត់​ដឹង​ថា​នៅ​កន្លះ​ខែ​ជា​ខាង​ចុង​នៃ​គិម្ហរដូវ​ទៀត គប្បី​ធ្វើ​ឱ្យ​ស្រេច​ហើយ​ប្រើ​ប្រាស់​ចុះ។ បើ​មិន​ទាន់​ដល់​ខែ​មួយ​ជា​​ខាង​ចុង​នៃ​​គិម្ហរដូវ​ទេ ភិក្ខុ​ស្វែង​រក​សាដិក​ចីវរ​សម្រាប់​ងូត​ទឹក​ភ្លៀង និង​មិន​ទាន់​ដល់​កន្លះ​ខែ​ជា​ខាង​ចុង​គិម្ហរដូវទេ ភិក្ខុ​ធ្វើ​ឱ្យ​ស្រេច ហើយ​ប្រើ​ប្រាស់ ត្រូវ​អាបត្ដិ​និស្សគ្គិយ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៥ (២៥) (vin.vbu.ni.25 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៥ (២៥) គឺ និយាយ​អំពី​ការ​ឱ្យ​ចីវរ៖ «ភិក្ខុ​ណា​មួយ​ឱ្យ​ចីវ​រដល់​ភិក្ខុ (ដទៃ) ដោយ​ខ្លួន​ឯង​ហើយ ខឹង​អន់​ចិត្ដ​​ដណ្ដើម​យក ​(ចីវរ) មក​វិញ​ក្ដី ប្រើ​ឱ្យ​គេ​ដណ្ដើម​យក​មក​វិញ​ក្ដី ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​និស្សគ្គិយ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៦ (២៦) (vin.vbu.ni.26 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៦ (២៦) គឺ និយាយ​អំពី​​ការ​សូម​អម្បោះ​​គេ​មក​​ខ្លួន​ឯង៖ «ភិក្ខុ​ណា​មួយ​សូម​អម្បោះ​មក​ដោយ​ខ្លួន​ឯង ហើយ​ឱ្យ​ពួក ជាង​ដម្បាញ​ត្បាញ​ចីវរ​ឱ្យ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​និស្សគ្គិយ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៧ (២៧) (vin.vbu.ni.27 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៧ (២៧) គឺ និយាយ​អំពី​ការ​ប្រើ​ឱ្យ​គេ​ត្បាញ៖ «គហបតិ (គឺ​បុរស​ជា​ម្ចាស់​ផ្ទះ) ក្ដី គហបតានី (គឺ​ស្រីជា​​ម្ចាស់​ផ្ទះ) ក្ដី​ដែល​មិន​មែន​ជាញាតិ ឱ្យ​ជាង​ដម្បាញ​ត្បាញ​ចីវរ​ចំពោះ​ភិក្ខុ​ណា​មួយ។ បើ​ភិក្ខុ​​នោះ ដែល​អ្នក​ម្ចាស់​ចីវរ​គេ​មិន​បាន​បវារណា​មក​ពី​មុន​ក្នុង​រឿង​ចីវរ​នោះ អាចហ៊ាន​​ចូល​ទៅ​រក​ជាង​ដម្បាញ ហើយ​ដល់​នៅ​កិរិយា​កំណត់​ក្នុង​ចីវរ (គឺ​រិះ​គន់​ចង់​បាន​ល្អ​ឱ្យ​ហួស​ហេតុ) គឺ​ពោល​ថា​នែ​អ្នក​ដ៏​មាន​អាយុ ចីវរ​នេះ​គេ​ឱ្យ​ត្បាញ​ចំពោះ​អាត្មា អ្នក​ទាំង ឡាយ​ចូរ​ធ្វើ​ឱ្យ​វែង ឱ្យ​ទូលាយ ឱ្យ​មាន​សាច់​ញឹក ឱ្យ​ស្មើ​ល្អ រឹត​ឱ្យ តឹង​ល្អ ចូរ​ត្រ​ដោះ​កួត​ហើយ​សិត​ឱ្យ​ល្អ សឹម​អាត្មា​​ថែម​រង្វាន់​ឱ្យ​អ្នក​បន្ដិចបន្ដួច។ ភិក្ខុ​នោះ​លុះ​និយាយ​យ៉ាង​នេះ​ហើយ ក៏​ថែម​រង្វាន់​បន្ដិចបន្ដួច​ឱ្យ​ដោយ​ហោច​ទៅ ទុក​ជា​គ្រាន់​តែ​ចង្ហាន់​បិណ្ឌ​បាត (១​ឆ្អែត) ក៏​ត្រូវ​អាបត្ដិ និស្សគ្គិយ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៨ (២៨) (vin.vbu.ni.28 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៨ (២៨) គឺ និយាយ​អំពី​​អច្ចេក​ចីវរ៖ «ថ្ងៃ​ពេញ​បូណ៌​មី​ខែ​កត្ដិក​ ដែល​ជា​ខែទី ៣ នៃ​វស្សា​នរដូវ​នៅ​ខ្វះ​១០​ថ្ងៃ ទៀត​នឹង​គ្រប់ (គឺ​ថ្ងៃ​៥​កើត​ខែអស្សុជ) បើ​អច្ចេក​ចីវរ​កើត​ឡើង​ដល់​ភិក្ខុៗ សំគាល់​​ថា​ជា​អច្ចេក​ចីវរ គប្បី​ទទួល​ទុក លុះ​ទទួល​ហើយ​គប្បី​ទុក​ដាក់​ដរាប​អស់​សម័យ​ចីវរ​កាល បើ​ភិក្ខុ​​ទុក​យូរ​ឱ្យ​ហួស​កំណត់​នោះ​ទៅ ត្រូវ​អាបត្ដិ​និស្សគ្គិយ​បាចិត្ដិយ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី៩ (២៩) (vin.vbu.ni.29 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី៩ (២៩) គឺ និយាយ​អំពី​ទី​មាន​សេចក្ដី​រង្កៀស៖ «កាល​បើ​ភិក្ខុ​ទាំង​ឡាយ​ចំា​វស្សា​រួច​ហើយ លុះ​​ដល់​មក​ពេញ​​បូណ៌មី​​ខែ​កត្ដិក។ សេនាសនៈ​ទាំង​ឡាយ​ណា​ដែល​តាំង​នៅ​ក្នុង​ព្រៃ ដែល​គេសម្មតិ​ថា​ជា​ទី​មាន​​សេចក្ដី​​រង្កៀស មាន​ភ័យ​ចំពោះ​មុខ កាល​ភិក្ខុ​នៅ​ក្នុង​សេនាសនៈ​ទាំង​ឡាយ​​មាន​សភាព​​ដូ​ច្នោះ បើ​មាន​ចំណង់​នឹង​ទុក​ចីវរ គប្បី​ទុក​បណ្ដា​ចីវរ​ទាំង​៣​ចីវរ​ណា​​មួយ​ក្នុង​ចន្លោះ​​ផ្ទះ។ តែ​បើ​ភិក្ខុ​នោះ​មាន​ហេតុ​អ្វី​នី​មួយ​ល្មម​ឱ្យ​នៅ​ប្រាស​ចាក​ចីវរ​នោះ​បាន ភិក្ខុ​នោះ​គប្បី​នៅ ប្រាស​ចាក​ចីវរ​នោះ​យ៉ាង​យូរ​ត្រឹម​៦​រាត្រី។ បើ​នៅ​ប្រាស​ចាក​ឱ្យ​ហួស​ពី​កំណត់​នោះ​ទៅ ត្រូវ​អាបត្ដិ និស្សគ្គិយ​បាចិត្ដិយ វៀរ​លែង​តែ​ភិក្ខុ​ដែល​បាន​សេចក្ដី​សម្មតិ​អំពី​សង្ឃ។»

 

(និស្សគ្គិយ) សិក្ខាបទ ទី១០ (៣០) (vin.vbu.ni.30 | ភាគ ៣)

និស្សគ្គិយ សិក្ខាបទ ទី១០ (៣០) គឺ និយាយ​​អំពី​ការ​បង្អោន​លាភ​​របស់​សង្ឃ៖ «ភិក្ខុ​ណា​មួយ​កាល​ដឹង ហើយ​បង្អោន​នូវ​លាភ​របស់​សង្ឃ ដែល​គេ​នឹង​បង្អោន​ទៅ (ដើម្បី​សង្ឃ) មក​ដើម្បី​ខ្លួន​វិញ ភិក្ខុ​នោះ​ត្រូវ​និស្សគ្គិយ​បាចិត្ដិយ។»

 


km/tipitaka/vin/vbu/ni/index.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann